ប្រទេសឡាវ និងថៃ គ្រោងសាងសង់ស្ពានមិត្តភាពទី២តម្លៃរាប់ពាន់លានដុល្លារអាមេរិក

ដោយៈសុខុម

វៀងចន្ទន៍: ប្រទេសថៃ គ្រោងសាងសង់ស្ពានមួយ ដែលរួមបញ្ចូលគ្នានូវផ្លូវដែកផង និងផ្លូវថ្នល់ផងឆ្លងកាត់ទន្លេមេគង្គ ដើម្បីតភ្ជាប់ជាមួយប្រទេសឡាវ។

យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃទី១០ កុម្ភៈ ឱ្យដឹងថា គណៈរដ្ឋមន្ត្រីថៃ បានអនុម័តផែនសាងសង់ ស្ពានមិត្តភាពថៃ-ឡាវ ទី២ កាលពីខែមុនដែលតភ្ជាប់ខេត្តណងខៃ (Nong Khai) នៃប្រទេសថៃភាគឦសាន ជាមួយរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។

រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Saksayam Chidchob បានថ្លែងថា ស្ពានដែលមានតម្លៃ ប្រមាណ១,២ពាន់លានដុល្លារអាមេរិកនេះ ទំនងជាទទួលបានហិរញ្ញប្បទានពីប្រទេសទាំង២។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thaiger។

លោកបានបន្ថែមថា “ការសិក្សាអំពីការឌីហ្សាញស្ពាននេះ ត្រូវបានរំពឹងថានឹងចំណាយអស់ប្រមាណ៤,២៥លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាល ហើយនឹងត្រូវគ្រប់គ្រង ដោយនាយកដ្ឋានផ្លូវហាយវ៉េរបស់ប្រទេសថៃ”។

គម្រោងស្ពាននេះ ទំនងជាបញ្ចប់ទាន់ពេល នឹងដំណាក់កាលទី២ នៃគម្រោងផ្លូវដែកល្បឿនលឿនថៃ-ចិន ដែលនឹងតភ្ជាប់ទីក្រុងបាងកក ជាមួយទីក្រុងគុនមីង ប្រទេសចិន។

បច្ចុប្បន្នដំណាក់កាលទី១ នៃគម្រោងផ្លូវដែកថៃ-ចិន ដែលរត់ពីក្រុងបាងកក ឆ្ពោះទៅកាន់ខេត្តនគររាជសីមា កំពុងស្ថិតក្រោមការអភិវឌ្ឍ ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៦។

យោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Saksayam Chidchob ឱ្យដឹងថា ដំណាក់កាលទី២ នៃគម្រោងផ្លូវដែកល្បឿនលឿននេះ នឹងបើកឱ្យដំណើរការនៅឆ្នាំ២០២៨ ដោយតភ្ជាប់ខេត្តនគររាជសីមា ឆ្ពោះទៅខេត្តណងខៃ ប្រទេសថៃ៕ Laotian Times៕

វិភាគសង្គមៈ ការទទួលខុសត្រូវក្នុងការងារ និងក្រមសីលធ៌មវិជ្ជាជីវៈ

ដោយៈយិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia

ភ្នំពេញៈ “អ្នកមានសមត្ថភាពពិតប្រាកដ មិនឈ្នះអ្នកឡេមឡឺម”។ ពាក្យនេះ ត្រូវបានគេលើកឡើងជារឿយៗ ក្នុងទិដ្ឋភាពសង្គមការងារនៅកម្ពុជា ប៉ុន្តែសំណួរនៅទីនេះ តើ់វាជាពាក្យត្រឹមត្រូវឬទេ?។

តាមពិតពាក្យនេះ បើយើងវិភាគទៅលើអត្ថន័យ នៃពាក្យនិមួយៗ វាមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។

បុគ្គលមានសមត្ថភាព
ជាធម្មតា មនុស្សមានសមត្ថភាពខ្ពស់ មិនថានៅក្រុមហ៊ុនឬនៅបំពេ​ញការងារ តាមស្ថាប័នរបស់រដ្ឋាភិបាលនោះទេ ពួកគេភាគច្រើនគិតទៅលើគុណភាពការងារច្រើន និងចំណាយពេលច្រើនលើការងារ។ ហេតុនេះពួកគេ មិនសូវមានពេលយកចិត្តមេដឹកនាំ ឬបំពេញចំណង់ចំណូលចិត្តអ្នកដឹកនាំបានល្អឡើយ។

នេះជាចំណុចគ្រោះថ្នាក់មួយផងដែរ ព្រោះតាមស្ថាប័នឯកជន ឬរដ្ឋាភិបាលក្តី មេដឹកនាំតែងតែចង់ឲ្យបុគ្គលិក ឬកូនចៅរបស់ខ្លួនដឹងពីចំណង់ចំណូលចិត្ត ឬយល់ពីអ្វីដែលលើសពីការងារប្រចាំថ្ងៃ។ ឧទាហរណ៍ ពេលមានកម្មវិធីជប់លៀងក្រុមហ៊ុន កូនចៅដឹងថា មេត្រូវការអ្វី និយមអាហាររបៀបណា និងគ្រឿងស្រវឹងបែបណាជាដើម។

ផ្ទុយទៅវិញ បើយើងជាបុគ្គលិកបំពេញ ការងារបានល្អហើយ ពួកគេក៏ត្រូវតែយល់ពីការងារសង្គមមួយចំនួនដែរ ប៉ុន្តែអ្វីដែលជាសេចក្តីត្រូវការរប​ស់ស្ថាប័ន គឺបុគ្គលិកមាន “ចំណេះ ជំនាញ ការទទួលខុសត្រូវលើការងារ និងសីលធ៌មវិជ្ជាជីវៈ”។

ដូច្នេះ ការគិតតែបំពេញការងារ ដោយមិនខ្វល់ពីធ្វើឲ្យមានទំនាក់ទំនងល្អជាមួយមេដឹកនាំ ក៏មានលទ្ឋផលមិនសូវល្អផងដែរ ទាក់ទងនឹងការដំឡើងប្រាក់ខែ ការដំឡើងដំណែងជាដើម។

បុគ្គលឡេមឡឺម ជាទូទៅនិយោជិត ឬបុគ្គលិកប្រភេទនេះ មិនសូវមានសមត្ថភាពលើការងារ​ច្រើននោះទេ ប៉ុន្តែក៏អាចករណីខ្លះ បុគ្គលបែបនេះក៏មានសមត្ថភាពផងដែរ ហើយបន្ថែមពីនោះ ជាបុគ្គលដែលយល់ និងអាចដឹងចិត្តមេដឹកនាំរបស់ខ្លួនមានរសនិយមបែបណា នៅពេលម៉ោងបំពេញការងារ ពេលប្រជុំ ពេកសំរាក និងពេលមានកម្មវិធីសប្បាយៗ ដែលរៀបចំឡើងដោយក្រុមហ៊ុន ឬលក្ខណៈឯកជន។

បុគ្គលឡេមឡឺម ដែលមានបញ្ញា ទេពកោសល្យ ពូកែដឹងខាងផ្នែកចិត្តសាស្រ្តបែបនេះ ជាមនុស្សពូកែទំនាក់ទំនងល្អ ក្នុងសង្គមការងារ និងសង្គម​ខាងក្រៅ ដែលនេះជាចំណុចជោគជ័យមួយ ដែលអ្នកបំពេញការងារនៅតាមស្ថាប័នឯកជន ឬស្ថាប័នរដ្ឋាភិបាលគួរសិក្សាស្វែងយល់ផងដែរ។

បុគ្គលបែបនេះ ច្រើនតែទទូលបានការលើកទឹកចិត្ត ជាការដំឡើងប្រាក់ខែ ការដំឡើងឋានៈតួនាទី និងអាចទទួលបានភាគហ៊ុនរបស់ក្រុមហ៊ុន ដែលពួកគេ​បំពេញការងារផងដែរ។

យោជិតមានចំណេះ និងជំនាញ
នៅក្នុងស្ថាប័នការងារ ដូចលើកឡើងខាងលើ ការមានចំណេះដឹង ជំនាញ ទេពកោសល្យ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីទទួលបាននូវក្រេឌីតការងារនៅស្ថាប័ន ដែលខ្លួនបំពេញការងារ ដើម្បីជួយជម្រុញឲ្យស្ថាប័ន ដែលខ្លួនបំពេញទទួលបានភាពរីកចម្រើន។

មហាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុន Alibaba ដ៏ល្បីល្បាញបាននិយាយថា “អ្នកគួរធ្វើការងារដំបូងជាមួយក្រុមហ៊ុនតូចៗ ប៉ុន្តែមានមេដឹកនាំដែលចេះជួយតំរង់ផ្លូវ និងបណ្តុះបណ្តាល និងត្រូវធ្វើការងារឲ្យបានល្អបំផុត មុនពេលអ្នកចាប់ផ្តើមការងារនៅក្រុមហ៊ុនធំៗ”។

ចំណុចនេះ នៅក្នុងទិដ្ឋភាពការងារ ពិតជាមានសារៈសំខាន់ណាស់ ដែលបុគ្គលិកនិមួយៗ ត្រូវបំពេញឲ្យបានល្អ នៅពេលក្រុមហ៊ុនរីកចម្រើន ធំធាត់ ពួកគេអាចទទួលបានការដំឡើងប្រាក់ខែ ទទួលបានការលើកសរសើរ ទទួលបានការដំឡើងដំណែង និងអាចទទួលបានចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន ដែលខ្លួនធ្វើការផងដែរ បើសិនជាអ្នកជួបមេដឹកនាំល្អ និងមានសុភវវិនិច្ឆ័យ ដែលដឹងថា វត្តមានរបស់អ្នកនឹងជួយឲ្យ ក្រុមហ៊ុនទទួលបានជោគជ័យ និងរីកចម្រើនបន្ថែមទៀត។

ការទទួលខុសត្រូវនិងក្រមសីលធ៌ម
នៅក្នុងការបំពេញការងារ និយោជិត ឬបុគ្គលិក ដែលមានចំណេះដឹង ជំនាញ ប៉ុន្តែបើពួកគេខ្វះការទទួលខុសត្រូវ និងក្រមសីលធ៌ម ពួកគេនឹងអាចបំផ្លាញអនាគតរបស់ខ្លួន និងកាន់តែធ្ងន់ធ្ងរ ពួកគេអាចជាអ្នកបំផ្លាញក្រុមហ៊ុន និងអាចឈានទៅជាប់ទោសខណ្ឌ ដោយសារទង្វើរអសីលធ៌ម ឬការមិនទទួលខុសត្រូវរបស់ខ្លូនក្នុងការងារផងដែរ។

គ្មានមេដឹកនាំណា មិនស្រលាញ់ មិនអោបក្រសោបបុគ្គលិករបស់ខ្លួន ដែលមានសមត្ថភាព មានជំនាញ ទេពកោសល្យ មានការទទួលខុសត្រូវលើការងារ និងក្រមសីមធ៌មឡើយ។

ប៉ុន្តែមានបុគ្គលិកមួយចំនួន ជាបុគ្គលមានអត្តចរិក ចរិយាសម្បត្តិមិនល្អ ពួកគេមិនត្រឹមមិនបំពេញការងារមិនល្អនោះទេ ជួនកាលពួកគេលូចមើលបំណាំ ឬនិយាយអាក្រក់ពីមេរបស់ខ្លួនថែមទៀត ដោយភ្លេចពួកគេជាអ្នកបំពេញការងារនៅទីណា និងត្រូវទទួលខុសត្រូវលើការងារបែបណា ព្រំដែនការងារនៅត្រឹមចំណុចនា និងគួរឆែកកម្រិតក្រមសីលធ៌មពួកគេបែបណា ។

ប្រសិនជាថ្នាក់ដឹកនាំក្រុមហ៊ុន ឬស្ថាប័័នសាធារណៈមួយរកឃើញបុគ្គលមិនមានទំនួលខុសត្រូវលើការងារ និងគ្មានក្រមសីលធ៌ម ការណែនាំគួរត្រូវបានធ្វើឡើង ប៉ុន្តែក្នុងករណីមិនកែប្រែ ពួកគេគួរត្រូវបណ្តេញចេញពីការងារជាបន្ទាន់ ដើម្បីកុំឲ្យបុគ្គលបែបនេះ បង្កបញ្ហាដល់ស្ថាប័នរបស់ខ្លួន ឬដល់អង្គភាពនៃស្ថាប័នជាតិណាមួយ។

គ្មានការទទួលខុសត្រូវ និងសីលធ៌ម ស្មើនឹងគ្រោះថ្នាក់
បុគ្គលគ្មានចរិយាធ៌ម និងសីលធ៌ម និងគ្មានការទទួលខុសត្រូវលើការ​ងារ ពួកគេអាចពូកែនិយាយ ប៉ុន្តែការនិយាយមិនបង្ហាញ ពីសីលធ៌មរបស់់ពួកគេឡើយ។

“លទ្ឋផល និងគុណភាពការងារ បង្ហាញពីគុណភាពចំណេះ​ដឹង។ ជំនា​ញ និងលទ្ឋផល នៃការគិតរបស់ពួកគេ។ ទង្វើមិនទទួលខុសត្រូវក្នុងការងារ បង្ហាញពីកម្រិតក្រមសីលធ៌មរបស់ពួកគេ ហើយកំហុសក្នុងការ​ងារដដែលៗមានន័យថា កម្រិតក្រមសីលធ៌ម និងការទទួលខុសត្រូវលើការងាររបស់ពួកគេ ក្រុមហ៊ុនឬស្ថាប័ននោះនឹងមានហានិភ័យ។

ដូច្នេះចំណេះ ជំនាញ ជាស្ពាន ការទទួលខុសត្រូវជាគោលដៅ ចក្ខុវិស័យ។ ចំណែកក្រមសីលធ៌ម ជាថាមពលមិនចេះរីកស្ងួត ក្នុងការជម្រុញការឈានឡើងរបស់ខ្លូនឯង និងស្ថាប័ន៕

សម្តេចតេជោស្នើភាគីកូរ៉េជួយផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទានសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែនក្នុងជំនួបជាមួយប្រធានរដ្ឋសភាកូរ៉េ កាលពីថ្ងៃម្សិលម៉ិញ បានស្នើសមភាគីកូរ៉េ ជួយផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទាន ដើម្បីសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ ពីភ្នំពេញទៅកាន់តំបន់ស្វាយជ្រុំ។

ក្នុងជំនួបជាមួយ លោក Park Byeong-Seung ប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ សម្តេចតេជោ បានស្នើសុំឱ្យកូរ៉េផ្ដល់នូវជំនួយឥត សំណង និងកម្ចីសម្បទាន ជាពិសេសក្នុងការធ្វើស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គនេះ ដោយសម្ដេចចាត់ទុកស្ពាននេះ គឺជាស្ពានមួយដ៏ល្អ សម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។

កាលពីដើមសប្តាហ៍នេះ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថា គំរោងស្ពានឆ្លងពីតំបន់ជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំបានបញ្ចប់ការសិក្សា ១០០ភាគរយហើយ ដោយភាគីទាំងពីររង់ចាំជម្រើសស្ពាន ដែលនឹងត្រូវសាងសង់នាពេលខាងមុខ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនកូរ៉េមួយបានសិក្សាពី​ការសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ ដែលស្ពាននេះមានជម្រើសមួយចំនួន ប៉ុន្តែទម្រង់ស្ពាន នឹងត្រូវសាងសង់ជាស្ពានយោងដោយខ្សែកាប ដែលនឹងជា​ Landmark ថ្មីមួយនៅរាជធានីភ្នំពេញ និងជានិម្មិតរូបនៃចំណងមិត្តភាពកូរ៉េកម្ពុជា។

លោកបានបន្តថា “ស្ពាននេះនឹងជួយលើកសម្រស់ក្រុងភ្នំពេញ និងចូលរួមទាក់ទាញភ្ញៀវទេសចរណ៍កូរ៉េ មកទស្សនាកម្ពុជាផងដែរ”៕

លោក Cooler Tan៖ អភិវឌ្ឍគម្រោងដីឡូតិ៍លំហែឱ្យទទួលបានភាពជោគជ័យគួរឈរលើគោលការណ៍ចំនួន៣

ដោយៈសុផារី

ភ្នំពេញៈ និន្នាការការទិញលក់ដីឡូតិ៍លំហែ មានកំណើនគួរឱ្យកត់សម្គាល់ ជាពិសេសនៅតាមបណ្តាខេត្ត ក្រុងជិតរាជធានីភ្នំពេញ ដូចជា កណ្តាល កំពត កំពង់ឆ្នាំងជាដើម។ ស្របពេលទីផ្សារដីឡូត៍លំហែរមានការកើនឡើង ការប្រកួតប្រជែងក៏កាន់តែខ្ពស់។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Youngsia Real Estate និងជាម្ចាស់គម្រោងដីឡូតិ៍លំហែបូកគោលែន ក្នុងខេត្តកំពត លោក Cooler Tan បានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី១១ កុម្ភៈកន្លងមកថា ចង់អភិវឌ្ឍគម្រោងដីឡូតិ៍លំហែ ឱ្យទទួលបានភាពជោគជ័យ អ្នកអភិវឌ្ឍន៍គួរឈរលើមូលដ្ឋានចំនួន៣ជាគោលការណ៍។

លោកបានព្យល់ថា “ធ្វើឱ្យល្អ មានន័យថា ពុះដីឡូត៍លំហែត្រូវតែប្រាកដថា អាចទៅរស់នៅ ឬទៅលេងកំសាន្តបាន។ គម្រោងដីឡូត៍លំហែ ត្រូវតែលំហែ មិនមែនដាក់ថា ដីឡូត៍លំហែ តែបែរជាមានអារម្មណ៍អួរអ័ព្ទ ទៅវិញនោះទេ”។



គោលការណ៍ទី១ ហេដ្ឋារចនាសម្ព័ន្ធធំៗ

គោលការណ៍ទី២ សួនបៃតង ត្រូវតែតុបតែងលំអឱ្យស្អាត

គោលការណ៍ទី៣ ប្រព័ន្ធលូបង្ហូរទឹកចេញចូល ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ត្រូវរៀបចំជូនអតិថិជនកុំឱ្យខ្វះខាត។

លោក Cooler Tan បានបន្តថា នៅពេលដែលប្រព័ន្ធទាំងនេះ រៀបចំចាត់ចែងរួចរាល់ មានន័យថា គម្រោងដីឡូត៍លំហែរបស់អ្នកអភិវឌ្ឍន៍គឺជាគម្រោងល្អ។ មនុស្សអាចចូលទៅធ្វើការសាងសង់ផ្ទះ ចូលទៅរស់នៅបាន និងចូលទៅលំហែនៅក្នុងហ្នឹងបាន។

ប្រសិនបើដីឡូត៍លំហែមិនមានចំណុច៣ ខាងលើនេះទេ ដីឡូត៍លំហែ ក៏មិនផ្តល់លក្ខណៈលំហែរដល់អតិថិជនដែរ។
លោកបានមានប្រសាសន៍ថា”ប្រសិនបើគ្មានកត្តាទាំង៣ ខាងលើនេះទេ កន្លែងលំហែក៏មិនលំហែរ។ ឈ្មោះថា “លម្ហែ” តែផលិតផលជាក់ស្តែងមិនមែន លម្ហែ”។

លោក Cooler Tan បានបន្តថា “កន្លែងលម្ហែមានន័យថា រស់នៅហើយស្រស់ស្រាយ លំហែអារម្មណ៍ បំបាត់ភាពស្ត្រេស និងទុក្ខកង្វល់។ បើអ្នកអភិវឌ្ឍន៍មិនរៀបចំចំណុចទាំងនេះ គ្រាន់តែចូលទៅដល់ អតិថិជនមួរម៉ៅបាត់ទៅហើយ”៕

China gives property firms easier access to escrow funds: Report


HONG KONG:
China has moved to give real estate firms easier access to presale proceeds from residential projects, local media outlet Cailianshe said on Thursday (Feb 10), as authorities seek to loosen a stifling liquidity squeeze in the property sector.

Chinese developers are allowed to sell projects before completing them but are required to put such proceeds into escrow accounts. Cash held in escrow typically equates to 50 per cent to 70 per cent of developers’ presale funds.

In 2021, amid fears of sector-wide contagion from bluechip China Evergrande Group’s debt problems, many local governments curbed withdrawals from escrow accounts, leaving some projects unfinished and developers short of cash.

Cailianshe, a financial news website, said on Thursday that a new regulatory framework – which Reuters first reported on Jan 19 that China was drafting would “correct over-tightening” of escrow accounts by city or county-level authorities.

Curbs on withdrawals would use different calculation methods based on construction costs, allowing developers to withdraw more funds than previously, Cailianshe said.

A bloated real estate sector has undergone a deleveraging crisis in the wake of Evergrande’s near-meltdown. Once China’s top-selling developer, it is now the world’s most indebted property firm with liabilities of around US$300 billion.

Source: Reuters

ការសិក្សាថ្មីៈការផ្គត់ផ្គង់លំនៅឋានជាន់ផ្ទាល់ដីមានចំនួនជាង៥០គម្រោងក្នុងឆ្នាំ២០២២

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តាមការសិក្សារបស់ក្រុមហ៊ុនអន្តរជាតិមួយប្រចាំកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០២២នេះ ការផ្គត់ផ្គង់លំនៅឋានជាន់ផ្ទាល់ដី រំពឹងថានឹងមានចំនួនជាង៥០គម្រោងទៅកាន់ទីផ្សារ ខណៈអ្នកជំនាញក៏រំពឹងថាគម្រោងលំនៅឋាននៅកម្ពុជា នឹងមានសកម្មភាពឡើងវិញ ហើយតម្រូវការនឹងមានកាន់តែច្រើន។

តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនCBRE Cambodia បានបង្ហា​ញថា ការផ្គត់ផ្គត់គម្រោងលំនៅឋានជាផ្ទះជាប់ដី មានកម្រិតខ្ពស់ចំនួន២គម្រោង គម្រោងមធ្យមមាន៣០គម្រោង និងគម្រោងតម្លៃសមរម្យមាន២០គម្រោង ។ ដើមឆ្នាំ២០២២ផងដែរបានរំពឹងថា ក្រុមហ៊ុន៤សំខាន់ៗនៅកម្ពុជានឹងបន្តផ្គត់ផ្គង់លំនៅឋាន ដើម្បីបំពេញតម្រូវការ រួមមាន បុរីប៉េងហួត នៅជ្រោយចង្វា បុរីជីបម៉ុងផាកលែនដ៍នៅមានជ័យ បុរីភ្នំពេញថ្មី អេលីតផាក នៅសែនសុខ និងបុរីវ៉ារីណា នៅសែនសុខ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodiaបានឱ្យដឹងថា គម្រោងលំនៅឋានភាគច្រើន នៅក្នុងប្រទេសកម្ពុជាឆ្នាំ២០២២នេះ នៅតែរំពឹងថា ក្រោមការវិនិយោគរបស់វិនិយោគិន ក្នុងស្រុក ហើយលំនៅឋានដែលមានការច្នៃប្រឌិតថ្មីៗ នៅតែទទួលបានការគាំទ្រខ្ពស់ពីអ្នកទិញក្នុងប្រទេសកម្ពុជា។

 

ជាមួយគ្នានេះ លោកអ៉ឹង ប៊ុនហួត ប្រធានផ្នែកលក់គម្រោងរបស់ក្រុមហ៊ុនPIXUI Property បានឱ្យដឹងថា ផ្ទះដែលមានការធ្វើបច្ចុប្បន្នភាពថ្មី នឹងនៅតែមានការគាំទ្រ ហើយជឿថាអតិថិជនជាច្រើន នឹងស្វែងរកលំនៅឋាន ដែលមានការរចនារូបរាងថ្មី ជាពិសេសទៅលើផ្ទះវីឡា។ ផ្ទះប្រភេទថ្មីៗ ទោះបីនៅតំបន់ជាយក្រុង ក៏នៅតែទទួលបានការគាំទ្រ និងមានការទិញលក់ជាបន្តបន្ទាប់។ ម្យ៉ាងទៀតលក្ខខណ្ឌបង់ប្រាក់របស់ម្ចាស់បុរី និងការគាំទ្ររបស់ធនាគារ ទៅលើកម្ចីសម្រាប់ទិញផ្ទះ ក៏បានធ្វើឱ្យប្រជាពលរដ្ឋមានបំណងទិញផ្ទះកាន់តែច្រើន អាចមានលទ្ធភាពក្នុងការទិញផ្ទះ សម្រាប់ស្នាក់នៅ។

តាមរបាយការណ៍របស់ធនាគារជាតិ ក៏បានបង្ហាញផងដែរថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ វិស័យធនាគារនិងហិរញ្ញវត្ថុ នៅតែបន្តផ្ដល់កម្ចីសម្រា​ប់ទិញផ្ទះច្រើនផងដែរ ក្នុងគិតត្រឹមដំណាច់ឆ្នាំ២០២១កន្លងទៅ ការផ្ដល់កម្ចីសម្រាប់ទិញផ្ទះ មានជាង៥ពាន់លានដុល្លារអាមេរិក ខណៈកម្ចីទិញអចលនទ្រព្យទាំងមូល បានកើនឡើងដល់ជាង៦,៤ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះបានបង្ហាញ ពីទំនុកចិត្តរបស់ធនាគារទៅលើវិស័យអច​លនទ្រព្យក្នុងប្រទេសកម្ពុជា៕

តើគម្រោងអភិវឌ្ឍន៍លំនៅឋានក្នុងខេត្តកំពតវិវិត្តដល់ណានៅដើមឆ្នាំ២០២២នេះ?

ដោយៈសុផារី

កំពតៈ ខេត្តកំពតបានស្គាល់ពីភាពរីកចម្រើន ក្នុងវិស័យអចលនទ្រព្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដើមឆ្នាំ២០២២នេះ អ្នកជំនាញមើលឃើញថា សកម្មភាពសាងសង់លំនៅឋាន នៅក្នុងខេត្តមួយនេះភាគច្រើន នៅបន្តវិវត្តក្នុងល្បឿនយឺតៗ។

លោក Cooler Tan អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Youngsia Real Estate និងជាអ្នកជំនាញអចលនទ្រព្យមួយរូបក្នុងខេត្តកំពត បានមានប្រសាសន៍ឲឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១១ កុម្ភៈនេះថា បុរីមួយចំនួនតូច នៅក្នុងខេត្តកំពតបានផ្អាកដំណើរការ ដោយសារផ្ទៃក្នុងរបស់ក្រុមហ៊ុន។ ចំណែកបុរីមួយចំនួនទៀត បានបន្ថយល្បឿន តែមិនបានផ្អាកដំណើរការឬបោះបង់ចោលនោះទេ ដោយសារបញ្ហាកូវីដ១៩បានរាំងស្ទះដំណើរការមួយចំនួនធំ។

លោកបន្តថា “មិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយ អំពីការបោះបង់គម្រោងអភិវឌ្ឍន៍នោះទេ គ្រាន់តែមានគម្រោងមួយចំនួនបានផ្អាកដំណើរការបណ្តោះអាសន្ន មិនលឿនដូចផែនការដែលបានគ្រោងទុក”។

តម្រូវការលំនៅឋានរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពត ភាគច្រើននិយមលំនៅឋាន ដែលអាចធ្វើអាជីវកម្មបាន។ ប្រសិនបើបុរីដែលសាងសង់នៅក្នុងក្រុងឬជុំវិញក្រុងកំពត ជាប្រភេទលំនៅឋាន ដែលអាចលក់បាន។

យ៉ាងណាក្តី ប្រសិនបើគម្រោងលំនៅឋានមានចម្ងាយឆ្ងាយ លើសពី៥ គីឡូម៉ែត្រ មិនសូវនិយមសម្រាប់ប្រជាជនក្នុងខេត្តកំពតនោះទេ។

លោកCooler Tanបានមានប្រសាសន៍ថា “សម្រាប់គម្រោង៥ទៅ១០គីឡូម៉ែត្រពីក្រុង ខ្ញុំគិតថាអ្នកកំពតទិញគឺតិចណាស់។ អ្នកដែលទិញភាគច្រើន គឺអតិថិជនមកពីក្រុងភ្នំពេញ។ គោលដៅរបស់គាត់គឺមិនមែនសម្រាប់ប្រកបអាជីវកម្មនោះទេ គ្រាន់តែចង់ស្នាក់នៅទេ ព្រោះខេត្តកំពតជាខេត្តទេសចរណ៍គោលដៅ”។

លោកសង្កេតឃើញថា ប្រជាពលរដ្ឋពីក្រុងភ្នំពេញខ្លះ ធ្វើដំណើរទៅកាន់ខេត្តកំពតញឹកញាប់ណាស់ អាចច្រើនជាង៣ដងក្នុងមួយខែ ឬច្រើនជាងនេះ។ លោកថា ប្រសិនបើ គាត់ចូលចិត្តខេត្តនេះ គាត់អាចទៅញឹកញាប់  ហើយស្នាក់នៅខាងក្រៅ នោះការចំណាយរបស់គាត់ច្រើន ពួកគាត់អាចមានចំណាប់អារម្មណ៍ក្នុងការទិញផ្ទះផ្ទាល់ខ្លួន។

ចំណែកលោកសុខ គែន ជាអគ្គនាយកក្រុមហ៊ុន Kampot Property បានឱ្យដឹងតាមបណ្តាញតេឡេក្រាម នៅថ្ងៃដដែលថា គម្រោងលំនៅឋានដែលមានស្រាប់នៅក្នុងខេត្តកំពត កំពុងបន្តដំណើរការ ដោយគម្រោងអភិវឌ្ឍន៍ខ្លះលឿន ខ្លះយឺត ភាគច្រើនមានភាពយឺតយ៉ាវ។

លោកមានប្រសាសន៍ថា “ការងារអភិវឌ្ឍន៍យឺតយ៉ាវ ដោយសារការសាងសង់ មិនត្រូវនឹងតម្រូវការជាក់លាក់។ ភាគច្រើន គម្រោងដែលអាចលក់ចេញបានជាគម្រោងលំនៅឋាន សម្រាប់ប្រជាជនមានចំណូលក្រោមមធ្យម មានតម្លៃក្រោម៥ម៉ឺនដុល្លារអាមេរិក”។

បច្ចុប្បន្ននេះ លោកសង្គេតឃើញថា គម្រោងលំនៅឋានដែលដើរយឺតជាគម្រោងដែលមានតម្លៃថ្លៃ ចាប់ពី៧ម៉ឺនដុល្លារអាមេរិកឡើងទៅ។ អញ្ចឹងតម្រូវការសម្រាប់អ្នកមានលទ្ធភាពបង់ ទោះបីរំលោះក្តី ទោះបីបង់ផ្តាច់ក្តី ក៏មានអតិថិជនចំនួនតិច។

យ៉ាងណាក្តីលោកសង្គេតឃើញថា នៅក្នុងដើមឆ្នាំ២០២២នេះ មិនមានកំណើនថ្មី នៃគម្រោងលំនៅឋាន នៅក្នុងខេត្តកំពតនោះទេ៕

កត្តាសំខាន់ចំនួន៣ជួយទាក់ទាញអតិថិជនក្នុងការទិញលំនៅដ្ឋាននៅកម្ពុជា

ដោយៈ ម៉ាលីស

ភ្នំពេញៈ ការអភិវឌ្ឍលំនៅឋាន នៅកម្ពុជានៅតែមានសក្តានុពល ហើយអ្នកទិញក៏មានជាហូរហែផងដែរ។ ក្នុងនោះអ្នកជំនាញមើលឃើញថាកត្តា៣សំខាន់ៗ ដែលជំរុញឱ្យមានការទិញលំនៅឋានក្នុងប្រទេសកម្ពុជា។

លោកអ៉ឹង ប៊ុនហួត ប្រធានផ្នែកទីផ្សារក្រុមហ៊ុនPIXUI Property បានធ្វើបទសំភាសន៍តាមទូរសព្ទ័ជាមួយ Property Area អោយដឹងនាព្រឹកថ្ងៃទី១១ កុម្ភៈនេះថា យើងមើលឃើញមានកត្តាសំខាន់ចំនួន៣ ដែលជំរុញឱ្យមានការទិញ លក់គម្រោងលំនៅឋាន ក៏ដូចជា អចលនទ្រព្យផ្សេងៗ ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឺសកលក្ដី។

លោកបញ្ជាក់ថា កត្តាទី១ គឺការធ្វើBranding ម៉ាកយីហោ ពីព្រោះថាអតិថិជន នឹងរកតែសេវាកម្មអចលនទ្រព្យប្រភេទលំនៅឋាន រឺដីឡូត៏ ពីក្រុមហ៊ុនណាដែលមានឈ្មោះល្បី មានទំនុកចិត្តក្នុងទីផ្សារ និងមានការគាំទ្រពីប្រជាពលរដ្ឋភាគច្រើន។

ទី២ ការធ្វើទីផ្សារ នៅពេលក្រុមហ៊ុនមួយ អភិវឌ្ឍន៍គម្រោងអ្វីមួយចាំបាច់ត្រូវតែខ្លាំង ខាងការធ្វើទីផ្សារទៅដល់អតិថិជន បើទីផ្សារខ្លាំងបូករួមជាមួយនឹងគម្រោងប្លង់មេច្បាស់លាស់ នឹងធ្វើឱ្យអតិថិជននៅតែបន្តទិញគម្រោងអចលនទ្រព្យនោះដដែល។

កត្តាទី៣ គឺលក្ខខណ្ឌបង់ប្រាក់របស់ក្រុមហ៊ុនអភិវឌ្ឍន៍ វាជាកត្តាមួយដែលទាក់ទាញផងដែរ ពីព្រោះអ្នកទិញខ្លះ មិនមានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការបង់ប្រាក់។ ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍន៍ ផ្ដល់ភាពងាយស្រួលដល់អតិថិជន នោះអតិថិជននឹងទិញ គម្រោងនោះទាំងលំនៅឋាននិងដីឡូត៏។

លោកអ៉ឹង ប៊ុនហួត បន្ថែមដូចនេះទៀតថា “បើជាគម្រោងលំនៅឋានវិញ ម្ចាស់គម្រោងអភិវឌ្ឍន៍ ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការរចនាម៉ូដផ្ទះ ធ្វើយ៉ាងណា ឱ្យមានភាពទាក់ទាញដល់អតិថិជន ហើយជាលទ្ធផលឃើញថាគម្រោង ដែលមានភាពច្នៃប្រឌិតរចនាម៉ូដថ្មីៗ ច្រើនតែទទួលបានការគាំទ្រនិងទិញជាហូរហែពីសំណាក់អតិថិជន។ ក្រៅពីនោះ ការជ្រើសរើសទីតាំងសម្រាប់អភិវឌ្ឍន៍ ក៏ជាចំនុចសំខាន់និងទាក់ទាញផងដែរ”៕

អាមេរិកកំពុងជាប់ផុងក្នុងអតិផរណាខ្ពស់ ធ្វើឲ្យតម្លៃទំនិញប្រើប្រាស់ហក់ឡើងលឿនបំផុតក្នុងពេល៤០ឆ្នាំមកនេះ

ដោយៈសុខុម

ញូវយ៉ក: តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិក បានហក់ឡើងខ្ពស់ លើសពីការរំពឹងទុកកាលពីខែមករា ដើមឆ្នាំ២០២២ ដោយធ្វើឱ្យអតិផរណាប្រចាំឆ្នាំកើនឡើងរហូតដល់៧,៥% ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៨២មក។

យោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃសុក្រ ទី១១ កុម្ភៈ នេះឱ្យដឹងថា ទំនិញដែលឡើងថ្លៃជាងគេរួមមានចំណីអាហារ និងថាមពល។ ការឡើងថ្លៃទំនិញប្រើប្រាស់ទាំងនេះ កំពុងធ្វើឱ្យពលរដ្ឋអាមេរិកជួបវិបត្តិហិរញ្ញវត្ថុគ្រួសារកាន់តែធ្ងន់ ខណៈប្រាក់ឈ្នួលឡើងយឺត មិនទាន់ការឡើងថ្លៃទំនិញ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងទទួលរងសម្ពាធយ៉ាងខ្លាំង ឱ្យដោះស្រាយបញ្ហានេះ ដោយធនាគារកណ្តាលអាមេរិក (Federal Reserve) រំពឹងថានឹងដំឡើងអត្រាការប្រាក់ដើម្បីទប់ស្ថានការណ៍។

ដោយឡែកធនាគារកណ្តាលអង់គ្លេស (Bank of England) បានដំឡើងអត្រាការប្រាក់២ដងរួចមកហើយ ក្នុងរយៈពេល៣ខែចុងក្រោយនេះ ក្នុងគោលបំណង កាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ តាមរយៈការធ្វើឱ្យការខ្ចីប្រាក់កាន់តែថ្លៃ។

នៅសហរដ្ឋអាមេរិក ការចំណាយរបស់អ្នកប្រើប្រាស់ នៅតែខ្ពស់កាលពីឆ្នាំមុន ទោះបីជាថ្លៃទំនិញហក់ឡើង យ៉ាងឆាប់រហ័សយ៉ាងណាក្ដី ដែលអ្នកវិភាគលើកឡើងថា ដោយសារការកើនឡើងតម្រូវការ ការចំណាយរបស់រដ្ឋាភិបាល ការរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការឡើងប្រាក់បៀវត្សរ៍ បន្ទាប់ពីកង្វះកម្លាំងពលកម្ម។

ក្រុមហ៊ុន Amazon ក្រុមហ៊ុនNetflix និងក្រុមហ៊ុន Procter & Gamble ព្រមទាំងក្រុមហ៊ុនជាច្រើន បានប្រកាសដំឡើងថ្លៃទំនិញ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយលើកឡើងថា ពួកគេគ្មានជម្រើសផ្សេងក្រៅពីដំឡើងថ្លៃឡើយ ដោយសារអ្វីៗសុទ្ធតែឡើងថ្លៃ៕ BBC៕

លោក បាន គីមូន គាំទ្រដំណើរទស្សនកិច្ចសម្តេចតេជោក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ា

ដោយ៖ សុផារី

កូរ៉េ៖ លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ បានសម្តែងការគាំទ្រដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាម៉ា ក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ានាពេលកន្លងទៅនេះ។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាម៉ាកន្លងទៅនេះ គឺជារឿងដ៏សំខាន់ ក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ា ជាពិសេស លោកគាំទ្រចំពោះការបង្កើតឱ្យមានប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងការរកដំណោះស្រាយនៅមីយ៉ាន់ម៉ានេះ។

លោកក៏សង្ឃឹមថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ នឹងមានភាពល្អប្រសើរ និងរីកចម្រើន និងទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងកូរ៉េ និងអាស៊ានផងដែរ។

សម្ដេចតេជោបានសម្តែងនូវក្តីរីករាយដែលបានជួប លោក បាន គីមូន សារជាថ្មីម្ដងទៀត ក្រោយពីលោកបានចប់តួនាទីជាអគ្គលេខាធិកាអង្គការសហប្រជាជាតិ និងបានអរគុណចំពោះការលើកឡើងរបស់លោក បាន គីមូន និងពិតជារីករាយដែលបានធ្វើជាសហប្រធានជាមួយលោក នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នេះ។

សម្ដេចតេជោបានមានប្រសាសន៍ថា អង្គការ UPF ពិតជាបានធ្វើការងារនេះដ៏ល្អ និងសំខាន់ ដែលជាយន្តការមួយសម្រាប់ការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។ អង្គការ UPF បានយកចិត្តទុកដាក់ ក្នុងការប្រមូលយកថ្នាក់ដឹកនាំពិភពលោក បច្ចុប្បន្ន និងអតីតមេដឹកនាំ មកជួបជុំនាពេលនេះគឺជារឿងដែលប្រសើរបំផុត៕