រដ្ឋាភិបាលចាប់ផ្តើមអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរនៅដើមឆ្នាំ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងដាក់ឱ្យអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់ឧបករណ៍បច្ចេកទេស ចាប់ផ្តើមសាកល្បងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ហើយនឹងដំណើរការអនុវត្តពេញលេញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះថា ការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្តដោយ ឧបករណ៍ បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។

អ្នកបើកបរយានយន្តគ្រប់រូបយកតាមខ្លួននូវបណ្ណបើកបរយានយន្ត (ច្បាប់ដើម) ដើម្បីផ្តល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តការដកពិន្ទុ ក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អាចបង់ប្រាក់នៅតាមបញ្ឈរទ្រូម៉ាន់នី ឬភ្នាក់ងារទ្រូម៉ាន់នី ឬតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រុមហ៊ុនទ្រូម៉ាន់នី (TrueMoney Mobile App) បន្ថែមលើការបង់ប្រាក់ដោយផ្ទាល់នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក៕

គម្រោងខុនដូជំរុញតម្លៃដីធ្លីជាប់មាត់សមុទ្រនៅហួហ៊ីនហក់ឡើងស្រឺតៗ

ដោយ៖ សុខុម

បាងកក: តម្រូវការខ្ពស់សម្រាប់ខុនដូជាប់មាត់សមុទ្រនៅហួហ៊ីន (Hua Hin) ប្រទេសថៃ បានធ្វើឱ្យតម្លៃដីធ្លីនៅតាមបណ្តោយឆ្នេរនេះហក់ឡើងខ្ពស់រហូតដល់៤,២៤លានដុល្លារអាមេរិក ក្នុង១រ៉ៃ (០,៦ហិកតា)។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៩ ខែសីហា។

លោក Phattarachai Taweewong នាយកស្រាវជ្រាវ និងទំនាក់ទំនងនៃទីភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Colliers Thailand លើកឡើងថា តម្លៃដីធ្លីជាប់មាត់សមុទ្រនៅហួហ៊ីន ស្ថិតក្នុងភូមិសាស្ត្រខេត្តប្រាជួបគីរីខាន់ (Prachuap Khiri Khan) បានហក់ឡើងខ្ពស់រហូតដល់៤.២៤លានដុល្លារអាមេរិក ក្នុង១រ៉ៃ (០,៦ហិកតា)។

អ្នកជំនាញរូបនេះគូសបញ្ជាក់ថា តម្លៃដីធ្លីដែលហក់ឡើងខ្ពស់បានជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកាន់តែច្រើនមកអភិវឌ្ឍខុនដូនៅកណ្តាលទីក្រុងនេះ ដែលនៅមិនឆ្ងាយប៉ុន្មានពីមាត់ឆ្នេរ និងភ្នំតូចៗ។

លោកបន្ថែមទៀតថា តម្លៃដីធ្លីនៅតំបន់ភ្នំតូចៗគឺប្រហែល១.៧០០ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ ហើយអ្នកទិញខុនដូកាន់តែចាប់អារម្មណ៍លើខុនដូដែលអភិវឌ្ឍនៅទីនោះ ព្រោះតម្លៃខុនដូនៅទីនោះមិនខ្ពស់ពេក។

ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ គម្រោងខុនដូចំនួន៧១ត្រូវបានសាងសង់នៅហួហ៊ីន ស្រុកចាអាម (Cha-am) ខេត្តផេតឆាប៊ូរី (Phetchaburi) និងស្រុកប្រានប៊ូរី (Pran Buri) ក្នុងខេត្តប្រាជួបគិរីខាន់ ដោយលក់បានសរុបចំនួន២៩.១៥២យូនីត។

លោក Phattarachai Taweewong លើកឡើងថា ការលក់ខុនដូនៅហួហ៊ួន និងចាអាម មានសន្ទុះហក់ឡើងក្នុងឆ្នាំ២០១១ និងឆ្នាំ២០១២ ដោយលក់បានប្រមាណចន្លោះពី៧.០០០ ទៅ៨.០០០យូនីតក្នុងមួយឆ្នាំៗ។

ក្នុងចំណោមគម្រោងទាំង៧១ មាន៣១គម្រោងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចុះបញ្ជី ដោយផ្តល់ខុនដូចំនួន១៦.១៨៨យូនីត និង៤០គម្រោងទៀតដែលផ្ដល់ខុនដូ១២.៩៦៤យូនីត ត្រូវបានអភិវឌ្ឍដោយបណ្ដាក្រុមហ៊ុនសាងសង់ឯកជន។

លោកបន្តថា ក្រុមហ៊ុន Colliers Thailand បានធ្វើការស្ទង់មតិ ហើយរកឃើញថា ៨៤,៦%នៃខុនដូដែលនៅតាមបណ្ដោយមាត់សមុទ្រត្រូវបានលក់ចេញ ចំណែកឯ៨៣,៨%នៃខុនដូនៅជាប់ភ្នំត្រូវបានលក់ចេញរហូតមកទល់ពេលនេះ។

លោកបន្ថែមទៀតថា អ្នកទិញរួមមានជនជាតិរុស្ស៊ី និងជនជាតិចិន ព្រមទាំងវិនិយោគិនថៃ ហើយថា ក្រុមហ៊ុន Colliers Thailand រំពឹងថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនឹងបន្តអភិវឌ្ឍគម្រោងថ្មីៗនៅហួហ៊ីន ក្នុងឆ្នាំនេះ ដោយសារតម្រូវការនៅតែខ្ពស់នៅឡើយ៕

អាមេរិកផ្តល់កញ្ចប់ថវិកា២៥លានដុល្លារសម្រាប់អនុវត្តគម្រោងពង្រឹងសុវត្ថិភាពស្បៀងអាហារនៅកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ គម្រោង “កម្ពុជាហាវេស III” (The Feed the Future Cambodia Harvest III”) ក្នុងកញ្ចប់ថវិកា ២៥លានដុល្លារអាមេរិក សម្រាប់រយ:ពេល ៥ឆ្នាំ ត្រូវបានប្រកាសបើកជាផ្លូវការហើយ កាលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ក្រោមវត្តមានលោក វេង សាខុន និងលោក W. Partrick Murphy ឯកអគ្គរដ្ឋ ទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

លោក W. Partrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ត្រូវតែពង្រឹងសុវត្ថិភាពស្បៀងអាហាររបស់ខ្លួន ដូច្នេះគម្រោង “កម្ពុជាហាវេស III” នេះគឺបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការសម្រេចគោលដៅមួយនេះ។

លោកបានឱ្យដឹងដែរថា គម្រោងនេះត្រូវ បានប្រកាសជាផ្លូវការកាលពីថ្ងៃទី៤ សីហាកន្លងទៅ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក្នុងអំឡុងពេលការធ្វើទស្សនកិច្ចរបស់លោកនៅកម្ពុជា។

ទន្ទឹមគ្នានេះដែរ រដ្ឋមន្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលជួយគាំទ្រ ដល់ការអភិវឌ្ឍ វិស័យកសិកម្មតាម រយៈ USAID ក្នុងនោះការអនុវត្តកម្ម វិធី និងគម្រោង ជាច្រើនមានគោលបំណងជួយជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះគម្រោង “The Feed the Future Cambodia Harvest III” ដែលកំពុងដំណើរការនាពេលនេះ នឹងចូល រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន និងបង្កើនការប្រកួតប្រជែងទីផ្សារកសិផលកម្ពុជា។

ក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណជិត ១០០លានដុល្លារ ក្នុងគោលបំណងលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្មកម្ពុជា។

តាមរយៈគម្រោង”កម្ពុជាហាវេស III” សម្រាប់ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ USAID ក៏បានបង្ហាញក្តីរំពឹងថា នឹងជំរុញឲ្យមានការវិនិយោគពីឯកជនក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង៣.០០០កន្លែង ជួយកសិករ និងក្រុមហ៊ុនឯកជនឲ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ១៥លានដុល្លា និងបង្កើនការលក់កសិផលឲ្យបាន១០០លានដុល្លារផងដែរ៕

តើអនាគតទីផ្សារបុរីនៅកម្ពុជានឹងវិវត្តដូចទីផ្សារខុនដូឬយ៉ាងណា?

ដោយ៖ សុផារី

ភ្នំពេញ៖ កំណើនប្រជាជនហូរចូលមកក្នុងរាជធានីភ្នំពេញ និងទីប្រជុំជន បានបង្ហាញពីតម្រូវការលើសលុបនៃការស្នាក់នៅ ដែលត្រូវបានមើលឃើញថាជាឱកាសអាជីវកម្មលំនៅឋាន។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍបុរីមានចំនួនច្រើនឡើង ទាំងអ្នកអភិវឌ្ឍន៍ក្នុងស្រុក និងបរទេស​បានហក់ចូលមកកាន់ទីផ្សារមួយនេះ ហើយរំពឹងថា នឹងនៅបន្តទទួលបានផលចំណេញពីទីផ្សារមួយនេះ។

មានចម្ងល់ថាតើ នៅក្នុងរយៈពេល១០ឆ្នាំទៀត តើអនាគតទីផ្សារបុរី នៅក្នុងរាជធានីភ្នំពេញ នឹងមវិវត្តដូចទីផ្សារខុនដូឬយ៉ាងណា?

អ្នកនាង គឹម គិនកេសា អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍កាលពីពេលថ្មីៗថា “នាពេលថ្មីៗនេះ មានសំណួរពាក់ព័ន្ធនឹងអនាគតរបស់ទីផ្សារបុរីនឹងវិវត្តិទៅជាយ៉ាងណា ស្របពេលដែលវត្តមានគម្រោងបុរី និងអ្នកអភិវឌ្ឍន៍ទាំងតូច ទាំងធំបានឈានជើងចូលមកក្នុងប្រទេសកម្ពុជា នៅក្នុងកំឡុងឆ្នាំ២០២១ និងឆ្នាំ២០២២”។

អ្នកនាងបន្តថា “យើងក៏កំពុងតាមដានយ៉ាងជិតដិតលើបញ្ហាដែលត្រូវបានលើកយកមកសាកសួរថា តើបុរីនឹងកំពុងតែដើរគន្លងដូចជាខុនដូដែរទេ”។

អ្នកនាងកេសាលើកឡើងថា យ៉ាងណា ទីផ្សារទាំងពីរនេះមានភាពខុសគ្នា ត្រង់ថា អ្នកអភិវឌ្ឍន៍បុរីមានភាពបត់បែនខ្ពស់ជាងខុនដូ លើលំហូរសាច់ប្រាក់ និងដំណើរការនៃការសាងសង់។ បុរីមានការងភិវឌ្ឍន៍ជាលក្ខណៈផ្តេក (Horizontal Format of Development) ដែលអាចឱ្យផ្អាក បញ្ឍប់ ឬបន្តគម្រោង ឬរៀបចំដំណើរការសាងសង់តាមស្ថានភាពជាក់ស្តែងស្របនឹងអត្រាការលក់ ​(Sale Progress)។

អ្នកនាងលើកឡើងថា “ដូច្នេះហើយ វាមានភាពស្មុគស្មាញតិចជាង ទីផ្សារខុនដូដែលអ្នកអភិវឌ្ឍន៍ត្រូវតែបញ្ចប់គម្រោងអាគាររបស់ខ្លួន ទោះបីជាលក់ដាច់ត្រឹមតែ៥០ភាគរយ ឬ៣០ភាគរយក្តី”។

លោក អ៊ូ វីរៈ ប្រធាន និងជាស្ថាបនិកវេទិការអនាគត ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ បានលើកឡើងថា នៅក្នុងរយៈពេល១០ឆ្នាំទៀត ទីផ្សារបុរីនឹងធ្លាក់ថ្លៃ ដែលបណ្តាលមកពីវិស័យសេដ្ឋកិច្ច។​ លោកថា នៅក្នុងពេលនោះ សំណង់បុរីនឹងមានការសាងសង់ច្រើនលើសពីតម្រូវការជាក់ស្តែង ហើយការរស់នៅក្នុងបុរីពិបាកនៅក្នុងការប្រកបរបរអាជីវកម្មបែបគ្រួសារបាន ដោយសារតែការប្រកួតប្រជែងពីសំណាក់ហាងលក់ទំនិញធំៗ។

លោកបានសរសេរនៅលើហ្វេសប៊ុក​ផ្លូវការរបស់លោកថា “ផ្ទះល្វែងនឹងធ្លាក់តម្លៃនៅ១០ឆ្នាំខាងមុខ”។

លោកបានបញ្ជាក់បន្ថែមថា “មូលហេតុមាន​ច្រើន ប៉ុន្តែមូលហេតុធំបំផុតនោះ គឺបណ្តាលមកពីវិស័យសេដ្ឋកិច្ច។ ពីដើមគ្រួសារណាក៏អាច​បើករបរនៅផ្ទះជាខ្នាតគ្រួសារ (micro business)។ ផ្ទះល្វែងពិបាករស់នៅ ពិបាករកស៊ី បើកចាប់ហួយលែងកើត​ដោយសារការប្រកួតបើកហាង ហើយសាងសង់លើស។ល។”។

លោកបន្តថា “ផ្ទះល្វែងមានរចនាបទសម្រាប់រស់ ផងរកផង។ បន្តិចទៀតរស់ក៏មិនស្រួលរកក៏ពិបាក”៕

 

កម្ពុជាចរចារទាមទារ៧០ភាគរយនៃផលប្រយោជន៍ពីប្រេងជិង៣០ម៉ឺនបារ៉ែលដែលបានលួចបាត់

ដោយ៖ សុផារី

ភ្នំពេញ៖ លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ក្រសួងកំពុងចរចារជាមួយភាគីពាក់ព័ន្ធករណីប្រេងជិង៣០ម៉ឺនបារ៉ែលដែលបានបាត់ ហើយគ្រោងរាយការណ៍ជូនសម្តេចតេជោ ដើម្បីស្នើសុំការឯកភាព ដោយក្នុងនោះកម្ពុជាទាមទារ៧០ភាគរយនៃប្រេងទាំងអស់ ដោយបូកបន្ថែមប្រាក់តម្កល់៥លានដុល្លាររបស់ក្រុមហ៊ុន KrisEnergy។

លោក ម៉េង សក្តិធារ៉ា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល” នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ។

លោកលើកឡើងថា ការងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការចរចាយ៉ាងសកម្មជាមួយភាគីម្ចាស់កប៉ាល់ MT Strovolos ដែលផ្ទុកប្រេង និងម្ចាស់បំណុលធំរបស់ក្រុមហ៊ុន KrisEnergy ដោយទទួលបានលទ្ធផលល្អ ដែលក្រសួងនឹងឆ្លងគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីអាចឈានទៅបញ្ចប់ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ប្រេងឆៅក្នុងកប៉ាល់ជិត៣០ម៉ឺននោះក្នុងពេលឆាប់ៗ អាចនៅក្នុងដំណាច់ខែកញ្ញា ឆ្នាំ២០២២។

លោកបញ្ជាក់បន្ថែមថា “ក្រៅពីវិធានការច្បាប់ ដែលយើងបានអនុវត្តន៍កន្លងមក យើងបានចរចាឡើងវិញ អំពីការបែងចែកផលប្រយោជន៍ គឺប្រេងជិង៣០ម៉ឺនបារ៉ែលនោះ ត្រូវបានចែងចែកឲ្យម្ចាស់បំណុល [ម្ចាស់បំណុលក្រុមហ៊ុន KrisEnergy ខ្លះ ត្រូវបែងចែកឲ្យម្ចាស់កប៉ាល់ខ្លះ ដើម្បីទូទាត់ថ្លៃកប៉ាល់ដែលគេបានជួល ហើយដល់ប៉ុន្មានមកឲ្យយើង”។

លោកបានបន្តថា “ការចរចានេះជាការតស៊ូវែងឆ្ងាយ ដើម្បីធ្វើយ៉ាងណាឲ្យយើងទទួលបានផលប្រយោជន៍ច្រើន។ លទ្ធផលនៃការចរចានេះ យើងនឹងរាយការណ៍ជូនសម្តេចតេជោ ដើម្បីស្នើសុំការឯកភាព ប៉ុន្តែយើងទាមទារបានជារួម គឺ៧០ភាគរយនៃប្រេងទាំងអស់ ហើយ២៦ភាគរយ សម្រាប់ទូទាត់ទៅឲ្យថ្លៃកប៉ាល់ និង៤ភាគរយសម្រាប់ម្ចាស់បំណុលក្រុមហ៊ុន KrisEnergy ដែលក្ស័យធនទៅហើយនោះ”។

បើយោងតាមលោក ម៉េង សក្តិធារ៉ា តាមរយៈលទ្ធផលនេះ បើប្រៀបធៀបទៅនឹងអ្វីដែលគួរបានពីមុនកម្ពុជានឹងទទួលបានច្រើនជាងមុន ដោយសារថ្លៃប្រេងបច្ចុប្បន្នេះ បានកើនឡើងពី៥០ដុល្លារក្នុង១បារ៉ែល មកដល់ជិត១០០ដុល្លារក្នុង១បារ៉ែល ដោយតម្លៃប្រេងឡើងច្រើន នោះនឹងទទួលបានលុយច្រើនដែរ ហើយ៧០ភាគរយនេះ បូកបន្ថែមជាមួយប្រាក់តម្កល់៥លានដុល្លាររបស់ក្រុមហ៊ុន KrisEnergy ផងដែរ៕

ដំណឹងល្អ ក្រុមហ៊ុនធំមួយចាប់ផ្តើមផលិតមាសនៅស្រុករវៀងខេត្តព្រះវិហារ

ដោយ៖ សុផារី

ព្រះវិហារ៖ ក្រុមហ៊ុនធំមួយទៀត បន្ទាប់ពីក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី  បានចាប់ផ្តើមសាកល្បងផលិតមាសរបស់ខ្លួន ផលិតបាន២០គីឡូក្រាម ដោយផលិតជាដុំ ក្នុង១ដុំមួយគីឡូ នៅស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល” នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រុមហ៊ុនទី២នេះ ឈ្មោះថា “ឌែលខម” ជាក្រុមហ៊ុនធុនមធ្យម ដោយផែនការក្នុងឆ្នាំដំបូង នៃគម្រោងផែនការអាជីវកម្ម គ្រោងផលិត៣៤០គីឡូក្នុងមួយឆ្នាំ។

តាមរយៈអាជីវកម្មនេះ បើគិតជាសួយសារចូលរដ្ឋ ប្រហែលជាជិត៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដោយក្រុមហ៊ុននេះកំពុងធ្វើអាជីវកម្មនៅស្រុករវៀង ខេត្តព្រះវិហារ។ កាលពីថ្ងៃទី៤ ខែសីហាប៉ុន្មានថ្ងៃមុននេះ គឺមានក្រុមហ៊ុនឌែលខម (Delcom Cambodia) បានចាប់ផ្តើមសាកល្បងផលិតមាសរបស់ខ្លួន ផលិតបាន២០គីឡូក្រាម ដោយផលិតជាដុំ ក្នុង១ដុំមួយគីឡូ។

ក្រុមហ៊ុនឌែលខម ជាក្រុមហ៊ុនធុនមធ្យម ដោយផែនការក្នុងឆ្នាំដំបូង នៃគម្រោងផែនការអាជីវកម្ម គ្រោងផលិត៣៤០គីឡូក្នុងមួយឆ្នាំ។ បើគិតជាសួយសារចូលរដ្ឋ ប្រហែលជាជិត៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ក្រុមហ៊ុននេះកំពុងធ្វើអាជីវកម្មនៅស្រុករវៀង ខេត្តព្រះវិហារ។

យោងតាមលោក អ៊ឹង ឌីប៊ូឡា មានក្រុមហ៊ុនចំនួន៧ ដែលបានទទួលអាជ្ញាប័ណ្ណអាជីវកម្ម ដើម្បីផលិតរ៉ែមាស ពីក្រសួងរ៉ែ និងថាមពល។

លោកបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាមិនទាន់មានអាជីវកម្មរ៉ែមាស នៅខេត្តរតនគិរីទេ គឺមានតែអាជ្ញាប័ណ្ណស្វែងរុករករ៉ែមាសចំនួន៣ ក្នុងនោះចំនួន២ គឺក្រុមហ៊ុនមកពីកាណាដា Angkor Gold និងមួយទៀតនោះ ក្រុមហ៊ុនមកពីប្រទេសចិន៕

ព្រលានយន្តហោះទាំងបីរបស់កម្ពុជាទទួលបានអ្នកធ្វើដំណើរចេញចូលជាង៩០ម៉ឺនាក់ក្នុងរយៈពេល៧ខែ

 ដោយៈជេស៊ីកា

ភ្នំពេញៈ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងថា គិតត្រឹមចន្លោះខែមករា ដល់ខែកក្កដា កម្ពុជាទទួលបានអ្នកដំណើរចេញ ចូលតាមផ្លូវអាកាសចរាចរណ៍អ្នកដំណើរ មានចំនួន ៩០៨,០៥៩ នាក់ កើនឡើង ជិត៥០០ភាគរយ បើធៀបនឹងរយៈពេល៧ខែដូចគ្នាកាលពីឆ្នាំ។

ជាមួយគ្នានេះចំនួន ចរាចរណ៍យន្តហោះ (ចំនួនការចុះចត និងការហោះឡើង) មានចំនួនសរុប១២,៥៥០ជើង គិតមកដល់បំណាច់ខែកក្កដាឆ្នាំ២០២២ (ពីខែមករា ដល់ខែកក្កដាឆ្នាំ២០២២) មានការកើនឡើងជាង១១០ភាគរយ បើធៀបនឹងរយៈពេល៧ខែដូចគ្នា កាលពីឆ្នាំ២០២១ ប៉ុន្តែ នៅធ្លាក់ចុះ៧០ភាគរយ (-70%) បើធៀបនឹងរយៈពេលដូចគ្នា ក្នុងខែក   ក្កដា ឆ្នាំ២០១៩ មុនពេលមានវិបត្តិកូវីដ-១៩ (ខែកក្កដា ឆ្នាំ២០២២ ធៀបនឹងខែកក្កដា ឆ្នាំ២០១៩)។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៣៤,៥៤៧តោន គិតមកដល់បំណាច់ ខែកក្កដា ឆ្នាំ២០២២ (ខែមករា ដល់ខែកក្កដា ឆ្នាំ២០២២)នេះ តែមានការថយចុះ​៤,៤៣ភាគរយ(-4.43%)  បន្តិចវិញ ធៀបនឹងរយៈពេល៧ខែដូចគ្នាកាលពីឆ្នាំ២០២១។

លោកបានបន្តទៀតថា ប្រទេសយើងបានកាត់បន្ថយ ក៏ដូចជាលប់ចោលនូវរាល់វិធានការ និងរបាំងនានាដែលមិនចាំបាច់ សម្រាប់កិច្ចសម្រួលដល់ការធ្វើដំណើរតាមផ្លូវអាកាស ស្របទៅតាមគន្លងប្រក្រតីភាពថ្មី និងស្ថានភាពជាក់ស្តែង។ ការកើនឡើងជាលំដាប់ នៃចំនួនចរាចរណ៍អ្នកដំណើរ និងចំនួនចរាចរណ៍យន្តហោះ (ចំនួនជើងហោះហើរ)នេះ ជាសញ្ញាមួយដែលបង្ហាញថា យើងកំពុងត្រលប់ទៅរកគន្លងកំណើនឆ្ពោះទៅរកកម្រិតមុនការរាតត្បាតជំងឺជាបណ្តើរៗហើយ៕

 

ក្រុមហ៊ុនថៃជាច្រើនកំពុងកំណត់ទិសដៅនិងពង្រីកឱកាសពាណិជ្ជកម្ម នៅកម្ពុជា

ដោយ:លាងហួរ

បាងកក: អ្នកធុរកិច្ចថៃបានកំណត់ទិសដៅ លើការពង្រីកពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យម្ហូបអាហារកែច្នៃ កសិកម្ម ទេសចរណ៍ ថាមពលកកើតឡើងវិញ ប្លាស្ទិក ត្បូង និងគ្រឿងអលង្ការ។

យោងតាមលោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាភិបាលពាណិជ្ជកម្មថៃ បានឱ្យដឹងថា កម្ពុជាកំពុងសម្រេចបានកំណើនសេដ្ឋកិច្ច ជាមធ្យមពី៧ទៅ៨ភាគរយក្នុងមួយឆ្នាំ ដោយសារប្រទេសនេះ បើកចំហសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស។

ប្រទេសកម្ពុជាបាននឹងកំពុងព្យាយាម អភិវឌ្ឍវិស័យទេសចរណ៍ និងកសិកម្ម ប៉ុន្តែប្រទេសនេះនៅខ្វះចំណេះដឹងគ្រប់គ្រាន់ និងបច្ចេកវិទ្យាទំនើប ជាពិសេសផ្នែកស្តុកទុក និងកែច្នៃ។

លោក Sanan បានមានប្រសាសន៍ថា នេះផ្តល់ឱកាសដ៏ល្អសម្រាប់អ្នកធុរកិច្ចថៃ ក្នុងការបង្កើតការវិនិយោគរួមគ្នា ជាមួយសមភាគីកម្ពុជាក្នុងវិស័យជាច្រើន ដូចជា អាហារកែច្នៃ កសិកម្ម ទេសចរណ៍ ថាមពលកកើតឡើងវិញ ប្លាស្ទីក វិស័យសេវាកម្ម ក៏ដូចជាត្បូង និងគ្រឿងអលង្ការដែល ពាណិជ្ជករ ថៃ ជាង៦០នាក់បានមកទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី ៤-៥ ខែ សីហា។

យោងតាមលោក Sananបានឱ្យដឹងថា គណៈប្រតិភូធុរកិច្ចថៃក៏បានជួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា លោកចម ប្រសិទ្ធ ហើយភាគីថៃក៏បានជំរុញរដ្ឋាភិបាល កម្ពុជា ឱ្យ ជួយ ដោះស្រាយឧបសគ្គ ក្នុងការសម្របសម្រួលពាណិជ្ជកម្ម ក្នុង លក្ខខណ្ឌ នៃច្បាប់និងបទប្បញ្ញត្តិ ដែលមិនប្រក្រតី ដើម្បីទាក់ទាញការវិនិយោគ ពីបរទេសឱ្យបានកាន់តែច្រើន ៕

ក្រុមហ៊ុនថៃសាងសង់ផ្ទះវីឡាRayong ផ្តោតគោលដៅដើម្បីទាក់ទាញវិនិយោគិនអឺរ៉ុប

ដោយ: លាងហួរ

ប្រទេសថៃ: ក្រុមហ៊ុនGrande Asset Hotels and Property Plc បានបើកដំណើរការគម្រោងវីឡាប្រណីត Amatara Residences Rayong ដែលមាន៦១យូនីត តម្លៃចាប់ពី៣៣លានបាត ដើម្បីទាក់ទាញប្រជាជនអឺរ៉ុប ដែលកំពុងស្វែងរកផ្ទះបែបរមណីយដ្ឋាន។

លោក Pheeraphon Nonthasoot អនុប្រធានប្រតិបត្តិផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុននេះ បាននិយាយថា ឆ្នេរLaem Mae Phim ដែលមានចម្ងាយ៦គីឡូម៉ែត្រ ពីទីតាំងគម្រោង ត្រូវបានគេស្គាល់យ៉ាងច្បាស់ក្នុងចំណោមប្រជាជនអឺរ៉ុបខាងលិច ជាពិសេសជនជាតិស៊ុយអែត និងអាល្លឺម៉ង់។

លោកបន្តថា គម្រោងវីឡា Rayong មិនមានការអភិវឌ្ឍន៍ថ្មីនៃលំនៅដ្ឋានប្រណីតអស់រយៈពេលជាច្រើនឆ្នាំ ហើយនេះគឺជាពេលវេលាដ៏ត្រឹមត្រូវដើម្បីចាប់ផ្តើមគម្រោងនេះ ដោយសារប្រាក់បាតកំពុងធ្លាក់ចុះ នាពេលបច្ចុប្បន្ន ខណៈដែលប្រជាជនអឺរ៉ុបជាច្រើន ទំនងជាកំពុងស្វែងរកកន្លែងស្នាក់នៅក្នុងអំឡុងពេលរដូវរងា ខាងមុខចំពេលមានវិបត្តិថាមពល។

លោក Nithi Nakages ស្ថាបនិកសមាគមអចលនទ្រព្យ Rayong បាននិយាយថា ប្រជាជនស៊ុយអែតចូលចិត្តស្នាក់នៅ ជុំវិញតំបន់មាត់សមុទ្ររបស់ Rayong នៅជិតឆ្នេរ Laem Mae Phim ជាពិសេសជាកន្លែងដែលគ្រួសារស៊ុយអែត ប្រហែល៥០០គ្រួសាររស់នៅ៕

អាមេរិក ប្រកាសប្រគល់វត្ថុបុរាណដ៏មានតម្លៃចំនួន៣០ដែលចោរបានលួចមកឱ្យកម្ពុជាវិញ

ដោយៈ សុខុម

ញូវយ៉ក: មន្ត្រីអាមេរិក បានប្រកាសកាលពីថ្ងៃច័ន្ទ ទី៨ ខែសីហា ថា សហរដ្ឋអាមេរិក នឹងប្រគល់វត្ថុបុរាណ ដែលអាយុកាលជាង១.០០០ឆ្នាំ មានតម្លៃមិនអាចកាត់ថ្លៃបាន ចំនួន៣០ដែលចោរលួចមកឱ្យកម្ពុជាវិញ។

យោងតាមសារព័ត៌មានថៃ The Nation ដែលចុះផ្សាយនៅថ្ងៃអង្គារ ទី៩ ខែសីហា នេះឱ្យដឹងថា វត្ថុបុរាណទាំងនោះ រួមមានទាំងពុទ្ធប្បដិមាសំរឹទ្ធិ និងបដិមាអាទិទេព ក្នុងលទ្ធិព្រហ្មញ្ញសាសនា ដែលឆ្លាក់ពីថ្មផងដែរ។

ទីតាំងបុរាណវត្ថុនានារបស់កម្ពុជា រួមទាំងទាំងប្រាសាទកោះកេរ ដែលជាអតីតរាជធានីនៃអាណាចក្រខ្មែរ នាសម័យបុរាណផង បានទទួលរងការលួចប្លន់ យ៉ាងផុសផុលគួរឱ្យសោកស្ដាយបំផុត អំឡុងសង្គ្រាមស៊ីវិលចន្លោះពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៩០។

ចាប់តាំងពីពេលនោះមក រាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្វះស្វែងយ៉ាងខ្លាំង ធ្វើយ៉ាងណាឱ្យវត្ថុបុរាណទាំងនោះ​ ដែលចោរលួចយកទៅលក់នៅលើទីផ្សារអន្តរជាតិ បញ្ជូនមកឱ្យកម្ពុជាវិញ។

លោក Damian Williams រដ្ឋអាជ្ញាសហព័ន្ធកំពូលនៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានបញ្ជាក់ថា វត្ថុបុរាណទាំងនេះ ត្រូវបានលក់ទៅឱ្យអ្នកទិញ នៅលោកខាងលិច ដោយឈ្មួញវត្ថុបុរាណម្នាក់នៅទីក្រុងបាងកក ប្រទេសថៃ ឈ្មោះ Douglas Latchford ដែលបានក្លែងឯកសារ ដើម្បីលាក់បាំងការពិតកុំឱ្យគេដឹងថា វត្ថុបុរាណទាំងនោះត្រូវបានគេលួច និងរត់ពន្ធដោយខុសច្បាប់។

ក្នុងពិធីប្រកាសប្រគល់វត្ថុបុរាណទាំងនេះមកឱ្យកម្ពុជា វិញនៅ Manhattan លោក Damian Williams បានលើកឡើងថា “រូបចម្លាក់ និងវត្ថុបុរាណទាំងនេះ មានអាយុកាលចាប់ពីសម័យសំរឹទ្ធិ រហូតដល់សតវត្សទី១២ គឺជាតម្លៃវប្បធម៌ដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជា”៕ Reuters៕