បុរីបុស្បាបាននិងកំពុងចូលរួមកសាងសហគមន៍ស៊ិវិល័យមួយនៅ ក្នុងគំរោងរបស់ខ្លួន

  ដោយៈ វិវឌ្ឈន៍

ភ្នំពេញៈ ការកសាងសហគមន៍ស៊ីវិល័យមួយ នៅក្នុងបុរីពិតជាមានសារៈសំខាន់ ដើម្បីឲ្យមនុស្សរស់នៅក្នុងបុរី មានអារម្មណ៍ផាសុខភាព និងភាពស្និទ្ឋស្នាល ដើម្បីចែករំលែកអារម្មណ៍រីករាយជាមួយគ្នា។

ដោយបានសិក្សាពីមូលដ្ឋានតម្រូវការ និងចំណង់ចំណូលចិត្តរបស់មនុស្សសម័យថ្មី ដែលរកអ្វីដែលប្លែក និងចង់កាត់បន្ថយស្រ្តេសពីកន្លែងការងារ អ្នកវិនិយោគបុរីបុស្បា បានរកឃើញនូវចំណុចរួមនេះ ដោយសាងសង់លំនៅដ្ឋានជាមួយគុណភាព សោភ័ណភាពផង និងផ្សារភ្ជាប់ជាមួយធម្មជាតិផង ពិសេ​សមានអាងហែលទឹកនៅក្នុងផ្ទះវីឡាប្រណីត ដែលផ្តល់បរិយាកាសត្រជាក់មនោរម្យគ្រប់រដូវកាល ដល់ម្ចាស់លំនៅដ្ឋាននិមួយៗ។

បុរីនេះ បាននិងកំពុងដាំដើមឈើកាន់តែច្រើន ជាមួយស្លឹកខៀវស្រងា​ត់ វានឹងធ្វើឲ្យបុរីនេះ ក្លាយជាសហគមន៍បៃតងមួយនាពេលអនាគត ដែលនឹងផ្តល់នូវកន្លែងហាត់ប្រាណ ស្រូបយកខ្យល់អាកាសបរិសុទ្ឋ សម្រាប់អ្នកស្នាក់នៅក្នុងបុរីនេះ។

បុរីបុស្បាបាន ផ្សារភ្ជាប់ជាមួយគុណតម្លៃចំនួន៥ រួមមាន ទី១ គុណភាព និងសោភ័​ណភាពសំណង់ ទី២ ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងផ្សារភ្ជាប់ជាមួយសហគមន៍បៃតង ទី៣ សំណង់ត្រូវបានរចនាឡើង ស្របតាមនិន្នាការប្រែប្រួលអាកា​សធាតុ ដែលផ្តល់នូវខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ កាត់បន្ថយការប្រើប្រាស់អគ្កិសនី។

ទី៤ ទីតាំងមានភាពប្រទាក់ក្រឡាគ្នា ជាមួយបណ្តាញផ្លូវជាតិសំខាន់ៗ រួមមាន ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៥ ទីតាំងព័ទ្ឋជុំវិញ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម ដូចជាផ្សារទំនើបAEON Mall3 ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ និងផ្សារសហគមន៍ជាច្រើនទៀត។

លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណកម្មការទីផ្សារបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីដើមសប្តាហ៍ នេះថា ការរីកចម្រើននៃរាជធានីភ្នំពេញ បាននិងកំពុងធ្វើឲ្យជីវភាព ប្រជាពលរដ្ឋប្រសើរឡើង ដែលធ្វើឲ្យតម្រូវការបុរីលំនៅដ្ឋាន កើនឡើងជាប្រចាំ ពិសេសនៅទឹកដីខ័ណ្ឌដង្កោ ដែលជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើន និងជាទីតាំងដែលមានការរីកចម្រើនលឿននាពេលអនាគត។

លោកបន្តថា “ដោយមើលឃើញបែបនេះ ទើបបុរីបុសប្បាបានជ្រើសរើសទីតាំងនេះ សម្រាប់អភិវឌ្ឍន៍ជំហ៊ានដំបូងលើផ្ទៃដី១០ហិកតា និងពង្រីកកាន់តែធំថែមទៀតនាពេលឆាប់ៗនេះ”។ លោកបន្តថា  “ស្តង់ដាបុរីរបស់យើង គឺផ្តោតលើសុខមាលភាពរបស់អ្នករស់នៅ ដែលមានទាំងសួនច្បារបៃតង ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងការរចនាម៉ូតផ្ទះទាន់សម័យ និងស្របតាមលក្ខខ័ណ្ឌអាកាសធាតុ”។

លោកអ៉ី ពិសិដ្ឋបានបន្តទៀតថា ជាមួយនឹងផែនការ និងចក្ចុវិស័យចំពោះមុខ ក្រុមហ៊ុនបានវិនិយោគបុរីនេះឡើង ដោយគិតពីគុណតម្លៃរបស់អតិថិជន ដែលមានន័យថា យើងលក់តម្លៃសមរម្យ ទាបជាងទីផ្សារ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋ ការឌីសាញគំរោងរបស់យើង មិនចាញ់បុរីល្បីៗនៅកម្ពុជានោះទេ។

លោកបន្តថា “ការសិក្សាពីតម្រូវការ ចំណង់ចំណូលចិត្តរបស់អតិថិជន គឺជាស្នូលនៃគុណតម្លៃ ដែលយើងផ្តល់ជូនអតិថិជន នូវស្នាមញញឹម បរិយា​កាសរស់នៅប្រកបដោយផាសុខភាព និងមានភាពស៊ីវិល័យ”។

អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០៨១ ២៣០ ៧៨៩, ០៦៧ ២៣០ ៧៨៩, ០៩៩ ២៣០៧៨៩៕

រុស្ស៊ីគ្រោងចំណាយ២៣ពាន់លានដុល្លារ ទិញយន្តហោះថ្មីៗមក ជំនួសយន្តហោះអាមេរិក និងអឺរ៉ុប

ដោយៈ សុខុម

ម៉ូស្គូ: ប្រទេសរុស្ស៊ី គ្រោងនឹងចំណាយ២២,៧ពាន់លានដុល្លារអាមេរិក ដែលបានពីមូលនិធិSovereign Wealth Fund (SWF) របស់ខ្លួនដើម្បីទិញយន្តហោះថ្មីៗ មកជំនួសយន្តហោះអាមេរិក និងយន្តហោះអឺរ៉ុប។

ទោះជាយ៉ាងណា ការផ្លាស់ប្ដូរនេះមិនមែនមកពីរុស្ស៊ី មិនចូលចិត្តប្រើយន្តហោះ ដ៏មានគុណភាពផលិតដោយសហរដ្ឋអាមេរិក និងអឹរ៉ុបនោះទេ ប៉ុន្តែគឺដោយសារខ្លួនពិបាករកគ្រឿងបន្លាស់ សម្រាប់ជួសជុលយន្តហោះទាំងនោះ ខណៈខ្លួនកំពុងទទួលរងទណ្ឌកម្ម ជុំទិសពីសំណាក់លោកខាងលិច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៨ ខែតុលា។

បណ្ដាក្រុមហ៊ុនជួលយន្តហោះ នឹងទទួលបានប្រាក់ទាំងនេះ ដើម្បីយកទៅទិញយន្តហោះថ្មីៗ ដែលផលិតដោយរុស្ស៊ី រួមទាំងយន្តហោះម៉ូឌែល Superjet New ផលិតដោយក្រុមហ៊ុន Sukhoi និងយន្តហោះម៉ូឌែល MS-21 ផលិតដោយក្រុមហ៊ុន Irkut ផងដែរ ដើម្បីជំនួសយន្តហោះផលិតដោយក្រុមហ៊ុនអាមេរិក Boeing និងយន្តហោះផលិតដោយក្រុមហ៊ុនអឺរ៉ុប Airbus។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការ ទទួលបន្ទុកថវិកាកាលពីថ្ងៃច័ន្ទ ទី១៧ ខែតុលា នៅក្នុងសភាជាន់ទាបរុស្ស៊ី ថា “ក្រុមហ៊ុនផលិតយន្តហោះរបស់យើង នឹងត្រូវបានធានាទទួលបានតម្រូវការជួល ពីបណ្ដាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់យើង”។

លុយដែលត្រូវចំណាយសម្រាប់គម្រោងប្ដូរយន្តថ្មីនេះ នឹងត្រូវបង្វែរចេញពីមូលនិធិ National Wealth Fund (NWF) ដែលកំពុងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើង ដើម្បីជំរុញសេដ្ឋកិច្ចប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច ក្រោយពីរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះ។

តំណាងក្រសួងហិរញ្ញវត្ថុរុស្ស៊ី លើកឡើងថា តាមការរំពឹងទុកមូលនិធិនេះនឹងត្រូវចំណាយនៅឆ្នាំ២០៣០។

ក្រុមហ៊ុន Rostec ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី បាននិយាយកាលពីខែកញ្ញា ថា ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសរុស្ស៊ី មានបំណងផលិតយន្តហោះឱ្យបានចំនួន១.០០០គ្រឿង នៅឆ្នាំ២០៣០ ដើម្បីបញ្ចប់ការពឹងផ្អែករបស់ខ្លួន លើយន្តហោះដែលផលិតដោយលោកខាងលិច៕ Reuters៕

ក្រុមហ៊ុនMetaស្នើសុំចាប់ដៃគូសហការជាមួយក្រុមហ៊ុនSamsung

ដោយ: លាងហួរ

អាមេរិក: លោក Mark Zuckerberg នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta Platforms បានជួបជាមួយមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន Samsung Electronics ដើម្បីពិភាក្សាអំពីវិធីសម្រាប់កិច្ចសហប្រតិបត្តិការអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ។

យោងតាមប្រភពមួយបានឱ្យដឹងថា លោកMark Zuckerberg បានអញ្ជើញទៅទស្សនាក្រុមហ៊ុន Samsung Research America នៅតំបន់ភាគខាងជើងរដ្ឋកាលីហ្វ័ញ៉ា(Silicon Valley)ហើយលោកបានជួបពិភា​ក្សាជាមួយលោក Han Jong-hee ប្រធានផ្នែកបទពិសោធន៍ឧបករណ៍របស់ក្រុមហ៊ុន Samsung និងលោក Roh Tae-moon ប្រធានផ្នែកអាជីវកម្មបទពិសោធន៍ទូរស័ព្ទ។

នាយកប្រតិបត្តិSamsung ទាំងពីររូប បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក​ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ Samsung នៅទីក្រុង San Francisco។

ទោះបីជាប្រធានបទលម្អិត នៃកិច្ចប្រជុំត្រីភាគីនេះមិនទាន់បញ្ចេញឱ្យដឹងក៏ដោយ ប៉ុន្តែប្រភពមួយបានទម្លាយឱ្យដឹងថា លោក Mark Zuckerberg បានស្នើឱ្យ Samsung ស្វែងរកភាពជាដៃគូអាជីវកម្មដ៏ទូលំទូលាយ សម្រាប់ឧបករណ៍ការពិតនិម្មិត ជាមួយក្រុមហ៊ុន Meta Platforms របស់លោកដែលពីមុនមានឈ្មោះថា Facebook ។

ក្រុមហ៊ុនMeta Platforms បានដាក់បង្ហាញកាសស្តាប់ស៊េរីខ្ពស់របស់ខ្លួន គឺMeta Quest Pro នៅក្នុងកម្មវិធី Meta Connect២០២២ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន។

លោក Mark Zuckerberg បានប្តូរឈ្មោះក្រុមហ៊ុនរបស់លោកពីFacebook ទៅជាMeta Platforms កាលពីខែតុលាឆ្នាំ២០២១ ដោយលោកនឹងផ្តោតលើការកសាងmetaverse៕

ទីក្រុងឆ្លាតវៃលំដាប់យក្សរបស់អារ៉ាប៊ីសាអូឌីត ចាប់ដៃគូជាមួយអ្នកអភិវឌ្ឍន៍សណ្ឋាគារដើម្បីពន្លឿនគំរោងរបស់ខ្លួន

ដោយៈ សុខុម

រីយ៉ាដ: គម្រោងទីក្រុងឆ្លាតវៃដ៏ធំមហិមា ដែលមានតម្លៃ៥០០ពាន់លានដុល្លារអាមេរិក NEOM របស់អារ៉ាប៊ីសាអូឌីត បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍សណ្ឋាគារ Ennismore ដើម្បីពន្លឿនការសាងសង់ គម្រោងគោលដៅទេសចរណ៍តំបន់ភ្នំTrojena របស់ខ្លួន។

ការចាប់ដៃគូសហការជាមួយ ក្រុមហ៊ុនអភិវឌ្ឍន៍សណ្ឋាគារដំបូងបង្អស់នេះ គឺដើម្បីពន្លឿនការសាងសង់ឱ្យទាន់ពេលវេលា ដើម្បីត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម រដូវរងាឆ្នាំ២០២៩ (Asian Winter Games 2029)។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៧ ខែតុលា។

ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ខាងលើនេះ នឹងបង្កើតម៉ាកយីហោ (Brand) ល្បីៗរបស់ខ្លួនរួមមានម៉ាកយីហោ 25hours Hotels និងម៉ាកយីហោ Morgans Originals នៅក្នុងគម្រោងគោលដៅទេសចរណ៍តំបន់ភ្នំ Trojena ដែលនឹងក្លាយជាភូមិស្គី នៅពេលការសាងសង់បញ្ចប់ជាស្ថាពរ។

កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍សណ្ឋាគារ Ennismore នេះគឺជាជាកិច្ចព្រមព្រៀងមួយ ក្នុងចំណោមកិច្ចព្រមព្រៀងជាច្រើន ដែលនឹងត្រូវចុះហត្ថលេខា ជាមួយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍សណ្ឋាគារ ខណៈក្រុមហ៊ុន Hotel Development ដែលជាផ្នែកមួយរបស់ NEOM ទទួលបន្ទុកសាងសង់ប្រព័ន្ធអេកូបដិសណ្ឋារកិច្ច ដែលផ្តោតលើអនាគតកាល មានបំណងចាប់ដៃគូសហការជាមួយបណ្ដាក្រុមហ៊ុនឈានមុខគេ។

តាមការរំពឹងទុក គម្រោង Trojena នឹងត្រូវសាងសង់បញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៦ ហើយវាជាតំបន់មួយដែលសីតុណ្ហភាព ក្នុងរដូវរងាធ្លាក់ចុះក្រោមសូន្យ ហើយសីតុណ្ហភាពពេញមួយឆ្នាំជាទូទៅ ត្រជាក់ជាងកន្លែងផ្សេងៗទៀតនៃតំបន់នោះដល់ទៅ១០អង្សាសេ។

គម្រោងនេះ លាតសន្ធឹងលើផ្ទៃដី៦០គីឡូម៉ែត្រការ៉េ នៅរយៈកម្ពស់ចន្លោះពី១.៥០០ម៉ែត្រ ទៅ២.៦០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។

ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមរដូវរងា ឆ្នាំ២០២៩ នៅ Trojena នេះនឹងមានព្រឹត្តិការណ៍ចំនួន៤៧ ដោយក្នុងនោះ២៨ព្រឹត្តិការណ៍ធ្វើឡើងនៅលើព្រិល និង១៩ព្រឹត្តិការណ៍ធ្វើឡើងនៅលើទឹកកក។

លោក Nadhmi Al-Nasr នាយកប្រតិបត្តិរបស់ NEOM លើកឡើងថា គម្រោងTrojena នឹងមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម រដូវរងាក្លាយជាព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមរដូវរងាអស្ចារ្យបំផុត មិនធ្លាប់មានពីមុនមក៕  Arab News៕

“បុរីវិមានសំណាង”មានព្រែកធម្មជាតិហូរកាត់ប្រវែង១គីឡូម៉ែត្រ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ទីតាំងពិតជាមានសារៈសំខាន់ណាស់ ក្នុងវិស័យអចលនទ្រព្យ ទាំងការវិនិយោគរកផលចំណេញ និងការរៀបចំគំរោងអភិវឌ្ឍន៍នានា។

ជាមួយនឹងការគិតគូ ដល់បែបផែននៃការរស់នៅសម័យថ្មី និងមានភាពស៊ីវិល័យ បុរីវិមានសំណាងបាន និងកំពុងគិតពីផាសុខភាពដល់អ្នករស់នៅ និងចូលរួមលើកកំពស់ស្តង់ដាបៃតង និងគុណភាពជីវិតរបស់អ្នកទិញលំនៅដ្ឋានក្នុងបុរីទំហំជាង២០ហិកតានេះ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងកំពុងអភិវឌ្ឍន៍បុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងលើផេកផ្លូវការរបស់លោកាលពីថ្ងៃទី១៨ តុលាកន្លងមកថា បុរី វិមានសំណាង លើផ្ទៃដី២៥ហិកតា មានព្រែកធម្មជាតិហូរកាត់ប្រវែង១០០០ម៉ែត្រ ដែលយើងនឹងមើលថែរអោយបានល្អ និងស្អាត ដើម្បីជាផលប្រយោជន៍រួមសម្រាប់បងប្អូន ពុកម៉ែ ពូមីង និងមិត្តភក្តិ ដែលរស់នៅក្នុងបុរី វិមានសំណាងផ្ទាល់តែម្តង។

បុរីវិមានសំណាង ស្ថិតនៅភាគខាងជើងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីចម្ងាយប្រមាណ២៥០០ម៉ែត្រ និងជាទីតាំងមួយដែលព័ទ្ឋជុំវិញដោយផ្សារទំនើប ផ្សារសហគមន៍ រមណីយដ្ឋានធម្មជាតិ និងធ្វើដំណើរប្រមាណ១០នាទី ទៅដល់ពហុកីឡាដ្ឋានមរតកតេជោ ដែលជាទីតាំងនឹងរៀបចំកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ៕

 

រដ្ឋាភិបាលសម្រេចបិទអាជីវកម្មនិងភ្នាក់ងារទេសចរណ៍ចំនួនបី

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍បានដាក់ចេញវិធានការណ៍ក្តៅ ដោយបានសម្រេចបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន៣។

អាជីវកម្ម និងភ្នាក់ងារទេសចរណ៍ទាំងបីរួមមាន ទី១ ភ្នាក់ងារទេសចរណ៍ នាគ ក្រហម (Neak Krohom Travel & Tours) ទី២ ការីទេសចរណ៍ អ ឌី អាយ ធួរ (R.D.I Tour) និងទី៣ ការីទេសចរណ៍ ចំណូល ត្រាវែល & ធួរ (Chamnol Travel & Tour Co.,Ltd)។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេស​ចរណ៍ បានឲ្យដឹងនិងបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមកាលពីល្ងាចថ្ងៃទី១៨ តុលាកន្លងមកបានឲ្យដឹងថា ក្រសួងនឹងដំណើរការតាមនីតិវិធី ក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ក្នុងរយៈពេល១ខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ធ្វើការតវ៉ា ករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុ ក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមក ដែលមិនទាន់ដោះស្រាយរួចរាល់ ជាមួយអាជីវកម្មខាងលើ៕

ពិភពលោកកំពុងសម្លឹងនិងរង់ចាំមើលគោលនយោបាយសេដ្ឋកិច្ចរបស់ចិន ខណៈការបោះឆ្នោតជ្រើសរើ់សប្រធានាធិបតីថ្មីមកដល់

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បណ្តាប្រទេសនានាដែលកំពុងពឹងផ្អែកចិន បាននិងកំពុងសម្លឹង និងទន្ទឹងរង់ចាំមើលគោលនយោបាយសេដ្ឋកិច្ច ដែលនឹងដាក់ចេញដោយប្រធានាធិបតីចិនក្នុងសប្តាហ៍នេះ។

បញ្ហាឱនភាពសេដ្ឋកិច្ចប្រទេសចិន បានធ្វើឲ្យពិភពលោកព្រួយបារម្ភ ដោយសារប្រទេសនេះជាក្បាលម៉ាស៊ីនដ៏សំខាន់ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចពិភពលោក ប៉ុន្តែប្រទេសនេះបានដាក់ចេញ គោលនយោបាយមួយចំនួន ដែលបានធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់ក្នុងឱនភាព ដែលគោល​នយោបាយនោះរួមមាន ការដាក់ចេញបទបញ្ញត្តិភ្លាមៗលើវិស័យអចលនទ្រព្យ ដែលរដ្ឋចិនមិនអនុញ្ញាត្តឲ្យប្រជាពលរដ្ឋទិញផ្ទះលើសពីមួយ ដែលទីបំផុតបានធ្វើឲ្យក្រុមហ៊ុន អចលនទ្រព្យលំដាប់យក្សរបស់ចិន ជួបបញ្ហាភ្លាម​ៗ។

ទី២ ការដាក់ចេញនូវគោលនយោបាយZero Covid19 ដែលបានធ្វើឲ្យប្រទេសរងគ្រោះ ដល់កំនើនសេដ្ឋកិច្ចរបស់ខ្លួន ទី៣ ការបិទមិនឲ្យមានលំហូរចេញមូលធន ក៏ជាផ្នែកសំខាន់ធ្វើឲ្យសេដ្ឋកិច្ចចិនមានបញ្ហាផងដែរ ទី៤ គោលនយោបាយប្រជានិយម ដោយកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រក្នុងសង្គមចិន ក៏បង្កឲ្យមានបញ្ហាដល់ក្រុមហ៊ុនធំៗមួយចំនួនផងដែរ។

អ្នកវិភាគពីស្ថានភាពនយោបាយ នៃប្រទេសចិនបានលើកឡើងថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្ស៊ី ជីនពីងបានធ្វើឲ្សសេដ្ឋកិច្ចចិនមួយរយៈចុងក្រោយនេះជួបបញ្ហា ដែលជាលទ្ឋផលបញ្ហាផ្ទៃក្នុងរបស់បក្សក៏មានភាពរង្គោះរង្គើរផងដែរ ដែលបញ្ហារដ្ឋប្រហារ និងការចាប់ខ្លួនមេដឹកនាំចិនគឺបានលេចឡើង។

អ្នកវិភាគរូបនោះបានបន្តថា “ការបិទប្រទេសពីបញ្ហាកូវីដ១៩ និងបញ្ហាមួយចំនួនទៀត គឺជាគោលនយោបាយរបស់ប្រធានាធិបតីហ្ស៊ី ជីនពីង ដើម្បីរំងាប់ការតវ៉ាពីសាធារណៈជនចិន ខណៈបញ្ហាគោលនយោបាយ និងនិន្នាការសកលកំពុងវាយលុកសង្គមចិន”។ អ្នកវិភាគដដែលបានបន្តថា “ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយរវាងចិន និងអាមេរិកបាននិងកំពុងធ្វើឲ្យចិនមានបញ្ហាផងដែរ ហេតុនេះការដាក់ចេញគោលនយោបាយជាតិនិយមឲ្យបានខ្លាំងជាងមុន ទំនងជាយុទ្ឋសាស្រ្តថ្មីមួយរបស់ប្រធានា​ធិបតីបច្ចុប្បន្ន ដែលគេរំពឹងលោកនឹងជាប់ការបោះឆ្នោត ជាប្រធានាធិបតីនាអាណត្តិថ្មី”។

ជាមួយនឹងបញ្ហានេះ ប្រទេសចិនពន្យារពេលការចេញផ្សាយ GDP និងទិន្នន័យសេដ្ឋកិច្ចចំពេលសមាជបក្សលើកទី២០។

ប្រទេសចិនបានពន្យារពេលភ្លាមៗ នូវការបោះពុម្ពទិន្នន័យសេដ្ឋកិច្ចសំខាន់ៗមួយថ្ងៃមុន ការចេញផ្សាយដែលបានកំណត់ ខណៈប្រទេសនេះកំពុងបើកសមាជបក្សលើកទី២០។

ការិយាល័យស្ថិតិជាតិរបស់ប្រទេសនេះ បានធ្វើបច្ចុប្បន្នភាពកាលវិភាគរបស់ខ្លួនកាលពីថ្ងៃចន្ទ ជាមួយនឹងកាលបរិច្ឆេទ សម្រាប់សូចនាករសេដ្ឋកិច្ចជាបន្តបន្ទាប់ រួមទាំងកំណើនផលិតផលក្នុងស្រុកសរុប ដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់។

សូចនាករដែលបានគ្រោង នឹងចេញផ្សាយនៅថ្ងៃអង្គារនេះ ក៏រួមបញ្ចូលផងដែរនូវការលក់រាយប្រចាំត្រីមាស ផលិតកម្មឧស្សាហកម្ម និងអត្រាគ្មានការងារធ្វើប្រចាំខែ។ ចំណែកការិយាល័យស្ថិតិ មិនបានផ្តល់ហេតុផលសម្រាប់ការពន្យារពេល ឬកំណត់កាលបរិច្ឆេទបោះពុម្ពទិន្នន័យថ្មីនោះទេ។

ដោយឡែក អាជ្ញាធរគយរបស់ប្រទេសចិន ក៏បានពន្យារពេលការចេញផ្សាយទិន្នន័យពាណិជ្ជកម្មប្រចាំខែផងដែរ ដែលដំបូងឡើយគ្រោងនឹងចេញនៅថ្ងៃសុក្រ។

ការពន្យារពេលនៃការចេញផ្សាយទិន្នន័យ ស្របពេលនឹងសមាជជាតិលើកទីឋ២០ របស់បក្សកុម្មុយនិស្តចិន ក្នុងទីក្រុងប៉េកាំង ដែលលោកស៊ី ជីនពីង ត្រូវបានគេរំពឹងថាលោកនឹងកាន់តំណែង ជាប្រធានាធិបតីនៅអា​ណត្តិទី៣បន្ត។

អាទិភាព​ដែល​បាន​បង្ហាញ​ នៅ​ក្នុង​សមាជបក្សនេះ​ក៏​នឹង​កំណត់​គន្លង​របស់​ប្រទេស​ចិន​យ៉ាង​ហោច​ណាស់ ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ។

ការពន្យារពេលនេះបង្ហាញថា រដ្ឋាភិបាលជឿជាក់ថា សមាជបក្សលើកទី២០ គឺជារឿងសំខាន់បំផុត ដែលកើតឡើងនៅក្នុងប្រទេសចិននាពេលនេះ ហើយរដ្ឋាភិបាលចង់ជៀសវាង លំហូរព័ត៌មានផ្សេងទៀតដែលអាចបង្កើតសារចម្រុះកាន់តែច្រើន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី Iris Pang ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ប្រទេស​ចិន​ នៅ​ក្រុមហ៊ុន ING Group។

មានប្រសាសន៍ក្នុងសមាជគណបក្សលើកទី២០ កាលពីថ្ងៃម្សិលម៉ិញ​នេះ ប្រធានាធិបតីចិន លោកស៊ី ជីនពីងកំណត់យកវិស័យធំ២ជាម៉ាស៊ីនកំណើនសេដ្ឋកិច្ចថ្មីសម្រាប់អនាគត។

ចំពេលមានភាពតានតឹងផ្នែកបច្ចេកវិទ្យា កាន់តែខ្លាំងឡើងរវាងប្រទេ​សចិន និងសហរដ្ឋអាមេរិក ប្រធានាធិបតីចិនស៊ី ជីនពីង បានផ្ញើសារគាំទ្រដល់វិស័យព័ត៌មានវិទ្យាIT បញ្ញាសិប្បនិមិត្ត (AI)និងវិស័យថាមពល ដោ​យកំណត់វិស័យទាំងនេះជាម៉ាស៊ីនថ្មី នៃកំណើនសេដ្ឋកិច្ចនាពេលអនាគត។

នៅក្នុងឯកសារដែលមានកម្រាស់៧២ទំព័រ ដែលបង្កើតជាមូលដ្ឋានសម្រាប់សុន្ទរកថា របស់លោកស៊ី ជីនពីង ទៅកាន់សមាជបក្សលើកទី២០កាលពីថ្ងៃអាទិត្យ លោកស៊ី ជីនពីងបាននិយាយថា ប្រទេសចិនត្រូវតែជំរុញការអភិវឌ្ឍន៍រួមបញ្ចូលគ្នានៃ “ឧស្សាហកម្មដែលកំពុងរីកចម្រើន ជាយុទ្ធសា​ស្រ្ត” និងបង្កើតម៉ាស៊ីនកំណើនសេដ្ឋកិច្ច ដែលរួមបញ្ចូលផងដែរនូវជីវបច្ចេកវិទ្យា សម្ភារ បរិក្ខារទំនើប និងផលិតផលបៃតង។

ខណៈពេលដែលមេដឹកនាំចិន មិនបានរៀបរាប់លម្អិតអំពីគោលនយោ​បាយគាំទ្រជាក់លាក់នោះ លោកស៊ីបានថ្លែងថា ប្រទេសចិននៅតែដើរលើផ្លូវដើម្បីលើកកម្ពស់ ប្រភេទថ្មីឧស្សាហូបនីយកម្ម ដើម្បីក្លាយជាប្រទេសដ៏មានឥទ្ធិពលមួយនៅក្នុង ការផលិតទំនិញគុណភាពខ្ពស់ ការរុករកអវកាស ការដឹកជញ្ជូន អ៊ីនធឺណែត និងឌីជីថលនីយកម្ម។

 

សារគាំទ្រនេះ បានកើតឡើងនៅពេល ដែលទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការទប់ស្កាត់ការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ប្រទេសចិន ដោយរដ្ឋបាលចូ បៃដិន បានដាក់ចេញនូវបទប្បញ្ញត្តិថ្មីកាលពីដើមខែតុលានេះ ដើម្បីកំណត់ការចូលប្រើប្រាស់របស់ប្រទេសចិនចំពោះបច្ចេកវិទ្យាបន្ទះឈីបកម្រិតខ្ពស់៕

រដ្ឋាភិបាលអនុញ្ញាត្តឲ្យក្រុមហ៊ុនធំមួយវិនិយោគកោះតាព្រហ្ម នៅក្នុងខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តីបានអនុញ្ញាត្តឲ្យក្រុមហ៊ុនតាព្រហ្ម អ៉ីនវេសមិន ឯ កវិនិយោគលើកោះតាព្រហ្ម ដែលមានទំហំជាង១០០ហិកតា ធ្វើជាតំបន់អភិវឌ្ឍន៍លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ។

កោះតាព្រហ្ម មានទំហំផ្ទៃដីប្រមាណ១១៦ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមលិខិតលេខ ៨២១ សជណ.មយ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

ក្រុមហ៊ុននេះ នឹងអភិវឌ្ឍកោះតាព្រហ្ម ឱ្យទៅជាតំបន់សេដ្ឋកិច្ចចម្រុះ តំបន់លំនៅឋាន និងប្រែក្លាយទៅជាទីក្រុងរណបមួយផងដែរ។

យោងតាមស ជ ណ ដែលបានចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ជាតំណាងរាជរដ្ឋាភិបាលកកម្ពុជា ដើម្បីចុះកិច្ចសន្យាស្តីពីការអភិវឌ្ឍតំបន់កោះតាព្រហ្ម ជាក្រុមហ៊ុនតាព្រហ្ម អ៊ិនវេសមិន ឯ.ក។

ទោះជាយ៉ាងណាប្រភពព៌តមាន មិនបញ្ជាក់ពីពេលវេលានៃការចាប់ ផ្តើមគំរោងវិនិយោគនេះ និងទំហំទឹកប្រាក់ប៉ុន្មានពាន់លានដុល្លារ នឹងត្រូវយកទៅអភិវឌ្ឍន៍កោះនេះនៅឡើយទេ៕

រដ្ឋបាលខេត្តកំពតបង្ហាញគម្រោងអភិវឌ្ឍន៍ឆ្នេរកម្សាន្តតាមដងព្រែកដើម្បីទាក់ទាញទេសចរ

  ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ មិនចាញ់បណ្ដាខេត្តផ្សេងៗ ក្នុងតំបន់ឆ្នេរឡើយ រដ្ឋបាលខេត្តកំពត ក៏បានគ្រោងនឹងអភិវឌ្ឍន៍ឆ្នេរកម្សាន្ត នៅតាមដងព្រែកកំពង់បាយ ក្នុងឃុំជ្រុំគ្រៀលស្រុកទឹកឈូខេត្តកំពត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តកាន់តែច្រើនបន្ថែមទៀត។

យោងតាមទំព័រហ្វេសប៊ុកមួយដែលគេដឹងជាមន្ត្រី នៅសាលាខេត្តកំពត បានបង្ហាញពីគម្រោងប្លង់ឆ្នេរ ដែលនឹងត្រូវអភិវឌ្ឍន៍ហើយគម្រោងនេះមានប្រវែង ២០០០ម៉ែត្រឬ២គីឡូម៉ែត្រ ហើយក៏បានចាប់ផ្ដើមដំណើរការស្ថាបនាជាបន្តបន្ទាប់មកហើយ ដោយរំពឹងថានឹងបញ្ចប់នៅពេលឆាប់ៗនឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនានិងកម្សាន្តនៅឆ្នេរដ៏ស្អាតនេះ ។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងខេត្តកំពត កំពុងញញឹមរីករាយជាមួយនឹងគម្រោងស្ថាបនាថ្មីៗរបស់រដ្ឋបាលខេត្ត ដែលជាការទាក់ទាញដល់មនុ​ស្សមកកាន់ខេត្តកំពតកាន់តែច្រើន ដោយរំពឹងថាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យរបស់ពួកគេ នឹងមានការគាំទ្រពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋមកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។

លោកជិន ណារិន នាយកប្រតិបត្តិនៃក្រុមហ៊ុនSunshine Real Estate ក្នុងខេត្តកំពតបានឱ្យដឹងថា គម្រោងស្ថាបនាឆ្នេរក្នុងខេត្តកំពតដែលមានប្រវែងប្រមាណ២គីឡូម៉ែត្រនេះ នឹងធ្វើឱ្យខេត្តកំពតមានរមណីយដ្ឋានថ្មី និងច្រើនកន្លែងសម្រាប់ភ្ញៀវទេសចរ មកលេងក្នុងខេត្តកំពត ។ កន្លងមកភ្ញៀវទេសចរមកដល់ខេត្តកំពត ពួកគាត់ទៅលេងតែតំបន់រមណីយដ្ឋានចាស់ ដែលពួកគាត់ធ្លាប់ទៅលេងរួចទៅហើយ។ ដូច្នេះពួកគាត់ប្រាកដជាមានការធុញទ្រាន់ នឹងមិនចង់មកលេងកំពត ប៉ុន្តែនៅពេលរដ្ឋបាលខេត្តអភិវឌ្ឍន៍ឆ្នេរតាមដងព្រែកទៀតនោះ នឹងអាចឱ្យភ្ញៀវទេសទៅលេងកម្សាន្តបានយូរនិងច្រើនកន្លែង ។

លោកបន្តថា តាមរយៈគម្រោងស្ថាបនាឆ្នេរកម្សាន្ត តាមដងព្រែកនេះដែរ យើងរំពឹងថានឹងធ្វើឱ្យការលក់គម្រោងដីឡូត៏លំហែរ និងផ្ទះលំហែនៅក្នុងខេត្តកំពត ទទួលបានកំណើន និងការគាំទ្រពីពលរដ្ឋជាពិសេសពលរដ្ឋមកពីរាជធានីភ្នំពេញ ដែលមានតម្រូវការផ្ទះលំហែរ សម្រាប់ទុកសម្រាកលំហែនៅថ្ងៃចុងសប្ដាហ៍ឬនៅ ថ្ងៃឈប់បុណ្យទានជាដើម ។

លោកបានបញ្ជាក់ថា “ពេលនេះ កំពតនិងភ្នំពេញមិនឆ្ងាយពីគ្នាទេ គឺមានផ្លូវស្រួល អាចមកលេងកំពតហើយវិល ត្រលប់ទៅភ្នំពេញវិញនៅពេលល្ងាចបានយ៉ាងងាយស្រួល ដោយមានផ្លូវច្រើនខ្សែតភ្ជាប់ពីភ្នំពេញ មកកាន់ទឹកដីខេត្តកំពត”។

ជាមួយគ្នានេះ លោកកែវ សុជាតិ ប្រធានក្រុមហ៊ុន KW Kampot បានឱ្យដឹងថា ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងខេត្តកំពត គ្មានអ្វីក្រៅពីការផ្គត់ផ្គង់ សម្រាប់វិស័យទេសចរណ៍នោះទេ ដូចជា ផ្ទះលំហែ ភោជនីយដ្ឋាន ផ្ទះសំណាក់សណ្ឋាគារនិងរីសតជាដើម។ លោកបន្តថា ដូច្នេះ នៅពេលកំណើនភ្ញៀវទេសចរមកកាន់ខេត្តកំពត កាន់តែធ្វើឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងខេត្តនេះ ប្រឹងបន្តធ្វើសកម្មភាពអភិវឌ្ឍន៍ ផ្ដោតទៅលើវិស័យទេសចរណ៍នេះឯង៕

អ្នកជំនាញអន្តរជាតិ៖ ការអភិវឌ្ឍន៍ផ្តោតលើភាពបៃតងនឹងជួយជំរុញតម្លៃអចលនទ្រព្យ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអភិវឌ្ឍន៍បុរីជាច្រើនបានងាកមកគិតគូរ និងយកចិត្តទុកដាក់លើការប្រើប្រាស់គោលការណ៍បៃតងក្នុងផែនការអភិវឌ្ឍន៍ ដើម្បីចាប់យកចំណែកទីផ្សារអចលនទ្រព្យកាន់តែច្រើន។

អ្នកជំនាញមើលឃើញថា និន្នាការនេះមិនត្រឹមតែផ្តល់នូវតម្លៃបន្ថែម (Value Added) ដល់ក្រុមហ៊ុន ក៏ដូចជាគម្រោងបុរីប៉ុណ្ណោះទេ តែថែមទាំងបានជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងផ្តល់នូវភាពរឹងមាំផងដែរ។

លោក Phillip Tan ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យជាតិ និងអន្តរជាតិជាច្រើន បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសពិសេសជាមួយគេហទំព័រ Property Area Asia នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ថា នាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនមួយចំនួនបានងាកមកប្រើប្រាស់គោលការណ៍បៃតង និងការទទួលខុសត្រូវចំពោះសង្គម នៅក្នុងគម្រោងបុរីរបស់ខ្លួន ដូចជាមានសួនច្បារបៃតង ដែលអនុញ្ញាតិឱ្យអតិថិជនមកហាត់ប្រាណ សម្រាកលំហែររួមគ្នា ធ្វើទំនាក់ទំនងជាមួយគ្នា ជាដើម។

អ្នកជំនាញរូបនេះពន្យល់ថា គោលការណ៍នេះគឺ ESG (Environmental, social, and governance) សំដៅដល់ការវិនិយោគ ដែលគិតគូរដល់បរិស្ថាន លក្ខខណ្ឌសង្គមប្រកបដោយការទទួលខុសត្រូវ និងអភិបាលកិច្ចល្អ ថាតើគម្រោងនោះមានការសាងសង់លើសចំណុះទេ មានការប្រើប្រាស់ថាមពលឡើងវិញទេ និងថាតើមានទីធ្លារួមសម្រាប់សម្រាកលំហែទេ។ល។

ឆ្លើយតបនឹងសំណួរថា តើការមិនអនុវត្តគោលការណ៍ខាងលើ នឹងជះឥទ្ធិពលយ៉ាងណា ដល់គម្រោងបុរី លោក Phillip Tan បញ្ជាក់ថា “សព្វថ្ងៃ អ្នកអភិវឌ្ឍន៍កំពុងតែប្រកួតប្រជែងគ្នា។ យើងត្រូវសួរខ្លួនឯងគឺថា តើគម្រោងនេះនឹងក្លាយជាគម្រោងរយៈពេលខ្លី ដែលគ្រាន់តែកសាងហើយរួចជាស្រេច ឬយើងបានប្តេជ្ញាចិត្តឈរជើងជាអ្នកអភិវឌ្ឍន៍ដ៏រឹងមាំបំផុតក្នុងរយៈពេលវែង ឬយ៉ាងណា”។

លោកថា “នៅពេលដែលអ្នកវិនិយោគ ឬអតិថិជនដែលចង់ទិញទ្រព្យណាមួយ គេសម្លឹងមើលចំណុចទាំងអស់នេះ ថាតើអ្នកអភិវឌ្ឍន៍អាចផ្តល់នូវអ្វីបន្ថែមទៀត ក្រៅពីការផ្តល់ត្រឹមតែផ្ទះ? ដូច្នេះនេះ គឺជាតម្លៃបន្ថែមសម្រាប់ការប្តេជ្ញាចិត្ត និងការរីកចម្រើនរបស់ក្រុមហ៊ុនរបស់អ្នក”។
លោកសង្កត់ធ្ងន់ថា “ការប្រកួតប្រជែងកើតមានរវាងអ្នកអភិវឌ្ឍន៍។ ការប្រកួតប្រជែងមិនមែនកើតមានរវាងអ្នកទិញនោះទេ”៕