នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ចង់​ឲ្យ​មាន​តុល្យភាព​ពាណិជ្ជកម្ម​រវាង​ម៉ាឡេស៊ី​ និង​កម្ពុជា​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖​ លោក​ មហា​ធៀ​ មហាម៉ាត់​ (Mahathir​ Mohamad​) នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ចង់​ឲ្យ​មាន​តុល្យភាព​ពាណិជ្ជកម្ម​រវាង​ម៉ាឡេស៊ី​ និង​កម្ពុជា​ដោយ​នឹង​បង្កើន​ការនាំចូល​ពី​កម្ពុជា​ ហើយនឹង​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ដែល​កម្ពុជា​កំពុង​ជួបប្រទះ​។

លោក​មហា​ធៀ​ បាន​ថ្លែង​នៅ​វិមាន​សន្តិភាព​ រាជធានី​ភ្នំពេញ​ ព្រឹក​ថ្ងៃអង្គារ​ទី៣​ ខែកញ្ញា​ឆ្នាំ២០១៩ថា​ ទំហំ​ពាណិជ្ជកម្ម​នា​ពេលនេះ​មិនទាន់​មាន​តុល្យភាព​នឹងគ្នា​ទេ​ រវាង​ប្រទេស​ទាំងពីរ​ គឺ​ម៉ាឡេស៊ី​មានប្រៀប​ជាង​កម្ពុជា​។

លោក​បាន​ថ្លែង​ថា​ “យើង​មាន​អតិរេក​ពាណិជ្ជកម្ម​ បើ​ធៀប​នឹង​កម្ពុជា​ ប៉ុន្តែ​នៅក្នុង​ន័យ​នេះ​ពេល​ប្រ​ឡប់​ទៅ​ម៉ាឡេស៊ី​វិញ​ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​ប្រជាជន​យើង​ថា​តើ​អី្វ​យើង​អាច​ទិញ​ពី​កម្ពុជា​បាន​បន្ថែម​ទៀត​”។

លោក​បាន​បន្ត​ថា​ “ជា​ការពិត​ណាស់​ប្រហែលជា​អាច​ទិញ​អង្ករ​ពី​កម្ពុជា​ ហើយ​កម្ពុជា​មាន​ផ្លែឈើ​ល្អ​ និង​ផលិ​តផ្សេង​ៗទៀត​។ នៅពេល​ដែល​យើង​អាច​កំណត់​បាន​ យើង​អាច​នឹង​បង្កើន​ការនាំចូល​ពី​កម្ពុជា​ ហើយនឹង​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ ដែល​កម្ពុជា​កំពុង​ជួបប្រទះ​”។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ បច្ចុប្បន្ន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំងពីរ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ និង​មាន​អវត្តមាន​ធុរកិច្ច​ម៉ាឡេស៊ី​នៅ​កម្ពុជា​។

សម្តេច​តេជោ​មានប្រសាសន៍​ថា​ “ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ និង​វិនិយោគ​កម្ពុជា​ និង​ម៉ាឡេស៊ី​ ខ្ញុំ​ និង​ឯកឧត្តម​មហា​ធៀ​ បាន​ឯកភាព​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងពីរ​រិះរក​ពិធី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​នេះ​បន្ថែម​ទៀត​”។

នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃនេះ​ដែរ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​ លោក​ មហា​ធៀ​ មហាម៉ាត់​ (Mahathir​ Mohamad​) បាន​អញ្ជើញ​ជា​អធិបតីភាព​រួមគ្នា​ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ចំនួន២របស់​កម្ពុជា​-ម៉ាឡេស៊ី​។

កិច្ច​ព្រមព្រៀង​ទាំងពីរ​នេះ​ រួមមាន​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​លុបបំបាត់​យកពន្ធ​ត្រួតស៊ីគ្នា​ លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ និង​ ការ​បង្ការ​ការ​គេចវេះ​ពន្ធ​ និង​ការ​ចៀសវាង​ពន្ធ​ ចុះហត្ថលេខា​ ដោយ​លោក​ អូន​ព័ន្ធ​ មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​លោក​សៃ​ហ្វូ​ឌីន​ អាប់​ឌុល​ឡា​ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​ និង​អនុស្សារ​ណៈ​ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ ចុះហត្ថលេខា​ដោយ​ លោក​ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​ និង​លោក​សៃ​ហ្វូ​ឌីន​ អាប់​ឌុល​ឡា​ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​។

ឯកអគ្គ​រដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ លោក​ Eldeen​ Husaini​ Mohd​ Hashim​ បាន​មានប្រសាសន៍​ថា​ កិច្ច​ព្រមព្រៀង​នេះ​ ក៏​ត្រូវ​បាន​គេ​សង្ឃឹមថា​ នឹង​ជំរុញ​ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ​។

លោក​បាន​បន្ត​ថា​ “យើង​រង់ចាំ​អស់​រយៈពេល​ជាយូរមកហើយ​ សម្រាប់​កិច្ច​ព្រមព្រៀង​នេះ​។ កម្ពុជា​ជា​ប្រទេស​សមាជិក​អាស៊ាន​ចុងក្រោយ​ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​លុបបំបាត់​យកពន្ធ​ត្រួតស៊ីគ្នា​ ជាមួយ​ប្រទេស​ម៉ាឡេស៊ី​”។

លោក​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ាឡេស៊ី​ថា​ “ការ​ដាក់​ពន្ធ​ទ្វេរ​ដង​បាន​រារាំង​វិនិយោគិន​ម៉ាឡេស៊ី​មិន​ឲ្យ​មក​កម្ពុជា​។ ជាមួយ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​លុបបំបាត់​យកពន្ធ​ត្រួតស៊ីគ្នា​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​ ក្រុមហ៊ុន​ម៉ាឡេស៊ី​កាន់តែ​ច្រើន​ អាច​ស្វែងយល់​ពី​ឱកាស​ធុរកិច្ច​ និង​វិនិយោគ​នៅ​ទីនេះ​”។

ទំហំ​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​ និង​កម្ពុជា​កាលពី​ឆ្នាំមុន​មាន​ចំនួន​ ៥៥៨​ លាន​ដុល្លារ​អាមេរិក​ ខណៈ​ដែល​ក្នុងរយៈពេល៦ខែ​ដំបូង​នៃ​ឆ្នាំនេះ​ តម្លៃ​បាន​កើនឡើង​ដល់៤២២​,៦ លាន​ដុល្លារ​អាមេរិក​កើនឡើង៣៩​,២ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕

តម្លៃ​លំនៅឋាន​នៅក្នុង​ទី​ក្រុង​ឌូ​បៃ​ចាប់ផ្តើម​ដាំ​ក្បាល​ចុះ​

0
តម្លៃ​លំនៅឋាន​នៅក្នុង​ទី​ក្រុង​ឌូ​បៃ​ចាប់ផ្តើម​ដាំ​ក្បាល​ចុះ​

ដោយ ​វុត្ថា​

ឌូ​បៃៈ​ តម្លៃ​អចលនទ្រព្យ​នៅក្នុង​ទី​ក្រុង​ឌូ​បៃ​ បាន​ធ្លាក់ចុះ​ប្រមាណ១៥​,៣%ពីឆ្នាំ​ទៅ​មួយឆ្នាំ​ ដោយ​គិត​ត្រឹម​ខែមិថុនា​នៃ​ឆ្នាំនេះ​ ពោល​គឺ​ទាប​បំផុត​ចាប់តាំងពី​វិបត្តិសេដ្ឋកិច្ច​ឆ្នាំ​ ២០០៨​។

យោង​តាម​របាយការណ៍​ ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ​ Cavendish​ Maxwell​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អារ៉ាប់រួម​ (UAE​) ​បង្ហាញ​កាលពី​ថ្ងៃទី២ម្សិលមិញ​នេះ​ថា​ តម្លៃ​ផ្ទះ​វី​ឡា​ឌូ​បៃ​ (ផ្ទះ​ដាច់​តែឯង​) ជាមធ្យម​មានតម្លៃ៤៦០.០០០ដុល្លារ​ ក្នុង​ខែកក្កដា​ធ្លាក់ចុះ​ពី​ចំនួន ៨០០.០០០ដុល្លារ​ ក្នុង​ឆ្នាំ២០១៤​ នៅពេល​ដែល​ទី​ក្រុង​ឌូ​បៃ​ត្រូវ​បាន​ប្រកាស​រៀបចំ​ពិព័រណ៍​ពិព័រណ៍​ពិភពលោក​ឆ្នាំ២០២០ខាងមុខ​។

របាយការណ៍​នេះ​បន្ត​ថា​ នៅ​ខែមិថុនា​ឆ្នាំ២០១៩​ តម្លៃ​ផ្ទះល្វែង​ និង​វីឡា​បាន​ធ្លាក់ចុះ​ ២១​,៤% និង​ ២២​,៤% រៀង​ៗខ្លួន​ បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ ២,១ លាន​ (លុយ​អារ៉ាប់​) និង​ ៥,៦ (លុយ​អារ៉ាប់​) លាន​នៅក្នុង​ខែកញ្ញា​ឆ្នាំ២០១៥​។

តម្លៃ​អចលនទ្រព្យ​ដែល​បាន​ធ្លាក់ចុះ​ចុងក្រោយ​នេះ​ នៅ​ត្រីមាស​ទី១នៃ​ឆ្នាំ​ ២០០៩​ ក្នុងរយៈ​ពេល​ភ្លាម​ៗ បន្ទាប់ពី​មានការ​ធ្លាក់ចុះ​ នៃ​តម្លៃ​ប្រេង​សាកល​ដល់៣២ដុល្លារ​ ក្នុង​មួយ​បារ៉ែល​។ នៅពេល​នោះ​តម្លៃ​ផ្ទះ​វីឡា​មួយ​នៅ​ទី​ក្រុង​ឌូ​បៃ​ បាន​ធ្លាក់ចុះ​ដល់២លាន​ (លុយ​អារ៉ាប់​) ស្មើនឹង៥៤៥​,០០០ដុល្លារ​។

ទី​ក្រុង​ឌូ​បៃ​គឺជា​ទីក្រុង​មួយ​នៅក្នុង​ប្រទេស​អារ៉ាប់រួម​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​កន្លែង​ដើរ​ទិញ​ឥវ៉ាន់​ប្រណីត​ មាន​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​ និង​ទេសភាព​រាត្រី​ដ៏​រស់រវើក​ និង​មាន​អគារ​ Burj​ Khalifa​ ដែល​មាន​កំពស់៨២៨ម៉ែត្រ​ ជា​អគារ​ខ្ពស់​បំផុត​នៅក្នុង​ពិភពលោក​។

ទីក្រុង​នេះ​ មានផ្ទៃ​ក្រឡា៤​, ១១៤គីឡូម៉ែត្រ​ក្រឡា​ មាន​ប្រជាជន​រស់នៅ​ប្រមាណ​ ៣.១៣៧នាក់​ស្ថិតិ​ឆ្នាំ២០១៨​៕

រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ទុន​ប្រមាណ​ ២១​,៣០០លាន​ដុល្លារ​អាមេរិក​ ដើម្បី​អនុវត្តន៍​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩​-២០២៣​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ កម្ពុជា​គ្រោង​នឹង​ចំណាយ​ប្រមាណ២១​,៣០០លាន​ដុល្លារ​អាមេរិក​ ក្នុង​ការអនុវត្ត​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ២០១៩​-២០២៣​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​ លោក​ ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​។

សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ក្នុង​ដំណាក់កាល​ ផ.យ.អ.ជ​ ២០១៩​-២០២៣​ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ដ​បេ្ដ​ជ្ញា​អនុវត្ដ​ន៍​ការងារ​ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​វឌ្ឍន​ភាព​ថ្មី​ៗ បន្ថែម​ ទៀត​ក៏ដូចជា​ បញ្ចប់​ឲ្យ​រួចរាល់​នូវ​គោលនយោបាយ​ កម្មវិធី​ និង​ផែនការ​សកម្មភាព​ ដែល​មិនទាន់​បាន​ដោះស្រាយ​នា​អា​ណត្ដិ​កន្លងមក​ និង​ត្រៀម​ទប់ទល់​និង​កាត់បន្ថយ​បញ្ហា​ ប្រឈម​ទាំងឡាយ​នា​ពេល​អនាគត​ រួមបញ្ចូល​ទាំង​បញ្ហ​ប្រឈម​ នៅក្នុង​តំបន់​និង​ ពិភពលោក​ និង​ការកាត់បន្ថយ​ជំនួយ​ សម្បទាន​ពី​ខាងក្រៅ​។

នៅក្នុង​វដ្ដ​បន្ទាប់​នៃ​ការ​ដំណើរការ​រៀប​ ចំ​ផែនការ​យុទ្ធ​សា​ស្រ្ដអភិវឌ្ឍ​ជាតិ​គោលនយោបាយ​ និង​សកម្ម​ ភាព​តម្រូវឲ្យ​មានការ​គិតគូរ​ច្បាស់លាស់​ និង​ជំរុញ​អនុវត្ដ​នូវ​ដំណើរការ​ចំនួន៣គឺ​ (ទី១​) ការបង្កើត​ចំណូល​ថរិកា​ជាតិ​ ពី​ប្រភព​ពន្ធ​-គយ​និង​មិន​ មែន​ពន្ធ​-គយ​ ប្រកបដោយ​ចីរភាព​និង​ស៊ីជម្រៅ​។ (ទី២​) ការពង្រីក​គុណភាព​មូលធន​មនុស្ស​ ផ្នែក​ឧស្សាហូបនីយ​ កម្ម​ និង​សេចក្ដីសុខ​ក្សេមក្សាន្ដ​របស់​ប្រជាជន​។

(ទី២​) ការ​លើកកម្ពស់​សមត្ថភាព​ ក្នុង​ក្រសួង​ ស្ថាប័ន​ រាជរដ្ឋាភិបាល​ ទាំង​ថ្នាក់​ជាតិ​ ទាំង​ថ្នាក់ក្រោម​ជាតិ​ សំដៅ​ផ្ដល់​សេវា​សាធារណៈ​ ដល់​ប្រជាជន​ រវាង​ក្រសួង​ ស្ថាប័ន​ ការ​ធ្វើស​មា​ហរ​ណកម្មការ​ងារ​រវាង​ថ្នាក់​ជាតិ​ និង​បណ្ដាល់​ក្រសួង​នៅ​ ថ្នាក់​ជាតិ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ និង​ជំរុញ​អភិបាលកិច្ច​ អេ​ឡិក​ត្រូ​និក​ ក្នុង​បរិបទ​បដិ​វត្ដ​ន៍​ឧស្សាហកម្ម​ទី៤​។

លោក​ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ ការរៀបចំ​ផែនការ​និង​ការ​វិនិយោគ​ដែល​មាន​លក្ខណៈ​ ទូលំទូលាយ​គ្រប់ជ្រុងជ្រោយ​ លើ​វិស័យ​ដើម្បី​លើកកម្ពស់​មូលធន​ មនុស្ស​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​វិស័យ​អាទិភាព​សំ​ខាន់​ៗ ដែល​ជា​កត្តា​ចម្បង​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​វិវត្ត​ខ្លួន​ពី​ប្រទេស​ដែល​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាមស៊ីវិល​ទៅជា​ប្រទេស​មួយ​ ដែល​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ និង​ជា​ប្រទេស​គោលដៅ​ នៃ​ ការ​វិនិយោគ​ពី​បរទេស​ រហូត​ឈាន​ជា​ប្រទេស​ដែល​មាន​ចំណូល​ មធ្យម​កម្រិតទាប​។

សមិទ្ធផល​ទាំងអស់​នេះ​ ស្ដែង​ចេញ​តាមរយៈ​សហគ្រិនភាព​ និង​ការ​វិ​និ​យោក​ឯកជន​ បាន​កើតឡើង​ជា​បន្ដ​បន្ទាប់​ ដែល​រួមចំណែក​ដល់​កំណើន​ផ.ស.ស​ មធ្យម​ប្រចាំឆ្នាំ​រង្វង់​ ៧% ក្នុងរយៈពេល​វែង​ដែល​ផលទុន​សំរាប់​មនុស្សម្នាក់ ​(ផ.ស.ស​)បាន​កើន​លើស​ពី​ ១៥០០ដុល្លា​អាមេរិក​ សម្រាប់​ឆ្នាំ២០១៨​ ហើយ​អត្រា​ភាព​ក្រីក្រ​បាន​ថយ​ចុះ​មក​កម្រិតទាប​ជាង១០​% ក្នុង​ អាណត្តិ​នៃ​ការអនុវត្ត​ផ.យ.អ.ជ​ ២០១៤​-២០១៨​។

ក្នុង​ន័យ​នេះ​ដែរ​ ទំហំ​វិនិយោគឯកជន​នា​ពេល​បច្ចុប្បន្ន​ មាន​សមាមាត្រ​ខ្ពស់​ជាង​ទំហំ​វិនិយោគ​សាធារណៈ​។ ការអនុវត្ត​ប្រកប​ ដោយ​ជោគជ័យ​នូវ​បណ្ដា​ផែ​កការ​យុទ្ធ​សា​ស្រ្ដអភិវឌ្ឍ​ជាតិ​ នៅក្នុង​រយៈពេល​ជាង​ពីរ​ទស្ស​វត្សរ៍​កន្លងមក​នេះ​ បាន​នាំ​កម្ពុជា​ឲ្យ​ចាកចេញ​ពី​ប្រទេស​នាំចូល​ស្បៀង​ ឈានឡើង​ទៅជា​ប្រទេស​មួយ​ ក្នុងចំណោម​ប្រទេស​ទាំង១០​ ដែល​បាន​នាំចេញ​អង្ក​ទៅក្រៅ​ប្រទេស​ និង​ក្នុងចំណោម​ប្រទេស​ទាំង១៥​ ដែល​បាន​ផលិត​អង្ករ​ច្រើនជាង​គេ​លើ​ពិភពលោក​៕

ក្រសួង​ពាណិជ្ជកម្ម​ចាប់ផ្ដើម​ដាក់ចេញ​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​

0
ក្រសួង​ពាណិជ្ជកម្ម​ចាប់ផ្ដើម​ដាក់ចេញ​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​
ក្រសួង​ពាណិជ្ជកម្ម​ចាប់ផ្ដើម​ដាក់ចេញ​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ជា​ការសម្រួល​ និង​ជំរុញ​ដល់​ដំណើរការ​នៃ​ការ​ធ្វើអាជីវកម្ម​ និង​ពាណិជ្ជកម្ម​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ និង​លឿន​រហ័ស​ប្រកបដោយ​តម្លាភាព​ ក្រសួង​ពាណិជ្ជកម្ម​បានសម្រេច​ចាប់ផ្តើម​រៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​ និង​ផ្ដល់​សុពលភាព​លើ​ឯកសារ​ទស្សនទាន​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម​ កាលពី​ថ្ងៃទី២​ ខែកញ្ញា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ លោកស្រី​ តឹក​រ៉េ​ត កំរង​ បាន​មានប្រសាសន៍​ថា​ ការវិវឌ្ឍន៍​ដ៏​លឿន​នៃ​បច្ចេកវិទ្យា​ និ​ងន​វានុ​វត្ដ​ន៍​ឌីជីថល​ បាន​បង្កើត​ឡើង​នូវ​កាលានុវត្ត​ភាព​ ក៏ដូចជា​ការ​ប្រឈម​ជាច្រើន​ ដែល​ទាមទារ​ឱ្យ​មានការ​គិតគូរ​ច្បាស់លាស់​ លើ​ការប្រព្រឹត្ត​ទៅ​នៃ​ការងារ​នានា​ ដែល​ពឹងផ្អែក​បច្ចេកវិទ្យា​ជា​មធ្យោបាយ​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ការងារ​ទាំងនេះ​ ត្រូវ​បាន​រំលេច​យ៉ាង​ច្បាស់លាស់​ ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៦​ ត្រង់​មុំ​ទី៣​ ដែល​តម្រូវ​ឱ្យ​មានការ​ពិនិត្យ​ និង​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​”។

ជា​កិច្ច​ឆ្លើយតប​ និង​ចូលរួម​វិភាគទាន​ទៅលើ​ការសម្រេច​បាន​នូវ​គោលដៅ​អាទិភាព​ទាំងនោះ​ ក្រសួង​ពាណិជ្ជកម្ម​បានសម្រេច​ចិត្ត​ធ្វើការ​រៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដើម្បី​ជា​ផែនទី​បង្ហាញផ្លូវ​មួយ​ច្បាស់លាស់​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។

ការរៀបចំ​យុទ្ធសាស្ត្រ​នេះ​ដែរ​ ក៏​ជា​តម្រូវការ​ដ៏​សំខាន់​ និង​ឆ្លើយតបទៅនឹង​អនុសាសន៍​មួយចំនួន​ទៀត​ នៅក្នុង​ឯកសារ​ និង​យុទ្ធ​សា​ស្ត្រផ្សេង​ៗ ដូចជា​ ឯកសារ​ Cambodia​ eTrade​ Readiness​ Assessment​ ដែល​បាន​រៀបចំឡើង​ដោយ​អង្គការ​ UNCTAD​ នៅ​ឆ្នាំ២០១៧​ និង​ថ្មី​ៗនេះ​ នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ ២០១៩​-២០២៣​ ជាពិសេស​ជំពូក​ទី១១​ ស្ដីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​ជំពូក​ទី១២​ ស្ដីពី​សេដ្ឋកិច្ច​ឌីជីថល​ និង​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​។

លើស​ពីនោះ​ទៀត​ យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ក៏​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​វិស័យ​ឯកជន​ ដែល​ត្រូវការ​ឯកសារ​មួយ​សម្រាប់​បញ្ជាក់​ជូន​អំពី​ចក្ខុវិស័យ​ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ​ ដែល​វិស័យ​ឯកជន​ជាច​លក​រមួយ​យ៉ាង​សំខាន់​ សំដៅ​ជំរុញ​ដល់​ការប្រព្រឹត្ត​ទៅ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាមរយៈ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​។

ជាមួយគ្នា​នេះ​ លោកស្រី​ តឹក​រ៉េ​ត កំរង​ បាន​បញ្ជាក់​ថា​ ការរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​វេលា​នេះ​ ជា​ការ​មួយ​ដ៏​ត្រឹមត្រូវ​ គាប់​ជួនជា​មួយ​នឹង​ការ​ជិត​សម្រេច​បាន​នូវ​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ហើយ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ បាន​ឆ្លងផុត​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​រួចហើយ​ នឹង​ត្រូវ​បញ្ជូន​បន្ត​ដើម្បី​ស្នើសុំ​ការ​អនុម័ត​ដោយ​រដ្ឋសភា​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​៕

CDC​ អនុម័ត​គម្រោង​ដែល​មាន​ទឹកប្រាក់​ ៣១៩លាន​ដុល្លារ​ពី​ក្រុមហ៊ុន​វិនិយោគ​ចំនួន៨

0
អគារ CDC។ រូបថត៖ សហការី

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) នៅដើម​ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៨ មាន​ទឹកប្រាក់​ ៣១៩.៥​ លាន​ដុល្លារ​ និង​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​រាប់​រយ​កន្លែង​ ។

យោង​តាម​ការ​ផ្សព្វផ្សាយ​រស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​)កាលពី​ថ្ងៃទី​ ២ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថាតាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម​៖

១- “MEKO​ LIGHTING​ (CAMBODIA​) CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​អំពូលភ្លើង​ និង​ សម្ភារៈ​បរិ​ក្ខា​អគ្គិសនី​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចម​ពល​ ឃុំ​ពពេល​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣០៦កន្លែង​។

២- “SILVER​ BEAUTY​ (CAMBODIA​) ELECTRONIC​ AND​ LIGHTING​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូលភ្លើង​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣​ ភូមិ​ទួល​ត្បែង​ ឃុំ​ ព្រៃវិហារ​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,២លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៧៩កន្លែង​។

៣- “SINE​ PLASTIC​ (CAMBODIA​) INDUSTRY​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​បំពង់​ទឹក​ជ័រ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ពាម​ សង្កាត់​ព្រៃស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៤០កន្លែង​។

៤- “HONG​ CHHING​ (CAMBODIA​) INDUSTRIAL​ DEVELOPMENT​ CO​., LTD​” គម្រោង​បង្កើត​ រោងចក្រ​ផលិត​សម្ភារៈសំណង់​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ស្គន់​ ឃុំ​ត្រពាំងរាំង​ ស្រុក​ជុំ​គិរី​ ខេត្តកំពត​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៥,៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៤៤កន្លែង​។

៥- “MIKOL​ STONE​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ថ្មម៉ាប​ផលតិ​ជា​គ្រឿង​សង្ហា​រឹម​ និង​សម្ភារៈ​បរិក្ខារ​ផ្សេង​ៗ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្ទឹង​ច្រាល​ ឃុំ​អូរបាក់រទេះ​ ស្រុក​កំពង់សីលា​ ខេត្ត​ ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៩លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២៥៧កន្លែង​។

៦- “KAM​ CHING​ (CAMBODIA​) CRAFTS​ &​; GIFTS​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទៀន​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កណ្តឹង​ធំ​ ឃុំ​កណ្តឹង​ ស្រុក​បាទី​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៨លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣២០កន្លែង​។

៧- “CUI​ ZHEN​ YUAN​ FOOD​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ​ (ស្វាយ​ ចេក​ ម្នាស់​ ស្វាយចន្ទី​…) ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ​ ឃុំ​ជង្រុក​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៦,៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៧៧កន្លែង​។

៨- “ZHENG​ HENG​ (CAMBODIA​) CO​., LTD​” គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ទេសចរណ៍​ “តារា​សាគរ​ ឈូងសមុទ្រ​វែង​” រួមមាន​៖ សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ចំនួន៧០០បន្ទប់​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ រមណីយដ្ឋាន​ទេសចរណ៍​ សួន​កំសាន្ត​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​គម្រោ​ងផ្សេង​ៗមួយចំនួន​ទៀត​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​កោះ​ស្តេច​ ស្រុក​គិរី​សាគរ​ ខេត្តកោះកុង​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២៩២លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២.១១៦កន្លែង​៕

តើ​ឧស្សាហកម្ម​ហិរញ្ញ​វត្ថុ​ជះ​ឥទ្ឋិ​ពល​ដូចម្តេច​ដល់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ឧស្សាហកម្ម​ហិរញ្ញ​វត្ថុ​មាន​ឥទ្ឋិ​ពល​យ៉ាង​ធំធេង​ ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​ សង្គម​ និង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ ក៏ដូចជា​សុខមាលភាព​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​។

តើ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ មាន​ឥទ្ឋិ​ពល​ដូចម្តេច​លើ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ លោក​ម៉ី​ វ៉ាន់​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា​ ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ជា​ពាក្យ​ថ្មី​មួយ​ ដែល​និយាយ​ក្នុង​កម្រិត​អ្នកសេដ្ឋកិច្ច​។ វិស័យ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ ជា​អ្វី​ដែល​ជះ​ឥទ្ឋិ​ពល​លើ​ជីវភាពរស់នៅ​របស់​ប្រជាជន​ខ្មែរ​។

វិស័យ​នេះ​គ្រប់គ្រង​ទៅលើ​វិស័យ​បី​ ដូចជា​ទី១​ ការ​អភិវឌ្ឍ​ទៅលើ​វិស័យ​ធនា​រ៉ាប់រង​ ជា​ការ​គិត​គូ​ទៅលើ​ការ​កសាង​នូវ​ប្រព័​ន្ឋ​សំណាញ់​សុវត្ថិភាព​សង្គម​ ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័​ន្ឋ​ និង​ក្នុង​ប្រព័​ន្ឋ​ ដែល​អាច​ធានា​បាន​នូវ​ហានិភ័យ​នានា​ទាក់ទង​នឹង​ជីវិត​ អាជីវកម្ម​ ក៏​ដូច​ជា​ដំនើ​រកា​ររស់នៅ​របស់​ប្រជាជន​យើង​។

វិស័យ​ធានារ៉ាប់រង​រីកចម្រើន​ខ្លាំង​ណាស់​ ដោយសារ​ជីវភាព​ប្រជាពលរដ្ឋ​យើង​កើនឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។ បច្ចុប្បន្ន​វិស័យ​ធានារ៉ាប់រង​កំពុង​ទាក់ទាញ​ប្រជាជនទូទៅ​ ជាពិសេស​អ្នកមាន​ប្រាក់ខែ​ដែល​អាច​សន្សំ​បាន​ ក្នុង​គោលដៅ​ការពារ​នូវ​យថាហេតុ​ណាមួយ​ ក្នុង​ជីវិត​របស់​ខ្លួន​ ដូចជា​ការធានា​និរន្តរ​ភា​ពស​ម្រា​ ប់​ការ​រៀន​របស់​កូន​ រក្សា​បា​ននូ​វល​ទ្ឋ​ភាព​នៃ​ការទិញ​។

ទី២​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​ក៏​មានការ​កើនឡើង​ ជាមួយ​ការ​អភិវឌ្ឍ​កាន់តែ​ច្រើន​ ទាំង​លំនៅ​ដ្ឋាន​អ្នកមាន​ជីវភាព​ធូរធារ​ និង​អ្នកមាន​ជីវភាព​មធ្យម​។ ក្នុង​ប្រព័​ន្ឋ​នៃ​ការដែល​ប្រជាជន​ត្រូវការ​ទិញ​ផ្ទះសម្បែង​ មានការ​ចូលរួម​ពី​ប្រព័​ន្ឋ​ធនាគារ​ ដែល​អាច​ផ្តល់​ឲ្យ​អ្នកធ្វើការ​ អ្នករក​ស៊ី​ដែល​មាន​ចំណូល​ល្អ​ អ្នក​ទាំងនោះ​អាច​បង់​ប្រចាំខែ​ ឬបង់​ទាំងស្រុង​អា​ស្រ័យ​លើ​លទ្ឋ​ភាព​។

ការ​ផ្តល់​ឥណទាន​ពី​ធនាគារ​ ទាមទារ​ឲ្យ​អតិថិជន​បង្ហាញ​ពី​និរន្តរភាព​ នៃ​ចំណូល​ និង​ទិញ​លើ​ហានិភ័យ​ធម្មជាតិ​ ដូចជា​ទឹកជំនន់​ ភ្លើង​ឆេះ​ ខ្យល់ព្យុះ​ជាដើម​ ដែល​ធានារ៉ាប់រង​អាច​ធានា​នូវ​ហានិភ័យ​ទាំងនោះ​ ដែល​ជា​ការ​ស៊ីគ្នា​រវាង​វិស័យ​ធនា​រ៉ាប់រង​ និង​វិស័យ​ហិរញ្ញវត្ថុ​។

ទី៣​ វិស័យ​ទីផ្សារ​ហិរញ្ញវត្ថុ​ ដែល​រាជរដ្ឋាភិបាល​បាន​បង្កើត​នូវ​ទីផ្សារ​មូលបត្រ​ ដែល​មាន​គណកម្មា​ការ​មូលបត្រ​កម្ពុជា​ ដែល​ជា​និយ័ត​ករ​បាន​ខិតខំ​ពង្រីក​នូវ​ក្របខ័ណ្ឌ​ច្បាប់​ ក្របខ័ណ្ឌ​គតិយុត្តិ​នានា​ ដែល​ជា​ការ​បង្ក​ឲ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សហ​គ្រាស​ធំៗ​អាច​ប្រមូល​ទុន​ពីទី​ផ្សារ​នោះ​ ដើម្បី​បង្កើត​នូវ​ការងារ​កាន់តែ​ច្រើន​ក្នុង​ទីផ្សារ​មួល​បត្រ​។

ក្នុង​នោះ​យើង​បាន​បង្កើត​ផលិតផល​ហិរញ្ញ​វត្ថុ​ធំៗ​ ដើម្បី​ជា​តម្រូវការ​ប្រើប្រាស់​ទុន​ ដែល​មាននៅ​គ្រប់​ទីកន្លែង​ គ្រាន់តែ​យើង​បង្កើត​បរិយាកាស​វិនិយោគ​ឲ្យ​ល្អ​ ក្នុង​ប្រទេស​មាន​សន្តិភាព​ គឺ​អ្នក​វិនិយោគ​ចូលចិត្ត​មក​វិនិយោគ​ណាស់​។ អ្នករក​ស៊ី​ គេ​គិត​ណាស់​ គិត​ពី​ចំណូល​រយៈពេល​ខ្លី​ ចំណូល​រយៈពេល​វែង​ សម្រាប់​បើកប្រាក់ខែ​ដល់​បុគ្គលិក​ និយោជិត​របស់​ខ្លួន​៕

តើ​វិស័យ​លំនៅ​ដ្ឋាន​កម្ពុជា​កំពុង​មានការ​វិវត្តន៍​បែប​ណា​នា​ពេល​បច្ចុប្បន្ន​?

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ វិស័យ​សំណង់​ ដែល​ផ្តោត​លើ​ផ្នែក​លំនៅ​ដ្ឋាន​ចាប់តាំងពី​ឆ្នាំ២០១៨​ រហូត​មក​គេ​សង្កេតឃើញ​ថា​ មាន​សកម្មភាព​យ៉ាង​ខ្លាំង​ ដើម្បី​ឆ្លើយតប​និង​ផ្គត់ផ្គង់​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​បន្ត​រក្សា​បាន​ភាពល្អ​ប្រសើរ​ ដែល​អនុគ្រោះ​ដល់​ចំណូល​របស់​ប្រជាជន​ក្នុង​ស្រុក​។

យោង​តាម​របាយការណ៍​ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​កាលពី​ពេល​កន្លងទៅ​នេះ​បាន​បង្ហាញថា​ គិត​ត្រឹម​រយៈពេល៧ខែ​ដើមឆ្នាំ២០១៩​ វិស័យ​សំណង់​នៅ​កម្ពុជា​ មាន​គម្រោង​សរុប​ចំនួន៥២៥នៅ​ទូទាំង​ប្រទេស​ ស្មើនឹង​ទំហំ​ទឹកប្រាក់​វិនិយោគ​ប្រមាណ១១៧៣លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​ក្នុង​នោះ​វិស័យ​សំណង់​ផ្នែក​លំនៅ​ដ្ឋាន​មានការ​កើនឡើង​ខ្ពស់​ ជាពិសេស​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​។

អគ្គនាយក​ក្រុមហ៊ុន​ R Investment​ Group​ លោក​ឧក​ញ៉ា​តេង​ រិទ្ធី​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី២​ កញ្ញា​កន្លងមក​ថា​ មិនថា​ចំពោះតែ​ក្រុមហ៊ុន​អ្នក​វិនិយោគ​ ឬអ្នក​អភិវឌ្ឍ​នោះ​ទេ​ នៅពេល​ដែលគេ​សម្លឹងឃើញ​ទីផ្សារ​មាន​តម្រូវការ​ខ្ពស់​ គឺ​គេ​ត្រូវតែ​ងាក​ទៅ​រក​គោលដៅ​ជាក់ជា​មិនខាន​។

លោក​បន្ត​ទៀត​ថា​ ចាប់តាំងពី​ឆ្នាំ២០១៨​ ជាពិសេស​ ដើមឆ្នាំ២០១៩សកម្មភាព​នៃ​ការ​វិនិយោគ​ និង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ ដើម្បី​ផ្គត់ផ្គង់​ចំណែក​ទីផ្សារ​ គឺ​មាន​សកម្មភាព​គួរ​ឱ្យ​កត់សម្គាល់​ ជាពិសេស​នៅ​តាម​តំបន់​ជាយក្រុង​។

លោក​បាន​បន្ត​ទៀត​ថា​ “ការ​កើនឡើង​នូវ​ចំនួន​ផ្គត់ផ្គង់​ទាំងនេះ​ ក៏​ព្រោះតែ​មាន​ភាព​អំណោយផល​ពី​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​ ដែល​អាច​បន្ត​រក្សា​បាន​ភាព​វិជ្ជមាន​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អាច​ទទួល​បាន​ចំណូល​ល្អ​ប្រសើរ​ជាង​មុន​ និង​អាច​មានលទ្ធភាព​ទិញ​លំនៅ​ដ្ឋាន​ផ្ទាល់ខ្លួន​”។

លោក​បន្ត​ទៀត​ថា​ “កាលពីមុន​ប្រជាជន​ដែល​រស់នៅ​ និង​ធ្វើការ​នៅ​តំបន់​ក្រុង​ រកបាន​ចំណូល​ត្រឹមតែ​មួយ​ចម្អែត​តែប៉ុណ្ណោះ​ ប៉ុន្តែ​ពេលនេះ​មិន​ដូចគ្នា​នោះ​ឡើយ​ ខណៈ​ដែល​កម្ពុជា​មានការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​មានការ​កើនឡើង​ ដែល​ធ្វើ​ឱ្យ​ប្រជាជន​អាច​មានលទ្ធភាព​ល្អ​ជាង​មុន​”។

លោ​កតេង​ រិទ្ឋី​បាន​បន្ត​ទៀត​ថា​ ពេលនេះ​ការទិញ​លក់​លំនៅ​ដ្ឋាន​មាន​ភាព​ងាយស្រួល​ជាង​មុន​ ដែល​ក្រៅពី​ប្រជាពលរដ្ឋ​អាច​មាន​ចំណូល​គួរសម​ ពួកគាត់​ថែមទាំង​មាន​ភាព​ងាយស្រួល​ក្នុង​ការទិញ​លំនៅ​ដ្ឋាន​ ដោយ​ការ​បង់​រំលោះ​ក្រោម​កម្ចី​ពី​ធនាគារ​។ ភាពល្អ​ប្រសើរ​នៃ​ទីផ្សារ​ទាំងអស់​នេះ​ហើយ​ ដែល​ជម្រុ​ញឱ្យ​អ្នក​វិនិយោគ​ និង​អ្នក​អភិវឌ្ឍ​ងាក​ទៅ​ចាប់​យក​វិស័យ​មួយ​នេះ​ធ្វើជា​គោលដៅ​របស់​ខ្លួន​។

អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍ​លំនៅ​ដ្ឋាន​កម្ពុជា​ លោក​បណ្ឌិត​ តាន់​ មុនី​វណ្ណ​ បាន​ទទួលស្គាល់​ទៅលើ​ទំនោរ​ នៃ​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ ក្នុង​ស្រុក​របស់​អ្នក​អភិវឌ្ឍ​ភាគច្រើន​ងា​កម​កាន់​ទីផ្សារ​តម្លៃ​មធ្យម​ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ស្ថេរ​ភាព​នៃ​វិស័យ​នេះនោះ​ទេ​។

លោក​បណ្ឌិត​បន្ត​ថា​ “បើ​យើង​និយាយ​ពី​ស្ថានភាព​ទីផ្សារ​អ្វីមួយ​ ទាល់តែ​មាន​ទិន្នន័យ​គោល​ដើម្បី​លើកយក​មក​ធ្វើជា​សំអាង​ក្នុង​ប៉ាន់ស្មាន​”។ លោក​បន្ត​ទៀត​ថា​ “ការ​វិ​និ​យោ​គធំៗ​ភាគច្រើន​ តែង​រំពឹង​ទៅលើ​លំហូរ​ទុន​ចូល​មក​ពីក្រៅ​ស្រុក​ច្រើនជាង​ ដូច្នេះ​វា​អាស្រ័យ​ទៅ​នឹង​លំហូរ​នៃ​ទុន​ទាំងនោះ​”។

លោក​បណ្ឌិ​តតាន់់​ មុនី​វណ្ណ​បាន​បន្ត​ទៀត​ថា​ ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​គឺ​ពាក់ព័ន្ធ​សំខាន់​ទៅលើ​តម្លៃ​ថ្លៃដើម​នៃ​ដី​ដើម្បី​សាងសង់​។ មួយរយៈពេល​មុន​នេះ​យើង​ឃើញថា​លំហូរ​នៃ​ទុន​មក​ពីក្រៅ​ស្រុក​ បាន​ចាក់​មកកាន់​កម្ពុជា​ច្រើន​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យ​សំណង់​ ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​ឡើងថ្លៃ​។ ដូច្នេះ​ប្រសិនបើ​ទុន​មក​ពី​បរទេស​ត្រូវ​បាន​កាត់បន្ថយ​ នោះ​ក៏​វា​នឹង​ប៉ះពាល់​ដល់​ការ​វិនិយោគ​ក្នុង​ស្រុក​ដែរ​។

លោក​បណ្ឌិត​បាន​បញ្ជាក់​ថា​ ដោយសារតែ​ការ​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​មានការ​កើនឡើង​ខ្លាំង​យ៉ាង​គំហុក​ រហូតមកដល់​ពេល​តូ​លេខ​នៃ​ចំនួនពិត​ប្រាកដ​នៅ​ទូទាំង​ប្រទេស​ហាក់​មិនទាន់​បាន​កំណត់​ច្បាស់​នៅឡើយ​ ដោយសារតែ​អ្នក​អភិវឌ្ឍ​មួយចំនួន​តូច​ មិនបាន​ចូក​រួម​ជាមួយ​សមាគម​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​វិស័យ​មួយ​នេះនោះ​ឡើយ​។ ជាមួយគ្នា​នេះ​លោក​ក៏បាន​លើកទឹកចិត្ត​ ដល់​បណ្តា​អ្នក​អភិវឌ្ឍ​ក្នុង​វិស័យ​មួយ​នេះ​គួរ​ចូលរួម​ទាំងអស់គ្នា​ ដើម្បី​រក្សា​ភាពល្អ​ប្រសើរ​ឱ្យ​បាន​យូរអង្វែង​៕

ក្រុមហ៊ុន​អាមេរិក​ទាមទារ​ឲ្យ​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បង្ក​ការ​ប៉ះពាល់​ដល់​អ្នកប្រើ​ប្រាស់​អាមេរិក​

0
ក្រុមហ៊ុន​អាមេរិក​ទាមទារ​ឲ្យ​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បង្ក​ការ​ប៉ះពាល់​ដល់​អ្នកប្រើ​ប្រាស់​អាមេរិក​
ក្រុមហ៊ុន​អាមេរិក​ទាមទារ​ឲ្យ​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បង្ក​ការ​ប៉ះពាល់​ដល់​អ្នកប្រើ​ប្រាស់​អាមេរិក​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អាមេរិក​រាប់​រយ​បា​នន​ និង​កំពុង​ទាមទារ​ឱ្យ​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​ ដោយ​លើកឡើង​ពី​ការ​ប៉ះពាល់​ដល់​អ្នកប្រើ​ប្រាស់​អាមេរិក​។

សម្ព័ន្ធភាព​ពាណិជ្ជកម្ម​សេរី​អាមេរិក​ ដែល​ជា​ក្រុម​មួយ​ដែល​មាន​ក្រុមហ៊ុន​អា​មេ​រិក​ធំៗ​រាប់​រយ​បាន​ឲ្យដឹង​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ចំណាយ​របស់​អ្នកប្រើ​ប្រាស់​ ក្នុង​កំឡុង​ទិវា​ពេល​លក់រាយ​ដ៏​សំខាន់​បំផុត​ប្រចាំឆ្នាំ​ក្នុង​ខែ​ ធ្នូ​ខាងមុខនេះ​។

លិខិត​របស់​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​ខាងលើ​បាន​សរសេរ​ថា​ ”យើង​កំពុង​សរសេរ​សំណើ​បន្ទាន់​មួយ​ ដែល​ស្នើ​ឲ្យ​អ្នក​ពន្យារពេល​រាល់​ការដំឡើង​អត្រាពន្ធ​ លើ​ទំនិញ​ចិន​ដែល​គ្រោង​ចូលជាធរមាន​នៅ​ឆ្នាំនេះ​”។

លិខិត​នេះ​បាន​បន្ថែម​ទៀត​ថា​ “អត្រាពន្ធគយ​ទាំងនេះ​កើនឡើង​ ឯពន្ធ​លើ​ទំនិញ​ខ្លះទៀត​បាន​ចាប់ផ្តើម​នៅដើម​ថ្ងៃអាទិត្យ​នេះ​ គឺជា​ពេលវេលា​ដ៏​អាក្រក់​បំផុត​ នៅ​ពាក់កណ្តាល​រដូវ​កាល​ដឹកជញ្ជូន​ទំនិញ​ដ៏​មមាញឹក​។

លោក​ Trump​ បា​នព​ន្យា​ពេល​មួយ​ចំណែក​ នៃ​បញ្ជី​ទំនិញ​ចិន​ដោយ​និយាយ​ថា​ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អតិថិជន​អាមេរិក​យ៉ាង​ខ្លាំង​ ក្នុង​រដូវ​ទិញទំនិញ​ថ្ងៃឈប់​សម្រាក​។ អ្នកវិភាគ​ជឿជាក់​ថា​ ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​របស់​ប្រធានាធិបតី​អាមេរិក​ Trump​ គឺ​ផ្តើម​ចេញពី​ប្រតិកម្ម​សាធារណៈ​លោក​អាច​នឹង​ប្រឈម​ ប្រសិនបើ​អអ្នកប្រើ​ប្រាស់​ទិញទំនិញ​ក្នុង​តម្លៃ​ខ្ពស់​ នៅ​តាម​ហាង​លក់រាយ​ក្នុង​រដូវ​ដើរ​ទិញ​ឥវ៉ាន់​ ក្នុង​ឱកាស​វិស្សមកាល​នា​ខែ​ ធ្នូ​ ដែល​ជា​ខែ​ដ៏​សំខាន់​បំផុត​សម្រាប់​អ្នកលក់​រាយ​អាមេរិក​។

នៅក្នុង​បញ្ជី​ទំនិញ​ចិន​ដែល​ត្រូវ​យកពន្ធ​នៅ​ខែធ្នូ​ ក្នុង​ខែធ្នូ​ ផលិតផល​ដូចជា​ អាយ​ហ្វូ​ន ទ័​រទូរ​ទស្សន៍​ និង​ហ្គេម​វីដេអូ​ដែល​ផលិតផល​ពេញនិយម​យ៉ាង​ខ្លាំង​ ក្នុង​រដូវ​វិស្សមកាល​។

លោក​ Trump​ បាន​និយាយ​ថា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple​ លោក ​Tim​ Cook​ បាន​ទាក់ទង​លោក​ អំពី​ការដំឡើង​ពន្ធ​នេះ​ដោយ​និយាយ​ថា​ ពន្ធ​ថ្មី​នឹង​ប៉ះពាល់​ដល់​ការ​លក់​ទូរស័ព្ទ​អាយ​ហ្វូ​ន និង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ផលិត​ស្មា​តហ្វូ​ន របស់​កូរ៉េ​ខាងត្បូង​ Samsung​។

លោក ​Trump​ បាន​ដក​អាយ​ហ្វូ​ន និង​កុំព្យូទ័រ​យួរដៃ​ម៉ាក​ Macbook​ ចេញពី​បញ្ជី​ពន្ធ​នៅ​ខែ​ កញ្ញា​ ដែល​ស្ថិត​ក្នុង​ការ​បង្កើន​កាតព្វកិច្ច​ពន្ធ​ ប៉ុន្តែ​នឹង​ត្រូវ​ដំឡើង​ពន្ធគយ​វិញ​នៅ​ខែ​ ធ្នូ​។

ក្រុមហ៊ុន​អាមេរិក​ ដែល​មាន​បណ្តាញ​ផ្គត់ផ្គង់​នៅ​ប្រទេស​ចិន​ នឹង​ត្រូវ​ប៉ះពាល់​ដោយ​ផ្ទាល់​ ហើយ​បាន​ពិពណ៌នា​ពន្ធគយ​នេះ​ថា​ជា​ “ការ​កើនឡើង​ពន្ធ​ខ្ពស់​បំផុត​” ដែល​មិនធ្លាប់​មានដល់​អ្នកប្រើ​ប្រាស់​អាមេរិក​។

លិខិត​ដែល​បាន​សរសេរ​ទៅកាន់​លោក​ Trump​ បាន​ឲ្យដឹង​ថា​ “ធនធាន​ឧស្សាហកម្ម​របស់​យើង​ភាគច្រើន​ នៅតែ​មាន​ប្រភព​នៅក្នុង​ប្រទេស​ចិន​។ ពន្ធគយ​ថ្មី​ទាំងនេះ​នឹង​ដើរតួ​ជា​ពន្ធ​លើ​ក្រុមហ៊ុន​ផលិត​ និង​កសិករ​អាមេរិក​ដែល​ថ្លៃដើម​នឹង​កើនឡើង​”។

ក្រុមហ៊ុន​អាមេរិក​ទាមទារ​ឲ្យ​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បង្ក​ការ​ប៉ះពាល់​ដល់​អ្នកប្រើ​ប្រាស់​អាមេរិក​

លិខិត​នេះ​បាន​បន្ថែម​ទៀត​ថា​ ក្រុមហ៊ុន​អាមេរិក​មិន​អាច​ផ្លាស់​ប្តូរ​ប្រតិ​បត្ដិ​ការ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ពី​ប្រទេស​ចិន​បានទេ​ ដោយសារតែ​ការដំឡើង​ពន្ធគយ​ មិន​ត្រូវ​បាន​ប្រកាស​ទុកជាមុន​។

លិខិត​នេះ​បាន​បន្ថែម​ទៀត​ថា​ “ផល​ប៉ះពាល់​អវិជ្ជមាន​ នៃ​ការដំឡើង​ពន្ធគយ​ទាំងនេះ​នឹង​សាយភាយ​នៅ​អាមេរិក​ និង​អាច​តំណាង​ឱ្យ​ការ​កើនឡើង​ពន្ធ​ដ៏​ធំ​បំផុត​មួយ​ នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​”៕

ចំណេះដឹង​! តើ​អ្នកលក់​អចលនទ្រព្យ​ត្រូវ​មាន​កាតព្វកិច្ច​អ្វីខ្លះ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ កាតព្វកិច្ច​សំខាន់​ទីមួយ​របស់​អ្នកលក់​ គឺ​ត្រូវ​ប្រគល់​វត្ថុ​ ឬផ្ទេរសិទ្ធិ​លើ​ទ្រព្យសម្បត្តិ​ ដែល​គាត់​បាន​ព្រមព្រៀង​លក់​ទៅ​ឲ្យ​អ្នកទិញ​ (មាត្រា​ ៥៣០​)។ សិទ្ធិ​លើ​ទ្រព្យ​ ឬវត្ថុ​ ដែល​ត្រូវ​ប្រគល់​ទៅ​ឲ្យ​អ្នកទិញ​នេះ​ ត្រូវតែ​មាន​បរិមាណ​និង​គុណភាព​ ដូច​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​។

ម្យ៉ាងទៀត​ ប្រសិនបើ​ការ​ប្រគល់​វត្ថុ​ ឬការផ្ទេរ​សិទ្ធិ​លើ​ទ្រព្យ​ ត្រូវ​ធ្វើ​នៅ​ក្រោយ​ការបង្កើត​កិច្ចសន្យា​ទិញ​លក់​ អ្នកលក់​ មាន​ករណីយកិច្ច​ថែរក្សា​វត្ថុ​ ឬទ្រព្យ​នោះ​ឲ្យបាន​គង់​វង់​ល្អ​ រហូតដល់​ពេល​ប្រគល់​ទៅ​ឲ្យ​អ្នកទិញ​(មាត្រា​ ៥៥២​)។

ច្បាប់​តម្រូវឲ្យ​អ្នកលក់​ថែរក្សា​វត្ថុ​ ឬទ្រព្យ​ ដែល​ជា​កម្មវត្ថុ​នៃ​ការ​លក់​នេះ​ ឲ្យបាន​ហ្មត់ចត់​ “ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ដ៏​ល្អ​” (គឺ​ថែរក្សា​ដូចជា​ការ​ថែរក្សា​ទ្រព្យ​ផ្ទាល់ខ្លួន​ឯង​ផ្សេងទៀត​អ៊ីចឹង​ដែរ​) មិនមែន​អាងតែ​បាន​ចុះ​កិច្ចសន្យាលក់​រួចហើយ​ ទុក​វត្ថុ​នោះ​ចោល​លែង​រវីរវល់​ថែទាំ​ នាំឲ្យ​បាត់បង់​ឬខូចខាត​នោះ​ទេ​។

ក្នុងករណី​ដែល​អ្នកលក់​ធ្វើឲ្យ​បាត់បង់​ឬធ្វើឲ្យខូច​ខាត​វត្ថុ​ ដែល​ជា​កម្មវត្ថុ​នៃ​ការ​លក់​ ដោយសារតែ​មានការ​ធ្វេសប្រហែស​ មិនបាន​គោរព​ករណីយកិច្ច​ថែរក្សា​វត្ថុ​ ដូច​មាន​ចែង​ក្នុង​ច្បាប់​នេះ​ទេ​ គាត់​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​អ្នកទិញ​ ទៅតាម​អ្វី​ដែល​បាន​ចែង​ក្នុង​កិច្ចសន្យា​ ឬត្រូវ​សង​សំណង​ខូចខាត​ ទៅតាម​ការ​ចែង​ក្នុង​ក្រមរ​ដ្ឋ​ប្ប​វេណី​ ទាក់ទង​នឹង​សំណង​ខូចខាត​ ក្នុងករណី​មិន​គោរព​កាតព្វកិច្ច​តាម​កិច្ចសន្យា​ (ផ្នែក​ទី៣​ ជំពូក​ទី៤​ គន្ថី​ទី៤​ នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​)។

ករណីយកិច្ច​សំខាន់​មួយទៀត​របស់​អ្នកលក់​ គឺ​ករណីយកិច្ច​ផ្តល់​ព័ត៌មាន​ចំពោះ​អ្នកទិញ​ គឺ​ព័ត៌មាន​ចាំបាច់​ ដែល​ជាប់ពាក់ព័ន្ធ​នឹង​វត្ថុ​ ដែល​ខ្លួន​លក់​នេះ​ ជាពិសេស​ក្នុងករណី​លក់​ផ្ទះ​ ឬក៏​ដីធ្លី​ អ្នកលក់​ត្រូវ​ពន្យល់​ដល់​អ្នកទិញ​ឲ្យបាន​ច្បាស់លាស់​ អំពី​ខ្លឹមសារ​នៃ​សិទ្ធិ​លើ​អចលនវត្ថុ​ អំពី​ព្រំដែន​នៃ​អចលនវត្ថុ​ និង​ពី​បន្ទុក​ផ្សេង​ៗ ដែល​អាច​មាន​លើ​អចលនវត្ថុ​នេះ​ ដូចជា​ ករណី​មាន​សេវភាព​តម្រូវឲ្យ​បើកផ្លូវ​ឆ្លងកាត់​ ទៅ​ដី​អ្នកជិតខាង​ជាដើម​។

ប្រសិនបើ​អ្នកលក់​មិន​បំពេញ​ តាម​ករណីយកិច្ច​ផ្តល់​ព័ត៌មាន​នេះ​ទេ​ ឬផ្តល់​ព័ត៌មាន​មិន​គ្រប់គ្រាន់​ឬមិន​ច្បាស់លាស់​ គាត់​ជា​អ្នកទទួល​ខុសត្រូវ​ចំពោះ​ការខូចខាត​ណាមួយ​ ដែល​កើតឡើង​ ដោយសារ​ការ​ខកខាន​មិនបាន​ផ្តល់​ព័ត៌មាន​នេះ​។

​;ម្យ៉ាងទៀត​ ប្រសិនបើ​អ្នកលក់​ផ្តល់​ព័ត៌មាន​មិន​ពិត​ ឬលាក់បាំង​ការពិត​ដោយចេតនា​ ហើយ​ព័ត៌មាន​មិន​ពិត​ ឬព័ត៌មាន​ដែល​លាក់កំបាំង​នេះ​គឺជា​ចំណុច​សំខាន់​ ដែល​មាន​ឥទ្ធិពល​លើ​ការសម្រេច​ចិត្ត​របស់​អ្នកទិញ​ ក្នុងករណី​នេះ​ អ្នកទិញ​អាច​សុំ​លុបចោល​កិច្ចសន្យា​នេះ​វិញ​បាន​ ដោយ​លើកយក​ការ​ឆបោក​មក​ធ្វើជា​មូលហេតុ​៕

ក្រុមហ៊ុន​យក្ស​មួយ​របស់​ជប៉ុន​គ្រោង​នឹង​ដាក់មូលដ្ឋាន​ផលិតកម្ម​នៅ​កម្ពុជា​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Fast​ Retailing​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​ និង​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន​សម្លៀកបំពាក់​យីហោ​Uniqlo​ និង​ជា​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​ធំជាង​គេ​ទីបី​នៅ​លើ​ពិភពលោក​ កំពុង​ស្វែងរក​ការ​ផ្លាស់​ប្តូរ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​ខ្លួន​ចេញពី​ប្រទេស​ចិន​មកកាន់​កម្ពុជា​ និង​វៀតណាម​ បន្ទាប់ពី​ពន្ធ​របស់​អាមេរិក​លើ​ការនាំចូល​សម្លៀកបំពាក់​ចិន​ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃអាទិត្យ​។

ក្រុមហ៊ុន​ Fast​ Retailing​ មានការ​សហការ​ជាច្រើន​រួចហើយ​ ជាមួយ​រោងចក្រ​កាត់ដេរ​ជាច្រើន​ ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​ខេត្ត​កំពង់ឆ្នាំង​ កណ្តាល​ តាកែវ​ បាវិត​ ខេត្ត​កំពង់ស្ពឺ​ និង​ភ្នំពេញ​។

ការពិភាក្សា​អំពី​ការ​ចាកចេញ​ពី​ចិន​កំពុង​កើតឡើង​ នៅពេល​ដែល​រដ្ឋាភិបាល​អាមេរិក​ បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ ដែល​រួមមាន​វិស័យ​សម្លៀកបំពាក់​រហូតដល់​ទៅ១៥​ ភាគរយ​។

នាយក​ប្រតិបត្តិ​ Fast​ Retailing​ និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ជាមួយ​កាសែត​ Nikkei​ ជប៉ុន​ថា​ “នាយក​ប្រតិបត្តិ​អាមេរិក​របស់​យើង​បាន​មកដល់​ជប៉ុន​ ដូច្នេះ​យើង​អាច​ពិភាក្សា​ពី​កម្រិត​នៃ​ផល​ប៉ះពាល់​ និង​វិធី​ឆ្លើយតប​”។

ប្រភព​អនាមិក​មួយផ្សេងទៀត​ នៅក្នុង​ក្រុមហ៊ុន​ជប៉ុន​បាន​និយាយ​ថា​ “យើង​នៅតែ​ពឹងផ្អែក​ចិន​សម្រាប់​វត្ថុធាតុដើម​ ដូច្នេះ​យើង​អាច​មើលឃើញ​ថ្លៃដើម​ខ្ពស់​ ក្នុង​ការ​ផ្គត់ផ្គង់​ និង​ក្នុង​ការ​ដឹកជញ្ជូន​ផលិតផល​សម្រេច​ទៅ​អាមេរិក​”។

យោង​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ Fast​ Retailing​ បានឱ្យ​ដឹង​ថា​ អាមេរិក​គឺជា​ទីផ្សារ​ដ៏​សំខាន់​មួយ​ សម្រាប់​ក្រុមហ៊ុន​ Fast​ Retailing​ ដែល​បាន​ផ្តល់​ប្រាក់ចំណូល​ជិត​ ៨៥០លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​នេះ​។

ក្រុមហ៊ុន​លក់រាយ​ និង​ក្រុមហ៊ុន​លក់​រាយ​ធំៗ​នៅ​អាមេរិក​ បាន​បន្ត​ថ្កោលទោស​ចំពោះ​ការ​បន្ត​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ ដោយ​បញ្ជាក់​ថា​ វា​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ និង​អ្នកប្រើ​ប្រាស់​អាមេរិក​។

លិខិត​មួយ​ពី​បណ្តា​ក្រុមហ៊ុន​ Amercans​ for​ Free​ Trade​ ដែល​ជា​សម្ព័ន្ធភាព​របស់​ក្រុម​ហ៊ុន​ធំៗ​អាមេរិក​ ដែល​បាន​ផ្ញើរ​ទៅកាន់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បាន​លើកឡើង​ថា​ “យើង​យល់​ពី​ការ​អាក់អន់​ចិត្ត​របស់​អ្នកជា​មួយ​ប្រទេស​ចិន​ ហើយ​ប្រឆាំង​នឹង​ពន្ធ​ដែល​រដ្ឋាភិបាល​ចិន​បាន​ដាក់​ផង​ដែរ​។ ប៉ុន្តែ​ក្រុមហ៊ុន​អាមេរិក​ កម្មករ​ដែល​ពួកគេ​ជួល​ និង​អ្នកប្រើ​ប្រាស់​ដែល​ពួកគេ​បម្រើ​ឱ្យ​ពន្ធ​ថ្មី​ និង​មិនធ្លាប់​មាន​ពីមុន​ នាំ​យើង​មិន​ទទួល​បាន​កិច្ច​ព្រមព្រៀង​ណាមួយ​ឡើយ​”។

លិខិត​នេះ​បាន​បន្ថែម​ថា​ “ការ​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ចាកចេញ​ពី​ចិន​ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លំដាប់​ទី២នៅ​លើ​ពិភពលោក​ មិនមែន​ជា​ដំណោះស្រាយ​ទេ​ ហើយ​មិន​មាន​ភាព​ប្រាកដប្រជា​”៕