ក្រុមហ៊ុនអាកាសចរណ៍ថៃ និងទួរគីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំរុញទេសចរណ៍រវាងប្រទេសទាំង២

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Thai Airways (THAI) និងក្រុមហ៊ុន Turkish Airlines បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងប្រតិបត្តិការ បណ្តាក់ទុនរួមគ្នា ក្នុងគោលបំណងជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ។

លោក Chai Eamsiri នាយកប្រតិបត្តិក្រុមហ៊ុន THAI បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយពង្រឹងការតភ្ជាប់ និងបណ្តាញផ្លូវហោះហើរ របស់ក្រុមហ៊ុន THAI និង Turkish Airlines។លោកបន្តថា “អតិថិជនរបស់យើង នឹងអាចធ្វើដំណើរបានយ៉ាងងាយស្រួលរវាងប្រទេសថៃ និងតួគី ក៏ដូចជាទៅកាន់តំបន់អឺរ៉ុប និងប្រទេសផ្សេងទៀត  ដោយក្រុមហ៊ុនអាកាសចរណ៍យើងទាំង២”។

ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ជាទីតាំងយុទ្ធសាស្ត្រ ដើម្បីដើរតួជាមជ្ឈមណ្ឌលរវាងតំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក។  ហើយក្រុមហ៊ុន THAI នឹងណែនាំសេវាកម្មប្រចាំថ្ងៃ ទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ពីមជ្ឈមណ្ឌលទីក្រុងបាងកក របស់ខ្លួននៅក្នុងខែធ្នូខាងមុខ។លោក​ Chai Eamsiri បញ្ជាក់ថា ភាព​ជា​ដៃគូ​នេះ​ក៏​នឹង​ជំរុញ​ដល់វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ថៃ និងទួរគីផង​ដែរ។

​លោក Bilal Eksi នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍​Turkish Airlines បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ នឹងពង្រឹងការតភ្ជាប់រវាងតំបន់ទាំងពីរ ផ្តល់នូវបទពិសោធន៍ធ្វើដំណើរប្រកបដោយភាពរលូន និងផ្តល់ជូនអ្នកដំណើរនូវទិសដៅ និងសេវាកម្មដ៏ធំទូលាយ តាមរយៈបណ្តាញរបស់ក្រុមហ៊ុន អាកាសចរណ៍ទាំងពីរ។

ដោយត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៣៣ ជាមួយយន្តហោះដំបូងចំនួន៥គ្រឿង  ឥឡូវនេះ ក្រុមហ៊ុន Turkish Airlines មានយន្តហោះរហូតដល់ទៅ៤២៥គ្រឿង ដែលហោះហើរទៅកាន់គោលដៅចំនួន៣៤៤ នៅក្នុងប្រទេសចំនួន១២៩។ ចំណែក ក្រុមហ៊ុនអាកាសចរណ៍THAI ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦០ កំពុងប្រតិបត្តិការហោះហើរ ទៅកាន់គោលដៅចំនួន៥៧ នៅក្នុងប្រទេសចំនួន១៩ ជាមួយយន្តហោះចំនួន៦៧គ្រឿង៕

ដំណឹងល្អៈរដ្ឋាភិបាលបង្កើតឧទ្យានជាតិថ្មីមួយគ្របដណ្តប់ លើផ្ទៃដីជិត១លានហិកតា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​បង្កើត​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ មាន​ផ្ទៃដី​ទំហំ​សរុប​៩២៦,១២៣​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង ខេត្ត​​ពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះសីហនុ និង​ខេត្តបាត់ដំបង។គោលបំណងនៃការបង្កើតឧទ្យានជាតិដថ្មីនេះ មានគោលដៅដើម្បី​ថែរក្សា ការពារ​សោ​ភណ​ភាព​ធម្មជាតិ និង​ទេសភាព ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ ការសិក្សា​ស្រាវជ្រាវ និង​ការ​កម្សាន្ត​។

យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ដែលបាន​នៅ​ថ្ងៃទី​ ៩ ខែ​​សីហា​នេះ បានឱ្យដឹងថា ផ្ទៃដី​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​នេះ បានមកពី​ការបូកបញ្ចូល​គ្នា​នៃ ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាង​ត្បូង ដែលមាន​ផ្ទៃដី​ទំហំ៤១០,៣៩២​ហិកតា។ ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល​ ដែលមាន​ផ្ទៃដី​ទំហំ​៤០១,៣១៣ហិ​ក​តា របៀង​អភិរក្ស​ជីវចម្រុះ​ជួរ​ភ្នំក្រវាញ ដែលមាន​ផ្ទៃដី​ទំហំ​១១៤,៤១៨​ហិកតា​។

យោង​តាមរយៈ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​ ១៧ ខែកក្កដា ឆ្នាំ​ ២០២៣ ស្តីពី​ការបង្កើត​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ បានបង្ហាញថា រាជ​រដ្ឋា​ភិ​​បាល​បាន​និរាករណ៍ អនុក្រឹត្យ ស្តីពី​ការបង្កើត​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល អនុក្រឹត្យ​ស្តីពី​ការបង្កើត​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ​ខាងត្បូង អនុក្រឹត្យ​ស្តីពី​ ការបង្កើត​របៀង​អភិរក្ស​ជីវ​ចម្រុះ ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ព្រមទាំង​បទ​ប្បញ្ញត្តិ​ទាំងឡាយណា ​ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​ថ្មី​នេះ​ក៏ត្រូវ​និរាករណ៍​ផងដែរ​។

អនុក្រឹត្យ​នេះ​បញ្ជាក់ថា​ “ការបង្កើត​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រ​វា​ញ​ នេះ​រាជរដ្ឋាភិបាល​មានបំណង លើកកម្ពស់​តួនាទី សក្ដានុពល និង​កិត្យានុភាព​នៃ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី ឆ្លើយតប​ទៅនឹង​គោល​ដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព”​។

អនុក្រិតដដែលបានបញ្ជាក់ថា ការបង្កើតឧទ្យានជាតិនេះ ក៏ដើ​ម្បីរក្សា​លំនឹង​បរិស្ថាន និង​រួម​ចំ​​ណែ​ក​កាត់បន្ថយ​ ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ​។ផ្តល់​ផលិត​ផល និង​សេវាកម្ម​ធម្មជាតិ ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​។

​ជំរុញ ​និង​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​សហគមន៍​មូលដ្ឋាន ដើម្បី​រួម​​ចំណែក​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ ការការពារ​ធនធាន​ធម្មជាតិ និង​ការ​រស់​នៅ​ដោយ​ចីរភាព​។ ​ពិសេស លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា ​សាធារណជន​ ក្នុងការ​ចូលរួមចំណែក​ដល់​ការគ្រប់គ្រង ការ​ការពារ និង​ការអភិរក្ស​ជីវ​​ចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​។

ក្នុង​អនុក្រឹត្យនេះ​បញ្ជាក់ទៀតថា​ ​ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ កែប្រែ និង​គ្រប់គ្រង​តំបន់​ឧទ្យាន​ជាតិ​ជួរ​​ភ្នំក្រវាញ ដោយ​សហការ​ជា​មួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្តកោះកុង រដ្ឋបាល​ខេត្តពោធិ៍សាត់ រដ្ឋបាលខេត្ត​កំពង់ស្ពឺ រដ្ឋបាលខេត្ត​ព្រះសីហនុ និង​រដ្ឋបាល​ខេត្តបាត់ដំបង ដើម្បី​ធានា​ដល់​ការគ្រប់គ្រង​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ ការប្រើប្រាស់ ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​​។

អភិបាល​ខេត្តពោធិ៍សាត់ លោកខូយ រីដាបានឱ្យដឹង​នៅ​ថ្ងៃទី​៩ ខែសីហា​ថា ការបង្កើត​ឧទ្យាន​ជាតិ​ថ្មី ឬ​ចាស់​សុទ្ធតែ​មានបំណង​ថែរ​រក្សា​ការពារ​ធន​ធាន​ធម្មជាតិ​។​លោកបញ្ជាក់ថា “តំបន់​ឧទ្យាន​ជាតិ ​ដែល​ទើប​រួម​ប​ញ្ជូ​ល​បង្កើត​ថ្មី​នេះ មិនមែន​សម្រាប់តែ​ ១​ ជំនាន់​ថ្មី​នេះ​ទេ គឺ​សម្រាប់​គ្រប់​ជំនាន់​តកូនតចៅ ហេតុនេះ​ត្រូវ​​តែ​ថែទាំ​ការពារ​ ដើម្បី​និរន្តរភាព​ការគ្រប់គ្រង​ធនធានធម្មជាតិ​”៕

 

ការិយាល័យកណ្តាលដ៏ស្កឹមស្កៃរបស់ធនាគារហត្ថាបញ្ចប់ការសាងសង់គ្រោងអគារហើយ

ដោយៈ គង់ សូរិយា
ភ្នំពេញៈ នៅទីបំផុតការសាងសង់អគារ ការិយាល័យកណ្តាលរបស់ធនាគារហត្ថា បានបញ្ចប់គ្រោងអគាររបស់ខ្លួនជាផ្លូវការហើយ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងរបស់អគ្គនាយកធនាគារនេះ។

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី៨ សីហានេះថា អាគារការិយាល័យកណ្តាល ដែលមានកំពស់២២ជាន់នេះ បានបញ្ចប់ហើយ ប៉ុន្តែលោកមិនបញ្ជាក់ឲ្យដឹង ពីទំហំនៃការចំណាយទេ ដោយសារវាជាព័ត៌មានសំងាត់របស់ក្រុមហ៊ុន។

អាគារការិយាល័យកណ្តាលនេះ ស្ថិតនៅលើមហាវិថីសម្តេចតេជោហ៊ុន សែនឬផ្លូវ៦០ម៉ែត្រ។ លោកឧកញ៉ាហួត អៀងតុងបានបន្តថា អគារការិយាល័យកណ្តាលនេះ នឹងប្រើប្រាស់សម្រាប់ការិយាល័យកណ្តាល សំរាប់របស់ធនាគារ ដែលនឹងមានភោជនីយដ្ឋាន ហាងកាហ្វេ និងការិយាល័យធ្វើការរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់។

ធនាគារហត្ថា ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ នៅតែមានប្រតិ​បត្តិការឥណទាន និងការដាក់ប្រាក់បញ្ញើរល្អប្រសើរ ប៉ុន្តែទំហំនៃការ​សងត្រលប់មានភាពយឺតយ៉ាវ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឧកញ៉ាហួត អៀងតុង។

ធនាគារហត្ថា បានប្រែក្លាយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកសិករ ហើយបានក្លាយជាធនាគារពាណិជ្ជធំ និងឈានមុខមួយនៅក្នុងចំណោមធនាគារធំៗ និងឈានមុខនៅកម្ពុជា បន្ទាប់ពីធនាគារនេះ​ត្រូវបានទិញយកពីធនាគារក្រុងស្រ៊ី ដែលជាធនាគារដ៏ធំនៅប្រទេសថៃ៕

សម្តេចតេជោណែនាំថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មីលើចំណុច អាទិភាពចំនួន៤

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ក្នុងជំនួបរវាងសមាជិករាជរដ្ឋាភិបាល អាណត្តិចាស់ និងរាជរដ្ឋាភិបាល​អាណត្តិថ្មី នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យរាជរដ្ឋាភិបាល​អាណត្តិ​ថ្មី នូវចំណុចអាទិភាពសំខាន់ៗចំនួន៤។

សម្តេចតេជោបានណែនាំគណៈរដ្ឋមន្រ្តីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី​នោះ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសំខាន់ចំនួន៤ រួមមាន ស្ថេរភាពនយោ​បាយ សន្តិសុខសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបញ្ហាទាំង៤ខាងលើនេះ គឺជាកិច្ចការដ៏សំខាន់ ដែលត្រូវយកចិត្តទុកដាក់ ជាពិសេសបញ្ហាសេដ្ឋកិច្ច ជាបញ្ហាដែលសាកលលោកកំពុងប្រឈម។

សម្តេចតេជោ ហ៊ុន សែន បានគាំទ្រចំពោះ​ការ​សម្រេចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលនៅបន្តកម្មវិធីគាំពារសង្គមនានា ដើម្បីជួយដោះស្រាយ​ការលំបាក​របស់ប្រជាពលរដ្ឋ៕

អ្នកធុរកិច្ចចិនស្វែងយល់អំពីសក្ដានុពល និងឱកាសវិនិយោគ នៅក្នុងខេត្តបាត់ដំបង

        ដោយៈ គង់ សូរិយា

        បាត់ដំបងៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូបានអញ្ជើញជួបជាមួយគណៈប្រតិភូ ដែលជាអ្នកវិនិយោគិនមកពីប្រទេសចិន ដឹកនាំដោយលោកដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដី ការគណៈរដ្ឋមន្រ្ដី ដើម្បីស្វែងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង។

លោកដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី បានលើកឡើងអំពីគោលបំណងចម្បងរបស់ប្រតិភូ នៃអ្នកវិនិយោគិនមកពីប្រទេសចិន ដើម្បីឱ្យក្រុមវិនិយោគិន ធ្វើការស្វែងយល់បន្ថែមទៀត អំពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង ដើម្បីផ្ដល់ជាធាតុចូលនៃចំណេះដឹង ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យនានា នៅក្នុងខេត្តបាត់ដំបង ដោយសារតែខេត្តបាត់ដំបង គឺជាខេត្តគោលដៅដ៏សំខាន់មួយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅកាន់តំបន់សំខាន់ៗ នៅក្នុងប្រទេសបានយ៉ាងល្អប្រសើរផងដែរ ។

ជាមួយគ្នានេះ លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ដែលគណៈប្រតិភូជាអ្នកវិនិយោគិនមកពីប្រទេសចិន ដឹកនាំដោយលោកដួង តារា បានចុះមកបំពេញទស្សនៈកិច្ចសិក្សាផ្ទាល់លើទឹកដីខេត្តបាត់ដំបង និងស្វែងយល់អំពីសក្ដានុពល ក្នុងខេត្តបាត់ដំបង ដើម្បីផ្តល់ឱកាសធ្វើការនិយោគ នៅក្នុងទឹកដីដ៏ល្អផូរផង់មួយនេះ ។

លោកបន្តទៀតថា បាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ហើយខេត្តមួយនេះ កំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារឱ្យវិនិយោគិន ក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគ ផ្នែកកសិឧស្សាហកម្ម ដូចជា ការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃ អស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះ លើសតម្រូវការទីផ្សារ បណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ ។

លោកបានបញ្ជាក់បន្ថែមថា ដោយសារតែខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី៤នៃប្រទេ​សកម្ពុជា និងជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត ក៏ចាប់ផ្ដើមល្អប្រសើរច្រើន មានផ្លូវអាស៊ានហាយវេ ដែលភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យតែម្ដង មានផ្លូវរថភ្លើង ដោយឡែកនៅពេលអនាគត រាជរដ្ឋាភិបាលក៏នឹងមានគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តសៀមរាប ឆ្ពោះមកខេត្តបាត់ដំបងផ្ទាល់តែម្ដង ហើយបើសិនជាផ្លូវល្បឿនលឿនពីភ្នំពេញ មកសៀមរាប និងផ្លូវពីសៀមរាបមកបាត់ដំបង ចេញរូបរាងនោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងងាកមកកម្សាន្ត ខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ហើយខេត្តបាត់ដំបង ក៏នឹងក្លាយជាខេត្តទេសចរណ៍ដ៏សំខាន់ផងដែរ ៕

ក្រុមអ្នកជំនាញមានសុទិដ្ឋិនិយមលើការដឹកនាំរបស់រាជរដ្ឋា ភិបាលអាណត្តិទី៧

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមអ្នកជំនាញបានសម្តែងសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា នឹងមានស្ថិរភាព​ និង​ការអភិវឌ្ឍ​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត នៅក្នុងអាណត្តិទី៧នេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោ​ក​សន សៀបបានមានប្រសាសន៍ឲ្យដឹង នៅក្នុងសប្តាហ៍នេះថា​សង្កេ​ត​ឃើញថា ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ​ភាគច្រើនបំផុត​ គឺមានទំនុកចិត្ត និង​ជំនឿ​ជឿ​ជាក់យ៉ាងខ្លាំង ​ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេស ​នៅក្នុងការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្រ្ត​ អាណត្តិទី៧នេះ។លោកបញ្ជាក់ថា “​ទោះបីជាបច្ចុប្បន្ន ពិភពលោកកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច ដែលបាន​កើតចេញពីវិបត្តិជំងឺកូវីដ-១៩ វិបត្ដិសេដ្ឋកិច្ចសាកល ​និងវិបត្ដិសង្គ្រាម​ រុស្ស៊ី-អ៊ុយក្រែនក៏ដោយ។ ប៉ុន្ដែប្រទេសកម្ពុជា នៅតែរក្សា​បាន​នូវកំណើន​សេដ្ឋកិច្ច ​និងស្ថិរភាពផ្ទៃក្នុង ​ហើយបាន​បង្កើន​ទំនាក់ទំនងអន្តរជាតិ​ ជាមួយបណ្ដាប្រទេសមហាអំណាចជាច្រើនទៀត”។ លោកបន្ថែមថា “កត្តាទាំងនេះ នឹងធ្វើឲ្យវិស័យ​អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា អាចរក្សាកំណើនវិនិយោគ និងផលវិជ្ជ​មានបន្ថែមទៀត​នាពេល​ខាងមុខ”។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងផងដែរថា រដ្ឋាភិបាលថ្មីនឹងប្រើប្រាស់ ឬជ្រើសរើសមនុស្សដែលជាបញ្ញវ័ន្ត និងមានសមត្ថភាពខ្ពស់ ឱ្យកាន់មុខនាទីសំខាន់ៗ និងដាក់ចេញ គោលនយោបាយជាតិរបស់យើងសម្រាប់វិនិយោគិន ឱ្យមានភាពល្អប្រសើរ និងទាក់ទាញជាងប្រទេសផ្សេងៗទៀត។លោកបញ្ជាក់ថា “ប្រសិនបើរដ្ឋាភិបាលថ្មី អាចមានកញ្ចប់ថវិកា១.០០០លានដុល្លារអាមេរិក ដើម្បីជួយវិស័យឯកជនក្នុងកំឡុងឆ្នាំ២០២៣នេះ និងឆ្នាំ២០២៤ខាងមុខ នោះវាជារឿងមហាវិសេសវិសាលណាស់”។

ចំណែកលោកស្រីតាំង ហួរអ​នុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកបណ្ឌិតហ៊ុន ម៉ាណែតនឹងធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនថែមទៀត។ លោកស្រីបានបន្តថា “តាមព័ត៌មានខ្ញុំទទួលបាន អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ បាននិងកំពុងត្រៀមវិលមកកាន់កម្ពុជា កាន់​តែច្រើន បន្ទាប់ពីការបោះឆ្នោត ប្រកបដោយស្ថេរភាព និងសុខសន្តិភាព”។

រីឯលោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនKFAបានមានប្រសាសន៍ឲ្យដឹងក្នុងសប្តាហ៍នេះផងដែរថា ក្រោយរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង លោកនឹងមានការគិតគូររិះរកចំណុចថ្មីៗ ដើម្បីស្រូបទាញការវិនិយោគបន្ថែមទៀត។លោកឧកញ៉ាបញ្ជាក់ថា “វិស័យអចលនទ្រព្យនៅកម្ពុជាមិនមានការជាប់គាំងទេ គ្រាន់តែដើរយឺតប៉ុណ្ណោះ។ ហើយក្នុងមួយរយៈកាលចុងក្រោយនេះ ការទិញលក់ និងតម្រូវការ នៅតែមានចរន្តដំណើរការ ប៉ុន្តែយើងត្រូវមានភាពបត់បែនខ្លះក្នុងការទូទាត់”។

លោកលោកសង្ឃឹមថា “នៅពេលដែលរដ្ឋាភិបាលថ្មី កើតឡើង វិនិយោគិន នឹងសម្រុកចូលមកកម្ពុជា តាមរយៈសមិទ្ធិផលថ្មីៗ ដូចជាព្រលានយន្តហោះសៀមរាប-អង្គរ តំបន់ទេសចរណ៍កោះរ៉ុងដែលនឹងមានយន្តហោះអាចចុះលើទឹក ដែលក្លាយជារំញោចឡើងវិញសម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជា”៕

 

រដ្ឋបាលខេត្តកោះកុងពិចារណាក្នុងការអនុញ្ញាត្តឲ្យទេសចរណ៍ថៃចូលមកទស្សនាដោយមិនចាំបាច់មានលិខិតឆ្លងដែន

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋបាល​ខេត្ត​កោះ​កុ​ង កំពុង​ពិចារ​ណា​លើ​សំណើ​របស់​ក្រុម​ហ៊ុន​ទេស​ចរណ៍​មួយ ដែល​ស្នើ​សុំ​ការ​អនុញ្ញាត​ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​ថៃ ប្រើ​ប្រាស់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ថៃ ដោយ​មិន​មាន​លិខិត​ឆ្លង​ដែន ​អាច​មកធ្វើទេសចរណ៍​កម្សាន្ត​រយៈ​ពេល​ខ្លី ក្នុង​តំបន់​ទេស​ចរណ៍​សំខាន់ៗ​នៅ​ខេត្ត​កោះ​កុង។

អភិបាល​រង​ខេត្ត​កោះ​កុង លោកអន សុធារិទ្ធបានមានប្រសាស​ន៍​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា​​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សាគ្នា​​មួយនា​ថ្ងៃទី៩ ខែសីហា អាជ្ញា​ធរ​ខេត្ត​បាន​ទទួល​សំណើ​រ បស់​ក្រុម​ហ៊ុន​ទេស​ចរណ៍​មួយ​ ដែល​ស្នើ​សុំ​ការ​អនុ​ញ្ញាត​ ជា​គោល​ការ​ណ៍​​ពិសេស សម្រា​ប់​ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​ថៃ ប្រើ​ប្រាស់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ថៃ ដែល​មិន​បាន​យក​លិខិត​ឆ្លង​ដែន ​មក​ជាប់​តាម​ខ្លួន គឺ​អាច​មក​ធ្វើ​ទេស​ចរណ៍​កម្សាន្ត​រយៈ​ពេល​ខ្លី​ ក្នុង​តំបន់​ទេស​ចរណ៍​សំខាន់ៗ​ ក្នុង​ខេត្ត​កោះ​កុងបាន​។លោកបាន​បន្ត​ថា បន្ទាប់​ពី​ពិភាក្សា​ហើយ អាជ្ញា​ធរ​ខេត្តបាន​ប្រមូល​យោ​បល់ និង​គំនិត​ល្អៗ​ជា​ច្រើន​ ពី​សំណាក់​សមាជិក​ពាក់​ព័ន្ធ​ទាំង​អស់​ សម្រាប់​ជា​មូល​ដ្ឋាន​ក្នុង​ការ​សិក្សា​​នីតិ​វិធី​បន្ត ចំពោះ​ករណី​សំណើ​សុំ​ខាង​លើ ដើម្បី​ត្រៀម​រាយ​ការណ៍ ​​ទៅ​ខាង​ក្រសួង​ទេស​ចរណ៍​។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ ក៏​មិន​ទាន់​មាន​ការ​សម្រេច​អ្វី​ណា​មួយ​ឡើយ ​ជា​មួយ​ក្រុម​ហ៊ុន​ទេស​ចរណ៍ ហើយ​រាល់​សំណើ ​ដែល​ក្រុម​ហ៊ុន​ស្នើ​សុំ​នេះ អាច​នឹង​មាន​ការ​ប្រជុំ និង​មាន​ការ​ពិភាក្សា​គ្នា​ជា​បន្ត​បន្ទាប់​ទៀត។លោកបានបន្ថែមថា ពីព្រោះ​ករណី​សំណើ​នេះ វា​ជា​លើក​ដំបូង​សម្រាប់​ខេត្ត​កោះ​កុង ខណៈ​ដែល​យោង​តាម​ឯក​សារ​ផ្សេងៗ និង​លិខិ​ត​បទ​ដ្ឋាន​គតិ​យុត្តនា​នា​របស់​ក្រសួង គឺ​តម្រូវ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ត្រូវ​មាន​លិខិត​ឆ្លង​ដែន​។

លោកអន សុធារិទ្ធបានមានប្រសាសន៍ឲ្យដឹងទៀតថា “ប្រសិ​ន​ជា​ក្នុង​ករណី​ ទទួល​បាន​ការ​ឯក​ភាព​លើ​សំណើ​ហ្នឹង​ហើយ នោះ​វា​អាច​នឹង​កើន​ភ្ញៀវ​ទេស​ចរ​ចូល​មក ដើម្បី​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​របស់​ខេត្ត តាម​រយៈ​ភ្ញៀវ​​ទេស​ចរ​ចូល​មក​កម្សាន្ត ប៉ុន្តែ​ចំពោះ​សំ​ណើ​នេះ​យើង​មិន​ទាន់​សម្រេច​​ទេ”។ លោកបន្តថា “យើង​ត្រូវ​ការ​ប្រមូល​ធាតុ​ចូល​ពី​សំណាក់​សមា​ជិក​ពាក់​ព័ន្ធ​បន្ថែម​ទៀត ដើម្បី​យើង​មាន​មូល​ដ្ឋាន​ធ្វើ​របាយ​ការណ៍​ដាក់​ជូន​ក្រសួង​”។

ទន្ទឹម​នឹង​សំណើ​របស់​ក្រុម​ហ៊ុន​ទេស​ចរណ៍​នេះ លោក​ថា អាជ្ញា​ធរ​ខេត្ត ក៏​កំពុង​តែ​ខិត​ខំ​ធ្វើ​យ៉ាង​ណា ​លើក​កម្ពស់​វិស័យ​ទេស​ចរណ៍ ដើម្បី​ឱ្យ​មាន​កំណើន​ភ្ញៀវ​ទេស​ចរ​ជាតិ និង​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ចូល​មក​លេង​កម្សាន្ត​ខេត្ត​កោះ​កុង​ផង​ដែរ​។

អភិបាល​រង​ខេត្តបាន​​បន្ថែម​ថា ​ចំពោះ​កំណើន​ភ្ញៀវ​ទេស​ចរ​មក​ពី​ប្រទេស​ថៃ ក្នុងពេល​​បច្ចុប្បន្ន​នេះ គឺ​មិន​សូវ​មាន​ចំនួន​ច្រើន​ ចូល​មក​កម្សាន្ត​ក្នុង​ខេត្ត​កោះ​កុងទេ ស្រប​ពេល​​កន្លង​មក​អាជ្ញា​ធរ​ខេត្ត ក៏​បាន​សិក្សា​អំពី​កម្ម​វិធី​មួយ​ទៀត គឺ​ការ​ចុះ​អនុ​ស្សរ​ណៈយោគ​យល់​គ្នា​ចំពោះ​ខេត្ត ​ជាប់​ព្រំ​ដែន​រវាង​កម្ពុជា​-​វៀត​ណាម​ និង​ថៃ ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេស​ចរ​ចូល​មក​លេង​ខេត្ត​កោះ​កុង​​ផងដែរ៕

 

 

US President Joe Biden says he will visit Vietnam ‘shortly’

ALBUQUERQUE, New Mexico: US President Joe Biden said on Tuesday (Aug 8) he would be traveling to Vietnam “shortly” because the country wanted to elevate its relationship with the United States and become a major partner.

Biden made the remarks while speaking at a political fundraiser in New Mexico.
Asked about Biden’s announcement, a White House spokesperson said there was “nothing further to share at this time.”

At a meeting in April, Vietnamese Prime Minister Pham Minh Chinh and US Secretary of State Antony Blinken expressed a desire to deepen ties as Washington seeks to solidify relations with partners in Asia to counter an increasingly assertive China.

Blinken had expressed the hope then that this could happen “in the weeks and months ahead.”

Washington has been working to elevate ties with Hanoi to a “strategic” partnership from one that for the past decade has been called “comprehensive,” although Vietnam has been cautious, given the risk of antagonising China, a giant neighbor that supplies key inputs for its vital export trade, or Russia, another traditional partner.Source: Reuters

សេតវិមាន គ្រោងបញ្ចេញផែនការលម្អិតដើម្បីរឹតបន្តឹងការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសចិន

ដោយៈ តែម សុខុម

វ៉ាស៊ីនតោន: សេតវិមាននៅថ្ងៃពុធ ទី៩ ខែសីហា នេះគ្រោងបញ្ចេញផែនការលម្អិតរបស់ខ្លួន ដើម្បីហាមឃាត់ការវិនិយោគមួយចំនួនរបស់អាមេរិក លើបច្ចេកវិទ្យារដ៏រសើប នៅក្នុងប្រទេសចិន និងតម្រូវឱ្យក្រុមហ៊ុននានា ជូនដំណឹងមករដ្ឋាភិបាល អំពីការវិនិយោគផ្សេងៗទៀត។

ប្រភពមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អាមេរិក បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ផែនការនេះមានគោលបំណងរារាំងទប់ស្កាត់មូលធន និងចំណេះជំនាញរបស់សហរដ្ឋអាមេរិក ពីការជួយអភិវឌ្ឍបច្ចេកវិទ្យាដែលអាចគាំទ្រ ដល់ការធ្វើទំនើបកម្មយោធារបស់ប្រទេសចិន និងគំរាមកំហែងដល់សន្តិសុខជាតិ របស់សហរដ្ឋអាមេរិក។ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ត្រូវបានរំពឹងថានឹងចេញបទបញ្ជា ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ ឱ្យត្រួតពិនិត្យក្នុងសប្តាហ៍នេះ នូវការវិនិយោគរបស់ក្រុមហ៊ុនអាមេរិក នៅក្រៅប្រទេ​សលើបច្ចេកវិទ្យារសើបៗនៅក្នុងប្រទេសចិន។

ប្រភពមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដដែលនិយាយថា បទបញ្ជានោះត្រូវបានរំពឹងថានឹងចេញនៅថ្ងៃពុធ ទី៩ សីហាម្សិលម៉ិញនេះ។ ទោះ​ជាយ៉ាងណា សេតវិមាន កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះបានបដិ​សេធធ្វើអត្ថាធិប្បាយឡើយជុំវិញរឿងនេះ។

ក្រុមមន្ត្រីរដ្ឋការលោក ចូ បៃឌិន បានសង្កត់ធ្ងន់រយៈពេលជាច្រើនខែមកហើយថា នឹងធ្វើការរឹតបន្តឹងឱ្យណែន លើការវិនិយោគរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសចិន៕ Reuters៕

សមាគមឧកញ៉ានឹងបើកកិច្ចពិភាក្សាជាមួយCDCដើម្បីលើកពីបរិយាកាសពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សមាគម​ឧកញ៉ា​កម្ពុជា និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នឹង​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​ឆ្នាំ​២០២៣ និង​ពិធី​ពិសាអាហារ​សាមគ្គី ​ដើម្បី​ពិភាក្សា​អំពី​បច្ចុប្បន្នភាព​នៃ​បរិយាកាស ពាណិជ្ជកម្ម និង​ការវិនិ​យោគ​នៅ​កម្ពុជា ដោយ​ផ្ដោតលើ​បញ្ហា​ប្រឈម និង​ឱកាស​ជាពិសេស​លើ​វិស័យ​សំខាន់ៗ​។​

លោកឧកញ៉ាហ៊ុន ឡាក់ អ្នកនាំពាក្យ​សមាគម​ឧកញ៉ា​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៩ ខែសីហា ថា សមាគម​នឹង​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា ​ឆ្នាំ​២០២៣ និង​ពិធី​ពិសា​អាហារ​សាមគ្គី ដែល​នឹង​រៀបចំឡើង​នៅ​សណ្ឋាគារ ហ្គា​ឌិន​ស៊ី​ធី ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅថ្ងៃទី១១ សីហាខាងមុខ។​

លោកបន្តថា “វេទិកា​នេះ​ នឹងមាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិ​យស​ដោយ​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អនុព័ន្ធពាណិជ្ជកម្ម​នៃ​ស្ថាន​តំណាង​បរទេស​នានា ប្រចាំ​នៅ​កម្ពុជា​ផងដែរ”​។​លោកឧកញ៉ាហ៊ុន ឡាក់​បាន​បន្ថែមថា វេទិកា​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ពិភាក្សា​អំពី​បច្ចុប្បន្នភាព ​នៃ​បរិយាកាស ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅ​កម្ពុជា ដោយ​ផ្ដោតលើ​បញ្ហា​ប្រឈម និង​ឱកាស​ជាពិសេស​លើ​វិស័យ​សំខាន់ៗ មួយចំនួន​ដូចជា​ វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច វិស័យ​កម្មន្តសាល និង​ភស្តុភា​រកម្ម វិស័យ​សំណង់ និង​អចលនទ្រព្យ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​អន្តរជាតិ​ផងដែរ​។​

លោកហ៊ុន ឡាក់ បានបញ្ជាក់​ថា​ ​វេទិកា​នេះ ក៏​ជា​ឱកាស​បង្កើត​ទំនាក់ទំនង​កាន់តែ​ទូលំទូលាយ និង​ពិភាក្សាគ្នា​លើ​ឱកាស​វិនិយោគ​សក្តានុពល​ផ្សេងៗ​ផងដែរ​។ ​ជាពិសេស យើង​នឹង​លើកយក​បញ្ហាសំខាន់ៗ ​ដែល​វិស័យ​ឯកជន​បាន និងកំពុង​ជួបប្រទះ​យកមក​ពិភាក្សាគ្នា ស្វែងរក​ដំណោះស្រាយ ប្រយោជន៍​ដើម្បី​ភាព​រីកចម្រើន​នៃ​វិស័យ​ឯកជន​របស់​យើងទាំងអស់គ្នា​។​

​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា លោកជំទាវឧកញ៉ាកែវ មុំ បាន​ប្រាប់ឱ្យដឹងផង​ដែរ​ថា ការរៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​ឆ្នាំ​២០២៣​នេះ នឹង​ក្លាយជា​វេទិកា​ដ៏​មាន​សារៈសំខាន់​ណាស់ សម្រាប់​អ្នក​ធុរកិច្ច​ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា ដែល​វិស័យ​នីមួយៗ ​បាននិងកំពុង​ជួបប្រទះ ជាពិសេស​វិស័យ ​SME​។​

លោកស្រី​បាន​ថ្លែងថា​ “យើង​នឹង​ប្រើ​វេទិកា​នេះ ដើម្បី​ពិភាក្សា​ជាមួយ​អ្នកពាក់ព័ន្ធ មិន​ថា​នៅក្នុង​វិស័យ​ឯកជន​ដូចគ្នា ឬក៏​ខាង​រដ្ឋាភិបាល​នោះទេ ដើម្បី​រក​ដំណោះស្រាយ​ជាមួយគ្នា ​លើ​បញ្ហា​ប្រឈម​ដែល​បាននិងកំពុង​កើតមាន​នាពេល​បច្ចុប្បន្ន​ផងដែរ​”​។​

សមាគម​ឧកញ៉ា​កម្ពុជា ត្រូវបាន​ដឹកនាំ និង​តម្រង់ទិស​ដោយ​សមាជិក​ក្រុមប្រឹក្សាភិបាល​ចំនួន​៣២​រូប ដែលមាន​អាណត្តិ​៥​ឆ្នាំ ហើ​យ​ការងារ​ប្រចាំថ្ងៃ​ត្រូវបាន​អនុវត្ត ដោយ​អគ្គលេខាធិការដ្ឋាន ក្រោម​ការដឹកនាំ​របស់​អគ្គលេខាធិការ​១រូប​។ សមាគម​នេះ មាន​ទស្សនវិស័យ ក្នុងការ​រក្សា​និង​លើកកម្ពស់​ ឧត្តមភាព​នៃ​គោរមងារ​ឧកញ៉ា​ ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ​ដើម្បីអភិវឌ្ឍសង្គម និង​សេដ្ឋកិច្ចកម្ពុជា​ ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​៕