CDC​ អនុម័ត​គម្រោង​វិនិយោគ៤​ មាន​ទឹកប្រាក់​ប្រមាណ​ ២០លាន​ដុល្លារ​នៅ​កម្ពុជា

0
អគារ CDC។ រូបថត៖ សហការី

ដោយ​ វុត្ថា

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៤ លើ​ការបង្កើត​រោងចក្រ​ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ ២០,២លាន​ដុល្លារ​អាមេរិក​ នៅ​ប្រទេស​កម្ពុជា​។

យោង​តាម​របាយការណ៍​ដែល​ទទួល​បាន​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) នៅ​ថ្ងៃ២៧​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម​៖

១- “KPNL​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់​ក្រណាត់​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ១៤២​ ភូមិ​ព្រៃ​បឹង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៩លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២៤៨កន្លែង​។

២- “XINYAO​ UNION​ (CAMBODIA​) GARMENT​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ២​ ភូមិ​ត្រកៀត​ ឃុំ​ត្រពាំងសាប​ ស្រុក​បាទី​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២.០២៣កន្លែង​។

៣- “XING​ BANG​ PAPER​ INDUSTRIAL​ (CAMBODIA​) CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ក្រដាស​ ផលិត​កេស​កាតុង​ និង​ថង់​ក្រដាស​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្រាំង​ទ្រា​ ឃុំ​ព្រៃ​និ​ព្វា​ន្ត​ គងពិសី​ ខេត្ត​កំ​ពង់​ស្ពឹ​ មាន​​ទុន​វិនិយោគ​ប្រមាណ​ ៣,៨លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៨២​ កន្លែង​។

៤- “KHMER​ FRESH​ MILK​ CO​.,LTD​.” គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ និង​រោងចក្រ​កែច្នៃ​ដែល​មាន​​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ឧកាសាំ​ង ឃុំ​កណ្តឹង​ ស្រុក​បាទី​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ ១០លាន​ដុល្លារ​អាមេរិក​ និង​អាច​ប​ង្កើត​ការងារ​បាន​ចំនួន​ ៣៧កន្លែង​៕

តើ​ពាក្យ​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​មីក្រូ​សេដ្ឋកិច្ច​មានន័យ​ដូចម្តេច​?

0

ប្រែ​សម្រួល​ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ នៅក្នុង​សម្រង់​ពាក្យ​ទាក់ទង​នឹង​សេដ្ឋកិច្ច​ មាន​ពាក្យ​មួយចំនួន​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិនបាន​យល់​ ឬយល់​តែ​មិន​យល់​ស៊ីជម្រៅ​នោះ​ទេ​ ហេតុនេះ​គេហ​ទំ​ព័រ​ព៌​តមាន​អចលនទ្រព្យ​ និង​សេដ្ឋកិច្ច​ឈានមុខ​គេ​សូម​លើកយក​ពាក្យ​មួយចំនួន​មក​ពន្យល់​។

តើ​ពាក្យ​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​មីក្រូ​សេដ្ឋកិច្ច​ ក្នុង​ន័យ​សេដ្ឋកិច្ច​មាន​និយមន័យ​និង​ភាព​ទូលំទូលាយ​បែប​ណា​?

ម៉ាក្រូ​សេដ្ឋ​កិ​ច្ចៈ​ ​គឺជា​ការសិក្សា​ដែល​ផ្តោត​ទៅលើ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល​ ខុសពី​ មីក្រូ​សេដ្ឋកិច្ច​ ផ្តោត​សំខាន់​ទៅលើ​បុគ្គល​ គ្រួសារ​ រឹ​ក្រុមហ៊ុន​នី​មួយ​ៗ។ អ្នក​ម៉ាក្រូ​សេ​កិច្ច​គេ​សិក្សា​អំពី​ផលទុនជាតិ​សរុប​ (GDP​) អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ (Unemployment​ rate​) ដើម្បីអោយ​យល់​ពី​សេដ្ឋកិច្ច​ជាតិ​ជា​រួម​។

អ្នក​ម៉ាក្រូ​សេ​កិច្ច​បាន​បង្កើត​ម៉ូដែល ​(Model​) សំរាប់​ពន្យល់​ពី​អំពី​ចំណូលជាតិ ​(National​ income​) ផលិតផល​(Output​) ការ​ចំណាយ​ (Consumption​) អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ (Unemployment​ rate​) អតិផរណា​(Inflation​) ការ​សន្សំ​ (Saving​) ការ​វិនិយោគ ​(Investment​) ពាណិជ្ជកម្ម​អន្តរជាតិ​ (International​ Trade​) និង​ ហិរញ្ញវត្ថុ​អន្តរជាតិ​ (International​ Finance​)។

ម៉ាក្រូ​សេ​កិច្ច​គឺជា​ជំនាញ​សិក្សា​ធំ​ទូលាយ​ទាក់ទង​ទៅ​នឹង​សេដ្ឋកិច្ច​។ គោលបំណង​នៃ​ការសិក្សា​សំខាន់​របស់​ម៉ាក្រូ​សេ​កិច្ច​មាន២​។

ទីម១​ គឺ​ចង់​យល់​ពី​មូលហេតុ​ (Causes​) និង​ផលវិបាក ​(Consequences​) នៃ​បំរែបំ​រួល​ចំណូលជាតិ​ក្នុងរយៈពេល​ខ្លី​ (Short​-run​ fluctuations​ or​ business​ cycle​)។

ទី២គឺ​ ចង់​យល់​អំពី​កត្តា​ដែល​កំនត់​ ពី​ការ​រីក​ចំរើន​សេដ្ឋកិច្ច​ជាតិ​ រយៈពេល​វែង​ (Long​-run​ economic​ growth​)។

ម៉ូដែល​ម៉ាក្រូ​សេ​កិច្ច​ ត្រូវ​បាន​ប្រើ​ដោយ​រដ្ឋាភិបាល​ និង​សហ​គ្រាស​ធំៗ​សំរាប់​ជួយ​ក្នុង​ការ​វាយ​តំលៃ​ និង​ដើម្បី​អភិវឌ្ឍន៍​គោលនយោបាយ​សេដ្ឋកិច្ច​ (Economic​ Policy​) និង​យុទ្ធសាស្ត្រ​ក្រុមហ៊ុន​ (Business​ Strategy​)។

មីក្រូ​សេដ្ឋ​កិ​ច្ចៈ​ ជា​សំខាន់​ផ្តោត​ទៅលើ​សកម្មភាព​របស់​បុគ្គល​ ដូចជា​សហគ្រាស​ (Firms​) អ្នកប្រើ​ប្រាស់​ (Consumers​) និង​ការសិក្សា​អំពី​ទង្វើ​ពួកគេ​ ទាក់ទង​ក្នុង​ការ​កំនត់​តំលៃ​ (Prices​) និង​ចំនួន​ផលិតផល​ (Quantities​) នៅ​លើ​ទីផ្សារ​ (Markets​) អ្វីមួយ​៕

អាសន្ន​៖ សហរដ្ឋអាមេរិក​អាច​នឹង​ជួប​វិបត្តិសេដ្ឋកិច្ច​នៅ​ឆ្នាំក្រោយ​

0

ដោយ​ Donald​ lee​

ភ្នំ​ពេញៈ​ វិនិយោគិន​បាន​ភ្ញាក់ផ្អើល​ ដោយ​រដ្ឋាភិបាល​អាមេរិក​បាន​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​យឺតយ៉ាវ​នៅក្នុង​ត្រីមាស​ទី២​ ដោយសារតែ​ការនាំចេញ​ធ្លាក់ចុះ​ ដែល​ជា​ផលវិបាក​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​។

សេដ្ឋកិច្ច​អាមេរិក​មាន​អត្រាកំណើន​យឺត​បំផុត​ ក្នុងរយៈពេល​ជាង​ពីរ​ឆ្នាំ​ ខណៈ​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​ ចិន​បាន​ជួប​បរាជ័យ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។

មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ នឹង​ជួប​ជាមួយ​លោក​ Liu​ He​ អនុមន្រ្តី​ចិន​នៅ​សៀងហៃ​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ស្វែងរក​ព័ត៌មាន​លម្អិត​ នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​ បន្ទាប់ពី​ការចរចា​នៅ​ខែឧសភា​ បាន​បរាជ័យ​។

លោក​ Ryan​ Sweet​ សេដ្ឋវិទូ​ជាន់ខ្ពស់​នៅ​ Moody’s​ Analytics​ បាន​ប្រាប់​រ៉យទ័​រថា​ “ប្រសិនបើ​យើង​ទទួល​បានការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​នៅ​ឆ្នាំក្រោយ​ វា​នឹង​កើតឡើង​ដោយសារតែ​យើង​បាន​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​”។

ក្រុម​អ្នកជំនាញ​ជឿជាក់​ថា​ អត្រាកំណើន​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ នឹង​ធ្លាក់ចុះ​មក​នៅ​ត្រឹម ២​,៥ភាគរយ​នៅ​ឆ្នាំនេះ​។ សេដ្ឋកិច្ច​អាមេរិក​បាន​កើនឡើង​ជិត ៣ភាគរយ​កាលពី​ឆ្នាំមុន​។

ការ​សង្កត់ធ្ងន់​លើ​ការ​ពន្លឿន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​លើ​ពិភពលោក​កើតមានឡើង​ នៅពេល​ដែល​ជម្លោះ​ពន្ធដារ​បាន​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​សេដ្ឋកិច្ច​ពិភពលោក​។

របាយការណ៍​សេដ្ឋកិច្ច​ Bloomberg​ ដែល​បាន​ចេញផ្សាយ​កាលពី​ខែមុន​ បាន​ប៉ាន់ស្មាន​ថា​ ការខាតបង់​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​អាច​នឹង​មាន​ទំហំ​ទឹកប្រាក់​ដល់ទៅ១​,២ ពាន់​ពាន់​លាន​ដុល្លារ​ ដែល​អាច​ប៉ះពាល់​ផលិតផល​សរុប​ក្នុង​ស្រុកលើ​ពិភពលោក​ និង​សេដ្ឋកិច្ច​ពិភពលោក​មាន​ភាពយឺត​យ៉ាវ​ ដែល​មិនធ្លាប់​មាន​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ២០០៨​៕

ចំណេះដឹង​! តើ​ពន្ធ​លើ​អចលនទ្រព្យ​ត្រូវ​មានការ​លើកលែង​ឫទេ​?

0

ដោយ ​នៅ​ វឌ្ឍនា​

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្តើម​យក​ពន្ឋ​ លើ​អចលនទ្រព្យ​បាន​ចាប់ផ្តើម​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដើម្បី​បង្កើន​ចំណូលជាតិ​ ប៉ុន្តែ​តើ​ពន្ឋ​លើ​អចលនទ្រព្យ​មានការ​លើកលែង​ដែរ​ឬទេ​ វា​ជា​ចម្ងល់​មួយ​។

ចំលើយ​គឺ​មាន​ដូចតទៅ​នេះ​ តាម​ប្រកាស​លេខ​ ៤៩៣​ សហវ.ប្រក​ ចុះ​ថ្ងៃទី​ ១៩​ ខែកក្កដា​ឆ្នាំ២០១១​ ពន្ធ​លើ​អចលនទ្រព្យ​នេះ​ ត្រូវ​បាន​លើកលែង​ដូច​ខាងក្រោម​៖

ក- អចលនទ្រព្យ​ដែល​ជា​ដីធ្លី​កសិកម្ម​។ ក្នុងករណី​ចំណែក​ណាមួយ​ នៃ​ដីធ្លី​កសិកម្ម​ត្រូវ​បាន​យក​មក​សាងសង់​ផ្ទះ​ អគារ​ ឬសំ​ណង់​ផ្សេង​ៗ ដែល​មិន​បម្រើ​ផ្ទាល់​ និង​ជាអចិន្ត្រៃយ៍​ដល់​សកម្មភាព​កសិកម្ម​។ ចំណែក​ដី​នោះ​ មិន​ត្រូវ​បាន​លើកលែង​ពន្ធ​នេះ​ទេ​។

ខ- អចលនទ្រព្យ​ដែល​ជា​កម្ម​សិទ្ធ​របស់​រាជរដ្ឋាភិបាល​ ឬស្ថាប័ន​រាជរដ្ឋាភិបាល​ ។ ក្នុងករណី​អចលនទ្រព្យ​ ដែល​បាន​កត់ត្រា​ជា​ទ្រព្យសកម្ម​ របស់​សហគ្រាស​សាធារណៈ​ ឬក្រុមហ៊ុន​ចម្រុះ​រដ្ឋ​ អចលនទ្រព្យ​នោះ​មិន​ត្រូវ​បាន​លើកលែង​ពន្ធ​នេះ​ទេ​។

គ- អចលនទ្រព្យ​ដែល​ជា​កម្មសិទ្ធិ​របស់​សហគមន៍​ ឬបុគ្គល​ណាមួយ​ដែល​៖ a-ត្រូវ​បាន​រៀបចំឡើង​ និង​ដំណើរការ​សម្រាប់​គោលដៅ​សុទ្ធសាធ​ខាង​សាសនា​ និង​សប្បុរសធម៌​ b-គ្មាន​ចំណែក​ណាមួយ​នៃ​អចលនទ្រព្យ​ ឬប្រាក់ចំណូល​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រយោជន៍​ឯកជន​។

ការលើកលែង​ពន្ធ​នេះ​មិនរាប់​បញ្ចូល​លើ​អចលនទ្រព្យ​មួយចំនួន​

– អចលនទ្រព្យ​ដែល​ត្រូវ​បាន​ជួល​ ឬផ្តល់​ឱ្យ​បណ្តោះអាសន្ន​ សម្រាប់​គោលដៅ​សុទ្ធសាធ​ខាង​ ​សាសនា​ និង​សប្បុរសធម៌​។

– អចលនទ្រព្យ​ជា​កម្មសិទ្ធិ​របស់​អង្គការ​សា​នា​ ឬអង្គការ​សប្បុរសធម៌​ ដែល​បាន​ជួល​ឬផ្តល់​ជា​បណ្តោះអាសន្ន​ឱ្យទៅ​សហគមន៍​ ឬបុគ្គល​ណាមួយ​ ដែល​ប្រើប្រាស់​អចលនទ្រព្យ​នោះ​ក្រៅពី​គោលដៅ​សាសនា​ និង​សប្បុរសធម៌​។

ឃ- អចលនទ្រព្យ​ជា​កម្មសិទ្ធិ​របស់​៖ -បេ​សកម្ម​ការទូត​ ឬកុងស៊ុល​បរទេស​ – អង្គការ​អន្តជាតិ​ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា​ ដែល​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​។

ង- អចលនទ្រព្យ​ដែល​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ រួមមាន​ ផ្លូវ​ ស្ពាន​ ប្រព័ន្ធ​ផលិត​ទឹក​ស្អាត​ ឬ ផលិត​អគ្គិសនី​ ព្រលា​នយន្តហោះ​ កំពង់ផែ​ ស្ថានីយអយស្ម័យយាន​ រួមបញ្ចូល​ទាំង​អគារ​ និង​ការិយាល័យ​ ដែល​បម្រើ​ផ្ទាល់​ដល់​សម្ម​ភាព​ នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​។

ច- ផ្ទះ​ អគារ​ និង​សំណង់​ ផ្សេង​ៗ ដែល​សាងសង់​លើ​ដីធ្លី​កសិកម្ម​ ដែល​បម្រើ​ផ្ទាល់​និង​ជា​អចិន្ត្រៃ​ ដល់​សកម្មភាព​កសិកម្ម​។

ឆ- អចលនទ្រព្យ​ដែល​ទទួលរង​នូវ​ការខូចខាត​ធ្ងន់ធ្ងរ​ ដោយ​ករណី​ប្រធាន​សក្តិ​ ដែល​ជា​បាតុភូត​ ឬជា​ព្រឹត្ត​ការណ៍​កើតឡើង​ដោយ​មិនដឹងជា​មុន​ មិន​អាច​ប៉ាន់ស្មាន​ជាមុន​បាន​ និង​មិន​អាច​ជំនះ​បាន​ ដូចជា​គ្រោះ​ធម្មជាតិ​ (ទឹកជំនន់​ ខ្យល់ព្យុះ​ រញ្ជួយ​ដី​) សង្គ្រាម​ កុប្បកម្ម​ អគ្គិភ័យ​ ឬ គ្រោះមហន្តរាយ​ ជាយថាហេតុ​។

ជ-ផ្ទះ​អគារ​ និង​សំណង់​ដែល​កំពុង​ត្រូវ​បាន​សាង់​សង់​តិច​ជាង​ ៨០​% (ប៉ែតសិប​ភាគរយ​) និង​មិន​ទាន​បាន​ប្រើប្រាស់​។

ឈ- អចលនទ្រព្យ​ដែល​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែ​លប​ម្រើ​សផ្ទាល់​ដល់​សកម្មភាព​ផលិតកម្ម​៕

តើ​ការទិញ​ខុន​ដូ​ទុក​ជួល​អាច​ជះឥទ្ធិពល​អ្វីខ្លះ​ដល់​អ្នក​វិនិយោគ​?

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទីផ្សារ​ខុន​ដូ​បាន​ចាប់់​ផ្តើម​ប្រែប្រួល​ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់ផ្តើម​ទិញ​រស់នៅ​ និង​ជនបរទេស​ពិសេស​ជនជាតិ​ចិន​បាន​ទិញ​ ដើម្បី​វិនិយោគ​កាន់តែ​ច្រើន​ ប៉ុន្តែ​សំណួរ​សួ​ថា​តើ​ទីផ្សារ​ខុន​ដូ​ នឹង​ជះ​ឥទ្ឋិ​ពល​ដូចម្តេច​ដល់​ការ​វិវត្ត​នៃ​សេដ្ឋកិច្ច​សង្គម​។

សំណង់​អគារ​ខុន​ដូ​មួយចំនួន​ ជាពិសេស​នៅក្នុង​ក្រុងភ្នំពេញ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ កំពុងតែ​មាន​សកម្មភាព​ប្រើប្រាស់​គួរ​ឱ្យ​កត់សម្គាល់​ ដែល​ផ្ទុយពី​សំណង់​ខុន​ដូ​ដែល​ស្ថិតនៅ​តំបន់​មួយចំនួន​ទៀត​ មាន​ភាព​លំបាក​ក្នុង​ការ​រក​ទីផ្សារ​ ខណៈ​ដែល​អ្នក​វិនិយោគ​មួយចំនួន​បាន​ទិញទុក​លក់​បន្ត​យកចំណេញ​ និង​ក្នុង​គោលបំណង​ដាក់​ជួល​បន្ត​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ TOWN​ CITY​ ​Real​ Estate​ លោ​កវ៉ន​ ចាន់​ថន​ បាន​មាន​ប្រសា​សប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ ទីផ្សារ​ខុន​ដូ​នៅពេល​បច្ចុប្បន្ន​នេះ​គឺ​មាន​ទីផ្សារ​ និង​តម្រូវការ​ជាង​ឆ្នាំ​កន្លងទៅ​។ ​លោក​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ខុន​ដូ​មាន​តម្រូវការ​ច្រើន​ ជា​គំរោង​មានតម្លៃ​មធ្យម​ និង​ស្ថិតនៅ​ក្នុង​ទីប្រជុំជន​ក្រុង​។

លោក​បន្ត​ទៀត​ថា​ “ពីមុន​អ្នក​ដែល​រស់នៅ​ខុន​ដូ​ភាគច្រើន​ជា​ជនជាតិ​បរទេស​ ប៉ុន្តែ​ឥឡូវ​ក៏​មាន​ជនជាតិ​ខ្មែរ​រស់នៅ​ដែរ​ ហើយ​មាន​ជនបរទេស​ខ្លះ​គាត់​ទិញទុក​ជួល​បន្ត​ឱ្យ​អតិថិជន​ជា​ជនជាតិ​ខ្មែរ​ក៏មានដែរ​”។ លោក​បន្ត​ថា​ “នៅក្នុង​ក្រុង​មានការ​ពេញនិយម​ច្រើន​ ដែល​ស្ទើរតែ​រក​ខុន​ដូ​ជួល​គ្មាន​ផង​ ខុសប្លែក​ពី​ខុន​ដូ​មួយចំនួន​ទៀត​ ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ក្រុង​ មាន​ន័យ​ថា​ ខុន​ដូ​មាន​ទីផ្សារ​ ឬគ្មាន​ទីផ្សារ​ សំខាន់​បំផុត​គឺ​ស្ថិតនៅ​លើ​ទីតាំង​”។

លោក​ចាន់​ថន​បាន​បញ្ជាក់​ថា​ ខុន​ដូ​ដែល​ពិបាក​រក​ទីផ្សារ​ ដោយសារតែ​យូនី​តមាន​ទំហំ​តូចជាង៧០ម៉ែត្រការ៉េ​ ប៉ុន្តែ​បើ​យូនី​តមាន​ទំហំ​ទូលាយ​ បន្ទប់គេង​ចំនួន១​ អាច​មានតម្លៃ​ក្នុងរង្វង់​ ៨០០​-១០០០ដុល្លារ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​បើ​មាន​បន្ទប់​ចំនួន២​អាច​​មានតម្លៃ​ក្នុងរង្វង់១៥០០​-១៨០០ដុល្លារ​ក្នុង​មួយ​ខែ​។

នៅ​ដំណាច់ឆ្នាំ២០១៩នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើនឡើង​រហូតដល់​ប្រមាណ​ ៣១​,១០០យូនី​ត ខណៈ​បច្ចុប្បន្ន​មាន​ចំនួន១៦​,៦៥៨យូនី​ត កំពុង​ដាក់​នៅក្នុង​ទីផ្សារ​។ចំនួន​នេះ​មានការ​កើនឡើង​រហូ​ដល់១០ដង​ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ២០១៦​។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ CBRE​ Cambodia​ លោកស្រី​អាន​ សុធី​តា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃជា​មួយ​គ្នា​នេះ​ផង​ដែរ​ថា​ “តាមដែល​ខ្ញុំ​កត់សម្គាល់​ ភាគ​ច្រើ​អ្នកទិញ​ទុក​ជួល​ភាគច្រើន​គឺ​មានតែ​ជនបរទេស​ ប៉ុន្តែ​បើ​ជនជាតិ​ខ្មែរ​គឺ​ទិញ​ដើម្បី​រស់នៅ​”។លោកស្រី​បន្ត​ថា​ “និយាយ​ពី​ការជួល​ ភាគច្រើន​គឺ​គេ​ជ្រើសរើស​យក​សេវា​អា​ផា​តមិន​ បើ​ទោះជា​តម្លៃ​នៃ​ការជួល​មានកម្រិត​ខ្ពស់​ជាង​ខុន​ដូ​ក៏ដោយ​”។

លោកស្រី​បាន​បញ្ជាក់​ថា​ ការជួល​អា​ផា​តមិន​ថ្លៃ​បន្តិច​មែន​ ប៉ុន្តែ​វា​មាន​សេវា​បម្រើ​ពេញលេញ​ ទាំង​ផ្នែក​សន្ដិ​សុខ​ អនាម័យ​ ចំណត​យានយន្ត​ សេ​វា​អ៊ី​នធើ​ណែ​ត និង​សេវា​ជាច្រើន​ទៀត​ ដែល​ផ្ទុយពី​ការរស់នៅ​ក្នុង​ខុន​ដូ​ តម្រូវ​ចំណាយ​បន្ថែម​ទៅលើ​សេវា​ទាំងអស់​នេះ​៕

រដ្ឋាភិបាល​នឹង​វិនិយោគ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​លើហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ចំនួន៧​ក្នុងរយៈពេល៣​ ទៅ៥ឆ្នាំខាងមុខ​

0

ដោយ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ផែនការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ចំនួន៧​ ដោយ​គ្រោង​ចំណាយ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល៣ឆ្នាំ​ ទៅ៥ឆ្នាំខាងមុខ​នេះ​ ដើម្បី​ជំរុញ​ល្បឿន​សេដ្ឋកិច្ច​កម្ពុជា​ ពិសេស​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​វិស័យ​ដឹកជញ្ជូន​។

គេហទំព័រ​ propertyarea.asia​ ដែល​ជា​គេហទំព័រ​ព័ត៌មាន​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុជា​ នឹង​យក​គម្រោង​ទាំង​អស់​​នេះ​​មក​ចុះផ្សាយ​ ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​កន្លងមក​នេះ​ រួមមាន​៖

១) ស្ពាន​ឆ្លងកាត់​ទន្លេ​មេ​គង​ខេត្តក្រចេះ​

ស្ពាន​នេះ​ត្រូវ​បាន​អ្នកជំនាញ​របស់ក្រ​សួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ រួម​ជាមួយ​ក្រុមហ៊ុន​សា​សង់ស្ពាន​របស់​ចិន​បាន​សិក្សា៣​ ទីតាំង​សម្រាប់​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​មេ​គង់នៅ​ខេត្តក្រចេះ​រួចហើយ​ ដែល​គ្រោង​នឹង​សាងសង់​នៅ​ឆ្នាំ​២០២១ ខាង​មុ​នេះ​។ស្ពាន​នេះ​មាន​ប្រវែង​សរុប១៧៦១ម៉ែត្រ​ ដែល​ទទួល​ប្រាក់កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​។

២) គម្រោង​សាងសង់​ផ្លូវជាតិ​លេខ១០​

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ១០​ ដែល​តភ្ជាប់​ពី​ស្រុក​សំឡូត​ខេត្តបាត់ដំបង​ ទៅកាន់​ខេត្តកោះកុង​ នឹង​ត្រូវ​សម្ពោធ​បើក​រដ្ឋា​នដោ​យស​ម្តេច​តេជោ​ហ៊ុន​ សែន​នា​ពេល​ឆាប់​ៗខាងមុខនេះ​។ គំរោង​សាងសង់​ផ្លូវជាតិ​ដ៏​សំខាន់​នេះ​ គ្រោង​ចំណាយ​ថវិកា​ប្រមាណ១៨៣លាន​ដុល្លារ​អាមេរិក​ សម្រាប់​សាងសង់​ផ្លូវជាតិ​លេខ១០ឡើងវិញ​ និង​មាន​ប្រវែង​ប្រមាណ ១៩៣​គីឡូម៉ែត្រ​តភ្ជាប់​ពី​សំឡូត​ ស្រុក​វាលវែង​ ខេត្ត​ពោធិ​សាត់​ ឆ្ពោះទៅ​កាន់​ខេត្តកោះកុង​នា​ពេល​ខាងមុខនេះ​។

៣) គម្រោង​សាងសង់​ផ្លូវ​ហាយ​វ៉េ​ភ្នំពេញ​-បាវិត​

រដ្ឋាភិបាល​បាន​ប្រកាស​ថា​ នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ នា​ពេល​ខាងមុខនេះ​ ខណៈ​ផ្លូវ​មួយ​នេះ​ បាន​នឹង​កំពុង​សិក្សា​។

លោក​ វ៉ា​ស៊ី​ម សូ​រិយា​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ធ្លាប់​បាន​ឲ្យដឹង​កន្លងមក​ថា​ គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ សិក្សា​ដោយ​អ្នកជំនាញ​អង្គការ​ JICA​ រួចហើយ​ ដោយ​ចំណាយ​ថវិកា​សរុប​ ៣៨០០លាន​ដុល្លារ​ ដែល​ជា​ការ​ចំណាយ​ដ៏​ធំធេង​មួយ​។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​រូប​នេះ​បាន​បន្ត​ថា​ “ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ ដែល​សិក្សា​ចំណាយ​អស់​ច្រើន​កន្លង​មក​ ដោយសារ​ផ្លូវ​នេះ​ត្រូវ​ធ្វើ​ស្ពាន​ប្រវែង​ជា១០គីឡូម៉ែត្រ​ នៅ​តំបន់​ស្រុក​ល្វាឯម​ ដោយសារ​ផ្លូវ​នេះ​គ្រោង​ធ្វើ​នៅ​ផ្នែក​ខាង​ឆ្វេង​ទន្លេមេគង្គ​”។

លោក​បន្ត​ថា​ “ផ្លូវ​នេះ​នឹង​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ ខេត្តព្រៃវែង​មុន​តភ្ជាប់​ទៅកាន់​ក្រុង​បាវិត​ ខេត្តស្វាយរៀង​”។

៤) គម្រោង​សាងសង់​ស្ពាន​ស្វាយ​ជ្រុំ​-អរិយក្សត្រ​

គម្រោង​សាងសង់​ស្ពាន​ថ្មី​ ឆ្លងទន្លេ​មេគង្គ​ តភ្ជាប់​ទៅ​ស្វាយ​ជ្រុំ​-អរិយក្សត្រ​ ទទួល​បាន​ភ្លើង​ខៀវ​ ពី​ភាគី​កូរ៉េ​ ក្នុង​ការ​ជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-កូរ៉េ​ ឆ្លងកាត់​ទន្លេមេគង្គ​ដែល​បាន​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុ​ជាំ​។

បច្ចុប្បន្ន​ គម្រោង​ស្ពាន​នេះ​កំពុង​ស្ថិត​ក្រោម​ការសិក្សា​ និង​កំពុង​រក​ប្រភព​ថវិកា​ ហើយ​រដ្ឋាភិបាល​ នឹង​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ជាដាច់ខាត​។

៥) គម្រោង​សាងសង់​ផ្លូវជាតិ​លេខ២​

គម្រោងការ​សាងសង់​ផ្លូវជាតិ​លេខ២​ ពី​រង្វង់​មូល​តាខ្មៅ​ ទៅ​រង្វង់​មូល​អូរ​ចំបក់​ និង​ផ្លូវជាតិ​លេខ២២​ ពី​រង្វង់​មូល​អូរ​ចំបក់​ទៅកាន់​ផ្សារ​អង្គតាសោម​ ប្រវែង​សរុប៧២​,១៧គីឡូម៉ែត្រ​ សាងសង់​ដោយក្រុម​ Hanshin​ Engineering​ and​ Construction​ Co​., Ltd​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ Joint​ Venture​ of​ Dasan​ Consultants​ Co​., Ltd​, ក្រុមហ៊ុន​ Dong​ II​ Engineering​ Consultants​ Co​., Ltd​, និង​ក្រុមហ៊ុន​ Seoyoung​ Engineering​ Co​., Ltd​ ដោយ​ប្រើប្រាស់​ថវិកា​ជាង​ ៤៥លាន​ដុល្លារ​អាមេរិក​ ក្រោម​គម្រោង​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​កូរ៉េ​ ចំណាយ​រយៈពេល​ ៣០ខែ​ និង​គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ចុងឆ្នាំ២០១៩នេះ​។

៦) គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ផ្លូវ​រថ​ភ្លើង​ល្បឿង​លឿន​ពី​ភ្នំពេញ​សៀមរាប​

រដ្ឋាភិបាល​បាន​ដាក់​ផែនការ​ការសិក្សា​លើ​ការ​អភិវឌ្ឍ​ និង​ពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដូចជា​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ ផ្លូវ​រថ​ភ្លើង​ល្បឿង​លឿន​ ការពង្រីក​ផ្លូវថ្នល់​ ការ​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ ដែល​ធំជាង​មុន​ ដើម្បី​តភ្ជាប់​ខេត្តសៀមរាប​ជាមួយ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​សំខាន់​នានា​។

៧) គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​ដោយ​ស្វ័យប្រវត្តិ​ (AGT​) នៅ​ភ្នំពេញ​

រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​នឹង​កំពុង​ពន្លឿន​ការសិក្សា​គម្រោង​ផ្លូវ​រថភ្លើង​រត់​លើ​អាកាស​ និង​ក្រោម​ដី​នៅក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ និង​កាត់បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​។

ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​គ្រោង​សាងសង់​ផ្លូវ​រថភ្លើង​ លើ​អាកាស​ដោយ​ស្វ័យប្រវត្តិ​ (AGT​) ចំនួន​ ៤ ខ្សែ​រត់​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​អង្គការ​ JICA​ ក៏​សិក្សា​ផង​ដែរ​។ ខ្សែ​រត់​ភ្លើង​ទាំងនេះ​មាន​ប្រវែង​ប្រហែល១៨​ គីឡូម៉ែត្រ​ ដែល​រត់​លើ​ផ្លូវ​មួយចំនួន​ដូចជា​ មហា​វិ​ថី​ហ្សាល​ឌឺ​ហ្គោល​ មហាវិថី​ព្រះ​មុនី​រ៉េ​ត ផ្លូវ​លេខ២១៧​ ផ្លូវ​វេ​ងស្រេង​ឆ្ពោះ​ទៅ​ព្រលា​នយន្តហោះ​ និង​មួយ​ខ្សែ​ទៀត​បែកខ្នែង​ទៅ​ផ្លូវជាតិ​លេខ៤​ និង​កប់​ស្រូវ​។

ជាមួយគ្នា​នេះ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ក៏បាន​ផ្តល់​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន​ (CRCC​) ធ្វើ​ការ​សិក្សា​ផ្លូវ​រថភ្លើង​លើ​អាកាស​ដឹក​អ្នកដំណើរ​ធុន​ស្រាល​ (Monorail​) និង​រថភ្លើង​ក្រោម​ដី ​(Subway​) នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​៕

ផ្សារ​ទំនើប​ដំបូង​គេ​នៅ​ក្រុង​ព្រះសីហនុ​ FURI​ TIMES​ SQAURE​ គ្រោង​បើក​ដំណើរការ​សាកល្បង​នៅ​ចុងខែ​តុលា​ខាងមុខនេះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ផ្សារ​ទំនើប​ដ៏​ធំ​ទីមួយ​ និង​លើកដំបូង​គេ​នៅក្នុង​ក្រុង​ព្រះសីហនុ​ FURI​ TIMES​ SQUARE​ Mall​ ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ហាង​លក់ទំនិញ​ម៉ា​កល្បី​ៗ គ្រោង​នឹង​ចាប់​បើក​ដំណើរការ​សាកល្បង​ នៅ​ត្រឹម​ដំណាច់ខែ​តុលា​ ឆ្នាំ២០១៩​ ឆាប់​ៗ ខាងមុខនេះ​។

នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ការងារ​បង្ហាញ​ ពី​លទ្ធផល​នៃ​ការសាងសង់​ តុបតែង​លម្អ​ ដើម្បី​ឈាន​ទៅ​រក​ការសម្រេច​ប្រកាស​សម្ពោធ​ បើក​ដំណើរការ​លក់​ជា​ផ្លូវការ​ ត្រូវ​បាន​ធ្វើឡើង​នៅ​ការិយាល័យ​កណ្តាល​ក្រុមហ៊ុន​ FURI​ COPORATION​ ដែល​មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​។

សមាជិក​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​ជំនួប​ខាងលើ​នេះ​ រួមមាន​អគ្គនាយក​ក្រុមហ៊ុន​ FURI​ COPORATION​ ដែល​ជា​អ្នក​វិនិយោគ​ និង​អភិវឌ្ឍ​ គណៈ​គ្រប់គ្រង​គម្រោង​ផ្សារ​ទំនើប​ FURI​ TIMES​ SQUARE​ Mall​ , នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ និង​ការ​លក់​គម្រោង​ផ្សារ​ទំនើប​ FURI​ TIMES​ SQUARE​ Mall​ ​អ្នកតំណាង​ក្រុមហ៊ុន​សាងសង់​ តំណាង​ក្រុមហ៊ុន​រចនា​ម៉ូដ​ និង​តុបតែង​ (Design​) អ្នកតំណាង​គុណភាព​សំណង់​ រួម​ជាមួយនឹង​បណ្តា​អ្នកតំណាង​ហាងទំនិញ​នានា​ ដែល​ជួល​ទីតាំង​លក់រាយ​នៅក្នុង​ផ្សារ​ទំនើប​ FURI​ TIMES​ SQUARE​ Mall​ សរុប​ជិត៣០នាក់​។

នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ និង​លក់​ កញ្ញា​ លឹម​ សុខា​ដា​វីន​ បានឱ្យ​ដឹង​ថា​ ពេលនេះ​ដំណើរការ​សាងសង់​ផ្សារ​ទំនើប​ FURI​ TIMES​ SQUARE​ Mall​ បានសម្រេច​ជាង៩០ភាគរយ​ហើយ​ ពោល​គឺ​នៅសល់​តែ​ការ​ត្រៀម​បញ្ចប់​ការ​តុបតែង​លម្អ​ (Design​) ហាង​លក់ទំនិញ​នានា​ ដែល​ជា​អតិថិជន​ទីតាំង​លក់រាយ​នៅក្នុង​ផ្សារ​ និង​ការ​សម្អាត​តែប៉ុណ្ណោះ​។

កញ្ញា​បាន​បន្ត​ទៀត​ថា​ “ចំពោះ​ការជួល​ទីតាំង​លក់រាយ​ នៅក្នុង​ផ្សារ​ទំនើប​របស់​យើង​គឺ​បានសម្រេច​យ៉ាង​ជោគជ័យ​ ដែល​រហូតមកដល់​ពេលនេះ​ ទីតាំង​ទំនេរ​ គឺ​នៅសល់​ត្រឹមតែ​ជាង១០ភាគរយ​ ទីតាំង​សរុប​តែប៉ុណ្ណោះ​”។ កញ្ញា​បាន​បញ្ជាក់​ថា​ “ផ្អែក​តាម​លទ្ធផល​នៃ​ការសាងសង់​ តាម​គម្រោង​នៅ​ត្រឹម​ចុងខែ​តុលា​ ឆ្នាំ២០១៩ឆាប់​ៗខាងមុខនេះ​ យើង​នឹង​ផ្តើម​បើក​ដំណើរការ​លក់​សាកល្បង​ជា​ជំហាន​ដំបូង​ ហើយនឹង​គ្រោង​កាត់​ខ្សែ​បូណ៌​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​នៅពេល​បន្ទាប់​”។

គម្រោង​ផ្សារ​ទំនើប​ Furi​ Times​ Square​ Mall​ ដែល​មាន​ទីកន្លែង​លក់រាយ​និង​កន្លែង​កំសាន្ត​ចំនួន ៦​,០០០ម៉ែត្រការ៉េ​ ត្រូវ​បាន​ជ្រើសរើស​នៅក្នុង​ប្រភេទ​រចនា​ស្ថាបត្យកម្ម​ល្អ​បំផុត​នៅ​ឯពិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​។ ផ្សារ​ទំនើប​ FURI​ TIMES​ SQUARE​Mall​ មាន​កំពស់ ៥ជាន់​នេះ​ ស្ថិតនៅ​លើ​ផ្លូវ​ឯករាជ្យ​ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ ខ័ណ្ឌ​មិត្តភាព​ ក្រុង​ព្រះសីហនុ​៕

ក្រុមហ៊ុន​ចិន​គ្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដ៏​ធំ​សម្បើម​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

0

ដោយ​ Donald​ Lee​

ហ្សាការតាៈ​ យោង​តាម​របាយការណ៍​មួយ​ ដែល​ចេញផ្សាយ​នៅ​ទីក្រុង​ហ្សាការតា​បានឱ្យ​ដឹង​ថា​ ប្រតិបត្តិ​ករ​ជាច្រើន​មក​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ អចលនទ្រព្យ​ចិន​ជាច្រើន​បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​ សម្រប​សម្រួល​ឥណ្ឌូ​នេ​ស៊ី​ លោក​Luhut​ Pandjaitan​ កាលពី​ថ្ងៃអង្គារ​។

លោក​ Luhut​ បាន​និយាយ​ថា​ “ពួកគេ​ចង់​វិនិយោគ​ ដូច្នេះ​ពួកគេ​បាន​មក​ទីនេះ​” ។ នាយក​ប្រតិបត្តិ​ទាំងនោះ​ បាន​បញ្ជាក់​ពី​គោលបំណង​របស់​ខ្លួន​ ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ដែល​កំពុងតែ​រីក​លូតលាស់​ នៅ​ទីក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ីក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​នេះ​។

អ្នក​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​ ដែល​មាននៅ​ក្នុង​ក្រុម​នាយក​ប្រតិបត្តិ​ទាំងនោះ​ គឺ​ក្រុមហ៊ុន​ China​ Fortune​ Land​ Developer​( CFLD​) ។ ក្រុមហ៊ុន​ CFLD​ គឺជា​អ្នក​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ចិនដីគោក​ ដែល​មាន​ចំណូល​ជាង
៥​,៥ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។

ក្រុមហ៊ុន​ CFLD​ បាន​ និង​កំពុង​វិនិយោគ​ នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ឥណ្ឌូ​នេ​ស៊ី​ដែល​មាន​ទឹកប្រាក់​ចំនួន ១​,៣៥​ ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្តើម​គម្រោង​រួចហើយ​នៅ​តំបន់​ Tangerang​ ទីក្រុង​ហ្សាការតា​ និង ​Java​ នៅ​ប៉ែក​ខាងលិច​នៅ​ទីក្រុង​។

រដ្ឋា​ភិ​បាល​ឥណ្ឌូ​នេ​ស៊ី​បាន​ និង​កំពុងធ្វើការ​ទាក់ទាញ​វិនិយោគទុន​ ដោយ​ផ្ទាល់​ពី​បរទេស​។ យោង​តាម​ក្រុមប្រឹក្សា​សម្រប​សម្រួល​ការ​វិនិយោគ​ របស់​ឥណ្ឌូ​នេ​ស៊ី​ (BKPM​) បានឱ្យ​ដឹង​ថា​ សឹង្ហ​បូរី​ជា​វិនិយោគិន​ធំ​បំផុត​នៅក្នុង​ប្រទេស​ ដែល​មានការ​វិនិយោគ​ចំនួន​ ១,៧ ពាន់​លាន​ដុល្លារ​។ ប្រទេស​ចិន​ជាប់​ចំណាត់ថ្នាក់​ទី២​ នៅក្នុង​ការ​វិនិយោគ ១​,២ពាន់​លាន​ដុល្លារ​ បន្ទាប់​មក​ប្រទេស​ជប៉ុន​មាន​ចំនួន ១​,១ពាន់​លាន​ដុល្លារ​ ម៉ាឡេស៊ី​មាន ៧០០​លាន​ដុល្លារ​ និង​ហុងកុង ៦០០លាន​ដុល្លារ​៕

ភាពជា​អ្នកដឹកនាំ​ឆ្នើម​ទាក់ទាញ​ម្ចាស់​អាជីវកម្ម​ ៥០០នាក់​ចូលរួម​ជាមួយ​គ្រូបង្វឹក​លំដាប់​ពិភពលោក​

0

ដោយ ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ស៊ី​អ៊ី​អូ​ ម៉ាស្ទ័​រក្លឹប​ នៃ​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​ បាន​រៀបចំ​ “កម្មវិធី​សង្គម​ប្រចាំឆ្នាំ​ ២០១៩​ ស្តី​ពី​ ភាពជា​អ្នកដឹកនាំ​ឆ្នើម​” នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ កម្ពុជា​-ជប៉ុន​ (CJCC​) ដែល​មាន​ម្ចាស់​អាជីវកម្ម​កម្ពុជា​ប្រមាណ​ ៥០០នាក់​ចូលរួម​ជាមួយនឹង​គ្រូបង្វឹក​លំដាប់​ពិភពលោក​។

ថវិកា​ប្រមូល​បាន​នឹង​ប្រគល់​ជូន​ដល់​អង្គការ​ Raven’s​ Hope​ International​ ទាំងអស់​ ដើម្បី​យក​ទៅ​ជួយ​ដល់​ការ​ពង្រឹង​សមត្ថភាព​ស្រ្តី​ខ្មែរ​អាយុ១៨​-៣០ឆ្នាំ​ដែល​មាន​ជីវភាព​ខ្វះខាត​ និង​មាន​បញ្ហា​គ្រួសារ​។

កម្មវិធី​ជួយ​ដល់​សង្គម​ប្រចាំឆ្នាំ​នេះ​ មានការ​អញ្ជើញ​ចូលរួម​ពី​វាគ្មិន​ជាតិ​និង​អន្តរ​ជា​តិ​ល្បី​ៗ ដែល​មាន​ជំនាញ​ និង​បទពិសោធន៍​ក្នុង​ការដឹកនាំ​ និង​គ្រប់គ្រង​ ០២រូប​ រួមមាន​៖ លោក​ អោម​ សេង​បូរ៉ា​ ស្ថាបនិក​ ស៊ី​អ៊ី​អូ​ ម៉ាស្ទ័​រក្លឹប​ នៃ​ វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​ និង​ លោកស្រី​ Karen​ Robinson​ អ្នកជំនាញ​ភាពជា​ដឹកនាំ​ ក្រុម​ John​ Maxwell​ (Leadership​ Expert​ with​ John​ Maxwell​ Team​) មក​ពី​សហរដ្ឋអាមេរិក​។

ការ​បើក​វគ្គ​បំពាក់បំប៉ន​ពិសេស​ប្រចាំឆ្នាំ​នេះ​ ធ្វើឡើង​គោលបំណង​ចំនួន​ពីរ​ ដែល​ទីមួយ​ ជួយ​បង្វឹក​បុគ្គលិក​របស់​បងប្អូន​សមាជិក​គ្រួសារ​ CEO​ Master​ Club​ ឲ្យ​ក្លាយជា​បុគ្គលិក​ឆ្នើម​ ក្លាយជា​បុគ្គលិក​ទ្រព្យ​ ក្លាយជា​បុគ្គលិក​ដែល​ស្រលាញ់​ការងារ​ ​ស្រលាញ់​ដឹងគុណ​ថៅកែ​ ដឹងគុណ​ក្រុមហ៊ុន​ ក្លាយជា​បុគ្គលិក​មាន​សមត្ថភាព​ អត្ត​ចរិ​កល្អ​ មាន​វិន័យ​ ផ្នត់គំនិត​វិជ្ជា​មាន​ ក្លាយជា​បុគ្គលិក​មានគុណ​តម្លៃ​ មាន​ភាព​ស្មោះត្រង់​ អាច​ឡើង​តំណែង​បាន​លឿន​ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​។ និង​ទីពីរ​ ជួយ​ដល់​ស្រ្តី​វ័យក្មេង​ដែល​ជួប​ការ​លំបាក​នៅ​អង្គការ​ Raven’s​ Hope​ International​ នៅ​ប្រទេស​កម្ពុជា​និង​នៅ​សហរដ្ឋអាមេរិក​។

ស្ថាបនិក​របស់​ CEO​ Master​ Club​ នៃ​ វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​ លោ​ក អោម​ សេង​បូរ៉ា​ បាន​មានប្រសាសន៍​ថា​ “បើ​យើង​ទាំង​អស់គ្នា​ចង់ឱ្យ​កម្ពុជា​ ក្លាយជា​ប្រទេស​អ្នកមាន​បាន​ឆាប់រហ័ស​ ដាច់ខាត​ត្រូវតែ​ជួយ​កសាង​សមត្ថភាព​ និង​ជ្រោមជ្រែង​សហគ្រិន​នៅក្នុង​ស្រុក​ឱ្យ​មាន​ភាពរឹងមាំ​”។ លោក​បន្ត​ថា​ “នៅពេល​សហគ្រិន​រឹងមាំ​ សហគ្រិន​យើង​អាច​ធ្វើ​រឿង​សំ​ខាន់​ៗដូចជា​ ទី១​ បាន​បង្កើត​ផលិត​ ផល​សេវាកម្ម​ឆ្លើយតប​តាម​តម្រូវការ​របស់​សង្គមជាតិ​ ទី២​ បង្កើត​ការងារ​ និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន​ ទី៣​ ចូលរួម​ចំណែក​កសាង​គុណភាព​ធនធានមនុស្ស​បាន​ច្រើន​។

​ទី៤​.ចូលរួម​បង្កើន​ចំណូល​ពន្ធ​ជូន​រដ្ឋ​បាន​ច្រើន​ ដែល​ទាំងនេះ​បាន​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ជម្រុ​ញឱ្យ​សេដ្ឋកិច្ច​ជាតិ​ មានការ​រីកចម្រើន​បាន​ឆាប់រហ័ស​ និង​រឹងមាំ​យូរអង្វែង​”។

CEO​ Master​ Club​ ជា​ស្ថាប័ន​ប្រមូលផ្ដុំ​ និង​បង្វឹក​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​ឱ្យ​ក្លាយទៅជា​អគ្គនាយក​ ដែល​មាន​លក្ខណៈ​អាជីព​ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការដឹកនាំ​គ្រប់គ្រង​ចាត់ចែង​ស្ថាប័ន​ អាជីវកម្ម​របស់​ខ្លួន​ពីតូច​ទៅ​ធំ​ ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ​ ពង្រីក​បណ្តាញ​ការ​លក់​កាន់តែ​ទូលាយ​ លើក​កេរ្តិ៍ឈ្មោះ​អាជីវកម្ម​របស់​ខ្លួន​បាន​កាន់តែ​ខ្លាំង​ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ឱ្យ​មាន​ភាពរឹងមាំ​។

​គិត​ត្រឹម​ខែកក្កដា​នេះ​ CEO​ Master​ Club​ កើន​សមាជិក​សរុប​ចំនួន៨៧៥នាក់​ ដែល​កំពុង​បើក​ដំណើរការ​អាជីវកម្ម​ជាង១​,០០០​ ក្រុមហ៊ុន​ និង​ចូលរួម​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៣០​,០០០នាក់​៕

កម្ពុជា​-ម៉ាឡេស៊ី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ដឹកជញ្ជូន​ផ្លូវគោក​ និង​ផ្លូវអាកាស​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖ កម្ពុជា​-ម៉ាឡេស៊ី​ បាន​ព្រមព្រៀង​ឯកភាព​គ្នា​ ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​បន្ថែម​ទៀត​លើ​វិស័យ​ដឹកជញ្ជូន​សំខាន់​ពីរ​ ទីមួយ​វិស័យ​អាកាសចរណ៍​ស៊ីវិល​ និង​ទី២​ វិស័យ​ដឹកជញ្ជូន​ឆ្លងកាត់​តាម​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ខណៈ​វិស័យ​ដឹក​ជញ្ជូនៃ​ប្រទេស​ទាំងពីរ​នៅ​មានកម្រិត​។

លោក​ ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៦​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​បាន​ជំរុញ​ឱ្យ​ភាគី​ម៉ាឡេស៊ី​ពិភាក្សា​ដោយ​ផ្ទាល់​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ និង​ឯកអគ្គ​រាជទូត​ម៉ាឡេស៊ី​នឹង​ដឹកនាំ​គណប្រតិភូ​ចុះទៅ​ខេត្ត​ព្រះសីហនុ​ ដើម្បី​សិក្សា​ស្វែងយល់​ដោយ​ផ្ទាល់​ និង​សហការ​គ្នា​បន្ថែម​ទៀត​លើ​វិស័យ​នេះ​។

លោក​ Eldeen​ Husaini​ Mohd​ Hashim​ ឯកអគ្គ​រាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​សន្យា​ថា​ នឹង​ជំរុញ​ឱ្យ​វិនិយោគិន​ និង​ក្រុម​ហ៊ុន​ធំៗ​នៅ​ម៉ាឡេស៊ី​ ដែល​មាន​សមត្ថភាព​កសាង​ផ្លូវថ្នល់​ ពិសេស​ក្រុមហ៊ុន​ដែល​កសាង​ផ្លូវថ្នល់​ផ្អែកលើ​គោលការណ៍​កសាង​ ប្រតិបត្តិ​ ផ្ទេរ​ (BOT​) មក​ធ្វើការ​សិក្សា​ស្វែងយល់​ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ និង​ការ​ដឹកជញ្ជូន​នៅ​កម្ពុជា​។

លោក​ទេស​រដ្ឋមន្រ្តី​បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ភាគី​ម៉ាឡេស៊ី​ ដែល​កន្លង​បាន​ជួយឧបត្ថម្ភ​កំណល់​រថភ្លើង​ប្រើប្រាស់​ហើយ​ កម្ពុជា​នឹង​ស្នើសុំ​កំណល់​រថភ្លើង​បន្ថែម​ទៀត​ ដើម្បី​កសាង​ផ្លូវដែក​កម្ពុជា​ឱ្យ​មានសន្ទុះ​រីកចម្រើន​ទៅមុខ​។

បន្ថែម​ពីនេះ​ លោក​ទេស​រដ្ឋមន្រ្តី​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ប្រទេស​ម៉ាឡេស៊ី​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​កម្ពុជា​អភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ និង​កំពង់ផែ​នៅ​ប្រទេស​ម៉ាឡេស៊ី​ និង​ការជំរុញ​ឱ្យ​ក្រុមហ៊ុន​វិនិយោគិន​ម៉ាឡេស៊ី​ចូល​មក​ វិនិយោគ​នៅ​កម្ពុជា​ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ និង​ម៉ាឡេស៊ី​ បាន​កើន​ដល់ ៤៧៤លាន​ដុល្លារ​សហរដ្ឋអាមេរិក​ នៅ​ឆ្នាំ២០១៨​ ខណៈ​ឆ្នាំ២០១៧​ មាន​ប្រមាណ​តែ ៤១១លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

ជាមួយគ្នា​នេះ​ ភាគី​ទាំងពីរ​បាន​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ជា​សំខាន់​ទៅលើ​ការជំរុញ​ពាណិជ្ជកម្ម​ និង​ វិនិយោគ​ ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន​ ការ​ពង្រឹង​ទំនាក់ទំនង​ផ្នែក​ដឹកជញ្ជូន​ និង​ភស្តុភារ​ ការផ្លាស់ប្ដូរ​ទស្សនកិច្ច​រវាង​ភាគី​ទាំងពីរ​ ដើម្បី​បង្ក​បរិយាកាស​វិនិយោគ​ល្អ​ប្រសើរ​ និង​ផ្ដល់​ទំនុកចិត្ត​កាន់តែ​ខ្ពស់​ដល់​ពាណិជ្ជករ​ និង​វិនិយោគិន​បរទេស​ ជាពិសេស​វិនិយោគិន​មក​ពី​ប្រទេស​ម៉ាឡេស៊ី​៕