មហាយក្សចិន កំពុងខួងរណ្ដៅមួយក្នុងជម្រៅរហូតដល់ជាង១០គីឡូម៉ែត្រចុះទៅក្រោមដី

ដោយៈ តែម សុខុម

ប៉េកាំង: ពេលនេះប្រទេសចិន បាននិងកំពុងខួងរណ្ដៅដ៏មហាសែនជ្រៅ ក្នុងជម្រៅរហូតដល់ទៅជាង១០.០០០ម៉ែត្រ ឬជាង១០គីឡូម៉ែត្រនៅភាគពាយព្យ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៨ ខែសីហា។

ការខួងរណ្ដៅប្រេតនៅវាលខ្សាច់តាក់លីម៉ាកាន (Taklimakan Desert) ស្ថិតក្នុងតំបន់តារីម បាស៊ីន (Tarim Basin) នៃតំបន់ភ្នំស៊ីនជាំង (Xinjiang) ទីដែលជនជាតិដើមភាគតិចវីហ្គូ (Uygur) រស់នៅនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រ ហើ​យបានចាប់ផ្ដើមនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំនេះ។

វាលខ្សាច់តាក់លីម៉ាកាន (Taklimakan Desert) គឺជាវាលខ្សាច់ ដែលធំល្វឹងល្វើយបំផុតនៅក្នុងប្រទេសចិន។អំឡុងដំណើរការខួងនេះ គ្រឿងចក្ររួមមានក្បាលខួង និងបំពង់ខួង ដែលមានទម្ងន់រហូតដល់ជាង២.០០០តោន នឹងខួងទម្លុះយ៉ាងជ្រៅចូលទៅក្នុងផែនដី ដោយបុកទម្លុះស្រទាបផែនដី រហូតដល់ទៅជាង១០ស្រទាប់។

Tarim Basin គឺជាតំបន់មួយក្នុងចំណោមតំបន់ ដែលពិបាកបំផុតនៅក្នុងការរុករក ដោយសារតែបរិយាកាសដីដ៏អាក្រក់ និងស្ថានភាពក្រោមដីដ៏ស្មុគស្មាញ។ គិតមកទល់នឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ឧបករណ៍ខួងបានខួងទម្លុះ ក្រោមដីបានជម្រៅ៦.០០០ម៉ែត្រ ឬ៦គីឡូម៉ែត្រហើយ៕ Xinhua៕

រាជរដ្ឋាភិបាលថ្មីត្រៀមថវិកា១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់វិស័យកសិផលនៅក្នុងប្រទេសកម្ពុជា

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នា​យ​ករដ្ឋមន្រ្ដីនៃ ម្ពុជា​បានប្រកាសថា រាជរដ្ឋាភិបាលបានត្រៀមថវិកាចំនួ​ន១០០លានដុល្លារអាមេរិក ដើម្បី​ជួយលើកកម្ពស់វិស័យកសិផលរបស់ប្រជាកសិករនៅក្នុងប្រទេសកម្ពុជា។

ការប្រ​កាស​របស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីសំណេះ​សំណាលជាមួយកម្មករ កម្មការិនី តាមរោងចក្រ សហគ្រាសចំនួន១៨,០០០នាក់ មក​ពី​រោងចក្រ សហគ្រាសចំនួន១៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣។ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតបានបញ្ជាក់ថា “យើងមានកម្មវិធីជាក់លាក់ យើងបានត្រៀមថវិកា១០០លានដុល្លារអាម៉េរិក ដើម្បី​អន្តរាគមន៍កសិផល ផលិតផលកសិកម្មដូចជាស្រូវ អង្ករ និងបន្លែផ្សេងៗ”។ ឯកឧត្តមបន្ថែមថា “កសិផលមានការឡើងចុះក្នុងឆ្នាំនេះ ប៉ុន្តែនៅពេល​ដែលពលរដ្ឋលំបាក រាជរដ្ឋាភិបាលនឹងជួយ”។

ឯកឧត្ដមនាយករដ្ឋមន្រ្ដីហ៊ុន ម៉ាណែតបានថ្លែងបញ្ជាក់ថា តម្លៃកសិកផលបានផ្អែកលើទីផ្សារពិភពលោក ហើយវាមិនដែលឡើងថ្លៃ ក្នុង​ពេលជា​មួយគ្នានោះដែរ។ ការត្រៀមថវិកានេះ ​ដើម្បីជួយទប់នៃការធ្លាក់ថ្លៃកសិផលជូនប្រជាពលរដ្ឋ ហើយនៅពេលកសិផល​ទទួលបាន​ល្អហើយ រាជរដ្ឋាភិបាលត្រូវរកទីផ្សាជូនពួកគាត់ ដើម្បីទទួលបាន​ចំណូល។

ឯកឧត្តមបន្តថា “កន្លែងណា​ដែល​លំបាក យើងជួយអន្តរាគមន៍ ដូចជាខ្វះប្រព័ន្ធធារាស្ត្រជាដើម”។ជាមួយគ្នានោះដែរ ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានឱ្យ​ដឹង​ទៀតថា ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ​នឹងដាក់ពង្រាយមន្ត្រីកសិកម្ម នៅ​តាមគ្រប់ឃុំទូទាំងប្រទេស ដែលមានអាទិភាពលើវិស័យកសិកម្មផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ដែរថា “យើងត្រូវដាក់ពង្រាយនៅជនបទ ព្រោះ​ថា​ប្រជាពលរដ្ឋគាត់មានតម្រូវការ គាត់ត្រូវការអ្នកជួយ អីចឹងបញ្ជូនមន្ត្រីកសិកម្មទៅនៅ ជាមួយ​គាត់តែម្តង”។ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការជ្រើសរើសមន្ត្រីកសិកម្មឱ្យត្រូវជំនាញកសិកម្ម ដោយកុំឱ្យរើសមន្ត្រីកសិកម្ម តែបានមកជាវិស្វករសំណង់ទៅវិញ។

ទន្ទឹមនេះ ត្រូវយក​អាទិភាព ទៅលើអ្នកដែលមានមូលដ្ឋានកសិ​កម្ម ពិសេសនោះនិសិ្សតកសិកម្ម​មាន​ច្រើនណាស់។ ដូច្នេះត្រូវជ្រើសរើសឱ្យត្រូវជំនាញ។ ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ​ក៏​បានអះអាងបញ្ជាក់ផងដែរថា ការធ្វើកំ​ណែទម្រង់ វិស័យមុខងាសាធារណៈជាការ​ចាំបាច់​ណាស់ ដូចជាការរើសមន្ត្រី ការយកចិត្តទុកដាក់លើកទឹកចិត្ត ពិសេសនោះផ្នែករដ្ឋបាលជាដើម៕

Japanese restaurants in Hong Kong expect dip in business with import ban on seafood from Japan

HONG KONG: Some Japanese restaurants in Hong Kong are expecting a 30 per cent dip in business, after the city’s import controls on seafood from 10 Japanese prefectures kicked in on Thursday (Aug 24).

This comes as Japan began discharging treated radioactive wastewater from the Fukushima nuclear plant.
Hong Kong is Japan’s second largest market for seafood exports after mainland China, and the import ban has placed some eateries in a spot. “We expect that business will further drop by another 20 to 30 per cent or even more for some high-end restaurants,” said Hong Kong Federation of Restaurants and Related Trades president Simon Wong.

“For the high-end restaurants, most of their products are directly air-flown from Japan to Hong Kong on the same day.

And if they don’t have enough varieties or quantity of fishery products for the restaurant, then the business will be affected.”
Mr Wong believes the supply shortage will not lead to a spike in price, as the priority of merchants is to retain their customers.The import ban applies to 10 prefectures including Tokyo, Fukushima and Nagano. It covers all fresh, frozen, chilled, dried or processed seafood, as well as sea salt and seaweed.

Overall, this accounts for about 10 per cent of Japanese seafood imports into Hong Kong. Source: CNA

ក្រុមហ៊ុនអចលនទ្រព្យយក្ស Evergrande Group ខាតបង់ចំនួន៤,៥ពាន់លានដុល្លារអាមេរិក

ដោយ: គង់ លាងហួរ

ទីក្រុងប៉េកាំង: កាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហា ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande Group ដែលជំពាក់បំណុលយ៉ាងធ្ងន់ធ្ងរ បានប្រកាសថា ខ្លួនបានរងការខាតបង់សម្រាប់ឆមាសទីមួយនៃឆ្នាំនេះ។

ការខាតបង់របស់ក្រុមហ៊ុន គិតចាប់ពីខែមករា ដល់ខែមិថុនាមានទំហំទឹកប្រាក់ចំនួន៣៣ពាន់លានយ័ន (ប្រហែល៤,៥៣ពាន់លានដុល្លារអាមេរិក) ធៀបនឹង៦៦,៤ពាន់លានយ័ន ដែលបានខាតបង់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ នៅលើគេហទំព័រផ្សារហ៊ុនហុងកុង។

Evergrande ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សលំដាប់កំពូលរបស់ប្រទេសចិន កំពុងលិចលង់ទៅក្នុងវិបត្តិបំណុល ហើយបានក្លាយជានិមិត្តសញ្ញាមួយ នៃវិបត្តិអចលនទ្រព្យចិន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ បានធ្វើការប៉ាន់ប្រមាណថាឥឡូវនេះ បំណុលរបស់ Evergrande មានចំនួនជិត៣២៨ពាន់លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះពីជិត៣៤០ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំ២០២២។

Evergrande ក៏បានប្រកាសពីស្ថានភាពសាច់ប្រាក់ ដែលកាន់តែយ៉ាប់យ៉ឺនផងដែរ ដោយក្រុមហ៊ុនមានទ្រព្យសកម្មសាច់ប្រាក់ត្រឹមតែ៥៥៦លានដុល្លារប៉ុណ្ណោះ នៅពេលនេះ បើធៀបនឹងប្រហែល២ពាន់លានដុល្លារកាលពីឆ្នាំមុន។

Evergrande បានខកខានទូទាត់សងមូលបត្របំណុលរបស់ខ្លួនជាលើកដំបូងនៅឆ្នាំ២០២១ ដោយជំរុញឱ្យមានការភ័យខ្លាច នៃវិបត្តិនេះបានរាលដាលជាសកល៕

តើសិង្ហបុរីអាចជៀសផុតពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ ដូចការរំពឹងទុកដែរឬទេ?

ដោយ: គង់ លាងហួរ

សិង្ហបុរី: ការជៀសផុតវិបត្តិសេដ្ឋកិច្ច និងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ជាវិជ្ជមាននៅឆ្នាំនេះ គឺជាក្តីសង្ឃឹមចំនួន២ ដែលលោកនាយករដ្ឋមន្ត្រី Lee Hsien Loong មានសម្រាប់សេដ្ឋកិច្ចសិង្ហបុរី។

លោកបន្តថា មនុស្សមួយចំនួនប្រហែលជាគិតថា ក្តីសង្ឃឹមទាំងនេះ អាចត្រឹមជាសុបិន ស្របពេលដែលមានបញ្ហាប្រឈមជាច្រើន  ភាពតានតឹងភូមិសាស្ត្រនយោបាយ សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភ​ព​លោកដ៏ច្របូកច្របល់ និងអតិផរណា ប៉ុន្តែខ្ញុំគិតថា ពួកគេនៅតែអាចសម្រេចបាន។

នៅពេលក្រឡេកមើលដំបូង ទស្សនវិស័យសម្រាប់ដំណើរការសេដ្ឋកិច្ច ចុងក្រោយបង្អស់របស់សិង្ហបុរី មើលទៅអាក្រក់ជាងកន្លះឆ្នាំមុន នៅពេលដែលមានការរំពឹងទុកខ្ពស់ ចំពោះការបើកទ្វារឡើងវិញរបស់ប្រទេសចិន។

កាលពីដើមខែនេះ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) បានបន្ទាបការព្យាករកំណើន GDP ឆ្នាំ២០២៣ របស់សិង្ហបុរីមកត្រឹម០,៥ ទៅ១,៥ភាគរយ ពី០,៥ ទៅ២,៥ភាគរយ បន្ទាប់ពីកំណើនសេដ្ឋកិច្ចនៅត្រីមាសទីពីរ មានកម្រិតទាបជាងការរំពឹងទុក។

MTI ព្យាករថា កំណើនសេដ្ឋកិច្ចនឹងនៅតែខ្សោយ សម្រាប់រយៈពេលដែលនៅសេសសល់ ក្នុងឆ្នាំ២០២៣នេះ។ ចំណុចខ្សោយ រួមមាន ដូចជា បញ្ហាក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង ស្របពេលលក្ខខណ្ឌហិរញ្ញវត្ថុតឹងរ៉ឹង និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ពិភពលោក​។  ប៉ុន្តែក៏នៅមានហេតុផលសម្រាប់សុទិដ្ឋិនិយមផងដែរ។

ជាក់ស្តែង ប្រទេសសិង្ហបុរីបានគេចផុតពីវិបត្តិសេដ្ឋកិច្ច ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ហើយតាមពិត ប្រទេសនេះមានចំណុចភ្លឺមួយចំនួននៅក្នុងសេដ្ឋកិច្ច ដូចជា វិស័យដែលទាក់ទងនឹងទេសចរណ៍ រួមទាំងអាកាសចរណ៍ និងកន្លែងស្នាក់នៅ បានដំណើរការរឹងមាំ ជាមួយនឹងការកើនឡើង នៃការធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិ។

ការស្ទុះងើបឡើងវិញជាបន្តបន្ទាប់ នៃវិស័យទេសចរណ៍ក្នុងស្រុក រួមជាមួយនឹងលក្ខខណ្ឌទីផ្សារការងារ ដែលមានភាពធន់ អាចនឹងលើកស្ទួយវិស័យ ដែលប្រឈមមុខ នឹងអ្នកប្រើប្រាស់ដូចជាការលក់រាយ អាហារ និងភេសជ្ជៈ។

លើសពីនេះ វិស័យដឹកជញ្ជូន និងស្តុកទុកបានស្គាល់នូវកំណើនពី០,៩ភាគរយក្នុងត្រីមាសទី១ បើធៀបឆ្នាំមុន ដល់៤,៦ភាគរយ ក្នុងត្រីមាសទី២ ជាមួយនឹងការងើបឡើងវិញ នៃការដឹកជញ្ជូនតាមផ្លូវទឹក ការដឹកជញ្ជូនតាមកុងតឺន័រ និងការដឹកជញ្ជូនទំនិញតាមសមុទ្រសរុប។

យោងតាមការស្ទង់មតិ លើការរំពឹងទុករបស់ធុរកិច្ចនាពេលថ្មីៗនេះ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏បង្ហាញផងដែរថា ក្រុមហ៊ុននានាគិតថា ស្ថានភាពអាក្រក់បំផុតអាចនឹងបញ្ចប់ហើយ។ ហើយនឹងមានភាពប្រសើរឡើងតិចតួច នៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ចសម្រាប់រយៈពេលដែលនៅសេសសល់នៃឆ្នាំនេះ។

ទោះបីជាមានសុទិដ្ឋិនិយម ដោយប្រុងប្រយ័ត្ននេះក្តី ប៉ុន្តែការកើនឡើងនៃតម្លៃរស់នៅ នៅតែជាកង្វល់សម្រាប់មនុស្សជាច្រើន។

ចំពោះបញ្ហានេះ លោក Lee បានបញ្ជាក់ថា លោកបានស្នើឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ សិក្សាកែលម្អចំពោះកញ្ចប់ធានា ដែលត្រូវបានប្រកាសជាលើកដំបូង នៅក្នុងថវិកាជាតិឆ្នាំ២០២០ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការដំឡើងពន្ធលើទំនិញ និងសេវាកម្ម (GST) ៕

រដ្ឋាភិបាលចិនអនុម័តមូលនិធិចំនួន៣៧ ដើម្បីជួយស្តារ ទំនុកចិត្តទីផ្សារឡើងវិញ

ដោយ: គង់ លាងហួរ

សៀងហៃៈ ក្រុមនិយតករមូលបត្រ របស់ប្រទេសចិនបានអនុម័តមូលនិធិលក់រាយ (Retail funds) ចំនួន៣៧ កាលពីចុងសប្តាហ៍កន្លងទៅ ដែលនេះជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីជំរុញឱ្យទីផ្សារភាគហ៊ុនងើបឡើងវិញ។

ចំណាត់ការនេះបានធ្វើឡើង បន្ថែមពីលើវិធានការមួយចំនួនដែលបានដាក់ចេញដើម្បីពង្រឹងទីផ្សារ ដូចជា ការកាត់បន្ថយពន្ធប្រថាប់ត្រា ការបន្ថយល្បឿន​ក្នុងការ​បោះផ្សាយ ​មូល​ប​ត្រ​ជា​សាធារណៈ​លើក​ដំបូង (IPOs) និងតម្រូវការហិរញ្ញប្បទានអនុបាតទាប។

មូលនិធិដែលទើបអនុម័តថ្មី ដែលនឹងនាំដើមទុនថ្មីចូលទៅក្នុងទីផ្សារនេះ រួមមាន មូលនិធិជួញដូរប្តូរប្រាក់ (ETFs) ចំនួន១០ ដែលតាមដានសន្ទស្សន៍ Small-cap CSI 2000 និងមូលនិធិ ETFs ដែលផ្តោតលើបច្ចេកវិទ្យាចំនួន៧។ នេះបើយោងតាមគេហទំព័រគណៈកម្មការនិយតកម្មមូលបត្រចិន (CSRC)។

មូលនិធិចំនួន២០ផ្សេងទៀត ដែលនៅសេសសល់គឺជាសង្គហមូលនិធិប្រកបដោយភាពច្នៃប្រឌិត ដែលគិតថ្លៃឈ្នួលអណ្តែត(floating fees)ទៅលើអ្នកវិនិយោគ ជាលើកដំបូង។

គណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) បានប្តេជ្ញាពន្លឿ នតាមដានការអនុម័តមូលនិធិ ETF ឱ្យបានឆាប់រហ័ស និងណែនាំអ្នកគ្រប់គ្រងទ្រព្យសកម្ម ឱ្យបន្ទាបថ្លៃគ្រប់គ្រង និងការជួញដូរ រួមជាមួយនឹងវិធានការជំរុញទីផ្សារដទៃផ្សេងទៀត។

កាលពីចុងខែកក្កដាកន្លងទៅ ក្រុមថ្នាក់ដឹកនាំរបស់ប្រទេសចិនបានប្តេជ្ញាថា ពួកគេនឹងជំរុញទំនុកចិត្តរបស់អ្នកវិនិយោគ និងធ្វើឱ្យទីផ្សារភាគហ៊ុនមានភាពរឹងមាំឡើងវិញ ដែលជាទីផ្សារធំបំផុតទីពីររបស់ពិភពលោក។

កាសែតផ្លូវការ China Securities Journal បានរាយការណ៍ថា វិធានការគាំទ្រនាពេលថ្មីៗនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរ ក្នុងការធ្វើឱ្យទីផ្សារមូលធនមានស្ថេរភាព ដែលប្រតិបត្តិការដ៏ត្រឹមត្រូវ និងមានសារៈសំខាន់ សម្រាប់ការស្តារឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន។

កាសែតខាងលើរាយការណ៍បន្ថែមទៀតថា ទីផ្សារមូលធនដ៏រស់រវើកគឺជាគន្លឹះ ក្នុងការរក្សាស្ថិរភាពការរំពឹងទុករបស់មនុស្ស និងការបង្កើនទំនុកចិត្ត៕

ទីផ្សារលំនៅឋានក្នុងប្រទេសថៃរំពឹងងើបឡើងវិញនៅ ត្រីមាសទី៤ ឆ្នាំនេះ

ដោយៈ តែម សុខុម

បាងកក: ទីផ្សារលំនៅឋានក្នុងប្រទេសថៃ ដែលបានដាំក្បាលចុះក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ដោយសារតែសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា។

វិបត្តិនេះ ក៏បណ្តាលមកពីការព្រួយបារម្ភ ចំពោះការទូទាត់ថ្លៃមូលបត្របំណុល និងករណីក្ដីក្ដាំខុនដូមួយ ត្រូវបានព្យាករថានឹងងើបឡើងវិញនៅត្រីមាសទី៤ ចុងឆ្នាំនេះដែលជំរុញដោយអ្នកទិញអន្តរជាតិ។

លោកស្រី អាទីកា ប៊ូនរ៉តឈូ (Atika Boonrodchoo) ជំនួយការនាយកគ្រប់គ្រង នៃក្រុមហ៊ុនអភិវឌ្ឍន៍Sena Development ដែលចុះបញ្ជីនៅផ្សារហ៊ុនប្រទេសថៃ បានបង្ហាញសុទិដ្ឋិនិយមថា ទីផ្សារលំនៅឋានក្នុងប្រទេសថៃ នឹងកើនឡើងនៅត្រីមាសទី៤ នៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញ ហើយទស្សនវិស័យនយោបាយ កាន់តែច្បាស់។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៨ ខែសីហា។

លោកស្រីបន្ថែមថា “ជាធម្មតា ត្រីមាសទី៤ ជារយៈពេលដែលសកម្មបំផុត។ ជាមួយនឹងកំណើនភ្ញៀវទេសចរបរទេស សន្ទុះវិជ្ជមាននេះនឹងពង្រីកទៅដល់ទីផ្សារលំនៅឋាន ដោយអ្នកទិញសំខាន់ៗគឺជាជនបរទេស”។

លោកស្រីគូសបញ្ជាក់ថា អ្នកទិញអចលនទ្រព្យ ដែលសកម្មបំផុតគឺមកពីប្រទេសចិន ក្រុងហុងកុង ប្រទេសរុស្ស៊ី និងប្រទេសមីយ៉ាន់ម៉ា។ លោកស្រីបន្តថា ដើម្បីទាញយកប្រយោជន៍ពីទីផ្សារទាំងនេះ ក្រុមហ៊ុន Sen X Plc ដែលជាបុត្រសម្ព័ន្ធមួយ ក្នុងចំណោមបុត្រសម្ព័ន្ធនៃក្រុមហ៊ុនអភិវឌ្ឍន៍ Sena Development បានបង្កើតផ្នែកលក់អន្តរជាតិមួយ និងការិល័យលក់នៅក្នុងប្រទេសចិន ក្រុងហុងកុង ប្រទេសសិង្ហបុរី និងប្រទេសមីយ៉ាន់ម៉ា ដើម្បីណែនាំលក់ខុនដូរបស់ក្រុមហ៊ុន Sena Development៕ Bangkok Post៕

តើត្រូវទិញអចលនទ្រព្យបែបណា ក្នុងកាលៈទេសៈនេះ? ហេតុអ្វី?

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោក និងវិស័យអចលនទ្រព្យ ដែលកើនលើសតម្រូវការនៅកម្ពុជា បាននិងកំពុងផ្តល់នូវសញ្ញាសួរជាច្រើនថា គួរធ្វើអ្វីនាពេលនេះ?។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia និងCambodiafinancialtimes.com លោកយិន លាងគង់ដែលបាននិងកំពុងតាមដានលើការវិវត្តក្នុងវិស័យនេះ បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៨ សីហាថា ការរីកចម្រើនរបស់វិស័យនេះ ទាមទារនូវការចូលរួម ពីមូលដ្ឋានចាំបាច់ជាច្រើន ដូចជា កំណើនសេដ្ឋកិច្ច ដែលផ្តល់កំនើន​ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ស្ថេរភាពនយោបាយ ច្បាប់លិខិតបទដ្ឋានលើកទឹកចិត្តរបស់រដ្ឋាភិបាល និងលំហូរទុនវិនិយោគផ្ទាល់ពី​បរទេសជាដើម។

លោកបន្តថា ប្រសិនជាសួរថាគួរវិនិយោគលើផ្នែកអ្វី ក្នុងវិស័យនេះ អ្នកវិនិយោគគួរសិក្សាលើកត្តាមួយចំនួន ទី១ លទ្ឋភាពទុន ដែលមិនជាប់ពាក់ព័ន្ឋ ជាមួយលំហូរសាច់ប្រាក់ជាមូលដ្ឋាន ព្រោះ​ការវិនិយោគអចលនវត្ថុនាពេលនេះ អាចជាប់គាំងសាច់ប្រាក់រយៈពេលវែង ទី២ ការទិញដី ដែលមានឱកាសចំណេញ គឺដីក្រោមតម្លៃទីផ្សារ ទី៣ ការទិញខុនដូ និងលំនៅដ្ឋាន ដែលអាចប្រកបអាជីវកម្មបាន ទី៤ អចលនទ្រព្យ ដែលផ្តល់លំហូរសាច់ប្រាក់ត្រលប់មកវិញ ឬទិញដី ដែលមានគោលបំណងច្បាស់លាស់ ដើម្បីបង្កើតអាជីវកម្មអ្វីមួយ។

  ទី៥ គួរក្រឡេកមើលតំបន់ ដែលមានសក្តានុពលទីផ្សារ និងមានសកម្មភាពសេដ្ឋកិច្ចរសរវើក ដែលតំបន់បែបនេះ នឹងនៅតែមានសកម្មភាពដោះដូរ ឬតម្រូវការ ដែលធ្វើឲ្យដីឡើងថ្លៃផងដែរ។

លោកយិន លាងគង់បានបន្តថា ហេតុនេះ ការសម្រេចចិត្តវិនិយោគឬមិនវិនិយោគ អ្នកធុរកិច្ចឬអ្នកធុរជន ដែលមានប្រាក់ក្នុងដៃ គួរសិក្សាលើកត្តាចំនួន៥ខាងលើនេះ ដើម្បីយកមកធ្វើជាមូលដ្ឋាន ក្នុងការសម្រេចចិត្តថា គួរបញ្ចេញប្រាក់ ឬមិនបញ្ចេញ ប៉ុន្តែស្របពេល​សេដ្ឋកិច្ចពិភពលោក មិនមានភាពច្បាស់លាស់ និងបញ្ចប់នាពេលណា ការសម្រេចចិត្តណាមួយ គួរមានការវិភាគពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ៕

តើយុទ្ឋសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិថ្មីផ្តោត លើវិស័យឯកជនអ្វីខ្លះ?

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ យុទ្ធសាស្ត្របញ្ចកោណទី៣ រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត បានបង្ហាញពីការយកចិត្ត​ទុក​ដាក់ ​លើ​ការ​​អភិវឌ្ឍវិស័យឯកជន និងការងារ។

ក្នុងមុំទី៣ នៃយុទ្ធសាស្ត្របញ្ចកោណនេះ រាជ​រដ្ឋាភិបាលបន្តផ្តោតលើកិច្ចការអាទិភាពចំនួន៥ រួមមាន
ទី
១ ការអភិវឌ្ឍទីផ្សារការងារ ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការជំរុញការអភិវឌ្ឍ​ទីផ្សារ​​​ការងារ តាមរយៈការបង្កើត ការរក្សា និងការបង្កើនការងារដល់កម្មករ-និយោជិត ទាំង​ក្នុង​ប្រព័ន្ធ និងក្រៅប្រព័ន្ធ សំដៅបង្កើនប្រាក់ចំណូ​លទ្រទ្រង់ជីវភាពសមរម្យ និងកាត់បន្ថយ​ភាព​ក្រីក្ររបស់ប្រជាជន។

ទី២ ការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម ធុរកិច្ចថ្មីសហគ្រិនភាព និងការអភិ​វឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោត លើការបន្តជំរុញការអភិវឌ្ឍ បរិយា​កាស​​អំណោ​យផល ដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម និងធុរកិច្ចថ្មី ឱ្យរីកលូតលាស់ ធន់​នឹងវិបត្តិ និងមាននវានុវត្តន៍ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ព្រម​ទាំងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្លងអន្តរកាលចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

ទី៣ ការពង្រឹងភាពជាដៃគូ វិស័យសាធារណៈ និងវិស័យឯកជន ដែលមានគោលដៅយុ​ទ្ធ​សា​ស្ត្រ ផ្តោតលើការបន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលជាយន្តការមិនអាចខ្វះ​បាន និង​មានប្រសិទ្ធភាព ក្នុងការគាំទ្រពិពិធកម្ម និងកំណើន និងការបន្តពង្រឹងការគ្រប់​គ្រង​ហានិ​ភ័យ​ នៃ​កាតព្វកិច្ចបំណុលជាយថាហេតុ ចំពោះការអនុវត្តគម្រោងការវិនិយោគសាធារណៈ ក្រោម​យន្ត​ការភាពជាដៃគូរវាងរដ្ឋ និងឯកជន។

ទី៤ ការពង្រឹងការប្រកួតប្រជែង ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបន្តជំរុញការ​ប្រកួត​ប្រជែងស្មើភាព តាមរយៈការបន្តបង្កើតបរិយាកាស ធ្វើធុរកិច្ចដោយស្មើភាព គ្មានការ​រើស​អើង តាមនីតិវិធីដោយយុត្តិធម៌ និងស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅ​រួម​ចំណែកដល់ការបង្កើតមុខទំនិញ និងសេវាកម្មថ្មីៗ និងការបង្កើនផលិតភាព និងប្រសិទ្ធ​ភាព​សេដ្ឋកិច្ចកម្ពុជា។

ទី៥  ការពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានគោលដៅយុទ្ធ​សាស្ត្រ​ ផ្តោតលើការបន្តពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែន ធនាគារ ឱ្យកាន់តែ​មាន​ស័ក្តិសិទ្ធភាព ភាពធន់នឹងវិបត្តិ បរិយាប័ន្ន ពិពិធភាព និងភាពទំនើប តាមរយៈការបន្ត​អភិវឌ្ឍ​ក្របខ័ណ្ឌគតិយុត្ត, ជំរុញភាពស៊ីជម្រៅហិរញ្ញវត្ថុ, ពង្រឹងសមត្ថភាព ស្ថាប័ន និង អក្ខរកម្ម​ហិរញ្ញ​វត្ថុ និងលើកស្ទួយឌីជីថលភាវូបនីយកម្ម ក្នុងវិស័យហិរញ្ញវត្ថុ៕

ទិញដីនៅទីណាសម្រាប់បង្វិលយកប្រាក់ចំណេញរយៈពេលខ្លី មធ្យម និងរយៈពេលវែង

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ អ្នកជំនាញជើងចាស់ក្នុងវិស័យដីធ្លី បានបង្ហើបពីវិធីសាស្រ្តនៃការវិនិយោគដីធ្លីរយៈពេលខ្លី មធ្យម និងរយៈពេលវែងដើម្បីយកប្រាក់ចំណេញ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង ដែលបានក្លាយពីភ្នាក់ងារអចលនវត្ថុធម្មតា និងទទួលភាពជោគជ័យ ដោយសារដីធ្លីបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ប្រសិនជាទិញដីយកចំណេញរយៈពេលខ្លី ត្រឹមរយៈពេល៣ឆ្នាំ គួរវិនិយោគនៅក្នុងទីក្រុង។ បើវិនិយោគសម្រាប់រយៈពេល៥ឆ្នាំ ឬរយៈពេលមធ្យម គួរវិនិយោគនៅតំបន់ជាយក្រុង។
លោកបន្តថា ប្រសិនជាអ្នកវិនិយោគ ចង់វិនិយោគរយៈពេល១០ឆ្នាំឬរយៈពេលវែង ទិញនៅទីណាក៏បាន។

ទោះជាយ៉ាងណា លោកបណ្ឌិតបានបញ្ជាក់ថា ការវិនិយោគដីធ្លីនាពេលនេះ គឺល្អបំផុត ព្រោះអ្នកមានលុយពេលនេះ គឺជាស្តេច ដែលពួកគេអាចចចារទិញដី ក្នុងតម្លៃទាបជាងទីផ្សារ និងអាចយកផលចំណេញនៅឆ្នាំ២០២៤ ឬឆ្នាំ២០២៥ខាងមុខនេះ។

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា យ៉ាងណាការវិនិយោគដីធ្លីមិនសូវមានផលចំណេញដូចពេលមុនឡើយ ដោយសារចំនួនអ្នកវិនិយោគមានច្រើនជាងមុន ហើយលោកបានប្រៀបប្រដូចស្ថានភាពនេះដូចបឹងមួយ ដែលមានចំនួនត្រីនៅដដែល ប៉ុន្តែចំនួនអ្នកចាប់ត្រីបានកើនច្រើនជាងមុន៕