គម្រោង​ផ្លូវ​ជនបទ​ដំណាក់កាល​ទី​២​ដែល​ផ្តល់ជំនួយពីប្រទេស​ចិន​ក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ចប់​ហើយ​

ដោយ: លាងហួរ

ភ្នំពេញ: ក្រុមមន្ត្រីបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គម្រោងផ្លូវជនបទដំណាក់កាលទី២ ដែលផ្តល់ជំនួយដោយប្រទេសចិន នៅក្នុងប្រទេ សកម្ពុជា បានបញ្ចប់ដោយជោគជ័យ ដោយការសាងសង់ផ្លូវក្រាលកៅស៊ូ និងបេតុងមានប្រវែងសរុប១២០គីឡូម៉ែត្រ។

ថ្លែងក្នុងពិធីអបអរសាទរ ការបញ្ចប់គម្រោងរយៈពេលបីឆ្នាំ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា លោក អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ផ្លូវថ្នល់គឺជាសមិទ្ធិផលថ្មីសម្រាប់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវជាមួយប្រទេសចិន ដោយលោកបានបញ្ជាក់ថា ផ្លូវនេះមានសារៈសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចជនបទ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

លោកបានមានប្រសាសន៍បន្តថា ប្រទេសចិនបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា សម្រាប់ការអភិវឌ្ឍន៍ផ្លូវជនបទ និងទឹកស្អាត ហើយជំនួយរបស់ចិនដែលផ្តល់មកឱ្យកម្ពុជា មិនមានលក្ខខណ្ឌភ្ជាប់មកជាមួយនោះទេ។

លោកបន្តថា “នេះពិតជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការជួយលើកកម្ពស់ជីវភាព និងសុខុមាលភាពសម្រាប់ប្រជាជននៅតាមជនបទក្នុងប្រទេសកម្ពុជា”។

លោក អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ខេត្តចំនួន៦គឺ កំពង់ឆ្នាំង ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ កណ្តាល និងត្បូងឃ្មុំ បានទទួលផលប្រយោ​ជន៍ពីគម្រោងដំណាក់កាលទី២នេះ។

លោក​បាន​បន្ត​ថា​ ផ្លូវ​ថ្មី​ទាំង​នេះ ​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​កសិផល​ពី​កសិដ្ឋាន​ទៅ​ទីផ្សារ​។

លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៧មក គម្រោងក្នុងដំណាក់កាលទី១ និងទី២ បានសាងសង់ផ្លូវជនបទចំនួន២៥ខ្សែ មានប្រវែ​ង​សរុប១៥៥គីឡូម៉ែត្រ និងស្ពានថ្មីចំនួន២ក្នុងខេត្តចំនួន៨ របស់ប្រទេសកម្ពុជា។

លោក Wu បានបន្តថា គម្រោងផ្លូវនេះ គ្រាន់តែជាគម្រោងមួយក្នុងចំណោមគម្រោងជំនួយ ជាច្រើនរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងដើម្បីជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់ជនបទរបស់ប្រទេសកម្ពុជា។

លោកបានបន្ថែមថា “ខ្ញុំជឿជាក់ថាគម្រោងនេះ នឹងរួមចំណែកក្នុងការកសាងសហគមន៍បន្ថែមទៀត ជាមួយនឹងអនាគតរួមគ្នារវាងប្រទេសចិន និងកម្ពុជា”៕

រដ្ឋាភិបាលសម្រេចដកលោកជាវ តាយ ត្រូវចេញពីតំណែងអភិបាល ខេត្តពោធិ៍សាត់

ដោយៈ សហការី

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិចិតស្នើសុំដល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធ្វើការតែងតាំងលោកជាវ តាយ ពីតំណែងអភិបាលខេត្តពោធិ៍សាត់ មកជារដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ។

យោងតាមលិខិតស្នើសុំចុះហត្ថលេខា ដោយសម្ដេចក្រឡាហោម ស ខេង ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានជម្រាបជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការស្នើសុំតែងតាំងលោក ជាវ តាយ មុខតំណែងជា រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ។

ការដកដំណែងនេះបានបញ្ជាក់ហេតុផលថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការដឹកនាំ និងការងាររដ្ឋបាលខេត្តពោធិ៍សាត់ និងផ្អែកលើការពិនិត្យវាយតម្លៃលើលក្ខណសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងាររបស់មន្ត្រីរាជការនាពេលកន្លងមក។

លិខិតនោះបានបញ្ជាក់ថា លោក មួយ រីដា អភិបាលងរងខេត្តបាត់ដំបង ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៣ នឹងត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួសលោកជាវ តាយ ដែលនឹងត្រូវផ្លា​ស់​ប្តូរមកកាន់ក្រសួងមហាផ្ទៃ៕

តម្លៃដីនៅក្នុងទីក្រុងបាងកកហក់ឡើង១០,៣ភាគរយក្នុងត្រីមាសទី៣

ដោយ: លាងហួរ

បាងកក: តម្លៃដីទំនេរនៅទីក្រុងបាងកក នៅតែបន្តហក់ឡើង១០,៣ភាគរយនៅក្នុងត្រីមាសទី៣ ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល៥ត្រីមាសកន្លងមក ទោះបីជាមានការកើនឡើងនៃការប្រមូលពន្ធលើដី និងអគារយ៉ាងណាក្តី។

លោក Tritecha Tangmatitham នាយកគ្រប់គ្រងក្រុមហ៊ុន Supalai ដែលបានចុះបញ្ជីSETបានមានប្រសាសន៍ថា តម្លៃដាក់លក់សម្រាប់ដីទំនេរ នៅទីក្រុងបាងកក មិនបានធ្លាក់ចុះនោះទេ ទោះបីជាអត្រាពន្ធដី និងអគារត្រូវប្រមូលពេញលេញនៅឆ្នាំនេះក៏ដោយ ហើយម្ចាស់​ដី​មិន​មាន​បញ្ហា​ក្នុង​ការ​បង់​ពន្ធ​ទេ ប៉ុន្តែអ្នក​ដែល​បានគិត​ថា ​ការ​កាន់​កាប់​ដី​ជា​បន្ទុក ឬ​មិន​ចង់​បង់​ពន្ធ​បាន​លក់​ដី ​របស់ពួកគេរួច​ទៅហើយ​កាល​ពី​១ ឬ២ឆ្នាំ​មុន។

លោក Boon Choon Kiat នាយកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍន៍ដែលចុះបញ្ជីនៅMAIបានមានប្រសាសន៍ថា ការចរចាលើកិច្ចព្រមព្រៀងដីធ្លីមានភាពលំបាកជាងមុន ចំពេលមានជំងឺរាតត្បាត និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយសារវិនិយោគិន កាន់តែច្រើនកំពុងទិញដីទុកជាទ្រព្យសកម្ម។

ជាធម្មតា អ្នកអភិវឌ្ឍន៍ត្រូវបង់១០ភាគរយ នៃតម្លៃដីជាមុនសិនដល់ម្ចាស់ដី ហើយនឹងបង់បង្ហើយក្នុងរយៈពេល៦ខែបន្ទាប់ ដើម្បីទទួលការផ្ទេរកម្មសិទ្ធិដី។

បច្ចុប្បន្ននេះក្រុមអ្នកអភិវឌ្ឍន៍ កំពុងប្រឈមមុខនឹងការប្រកួតប្រជែងពីអ្នកវិនិយោគដី ដែលបង់លុយដែលនៅសល់ ក្នុងរយៈពេលបីខែ ឬបង់ចំនួនពេញតាមកាលបរិច្ឆេទនៃកិច្ចព្រមព្រៀង។

ការប្រមូលពន្ធលើដី និងអគារត្រូវបានកាត់បន្ថយចំនួន៩០ភាគរយក្នុងឆ្នាំ២០១៩និង២០២០ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ នៃជំងឺរាតត្បាត។

លោក​បន្ត​ថា ចំនួន​ប្រតិបត្តិការ​ដីធ្លី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​បាន​ធ្លាក់​ចុះ ដោយ​សារ​តែ​អ្នក​អភិវឌ្ឍន៍​កម្រ​ទិញ​ដី​ថ្មី​ណាស់។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានមានប្រសាសន៍ថា ក្រុមអ្នកអភិវឌ្ឍន៍បានពន្យឺតការទិញដីរបស់ពួកគេ ដោយសារពួកគេចង់គ្រប់គ្រងថ្លៃចំណាយ ទាក់ទងនឹងពន្ធដីធ្លី។

លោកបានបន្តថា តម្លៃដីទំនេរនៅតែបន្តកើនឡើង ប៉ុន្តែជាមួយនឹងអត្រាកំណើនទាបជាងមុនពេលមានជំងឺរាតត្បាត។

យោងតាមREIC បានឱ្យដឹងថា សន្ទស្សន៍តម្លៃដីទំនេរនៅទីក្រុងបាងកក ក្នុងត្រីមាសទី៣ឆ្នាំ២០២២ កើនឡើង១០,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

រដ្ឋាភិបាលជ្រើសរើសគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៦ជាអាទិភាព ក្នុងនោះក៏មានគំរោងជីកព្រែកពីទន្លេបសាក់ ទៅកាន់ខេត្តកែប

ដោយៈ សុផារី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុក ក្នុងការជំរុញការកសាង ហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ទាំងគម្រោងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។ ក្នុងនោះ គម្រោងធំៗចំនួន៦ត្រូវបានដាក់ជាអាទិភាពក្នុងការអភិវឌ្ឍនាពេលបច្ចប្បន្ន។

លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម ក្រសួ​ងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្ដមមន្ត្រីដឹកជញ្ជូនកម្ពុជា បានមានប្រសាសន៍ នៅក្នុងកិច្ចពិភាក្សាមួយដែលរៀបចំ ដោយក្រុមហ៊ុន CBRE កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ថា គម្រោងធំៗចំនួន៦ ត្រូវបានដាក់ចេញជាអាទិភាព នៅក្នុងផែនការមេនៃការអភិវឌ្ឍប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។

គម្រោងទី១ គឺ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត ដែលគ្រោងនឹងសាងសង់នៅពាក់កណ្តាល ឆ្នាំ២០២៣ខាងមុខនេះ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី២របស់កម្ពុជា ជាផ្លូវថ្មីទាំង​ស្រុងប្រវែងសរុប១៣៨គីឡូម៉ែត្រ។ ផ្លូវមួយខ្សែនេះ នឹងចាប់ផ្ដើមចេញពីភ្នំពេញនៅចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្ត កណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាមតែម្ដង។

គម្រោងទី២ គឺ គម្រោងកែលម្អប្រព័ន្ធផ្លូវដែក ដែលមានស្រាប់នៅកម្ពុជា ឱ្យក្លាយជាផ្លូវដែកល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងទៅខេត្តព្រះសីហនុ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូននៅកម្ពុជា ស្របពេលកម្ពុជានិងប្រទេសថៃ កំពុងសិក្សាលើគម្រោងសាងសង់រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន និងស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន ដើម្បីជួយសម្រួលដល់ការកកស្ទះ នៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត។

គម្រោងទី៣ គឺ គម្រោងសិក្សាជីកព្រែកតភ្ជាប់ផ្លូវទឹក ពីទន្លេបាសាក់ទៅសមុទ្រកែប មានចម្ងាយជាង១៦០គីឡូម៉ែត្រនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនទំនិញ និងទេសចរណ៍តាមផ្លូវទឹក ដោយមិនចាំបាច់ឆ្លងកាត់តាមប្រទេសវៀតណាម។

គម្រោងទី៤ គឺ គម្រោងវិនិយោគអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណង ដែលប្រើទុនវិនិយោគសរុបប្រមាណ១៥០០លានដុល្លារអាមេរិក ដែលមានតួនាទីក្នុងការលើកដាក់ ផ្ទេរ ទំនិញចេញ-ចូល ទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិ​កម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារនៅក្នុងតំបន់ និងពិភពលោក។

គម្រោងទី៥ គឺ គម្រោងផ្លូវជាតិលេខ៥៤C តភ្ជាប់ខេត្តសៀមរាប ទៅកាន់ខេត្តបាត់ដំបង ដែលផ្លូវនេះនឹងជួយសម្រួល ការធ្វើដំណើរបានចំនួនប្រហែល៨០គីឡូម៉ែត្រ និងកាត់បន្ថយថ្លៃចំណាយឡូជីស្ទិក។

គម្រោងទី៦ គឺ គម្រោងផ្លូវជាតិលេខ៥០C តភ្ជាប់ខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ ដែលមានប្រវែង៥៣គីឡូម៉ែត ឆ្លងកាត់វាលទំនាបតំបន់បឹងទន្លេសាប ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ នៃខេត្តកំពង់ធំ ទៅកាន់ទីរួមខេត្តកំពង់ឆ្នាំង ហើយជាផ្លូវប្រវត្តិសាស្ត្រ មិនធ្លាប់មានហើយឆ្លងកាត់កណ្តាលប្រទេសកម្ពុជា៕

រដ្ឋាភិបាលអនុម័តគម្រោងសាងសង់ជាង៣០០០ដែលជំរុញឲ្យមានតម្រូវការលើសម្ភារៈសំណង់

ដោយៈ សុផារី

ភ្នំពេញៈ នៅក្នុងរយៈពេល៩ខែឆ្នាំ២០២២នេះ គម្រោងសាងសង់នៅទូទាំងប្រទេសមានជាង៣ពាន់គម្រោង ក្រោមទុនវិនិយោគប្រមាណជិត២ពាន់លានដុល្លារអាមេរិក ដែលបានចូលរួមលើកស្ទួយ ដល់សរដ្ឋកិច្ចកាន់តែប្រសើរថែមទៀត។

លោក លាង មុនីរិទ្ធិ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានប្រសាសន៍ ក្នុងពិធីសម្ពោធបើកការតាំងពិព័រណ៌វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ខ្នាតអន្តរជាតិ (CAMFOOD/CAMHOTEL and CAMBUILD 2022) នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា។

លោកបានឱ្យដឹងថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២២នេះ ក្រសួងបានអនុញ្ញាតសាងសង់ នៅទូទាំងប្រទេសចំនួន៣.១៧៦គម្រោង មានទុនវិនិយោគចំនួន១.៩៦៣លានដុល្លារអាមេរិក។ ក្នុងនោះ មានគម្រោងបណ្តុំលំនៅដ្ឋាន ជាលក្ខណៈបុរីចំនួន២០គម្រោង គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅមានចំនួន៩៨គម្រោង ស្មើនឹង១០០អគារ។

ក្នុងចំណោមគំរោងទាំងនោះ គំរោងសាងសង់នៅរាជធានីភ្នំពេញមានចំនួន៦៣គម្រោង ខេត្តព្រះសីហនុ១១គម្រោង ខេត្តបន្ទាយមានជ័យ១២គម្រោង និងបណ្តាខេត្តផ្សេងៗទៀត១២គម្រោង។

លោកបានមានប្រសាសន៍ថា កំណើននៃគម្រោងសាងសង់នេះ នាំឱ្យមានតម្រូវការលើសម្ភារៈសំណង់បរិក្ខារសំណង់ និងផលិតផលសំណង់ និងបច្ចេកវិទ្យាសំណង់ ចាំបាច់មានស្តង់ដារត្រឹមត្រូវអនុឡោម តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ ដើម្បីធានាគុណភាពសំណង់ និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់សំណង់ រួមទាំងគាំទ្រដល់ការអភិវឌ្ឍ ធ្វើឲ្យទីក្រុងមានភាពរស់រវើកមានការតភ្ជាប់ និងមានសុវត្ថិភាព ប្រកបដោយនិរន្តរភាព និងបរិស្ថាននៃការរស់នៅកាន់តែល្អប្រសើរ៕

 

សេដ្ឋកិច្ចចិនរំពឹងថានឹងងើបឡើងវិញបន្ថែមទៀតក្នុងត្រីមាសទី៤ ក្រោយ  រដ្ឋាភិបាលដាក់ចេញនូវវិធានការជំរុញនានាជាច្រើន

ដោយ: លាងហួរ

ប៉េកាំង: សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងងើបឡើងវិញបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈកញ្ចប់ជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិន នឹងលេចចេញជាលទ្ធផលផ្លែផ្កា នៅក្នុងត្រីមាសទី៤នេះ។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មានចិនXinhuaកាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកស្រី Meng Wei អ្នកនាំពាក្យគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា ស្ថិតិសម្រាប់ខែតុលា បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានទប់ទល់នឹងផលប៉ះពាល់នៃកត្តាជាច្រើនពីក្នុងប្រទេស និងក្រៅប្រទេសផង ប៉ុន្តែវានៅតែរក្សាបាននូវការងើបឡើងវិញជាលំដាប់។

យោងតាមទិន្នន័យដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយការិយាល័យស្ថិតិជាតិបានបង្ហាញថា ទិន្នផលឧស្សាហកម្មរបស់ប្រទេសចិន បានកើនឡើង៥ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំនៅក្នុងខែតុលា។

ក្នុងរយៈពេល១០ខែដំបូង ទំហំនៃការវិនិយោគលើទ្រព្យសកម្មថេររបស់ប្រទេសចិនបានកើនឡើង៥,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការផលិតបានកើនឡើង៨,៧ភាគរយ និង៩,៧ភាគរយរៀងគ្នា។

លោកស្រី Meng បានបន្ថែមថា ការងើបឡើងវិញនៃសេដ្ឋកិច្ច និងស្ថិរភាពនៃវិស័យសំខាន់ៗ កំពុងដំណើរការយ៉ាងលឿន ដោយសារកញ្ចប់គោលនយោបាយ សម្រាប់ស្ថិរភាពសេដ្ឋកិច្ច និងវិធានការតាមដាននានាកំពុងមានប្រសិទ្ធភាពជាបណ្តើរៗហើយ។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលក្រុងប៉េកាំង បានចេញសារាចរស្តីពីការបង្កើនប្រសិទ្ធភាពបន្ថែមទៀត ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយបានប្រកាសអំពីវិធានការបង្ការ និងគ្រប់គ្រងចំនួន២០។

វិធានការនេះ មានគោលបំណងសម្រប ទៅនឹងស្ថានភាពថ្មីនៃការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ និងដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សកម្មភាពទាំងនេះ នឹងធ្វើឱ្យវដ្តនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដំណើរការកាន់តែរលូន និងជំរុញការងើបឡើងវិញនៃតម្រូវការទីផ្សារ។

លោកស្រីបានបន្ថែមថា ដោយសម្លឹងមើលឆ្ពោះទៅមុខ រដ្ឋាភិបាលចិន នឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រីកការវិនិយោគប្រកប ដោយប្រសិទ្ធភាព បង្កើនការគាំទ្រដល់ក្រុមហ៊ុនខ្នាតតូច និងមធ្យម និងអាជីវកម្មបុគ្គល និងអនុវត្តគោលនយោបាយស្ថិរភាពការងារ៕

រដ្ឋាភិបាលរំពឹងថាកម្ពុជារំពឹងទាក់ទាញទេសចរអន្តរជាតិប្រមាណ៧,៥លាននាក់នៅឆ្នាំ២០២៨

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានមើលឃើញ កំណើនភ្ញៀវទេសចរអន្តរជាតិចាប់ផ្ដើមកើនឡើងវិញ នៅក្នុងឆ្នាំ២០២២នេះដោយរំពឹងថានៅឆ្នាំ២០២៨ខាងមុខ កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ៧,៥លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ១៦លាននាក់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនបានមានប្រសាសន៍ឱ្យដឹងក្នុងពិព៌ណមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃពុធថា ឆ្នាំ២០២២នេះ កម្ពុជាប៉ាន់ស្មានថា នឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ២លាននាក់និងភ្ញៀវទេសចរផ្ទៃ ក្នុងប្រមាណ១១លាននាក់យ៉ាងតិច។ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ពោលគឺពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៨ ក្រសួងទេសចរ​ណ៍បានដាក់ចេញនូវគោលនយោបាយផែនការ និងយុទ្ធសាស្ត្រធំៗក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព ។

លោកបន្តថា “កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យបានប្រមាណ៧,៥លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ១៦លាននាក់នៅឆ្នាំ ២០២៨ខាងមុខ”។ លោកបន្តថា “ស្ថានភាពអាជីវកម្មទេសចរក្នុងឆ្នាំ ២០២២នេះ អាជីវកម្មទេសចរណ៍ ប្រមាណ២.៧០៨ទីតាំងបានបើកឡើងវិញ និងបុគ្គលិកធ្លាប់រងផលប៉ះពាល់ ទទួលបានការងារវិញប្រមាណ៣១ពាន់នាក់”។

លោកថោង ខុនបានបន្ថែមថា ការត្រលប់មកវិញនូវកំណើនវិជ្ជមានរបស់ភ្ញៀវទេសចរគឺ ពឹងផ្អែកសំខាន់លើកត្តាសំខាន់៣ រួមមាន ទី១. កម្ពុជាជាប្រទេសនាំមុខមួយ ដែលចំនួនភាគរយប្រជាជន បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ច្រើនស្ទើរតែ១០០ភាគរយ និងត្រូវបានទទួលស្គាល់ថាជាគោលដៅទេសចរណ៍សុវត្ថិភាពនិងបៃតង ។ ទី២. ការបន្តទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា តាមរយៈយុទ្ធសាស្ត្រថ្មីៗដូចជាទេសចរណ៍ MICE ព្រឹត្តិការកីឡា កម្មវិធីពិព័រណ៍ ផ្សេងៗ ទី៣. បន្តពង្រឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជំនាញឌីជីថល និងជំនាញថ្មីៗ ស្របតាមទីផ្សារក្រោយវិបត្តិកូវីដ១៩ ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញនផ្សាយនៅថ្ងៃទី១៦វិច្ឆិកា២០២២នេះឱ្យដឹងថា ក្នុងសប្ដាហ៍ទី២នៃខែវិច្ឆិកា ២០២២នេះ កម្ពុជា ទទួលភ្ញៀវទេសចរផ្ទៃក្នុងស្រុកចំនួនជាង២,៧លាននាក់ ក្នុងនោះខេត្តតំបន់សមុទ្រចំនួនពីរទទួលបានភ្ញៀវច្រើនជាងគេ គឺខេត្តព្រះសីហនុនិងខេត្តកំពត ដោយខេត្តទាំងពីរនេះ មានភ្ញៀវទេសចរផ្ទៃក្នុង សរុបប្រមាណ១,២លាននាក់ទៅហើយ៕

ខេត្តDong Nai គ្រោងលៃទុកដីទំហំ១១.០០០ហិកតាសម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុង

ដោយៈ សុខុម

វៀតណាម: ខេត្តភាគខាងត្បូងរបស់វៀតណាម Dong Nai គ្រោងលៃទុកដីរដ្ឋចំនួន១១.០០០ហិកតា សម្រាប់គម្រោងអភិវឌ្ឍន៍ឬពង្រីកទីក្រុងនៅត្រឹមឆ្នាំ២០៣០ ខណៈគម្រោងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ និងសួនឧស្សាហកម្មក្នុងខេត្តនេះ កំពុងស្ថិតក្រោមការសាងសង់ ដែលអាចនឹងបញ្ចប់ជាស្ថាពរក្នុងពេលដ៏ខ្លីខាងមុខ។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឱ្យដឹងថា នៅត្រឹមឆ្នាំ២០៣០ ស្រុក Long Thanh នៃខេត្តនេះ គ្រោងផ្ដល់ដីបន្ថែមចំនួន២.៤០០ហិកតា សម្រាប់ការអភិវឌ្ឍ ខណៈស្រុក Nhon Trach គ្រោងផ្ដល់ដីបន្ថែមទៀតចំនួន២.០៥០ហិកតា ហើយស្រុកមួយចំនួនទៀត ក៏រំពឹងផ្ដល់ដីបែបនេះបន្ថែមទៀតដែរ។

រដ្ឋបាលខេត្តនេះលើកឡើងថា ផែនការរបស់ខ្លួនក្នុងការលៃទុកដីបន្ថែ​មនេះ ធ្វើឡើងស្របគ្នាទៅនឹង គម្រោងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ និងគម្រោងសួនឧស្សាហកម្មថ្មី ឬដែលកំពុងស្ថិតក្រោមការសាងសង់។

តួយ៉ាង ស្រុក Long Thanh និង Nhơn Trạch គ្រោងនឹងបង្កើតតំបន់លំនៅដ្ឋានបន្ថែមទៀត នៅពេលការបញ្ចប់គម្រោងសួនឧស្សាហកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ដូចជា ស្ពាន Cat Lai Bridge ផ្លូវល្បឿនលឿន Ben Luc-Long Thanh Expressway និងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ជាដើម នឹងទាក់ទាញមនុស្សកាន់តែច្រើនដែលមកពីទីក្រុង និងខេត្តជិតៗឱ្យចូលមកធ្វើការនៅក្នុង Dong Nai។

ខេត្ត Dong Nai ស្ថិតក្នុងចំណោមខេត្តសេដ្ឋកិច្ចសំខាន់ៗ នៅភាគខាងត្បូងរបស់វៀតណាម។ ប្រទេសវៀតណាម ក្នុងឆមាសទី១ ដើមឆ្នាំ២០២២ សម្រេចបានកំណើនសេដ្ឋកិច្ច ខ្ពស់ជាងប្រទេសទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍។

ខេត្ត Dong Nai មានប្រជាជនជាង៣,២លាននាក់ ដោយប្រជាជនមួយចំនួនធំ ដែលមកពីខេត្តផ្សេងៗបានផ្លាស់ប្តូរ មកធ្វើការនៅក្នុងខេត្តនេះ ជាពិសេសនៅតាមសួនឧស្សាហកម្មនានា៕ Vietnam News៕

កំពូលៗមហាសេដ្ឋីចិនបានបរិច្ចាកប្រាក់១០ពាន់លានដុល្លារដើម្បីគោលដៅវិបុលភាពរួមរបស់លោកស៊ី ជីនភីង

ដោយៈ សុខុម

ហុងកុង: ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចំនួន៣ នៅប្រទេសចិន បានសន្យាបរិច្ចាគប្រាក់ក្នុងម្នាក់ៗ ជាង២ពាន់លានដុល្លារអាមេរិកសម្រា​ប់កិច្ចការមនុស្សធម៌ ក្នុងរយៈពេលមួយឆ្នាំមកនេះ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង។

លោក Rupert Hoogewerf ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនស្រាវជ្រាវ ប្រព័ន្ធផ្សព្វផ្សាយ និងវិនិយោគដែលមានឈ្មោះថា Hurun បានលើកឡើងថា បញ្ជីរាយនាមសប្បុរសជនចិន ប្រចាំឆ្នាំ២០២២ ឬHurun China Philanthropy List 2022 បង្ហាញថា កំពូលមហាសេដ្ឋីចំនួន៤៩រូបដែលក្នុងម្នាក់ៗ បានបរិច្ចាគ១៤លានដុល្លារអាមេរិក គិតចាប់ពីខែមេសា ឆ្នាំ២០២១ គិតមកត្រឹមដំណាច់ខែសីហា ដែលធ្វើឱ្យការបរិច្ចាគសរុបឈានដល់១០ពាន់លានដុល្លារអាមេរិក មិនធ្លាប់មានប្រចាំឆ្នាំ។

របាយការណ៍ដដែលបង្ហាញថា កំពូលសប្បុរសជនទាំង១០ នៅប្រទេសចិន ដែលសុទ្ធតែមានឈ្មោះក្នុងបញ្ជីរាយនាម កំពូលអ្នកមាននៅចិន របស់ Hurun បានបរិច្ចាគ៦,៣% នៃទ្រព្យសម្បត្តិសរុបរបស់ពួកគេ ឬ ស្មើនឹងប្រមាណ៨,៧ពាន់លានដុល្លារអាមេរិក។

លោក Rupert Hoogewerf បានលើកឡើងតាមរយៈបញ្ជីឈ្មោះសប្បុរសជន ដែលបានចុះផ្សាយកាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ថា “កំពូលសប្បុរសជនទាំង៣ នៅក្នុងបញ្ជីបានបរិច្ចាគម្នាក់ៗ ជាង២,១ពាន់លានដុល្លារអាមេរិក ហើយពួកគេសុទ្ធតែមកពីបណ្ដាក្រុមហ៊ុនអ៊ីនធឺណិត”។

លោកបន្ថែមទៀតថា កំពូលមហាសេដ្ឋីទាំងនោះកាលពីពេលថ្មីៗនេះបានចេញមកឆ្លើយតបភ្លាមៗ ទៅនឹងការអំពាវនាវរបស់លោក ស៊ី ជីនភីង ដែលសុំឱ្យចូលរួមចំណែកដល់គោលនយោបាយ “វិបុលភាពរួម” (Common Prosperity) ដែលមានគោលដៅចង់ឱ្យប្រជាជនចិន មានបាន និងសម្បូរសប្បាយទាំងអស់គ្នា។

“វិបុលភាពរួម” នេះកាលពីដំបូងបានលេចឡើង ជាជាគំនិតនៃការចែករំលែកទ្រព្យសម្បត្តិ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០។ មិនយូរប៉ុន្មានក្រោយពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយបានលេចចេញឡើងជាថ្មីម្ដងទៀត ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលប្រទេសចិន បានធ្វើការពិសោធន៍ជាមួយនឹងមូលធននិយម និងសេរីភាវូបនីយកម្មសេដ្ឋកិច្ច។

ប្រធានាធិបតីចិនបច្ចុប្បន្ន លោក ស៊ី ជីនភីង បានអំពាវនាវម្តងហើយម្តងទៀត ឱ្យប្រជាជនទូទាំងប្រទេស ចូលរួមអនុវត្តគោលនយោបាយ “វិបុលភាពរួម” ដើម្បីបង្រួមគម្លាតរវាងអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងប្រជាជនក្រីក្រតោកយាកនៅជនបទ៕ South China Morning Post៕

ដំណឹងល្អៈ បុរីវីឡាទួលសង្កែផ្តល់ឱកាសចំណេញប្រមាណ៥ម៉ឺនដុល្លារជាមួយនឹងវត្តមានផ្សារទំនើបបែបសហគមន៍ដំបូងគេ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ នាចុងសប្តាហ៍នេះ គឺនៅថ្ងៃទី19-20 ខែវិច្ឆិកា ចាប់ពីម៉ោង 8ព្រឹក ដល់ម៉ោង8យប់ បុរីវីឡាទួលសង្កែ នឹងដាក់តាំងបង្ហាញពីគម្រោង ដឹសេនឆឺរី ស៊ីធី អរិយក្សត្រ នៅផ្សារទំនើបម៉ាក្រូ។

ការបង្ហាញជូននេះ នឹងមានការជូនប្រូម៉ូសិនយ៉ាងពិសេស ដែលអតិថិជននឹងទទួលបានឱកាសចំណេញ យ៉ាងច្រើនសន្ធឹកសន្ទាប់ ក្នុងកំឡុងពេលនៃការតាំងបង្ហាញ ដោយគ្រាន់តែលោក អ្នកអញ្ជើញមកកាន់ស្តង់ដាក់តាំង បង្ហាញគម្រោង ហើយ ធ្វើការកក់ប្រភេទផ្ទះ ណាមួយដូចខាងក្រោម៖

  • កក់វីឡាភ្លោះ នឹងចំណេញ $29, xxx (កក់ភ្លាម ចូលនៅបានភ្លាម)។

ឬ កក់ហ្សបហៅស៍ នឹងចំណេញបានរហូតដល់ $1,5xxx (កក់ភ្លាម ចូលរកស៊ីបានភ្លាម) ពិសេសអតិថិជននឹងទទួលបានការបញ្ចុះតម្លៃ7% ព្រមថែមជូន iphone 14 Pro Max មួយគ្រឿងថែមទៀត។

បុរីក៏បានផ្តល់លក្ខខ័ណ្ឌបង់ប្រាក់ កាន់តែងាយស្រួល ដោយអតិថិជន អាចបង់ប្រាក់រំលស់ ដោយឥតការប្រាក់ក្នុងរយៈពេលមួយឆ្នាំទៀតផង។

+ វីឡាភ្លោះ មុខសួន  ទំហំដី 8m x 21.5m ទំហំផ្ទះ 6.2m x 12m

មានបន្ទប់គេង4 បន្ទប់ទឹក5។

+ ហ្សបហៅស៍ លើផ្លូវហាយវេយ៍ មុខផ្សារសហគមន៍ AK Avenue  ដែលមានផ្ទះចាប់ពីទំហំផ្ទះ 4.2m x 14m មានបន្ទប់គេង4 បន្ទប់ទឹក5។

ឆ្លើយតបនឹងការរីកចម្រើនក្នុងតំបន់ និងកំណើនប្រជាពលរដ្ឋរស់នៅកាន់តែច្រើន បុរីវីឡាទួលសង្កែអរិយក្សត្រ នឹងបើកដំណើរការផ្សារទំនើបបែបសហគមន៍របស់ខ្លូន ជាលើកដំបូងនៅតំបន់នេះ ដែលដំណើរការបើកនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៣ខាងមុខ។

អ្នកនាងឈាវ គីមហ័ង្សអ្នកគ្រប់គ្រង និងចាត់ការទូទៅនៃផ្សារទំនើបAK Avenueបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រហូតមកទល់ពេលនេះ អតិថិជនជាច្រើន បានមកជួលស្តង់ផ្សារទំនើបនេះ សម្រាប់ត្រៀមបើកដំណើរការរួចហើយ ស្របពេលអតិថិជនជាច្រើនទៀតកំពុងចាប់អារម្មណ៍​ផងដែរ។

អ្នកនាងបន្តថា “ប្រសិនជាអតិថិជនចាប់អារម្មណ៍ មកលក់ក្នុងផ្សារនេះ ក្រុមហ៊ុននឹងផ្តល់សេវាកម្ម ពិគ្រោះយោបល់ឥតគិតថ្លៃ លើការរៀបចំឌីសាញស្តង់ និងគួរជ្រើសរើសសេវាកម្មអ្វី សម្រាប់បំរើអតិថិជនដោយឥតគិតថ្លៃ”។ អ្នកនាងបន្តថា “យើងជឿជាក់ថាផ្សារទំនើបAK Avenueនឹងមានការចាប់អារម្មណ៍ច្រើន និងទទួលបានជោគជ័យ ដោយសារតំបន់នេះមិនទាន់មានផ្សារបែបនេះនៅឡើយ ពិសេសតំបន់នេះមានមនុស្សរស់នៅកាន់តែច្រើន”៕