ជប៉ុន​គ្រោង​ជួយ​បច្ចេកទេស​លើ​ការសាងសង់​ផ្លូវ​ឡើងភ្នំ​គូលែន​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

0

ដោយ​ វុត្ថា​

សៀមរាប​៖ ក្រុមការងារ​ជំនាញ​បច្ចេកទេស​ជប៉ុន​ Jica​ និង​អាជ្ញាធរ​ពាក់​ព័ន្ឋចុះ​ពិនិត្យ​បច្ចេកទេស​ការសាងសង់​ផ្លូវ​ឡើងភ្នំ​គូលែន​ (ប៉ែក​ខាងកើត​) ដើម្បី​បញ្ចៀស​ការ​គ្រោះថ្នាក់​ចរ​ចរណ៍​ជាយថាហេតុ​។

យោង​តាម​ក្រុមការងារ​ជំនាញ​បច្ចេកទេស​ជប៉ុន​ Jica​ និង​ កម្ពុជា​ដែល​បាន​ចុះ​ពិនិត្យ​បច្ចេកទេស​កាលពី​ថ្ងៃទី​ ២៤​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ បាន​លើកឡើង​ថា​ ការសាងសង់​ផ្លូវ​ ដើម្បី​ជៀសវាង​គ្រោះ​ ចរាចរណ៍​ដោយ​យថាហេតុ​ ក្រុមការងារ​បាន​ស្នើ​អោយ​ក្រុមហ៊ុន​ម៉ៅការ​ សាងសង់​ផ្លូវ​នេះ​ត្រូវ​ ៖

១. ត្រូវ​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​សំគាល់​នៅត្រង់​ចំណុះ​ដូចជា​ កន្លែង​ប្រាប់​ទិស​ បត់​កែង​ ចំណោត​ខ្លាំង​ ជាដើម​ ។

២.ទីតាំង​ចុះ​ ឡើង​ត្រូវ​ដាក់កុង​ត្រូល​ និង​មាន​អ្នកយាម​ផ្លូវ​ ជាប្រចាំ​ ។

៣. ក្រុមហ៊ុន​ ត្រូវ​ដាក់​ប្លង់​បង្ហាញ​ជា​ស្តង់ដារ​ នៃ​ការសាងសង់​។

៤. នៅពេល​ចាក់​បេតុង​ ក្រុមហ៊ុន​ ត្រូវ​ផ្តល់​ព័ត៌មាន​ដល់​មន្រ្តី​ជំនាញ​នៃ​មន្ទីរ​សាធារណ:ការ​ និង​ដឹកជញ្ជូន​ខេត្ត​ ដើម្បី​ចុះ​ត្រួតពិនិត្យ​ លើ​បច្ចេកទេស​ ។

៥.ចំពោះ​អាជ្ញាធរ​ត្រូវ​ដាក់​កំលាំង​ ប្រចាំ​នៅ​ចំណុច​ឡើង​ ចុះ​ និង​បិត​បណ្តោះអាសន្ន​មិន​អោយ​រថយន្ត​គ្រប់​ប្រភេទ​ ធ្វើ​ចរាចរណ៍​ឡើយ​ ចុះ​ លើក​លេង​តែ​ម៉ូតូ​ រហូតដល់​ផ្លូវត្រូវ​បាន​សាងសង់​រួចរាល់​ ទើប​អនុញ្ញាត្ត​អោយ​រថយន្ត​ធ្វើ​ចរាចរណ៍​បាន​។

យោង​តាម​ការ​ចុះផ្សាយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ ផ្លូវ​ឡើងភ្នំ​គូលែន​ស្ថិតនៅ​ឃុំ​ខ្នងភ្នំ​ ស្រុក​ស្វាយលើ​ ខេត្តសៀមរាប​ នៅ​ទិសខាងកើត​ ដែល​ សព្វថ្ងៃ​ ផ្លូវ​ឡើងភ្នំ​គូលែន​ចាស់​មាន​ប្រវែង​ ១២​ គីឡូម៉ែត្រ​ និង​ទទឹង​ ៦ម៉ែត្រ​។

នៅ​លើ​ភ្នំ​គូលែន​ មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​ជាង​ ៥០០គ្រួសារ​។លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ធ្លាប់​បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ ដោយ​មើលឃើញ​ពី​សក្តា​នុ​ពល​របស់​ភ្នំ​គូលែន​ សម្បូរទៅដោយ​ព្រៃភ្នំ​ក្រំ​ថ្ម​បែប​ធម្មជាតិ​ មាន​ប្រាង្គ​ប្រាសាទ​ ចម្លាក់​សិលា​ និង​បុរាណ​ដ្ឋាន​ដ៏​ច្រើន​ មាន​ស្ទឹង​ប្រវត្តិសាស្ត្រ​ មាន​ពយ​ភ្នំ​ដែល​កើតឡើង​ពី​ធម្មជាតិ​ ទេសភាព​នៅ​លើ​គិរីបុព្វតា​ដ៏​ស្រស់​ត្រកាល​ លក្ខណៈ​អំណោយផល​នេះ​ ក្រសួងទេសចរណ៍​នឹង​ជំរុញ​រៀបចំ​តំបន់​ភ្នំ​គូលែន​ ខេត្តសៀមរាប​ ទៅជា​ «តំបន់​ទេសចរណ៍​វប្បធម៌​ ប្រវត្តិសាស្ត្រ​ និង​ធម្មជាតិ​» និង​ «ទេសចរណ៍​បែប​ផ្សងព្រេង​» ផង​ដែរ​។

លោក​រដ្ឋមន្រ្តី​ឱ្យ​ដឹង​បន្ត​ថា​ ក្រសួង​ចង់​បន្ថែម​ការ​ច្នៃប្រឌិត​ភ្នំ​គូ​លែងឱ្យ​មាន​ប្រភេទ​ទេសចរណ៍​ផ្សេងទៀត​ជា​ដំណើរ​ទេសចរណ៍​បែប​ផ្សងព្រេង​ ដូច​នៅ​តំបន់​ភ្នំ​ឱរ៉ាល់​ សហគមន៍​ទេសចរណ៍​អារ៉ែង​ ឬភ្នំបូកគោ​ជាដើម​។

លោក​បន្ត​ថា​ នេះ​ជា​ការជំរុញ​ឱ្យ​មានការ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗបន្ថែម​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ​ និង​អន្តរជាតិ​៕

អគ្គ​នាយដ្ឋាន​គយ​ប្រមូល​ចំណូល​បាន​ប្រមាណ​ ១,៤៧៥លាន​ដុល្លារ​ក្នុង​ឆទី​ ១ ឆ្នាំនេះ

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ អគ្គ​នាយដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា​ សម្រាប់​ឆមាស​ទី១​ ឆ្នាំ២០១៩​ ចំណូល​សរុប​មាន​ប្រមាណ​ជាង​ ៥.៩ទ្រី​លាន​រៀល​ (ប្រមាណ​ ១,៤៧៥​ លាន​ដុល្លារ​អាមេរិក​) កើនឡើង​ ២៥.៥​% (ប្រមាណ​ ៣០០លាន​ដុល្លារ​អាមេរិក​) ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​។

លោក​ គុណ​ ញឹម​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គ​នាយដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ បានឱ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​គយ​និង​រដ្ឋាករ​ប្រចាំឆមាស​ទី១​ ឆ្នាំ២០១៩​ កាលពី​ម្សិលមិញ​នេះ​ថា​ លទ្ធផល​ចំណូល​នេះ​ត្រូវ​ប្រមាណ​ជា​ ៦៥​% នៃ​ផែនការ​ឆ្នាំ​ ដែល​កំណត់ដោយច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ២០១៩​។

បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​ លទ្ធផល​ចំណូល​តាម​ប្រភេទ​ពន្ធ​និង​អាករ​សំ​ខាន់​ៗដែល​ប្រមូល​ដោយ​គយ​មាន​កំណើន​គួរឲ្យ​កត់សម្គាល់​ ក្នុង​នោះ​ ពន្ធគយ​ (ពន្ធ​នាំចូល​)មាន​កំណើន​ជាង​ ៣៣.៨​%, អាករ​ពិសេស​កើន​ ៣១.១​% និង​អាករ​លើ​តម្លៃបន្ថែម​ (VAT​)កើន​ ២៨.៦​%។

លោក​បន្ត​ថា​ មុខទំនិញ​ជា​ប្រភព​ចំណូល​សំ​ខាន់​ៗរួមមាន​៖ (១).យានយន្ត​និង​គ្រឿងចក្រ​គ្រប​ដណ្តប់​ប្រមាណ​ជាង​ ៥២​% នៃ​ចំណូល​សរុប​, (២).ប្រេងឥន្ធនៈ​ និង​ថាមពល​ប្រមាណ​ ១៧.១​% នៃ​ចំណូល​សរុប​ និង​ (៣).ទំនិញ​ចម្រុះ​និង​គ្រឿងសំណង់​មាន​ប្រមាណ​ ២៩.៥​% នៃ​ចំណូល​សរុប​។

លទ្ធផល​ដ៏​ល្អ​ប្រសើរ​នេះ​ គឺ​បាន​មក​ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​, ការកែទម្រង់​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​, ការ​ពង្រឹង​អភិបាលកិច្ច​ផ្ទៃក្នុង​របស់​អង្គភាព​គយ​ និង​ការ​រីកចម្រើន​ផ្នែក​សមត្ថភាព​ធនធានមនុស្ស​។

លោក​បន្ថែម​ថា​ ទន្ទឹម​នឹង​ការងារ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​បាន​លើស​ផែនការ​ អគរ​ ក៏បាន​សម្រេច​នូវ​សមិទ្ធផល​នានា​ផ្សេងទៀត​ដូចជា​ការចូលរួម​កសាង​បទ​ប្ប​ញ្ញ្ត​ត្តិ​និង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​គយ​, ការ​ធ្វើ​វិចារណ​កម្ម​អត្រាពន្ធគយ​លើ​ទំនិញ​មួយចំនួន​, ការ​ពង្រឹង​ការងារ​បង្ការ​និង​បង្រ្កាប​អំពើ​រត់គេច​ពន្ធ​, ការចូលរួម​ទប់ស្កាត់​ការ​លាង​សម្អាត​ប្រាក់​ និង​ការ​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ តាមរយៈ​ការចូលរួម​អនុវត្ត​វិធានការ​កែទម្រង់​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​ ពាក់ព័ន្ធ​នឹង​គយ​ ដូចជា​ការអនុវត្ត​កម្រៃ​ផ្លូវការ​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​របស់​ អគរ​ , ការកាត់បន្ថយ​កម្រៃ​ស្កែន​ និង​បរិមាណ​កុង​តែ​ន័​រដែ​លត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ដោយ​ម៉ា​ស៊ីន​ស្កែន​, ការ​ផ្សព្វផ្សាយ​គោលនយោបាយ​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ (SMEs​) និង​ការជំរុញ​យ៉ាងសកម្ម​ការអភិវឌ្ឍន៍​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​ និង​ប្រព័ន្ធ​បញ្ជរ​តែមួយ​អាស៊ាន​ ហើយ​បាន​ដាក់ឲ្យ​អនុវត្ត​ជំហាន​ដំបូង​នៃ​ប្រព័ន្ធ​ទាំងពីរ​នេះ​ ចាប់ពី​ថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០១៩​ ជាដើម​៕

រដ្ឋាភិបាល​អូស្ត្រាលី​ជួយ​បង្កើត​កម្មវិធី​គ្រប់គ្រង​បច្ចេកទេស​ និង​គុណភាព​សំណង់​នៅ​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ តាមរយៈ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា​ រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​បាន​យល់ព្រម​ចូលរួម​បង្កើត​កម្មវិធី​គ្រប់គ្រង​បច្ចេកទេស​ និង​គុណភាព​សំណង់​ ដោយ​យក​ក្រុង​ព្រះសីហនុ​ចាប់​អនុវត្ត​អាទិភាព​។

នៅក្នុង​ឱកាស​នៃ​ការ​ចូល​ជួប​សម្ដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ លោក​ស្រី​អេន​ជី​ឡា​ ខូ​ខូ​រាន​ អគ្គរដ្ឋទូត​ នៃ​ស្ថានទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា​ មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ ដំណើរ​ទស្សនៈ​កិច្ច​នា​ពេលនេះ​ជា​លើក​ទី៣ហើយ​ ប៉ុន្តែ​អ្វី​ដែល​ជា​ការចាប់អារម្មណ៍​ និង​ភ្ញាក់ផ្អើល​គឺ​ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ និង​សំណង់​កើតមាន​នៅក្នុង​ខេត្ត​មួយ​នេះ​យ៉ាង​ស្អេកស្កះ​។

លោកស្រី​បាន​សម្ដែង​ការ​សាទរ​ជាមួយ​សមិទ្ធផល​ ដែល​ខេត្ត​ព្រះសីហនុ​ទទួល​បាន​នា​ពេល​បច្ចុប្បន្ន​។ ជាមួយគ្នា​នេះ​ លោកស្រី​ក៏បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា​ ដោយ​មើល​ ឃើញ​ពី​ការ​រីកចម្រើន​លើ​វិស័យ​សំណង់​ ពិសេស​ស្តង់ដារ​គុណភាព​សំណង់​នៅ​កម្ពុជា​នា​ពេល​កន្លងទៅ​នេះ​ លោកស្រី​បាន​ជួប​លោក​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ពិភាក្សា​ពី​កា​ពង្រឹងគុណភាព​សំណង់​ ដោយ​យល់ព្រម​បង្កើត​កម្មវិធី​រួម​ ជួយ​ផ្នែក​បច្ចេកទេស​ដល់​ក្រសួង​ដែនដី​ និង​អាជ្ញាធរ​ខេត្ត​ ដោយដំណើរ​ការសាកល្បង​មុនគេ​នៅ​ខេត្ត​ព្រះសីហនុ​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ លោក​គួច​ ចំរើន​ បាន​លើកឡើង​ផង​ដែរ​ថា​ ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​យ៉ាង​គំហុក​នៅ​ខេត្ត​ព្រះសីហនុ​ បាន​គៀង​គរ​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ជាច្រើន​ច្រើន​ចូល​មកកាន់​ខេត្ត​មួយ​នេះ​កាន់តែ​ច្រើន​។ លោក​បាន​បន្ត​ទៀត​ថា​ ការ​កើនឡើង​នូវ​ចំនួន​មនុស្ស​ បាន​បង្ក​ឱ្យ​មាន​បញ្ហា​មួយចំនួន​ដូចជា​ គ្រោះថ្នាក់​ចរាចរណ៍​ ខូច​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់​ ប្រពន្ធ​បង្ហូរទឹក​ និង​អនាម័យ​ជាដើម​។ ទោះជាយ៉ាងណា​លោក​ក៏បាន​រៀបចំ​ និង​ដាក់ចេញ​នូវ​វិធានការ​ដោះស្រាយ​ជាបន្តបន្ទាប់​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ខេត្ត​ព្រះសីហនុ​ នៅតែ​រក្សា​បាន​ភាពល្អ​ប្រសើរ​។

នៅក្នុង​ឱកាស​នេះ​ផង​ដែរ​ លោក​ក៏បាន​សម្ដែង​នូវ​ការ​អរគុណ​ ចំពោះ​សន្តាន​ចិត្ត​របស់​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​ ហើយ​ស្វាគមន៍​ និង​រីករាយ​ធ្វើ​កិច្ចសហការ​នូវ​រាល់​កម្មវិធី​ និង​គម្រោ​ងផ្សេង​ៗ ដែល​បង្កើត​ឡើង​ដោយ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង២ឱ្យ​បាន​ល្អ​ប្រសើរ​។

ប្រទេស​ទេស​អូស្ត្រាលី​ និង​កម្ពុជា​មាន​ទំនាក់ទំនង​ ៦៥ឆ្នាំ​ លើ​កិច្ច​សហប្រតិបត្តិ​ការ​ជួយ​អភិវឌ្ឍ​ ផ្នែក​សន្តិសុខ​ក្នុង​តំបន់​ វិស័យ​ការពារ​ជាតិ​ វិស័យ​ពាណិជ្ជកម្ម​ ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ហេដ្ឋារចនាសម្ព័ន្ធ​ ដោះ​មីន​ ដែល​កម្មវិធី​ទាំងនេះ​មាន​ក្នុង​ខេត្ត​ព្រះសីហនុ​៕

ប៉ូល​សេដ្ឋកិច្ច​ទាំង៣កំពុង​ជំរុញ​អំណាច​សេដ្ឋកិច្ច​កម្ពុជា​ឆ្ពោះទៅ​មុខ​យ៉ាងសកម្ម​

0

ដោយ៖​ រ៉ា​ណេត​

ភ្នំពេញ​៖ បច្ចុប្បន្ន​នេះ​ប៉ូល​សេដ្ឋកិច្ច​ពិសេស​ទាំង៣​ ដែល​សំដៅ​ដល់​រាជធានី​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ និង​បណ្តា​ខេត្ត​
ភូមិ​ភា​គ​ឥសាន្ត បាន​និង​កំពុង​ចាប់​កម្រើក​ព្រមគ្នា​ និង​បាន​និង​កំពុង​រុញច្រាន​សេដ្ឋកិច្ច​កម្ពុជា​ ឱ្យ​មាន​ភាព​រីកចម្រើន​ក្នុង​ល្បឿន​មួយ​ ដែល​អាច​ឲ្យ​កម្ពុជា​អាច​មាន​ឯករាជ​ភាព​សេដ្ឋកិច្ច​ដោយខ្លួនឯង​។

ជាមួយនឹង​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ២០២៥​ ប៉ូស​សេដ្ឋ​កិ​ច្ច​តូច​ៗ​ដទៃ​ទៀត​បាន​និង​កំពុង​រះ​ឡើង​ផង​ដែរ​ ដូចជា​ក្រុង​ប៉ោយប៉ែត​ ក្រុង​បាវិត​ តំបន់​ជ្រៃធំ​ ពិសេស​ខេត្តសៀមរាប​បាន​និង​កំពុង​ចាប់ផ្តើម​ធ្វើ​ពិពិធ​កម្ម​ចរន្ត​សេដ្ឋកិច្ច​របស់​ខ្លួន​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៤​ ខែ​កក្កដា​ ឆ្នាំ២០១៩កន្លងមក​ថា​ នៅក្នុង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទាំង៣ខាងលើ​នេះ​ កំពុងតែ​មាន​សកម្មភាព​អភិវឌ្ឍន៍​យ៉ាង​លឿន​ លើស​ពី​ការ​រំពឹង​ទុក​។ លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “ភាពល្អ​ប្រសើរ​ទាំងអស់​នេះ​ ដោយសារតែ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ច្បាប់​វិនិយោគ​ ដែល​ជា​ការ​បើកឱកាស​ឱ្យ​បណ្តា​អ្នក​វិនិយោគ​ជាតិ​ – អន្តរជាតិ​នានា​ចូល​មក​វិនិយោគ​នៅក្នុង​តំបន់​ទាំងនេះ​។

​លោក​បាន​បន្ត​ទៀត​ថា​ “ច្បាប់​វិនិយោគ​របស់​កម្ពុជា​បាន​លើកទឹកចិត្ត​ និង​បើកឱកាស​ឱ្យ​ក្រុមហ៊ុន​បរទេស​ចូល​មក​វិនិយោគ ១០០ភាគរយ​ ដែល​ចំណុច​នេះ​ក៏​ជា​គន្លឹះ​សំខាន់​ ក្នុង​អូសទាញ​អ្នក​វិនិយោគ​អន្តរជាតិ​ឱ្យមក​កាន់​កម្ពុជា​”។ លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា ​“ចំណុច​មួយទៀត​ ដែល​អាច​ធ្វើ​ឱ្យ​ប៉ូល​សេដ្ឋកិច្ច​ពិសេស​ទាំង៣​ មានការ​រីកចម្រើន​ និង​អភិវឌ្ឍ​ខ្លាំង​ ក៏​ព្រោះ​ការ​ខិតខំ​ប្រឹងប្រែង​ពីសំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ព្យាយាម​គៀង​គរ​ អូសទាញ​បណ្តា​អ្នក​វិនិយោគ​ និង​ក្រុមហ៊ុន​ក្រៅ​ស្រុក​ឱ្យ​ចូល​មកកាន់​កម្ពុជា​”។

តាម​ផែនការ​ដែល​បាន​គ្រោងទុក​ វិស័យ​ហេ​ដ្ឋា​សម្ព័ន្ធ​សំ​ខាន់​ៗដែល​ពាក់ព័ន្ធ​ទៅ​នឹង​ប៉ូល​សេដ្ឋកិច្ច​ទាំង៣ខាងលើ​នេះ​ ត្រូវ​មានការ​រៀបចំ​កសាង​ និង​អភិវឌ្ឍ​ឱ្យ​លឿន​តាមដែល​អាច​ធ្វើ​ទៅ​បាន​។ ជាក់ស្ដែង​ដូចជា​គម្រោង​ផ្លូវ​ល្បឿន​ ភ្នំពេញ​-ព្រះសីហនុ​ នឹង​ត្រូវ​បញ្ចប់​ការសាងសង់​ជាស្ថាពរ​ឱ្យ​បាន​មុន​ឆ្នាំ២០២២​។ ដោយឡែក​សម្រាប់​ផ្លូវជាតិ​ដែល​រួមចំណែក​ពាក់ព័ន្ធ​ ដូចជា​ផ្លូវជាតិ៥​ និង​ផ្លូវជាតិ​លេខ៦​ ក៏​កំពុងតែ​មានការ​កែ​លម្អ​រប​ន្ថែម​ ដើម្បី​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​ និង​បង្កើន​កំណើន​សេដ្ឋកិច្ច​ជាតិ​។

អ្នកជំនាញ​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​ ហុង​ វណ្ណៈ​ ក៏បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ គ្រប់​តំបន់​ប៉ូល​សេដ្ឋ​ពិសេស​ ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ គឺ​សុទ្ធតែ​មាន​សក្ដានុពល​ទាំងអស់​ ប៉ុន្តែ​អាស្រ័យ​ទៅតាម​វិស័យ​ផ្សេងគ្នា​។ តំបន់​ប៉ូល​សេដ្ឋកិច្ច​ទាំង៣ខាងលើ​នេះ​ គឺ​មាន​លក្ខណៈ​ និង​សក្ដានុពល​ពិ​សេស​ផ្សេង​ៗពីគ្នា​។

លោក​បន្ត​ថា​ “រាជធានី​ភ្នំពេញ​ គឺ​ប៉ូល​សេដ្ឋកិច្ច​ដ៏​ធំ​ និង​សំខាន់​ជា​បណ្តា​តំបន់​ប៉ូល​សេដ្ឋកិច្ច​នានា​ទាំងអស់​”។ លោក​បន្ត​ទៀត​ថា​ “ភ្នំពេញ​ គឺជា​បេះដូង​របស់​ប្រទេស​ ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​រដ្ឋបាល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​បណ្តុំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ធនាគារ​សំ​ខាន់​ៗប្រចាំ​ប្រទេស​”។

លោក​ ហុង​ វណ្ណៈ​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “សម្រាប់​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី២ខេត្ត​ព្រះសីហនុ​ មាន​សក្ដានុពល​យ៉ាង​ពិសេស​ទៅលើ​តំបន់ឆ្នេរ​ និង​សមុទ្រ​ ដែល​អនុគ្រោះ​ដល់​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​ តភ្ជាប់​រវាង​ប្រទេស​កម្ពុជា​ទៅកាន់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ ក្នុង​តំបន់​អាស៊ាន​ ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេង​ៗទៅកាន់​សាកលលោក​ផង​ដែរ​។

​ក្រៅពី​នេះ​ ព្រះសីហនុ​ ក៏​មាន​ភាព​ទាក់ទាញ​លើ​ផ្នែក​ទេសចរណ៍​ ដ៏​សំខាន់​មួយ​ផង​ដែរ​ ខណៈ​ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​ ដែល​ស្ថិតនៅ​ក្នុង​តំបន់​រួម​មិន​មាន​តំបន់​អំណោយផល​ពិសេស​ដូចនេះ​នោះ​ឡើយ​”។

ជាមួយគ្នា​នេះ​ អ្នកជំនាញ​ស្រាវជ្រាវ​សេដ្ឋកិច្ច​ នៃ​រាជបណ្ឌិត​សភា​កម្ពុជា​រូប​នេះ​ក៏បាន​ប្រាប់​ឱ្យ​ដឹង​ថែមទៀត​ថា​ ដោយឡែក​សម្រាប់​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី៣​ នៅ​ភូមិ​ភា​គឥសាន្តក៏​កំពុង​កំរើក​ផង​ដែរ​ បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ខេត្តមណ្ឌលគិរី​។

ដោយឡែក​ខេត្តសៀមរាប​ ក៏​មាន​សក្ដានុពល​ខ្លាំង​ផង​ដែរ​ទៅលើ​វិស័យ​វប្បធម៌​ និង​ទេសចរណ៍​ ដែល​ចំណូល​មួយ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ និង​បង្កើន​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។

​លោក​បណ្ឌិត​ហុង​ វណ្ណៈ​បាន​បន្ត​ថា​ សៀមរាប​សម្បូរទៅដោយ​សំណង់​ប្រវត្តិសាស្ត្រ​ជាច្រើន​ ដែល​បណ្តា​ប្រទេស​ជាច្រើន​ នៅ​លើ​សាកលលោក​មិន​មាន​”។ លោក​ថា​ “ក្រៅពី​សំណង់​ប្រវត្តិសាស្ត្រ​ និង​វិស័យ​វប្បធម៌​ ក៏​មាន​តំបន់​ធម្មជាតិ​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​ ដូចជា​អាង​បឹងទន្លេសាប​ និង​តំបន់​ភ្នំ​ផង​ដែរ​។

​លោក​បន្ត​ថា​ “ទាំងអស់​នេះ​វា​ជា​សក្ដានុពល​ដ៏​អស្ចារ្យ​”។ លោក​បញ្ជាក់​ថា​ “ប្រសិនបើ​យើង​ដើរទៅ​តាម​គន្លង​ផ្លូវ​ និង​ផែនការ​ដែល​បាន​គ្រោងទុក​ និង​ប្រើ​ឱ្យ​អស់​លទ្ធភាព​ កម្ពុជា​នឹង​មានការ​ប្រែប្រួល​ទៅ​រក​ភាពល្អ​ប្រសើរ​យ៉ាង​លឿន​ នៅក្នុង​រយៈពេល​មួយ​ខ្លី​”៕

ចំណេះដឹង​! តើ​ត្រូវ​មាន​ឯកសារ​អ្វីខ្លះ​សម្រាប់​ចុះបញ្ជី​សារពើពន្ធ​?

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖ អ្នកជាប់ពន្ធ​ដែល​មាន​អចលនទ្រព្យ​ មានតម្លៃ​លើស​ពី១០០លាន​រៀល​ឡើង​ទៅ​ ត្រូវ​មាន​កាតព្វកិច្ច​ចុះបញ្ជី​នៅ​រដ្ឋា​បាល​សារពើពន្ធ​ ក្នុង​ភូមិសាស្ត្រ​ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ​ យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី៣០ខែកញ្ញា​នៃ​ឆ្នាំ​ជាប់ពន្ធ​។

យោង​តាម​កា​រស​ចក្តី​ប្រកាស​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ កាលពី​ឆ្នាំ​ ២០១០​ បានឱ្យ​ដឹង​ថា​ ការចុះបញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ​ អ្នកជាប់ពន្ធ​ត្រូវ​បំពេញ​ទម្រុ​ងចុះបញ្ជី​អចលនទ្រព្យ​ ដែល​បាន​ផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ​ និង​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ថតចម្លង​ដូច​ខាងក្រោម​ ដូចជា​ ទី១​ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ សំបុត្របញ្ជាក់​កំណើត​ ឬលិខិតឆ្លងដែន​សម្រាប់​ជនបរទេស​។ ២ សៀវភៅ​គ្រួសារ​ ឬសៀភៅ​ស្នាក់នៅ​ ឬលិខិតបញ្ជាក់​ទីលំនៅ​។

ទី៣​ បណ្ណ​សម្គាល់​សិទ្ធិ​ ឬបណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ ឬវិញ្ញា​បន​បត្រ​សម្គាល់​ម្ចា់ស់​អចលនវត្ថុ​ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី​ ឬឯកសារ​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​អចលនទ្រព្យ​ដែល​បញ្ជាក់​ដោយ​អាជ្ញាធរ​ឃុំ​-សង្កាត់​ឡើង​ទៅ​។

នៅពេល​បាន​ចុះបញ្ជី​ អ្នកជាប់ពន្ធ​ត្រូវ​បាន​ទទួលលិខិត​បញ្ជាក់​ពី​ការចុះបញ្ជី​ពន្ធ​លើ​ចលនទ្រព្យ​ ដែល​មានការ​ចុះ​លេខ​អត្តសញ្ញាណ​កម្ម​ពន្ធ​ លើ​អចលនទ្រព្យ​សម្រាប់​សម្គាល់​អចលនទ្រព្យ​នី​មួយ​ៗ ដែល​ចេញ​ដោយ​រដ្ឋបាល​សារពើពន្ធ​។ អ្នកជាប់ពន្ធ​ត្រូវ​ប្រើប្រាស់​លេខ​អត្តសញ្ញាណ​កម្ម​នេះ​ លើ​ឯកសារ​ទាក់ទិនទៅនឹង​ពន្ធ​លើ​អចលនទ្រព្យ​។អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី​រួចហើយ​ មិន​ត្រូវ​បាន​ចុះបញ្ជី​ឡើងវិញ​នៅ​ឆ្នាំ​បន្តបន្ទាប់​។

ក្នុងករណី​អចលនទ្រព្យ​ត្រូវ​បំបែក​ដើម្បី​លក់​ ឬផ្ទេរ​ ឬផ្តល់​ជាអំណោយ​ អ្នកជាប់ពន្ធ​ត្រូវ​ផ្តល់​ព័ត៌មាន​ជូន​រដ្ឋបាល​សារពើពន្ធ​ ដើម្បី​រៀបចំ​លេខ​អត្តសញ្ញាណ​កម្ម​ពន្ធ​ លើ​អចលនទ្រព្យ​ជាថ្មី​ (ឧទាហរណ៍​ អ្នកជាប់ពន្ធ​ មាន​ដី​មួយ​កន្លែង​ ហើយ​ត្រូវ​បាន​ពុះ​ជា​ឡូ​តិ៍​ ដើម្បី​លក់​ ផ្ទេរ​ ឬផ្តល់​ជាអំណោយ​)៕

អគារ​ខ្ពស់កប់ពពក​ចំនួន៥​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​នឹង​ផ្លាស់​ប្តូរ​មុខមាត់​ក្រុងភ្នំពេញ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំ​ដាប់់​ពិភពលោក​ចំនួន៥​ បាន​និង​កំពុង​សាងសង់​នៅ​សង្កាត់​ពាណិជ្ជកម្ម​រស​រវើក​ជាងគេ​ កណ្តាល​ក្រុងភ្នំពេញ​ ដែល​ជា​បណ្តុំ​នូវ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​យ៉ាង​ស្កេ​កស្កះ​ ហើយ​វត្តមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ទាំង៥ថ្មីនេះ​ នឹង​ធ្វើឲ្យ​ទីក្រុង​ភ្នំពេញ​ផ្លាស់​ប្តូរ​មុខមាត់​ទៅកាន់​កម្រិត​ថ្មី​មួយទៀត​។

គេហទំព័រ​ Propertyarea.asia​ ដែល​ជា​គេហ​ទំ​ព័ត៌​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុជា​ នឹង​លើកយក​គម្រោង​អគារ​ចំនួន៥​ ដែល​នឹង​រះ​ឡើង​នៅក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។

​១) អគារ​ពាណិជ្ជកម្ម​ចម្រុះ​ The​ Peak​

The​ Peak​ ជា​អគារ​ពាណិជ្ជកម្ម​ ដែល​ខ្ពស់​ជាងគេ​ចំនួន៣នៅ​តំបន់​ដ៏​ទាក់ទាញ​នៃ​ក្រុងភ្នំពេញ​ ដែល​មាន​កម្ពស់៥៥ជាន់​ស្មើនឹង២១៨ម៉ែត្រ​ ។ គំរោង​នេះ​កំពុង​សាង​សង់់​នៅ​ក្បែរ​ស្ពាន​នាគ​កោះ​ពេជ្រ​ ជាមួយនឹង​ទុន​វិនិយោគ៥៨០លា​នដុ​លា្លរ​ បាន​ចាប់​បុក​គ្រឹះ​បើក​ការដ្ឋាន​សាងសង់​ហើយ​ នៅ​ថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ២០១៦នេះ​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពស់៥៥ជាន់​ដ៏​ប្រណីត​ និង​សណ្ឋាន​គារ​ The​ Shangri​-La​ Hotel​ ​ប្រកបដោយ​កិត្យានុភាព​ ក្នុង​ពិភពលោក​ជា​យូរណាស់​មក​ហើយ​។ ឥឡូវ​បាន​ចាប់ផ្ដើម​សាងសង់​ក្នុងទឹក​កម្ពុជា​។ គម្រោង​នេះ​មាន​ខុន​ដូ​សរុប​ចំនួន​ប្រមាណ១០១៤​ Unite​។ គំរោង​នេះ​ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​ World​ Bridge​ Land​ Group​ និង​ក្រុមហ៊ុន​Oxley​ Holding​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បុរី​។

២) អគារ​ Morgan​ Tower​

អាគារ​ Morgan​ Tower​ បោះទុន​វិនិយោគ​ប្រមាណ​ជា១៦០លាន​ដុល្លារ​អាមេរិក​ក្នុង​ការសាងសង់​អគារ​ ដែល​មានឈ្មោះ​ថា​ Morgan​ Tower​ ដែល​មាន​កម្ពស់​រហូតដល់​ទៅ២១០ម៉ែត្រ​ ដែល​ស្មើ​ទៅ​នឹង៤៦ជាន់​។

អគារ​ Morgan​ Tower​ បាន​នឹង​កំពុង​សាងសង់​ឡើង​ ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ដែល​អាច​សន្សំសំចៃ​ថាមពល​អគ្គ​សនី​ ដែល​ស្ថិតនៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ​ វិនិយោគ​ដោយ​ ក្រុមហ៊ុន​ Morgan​ Group​ ។ គំរោង​នេះ​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

៣) គំរោង​ខុន​ដូ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ CITY​ KEY​

គំរោង​នេះ​មានឈ្មោះ​ CITY​ KEY​ មាន​ចំនួន៥២ជាន់​ និង​កំពស់២០៨ម៉ែត្រ​ជា​គំរោង​ខុន​ដូ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ​ បាន​និង​កំពុង​សាងសង់​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​មក​ពី​ប្រទេស​ចិន​។

គំរោង​ដ៏​ធំ​នេះ​ ស្ថិតនៅ​ក្រោយ​អាគារ​ Bali​ Scenary​ និង​អាគារ​The​ Bridge​ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

៤) អគារ​ Thai​ Boon​ Roong​ Commercial​ Centre​ Twin​ Towers​

អគារ​នេះ​ មាន​កម្ពស់៥៦១​ ម៉ែត្រ​ស្ថិតនៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា​ កំពុង​ស្ថិតនៅ​ក្នុង​ដំណើរការ​សាងសង់​។ នៅពេល​សាងសង់​បញ្ចប់​អគារ​នេះ​ នឹង​ក្លាយជា​អគារ​ប្រើប្រាស់​រួម​ មាន​ទាំង​ការិយាល័យ​ធ្វើការ​ ផ្សារ​ទំនើប​ អា​ផា​តម៉ិន​ ខុន​ដូ​លំដាប់​អន្តរជាតិ​ សណ្ឋាគារ​កម្រិត​ផ្កាយ៦​ និង​សេវាកម្ម​កំសាន្ត​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត​។

អគារ​ភ្លោះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Thai​ Boon​ Roong​ របស់​ប្រទេស​កម្ពុជា​ ជាប់​ជា​អគារ​ខ្ពស់​នៅក្នុង​តំបន់​អាស៊ាន​ក៏ដូចជា​ខ្ពស់​ជាងគេ​ក្នុងនាម​អាគារ​ភ្លោះ​នៅ​លើ​ពិភពលោក​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ ស្ថិត​ក្នុងចំណោម​អគារ​ខ្ពស់កប់ពពក​ចំនួន៦ផ្សេងទៀត​ មក​ពី​ប្រទេស​ចំនួន៦នៅក្នុង​តំបន់​អាស៊ាន​ ហើយ​អគារ​ទាំងនេះ​ នឹង​ក្លាយជា​អគារ​ខ្ពស់កប់ពពក​នៅក្នុង​តំបន់​អាស៊ាន​។

៥) គម្រោង​សាងសង់​អគារ​ Naga​ 3

ក្រុមហ៊ុន​ NagaCorp​ Ltd​ នៅ​ភ្នំពេញ​ គ្រោង​សាង​សង​សាខា​ថ្មី​ Naga​ 3 បាន​និង​កំពុង​សាងសង់​ក្រោម​ទុន​វិនិយោគ
៣​,៥២ពាន់​លាន​ដុល្លារ​ និង​រចនា​ដោយក្រុម​ហ៊ុន​ជំនាញ​ខាង​រចនា​កាស៊ីណូ​ Steelman​ Partners​ LLP​ ។

ក្រុមហ៊ុន​ NagaCorp​ ដែល​មានឈ្មោះ​ក្នុង​ទីក្រុង​ហុងកុង​ មាន​អាជ្ញាប័ណ្ណ​ផ្តាច់​មុខ​ក្នុង​ការប្រតិបត្តិ​ការ​កាស៊ីណូ​នៅ​រាជធានី​ភ្នំពេញ​ និង​តំបន់​ជុំវិញ​។ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ប្រតិបត្តិ​កា​រណា​ហ្គា១​ ដែល​បាន​បើក​ដំណើរការ​កាលពី​ខែធ្នូ​ឆ្នាំ២០០៦​។ ណា​ហ្គា១​ បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​សាងសង់​ភ្ជាប់​ទៅ​ណា​ហ្គា២​ ដែល​ជា​ការពង្រីក​ដែល​បាន​បើក​នៅ​ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៤​។

គម្រោ​ងណា​ហ្គា៣​ នឹង​សាងសង់​អាគារ​ចំនួន​ប្រាំ​ នៅ​លើ​ផ្ទៃដី​ចំនួន១៦​,៨៣៧​ ម៉ែត្រការ៉េ​។ នៅពេល​សាងសង់​រួចរាល់​គម្រោ​ងណា​ហ្គា៣​ ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​សណ្ឋាគារ​កម្ពស់៦៦ជាន់​ចំនួន​ពីរ​អាគារ​ សណ្ឋាគារ​កម្ពស់៤៥ជាន់​ចំនួន​ពីរ​អាគារ​ នឹង​ខុន​ដូ​មួយ​ដែល​មាន​កំពស់៤៨ជាន់​៕

អាជ្ញាធរ​ថៃ​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​កំពង់ផែ​ Klong​ Yai​ ក្នុង​ការសម្រួល​ការ​ដឹកជញ្ជូន​តាម​សមុទ្រ​ជាមួយ​កម្ពុជា​

0

ប្រែ​សម្រួល​ដោយ​ ប៊ី​

បាង​កកៈ​ អាជ្ញាធរ​កំពង់ផែ​ថៃ​កំពុងធ្វើការ​សិក្សា​ពី​លទ្ធភាព​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កំពង់ផែ​ Klong​ Yai​ នៅ​ខេត្ត​ត្រា​តនៃ​ប្រទេស​ប្រទេស​ថៃ​ ដើម្បី​សម្រួលការ​ដឹកជញ្ជូន​តាម​សមុទ្រ​ និង​ការ​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​។

អាជ្ញាធរ​កំពង់ផែ​ថៃ ​(PAT​) បាន​ថ្លែង​នៅក្នុង​របាយការណ៍​ពាក់ព័ន្ធ​មួយ​ថា​ ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​សកល​ រួម​ជាមួយ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ ចិន​បាន​ធ្វើឲ្យ​មានការ​យឺតយ៉ាវ​នូវ​ការនាំចេញ​ទំនិញ​ តាមរយៈ​កំពង់ផែ​របស់​ខ្លួន​ ដោយមាន​កំណើន​ត្រឹម៣ភាគរយ​ នៅ​ឆ្នាំនេះ​។ ដូច្នេះ​អាជ្ញាធរ​កំពង់ផែ​ថៃ​កំពុង​ពន្លឿន​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កំពង់ផែ​ដើម្បី​សម្រួលការ​ដឹក​ជញ្ជួន​។

លោក ​Kamolsak​ Promprayoon​ អគ្គនាយក​អាជ្ញាធរ​កំពង់ផែ​ថៃ​ PAT ​បាន​និយាយ​ថា​ បច្ចុប្បន្ន​អាជ្ញាធរ​កំពង់ផែ​ថៃ​ កំពុងធ្វើការ​សិក្សា​ពី​លទ្ធភាព​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កំពង់ផែ​ Klong​ Yai​ នៅ​ខេត្ត​ត្រា​តទៅ​ជា​កំពង់ផែ​យុទ្ធសាស្ត្រ​មួយ​ សម្រាប់​ការ​ដឹកជញ្ជូន​តាម​សមុទ្រ​ជាផ្នែក​មួយ​នៃ​គម្រោង​សេដ្ឋកិច្ច​ផ្លូវ​ខាងកើត​។

ការ​ប្រសើរ​ឡើង​នូវ​កំពង់ផែ ​Klong​ Yai​ ត្រូវ​បាន​រំពឹង​ថា​ នឹង​បញ្ចប់​នៅ​ខែ​ តុលា​ ហើយ​កំពង់ផែ​នេះ​ នឹង​បម្រើការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​ប្រទេស​ថៃ​ និង​កម្ពុជា​ និង​ប៉ែក​ខាងត្បូង​នៃ​វៀតណាម​។

លោក​បាន​លើកឡើង​ថា​ តម្លៃ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​ថៃ​ និង​កម្ពុជា​កាលពី​ឆ្នាំមុន​មាន​ចំនួន១៤៥​,៧ពាន់​លាន​បាត​ កើនឡើង១៦ភាគរយ​៕

ប្រភព​ (បាងកក​ប៉ុស្តិ៍​)

ក្រុ​មហ៊ុ​នវៀ​មណាម​គ្រោង​វិនិយោគ​ដាំ​អំពៅ​នៅ​ស្រុក​ចំនួន​ ៣ នៃ​ខេត្តស្វាយរៀង

0

​ដោយ​ វុត្ថា

​ស្វាយរៀង​៖ ក្រុមហ៊ុន​វៀតណាម​ TTC​ Group​ គ្រោង​បោះ​វិនិយោគ​ដំណាំ​អំពៅ​នៅ​ស្រុក​ចំនួន៣​ នៃ​ខេត្តស្វាយរៀង​ ខណៈ​ខេត្ត​មួយ​នេះ​ កំពុង​មាន​សក្តា​នុ​ពល​លើ​វិនិយោគ​ពី​អ្នក​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​ ។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន​ TTC​ Group​ នៅ​ថ្ងៃទី​ ២៤​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ លោក​ ម៉ែ​ន វិបុល​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​ បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ តំណាង​ ក្រុមហ៊ុន​ដែល​គ្រោង​វិយោគ​ដាំ​អំពៅ​នៅ​លើទឹក​ដី​នៃ​ស្រុក​រមាសហែក​ ស្រុក​រំដួល​ និង​ស្រុក​ស្វាយទាប​ ខេត្តស្វាយរៀង​ នា​ពេល​ខាងមុខ​។

លោក​អភិបាលខេត្ត​ក៏បាន​អរគុណ​ចំពោះ​ក្រុមហ៊ុន​នានា​ ដែល​បាន​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​លើទឹក​ដី​នៃ​ខេត្តស្វាយរៀង​ នា​រយៈពេល​កន្លងមក​នេះ​។លោក​អភិបាលខេត្ត​រូប​នេះ​ តែងតែបាន​កៀរគរ​ក្រុមហ៊ុន​នានា​ ជាច្រើន​រួចមក​ហើយ​មក​បណ្ដាក់ទុន​វិយោគ​ ដើម្បី​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ ខេត្តស្វាយរៀង​ ហើយក៏​ជា​កិច្ចការ​សំខាន់​ដែល​ឯកឧត្ដម​ អភិបាលខេត្ត​តែងតែ​យកចិត្ត​ទុកដាក់​ទាំង​ការ​រក្សា​សន្តិសុខ​ សុវត្ថិភាព​ជូន​ដល់​ក្រុមហ៊ុន​ផង​ដែរ​។

លោក​ ម៉ែ​ន វិបុល​  បានឱ្យ​ដឹង​បន្ត​ថា​ ខេត្តស្វាយរៀង​ ចែកចេញជា​តំបន់៣​ ដែល​មាន​សក្តា​នុ​ពល​លើ​វិស័យ​ឧស្សាហកម្ម​ និង​សេវាកម្ម​ លើ​វិស័យ​ កសិ​ឧស្សាហកម្ម​ និង​កសិកម្ម​ ដែល​ធ្វើឲ្យ​ខេត្ត​មួយ​នេះ​ រីក​ចំរើន​ យ៉ាង​ខ្លាំង​រយៈពេល​ឆ្នាំ​ចុងក្រោយ​នេះ​។

លោក​បន្ត​ថា​ ក្នុង​ការវិវឌ្ឍន៍​រយៈពេល​ឆ្នាំ​ចុងក្រោយ​នេះ​ ខេត្តស្វាយរៀង​ មាន​អាទិភាព​លើ​សក្តា​នុ​ពល​ទៅលើ​ ឧស្សាហកម្ម​ និង​សេវាកម្ម​ មាននៅ​ក្នុង​ក្រុង​បាវិត​ និង​ ក្រុង​ស្វាយរៀង​។ សក្តា​នុ​ពល​ទី២​ លើ​កសិ​ឧស្សាហកម្ម​ មាន៣ស្រុក​ គឺ​ស្រុក​រំដួល​ ស្រុក​ស្វាយទាប​ និង​ស្រុក​រមាសហែក​ មាន​ដំណាំ​អំពៅ​ កៅស៊ូ​ និង​ដំឡូងមី​។

សក្តា​នុ​ពល​ទី៣នេះ​ គឺ​កសិកម្ម​ សំដៅលើ​ស្រូវ​បង្កបង្កើនផល​ ។ លោក​បន្ថែម​ថា​ ក្នុង​ខេត្តស្វាយរៀង​ ក៏​មានការ​អភិវឌ្ឍន៍​ទៅលើ​វិនិយោគ​អគ្គិសនី​ មាន​តាំងពី​ឃុំ​រហូតដល់​ភូមិ​ ដោយសារ​បាន​ធ្វើការ​រដ្ឋ​ចែកចាយ​ ទៅដល់​មូលដ្ឋាន​៕

ភ្ញៀវ​ទេសចរ​ចិន​ជ្រើសរើស​កម្ពុជា​ និង​កូ​រេ​ខាងត្បូង​ជា​ទិសដៅ​ចំបង​

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សកល​ (CEIC​) បានឱ្យ​ដឹង​ថា​ ភ្ញៀវ​ទេសចរ​ចិន​បាន​ជ្រើសរើស​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កម្ពុជា​ និង​ប្រទេស​កូរ៉េ​ខាងត្បូង​ច្រើនជាង​កន្លែង​កម្សាន្ត​បែប​វិស្សមកាល​ប្រពៃណី​ដូចជា​ វៀតណាម​ ក្នុង​ឆ្នាំនេះ​។

ចំនួន​ភ្ញៀវ​ទេសចរ​ចិនដីគោក​ដែល​បាន​មក​ទស្សនា​កម្ពុជា​បាន​កើនឡើង​ ៣៧​ ភាគរយ​ ក្នុងរយៈពេល​ ៤ ខែ​ដំបូង​នៃ​ឆ្នាំនេះ​។

យោង​តាម​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា​ ចំនួន​អ្នកទេសចរ​ចិន​ជិត​ ៨៨៧,០៣៩​ នាក់​បាន​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​ក្នុងរយៈពេល​ ៤ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​។ផ្ទុយទៅវិញ​ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​តិច​ដែល​ទៅ​ទស្សនា​ប្រទេស​វៀតណាម​។

ភ្ញៀវ​ទេសចរ​ចិន​មក​ប្រទេស​វៀតណាម​បាន​ធ្លាក់ចុះ​ ៣ ភាគរយ​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​ដែល​ភាព​ខុសប្លែក​គ្នា​កាលពី​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​មាន​អ្នកទេសចរ​ចិន​កើនឡើង​ជិត​ ២៥​ ភាគរយ​។និន្នាការ​ធ្វើដំណើរ​ថ្មី​ដែល​បាន​វិភាគ​ដោយ​ CEIC​ ក៏បាន​រក​ឃើញថា​ អ្នកធ្វើ​ដំណើរ​ចិន​ទៅ​កូរ៉េ​ខាងត្បូង​បាន​កើនឡើង​ជិត​ ៣០​ ភាគរយ​នៅ​ឆ្នាំនេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

អង្គភាព​ទេសចរណ៍​កូរ៉េ​ខាង​ត្បួង​ បាន​ឲ្យដឹង​នៅក្នុង​របាយការណ៍​មួយ​ថា​ “ការ​កើនឡើង​នៃ​ភ្ញៀវ​ទេសចរ​ចិន​គឺ​ដោយសារតែ​ការ​លើកកម្ពស់​លើ​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​”។ នៅ​ឆ្នាំ​ ២០១៧​ បន្ទាប់ពី​កូរ៉េ​ខាងត្បូង​បាន​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​លអាមេរិក​ដែល​ប្រទេស​ចិន​បាន​បញ្ចុះបញ្ចូល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​មិន​ឲ្យ​ដំឡើង​ ទីក្រុង​ប៉េកាំង​បាន​ចាត់វិធានការ​យ៉ាង​ឆាប់រហ័ស​ក្នុង​កាត់បន្ថយ​ធើ្វ​ទេស​ចរ​ណ័​ទៅ​ប្រទេស​នេះ​។

យោង​តាម​វិទ្យាស្ថាន​ទេសចរណ៍​ចិន​ (CTA​) កាលពី​ឆ្នាំមុន​ភ្ញៀវ​ទេសចរ​ចិន​បាន​ធ្វើដំណើរ​ ១៤០​ លាន​ដង​ទៅកាន់​បណ្តា​ប្រទេស​នៅ​បរទេស​ដែល​កើនឡើង​ ១៤​ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​មួយទៀត​។

ភ្ញៀវ​ទេសចរ​ចិន​អាច​មាន​សក្ដានុពល​ក្នុង​ការបង្កើត​ការ​រីកចម្រើន​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​មួយ​ដែល​មាន​ប្រាក់ចំណូល​អតិបរមា​រហូតដល់​ ១២០​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​ទៅដល់​ប្រទេស​ចំនួន​ ១៥៧​ ជាពិសេស​នៅ​អាស៊ី​អាគ្នេយ៍​៕

រដ្ឋាភិបាល​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​គេចវេះ​ពី​ការ​បង់ពន្ធ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ ដែល​គេចវេះ​ពន្ធ​ និង​ការប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ​លើ​បទប្បញ្ញត្តិ​ស្តី​ពី​ការ​បង់ពន្ធ​។

យោង​តាម​សេ​ក្តី​ជូនដំណឹង​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​គេចវេះ​ពន្ធ​ កាលពី​ថ្ងៃទី​ ២៣​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ កន្លងមក​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​កត់សម្គាល់​ឃើញថា​ មាន​បុគ្គល​មួយចំនួន​ បាន​អូសទាញ​បោក​ បញ្ឆោត​បុគ្គល​ផ្សេងទៀត​ដែល​មានការ​យល់ដឹង​ទាប​ ឱ្យ​ឈរឈ្មោះ​ជា​ម្ចាស់ភាគហ៊ុន​ និង​ជា​អភិបាល​ បង្កើត​ក្រុមហ៊ុន​នៅ​ក្រសួង​ពាណិជ្ជកម្ម​ និង​ចុះបញ្ជី​ពន្ធដារ​នៅ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ ដើម្បី​យក​ទៅ​ប្រើប្រាស់​ចេញ​វិក្កយបត្រ​ក្លែងក្លាយ​ទៅ​ឱ្យ​ក្រុមហ៊ុន​មួយផ្សេងទៀត​ ក្នុង​គោលបំណង​ក្លែងបន្លំ​ដាក់បញ្ចូល​ជា​ឥណទាន​អាករ​លើ​ធាតុ​ចូល​សម្រាប់​កាត់កង​អាករ​លើ​ធាតុ​ចេញ​ និង​បញ្ចូល​ជា​បន្ទុក​ចំណាយ​ដើម្បី​កាត់បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល​។

អគ្គ​នាយដ្ឋាន​ពន្ធដារ​បញ្ជាក់​ថា​ អំពើ​ទាំងអស់​នេះ​ ជាសកម្ម​ភាព​ប្រព្រឹត្តិ​បទល្មើស​គេចវេះ​ ដូច​មាន​ចែង​នៅក្នុង​មាត្រា​ ១២៧​ នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​ ដែល​ត្រូវ​រង​ការ​ផ្តន្ទា​ទោស​តាម​មាត្រា​ ១៣៥​ នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​ដែល​បាន​ចែងថា​ “ ដោយ​មិន​គិតដល់​ទោសទណ្ឌ​ផ្សេងទៀត​ អភិបាល​ បណ្ណាធិការ​ កម្មសិទ្ធិករ​របស់​សហគ្រាស​ណាមួយ​ ឬបុគ្គល​ទទួល​ខុសត្រូវ​ឱ្យ​សហគ្រាស​ណាមួយ​ដែល​បាន​ប្រព្រឹត្ត​អំពើ​គេចវេះ​ពន្ធ​ដូ​មាន​ចែង​ក្នុង​មាត្រា​ ១២៧​ នៃ​ច្បាប់​នេះ​ត្រូវ​រង​ការ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​ ១០​ ០០០​ ០០០​ រៀល​ ( ដប់លាន​រៀល​) ដល់​ ២០​ ០០០​ ០០០​ រៀល​ (ម្ភៃ​លាន​រៀល​) ឬ ជាប់ពន្ធ​ធនាគារ​ពី​ ១ ឆ្នាំ​ ដល់​ ៥ ឆ្នាំ​ ឬទោស​ទាំងពីរ​នេះ​” ។

និង​បទល្មើស​ផ្នែក​ព្រហ្មទណ្ឌ​ លើ​បទប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ១២៨​ និង​ ១២៩​ នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​ ដែល​ត្រូវ​រង​ការ​ផ្តន្ទា​ទោស​តាម​មាត្រា​ ១៣៦​ នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​ដែល​បាន​ចែងថា​ ៖ “ដោយ​មិន​គិតដល់​ទោសទណ្ឌ​ផ្សេងទៀត​ បុគ្គល​ណា​ដែល​បាន​ប្រព្រឹត្តិ​អំពើ​រាំងស្ទះ​ ដល់​ការអនុវត្ត​បទប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​ ដូច​មាន​ចែង​ក្នុង​មាត្រា​ ១២៨​ នៃ​ច្បាប់​នេះ​ ត្រូវ​រង​ការ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​ ៥ ០០០​ ០០០​ រៀល​ (ប្រាំ​លាន​រៀល​) ដល់​ ១០​ ០០០​ ០០០​ រៀល​ (ដប់លាន​រៀល​) ឬ ជាប់ពន្ធ​នា​គារ​ពី​ ១ ខែ​ ដល់​ ១ ឆ្នាំ​ ឬ ទោស​ទាំងពីរ​នេះ​” ។

អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នឹង​ចាប់​វិធាន​ការ​ចំា​បាច់​នានា​តាមច្បាប់​ជាធរមាន​ ដើម្បី​ស្វែងរក​បុគ្គល​ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​មក​ផ្តន្ទា​ទោស​តាមច្បាប់​៕