ភាពជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ជាគន្លឹះទាក់ទាញវិនិយោគិនបរទេសដែលមានសក្តានុពលក្នុងទីផ្សារអចលនទ្រព្យ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងនាមជា​ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ខាងមុខ​នេះ ប្រទេសកម្ពុជាបានកំពុងត្រៀមខ្លួនយ៉ាងសស្រាក់សស្រាំ ទាំងលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការ​កសាង​​សមត្ថភាពអត្តពលិក និងថវិកាជាតិ សម្រាប់ការចំណាយលើព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

អ្នកជំនាញមើលឃើញថា តាមរយៈភាពជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម គឺជាគន្លឹះក្នុងការទាក់ទាញឱកាសវិនិយោគ និងអ្នកវិនិយោគអន្តរជាតិ និងក្នុងតំបន់ ដែលមានសក្តានុពលនៅក្នុងទីផ្សារអចលនទ្រព្យ។

កញ្ញា មុំ សុធាវត្តី អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុនអចលនទ្រព្យ FazWaz Cambodia មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមនឹងផ្តល់អត្ថប្រយោជន៍ទាំងរយៈពេលខ្លី និងរយៈពេលវែង ដល់វិស័យជាច្រើន នៅក្នុងប្រទេសកម្ពុជា ដូចជា ទីផ្សារសណ្ឋាគារ អចលនទ្រព្យ ទេសចរណ៍ កន្លែងកំសាន្ត ជាដើម។

កញ្ញាមានប្រសាសន៍ថា ក្នុងរយៈពេលខ្លី ទីផ្សារមួយចំនួន ដូចជា សណ្ឋាគារ និងកន្លែងស្នាក់នៅ ភោជនីយដ្ឋាន និងបារ នឹងទទួលបានអត្ថប្រយោជន៍ភ្លាមៗពីលំហូរនៃភ្ញៀវ ប្រព័ន្ធផ្សព្វផ្សាយ និងអត្តពលិក។

ចំណែក ទីផ្សារអចលនទ្រព្យ អ្នកជំនាញរូបនេះបញ្ជាក់ថា នឹងទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលវែង។ កញ្ញាបញ្ជាក់ថា “ផលប្រយោជន៍ចំពោះអចលនទ្រព្យនឹងកើតឡើង ដោយសារតែការផ្សព្វផ្សាយព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក្នុងអំឡុងពេលការប្រកួត និងទស្សនិកជនអន្តរជាតិ និងអ្នកទស្សនា រំពឹងថានឹងចូលមកកាន់ប្រទេសកម្ពុជា រួមទាំងលំហូរនៃអ្នកវិនិយោគផងដែរ”។

អ្នកជំនាញរូបនេះលើកឡើងថា តាមរយៈនេះ តំបន់ជ្រោយចង្វារនឹងបន្តមានសន្ទុះកំណើនខ្ពស់ ជាមួយនឹងការអភិវឌ្ឍកើនឡើង។ ក្នុងរយៈពេលវែង តម្រូវការសម្រាប់ការរស់នៅក្នុងតំបន់ នៅក្បែរៗពហុកីឡដ្ឋានជាតិមរតកតេជោនឹងកើនឡើង ដែលនឹងមានការអភិវឌ្ឍចម្រុះកាន់តែច្រើន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ដោយមានការគាំទ្រពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតកម្រិតអន្តរជាតិដ៏ធំ ហើយជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡា ដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល៦៤ឆ្នាំមកហើយ៕

   

ជីបម៉ុងលែន​នឹង​បើក​លក់​​វីឡាអភិជនថ្មី “ឃីង ម៉េនន័រ” ជាផ្លូវការនៅថ្ងៃទី២៥វិច្ឆិកា​​ខាងមុខនេះ

ដោយ៖ សហការី

ភ្នំពេញ៖ ​​ក្រុមហ៊ុន ជីប ម៉ុង លែន គ្រោង​នឹង​ប្រកាស​បើក​លក់ជាផ្លូវ​ការ​ វីឡាអភិជន​ថ្មី “ឃីង ម៉េនន័រ” នៅថ្ងៃទី២៥ ខែ វិច្ឆិកា​ ឆ្នាំ២០២២​ ខាងមុខ​នេះ។ ការ​ប្រកាសកំណត់ថ្ងៃបើក​លក់ជា​ផ្លូវការ​នេះ​​បានធ្វើឡើង​ក្នុងសន្និសីទសារព័ត៌មានមួយ​នៅថ្ងៃទី២១ ខែ វិច្ឆិកា ២០២២​ នៅសណ្ឋាគារ​ ហៃយ៉ាត់ រីជេនស៊ី។​

លោក​ឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន   បានឱ្យដឹងថា “វីឡា ឃីង ម៉េនន័រ ​ជា​ប្រភេទវិចិត្រកម្មដ៏ប្រណីតចុងក្រោយនិងធំជាងគេ​បែប​ភូមិគ្រឹះដ៏ស្តុកស្តម្ភ ក្រុមហ៊ុន ជីប ម៉ុង លែន សាងសង់ឡើងដោយបង្កប់នូវអត្ថន័យនៃមោទនភាព ភាព​ថ្លៃថ្នូរ និង​សុខដុមរមនា។ រាល់​ផ្នែក​ស្ថាបត្យកម្ម​ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ មានកំពស់៣ជាន់និងមានបំពាក់ដោយជណ្តើរក្បាច់ទំនើប  ផ្ដល់​ជូន​ប្រណីតភាព​ស្រស់ស្អាត​គ្រប់​សម័យកាល និង​ភាព​គង់វង្ស​យូរអង្វែង បំពេញឲ្យ​ការ​រស់នៅ​ពោរពេញ​ដោយ​ភាព​ស្ញប់ស្ញែង ដែលជាកេរដំណែលតជំនាន់គ្រប់គ្នាប្រាថ្នាចង់បាន។

លោក បន្ថែម​ថា វីឡា ឃីង ម៉េនន័រ គឺជា​វីឡាទោល ដែល​មាន​ចំនួន​កំណត់ និងមាននៅ​គម្រោង២ធំៗ គឺ គម្រោងហ្គ្រេនភ្នំពេញស៊ីធី  និងគម្រោង​លែនម៉ាក 60M  ដែល​សុទ្ធតែ​ជា​គម្រោង​ធំលំដាប់ប្រណីតៗរបស់ ជីប ម៉ុង លែន​ ដែល​ផ្ដល់​នូវបទពិសោធន៍រស់នៅដ៏ល្អឥតខ្ចោះ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ​ដ៏សម្បូរបែប បរិយាកាសស្រស់បំព្រងផ្តល់ផាសុកភាព និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​រស់នៅ​។

វីឡា ឃីង ម៉េនន័រ ​មានបន្ទប់​គេង​ចំនួន៨ ​និងបន្ទប់​ពហុ​មុខងារ​ពិសេសៗ​ ដូចជា បន្ទប់កម្សាន្ត & ភាពយន្ត បន្ទប់​បណ្ណាល័យ បន្ទប់​ហាត់ប្រាណ បន្ទប់​ធុរកិច្ច បន្ទប់​សក្ការ និង​បន្ទប់​ពិសារ​តែដែលផ្តល់បរិយាកាសថ្មី​។ មោទនភាពរាល់ពេលបោះ​ជំហាន​ចូល​ទៅក្នុង​ទី​ដ៏​វិសេសវិសាល ដែលនឹងទទួល​ស្វាគមន៍​ដោយ សាល​ទទួល​ភ្ញៀវ មាន​តុបាយ​ធំ​វែង ស័ក្តិសម​គ្រប់​ពិធីការ និងធុរកិច្ចសំខាន់ៗ។ ភាព​ស្រស់ស្រាយ នៃ​ខ្យល់​អាកាស​បរិសុទ្ធ ដែល​បាន​ពី​ធម្មជាតិ​បៃតង​នៃ​បន្ទប់​ពិសា​តែ រឹតតែ​បង្កើន​នូវ​ភាព​ស្និទ្ធស្នាល និងការចងចាំល្អៗដល់គ្រប់សមាជិកគ្រួសារ។ ទំនើបភាព​នៃ​គ្រប់​បន្ទប់ និង​គ្រឿង​លម្អ​ក្នុងផ្ទះ​ទាំងអស់​សុទ្ធតែឆ្លុះបញ្ចាំងពី ​​ភាព​ថ្លៃថ្នូរ និង​សម្បូរបែប ​ដល់​ម្ចាស់ផ្ទះ​។ វីឡានេះ មាន​បន្ទប់​គេង​មេគ្រួសារ ដែលផ្ដល់​នូវ​បទពិសោធ​រស់នៅ ដែល​គ្រប់គ្នា​ស្ញប់ស្ញែង​ប្រាថ្នា​ចង់​បាន អម​ទៅដោយ​បន្ទប់​សម្លៀកបំពាក់​ស៊ីវិល័យ​ធំទូលាយ​ បន្ទប់​ទឹក​លំដាប់​ផ្កាយ៥ និង​ការិយាល័យ​ឯកជនដ៏ស្ងប់សុខ ​រចនា​ឡើងដើម្បី​ឯកជន​ភាព​ និង​ផ្ដល់មកនូវ​ភាព​សុខដុមរមនា​ក្នុងការ​រស់នៅ។

រឹតតែពិសេសជាមួយការផ្តល់ជូនដ៏អស្ចារ្យ ក្លាយជាម្ចាស់ផ្ទះវីឡាទោលលំដាប់អភិជនមួយនេះ ជាមួយដែលការផ្តល់ជូនមិនធ្លាប់មាន ពីធនាគា ជីប ម៉ុង ប៊ែង​ ដោយដាក់ប្រាក់បញ្ញើរ និងទទួលបានការអត្រាការប្រាក់​ខ្ពស់រហូតដល់7,5% សម្រាប់អតិថិជនដែលបានចូលរួម ពិធីបើកលក់ជាផ្លូវការ​វីឡា “ឃីង ម៉េនន័រ»”។​

សម្រាប់​ព័ត៌មាន​បន្ថែម សូមតាមដានទំព័រហ្វេសប៊ុក www.facebook.com/chipmongland  ឬ ទាក់ទងផ្នែកលក់ តាមរយៈ

  • ទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖
  • តេឡេក្រាមme/chipmongland

 

 

 

គម្រោងច្រកទ្វារអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥កំពុងប្រឈមនឹងការពន្យាពេលក្នុងការសាងសង់

ដោយ៖ សុផារី

 

ភ្នំពេញ៖ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ ដែលជាគម្រោងសាងសង់ដ៏សំខាន់តភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសថៃ កំពុងតែប្រឈមនឹងការពន្យារពេលក្នុងការសាងសង់។

នៅក្នុងកិច្ចប្រជុំគណៈកម្មការវិវេចនាលទ្ធកម្ម (PRC) ដើម្បីពិភាក្សាលើការពន្យារពេលសាងសង់ ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាប្រធានគណៈកម្មការវិវេចនាលទ្ធកម្ម (PRC) បានអញ្ជើញដឹកនាំគណៈកម្មការវិវេចនាលទ្ធកម្ម (PRC) ស្តីពីគម្រោងរៀបចំច្រកទ្វាអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញផងដែរ។

ការពន្យារពេលសាងសង់នេះ ក៏មានបម្រែបម្រួលការងារក្នុងកិច្ចសន្យា ការពន្យាពេលកិច្ចសន្យា និងការបន្ថែមប្រាក់ឈ្នួលសម្រាប់សេវាត្រួតពិនិត្យបច្ចេកទេសគម្រោង ព្រមទាំងការស្នើសុំពិនិត្យលើបម្រែបម្រួលតម្លៃសម្ភារៈសំណង់ និងអត្រាប្តូរប្រាក់របស់ ក្រុមហ៊ុនសាងសង់ផងដែរ។

យ៉ាងណាក្តី កិច្ចប្រជុំនេះនៅមិនទាន់បានបញ្ជាក់ពីហេតុផលនៃការពន្យារពេលនៃគម្រោងនេះនៅឡើយទេ។

គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ គិតរហូតមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន៧២%ហើយ។ ក្នុងនោះ រួមមាន អគារច្រកទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥  អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រផងដែរ។

ច្រកទ្វារនេះនឹងជួយសម្រួលពាណិជ្ជកម្មបន្ថែមនៅច្រកអន្តរជាតិនេះ និងជួយសម្រួលដល់ការដឹកទំនិញធំៗដែលត្រូវបញ្ចៀសចេញពីច្រកចេញចូលតាមស្ពានប៉ោយប៉ែតសព្វថ្ងៃដែលមានលក្ខណៈតូចចង្អៀត៕

 

ផ្លូវសំខាន់ៗចំនួនបីខ្សែជាក្តីសង្ឃឹមក្នុងការលើកកំពស់សក្តានុពលអចលនទ្រព្យខេត្តកោះកុង

ដោយៈ សុផារី

កោះកុងៈ ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីខេត្តបាត់ដំបងមកកាន់ខេត្តកោះកុង និងផ្លូវជាតិលេខ៤៨ តភ្ជាប់ពីខេត្តព្រះសីហនុមកកាន់ខេត្តកោះ​កុង ព្រមទាំងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ជាប្រព័ន្ធផ្លូវជាតិសំខា​ន់ៗបីខ្សែ ដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីជំរុញការអភិវឌ្ឍទៅកាន់ខេត្តកោះកុង។

អ្នកជំនាញអចលនទ្រព្យផ្តល់ក្តីរំពឹងថា ផ្លូវទាំងបីខ្សែនេះ នឹងនាំមកនូវការវិនិយោគ និងការរីកចម្រើនដល់វិស័យអចលនទ្រព្យ នៅក្នុងខេត្តជាប់តំបន់ឆ្នេរ ដែលអភិវឌ្ឍន៍ថ្មីមួយនេះ។

លោកទុយ ប៉ោហេង ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកោះកុងបានមានប្រសាសន៍ប្រាប់ Property Area Asia នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ផ្លូវជាតិលេខ១០ ជាផ្លូវជាតិសំខាន់មួយ ដែលតភ្ជាប់ពីខេត្តបាត់ដំបង តាមរយៈស្រុកសំឡូត កាត់តាមខេត្តពោធិ៍សាត់ក្នុងតំបន់ស្រុកវាលវែង ហើយភ្ជាប់មកកាន់ខេត្តកោះ​កុង ដែលវានឹងផ្តល់ផលប្រយោជន៍ជាច្រើន ដល់អ្នកវិនិយោគនិងម្ចាស់អាជីវកម្ម នៅក្នុងវិស័យដឹកជញ្ជូន ដោយសារភាពងាយស្រួលក្នុងការនាំចេញ នាំចូលទំនិញពីបណ្តាខេត្តផ្សេងៗ ជាពិសេសមកពីខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ជាដើម ចូលមកកាន់ខេត្តកោះកុង។

លោកប៉ោហេងលើកឡើងទៀតថា ផ្លូវជាតិលេខ៤៨ ក៏នឹងជំរុញឱ្យមានភាពងាយស្រួលបន្ថែមទៀត ក្នុងការតភ្ជាប់សកម្មភាពសេដ្ឋកិច្ច រវាងខេត្តព្រះសីហនុ និងខេត្តកោះកុង។ ផ្លូវជាតិមួយនេះ នឹងបង្រួមរយៈចម្ងាយកាន់តែខ្លី ដោយចំណាយពេលត្រឹមតែប្រហែល២ម៉ោងតែប៉ុណ្ណោះ។

ផ្លូវសំខាន់មួយទៀតនោះ គឺ ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ដែលត្រូវបានដាក់ដំណើរការរួចរាល់ផងដែរនោះ ក៏កាន់តែជំរុញឱ្យខេត្តកោះ​កុង មានភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូល ពីភ្នំពេញនិងបណ្តាខេត្តផ្សេងៗបន្ថែមទៀតផងដែរ ដែលនេះនឹងនាំមកកនូវចរន្តទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម។

លោកបញ្ជាក់ថា “គម្រោងទាំងនេះ នឹងបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនា និងនាំអ្នកវិនិយោគមកកាន់ខេត្តកោះកុង ហើយក៏បង្កភាពងាយស្រួលដល់អ្នកប្រកបរបរផ្សេងៗ”។

ជាមួយគ្នានេះ លោក គង់ វិសា អ្នកជំនាញអចលនទ្រព្យនៅក្នុងមូលដ្ឋានខេត្តកោះកុង បានមានប្រសាសន៍នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា សក្តានុពលខេត្តកោះកុង ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់សំខាន់នោះគឺ ផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ ដែលជំរុញចរន្តសេដ្ឋកិច្ចជាច្រើន។

លោកបានបញ្ជាក់ថា “ផ្លូវជាតិលេខ១០ បានស្រូបយកទេសចរជាច្រើនពីខាងខេត្តសៀមរាប បាត់ដំបង មកកាន់ទីផ្សារទេសចរណ៍នៃខេត្តមួយនេះ។ បន្ថែមលើសនេះ ក៏ផ្តល់ប្រយោជន៍ដល់ទីផ្សារពាណិជ្ជកម្ម និងអចលនទ្រព្យសម្រាប់ខេត្តផ្ទាល់”។

លោក គង់ វិសា បានមានប្រសាសន៍ឱ្យដឹងទៀតថា ចំណែកផ្លូវជាតិលេខ៤៨ ក៏នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចសំខាន់ ដែលបង្កភាពងាយស្រួល ក្នុងការដឹកទំនិញពីក្រុងព្រះសីហនុ ទៅកាន់ខេត្តបាត់ដំបង ដោយមិនចាំបាច់ធ្វើដំណើរទៅតាមភ្នំពេញដូចមុននោះទេ៕

សម្តេចតេជោអះអាងថា លោកចូ បៃដិនចាប់អារម្មណ៍លើសម្លៀក បំពាក់អប្សរា

ដោយៈ សូរិយា

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា លោកចូ បៃដិន ប្រធានាធិបតីអាមេរិក បានចាប់អារម្មណ៍ចំពោះឈុតសម្លៀកបំពាក់របស់អប្សរា និងសួរសម្តេចពីប្រវត្តិប្រើប្រាស់សម្លៀកបំពាក់នេះ។

ថ្លែងក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នាព្រឹកថ្ងៃទី២២ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ គាត់ (ចូ បៃដិន) មើលសិល្បៈ គាត់សង្កេតសិល្បៈរបស់យើងខ្លាំងណាស់។ រួចហើយគាត់សួរខ្ញុំថា តើសម្លៀកបំពាក់ហ្នឹង មានតាំងពីសម័យណាមក? ខ្ញុំក៏បានប្រាប់គាត់ថា សម្លៀកបំពាក់នេះ យើងបានយកពីសិលាចរិក ដែលមានតាមប្រាង្គប្រាសាទនានា ។ អញ្ចឹងសម្លៀកបំពាក់នេះ វាមានយូរហើយ ចូលដល់ពាន់ឆ្នាំទៅហើយ


បើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ជំនួបរវាងសម្តេចជាមួយ លោក ចូ បៃដិន អំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅភ្នំពេញថ្មីៗនេះ មិនបានជជែកអំពីរឿង កញ្ញា សេង ធារី ឬប្រជាធិបតេយ្យកម្ពុជានោះទេ។ ជុំវិញបញ្ហានេះ សម្តេចបានស្នើឱ្យអ្នកអត្ថាធិប្បាយមួយចំនួន ដែលមានការយល់ច្រឡំពោះរឿងនេះ គោរពដល់ក្រមសីលធម៌ នៃកិច្ចពិភាក្សាគ្នារវាងមេដឹកនាំ។

សម្តេចបានបកស្រាយថា “រាល់ជំនួបរបស់មេដឹកនាំ គឺមានកំណត់​ហេតុ ហើយក្នុងកំណត់ហេតុកន្លងទៅនេះ គឺកម្ពុជាបានកត់ត្រានូវរាល់អ្វីដែល លោកចូ បៃដិន លើកឡើងជាភាសាអង់គ្លេស ហើយពេលបកជាភាសាខ្មែរក៏ត្រូវបានកត់ត្រាជាភាសាខ្មែរផងដែរ”។

សម្តេចតេជោបានបង្ហើបទៀតថា នៅក្នុងជំនួបនោះ សម្តេចបានសរសើរពីភាពសកម្មរបស់អាមេរិក ក្នុងការនាំវត្ថុបុរាណរបស់កម្ពុជាវិលត្រឡប់មកមាតុប្រទេសវិញ។ ដល់ចំណុចនេះ សម្តេចបានអះអាងថា លោក ចូ បៃដិន ក៏បានសន្យាជាមួយសម្តេចដែរថា វត្ថុបុរាណនោះអាចនឹងមាននៅសេសសល់ថែមទៀត ហើយលោកនឹងប្រឹងប្រែងបន្ថែម ក្នុងការនាំវត្ថុបុរាណខ្មែរត្រឡប់មកវិញ។

លោក ចូ បៃដិន បានលើកនូវចំណុចមួយចំនួន ទាក់ទងនឹងសំលៀកបំពាក់បុរាណខ្មែរ។

សម្តេចបញ្ជាក់ថា រឿងខ្លះវាអត់មានទាល់តែសោះ ហើយមកឱ្យខ្ញុំទទួលស្គាល់ថា គេមកប្រដៅដល់ផ្ទះ ខ្ញុំដូចជាមិនយល់។សម្តេចបន្ថែមថា គាត់មកក្នុងឋានៈជាការចូលរួមប្រជុំអាស៊ាន ខ្ញុំទទួលគាត់រួចហើយយើងដើរជាមួយគ្នាទៅកាន់កន្លែងប្រជុំ ហើយពេលយប់បាយជាមួយគ្នា ក៏អត់មាននិយាយអ្វីដែរ


បំណុលឯកជននិងសាធារណៈរបស់ប្រទេសឡាវនឹងកើនលើស១០០ភាគរយនៃGDPនៅដំណាច់ឆ្នាំនេះ

ដោយ: លាងហួរ

វៀងច័ន្ទ: ទោះបីជាមានសញ្ញានៃការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅដើមឆ្នាំ២០២២យ៉ាងណាក្តី ក៏ប្រទេសឡាវប្រឈមមុខ នឹងបញ្ហាកាន់តែខ្លាំងឡើង ពីការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណ និងអត្រាអតិផរណាខ្ពស់។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ របស់ធនាគារពិភពលោកសម្រាប់ប្រទេសនេះ។

របាយការណ៍ដដែលនេះ បានកត់សម្គាល់ថា តម្លៃប្រាក់គីបបានធ្លាក់ចុះ៦៨ភាគរយ ធៀបនឹងប្រាក់ដុល្លារអាមេរិក ក្នុងរយៈពេលមួយឆ្នាំដែលនឹងអូសបន្លាយដល់ខែតុលា និងបានជះផលប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ជំរុញអត្រាអតិផរណា និងបានបង្អាក់ការប្រើប្រាស់ឯកជន និងការវិនិយោគ។

ទន្ទឹមនឹងនេះ បំណុលសាធារណៈ និងឯកជនត្រូវបានគេព្យាករណ៍ថានឹងកើនលើសពី១០០ភាគរយ នៃផលិតផលក្នុងស្រុកសរុបGDPនៅដំណាច់ឆ្នាំនេះ។

ធនាគារពិភពលោកបានទម្លាក់ការព្យាករណ៍ កំណើនសេដ្ឋកិច្ចឆ្នាំ២០២២របស់ប្រទេសនេះ មកនៅត្រឹម ២,៥ភាគរយ ពោលគឺធ្លាក់ចុះពីការព្យាករណ៍ពីមុន៣,៨ភាគរយ។

ទោះបីជាអត្រាការងារធ្វើបានកើនឡើង នៅពាក់កណ្តាលឆ្នាំ២០២២នេះយ៉ាងណាក្តី ប៉ុន្តែប្រាក់ចំណូលរបស់ប្រជាជនឡាវ មិនអាចទប់ទល់ជាមួយនឹងអត្រាអតិផរណាដ៏ខ្ពស់បាននោះទេ។

អតិផរណាលើតម្លៃទំនិញប្រើប្រាស់ពីមួយឆ្នាំ ទៅមួយឆ្នាំបានកើនឡើងដល់៣៧ភាគរយនៅខែតុលា ក្នុងឆ្នាំ២០២២នេះ។ ចំណែកឯអតិផរណាលើតម្លៃម្ហូបអាហារវិញ បានកើនឡើងដល់ជិត៣៩ភាគរយ៕

ប្រទេសចិនដាក់បង្ហាញផែនការដើម្បីពង្រឹងវិស័យឧស្សាហកម្មឡើងវិញ

ដោយ: លាងហួរ

ប៉េកាំង: ប្រទេសចិន គ្រោងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទ្រទ្រង់សន្ទុះនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចឧស្សាហកម្ម។ នេះបើយោងតាមសារាចរណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា។

ឧស្សាហកម្ម តំបន់ និងវិធានការជាក់លាក់របស់សហគ្រាស នឹងត្រូវបានអនុម័ត ដើម្បីធានាបាននូវការអភិវឌ្ឍដ៏ត្រឹមត្រូវ នៃឧស្សាហកម្មសំខាន់ៗ ជំរុញការអភិវឌ្ឍតំបន់ដែលសមស្រប និងចាក់បញ្ចូលភាពរស់រវើកទៅក្នុងសហគ្រាសឧស្សាហកម្ម។ នេះបើយោងតាមឯកសារដែលចេញរួមគ្នាដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍន៍ជាតិ និង  គណៈកម្មការកំណែទម្រង់ និងគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៃក្រុមប្រឹក្សារដ្ឋ។

កិច្ចខិតខំប្រឹងប្រែង នឹងត្រូវបានធ្វើឡើង ដើម្បីដោះស្រាយបញ្ហាសំខាន់​ៗ ដែលកំពុងប្រឈមមុខនឹងសេដ្ឋកិច្ចឧស្សាហកម្ម រួមទាំងការព   ន្លឿនការសាងសង់គម្រោងធំៗ ដើម្បីបង្កើតការកើនឡើងនៃប្រាក់ចំណេញ ទាញយកសក្តានុពលទីផ្សារ ក្នុងកំណើនតម្រូវការអ្នកប្រើប្រាស់ ស្ថិរភាពការនាំចេញផលិតផលឧស្សាហកម្ម ការកែលម្អភាពធន់ សុវត្ថិភាពនៃឧស្សា​ហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់។

សារាចរណ៍នេះ ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាការផ្គត់ផ្គង់ថាមពល និងវត្ថុធាតុដើមគ្រប់គ្រាន់ ដើម្បីរក្សាប្រតិបត្តិការប្រកបដោយស្ថិរភា ពនៃសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់សំខាន់ៗ៕

ដំណឹងល្អៈ សម្តេចតេជោប្រកាសរាជធានី ខេត្តចំនួន៥ ជាតំបន់ គ្មានគ្រាប់មីន

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានប្រកា​សថា រាជធានី ខេត្តរបស់កម្ពុជាជាតំបន់គ្មានគ្រាប់មីន រួមមាន រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង កែប ព្រៃវែង និងព្រះសីហនុ។

ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅសាលពិព័រណ៍ និងសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្ដេចតេជោហ៊ុន​ សែន បានបញ្ជាក់ថកម្ពុជា បានឈានទៅដល់ការប្រកាសខេត្ត-រាជធានីចំនួន៥គ្មានមីន រួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងព្រះសីហនុ ក្នុងនោះភូមិចំនួន១,៧០៥ ត្រូវបានប្រកាសជាភូមិអស់មីនផងដែរ

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ខេត្តមួយចំនួនទៀត នឹងត្រូវប្រកាសជាខេត្តអស់មីន រួមមាន៖ ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត ស្វាយរៀង កំពង់ស្ពឺ និងក្រចេះ។

សម្ដេចតេជោហ៊ុន សែនបានឲ្យដឹងថា យោងតាមរបាយការណ៍លោក លី ធុជ អនុប្រធានទី១អាជ្ញាធរមីន កម្ពុជាមានពេលប្រមាណ៣ឆ្នាំទៀត ដើម្បីបន្តការបោសសម្អាតមីន សំដៅឈានដល់ការសម្រេច បានគោលដៅចុងក្រោយ គឺកម្ពុជាមិនមានមីនប្រឆាំងមនុស្សចាប់ពីឆ្នាំ២០២៥ ជាមួយនឹងការគំរាមដោយសំណល់ជាតិ ផ្ទុះនឹងត្រូវបានកាត់បន្ថយដល់កម្រិតអប្បរមា។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថវិកាសប្បុរសជនប្រមាណ១០លានដុល្លារ ត្រូវបានប្រើប្រាស់បោសសំអាតមីន នៅសល់ប្រមាណ ៨លានដុល្លារទៀត។ សម្តេចតេជោហ៊ុន សែន ក៏សូមបន្តអំពាវនាវ ដល់សប្បុរសជនចូលរួមឧបត្ថម្ភដល់ថវិកា សម្រាប់សកម្មភាពបោសសំអា​តមីន។

កម្ពុជាក្នុងនាមជាប្រទេសរងគ្រោះ រាជរដ្ឋាភិបាលពុំបានព្រងើយកន្ដើយក្នុងបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនោះរាជរដ្ឋាភិបាល បានចូលរួមថវិកាដោយផ្ទាល់ ផ្ដល់ដល់សកម្មភាពមីន។

ក្នុងរយៈពេលជាង៣០ឆ្នាំនេះ រាជរដ្ឋាភិបាលបានផ្ដល់ថវិកាជាង២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីននៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៕

 

រដ្ឋាភិបាលចិនបញ្ជាឱ្យធនាគារនានាបង្កើនការផ្ដល់ឥណទានដើម្បីគាំទ្រដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងអចលនទ្រព្យ

ដោយៈ សុខុម

ក្រុងប៉េកាំងៈ ធនាគារកណ្តាល និងនិយ័តករធនាគារ និងធានារ៉ាប់រងនៃប្រទេសចិន បាននិយាយកាលពីថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ថា ធនាគារនានាត្រូវបង្កើនការគាំទ្រផ្នែកឥណទាន សម្រាប់សេដ្ឋកិច្ច រួមទាំងការពង្រីកកម្ចីរយៈពេលមធ្យម ដល់រយៈពេលវែងផងដែរ ដើម្បីគាំទ្រដល់ការវិនិយោគហេ ដ្ឋារចនាសម្ព័ន្ធ។

ដោយសារផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងការដាំក្បាលចុះខ្លាំងនៃវិស័យអចលនទ្រព្យរបស់ខ្លួន សេដ្ឋកិច្ចរបស់ប្រទេសចិន បាននិងកំពុងប្រឹងប្រែងងើបឡើងវិញ ទោះជារដ្ឋាភិបាលក្នុងឆ្នាំនេះ បានដាក់ចេញវិធានការមួយចំនួនរួចមកហើយ ដើម្បីជំរុញតម្រូវការក្នុងស្រុកយ៉ាងណាក្ដី។

ការផ្តល់ប្រាក់កម្ចីថ្មីៗ ពីសំណាក់ធនាគារក្នុងប្រទេសចិន បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុកកាលពីខែតុលា បើធៀបនឹងខែកញ្ញា ខណៈកំណើនឥណទានខ្នាតធំបានធ្លាក់ចុះ ដោយសារការរឹតបន្តឹងយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ និងការធ្លាក់ចុះខ្លាំងនៃវិស័យអចលនទ្រព្យបានជះផលប៉ះពាល់ខ្លាំង ទៅលើតម្រូវការឥណទាន និងទំនុកចិត្តក្នុងទីផ្សារ។

ធនាគារកណ្តាល និងនិយតករធនាគារ និងធានារ៉ាប់រងនៃប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍ថា បណ្ដាធនាគារពាណិជ្ជ ត្រូវពង្រីកប្រាក់កម្ចីរយៈពេលមធ្យម និងរយៈពេលវែងក្រោមឧបករណ៍ ផ្តល់ហិរញ្ញប្បទានធនា​គារគោលនយោបាយ ដើម្បីជួយជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។

នៅក្រោមកម្មវិធីនេះ រដ្ឋាភិបាលបានអនុញ្ញាតឱ្យធនាគារគោលនយោ​បាយនានា បោះផ្សាយមូលបត្របំណុលចំនួន៤១,៨៦ពាន់លានដុល្លារអាមេរិក ក្នុងគោលបំណងបង្កើនមូលធន សម្រាប់ជួយគាទ្រដល់គម្រោងហេ ដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយបានផ្តល់ឱ្យធនាគារគោលនយោបាយ នូវកូតាឥណទានថ្មីជាង១១១ពាន់លានដុល្លារអាមេរិក ដើម្បីផ្ដល់ហិរញ្ញប្បទានដល់គម្រោងបែបនេះ។

បណ្ដាធនាគារពាណិជ្ជជាតិ ដែលរាប់បញ្ចូលទាំងធនាគារធំៗរបស់រដ្ឋផងដែរនោះ ត្រូវនាំមុខគេនៅក្នុងការពង្រីកឥណទាន ដើម្បីគាំទ្រដល់សេដ្ឋកិច្ច រួមទាំងក្រុមហ៊ុនខ្នាតតូច អាជីវកម្មផ្ទាល់ខ្លួន និងគាំទ្រដល់តម្រូវការឥណទានរបស់សហគ្រាសផលិត និងក្រុមហ៊ុនសេវាកម្មផងដែរ។

សេដ្ឋកិច្ចរបស់ប្រទេសចិន សម្រេចបានកំណើនត្រឹមតែ៣%ប៉ុណ្ណោះគិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះ ហើយក្រុមអ្នកវិភាគព្យាករថា សេដ្ឋកិច្ចចិន នឹងសម្រេចបានកំណើនជាង៣% សម្រាប់ឆ្នាំ២០២២ ទាំងមូល បើធៀបនឹងគោលដៅ ដែលបានកំណត់ប្រមាណ៥,៥%។

ទាក់ទងនឹងវិស័យអចលនទ្រព្យ រដ្ឋាភិបាលនិយាយថា ធនាគារទាំងនោះត្រូវបន្តផ្ដល់ប្រាក់កម្ចី ដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងក្រុមហ៊ុនសំណង់ប្រកបដោយស្ថិរភាព ព្រមទាំងជួយគាំទ្រដល់តម្រូវការសមស្របសម្រាប់កម្ចីទិញផ្ទះផ្ទាល់ខ្លួនផងដែរ។

ការវិនិយោគអចលនទ្រព្យក្នុងប្រទេសចិន កាលពីខែតុលា កន្លងបានធ្លាក់ចុះលឿនបំផុត មិនធ្លាប់មានក្នុងពេល៣២ខែមកនេះ ហើយការផ្តល់ប្រាក់កម្ចីថ្មីៗ របស់ធនាគារជារួមបានធ្លាក់ចុះខ្លាំង ខណៈការរឹតបន្តឹងដ៏តឹងរ៉ឹងនៃកូវីដ-១៩ និងវិបត្ដិអចលនទ្រព្យ បានបង្កផលប៉ះពាល់កាន់តែខ្លាំង៕ Reuters៕

ទស្សនទាននៃការអភិវឌ្ឍន៍ដោយទំនួលខុសត្រូវផ្នែកសង្គម និងបរិស្ថាន

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដាំដើមផ្កាក្ងោក៤០០ដើម ក្លោងទ្វារប្រណីត ដែលមានសន្តិសុខយាមកាម២៤ម៉ោង បាននិងកំពុងធ្វើឲ្យអ្នកអភិវឌ្ឍន៍ទទួលបានការគាំទ្រពីអតិថិជន។

ទេសភាពជើងភ្នំដ៏ស្រស់ត្រកាល អាចគយគន់ថ្ងៃរះ ពេលព្រឹកព្រលឹម និងគយគន់ព្រះអាទិត្យលិចពេលល្ងាច ជាអ្វីដែលអ្នកស្វែងរកដីលំហែរអាចស្រម៉ៃដល់ សម្រាប់ការសម្រាក បន្ទាប់ពីនឿនហត់ពីការងារ។

ជាមួយនឹងការគិតគូរលើស្តង់ដារស់នៅ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២១ វិច្ឆិកាថា ដោយ​សារកម្រិតជីវភាពប្រជាពលរដ្ឋកើនឡើង ជាអ្វីដែលធ្វើឲ្យមាននិន្នាការ សាង​សង់ផ្ទះលំហែរកើនឡើង ហេតុនេះការអភិវឌ្ឍដែលគិតគូពីបរិស្ថាន និងស្តង់ដារស់នៅ និងការលំហែរ ជាអ្វីដែលយើងបាននិងកំពុងផ្តោតជាសំខាន់ ដើម្បីឲ្យអ្នកទិញដីរបស់យើងទទួលបានក្តីស្រលាញ់ អារម្មណ៍ស្រស់ស្រាយ ពេលមកដល់ទីតាំងដីរបស់ពួកគេ។

គំរោង “ឋានសួគ៌លំហែរ” ស្ថិតនៅផ្លូវលេខ១៣៥ ជាផ្លូវធ្វើដំណើរទៅកាន់តំបន់រមណីយដ្ឋានអេកូទេសចរណ៍ចម្រុះ ដូចជា រមណីយដ្ឋានត្រីមាស អង្លង់ភ្ញៀវ កំពូលពេជ្រជាដើម។

លោកCooler Tanបានបន្តថា ដោយផ្សារភ្ជាប់ជាមួយសហគមន៍អ្នក​រស់នៅចម្រុះ យើងបានផ្តោតលើអ្នកមានជីវភាពធម្មតា​ រហូតដល់អ្នកមានជីវភាពលំដាប់ខ្ពស់ តាមរយៈលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល ដោយអតិថិជនបង់ប្រាក់ត្រឹម៥០ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ និងបញ្ចុះតម្លៃរហូតដល់៥០ភាគរយ បើសិនជាអតិថិជនទិញបង់ផ្តាច់។

លោកបន្តថា “បច្ចុប្បន្នការវិនិយោគដីលំហែរ ត្រូវការធនធានច្រើនណាស់ ដើម្បីរៀបចំលំអរគំរោង ពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ឋឲ្យមានភាពទាក់ទាញ”។លោកបន្តថា “ការពុះដីឡូត៍លក់ គ្រាន់តែបោះបង្គោលលក់ហើយដើរចេញ មិនមែនជាអ្វីយើងផ្តោតសំខាន់នោះទេ ព្រោះគំរោងបែបនេះ មិនធ្វើឲ្យអ្នកអភិវឌ្ឍន៍ និងអ្នកទិញឈ្នះឡើយ”៕