ការបង្កើតគំរោងអភិវឌ្ឍន៍បែបសហគមន៍នឹងជំរុញការចាប់យកចំណែកទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន

ដោយៈសុផារី

ភ្នំពេញៈ ការប្រកួតប្រជែង ដើម្បីចាប់យកចំណែកទីផ្សារអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ ទាមទារឱ្យអ្នកអភិវឌ្ឍន៍មានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្លាំង។

អ្នកជំនាញអចលនទ្រព្យលើកឡើងថា ការផ្តល់ជូននូវអាគារ ឬចំណែ​កនៃអចលនទ្រព្យតែមួយមុខ មិនអាចទាក់ទាញអ្នកវិនិយោគ បានទៀតនោះទេ តែអ្នកអភិវឌ្ឍន៍គួរគិតក្នុងការផ្តល់ជូននូវសេវាកម្មបន្ថែម និងការបង្កើតនូវសហគមន៍មួយ។

លោកបណ្ឌិតBen Li អគ្គនាយកក្រុមហ៊ុន The Factory Phnom Penh និង Urban Village បានមានប្រសាសន៍កាលពីសប្តាហ៍កន្លងមកថា ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន បានចាប់ផ្តើមមានកំណើនឡើងជាលំដាប់ ក្រោយកម្ពុជាបានធូរស្បើយពីបញ្ហាកូវីដ១៩ ដោយអ្នកអភិវឌ្ឍន៍បច្ចុប្បន្ន បានចាប់ផ្តើមគិតគូរបង្កើតសហគមន៍ ដើម្បីទាក់ទាញអតិថិជនបន្ថែម។

លោកបានមានប្រសាសន៍ថា “អ្វីដែលខ្ញុំមើលឃើញ ក្នុងកំឡុងកូវីដ១៩នោះគឺ អ្នកបង្កើតគម្រោងអចលនទ្រព្យផ្សេងៗគួរតែធ្វើអ្វី ដែលខុសពីអ្នកអភិវឌ្ឍន៍ធម្មតា”។ លោកបន្ថែមថា “ក្នុងន័យនេះ លោកចង់សំដៅលើអ្នកអភិវឌ្ឍន៍ មិនត្រឹមតែសាងសង់ គម្រោងអចលនទ្រព្យប៉ុណ្ណោះទេ តែក៏គួរបង្កើតនូវសហគមន៍មួយ តាមរយៈការគាំទ្រក្រុមហ៊ុន Start Up នៅក្នុងតំបន់ គាំទ្រសិល្បករ តន្ត្រីករជាដើម”។

លោកបណ្ឌិតBen Liបានបន្តថា យើងអាចមើលឃើញពីសារៈសំខាន់នៃការបង្កើតគម្រោងអចលនទ្រព្យ ពួកគេមិនគួរគិតតែពីការសាងសង់អាគារតែមួយមុខប៉ុណ្ណោះទេ តែក៏គួរតែបង្កើតជាសហគមន៍ ដែលនេះជានិន្នាការថ្មីនាពេលបច្ចុប្បន្ននេះ។

ដើម្បីទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគបរទេសមកកាន់គម្រោងអភិវឌ្ឍន៍ណាមួយ លោកBen Li បានចែករំលែកបទពិសោធន៍ថា អ្នកអភិវឌ្ឍន៍ត្រូវតែបង្កើតជាសហគមន៍ ដោយផ្តល់ជាបរិក្ខារ និងសេវាកម្មផ្សេង ហើយប្រសិនបើចំណុចទាំងនេះ មិនត្រូវបានផ្តល់នោះទេ លោកថា ការធ្វើជំនួញបែបនេះ អាចកើតមានឡើងនៅក្នុងប្រទេសចិន តែមិនមែននៅកម្ពុជានោះទេ។

លោកលើកឡើងថា “សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ទាល់តែអ្នកប្រឹងប្រែងបន្តិច ក្នុងការបង្កើតជាសហគមន៍”៕

 

អ្នកជំនាញអន្តរជាតិៈ គោលការណ៍”ឃ្លាំងឆ្លាតវៃ”ទទួលការចាប់អារម្មណ៍លើការជំរុញការអភិវឌ្ឍអចលនទ្រព្យបែបឧស្សាហកម្ម

ដោយៈ សុផារី

ភ្នំពេញៈ អ្នកជំនាញអន្តរជាតិលើកឡើងថា បញ្ហាប្រឈមនៃទីផ្សារភស្តុភារ និងវិស័យអចលនទ្រព្យឧស្សាហកម្មរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ និងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ គឺកង្វះខាតផែនការជាក់លាក់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលមិនអនុលោមតាមគោលការណ៍ ESG ដែលនេះទាមទារឱ្យមានការអនុវត្ត នូវការប្រើប្រាស់ភាពបៃតង និងគោលការណ៍ESG ភ្ជាប់ជាមួយនឹងគោលការណ៍ឃ្លាំងឆ្លាតវៃ។

យោងតាមការស្រាវជ្រាវ របស់ក្រុមហ៊ុនអចលនទ្រព្យCBREស្តីពី ទស្សនវិស័យក្នុងតំបន់ ចេញផ្សាយកាលពីសប្តាហ៍កន្លងមក បានមានបង្ហា​ញឱ្យដឹងថា “អ្នកវិនិយោគបានបង្កើនការវិនិយោគរបស់ពួកគេ នៅក្នុងទីផ្សារឃ្លាំងជួល ហើយទាញយកឱកាសបន្ថែម ពីការទទួលយកបច្ចេកវិទ្យា ឃ្លាំងឆ្លាតវៃ “Smart Warehouse” ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងសមត្ថភាពផ្ទុក”។

ឃ្លាំងឆ្លាតវៃ “Smart Warehouse” កំពុងទទួលបានកំណើនការចាប់អារម្មណ៍ខ្ពស់ ភ្ជាប់ជាមួយកន្លែងដឹកជញ្ជូនថ្មី ជាមួយនឹងលក្ខណៈពិសេ​សទំនើបៗ ដូចជា ការធ្វើពិដានខ្ពស់ ដើម្បីបំពាក់ប្រព័ន្ធតាមដានស្វ័យប្រវត្តិ តំបន់ផ្ទុកទំនិញ ការដំឡើងឧបករណ៍បំរុងថាមពល សម្រាប់បច្ចេកវិទ្យាក្នុងឃ្លាំង និងកន្លែងផ្ទុកទំនិញត្រជាក់”។

លោក Lawrence Lennon អគ្គនាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា “ក្នុងទីផ្សារនេះ កាន់តែមានការចាប់អារម្មណ៍ខ្លាំងលើបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។ ការស្ទាបស្ទង់មតិលើអ្នកគ្រប់គ្រងទីផ្សារភស្តុភារ នៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២១ របស់ CBRE បានរកឃើញថា ចំនួន៦៧%នៃម្ចាស់អចលនទ្រព្យ យល់ថា ភាពបៃតង ឬនិរន្តរភាព នឹងកាន់តែលេចធ្លោនៅក្នុងទីផ្សារការដឹកជញ្ជូន នាពេលអនាគត”។

លោកបន្តថា “ការផ្តោតលើភាពបៃតង និងប្រភពថាមពល ដែលនឹងសង្កត់ធ្ងន់កាន់តែខ្លាំងទៅលើសង្គម និងអភិបាលកិច្ចលើផ្នែកប្រតិបត្តិការ ដូចជាកម្មវិធីសុវត្ថិភាព និងសុខភាពនៅនឹងកន្លែង”។

ជាមួយគ្នានេះ លោក Charles Esterhoy នាយកប្រតិបត្តិនៃក្រុមហ៊ុន Worldbridge Industrial Developments បានមានប្រសាសន៍ក្នុងសប្តាហ៍កន្លងមកថា “ដោយសារតែប្រទេសកម្ពុជា មិនមានប្រវត្តិឧស្សាហូបនីយកម្ម នេះជាបញ្ហាប្រឈម ប៉ុន្តែអ្នកក៏អាចមើលថា នេះក៏ជាឱកាសចាប់ផ្តើមការវិនិយោគដ៏ល្អផងដែរ”។

លោក Charles បាននិយាយថា “សម្រាប់ប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់ខ្លួន កម្ពុជាត្រូវការវិធីសាស្រ្តផ្សេង។ តាមគំនិតរបស់ខ្ញុំ វិធីសាស្រ្តគំនិតបែប៤.០ សំដៅលើការធ្វើវិមជ្ឈការអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធ ដែលស្របទៅនឹងតម្រូវការ ESGជាជម្រើសមួយ”។

លោកបានបន្ថែមថា សក្តានុពលដ៏ធំបំផុតរបស់កម្ពុជា គឺប្រជាសាស្រ្តវ័យក្មេង និងរឹងមាំ ប៉ុន្តែនេះជាទំនួលខុសត្រូវថ្មី ក្នុងការធានាថា ដំណើរការ និងផ្នត់គំនិតចាស់ៗ មិនត្រូវបានបញ្ជូនទៅមនុស្សជំនាន់ក្រោយ ខណៈដែលពិភពលោកខាងក្រៅកំពុងតែផ្លាស់ប្តូរ៕

តម្លៃប្រេងសាំងធម្មតាចុះថ្លៃ៥០រៀលវិញ ចំណែកម៉ាស៊ូតចុះថ្លៃ១០០រៀល

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃប្រេងសាំងធម្មតាត្រូវលក់ក្នុងមួយលីត្រ៤.៣៥០រៀល ដែលចុះថ្លៃចំនួន៥០រៀល ចំណែកប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ៥.០០០រៀល ចុះថ្លៃចំនួន១០០រៀល សម្រាប់ការអនុវត្តតម្លៃចាប់ពីថ្ងៃនេះ ដល់ចុងខែវិច្ឆិកា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកានេះ បានឱ្យដឹងថា សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តម្លៃប្រេងសាំងនៅក្នុងប្រទេសកម្ពុជានឹងត្រូវលក់នៅក្នុងតម្លៃ៤.៣៥០រៀល ចំណែកប្រេងម៉ាស៊ូតនឹងត្រូវលក់ក្នុងតម្លៃ៥.០០០រៀល ក្រោយឡើងថ្លៃកាលពីសប្តាហ៍កន្លងមក។

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕

ក្រុមហ៊ុនបូកគោ ហ្វាម បោះទុន២លានដុល្លារវិនិយោគលើទឹកពិសា “ឋានសួគ៌បូកគោ”និងគ្រោងពង្រីកការវិនិយោគបន្ថែម

ដោយៈ ជេស៊ីកា

       កំពតៈ ក្រុមហ៊ុនបូកគោ ហ្វាមបានសម្រេចបោះទុនវិនិយោគ២លានដុល្លារអាមេរិក ដើម្បីផលិតទឹកពិសា “ឋានសួគ៌បូកគោ” ដែលផលិតឡើងដោយប្រព័ន្ឋបច្ចេកវិទ្យាទំនើប និងកំពុងទទួលបានការគាំទ្រលើទីផ្សារ។

ជាមួយនឹងការគាំទ្រពីសាធារណៈជន ក្រុមហ៊ុនបូកគោ ហ្វាមកំពុងសិក្សាដើម្បីពង្រីកទុន និងទំហំផលិតកម្មបន្ថែមទៀត ស្របពេលទឹកពិសា ” ឋានសួគ៌បូកគោ”កំពុងមានប្រប្រជាប្រិយភាព និងគាំទ្រពីអតិថិជន។

លោកនុត សេងហុងប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនបូកគោហ្វាម បានមានប្រសាសន៍ឲ្យដឹងកាលថ្ងៃចុងសប្តាហ៍មុនថា មូលហេតុដែលទឹកពិសាឋានសួគ៌បូកគោ មានការគាំទ្រពីអតិថិជន ព្រោះទឹកនេះមានលក្ខណៈពិសេស ដែលត្រូវបានទាញយកពីទឹកភ្លៀង ដែលមានរយៈកំពស់១០៧៥ម៉ែត្រពីនីវូទឹកសមុទ្រ ប្រើប្រាស់ប្រព័ន្ឋផលិតតាមបច្ចេក​វិទ្យាទំនើប ចុងក្រោយ។

លោកបន្តថា “អ្វីកាន់តែពិសេស វិទ្យាស្ថានអន្តរជាតិមួយបានរកឃើញថា ទឹកពិសាឋានសួគ៌បូកគោ មានផ្ទុកសារធាតុPH8 ដែលសារធាតុនេះជួយកាត់បន្ថយជាតិអាស៊ីដ ក្នុងរាងកាយ ជួយដល់ថ្លើម និងសុខភាពរាងកាយកាន់តែប្រសើរ”។

កម្រិតPH8 របស់ទឹកពិសាឋានសួគ៌បូកគោ ជួយពង្រឹងជាតិអាល់កាឡាំង ដែលប្រឆាំងនឹងជំងឺបេះដូង ប្រឆាំងនឹងជាតិអាស៊ីតក្នុងរាងកាយ ជាពិសេសជួយឱ្យសម្ពាធឈាមដំណើរបានល្អ។ តាមការសិក្សា កម្រិតPH8លើសពី៧ ត្រូវបានគេទទួលស្គាល់ថា ជាទឹកអាល់កាលីន ដែលល្អសម្រាប់សុខភាព ព្រោះវាអាចជួយក្នុងការបន្សាបជាតិអាស៊ីតនៅក្នុងរាងកាយ។

លោកបន្តថា ស្របពេលជាមួយនឹងកំនើនបញ្ជាទិញពីអតិថិជន តាមម៉ាតមួយចំនួន បានធ្វើឲ្យការផលិតរបស់យើង បានកើនឡើងប្រមាណ៥០,០០០​ដបក្នុងមួយថ្ងៃ ហេតុនេះទើបក្រុមហ៊ុនកំពុងសិក្សាពង្រីកទុនវិនិយោគបន្ថែម”។

បច្ចុប្បន្នទឹកពិសារ “ឋានសួគ៌បូកគោ” បានចែកចាយនៅម៉ាតរបស់ក្រុមហ៊ុនសុខា ស្ថិតនៅលើផ្លូវភ្លោះក្រមួន “ស” នៅតាមម៉ាតធំៗនាទីក្រុងភ្នំពេញ និងចែកចាយនៅតាមសណ្ឋាគារទាំង៧របស់ក្រុមហ៊ុនសុខាគ្រុប។

លោកនុត សេងហុងបានបន្តឲ្យដឹងទៀតថា “លក្ខណៈពិសេសរបស់ “ទឹកពិសាឋានសួគ៌បូកគោ ជាទឹកធម្មជាតិ នៅលើកំពូលភ្នំបូកគោ ដែលមានរយៈកម្ពស់១.០៧៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ខ្ពស់ជាងទឹកស្ទឹង អូរ អណ្តូង ទន្លេ ជាដើម”។

លោកបានបន្តថា “ប្រសិនបើទឹកពិសារចេញ ពីប្រភពទឹកស្ទឹង អូរ អណ្តូង ទន្លេរ គេត្រូវប្រើប្រាស់សារធាតុគីមី ដើម្បីបំបាត់ក្លិននិងធ្វើឱ្យថ្លា។ ប៉ុន្តែសម្រាប់ទឹកពិសាឋានសួគ៌បូកគោ ជាទឹកធម្មជាតិ ដែលមិនមានសារធាតុគីមីឡើយ”។

ទឹកពិសាឋានសួគ៌បូកគោជាទឹកពិសា ដែលទទួលស្គាល់ពីអង្គភាពអន្តរជាតិ ដែលបញ្ជាក់ពីសុវត្ថិភាពចំណីអាហារ មិនមានផលប៉ះពាល់ដល់សុខភាពអ្នកពិសា។

លោកនុត សេងហុងបានបន្តថា គ្រប់ដំណាក់កាលនៃការផលិត ត្រូវបានដំណើរការយ៉ាងល្អនិងមានការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយត្រូវបានផលិតដោយដោយប្រព័ន្ធចម្រុះ Reverse Osmosis និងសម្លាប់មេរោគដោយ UV និងOzone និងតាមការតម្រូវនៃស្តង់ដារកម្ពុជា CS 009:2005 សម្រាប់ទឹកពិសារប្រកប ដោយអនាម័យនិងគុណភាពខ្ពស់ ISO 9001-2015 ជាទឹកពិសាដែលមានគុណភាព ទទួលស្គាល់តាមកម្រិតស្តង់ដារអន្តជាតិHACCP៕

  

 

អង្គការមូលនិធិកុមារកម្ពុជាទទួលជំនួយអាហារូបករណ៍ដ៏ធំជាលើកទី១ពីប៉េង ហួត គ្រុប

 ដោយៈ សហការី

ក្នំពេញៈ ដើម្បីចូលរួមចំណែកក្នុងវិស័យអប់រំ អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំពិធីផ្តល់អាហារូបករណ៍ចំនួន៥០កន្លែង គិតជាទឹកប្រាក់ជាង ១១ម៉ឺនដុល្លារអាមេរិក ដល់អង្គការមូលនិធិកុមារកម្ពុជា(CCF)។

មូលនិធីនេះ សម្រាប់ជួយសម្រួលដល់ជីវភាពខ្វះខាត និងជាស្ពានចម្លងឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង របស់ប្អូនៗថ្នាក់ទី១២ សរុបចំនួន ៥០នាក់ ដែលនឹងត្រៀមបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០២៣។

ការចូលរួមផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងនេះ គឺជាការរួមចំណែ​កមួយនៃវិស័យអប់រំ ដែលស្ថិតក្នុងចំណោមសសរស្ដម្ភធំៗទាំងបី នៃការងារសង្គមរបស់ប៉េង ហួត គ្រុប ពោលគឺ “ការងារបរិស្ថាន អប់រំ និងសង្គម

លោកជំទាវ ហុង ដានី អគ្គនាយិការបុរីប៉េ ហួត បានមានប្រសាសន៍ថា “ការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០កន្លែង ដល់ប្អូនៗសិស្សានុសិស្ស របស់អង្គការមូលនិធិកុមារកម្ពុជា គឺជាការចូលរួមក្នុងវិស័យ​អប់រំ ដែលជាសសរស្ដម្ភធំទី១ នៃកិច្ចការសង្គមរបស់ក្រុមហ៊ុន ដែលក្នុងនោះអាទិភាពរបស់យើង ក៏ស្របទៅនឹងគោលការណ៍ របស់អង្គការសហប្រជាជាតិផងដែរ ​ហើយយើងសង្ឃឹមថាប្អូនៗ នឹងខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាទំពាំងស្នងឬស្សី ដើម្បីជួយខ្លួនឯង គ្រួសារនិងតបស្នងដល់សង្គមយើងវិញ”។

ជាមួយគ្នានេះ លោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិ  នៃអង្គការមូលនិធិកុមារកម្ពុជា ក៏បានថ្លែងអំណរគុណដល់ ប៉េង ហួត គ្រុប ដោយលោកបានបញ្ជាក់ថា “គឺជាលើកទី១ ហើយសម្រាប់អង្គការមូនិធិកុមារកម្ពុជារបស់យើងខ្ញុំ ដែលទទួលជំនួយអាហារូបករណ៍ដ៏ធំដែលមិនធ្លាប់មានពីមុនមក ពីម្ចាស់ជំនួយក្នុងប្រទេសកម្ពុជា ខណៈដែលអាហារូបករណ៍ទាំងនេះ គឺជាស្ពានដើម្បីចម្លងកូនៗនៅទីនេះ ឱ្យទទួលបានការអប់រំ និងចំណេះដឹងកាន់តែខ្ពស់ ដើម្បីផ្លាស់ប្ដូរវាសនា ក៏ដូចជាបំពេញក្ដីសុបិន្តរបស់ពួកគេនាពេលអនាគត”។

លោកបន្ថែមទៀតថា នេះមិនមែនជាលើកទី១ទេ ដែលប៉េង ហួត គ្រុប បានផ្ដល់ជំនួយមកអង្គការយើងខ្ញុំ កន្លងមកក្រុមហ៊ុន ក៏បាននាំយកនូវគ្រឿ​ង​ឧបភោគបរិភោគ និងសម្ភារៈសិក្សាជាច្រើន ចែកជូនដល់ក្រុមគ្រួសារក្រីក្រក្នុងសហគមន៍ និងកូនៗដែលកំពុងសិក្សា ក្រោមការផ្គត់ផ្គង់របស់អង្គការមូលនិធិកុមារកម្ពុជាផងដែរ។

ក្រុមហ៊ុនប៉េង ហួត គ្រុប បានកំណត់អាទិភាពការងារសង្គមរបស់ក្រុមហ៊ុន ដែលមានសសរស្ដម្ភធំ ៣ ហើយក៏ស្របទៅនឹងគោលការណ៍របស់អង្គការសហប្រជាជាតិ ពោលគឺ “ការងារបរិស្ថាន អប់រំ និង សង្គម

កន្លងមកតាមរយៈការងារសង្គម ដែលក្រុមហ៊ុនបានធ្វើរួមមាន ការចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជូនកាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ មជ្ឈមណ្ឌលជាតិផ្តល់ឈាម សមាគមសិល្បៈ និង កីឡា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបៃតង ប្រកបទៅដោយផាសុកភាពនៅគ្រប់គម្រោងរបស់បុរី   ប៉េង   ហួត   និងការចូលរួមសហការលើកកម្ពស់បរិស្ថានស្អាតជាមួយក្រសួងបរិស្ថាន ការសាងសង់ផ្លូវថ្នល់ កសាងព្រះវិហារ  កសាងផ្ទះជូនអតីតយុទ្ធជន និងយោធិនពិការ  កសាងសាលារៀន ការផ្តល់អាហារូបករណ៍ដល់និសិ្សតក្រីក្រ    ផ្តល់ឱកាសហាត់ការងារ  និង​ឱកាសការងារដល់សិស្សនិស្សិត ព្រមទាំងការឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សសាលាក្រីក្រនៅតាមបណ្តាខេត្តនានា៕

   

 

 

 

 

 

ក្រុមហ៊ុនអឹមអិលមង្គល រៀលធី នាំយកថវិកាសប្បុរសធម៌ចំនួន៤០លានរៀល និងសម្ភារៈមួយចំនួនទៀតជូនមន្ទីរពេទ្យកុមារអង្គរ

ដោយៈ សហការី

សៀមរាបៈ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ដែលជាក្រុមហ៊ុនវិនិយោគលើ វិស័យអចលនទ្រព្យ បាននាំយកថវិកាសប្បុរសធម៌ចំនួន៤០លានរៀល និងសម្ភារមួយចំនួនទៀតជូន មន្ទីរពេទ្យកុមារអង្គរ ដើម្បីចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក”។

តាមការសិក្សារបស់មន្ទីរពេទ្យបានឲ្យដឹងថា ជំងឺមហារីក គឺជាជំងឺមួយដែលអាចកើតឡើង លើមនុស្សគ្រប់រួបរួមទាំងកុមារផងដែរ។ ជំងឺមហារីក បង្កឡើងនៅពេលដែលកោសិកា នៅក្នុងរាងកាយបំលែងខ្លួនដោយមិនអាចគ្រប់គ្រងបាន និងរីករាលដាលចូលទៅក្នុងសេរីរាង្គផ្សេងៗទៀត ក្នុងខ្លួនរបស់យើង។

ជំងឺមហារីក ជាជំងឺដែលមិនប្រកាន់លើអាយុ ឬស្កានភាពសុខភាពនោះទេ មនុស្សគ្រប់រូបសុទ្ធតែអាចកើតមានជំងឺមហារីក។ ជំងឺមហារីកដែលកើតមានច្រើនជាងគេ គឺជំងឺមហារីកគ្រាប់ឈាម ខួរក្បាល ឆ្អឹងខ្នង និងភ្នែក។ អ្នកកើតជំងឺមហារីកត្រូវតែទទួលការព្យាបាល បើមិនដូច្នោះទេអ្នកជំងឺនឹងត្រូវប្រឈមនូវការបាត់បង់អាយុជីវិត។

ដោយមើលឃើញពីស្ថានភាពដ៏កាចសាហាវ នៃជំងឺមហារីកដែលបាននឹងកំពុងរីករាលដាលយ៉ាងខ្លាំងនេះ ក្រុមហ៊ុន អឹមអិល មង្គល រៀលដី ក៏បានផ្តួចផ្តើមនូវអំណោយ សប្បុរសធម៌ជាថវិកាចំនួន៤០លានរៀល ជូនដល់ មន្ទីរពេទ្យដើម្បីចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក ដែលយុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី២៤ ខែតុលា -ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

គោលបំណង គឺដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង អំពីជំងឺមហារីកកុមារ ដើម្បីឲ្យកុមារ កម្ពុជាទាំងអស់អាចទទួលបានការពិនិត្យ និងព្យាបាលឲ្យបានឆាប់រហ័ស និងជាការចូលរួមវិភាគទាន ដើម្បីឲ្យមន្ទីរពេទ្យអាចបន្ត សកម្មភាពព្យាបាលកុមារ ដែលកើតជំងឺមហារីកដោយមិនគិតប្រាក់កម្រៃ។

ក្រៅពីថវិកាជូនដល់មន្ទីរពេទ្យ ក្រុមហ៊ុន អ៊ឹមអ៊ិល មង្គល រៀលថ្មី ក៏មានជាមួកសុវត្ថិភាពចំនួន៥០មួក ជូនដល់បុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យ កន្សែងពោះគោចំនួន២០០កន្សែង រួមជាមួយនឹងថវិកា ចំនួន២០០០០រៀល ជូនដល់អ្នកជំងឺដែលកំពុង សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ។

ក្នុងឱកាសនោះ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមចូលរួមក្នុង “យុទ្ធនាការ ជួយសង្គ្រោះជីវិតកុមារពីដ៏ងឺមហារីក! នេះទោះបីតិចក្តី ច្រើនក្តី ដើម្បីសង្គ្រោះកុមារកម្ពុជាយើង។

ក្រុមហ៊ុន អ៊ឹមអិល មង្គល រៀលជី ឯ.ក | ML. Mongkul Realty Co, Ltd គឺជាក្រុមហ៊ុនឯកជន ទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងឆ្នាំ២០១៨ ហើយអាចទទួលយកព័ត៌មានផ្សេងៗ និងទំនា​ក់ទំនងតាមរយៈបណ្តាញសង្គមដូចជាគេហទំព័រhttp://MItionalRoal.comទំព័រហ្វេសប៊ុក៖ MI, Maingkul Realty_តេឡេក្រោម៖ ML Mongkulkalty ។ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក មានការិយាល័យកណ្ដាលរបស់ខ្លួន ស្ថិតលើផ្លូវ១១៥ ភូមិកំពង់សំណា​ញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានតម្រោងធំៗចំនួន ៥ ដូចជា

១ គម្រោង អ៊ឹមអិល វិមាន មង្គល ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងងហៅស៍។

២ គម្រោង ដី អឹមអិល ក ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងដីឡូត៍។

៣ គម្រោង ដឺ អ៊ឹមឤល រឺឡា ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ ជូនជាប្រភេទផ្ទះប្រណិត កីឡាព្រីនស៍ វីឡាទោល វីឡាភ្លោះ និងហ្សបហៅសី។

៤ គម្រោង គឹមអ៊ល ធារ៉ា ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ផ្ដល់ជូនជាប្រភេទផ្ទះប្រណិត វីឡាឃ្វីន វីឡាព្រីនស៍ វីឡាព្រីនស៍ (B) វីឡាទោល ហ្សបហៅស៍ និងលីងហៅស៍។

៥. គម្រោង អ៊ឹមវិល ហ្គ្រីន លែន ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិក្រពើរទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះប្រណិត វីឡាទោល និងហូបហៅស៍ ៕

   

លោកស៊ី ជីនភីង: ហុងកុងជាចំណុចស្នូលដែលជួយពង្រឹងទំនាក់ទំនងរវាងមហាយក្សចិន និងអាស៊ានឱ្យកាន់តែរឹងមាំ

ដោយៈ សុខុម

ហុងកុង: ក្នុងសុន្ទរកថារបស់លោក ក្នុងឱកាសខួបលើកទី២៥ នៃការប្រគល់ក្រុងហុងកុង ឱ្យទៅប្រទេសចិនវិញ ប្រធានាធិបតីចិន លោក ស៊ី ជីនភីងបានបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង ជួយគាំទ្រដល់ក្រុងហុងកុង “ក្នុងការរក្សានូវឋានៈ និងភាពខ្លាំងគ្មានពីររបស់ខ្លួន និងនៅក្នុងការពង្រីកទំនាក់ទំនងយ៉ាងរលូន និងងាយស្រួលជាមួយពិភពលោកទាំងមូល”។

ការលើកឡើងបែបនេះពីសំណាក់លោក ស៊ី ជីនភីង គឺស្របគ្នាឥតខ្ចោះ ទៅនឹងតួនាទីរបស់ហុងកុង និងការអភិវឌ្ឍនាពេលអនាគត ជាចំណុចតភ្ជាប់ទំនាក់ទំនងរវាងមហាយក្សចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា។

ហុងកុង មានភូមិសាស្ត្រយុទ្ធសាស្ត្រ នៅលើផ្លូវដែលតភ្ជាប់ប្រទេសចិន (ចិនដីគោក) ជាមួយអាស៊ាន ដែលទីផ្សាររីកលូតលាស់លឿនបំផុតរបស់ពិភពលោក។ ទន្ទឹមនេះហុងកុង ក៏ជាកន្លែងមួយក្នុងចំណោមកន្លែងមួយចំនួនតូច ដែលមានទំនាក់ទំនងយូរអង្វែង និងរឹងមាំទាំងជាមួយប្រ​ទេសចិន និងអាស៊ាន។

ការបង្កើនតួនាទីជាអ្នកភ្ជាប់ដ៏អស្ចារ្យ នឹងជួយក្រុងហុងកុង ក្នុងយុគសម័យ នៃការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងការបង្កើតឡើងវិញនូវឧស្សា​ហកម្មជាយុទ្ធសាស្ត្រ។

បូកបញ្ចូលគ្នា អាស៊ាន ដែលមានសមាជិក១០ប្រទេសគឺជាសេដ្ឋកិច្ចធំទី៥ របស់ពិភពលោក ហើយនឹងក្លាយជាសេដ្ឋកិច្ចធំបំផុតទី៤ នៅដំណាច់ទសវត្សរ៍នេះ។ អាស៊ាន ក៏ជាសេដ្ឋកិច្ចដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៣របស់ពិភពលោកផងដែរ ជាមួយនឹងប្រជាជនសរុបចំនួន៦៦០លាននាក់ផងដែរក្នុងឆ្នាំ២០២០៕ South China Morning Post៕

សហរដ្ឋអាមេរិកប្រកាសផ្តល់មូលនិធិថាមពលស្អាតថ្មីចំនួន២០លានដុល្លារសម្រាប់តំបន់ទន្លេមេគង្គ

ដោយ: លាងហួរ

បាងកក: អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានប្រកាសផ្តល់មូលនិធិថ្មីចំនួន២០លានដុល្លារ សម្រាប់គម្រោងថាមពលស្អាតនៅក្នុងតំបន់មេគង្គ ក្នុងអំឡុងពេលថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ប្រទេសថៃកាលពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា បន្ទាប់ពីកិច្ចប្រជុំកំពូលក្នុងតំបន់។

លោកស្រីបានថ្លែងដូចនេះ ទៅកាន់សង្គមស៊ីវិល និងក្រុមថ្នាក់ដឹកនាំធុរកិច្ចនៅទីក្រុងបាងកក បន្ទាប់ពីបិទកិច្ចប្រជុំនៃប្លុកAPEC ដែលមានសមាជិ កចំនួន២១ប្រទេស។

លោកស្រីបានបន្តថា សកម្មភាពអាកាសធាតុយ៉ាងម៉ឺងម៉ាត់នេះ មិនត្រឹមតែចាំបាច់ ដើម្បីការពារប្រជាជននៃភពផែនដី និងធនធានធម្មជាតិរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាជំរុញដ៏មានឥទ្ធិពល នៃកំណើនសេដ្ឋកិច្ចផងដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមុននេះ លោកស្រីបានមានប្រសាសន៍ថា រដ្ឋបាលលោកចូ បៃដិន នឹងស្នើសុំមូលនិធិពីសភាអាមេរិក សម្រាប់ភាពជាដៃគូថាមពលជប៉ុន -អាមេរិក-មេគង្គ (JUMPP) ដែលតាមរយៈនោះប្រទេសទាំងពីរធ្វើជាដៃគូជាមួយប្រទេសក្នុងតំបន់ ដើម្បីលើកកម្ពស់វិស័យថាមពលប្រកបដោយនិរន្តរភាព។

លោកស្រីបានបន្ថែមថា “យើងដឹងហើយថា វិបត្តិអាកាសធាតុបង្ហាញការគំរាមកំហែងយ៉ាងពិតប្រាកដ ដល់សហគមន៍ដែលពឹងផ្អែកលើទន្លេមេគង្គនៅក្នុងប្រទេសថៃ វៀតណាម និងប្រទេសឡាវ”៕

វិភាគៈការមកដល់ និងចាកចេញរបស់ចិននៅក្រុងព្រះសីហនុ តើពួកគេនឹង ត្រលប់មកវិញឬទេ?

 ដោយៈយិន លាងគង់ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia    

          ព្រះសីហនុៈ សម្លេងព្រះសង្ឃសូត្រធ៌មនៅវត្តលើ ក្រុងព្រះសីហនុនៅតែលាន់ឮរងំដដែល ប៉ុន្តែទិដ្ឋភាពជាក់ស្តែងនៃទីក្រុងនេះ បានផ្លាស់ប្តូរទាំងស្រុង។

កាលពីឆ្នាំ២០១៦ បើសម្លឹងពីទីទួលខាងក្រោយវត្តនេះ គេឃើញតែផ្ទះល្វែង និងសណ្ឋាគារកំពស់ទាបៗ ជាមួយប្រជាជនធ្វើដំណើរ តាមយានយន្តរបស់ពូកគេយ៉ាងស្ងប់ស្តាត់ និងហាក់រំពៃរង់ចាំមើលអ្វីមួយ។

ទីបំផុតអ្វីៗបានមកដល់ និងវិវត្តន៍លឿនស្ទើមិនគួរឲ្យជឿ ស្របពេលឆ្នាំ២០១៧ ទី

ក្រុងព្រះសីហនុ បានចាប់ផ្តើមទទួលពន្លឺព្រះអាទិត្យថ្មី។ ជាទីក្រុងធ្លាប់ស្ងប់ស្ងាត់ ក៏បានចាប់ផ្តើមមានភាពអ៊ូរអរបណ្តើរៗ ជាមួយកំនើនប្រជាពលរដ្ឋក្នុងស្រុក ពិសស​លំហូរជនជាតិចិន ដែលជាអ្នកជំនាញ និងអ្នកវិនិយោគ។ ប៉ុន្មានឆ្នាំជាបន្តបន្ទាប់ទីក្រុងនេះ កាន់តែមានសភាពគគ្រឹកគគ្រេង ផ្លូវដែលមិនដែលកកស្ទះចរាចរណ៍ មកជាកកស្ទះ ផ្ទះសំណាក់ សណ្ឋាគារបានឡើងថ្លៃ ចរន្តនៃការទិញលក់ដីធ្លីបានកើនឡើងយ៉ាងគំហុក ដែលធ្វើឲ្យតម្លៃព្រះធរណីក្នុងទីក្រុង និងតំបន់ជុំវិញទីក្រុងនេះ កើនឡើងខ្ពស់រហូតដល់១០០០ភាគរយឬលើសពីនេះ។

ព្រះអាទិត្យលិចនៅក្រុងព្រះសីហនុ

ជាមួយលំហូរជនជាតិចិន មានទាំងអ្នកល្អ និងក្រុមអ្នកលេងបានធ្វើឲ្យរដ្ឋាភិបាលសម្រេចចិត្តយ៉ាងតក់ក្រហល់ ដើម្បីបិទហ្គេមឡនឡាញ ជាអាជីវកម្មកាស៊ីណូដែលបានធ្វើឲ្យទីក្រុងនេះលេចឡើងនូវពន្លឺភ្លើងព៌ណ ប្រៀបដូចជាទីក្រុងម៉ាកាវ ប្រទេសចិន ស្របពេលវត្តមានអាគារខ្ពស់ៗកើនឡើងដូចផ្សិត និងលូតទៅលើមេឃជារៀងរាល់ថ្ងៃ។

សម្លេងនៅតាមការដ្ឋានសំណង់ បានលាន់លឺពេញទីក្រុងនេះ ខណៈប្រជាជនមូលដ្ឋាន អ្នកវិនិយោគក្នុងស្រុក កម្មករ អ្នករត់តុក តុក និងប្រជាពលរដ្ឋធ្លាប់ក្រីក្រ បានក្លាយជាអ្នកមានយ៉ាងឆាប់់រហ័ស ដោយសារលក់ដីរបស់ពួកគេ។

រាជរដ្ឋាភិបាល​កម្ពុជា ​កាលពី​ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០១៩កន្លងទៅ​ បាន​ចេញ​សារា​ចរណ៍​បិទ​អាជីវកម្ម​ល្បែងភ្នាល់ ​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និច​ តាម​រយៈ​អ៊ីន​អើ​ណេត​អន​ឡា​ញក្នុង​ និង​ក្រៅប្រទេស​គ្រប់​ប្រភេទ​ និង​គ្រប់រូប​ភាព​។

​សារា​ចរណ៍​របស់រដ្ឋាភិបាលបានពន្យល់ថា ការ​បិទ​នេះ​ បន្ទាប់ពី​បាន​ពិនិត្យ​ឃើញថា​ មាន​ឧក្រិដ្ឋជន​បរទេស​មួយចំនួន​ បាន​ជ្រក​ក្រោម​រូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ​ ធ្វើសកម្មភាព​បោកប្រាស់​ជំរិត​ទារប្រាក់ ​ពី​ជនរងគ្រោះ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ និង​របៀបរៀបរយ​ក្នុង​សង្គម​។

ជាលទ្ឋផលបន្ទាប់ពីបិទហ្គេមឡនឡាញ ក្រុងព្រះសីហនុបានស្លោកស្រពោនមុនគេ ជាមួយនឹងការចាកចេញរបស់អ្នកធ្វើការ និងអ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគចិន។

៥ឆ្នាំអ្វីៗបានផ្លាស់ប្តូរទាំងស្រុង

          ទីក្រុងដែលធ្លាប់តែមានអាគារខ្ពស់បំផុត១០ជាន់នេះ បានផ្លាស់ប្តូរមុខមាត់ទាំង​ស្រុង ជាមួយនឹងវត្តមានអាគារកប់ពពកកំពស់ពី៥ជាន់ ដល់៥៣ជាន់កើនឡើងដល់៦០៤អគារ ដោយទាក់ទាញលំហូរទុនវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិ ពិសេសអ្នកវិនិយោគចិនប្រមាណ៧០០០លានដុល្លារអាមេរិក។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាល ខេត្តព្រះសីហនុកាលពីឆ្នាំ២០២០កន្លងមកថា ការគ្រប់គ្រង និងអភិវឌ្ឍន៍លើវិស័យសំណង់ នៅទូទាំងខេត្តព្រះសីហនុ គឺមានភាពរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសបានទាក់ទាញលំហូរទុនវិនិយោគ នៅក្នុងវិស័យនេះបានរហូតដល់ជាង៧ពាន់លានដុល្លារ។

លោកបានមានប្រសាសន៍បញ្ជាក់ថា “គិតចាប់ពីឆ្នាំ២០១៧ រហូតដល់ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ កំនើនគម្រោងសាងសង់នៅទូទាំងខេត្ត ដែលទទួលបានលិខិតអនុញ្ញាតមានចំនួន១៣៥៥គម្រោង នៅលើផ្ទៃក្រឡាសំណង់សរុប១៣.១០៧.២០៩ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគសរុប៧០៩៩លានដុល្លារសហរដ្ឋអាមេរិក។

ស្វាគមន៍ទេសចរណ៍ និងវិនិយោគិនជាមួយហេដ្ឋារចនាសម្ព័ន្ឋថ្មីទាំងស្រុង

          ជាមួយនឹងគោលដៅប្រែក្លាយទីក្រុងនេះ ជាទីក្រុងនៃការអភិវឌ្ឍបែបពហុបំណង តាមលំនាំទីក្រុងស៊ិនជិន ប្រទេសចិន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើវិភាជន៍ថវិកាប្រមាណ៣០០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវចំនួន៣៤ខ្សែ នៅទូទាំងក្រុងព្រះសីហនុ ប៉ុន្តែគំរោងនេះមិនគ្រប់គ្រាន់ទេ ដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបន្ថែម​ការស្ថាបនាផ្លូវថ្មីចំនូន១២ខ្សែបន្ថែមទៀត ដើម្បីប្រែក្លាយ និងពង្រីកសក្តានុពលខេត្តនេះឲ្យបានពេញលេញ។

ជាលទ្ឋផលរហូតមកទល់ពេលនេះ ក្រុងព្រះសីហនុ បានផ្លាស់ប្តូរមុខមាត់ទាំង​ស្រុង ទាំងហេដ្ឋារចនាសម្ព័ន្ឋ ទាំងវត្តមានអាគារកប់ពពក ទាំងការផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋ និងផែនការអភិវឌ្ឍថ្មី បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន​បានបង្កើតគណៈកម្មាធិការអន្តរក្រសួង ដើម្បីរៀបចំធ្វើឲ្យទីក្រុងនេះ ក្លាយជាទីក្រុងទំនើ​ប ស៊ីវិល័យ និងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិកាន់តែច្រើនថែមទៀតនាពេលអនាគត។

កាលពីឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានដាក់ទីក្រុងនេះ ទៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥  ២០២៥ជាលើកដំបូង ហើយទីក្រុងនេះបានស្ថិត​នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ របស់រដ្ឋាភិ​បាលចិន។

បណ្តុំមូលដ្ឋានសក្តានុពលសេដ្ឋកិច្ច

តាមរយៈគោលនយោបាយ និងចក្ខុវិស័យដ៏មុតស្រួច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហេដ្ឋារចនាសម្ព័ន្ឋធំៗលំដាប់អន្តរជាតិ បានចាប់ផ្តើមវិនិយោគ ជាក់ស្តែងផ្លូវរថភ្លើ​ង​ត្រូវបាន ដាក់ឲ្យដំណើរការយ៉ាងលឿន ពិសេសហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនបានបញ្ចប់ និងកំពុងសាងសង់ ដូចជា ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលបានពង្រីករហូតដល់៣០០០ម៉ែត្រ សំរាប់ផ្លូវរត់របស់យ​ន្តហោះ ដែលអនុញញ្ញាត្តឲ្យយន្តហោះ​ខ្នាតធំអាចចុះចតបាន និងផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តភ្នំពេញ ខេត្តព្រះសីហនុបានសាងសង់ហើយនិងកំពុងដាក់ដំណើរការយ៉ាងសកម្ម។

អ្វីកាន់តែពិខសេសរដ្ឋាភិបាល ក៏បានអនុញ្ញាត្តឲ្យក្រុមហ៊ុនចិន សិក្សាលទ្ឋភាពដើម្បីស្ថាបនាផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ពីភ្នំពេញ ទៅកាន់ខេត្តនេះផងដែរ។

កំពង់ផែទឹកជ្រៅតែមួយគត់ នឹងត្រូវអភិវឌ្ឍន៍នៅជំហ៊ានទី៣ នៅឆ្នាំ២០២២ខាងមុខ ដែលមានជម្រៅទឹក១៨ម៉ែត្រ និងអាចអនុញ្ញាត្តឲ្យកប៉ាល់ដឹកទំនិញធំៗ លំដាប់ពិភព​លោកអាចចូលចតបាន ដែលធ្វើឲ្យកម្ពុជាកាន់តែមានឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង។

តារារះនាទិសនារតី

ក្រៅពីផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងការគាំទ្ររបស់វិស័យឯកជន ខេត្តព្រះសីហនុក៏មានគ្រាប់ពេជ្រដ៏អស្ចារ្យ ដូចខេត្តជាប់តំបន់ឆ្នេរដទៃទៀត គឺឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានដាក់បញ្ចូលក្នុងក្លឹប “ឆ្នេរស្អាតជាងគេលើពិភពលោក”ផងដែរ ដោយ​សារតំបន់ឆ្នេរកម្ពុជា ពិសេសកោះរ៉ុង និងកោះរ៉ុងសន្លឹម កោះសង្សា កោះក្របី កោះតាគៀវ កោះឬស្សីជាដើម សុទ្ឋតែស្ថិតក្នុងបញ្ជីរឆ្នេរស្អាត និងល្បីល្បាញលើពិភពលោក។

សម្បត្តិធម្មជាតិ ដែលចាយមិនចេះអស់នេះ មិនទាន់ប្រើប្រាស់អស់លទ្ឋភាពនៅឡើយ ដោយសារការផ្សព្វផ្សាយ និងធនធានមនុស្សនៅមានកម្រិត។

បន្ទាប់ពីបាំងដោយពពកខ្មៅ ព្រះអាទិត្យនឹងរះចែងចាំងឡើងវិញ

          ព្រះអាទិត្យថ្មីត្រៀមរះនៅក្រុងព្រះសីហនុជាថ្មី បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីជំងឺកូវីដ១៩ ប៉ុន្តែការគ្របដណ្តប់លើការចាក់វ៉ាក់សាំងយ៉ាងលឿន បានធ្វើឲ្យកម្ពុជាលើកពានថ្មីមួយ ដែលអាចចាក់វ៉ាក់សាំងបានលឿនជាងគេក្នុងតំបន់ បើទោះបីប្រទេសនេះស្ថិតនៅក្នុងនាមជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាបក្តី។

អ្នកវិនិយោគចិន និងអន្តរជាតិដទៃទៀត ដែលបានចាក់លុយរបស់ពូកគេនៅទីក្រុងនេះរាប់រយលានដុល្លារបានត្រៀមវេចបង្វិច មកមើលគំរោងរបស់ពូកគេ និងទាញលុយត្រលប់ទៅវិញ (Return of Investment) ខណៈគោលនយោបាយរបស់កម្ពុជាកាន់តែបើកចំហរ ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា ចិនកាន់តែស្អីតរមួត បន្ទាប់ពីប្រទេសទាំងពីរបានផ្លាស់ប្តូរពីមិត្តភាពធម្មតា មកជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងប្រែក្លាយជា “សហគមន៍ពីរ វាសនាតែមួយ”។

ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីចិនឡើយ ដោយរដ្ឋាភិបាល និងអ្នក​វិនិយោគចិនបាន និងកំពុងពង្រីកមូលដ្ឋាន នៃការយល់ដឹងពីគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តដែកថែប ដែលមិនអាចបំបែកបាន។

 

គំរោងសាងសង់អចលនទ្រព្យទទួលបានការចុះបញ្ជីថ្នាលជាតិច្រើនបំផុត និងមានដើមទុនច្រើនជាងគេ

ដោយៈ សុផារី

ភ្នំពេញៈ ការវិនិយោគលើការសាងសង់អគារ  សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ទទួលបានការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជាច្រើនបំផុត ក្នុងចំណោ​មសកម្មភាពអាជីវកម្មធំៗចំនួន៥ប្រភេទ។

យោងតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល បានបង្ហាញឱ្យឃើញថា សកម្មភាពអាជីវកម្មធំៗចំនួន៥ប្រភេទទទួលបានការចុះបញ្ជី និងមានដើមទុនច្រើនជាងគេរួម មាន ការវិនិ​យោគលើការសាងសង់អគារ  សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន  សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង  កម្មន្តសាល សំលៀកបំពាក់ (លើកលែង សំលៀកបំពាក់ ធ្វើពីរោមសត្វ) អន្តរការីរូបិយវត្ថុ និងការចុះបញ្ជីរបស់ក្រុមហ៊ុនផ្សេងៗទៀត។

កម្ពុជាទទួលបានក្រុមហ៊ុន និងសហគ្រាស ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលអនុម័តរួច មានចំនួនជិត២០ពាន់ក្រុមហ៊ុន  គិតជាដើមទុនសរុបមានចំនួន៥,៥១ពាន់ពាន់លានដុល្លារអាមេរិក គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២២នេះ និងនាមករណ៍បម្រុងទុកប្រមាណ១២ពាន់ក្រុមហ៊ុន  សហគ្រាសផ្សេងទៀត ដែលនឹងធ្វើការអនុម័តជាបន្តបន្ទាប់។

ការបើកប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន របស់រាជរដ្ឋាភិបាល ក្នុងជំហានទី១ បានដាក់ឲ្យប្រើប្រាស់  កាលពីថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២០ រួមមាន ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

ចំណែកជំហានទី២ បានអនុវត្តនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ ប្រព័ន្ធនេះបានពង្រីកវិសាលភាព ដល់ការស្នើសុំអាជ្ញាបណ្ណឬលិខិតអនុ​   ញ្ញាតផ្សេងៗតាមអនឡាញ  ទៅតាមសកម្មភាពអាជីវកម្ម ពី ក្រសួង-ស្ថាប័នជំនាញរួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា  និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  និង និយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕