ក្រុងតូក្យូ នឹងបើកដំណើរការអគារការិយាល័យថ្មីៗយ៉ាងច្រើនក្នុងឆ្នាំនេះ ខណៈតម្រូវការស្ថិតក្នុងភាពស្រពេចស្រពិល

ដោយៈ សុខុម

តូក្យូ: បណ្ដាតំបន់ប៉ែកកណ្តាលនៃទីក្រុងតូក្យូ ប្រទេសជប៉ុន គឺជាទីតាំងក៏ពេញនិយម និងតម្លៃថ្លៃសម្រាប់អគារការិយាល័យ ដោយការិយាល័យកណ្តាល របស់ក្រុមហ៊ុនធំៗជាច្រើន ប្រមូលផ្តុំនៅទីនោះ ហើយកន្លែងធ្វើការលំដាប់ខ្ពស់ ត្រូវបានគេចាត់ទុកជានិមិត្តសញ្ញាបញ្ជាក់ពីឋានៈ។

ទោះជាយ៉ាងណា អត្រាការិយាល័យទំនេរចោល នៅក្នុងទីក្រុងនេះបាន និងកំពុងកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារវិបត្តិកូវីដ-១៩ បានធ្វើឱ្យបុគ្គលិកងាក ទៅធ្វើការងារពីផ្ទះកាន់តែច្រើនឡើង។ ទន្ទឹមនេះ អគារការិយាល័យថ្មីៗយ៉ាងច្រើន គ្រោងនឹងបើកដំណើរការនៅទីក្រុងតូក្យូ ក្នុងឆ្នាំនេះ ខណៈគម្រោងអភិវឌ្ឍន៍ឡើងវិញមួយចំនួនឈានដល់ការបញ្ចប់ជាស្ថាពរ។

ក្រុមហ៊ុនភិវឌ្ឍន៍ធំៗមានជំនឿចិត្តថា ការិយាល័យលំដាប់ខ្ពស់នៅតាមតំបន់កណ្តាលក្រុង នឹងនៅតែមានតម្រូវការខ្ពស់ ខណៈក្រុមហ៊ុនកាន់តែច្រើន កំពុងផ្តោតលើសារៈសំខាន់ នៃការទំនាក់ទំនងទល់មុខគ្នាដែលមានន័យថា ក្រុមហ៊ុនជាច្រើននឹងត្រូវការិយាល័យ ដើម្បីឱ្យបុគ្គលិកមកធ្វើការងារជុំគ្នាឡើងវិញ។

ទោះជាយ៉ាងណា អ្នកឃ្លាំមើលស្ថានការណ៍មួយចំនួន នៅក្នុងវិស័យឧស្សាហកម្មនិយាយថា ស្ថានភាពទីផ្សារការិយាល័យ មិនប្រាក​ដប្រជានោះឡើយ។

ស្ថិតិការិយាល័យទំនេរចោល សម្រាប់តំបន់ប៉ែកកណ្ដាលចំនួន៥ នៃក្រុងតូក្យូ រួមមានតំបន់ Chuo តំបន់ Shibuya តំបន់ Minato តំបន់ Chiyoda និងតំបន់ Shinjuku បានកើនឡើងខ្ពស់ជាងអត្រាមុនពេលផ្ទុះវិបត្តិកូវីដ-១៩។

យោងតាមទិន្នន័យពីក្រុមហ៊ុនឈ្មួញ ជើងសារការិយាល័យ Miki Shoji បង្ហាញថា អត្រាការិយាល័យទំនេរចោល នៅក្នុងខែកុម្ភៈ ដើមឆ្នាំ២០២៣ គឺស្ថិតក្នុងរង្វង់៦,១៥% ខណៈអត្រានេះស្ថិតក្រោម៣%នៅចន្លោះពីខែមីនា ឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ២០២០។

ជាទូទៅ អត្រាការិយាល័យទំនេរចោល លើសពី៥%ត្រូវបានចាត់ទុកថា ផ្គត់ផ្គង់លើសពីតម្រូវការទៅហើយ។

ទន្ទឹមនឹងនេះ ស្ថិតិពីក្រុមហ៊ុនផ្ដល់សេវា ជួលការិយាល័យ Sanko Estate ក៏បានបង្ហាញផងដែរថា អត្រាការិយាល័យទំនេរចោលសម្រាប់តំបន់ទាំង៥ខាងលើ គឺខ្ពស់ជាងគេក្នុងអត្រា៤,៦៦%នៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២២ បើធៀបនឹង០,៦៩%ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

យោងតាមក្រុមហ៊ុន Sanko Estate ឱ្យដឹងថា ទោះបីជាមានការកើនឡើង នូវអត្រាការិយាល័យទំនេរចោលយ៉ាងណាក្ដី ក៏តំបន់ទាំង៥ខាងលើ នឹងផ្គត់ផ្គង់ការិយាល័យថ្មីៗ ជាង៧៦០.០០០ម៉ែត្រការ៉េនៅឆ្នាំនេះ គឺច្រើនជាងទ្វេរដង បើធៀបនឹងតួលេខកាលពីឆ្នាំមុន និងជាតួលេខខ្ពស់បំផុតមួយ ក្នុងរយៈពេល១ទសវត្សរ៍មកនេះ។

នៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩ តម្រូវការការិយាល័យក្នុងទីក្រុងតូក្យូ បានកើនឡើងខ្លាំង ដោយសារគោលនយោបាយរបស់នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានជួយបង្កើនប្រាក់ចំណេញ និងការងាររបស់ក្រុមហ៊ុននានា ជាពិសេសសម្រាប់ស្ត្រី និងមនុស្សចាស់៕ Japan Times៕

ឯកអគ្គរដ្ឋទូតចិនៈ ខ្សែភាពយន្តស្នាមញញឹមកម្ពុជា ជាអំណោយដ៏ថ្លៃថ្លាសម្រាប់ឆ្នាំមិត្តភាពកម្ពុជា ចិន

 ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថា ខ្សែភាពយន្ត ស្នាមញញឹមកម្ពុជា គឺជាអំណោយដ៏ថ្លៃថ្លាសម្រាប់ឆ្នាំមិត្តភាពកម្ពុជាចិន។

លោកជឿជាក់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹក​នាំកំពូលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា ចិននាយុគសម័យថ្មី នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ កាន់តែប្រសើរឡើងសម្រាប់ប្រជាជន និងប្រទេសទាំងពីរប៉ុណ្ណោះ ប៉ុន្តែក៏នឹងដើរតួនាទីកាន់តែធំក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោកផងដែរ។

លោកWang Wentien បានមានប្រសាសន៍បែបនេះ ក្នុងកម្មវិធីសម្ពោធការចាក់បញ្ចាំងភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” ដែលសហការរៀបចំដោយ វិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានប្រារព្ធឡើងដោយជោគជ័យនារាជធានីភ្នំពេញ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាង ១០០ នាក់ ជាតំណាងមកពីប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា ក្រុមហ៊ុនសហគ្រាសចិននិង វិទ្យាស្ថានខុងជឺ បានមានវត្តមានចូលរួមក្នុងកម្មវិធីនេះ។

គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ បានទស្សនាភាពយន្តឯកសារ“ស្នាមញញឹមកម្ពុជា” និងបានពិភាក្សាអំពីកាលានុវត្តភាពអភិ​​វឌ្ឍន៍ថ្មី ដែលទំនើបកម្មតាមបែបចិន នាំជូនមកប្រទេសកម្ពុជា និងប្រទេសដទៃទៀតលើពិភពលោក។

លោក ខៀវ កាញារីទ្ធ បានថ្លែងថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិន ក្នុងវិស័យផ្សព្វផ្សាយព័ត៌មានមានប្រវត្តិយូរអង្វែងណាស់មកហើយ ហើយការផ្សព្វផ្សាយខ្សែភា​ព​យន្ត “ស្នាមញញឹមកម្ពុជា” លើកនេះ បានចូលរួមជាកម្លាំងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបន្ថែមអត្ថន័យថ្មី នៅក្នុងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកម្ពុជាចិន ក៏ដូចជា ដើម្បីប្រកៀកស្មាគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ស្ដង់ដារខ្ពស់ នៅក្នុងយុគសម័យថ្មី។

មហាសន្និបាតសភាទាំងពីរ របស់ប្រទេសចិនទើបតែបញ្ចប់ទៅ ក៏បានគូសវាសគោលដៅថ្មី ក្នុងការជំរុញទំនើបកម្មបែបផែនចិន។

លោកបញ្ជាក់ថា “ខ្ញុំពិតជាទន្ទឹងរង់ចាំមើលប្រទេសចិន លើចំណុ​ចចាប់ផ្ដើមថ្មី នៃដំណើរថ្មី អាចចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍កាន់តែច្រើន បន្ថែមទៀតជូនពិភពលោក ជាពិសេសប្រទេសនៅជុំវិញ ដើម្បីចូលរួមកាន់តែច្រើនទៀតក្នុងសន្តិភាព និងវឌ្ឍនភាពនៃមនុស្សជាតិ”។

លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន និងជាអ្នកជំនាញស្រាវជ្រាវ ការអភិវឌ្ឍន៍របស់ប្រទេ​សកម្ពុជា និងប្រទេសចិន បានថ្លែងថា ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ច សង្គម អរិយធម៌ អេកូឡូស៊ី និងវិស័យផ្សេងៗទៀតរបស់ប្រទេសចិន សបញ្ជាក់ឱ្យឃើញថា ទំនើបកម្មតាមបែបផែនចិនគឺជាគំរូ នៃការអភិវឌ្ឍន៍ប្រកបដោយភាពជោគជ័យ។

លោកបន្តថា “វាបានពង្រីកមាគ៌ា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍អាចសម្រេចបានទំនើបកម្ម”។ លោកបន្ថែមថា “កម្ពុជាអាចស្វែងរកវិធីសាស្រ្តដ៏សមស្របសម្រាប់ខ្លួនឯង ចេញពីបទពិសោធន៍ទំនើបកម្មតាមបែបផែនចិន និងបង្កើតមាគ៌ាទំនើបកម្មដែលស្របតាមស្ថានភាពជាក់ស្ដែង និងមានលក្ខណៈពិសេសផ្ទាល់ខ្លួន”។

ឆ្នាំ២០២៣ គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជាចិន និងជាខួបគម្រប់១០ឆ្នាំនៃការដាក់ចេញនូវ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។ ភាពយន្តឯកសារ ស្នាមញញឹមកម្ពុជា ចំនួនបីភាគ ដែលផលិតយ៉ាងផ្ចិតផ្ចង់ដោយ មជ្ឈមណ្ឌលភាសាតំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ផ្តោតលើប្រជាជនទូទៅនៅកម្ពុជា បង្ហាញពីលទ្ធផលជាផ្លែផ្កា ដែលសម្រេចបានដោយប្រទេសចិន និងកម្ពុជា ក្នុងដំណើរការរួមគ្នាកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ និងការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕

តើការដួលរលំធនាគារលំដាប់យក្សអាមេរិក Silicon Valley អាចជះផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យថៃឬយ៉ាងណា?

 

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ បានបង្ហាញក្តីបារម្ភអំពីផលប៉ះពាល់ លើទីផ្សារលំនៅដ្ឋានពីការដំឡើងអត្រាការប្រាក់នាពេលអនាគត ដោយធនាគារកណ្តាលអាមេរិក ខ្លាំងជាងការដួលរលំភ្លាមៗនៃធនាគារ Silicon Valley (SVB) ។

លោក Meesak Chunharuckchot ប្រធានសមាគមអចលនទ្រព្យថៃបានមានប្រសាសន៍ថា “ការដួលរលំនៃធនាគារអាមេរិក មិនត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលខ្លាំង លើទីផ្សារលំនៅដ្ឋាននោះទេ ប៉ុន្តែការរំពឹងទុកការកើនឡើង នៃអត្រាការប្រាក់ទំនងជាមានផលប៉ះពាល់កាន់តែខ្លាំង”។

លោក​បាន​បន្ត​ថា​ ការ​កើន​ឡើង​ទាំង​នេះ ​ទំនង​ជា​ជះឥទ្ធិពល​ខ្លាំង​ជាង​មុន​លើ​សេដ្ឋកិច្ច​ពិភពលោក ហើយ​នឹង​ប៉ះពាល់​ដល់​វិស័យ​នាំ​ចេញ សេដ្ឋកិច្ច​ថៃ និង​អំណាច​នៃការទិញ​ផ្ទះថែមទៀតផង”។

លោក​បាន​បញ្ជាក់ថា​ សមត្ថភាព​ខ្ចី​ប្រាក់ គឺ​ជា​បញ្ហា​សំខាន់​ក្នុង​ចំណោម​អ្នក​ទិញ​ផ្ទះ ​ក្នុង​ទំហំទឹកប្រាក់​៣លាន​បាត​ និង​ទាប​ជាងនេះ។ ទោះបីជាគម្រោងផ្ទះ១លានខ្នងរបស់រដ្ឋាភិបាលថៃ ផ្តល់ការប្រាក់ទាប សម្រាប់ប្រាក់កម្ចីទិញផ្ទះយ៉ាងណាក្តី ប៉ុន្តែគណៈរដ្ឋមន្ត្រីថ្មីមួយ ក្រោយការបោះឆ្នោតនឹងត្រូវអនុម័តការបន្តរបស់ខ្លួន។

លោក Wasan Kiangsiri ប្រធានសមាគមអាជីវកម្មលំនៅដ្ឋានបានមានប្រសាសន៍ថា “យូនីតទិញទាំងនោះ មានតម្លៃ៣លានបាត(ប្រហែល៨៦.៩៧៤ដុល្លារ) និងទាបជាងនេះ មានការព្រួយបារម្ភអំពីការទទួលបានការអនុម័តប្រាក់កម្ចីទិញផ្ទះ ដោយសារពួកគេមានអត្រាខ្ពស់បំផុត នៃការបដិសេធសម្រាប់ការស្នើសុំកម្ចីទិញផ្ទះ”។

សម្រាប់អ្នកដែលកំពុងស្វែងរកទិញយូនីត ដែលមានតម្លៃចន្លោះពី៣ទៅ៥លានបាត ការព្រួយបារម្ភដ៏សំខាន់មួយនោះ គឺការកើនឡើងនៃអត្រាការប្រាក់ និងសុវត្ថិភាពប្រាក់ចំណូលរបស់ពួកគេ ដោយសារពួកគេភាគច្រើន ទើបតែចាប់ផ្តើមមានគ្រួសារ និងមានការចំណាយពាក់ព័ន្ធជាច្រើនដែលត្រូវពិចារណា។

លោក Peerapong Jaroon-ek ប្រធានសមាគមខុនដូថៃ បានមានប្រសាសន៍ថា “កំណើនទីផ្សារលំនៅដ្ឋានកំពស់ទាបៗ ត្រូវបានគេរំពឹងថានឹងនៅទ្រឹងនៅឆ្នាំនេះ បន្ទាប់ពីបានកើនឡើងក្នុងអំឡុងពេលនៃជំងឺរាតត្បាត ប៉ុន្តែទីផ្សារខុនដូត្រូវបានព្យាករណ៍ថា នឹងកើនឡើងប្រហែល៣០ភាគរយ”។

លោក​បាន​បន្ថែមថា​  កត្តា​ជំរុញ​សំខាន់​ នៃ​ការ​ស្ទុះ​ងើប​ទីផ្សារ​ខុនដូ​មានដូចជា យូនីត​ដែល​មាន​តម្លៃ​សមរម្យ និង​ការ​បន្ត​នៃ​អ្នក​ទិញ​បរទេស ខណៈទីផ្សារខុនដូជួលដែលធ្លាប់ដាំក្បាលចុះ ក្នុងវិបត្តិកូវីដបានងើបត្រលប់ទៅ៧០ភាគរយ នៃកម្រិតមុនកូវីដរួចទៅហើយ៕

ទីផ្សារលំនៅដ្ឋានថ្លៃបំផុតរបស់ពិភពលោក កំពុងជួបវិបត្តិដែល ពិបាកដោះស្រាយបំផុត

ដោយៈ សុខុម

ហុងកុង: នៅពីក្រោយអគារខ្ពស់ៗកប់ពពក និងផ្ទះតម្លៃជាច្រើនលានដុល្លារ ដែលបានធ្វើឱ្យទីក្រុងហុងកុង ក្លាយជាទីផ្សារអចលនទ្រព្យ មានតម្លៃថ្លៃបំផុតរបស់ពិភពលោក ដែលបាននិងកំពុងរងវិបត្តិដ៏ធ្ងន់ធ្ងរមួយ។

បញ្ហានេះ បានក្លាយជាជំងឺរ៉ាំរ៉ៃ នោះគឺវិបត្តិលំនៅដ្ឋានដែលពិបាកដោះស្រាយបំផុតក្នុងពិភពលោក។

នៅក្នុងទីក្រុងហុងកុង ដែលផ្ទះជាមធ្យមមានតម្លៃចាប់ពី១លានដុល្លារឡើងទៅ ហើយសូម្បីចំណតរថយន្ត ក៏អាចមានតម្លៃជិត១លានដុល្លារដែរ។ ទោះជាយ៉ាងណា មានពលរដ្ឋរហូតដល់ទៅជាង២០០.០០០នាក់ ដែលបានរង់ចាំយ៉ាងហោចណាស់កន្លះទសវត្សរ៍ គឺរង់ចាំលំនៅដ្ឋានសាធារណៈ ដែលទទួលបានការឧបត្ថម្ភធន។

សារព័ត៌មាន CNN បានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៣ ខែមីនា ថា ទិន្នន័យបង្ហាញថា ក្នុងចំណោមពលរដ្ឋហុងកុង៥នាក់ គឺមានម្នាក់ហើយដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ហើយពួកគេជាច្រើនត្រូវបង្ខំចិត្តរស់នៅក្នុងបន្ទប់ ឬយូនីតដែលត្រូវបានខណ្ឌចែកបន្ថែមទៀតយ៉ាងចង្អៀត ឬសូម្បីរស់នៅក្នុងទ្រង់ក្នុងប្លុកអគារ ដែលចាស់ទ្រុឌទ្រោមទៀតផង។

យោងតាមរដ្ឋបាលក្រុងនេះឱ្យដឹងថា មូលហេតុដែលបង្កបញ្ហានេះ គឺភាពរ៉ាំរ៉ៃនៃកង្វះផ្គត់ផ្គង់ ដែលមិនអាចបំពេញតម្រូវការរបស់ពលរដ្ឋហុងកុងសរុបជាង៧លាននាក់ ដែលបានប្រជ្រៀតជ្រែកគ្នារស់នៅ តាមសង្កាត់នានានៃក្រុងហុងកុង ដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។

លោក John Lee ចៅហ្វាយក្រុងហុងកង បានថ្លែងសុន្ទរកថាគោលនយោបាយដំបូងរបស់លោក កាលពីខែតុលា ថា បញ្ហាលំនៅដ្ឋានគឺជា “របៀបវារៈកំពូល” នៃគោលនយោបាយរបស់លោក ហើយលោកបានប្ដេជ្ញា សាងសង់ផ្ទះចំនួន៣០.០០០យូនីត ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារនៅរយៈពេល៥ឆ្នាំខាងមុខ។

ការសន្យានេះ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជា ពីរដ្ឋាភិបាលកណ្តាលនៅទីក្រុងប៉េកាំង ដើម្បីកំណត់កិច្ចការនេះ ជាកិច្ចការអាទិភាព។

ប៉ុន្តែបណ្ដាអ្នករិះគន់ មានមន្ទិលសង្ស័យជាយូរមកហើយ ចំពោះការពឹងផ្អែករបស់រដ្ឋបាលក្រុងហុងកុង លើបុព្វលាភដីធ្លី ការលក់ដីធ្លី និងពន្ធ ដែលមានប្រមាណ២០% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន៕ CNN៕

អ្នកជំនាញៈទីផ្សារដីធ្លីមានសញ្ញាងើបឡើងវិញនៅរាជធានីភ្នំពេញ ដោយសារអ្នកធុរកិច្ចចិន

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ អ្នកជំនាញក្នុងទីផ្សារដីធ្លីបានលើកឡើងថា ទីផ្សារដីធ្លីចាប់ផ្តើមមានសញ្ញាល្អប្រសើរ សម្រាប់ដីនៅក្នុងរាជធានី និងជាយរាជធានីភ្នំពេញ។

លោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុនAmatak Property Serviceបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៤ មិនាថា ចំនួនអ្នកស្វែករកដីធ្លីបានកើនឡើង ក្នុងមួយរយៈចុងក្រោយនេះ ពិសេសមានអ្នកវិ​និយោគចិនធំៗ បានស្វែងរកដីនៅទីតាំងល្អៗ សំរាប់អភិវឌ្ឈន៍គំរោងរបស់ពួកគេ។

លោកស្រីបន្តថា “នេះជាសញ្ញា​ប្រសើរ និងវិជ្ជមានសំរាប់ទីផ្សារដីធ្លីនៅរាជធានីភ្នំពេញ ខណៈនៅតាមបណ្តាខេត្ត ហាក់មានសភាពស្ងប់ស្ងាត់នៅឡើយ”។ លោកស្រីបន្តថា “មានម៉ូយរកហូរហែរមិនដាច់ ក្រុមការងាររបស់ខ្ញុំចាប់ផ្តើមរវល់វិញហើយ អ្នករកឱកាសនេះច្រើនទិញទុកចំណេញ”។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារដីធ្លីបាននិងកំពុងបង្ហាញសញ្ញាវិជ្ជមាន នៅរាជធានីភ្នំពេញ ទាំងដីនៅកណ្តាលទីក្រុង និងជាយក្រុងភ្នំពេញ។

អ្នកស្រីបន្តថា “ទីផ្សារកំពុងងើបឡើង ក្នុងសុទិដ្ឋិនិយមជាងមុន សំរាប់តំបន់ជាយក្រុង ប៉ុន្តែដីនៅតាមបណ្តាខេត្តមិនទាន់ងើបឡើងទេ”។ អ្នកស្រីបន្តថា “ដីនៅតាមបណ្តាខេត្ត ត្រូវការពេលវេលាបន្ថែមទៀត ខណៈរាជធានីភ្នំពេញ ជាទីតាំងដែលបាននិងកំពុងទទួលបានការចាប់អារម្មណ៍”។

ចំណែកលោកយឺ វ៉ាន់នី អ្នកជំនាញនិងអភិវឌ្ឍន៍ដីធ្លីមួយរូបនៅ ខេត្តកំពតបានមានប្រសាសន៍ទទួលស្គាល់ថា ស្ថានភាពទីផ្សារដីធ្លីនៅក្រុងកំពត ជាយក្រុង និងតាមបណ្តាស្រុកនានា គ្មានសញ្ញាវិជ្ជមានទេ អ្វីៗស្ថិតក្នុងសភាពទ្រឹងនៅឡើយ។

លោកបន្តថា “ស្ថានភាពមិ​នល្អទេ ការវិនិយោគធំៗលើភ្នំបូកគោ​មិនបានជួយទីផ្សារដីធ្លី នៅក្នុងខេត្តនេះនៅឡើយទេ”៕

តើគំរោងកោះទេពនិម្មិតត្រូវបានរៀបចំឡើងយ៉ាងដូចម្តេច? និងមានលក្ខណៈពិសេសបែបណា?

   ដោយៈ គង់ លាងហួរ

       ភ្នំពេញៈ គម្រោងកោះទេពនិម្មិត គឺជាគម្រោងមួយដែលគិតគូរយ៉ាងគត់មត់បំផុត ជាមួយនឹងធម្មជាតិបៃតង ផ្សារភ្ជាប់នឹងប្រភពទឹកដ៏មានសារៈសំខាន់នៅជុំវិញគម្រោងទាំងមូល។

លើសពីនេះទៅទៀត កោះទេពនិម្មិត បានរចនាដោយយករចនាបថខ្មែរ ប្រកបដោយសោភ័ណភាពយ៉ាងប្រណីតបំផុត មកបើប្រាស់ជាគោល ដើម្បីនឹងបានញ៉ាំងឱ្យជិវិត នៃការរស់នៅក្នុងទីនេះនឹងរឹតតែមានផាសុខភាព ភាពស្រស់បំព្រង ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធិជាមួយប្រពៃណី ទំនៀមទម្លាប់ តាមរយៈសំណង់ស្ថាបត្យកម្មផ្ទះខ្មែរ និងបែបផែននៃការរៀបចំប្រព័ន្ធប្លង់ទិដ្ឋភាពរួមទាំងមូល។

លោកឌិន សុមេធារិទ្ឋប្រធានអភិវឌ្ឍន៍គំរោងភូមិផ្កាត្រកួនបានមាន​ប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ទស្សនវិស័យរបស់យើង គឺនឹងនាំអ្នកដែលមកកំសាន្ត ឬស្នាក់នៅទីនេះផ្លាស់ប្តូរនូវបរិយាកាសថ្មី ដែលពោរពេញដោយធម្មជាតិបៃតង ទេសភាពដ៏ស្រស់តកាល និងភាពត្រជាក់ត្រជុំ បានមកពីប្រភពទឹកដែលរត់ខ្វាត់ខ្វែងពាសពេញផ្ទៃភូមិទាំងមូល។

ម៉្យាងវិញទៀត ទំនាក់ទំនងនៃការប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមក រវាងអ្នកភូមិនៅទីនេះ នឹងកាន់តែមានភាពជិតស្និទ្ធ តាមរយៈមធ្យោបាយធ្វើដំណើរ តាមប្រព័ន្ធផ្លូវទឹកដ៏ទាក់ទាញ ដោយយើងអាចជិះទូកកំសាន្តជុំវិញភូមិទាំងមូលបានទៀតផង ។

លោកសុមេធារិទ្ឋបានបន្តថា អ្នកបានមកស្នាក់នៅ ឬកំសាន្ដនៅទីនេះ ប្រៀបដូចជាទទួលបាននូវឱសថទិព្វមួយគ្រាប់ ដែលនឹងមកព្យាបាល ដោយដកយកនូវភាពស្មុគស្មាញ ក្នុងការងារប្រចាំថ្ងៃឱ្យប្រែក្លាយវិជ្ជមានវិញ តាមរយៈលំនៅឋានបែបខ្មែរ ជាមួយនឹងរចនាសម្ព័ន្ធដ៏សំបូរបែបបន្ថែមដូចជា អាងហែលទឹក និងទេសភាពស្រះទឹក នៅខាងក្រោយផ្ទះដ៏អស្ចារ្យទៀតផង។

លោកបន្តថា “លើសពីនេះទៅទៀតយើងបានបំពាក់នូវ ហាងលក់ទំនិញ ហាងកាហ្វេ និងសេវាកម្មជាច្រើនទៀតផងដែរ”។

ទាំងអស់នេះនឹងត្រូវបានសាងសង់ឡើង ដោយប្រើប្រាស់នូវសម្ភារៈសំណង់ប្រកបដោយគុណភាពខ្ពស់ ងាយស្រួលរក និងប្រើរយៈពេលតិចក្នុង ការសាងសង់សមស្របទៅតាម បច្ចេកទេសស្តង់ដាសំណង់ ។

លោកឌិន សុមេធារិទ្ឋ បានពន្យល់ពីមូលហេតុដាក់ឈ្មោះគំរោងនេះថា យើងបានប្រសិទ្ធនាមគម្រោង កោះទេពនិម្មិត នេះថាជា “ព្រៃប្រសិទ្ធ” ដែលជាទីតាំងដ៏ពិសិដ្ឋមួយ ពោរពេញដោយភាពបៃតងផុសត្រដែតឡើង លើទឹក ដីដ៏មានសក្តានុពលនៃខេត្តកណ្តាល៕

តើការដួលរលំធនាគារលំដាប់យក្សអាមេរិក Silicon Valley អាចជះផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យថៃឬយ៉ាងណា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ បានបង្ហាញក្តីបារម្ភអំពីផលប៉ះពាល់ លើទីផ្សារលំនៅដ្ឋានពីការដំឡើងអត្រាការប្រាក់នាពេលអនាគត ដោយធនាគារកណ្តាលអាមេរិក ខ្លាំងជាងការដួលរលំភ្លាមៗនៃធនាគារ Silicon Valley (SVB) ។

លោក Meesak Chunharuckchot ប្រធានសមាគមអចលនទ្រព្យថៃបានមានប្រសាសន៍ថា “ការដួលរលំនៃធនាគារអាមេរិក មិនត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលខ្លាំង លើទីផ្សារលំនៅដ្ឋាននោះទេ ប៉ុន្តែការរំពឹងទុកការកើនឡើង នៃអត្រាការប្រាក់ទំនងជាមានផលប៉ះពាល់កាន់តែខ្លាំង”។

លោក​បាន​បន្ត​ថា​ ការ​កើន​ឡើង​ទាំង​នេះ ​ទំនង​ជា​ជះឥទ្ធិពល​ខ្លាំង​ជាង​មុន​លើ​សេដ្ឋកិច្ច​ពិភពលោក ហើយ​នឹង​ប៉ះពាល់​ដល់​វិស័យ​នាំ​ចេញ សេដ្ឋកិច្ច​ថៃ និង​អំណាច​នៃការទិញ​ផ្ទះថែមទៀតផង”។

លោក​បាន​បញ្ជាក់ថា​ សមត្ថភាព​ខ្ចី​ប្រាក់ គឺ​ជា​បញ្ហា​សំខាន់​ក្នុង​ចំណោម​អ្នក​ទិញ​ផ្ទះ ​ក្នុង​ទំហំទឹកប្រាក់​៣លាន​បាត​ និង​ទាប​ជាងនេះ។ ទោះបីជាគម្រោងផ្ទះ១លានខ្នងរបស់រដ្ឋាភិបាលថៃ ផ្តល់ការប្រាក់ទាប សម្រាប់ប្រាក់កម្ចីទិញផ្ទះយ៉ាងណាក្តី ប៉ុន្តែគណៈរដ្ឋមន្ត្រីថ្មីមួយ ក្រោយការបោះឆ្នោតនឹងត្រូវអនុម័តការបន្តរបស់ខ្លួន។

លោក Wasan Kiangsiri ប្រធានសមាគមអាជីវកម្មលំនៅដ្ឋានបានមានប្រសាសន៍ថា “យូនីតទិញទាំងនោះ មានតម្លៃ៣លានបាត(ប្រហែល៨៦.៩៧៤ដុល្លារ) និងទាបជាងនេះ មានការព្រួយបារម្ភអំពីការទទួលបានការអនុម័តប្រាក់កម្ចីទិញផ្ទះ ដោយសារពួកគេមានអត្រាខ្ពស់បំផុត នៃការបដិសេធសម្រាប់ការស្នើសុំកម្ចីទិញផ្ទះ”។

សម្រាប់អ្នកដែលកំពុងស្វែងរកទិញយូនីត ដែលមានតម្លៃចន្លោះពី៣ទៅ៥លានបាត ការព្រួយបារម្ភដ៏សំខាន់មួយនោះ គឺការកើនឡើងនៃអត្រាការប្រាក់ និងសុវត្ថិភាពប្រាក់ចំណូលរបស់ពួកគេ ដោយសារពួកគេភាគច្រើន ទើបតែចាប់ផ្តើមមានគ្រួសារ និងមានការចំណាយពាក់ព័ន្ធជាច្រើនដែលត្រូវពិចារណា។

លោក Peerapong Jaroon-ek ប្រធានសមាគមខុនដូថៃ បានមានប្រសាសន៍ថា “កំណើនទីផ្សារលំនៅដ្ឋានកំពស់ទាបៗ ត្រូវបានគេរំពឹងថានឹងនៅទ្រឹងនៅឆ្នាំនេះ បន្ទាប់ពីបានកើនឡើងក្នុងអំឡុងពេលនៃជំងឺរាតត្បាត ប៉ុន្តែទីផ្សារខុនដូត្រូវបានព្យាករណ៍ថា នឹងកើនឡើងប្រហែល៣០ភាគរយ”។

លោក​បាន​បន្ថែមថា​  កត្តា​ជំរុញ​សំខាន់​ នៃ​ការ​ស្ទុះ​ងើប​ទីផ្សារ​ខុនដូ​មានដូចជា យូនីត​ដែល​មាន​តម្លៃ​សមរម្យ និង​ការ​បន្ត​នៃ​អ្នក​ទិញ​បរទេស ខណៈទីផ្សារខុនដូជួលដែលធ្លាប់ដាំក្បាលចុះ ក្នុងវិបត្តិកូវីដបានងើបត្រលប់ទៅ៧០ភាគរយ នៃកម្រិតមុនកូវីដរួចទៅហើយ៕

ផលិតផលកសិកម្មសំខាន់មួយទៀតរបស់កម្ពុជាបានត្រៀម នាំចូលទីផ្សារប្រទេសចិន

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd. របស់ភាគីចិន បានធ្វើការចុះអនុសារណៈយោគយល់ និងកិច្ចសន្យាផលិតកម្មកសិកម្មដំឡូងមីកម្ពុជា ដើម្បីជំរុញការនាំចេញដំឡូងមីទៅកាន់ទីផ្សារប្រទេសចិន។

ការចុះហត្ថលេខាកាលពីថ្ងៃទី១១ មិនាកន្លងមកនេះ បានធ្វើឡើងនៅភ្នំពេញ ដោយមានការចូលរួមក្រោមអធិបតីភាព លោក ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគណៈប្រតិភូសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា លោក ជួ មករា  ជាមួយនឹង លោក ចៃ ម៉ុឈី អគ្គនាយកក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd។

លោក ជួ មករា បានមានប្រសាសន៍ថា “យើងត្រូវរៀបចំច្រើនណាស់ ចាប់ពីឥឡូវនេះទៅ ហើយទិសដៅក្នុងឆ្នាំនេះ យើងនឹងជំរុញឱ្យមានការនាំចេញឱ្យកាន់តែច្រើន”។ លោកបន្តថា “ដើម្បីបំពេញតាមតម្រូវការរបស់ភាគីអ្នកទិញ កម្ពុជាត្រូវធ្វើការសិក្សារួមគ្នានូវចំណុ​ចខ្វះខាត ដើម្បីឆ្ពោះទៅរកស្ថេរភាព និងបំពេញបានតាមតម្រូវការរបស់អ្នកទិញចង់បាន”។

ជាមួយគ្នានេះ លោក លោក ចៃ មុឈី អគ្គនាយកក្រុមហ៊ុន Global Ecological Rice (Cambodia) ក៏បានលើកឡើងថា “មុននឹងចុះកិច្ចសហការជាមួយនឹងកម្ពុជា ក្រុមហ៊ុន ក៏សហការជាមួយវិទ្យាស្ថានស្រាវជ្រាវតំបន់ត្រូពិច Guangxi សិក្សាពីដី ពូជដំឡូងមី និងទីតាំងភូមិសាស្ត្ររបស់កម្ពុជា ដែលត្រូវតាមតម្រូវការរបស់ក្រុមហ៊ុន ថែមទាំងមានការយល់ព្រមពីរដ្ឋាភិបាលចិន ក្នុងការនាំចេញផលិតផលកម្ពុជាទៅប្រទេសចិនផងដែរ”។

ក្នុងឱកាសនៃការចុះអនុស្សរណៈយោគយល់គ្នានេះ លោក ជួ មករា បានមានប្រសាសន៍ថា “យើងត្រូវរៀបចំច្រើនណាស់ចាប់ពីឥឡូវនេះទៅ ហើយទិសដៅក្នុងឆ្នាំនេះ យើងនឹងជំរុញឱ្យមានការនាំចេញឱ្យកាន់តែច្រើន”។

លោកបន្តថា ដើម្បីបំពេញតាមតម្រូវការរបស់ភាគីអ្នកទិញ កម្ពុជាត្រូវធ្វើការសិក្សារួមគ្នានូវចំណុចខ្វះខាត ដើម្បីឆ្ពោះទៅរកស្ថេរភាព និងបំពេញបាន តាមតម្រូវការរបស់អ្នកទិញចង់បានផងដែរ៕

លោកស៊ុន ចាន់ថុលដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើពង្រាងច្បាប់ការដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ

ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល​បានចដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ”។

កិច្ចប្រជុំនេះ បានលើកយកមកពិនិត្យពិភាក្សា លើសេចក្តីព្រាងច្បាប់ខាងលើ ដើម្បីពន្លឿនសម្រាប់ការបន្តនីតិវិធីជំហានបន្ទាប់ ក្នុងការប្រជុំកម្រិតអន្តរក្រសួង និងត្រៀមសម្រាប់ការបញ្ជូនទៅគណៈរដ្ឋមន្ត្រី។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដោយមានការអញ្ជើញចូលរួមពីថ្នាក់នាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តពិនិត្យពិភាក្សា និងឆ្លងខ្លឹមសារ “សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ” ដើម្បីឱ្យមានអត្ថន័យគ្រប់ជ្រុងជ្រោយ ធានាដល់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងការគ្រប់គ្រងកំពង់ផែ កាន់តែប្រសើរឡើង ព្រមទាំងអាចផ្ដល់សេវា ដល់ការធ្វើនាវាចរណ៍ប្រកបដោយទំនុកចិត្ត មានសន្តិសុខ សុវត្ថិភាព និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាមួយកំពង់ផែនានានៅក្នុងតំបន់ និងអន្តរជាតិ។

អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរ យោបល់យ៉ាងផុសផុល លើការកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង និងការកំណត់និយមន័យនៃវាក្យស័ព្ទ ដែលប្រើប្រាស់ក្នុងសេចក្តីព្រាងច្បាប់នេះ។

លើសពីនេះ លោកទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគ្រប់រូប ដែលបានខិតខំប្រែងប្រែងសិក្សា ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង និងបានណែនាំឱ្យក្រុមការងារបច្ចេកទេស ធ្វើបច្ចុប្បន្នភាពឯកសារនេះតាមមតិយោបល់របស់កិច្ចប្រជុំនេះ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានភាពកាន់តែល្អប្រសើរ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀត ដល់ប្រទេសជាតិ ជាពិសេសសមស្រប ទៅតាមនវានុវត្តន៍សង្គមបច្ចុប្បន្ន និងបរិបទអន្តរជាតិ។

សេចក្តីព្រាងច្បាប់នេះ នឹងបន្តដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់របស់គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យផងដែរ៕

 

តើវានឹងជាភាគលាភប្រជាសាស្រ្ត ឬគ្រោះមហន្តរាយ ខណៈប្រជាជនឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន?

ដោយ: គង់ លាងហួរ

សិង្ហបុរី: អង្គការសហប្រជាជាតិបានព្យាករណ៍ថា ឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន ជាប្រទេសដែលមានប្រជាជនច្រើនជាងគេ លើពិភពលោក នាពេលណាមួយនៅឆ្នាំ២០២៣នេះ។

វាមិនគួរឱ្យភ្ញាក់ផ្អើលទេ ប្រសិនបើព្រឹត្តិការណ៍ដ៏សំខាន់នេះប្រហែលជាបានកើតឡើងរួចទៅហើយនោះ។

ជំរឿនប្រជាជនឥណ្ឌាត្រូវបានពន្យារពេល នៅឆ្នាំ២០២១ ដោយសារជំងឺរាតត្បាត។  ប្រជាជនឥណ្ឌា ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន១,៤១៧ពាន់លាននាក់ នៅដំណាច់ឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់ UN World Population Prospects។

ទោះបីជាយ៉ាងណាក្តី នៅក្នុងខែមករា ប្រទេសចិនបានរាយការណ៍ពីការធ្លាក់ចុះចំនួនប្រជាជន ជាលើកដំបូងក្នុងរយៈពេល៦ទសវត្សរ៍ ដែលមានចំនួន១,៤១២ពាន់លាននាក់ នៅចុងឆ្នាំ២០២២។

ទោះបីជាអត្រាកំណើនប្រជាជន របស់ប្រទេសឥណ្ឌាក៏មាននិន្នាការធ្លាក់ចុះ ប៉ុន្តែវាត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងក្នុង       រយៈពេល៣០ឆ្នាំខាងមុខ ជាមួយនឹងសក្តានុពលចំនួន១,៦៦៨ពាន់លាននាក់នៅឆ្នាំ២០៥០។ ចំណែកប្រទេសដែលមានប្រជាជនច្រើនបំផុតទាំង២ បន្ទាប់ពីប្រទេសឥណ្ឌាគឺ ចិន និងសហរដ្ឋអាមេរិក។

អព្ភូតហេតុសេដ្ឋកិច្ចរបស់ឥណ្ឌា?

ចំនួនដ៏ច្រើន និងកំពុងកើនឡើងនៃបុគ្គល ដែលមានអាយុធ្វើការដំបូង នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា។

ឥណ្ឌា​នឹង​ត្រូវ​ការ​វិនិយោគ​ប្រហាក់ប្រហែលគ្នា នឹងប្រទេសចិនដើម្បី​ធានា​បាន​ការងារ ​សម្រាប់​ប្រជាជន​វ័យ​ក្មេង​របស់​ខ្លួន។

យោងតាមការប៉ាន់ប្រមាណមួយចំនួនបានឱ្យដឹងថា ឥណ្ឌានឹងត្រូវបង្កើតការងារថ្មីៗ ចំនួនជាង១៤០លានកន្លែងនៅឆ្នាំ២០៣០។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi បានប្រកាសថា ខ្លួននឹងចំណាយប្រាក់ចំនួន១២២,៣ពាន់លានដុល្លារអាមេរិក លើការចំណាយមូលធនក្នុងឆ្នាំសារពើពន្ធ២០២៣។

ការចំណាយបែបនេះ នឹងត្រូវចំណាយលើការអភិវឌ្ឍន៍ផ្លូវថ្នល់ សាលារៀន និងឧស្សាហកម្ម ដែលត្រូវបានកំណត់គោលដៅជាចម្បងលើការបង្កើតការងារ។

លើសពីជំនាញទាប និងការងារធ្វើដោយដៃ

គន្លង “កំណែទម្រង់ និងការបើកទូលាយ”របស់ប្រទេសចិន នឹងខុសពីផ្លូវឆ្ពោះទៅមុខរបស់ឥណ្ឌា គឺនៅក្នុងប្រភេទនៃជំនាញ និងកា​រងារដែលត្រូវការនាពេលបច្ចុប្បន្ននេះ។  ប្រទេសឥណ្ឌាត្រូវតែមើលទៅលើសពីការបង្កើតការងារ ដែលមានជំនាញទាប និងការងារដោយដៃ។

វិស័យ​ផលិត ​កំពុង​ឆ្លងកាត់ការ​ផ្លាស់ប្តូរបច្ចេកវិទ្យា និង​ឌីជីថល​យ៉ាង​ឆាប់​រហ័ស។  កម្មករជំនាន់ថ្មី នឹងត្រូវការជំនាញចាំបាច់សម្រាប់ពិភពលោក ដែលនឹងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល មនុស្សយន្ត និងបញ្ញាសិប្បនិម្មិតកាន់តែខ្លាំងឡើង។

ដើម្បីឱ្យប្រាកដ ប្រទេសឥណ្ឌាបានវិនិយោគយ៉ាងច្រើន ក្នុងការពង្រីកការតភ្ជាប់ឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ទោះជាយ៉ាងណាក្តី ប្រទេសឥណ្ឌាចាំបាច់ ត្រូវធ្វើការបន្ថែមទៀត ដើម្បីធានាថា និស្សិតបញ្ចប់ការសិក្សាមួយចំនួនធំ នៅឆ្នាំខាងមុខ ដែលមានជំនាញអាចមានការងារធ្វើ នៅក្នុងសេដ្ឋកិច្ចនាពេលអនាគត។

ឱកាសក្នុងការផ្លាស់ប្តូរអាកាសធាតុភូមិសាស្ត្រនយោបាយ

បរិបទភូមិសាស្ត្រនយោបាយ ដែលឥណ្ឌាបានលេចចេញជាប្រទេសមានប្រជាជនច្រើនជាងគេ ក៏មានភាពខុសៗគ្នាផងដែរ។  ចំពេលមានភាពតានតឹងរវាងអាមេរិក និងចិនកើនឡើង ក្រុមហ៊ុនផលិតនានា កំពុងពិចារណាកាន់តែខ្លាំងឡើង នូវយុទ្ធសាស្ត្រ“China Plus One”។

ក្រុមហ៊ុនផលិតកម្មធំៗជាច្រើន កំពុងពិចារណាលើការធ្វើពិពិធកម្មផលិតកម្មរបស់ពួកគេចេញពីប្រទេសចិន តាមរយៈការបង្កើតរោងចក្រនៅក្នុងប្រទេសផ្សេងទៀតផងដែរ។

ជាមួយនឹងចំនួនប្រជាជនធ្វើការដ៏ច្រើន សន្ធឹកសន្ធាប់របស់ខ្លួន ឥណ្ឌាអាចក្រោកឈរ ដើម្បីទទួលបានអត្ថប្រយោជន៍ ពីបញ្ហាពិពិធកម្មនេះ ហើយធ្វើឱ្យប្រទេសនេះ ក្លាយជាមជ្ឈមណ្ឌលផលិតកម្ម និងបច្ចេកវិទ្យាដ៏ធំសំខាន់មួយផងដែរ។

ជាឧទាហរណ៍ ថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួនកំពុងពង្រីកផែនការ ក្នុងការផលិតនូវផលិតផល នៅក្នុងប្រទេសឥណ្ឌា។  កាលពីមុន Apple ផលិតតែទូរស័ព្ទតម្លៃទាបរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាតែប៉ុណ្ណោះ ខណៈពេលដែលប្រទេសចិនបានគ្រប់​គ្រងការផលិត នូវផលិតផលភាគច្រើន របស់ក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ។

ទោះជាយ៉ាងនេះក្តី បច្ចុប្បន្ននេះ ក្រុមហ៊ុន Apple កំពុងផលិតទូរស័ព្ទទំនើបថ្មីបំផុតចុងក្រោយ និងកម្រិតខ្ពស់របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា។

លើសពីនេះទៀត ក្រុមហ៊ុនផលិតជាច្រើនផ្សេងទៀត រួមទាំងក្រុមហ៊ុន Samsung និងម៉ាកយីហោចិនដូចជា Haier ក៏បានបង្កើតរោងចក្រផលិតកម្មរបស់ពួកគេ នៅក្នុងប្រទេសឥណ្ឌាផងដែរ៕