ទីក្រុង​កោះ​ពេជ្រ​នឹង​រៀបចំ​ឲ្យ​មាន​ផ្លូវ​ថ្មើ​ជើង​និង​កន្លែង​លក់​ទំ​និញព័ទ្ធជុំវិញ​

1

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ ក្រុមហ៊ុន ​OCIC នឹង​រៀបចំ​ឲ្យ​មាន​តំបន់​ថ្មើ​ជើង​ និង​កន្លែង​លក់ទំនិញ​និង​អា​ហារ​ព័ទ្ឋ​ជុំវិញ​កោះ​នេះ​ ដែល​មាន​ប្រវែង​ផ្លូវ​សរុប ៣៨០០ម៉ែត្រ​នា​ពេល​អនាគត​។

អគ្គនាយករង​ក្រុមហ៊ុន ​OCIC​ លោក​ទូច​ សំណាង​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​សប្តាហ៍​មុន​ថា​ បច្ចុប្បន្ន​តំបន់​កោះ​ពេជ្រ​​បាន​រៀបចំ​ឲ្យ​មាន​តំបន់​ផ្លូវ​ថ្មើ​ជើង​ និង​កន្លែង​កំសាន្ត​ លក់​អាហារ​ចំនួន៣កន្លែង​រួចហើយ​ គឺ​នៅ​ទីតាំង​ក្បាលកោះ​ពេជ្រ​ នៅ​ទីតាំង​ជាប់​ទន្លេតូច​ ទល់មុខ​នឹង​សណ្ឋាគារ​និង​កា​ស៊ី​ណូ​ណា​ហ្កា​ទី១​ និង​តំបន់​នៃ​គម្រោង​ឡា​សែន​ ហើយ​នា​ពេល​ឆាប់​ៗខាងមុខនេះ​ នឹង​មានការ​រៀបចំ​តំបន់​ថ្មើ​ជើង​នា​មាត់ទន្លេ​បាសាក់​នា​ពេល​ឆាប់​ៗខាងមុខនេះ​។

លោក​បន្ត​ថា​ “តាម​ផែនការមេ​របស់​ទីក្រុង​នេះ​ យើង​នឹង​រៀបចំ​ឲ្យ​មាន​តំបន់​ថ្មើ​ជើង​នៅ​ជុំវិញ​កោះ​នេះ​ ប៉ុន្តែ​យើង​មិន​អាច​បិទ​កោះ​នេះ​ មិន​ឲ្យ​មាន​ចរាចរណ៍​នោះ​ទេ​នា​ពេល​អនាគត​”។លោក​បន្ត​ថា​ “រហូត​មកទល់​ពេលនេះ​ ទីក្រុង​កោះ​ពេជ្រ​ត្រូវ​បាន​អភិវឌ្ឍន៍​លើ​ផ្ទៃដី​អស់​ប្រមាណ៥០ភាគរយ​ហើយ​ ប៉ុន្តែ​បើ​គិត​ផ្ទៃក្រឡា​សំណង់​ ដែល​យើង​បាន​សាងសង់​នា​ពេលនេះ​ ទើប​សម្រេច​បាន​ប្រមាណ២៥ភាគរយ​ប៉ុណ្ណោះ​”។

លោក​ទូច​ សំណាង​បាន​បន្ត​ថា​ តាម​ផែនការមេ​របស់​ទីក្រុង​នេះ​ យើង​គ្រោង​រៀបចំ​តំបន់​នេះ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​ ដោយមាន​អា​គារ​ខ្ពស់់​ៗជាច្រើន​ទៀត​នឹង​សាងសង់​នា​ពេល​អនាគត​។លោក​បន្ត​ថា​ គំរោង​អាគារ​កប់​ពពក​កំពស់៦៩ជាន់​ នឹង​សាងសង់​នា​ពេល​ឆាប់​ៗខាងមុខនេះ​។​

នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia​ អ្នកនាង​ Grace​ Rachy​ Fong ​បាន​មានប្រសាសន៍​ថា​ ទីក្រុង​កោះ​ពេជ្រ​ និង​តំបន់​ជុំវិញ​នេះ​ នឹង​ត្រូវ​រៀបចំ​ជា​ Hub​ មួយ​នា​ពេល​អនា​គត​ ដោយ​គំរោង​ជាច្រើន​បាន​ចាប់ផ្តើម​នៅ​តំបន់​នេះ​ ពិសេស​វត្តមាន​អា​គារ​ខ្ពស់​ៗ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា​ នឹង​ធ្វើឲ្យ​តំបន់​នេះ​ក្លាយជា ​Landmark ​មួយ​នាទី​ក្រុងភ្នំពេញ​។

អ្នកនាង​បន្ត​ថា​ “រយៈពេល៤ទៅ៥ឆ្នាំខាងមុខ​ តំបន់​នេះ​នឹង​មាន​ភាព​រស​រវើក​ ហើយ​វា​នឹង​ក្លាយ​ជា​បណ្តុំ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​”៕

វិធី​សាស្ត្រ​ដ៏​ល្អ​សម្រាប់​អ្នក​ចង់​លក់​អចលនទ្រព្យ​ឆាប់​ដាច់​ និង​បាន​ថ្លៃ​

0

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ បើ​និយាយចំ​ពោះ​ការ​លក់​អចលនទ្រព្យ​ មិនថា​ចំពោះតែ​លំនៅ​ដ្ឋាន​ ឬជា​ដីធ្លី​នោះ​ទេ​ ទាំង​ម្ចាស់ទ្រព្យ​ក៏ដូចជា​ភ្នាក់ងារ​លក់​ គឺ​សុទ្ធតែ​ចង់​លក់​ឆាប់​ដាច់​ និង​ទទួល​បាន​តម្លៃ​ថ្លៃ​ ប៉ុន្តែ​ទាស់​ត្រង់ថា​ តើ​គួរ​ធ្វើ​យ៉ាងណា​ទើប​ជំរុញ​ឱ្យ​ការ​លក់​នោះ​ទទួល​បានការ​ចាប់អារម្មណ៍​ពីអ​តិថិ​ជន​។

​;ជា​ការចូលរួម​ចែករំលែក​នូវ​បទពិសោធន៍​ អ្នកជំនាញ​បាន​ណែនាំ​នូវ​វិធី​សា​ស្ត្រងា​យៗ​ ដោយ​ការ​យក​ប្រព័ន្ធ​អេឡិចត្រូនិក​ធ្វើជា​ឧបករណ៍​ ដើម្បី​ជំនួយ​ដល់​ការ​លក់​ ដូច​ខាងក្រោម​នេះ​។

បង្ហោះ​រូបភាព​អចលនទ្រព្យ​

រូបភាព​បង្ហោះ​ត្រូវតែ​មានគុណ​ភាព​ និង​សោភ័ណភាព​ គឺ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ទាក់ទាញ​ទឹកចិត្ត​អតិថិជន​ ព្រោះថា​រូប​មួយ​សន្លឹក​ដែល​ស្រស់​ស្អាត​ ដែល​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​អចលនទ្រព្យ​របស់​អ្នក​ ជា​គន្លឹះ​ដែល​អាច​ទាក់ទាញ​កែវភ្នែក​របស់​អតិថិជន​ជា​ជំហាន​ដំបូង​ឱ្យ​មានការ​ចាប់អារម្មណ៍​។ ​;

បង្ហាញ​ពី​លក្ខណៈ​ពិសេស​នៃ​អចលនទ្រព្យ​

អ្នកលក់​អចលនទ្រព្យ​ អាច​ផ្តល់​ព័ត៌មាន​លម្អិត​ឱ្យ​បាន​ច្រើន​ តាមដែល​អ្នក​អាច​ធ្វើ​ទៅ​បាន​ នៅពេល​ដែល​អ្នក​សរសេរ​គឺ​ត្រូវតែ​បញ្ចេញ​នូវ​ភាពល្អ​ និង​ជា​លក្ខណៈ​ពិសេស​របស់​អចលនទ្រព្យ​ដែល​អាច​ជា​ក្ដី​តម្រូវ​ ដោយ​ការ​នឹកស្រមៃ​ថា​ខ្លួន​អ្នកជា​អ្នកទិញ​។ តើ​អ្នក​នឹង​ចង់បាន​គុណភាព​យ៉ាងណា​ខ្លះ​ពីអ​ចលនទ្រព្យ​មួយ​នេះ​។

ការ​ផ្តល់​ព័ត៌មាន​ និង​ឆ្លើយតប​សំណួរ​

ការ​ផ្សព្វ​ផ្សាយ​បស់​អ្នក​នឹង​មិនបាន​ផលប្រយោជន៍​អ្វី​នោះ​ទេ​ ប្រសិនបើ​គេ​មិន​អាច​ទាក់ទង​អ្នក​បាន​។ ហេតុនេះ​ហើយ​ទើប​អ្នក​ត្រូវតែ​ធានា​ថា​ ព័ត៌មាន​លម្អិត​សម្រាប់​ផ្តល់​ទៅកាន់​អតិថិជន​ នឹង​មិន​ត្រូវ​បាន​ធ្វើឡើង​ដោយ​រអាក់រអួល​នោះ​ទេ​។ ក្រៅពី​ការ​សរសេរ​សារ​ឆ្លើយតប​នៅ​លើ​បណ្តាញ​អេ​ឡិច​ត្រូ​និច​ ក៏​ត្រូវតែ​មាន​លេខទូរស័ព្ទ​យ៉ាងហោចណាស់​ពីរ​ខ្សែ​ និង​អាសយដ្ឋាន​អ៊ីមែល​ សម្រាប់​ទាក់ទង​។

ត្រូវ​ធានា​គុណភាព​អចលនទ្រព្យ​របស់​អ្នក​ល្អ​បំផុត​

តាមធម្មតា​ទេ​ ការ​លក់​ផលិតផល​អ្វីមួយ​ មិន​ត្រឹមតែ​ទាមទារ​ផលិតផល​នោះ​មានគុណ​ភាព​នោះ​ទេ​ តែ​ក៏​ត្រូវ​មានការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ល្អ​ផង​ដែរ​។ ហេតុនេះ​ចំណងជើង​អចលនទ្រព្យ​ ជា​ភាសាខ្មែរ​ និង​អង់គ្លេស​ឬភាសា​ចិន​ អ្នក​ត្រូវតែ​ធ្វើ​វា​ឱ្យ​បាន​ល្អ​។ ប្រសិនបើ​វា​មាន​ភាព​សាមញ្ញ​ ងាយ​យល់​ នោះ​គេ​នឹង​រក​ឃើញ​អចលនវត្ថុ​របស់​អ្នក​មុនគេ​។

ការ​ដាក់​តម្លៃ​អចល​ទ្រព្យរបស់​អ្នក​

ការ​ដាក់​តម្លៃ​ទាមទារ​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​បំផុត​ ព្រោះ​បើ​អចលនទ្រព្យ​របស់​អ្នក​ដាក់​តម្លៃ​ខ្ពស់​ពេក​ អចលនទ្រព្យ​របស់​អ្នក​ នឹង​មិន​ទទួល​បានការ​ចាប់អារម្មណ៍​នោះ​ទេ​។ ប្រសិនបើ​តម្លៃ​នោះ​អាច​តថ្លៃ​បាន​ អ្នក​គួរតែ​ធានា​ថា​ គេ​អាច​ដឹង​តាមរយៈ​ការ​ពិពណ៌នា​របស់​អ្នក​។

ប្រសិនបើ​លក្ខខណ្ឌ​នៃ​ការទិញ​ អាច​តថ្លៃ​បាន​ អ្នក​ក៏​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​គេ​ដឹង​តាមរយៈ​ការ​ពិពណ៌នា​របស់​អ្នកផង​ដែរ​។

ការ​ឆ្លើយតប​ជាមួយនឹង​ការសាកសួរ​រក​ទិញ​ឱ្យ​បាន​សមស្រប​

ការ​ឆ្លើយតប​លឿន​គឺ​មាន​សារៈសំខាន់​ណាស់​ នៅពេល​ដែល​អ្នកទទួល​បានការ​ចាប់អារម្មណ៍​សាកសួរ​ពីអ​តិថិ​ជន​របស់​អ្នក​។ អ្នក​គួរតែ​ឆ្លើយតប​ជាមួយនឹង​ពួកគេ​ឱ្យ​បាន​លឿន​បំផុត​។ ប្រសិនបើ​អ្នកមាន​ភាពយឺត​យ៉ាវ​ក្នុង​ការ​ឆ្លើយតប​ នោះ​ពួកគេ​អាច​នឹង​រកមើល​វត្ថុ​ថ្មី​ជំនួស​ជាមិនខាន​។

ផ្សព្វផ្សាយ​ការ​លក់​អចលនទ្រព្យ​របស់​អ្នក​នៅ​តាម​បណ្តាញ​ព័ត៌មាន​

នៅពេល​បច្ចុប្បន្ន​នេះ​ មាន​បណ្តាញ​សារព័ត៌មាន​ជាច្រើន​ ដែល​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ធ្វើជា​ភ្នាក់ងារ​អចន​លទ្រព្យ​ ដើម្បី​ទទួល​បាន​កម្រៃ​ជើង​សារ​។ ដូច្នេះ​អ្នក​គួរ​ចំណាយ​ធន​ធា​នប​ន្តិ​បន្តួច​ ទៅលើ​ការ​ផ្សព្វផ្សាយ​ពី​ការ​គោលបំណង​ នៃ​ការ​លក់​អចន​ទ្រព្យរបស់​ ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​៕

ចំណេះដឹង​! តើ​នីតិវិធី​នៃ​ការចុះបញ្ជី​អចលនទ្រព្យ​ធ្វើឡើង​ដូចម្ដេច​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ការ​ចុះ​បញ្ជី​រអចលនទ្រព្យ​ ជា​រឿង​មួយ​ចាំបាច់​ដែល​អ្នក​នៅក្នុង​វិស័យ​នេះ​ គួរតែ​ដឹង​និង​សិក្សា​ស្វែងយល់​ ដើម្បី​ឈាន​ទៅ​ធ្វើការងារ​នេះ​ បាន​ប្រកប​ដោយ​ប្រសិ​ទ្ឋ​ភាព​ និង​ប្រាសចាក​ហានិភ័យ​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ឲ្យដឹង​ថា​ និ​តិ​វិធី​ចុះ​បញ្ជី​រអចលនទ្រព្យ​ត្រូវ​គោរព​តាម​គោលការណ៍​មួយចំនួន​ ដូចជា​ ទី១​.សម្រាប់​អ្នក​ដែល​មាន​អចលនទ្រព្យ​ដែល​ជាប់ពន្ធ​ ត្រូវ​ទៅចុះ​បញ្ជី​នៅកន្លែង​ណា​? ផ្អែកលើ​នីតិវិធី​នៃ​ច្បាប់​ អ្នកជាប់ពន្ធ​អចលនទ្រព្យ​ទាំងអស់​ មាន​កាតព្វកិច្ច​ត្រូវ​ទៅចុះ​បញ្ជី​អចលនទ្រព្យ​របស់​ខ្លួន​នៅ​រដ្ឋបាល​សារពើពន្ធ​ក្នុង​ភូមិសាស្ត្រ​ ដែល​អចលនទ្រព្យ​របស់​ខ្លួន​នោះ​ស្ថិតនៅ​។ ការ​ចុះ​ បញ្ជី​នេះ​ត្រូវ​ទៅ​ធ្វើ​យ៉ាង​យឺត​បំផុត​គិត​ត្រឹម​ថ្ងៃទី៣០​ ខែកញ្ញា​នៃ​ឆ្នាំ​ជាប់ពន្ធ​នី​មួយ​ៗ ហើយ​សម្រាប់​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី​រួចហើយ​ មិន​ត្រូវ​បាន​ចុះបញ្ជី​ឡើងវិញ​នៅ​ឆ្នាំ​បន្តបន្ទាប់​នោះ​ទេ​។

ទី២​.តើ​គេ​អាចយ​កពាក្យ​ស្នើសុំ​ចុះបញ្ជី​ពន្ធ​ លើ​អចលនទ្រព្យ​បាន​នៅកន្លែង​ណាខ្លះ​? សម្រាប់​សាធារណជន​ដែល​មានបំណង​ចង់​ចុះបញ្ជី​អចលនទ្រព្យ​ អាច​ស្នើសុំ​ពាក្យ​ចុះបញ្ជី​អចលនទ្រព្យ​បាន​នៅ​រដ្ឋបាល​សារពើពន្ធ​ (សាខា​ពន្ធដារ​ខេត្ត​-ខណ្ឌ​) នៅក្នុង​ភូមិសាស្ត្រ​ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ​។ ក៏ប៉ុន្តែ​ដោយសារតែ​បច្ចុប្បន្ន​នេះ​មាន​លក្ខណៈ​ងាយស្រួល​ជាង​មុន​ លោកអ្នក​មិន​ចាំបាច់​ទៅ​យកពាក្យ​ស្នើសុំ​ នៅ​សាខា​ពន្ធដារ​ផ្ទាល់​ទេ​ ពោល​គឺ​អាច​ទាញ​យក​ឯកសារ​នេះ​ នៅ​តាម​គេហទំព័រ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​គឺ​ www.tax.gov.kh​។ ពាក្យ​ស្នើសុំ​នេះ​ គឺ​ត្រូវ​ផ្តល់​ជូន​លោកអ្នក​ដោយ​ឥតគិតថ្លៃ​។

ទី៣​.ចង់​ចុះបញ្ជី​អចលនទ្រព្យ​ តើ​លោកអ្នក​ចាំបាច់​ត្រូវ​មាន​ឯកសារ​អ្វីខ្លះ​? ជាគោល​ការណ៍​នៅពេល​ដែល​លោក​ អ្នកដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​អចលនទ្រព្យ​ លោកអ្នក​ត្រូវ​នាំ​យក​ជាមួយ​នូវ​ឯកសារ​ជាច្រើន​ដែល​រួមមាន​៖ -អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬសំបុត្របញ្ជាក់​កំណើត​ ឬ លិខិតឆ្លងដែន​សម្រាប់​ជនបរទេស​។ -សៀវភៅ​គ្រួសារ​ ឬ សៀវភៅ​ស្នាក់នៅ​ ឬលិខិតបញ្ជាក់​ទីលំនៅ​។ -ប័ណ្ណ​សម្គាល់​សិទ្ធិ​ឬប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ ឬវិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី​ ឬ ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​អចលនទ្រព្យ​ ដែល​បញ្ជាក់​ដោយ​អាជ្ញាធរ​ឃុំ​/សង្កាត់​ឡើង​ទៅ​។ ក្នុងករណី​ដែល​អចលនទ្រព្យ​បង់​រំលស់​ ម្ចាស់​អចលនទ្រព្យ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​រវាង​អ្នកទិញ​ និង​អ្នកលក់​មក​ជាមួយ​ផង​។

ទី៤​ តើ​អ្នក​ចុះបញ្ជី​អចលនទ្រព្យ​នឹង​ទទួល​បានអ្វី​មកវិញ​ ពីរ​ដ្ឋ​បាល​សារពើពន្ធ​នៅពេល​បាន​ចុះបញ្ជី​? ។ នៅពេល​ដែល​លោកអ្នក​បាន​ចុះបញ្ជី​ថ្មី​រួចហើយ​ លោកអ្នក​នឹង​ទទួល​បាន​លិខិតបញ្ជាក់​ការចុះបញ្ជី​ពន្ធ​លើ​អចលនទ្រព្យ​ ដែល​មាន​ចុះ​លេខ​អត្តសញ្ញាណ​កម្ម​សារពើពន្ធ​នៃ​អចលនទ្រព្យ​ សម្រាប់​សម្គាល់​អចលនទ្រព្យ​នី​មួយ​ៗ ដែល​ចេញ​ដោយ​រដ្ឋបាល​សារពើពន្ធ​។ លេខ​អត្តសញ្ញាណ​កម្ម​សារពើពន្ធ​នេះ​ ត្រូវ​ប្រើលើ​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​អចលនទ្រព្យ​ទាំងអស់​។

ទី៥​.តើ​អ្នកជាប់ពន្ធ​អចលនទ្រព្យ​មាន​កាតព្វកិច្ច​អ្វីខ្លះ​នៅពេល​ដែល​អចលនទ្រព្យ​របស់​ខ្លួន​មានការ​ប្រែប្រួល​?។ ចំណុច​នេះ​ អ្នកជាប់ពន្ធ​អចលនទ្រព្យ​ទាំងអស់​ត្រូវ​ផ្តល់​ព័ត៌មាន​បន្ថែម​ទោ​តាម​ទម្រង់​ដែល​បាន​កំណត់​ដោយ​រដ្ឋបាល​សារពើពន្ធ​ក្នុងករណី​ដែល​៖ -អចលនទ្រព្យ​របស់​ខ្លួន​ត្រូវ​បាន​បំបែក​លក់​ ផ្ទេរ​ ឬផ្តល់​អំណោយ​ ហើយ​អចលនទ្រព្យ​ដែល​បាន​បំបែក​ថ្មី​ត្រូវតែ​ចុះបញ្ជី​ទៀត​។ -ដី​ត្រូវ​បាន​យក​ទៅ​សាងសង់​ផ្ទះ​ អគារ​ ឬសំ​ណង់​ផ្សេង​ៗ។ -ផ្ទះ​ អគារ​ និង​សំ​ណង់​ផ្សេង​ៗត្រូវ​បាន​សាងសង់​បន្ថែម​ ឬបន្ថយ​ ឬ រំលាយ​ចោល​។ -ការ​ផ្លាស់​ប្តូរ​កម្មសិទ្ធិករ​ អ្នកកាន់កាប់​ ឬអ្នកទទួល​បានផល​ប្រយោជន៍​ចុងក្រោយ​៕

កូនខ្មែរ​មួយ​រូប​បាន​បង្ហាញ​កិត្យានុភាព​ជាតិ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​អចលនទ្រព្យ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

0

ដោយ​ រតនៈ​

ភ្នំពេញ​៖ កូនខ្មែរ​មួយ​រូប​បាន​បង្ហាញ​ពី​កត្យានុ​ភាពជា​តិ​របស់​ខ្លួន​ នៅ​លើឆាកអន្តរជាតិ​ ដោយ​បាន​ចូលរួម​ក្នុង​កម្មវិធី​Asia​ Pacific​ Property​ Awards​ និង​ទទួល​បាន​ពានរង្វាន់​រហូតដល់១០ក្នុង​ព្រឹត្តិ​ការណ៍​លំដាប់​អន្តរជាតិ​។

ក្រោយពី​ទទួល​បាន​ភាព​ជោគជ័យ​ ក្នុង​ការ​រក្សា​បាន​នូវ​ពានរង្វាន់​ “ក្រុមហ៊ុន​អភិវឌ្ឍ​ដែល​ល្អ​ជាងគេ​” ៤ឆ្នាំ​ជាប់​ៗគ្នា​ និង​ជ័យលាភី​ពានរង្វាន់៧ផ្សេងទៀត​ ក្នុង​កម្មវិធី​ប្រកាស​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​លើក​ទី៤​ កន្លង​ទៅ​ថ្មី​ៗនេះ​។

ក្រុមហ៊ុន​ប៉េង​ ហួត​ គ្រុប​ ត្រូវ​បាន​ជ្រើសតាំង​ជា​បេក្ខភាព​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ បាន​ចូលរួម​ប្រកួតប្រជែង​ ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី​ប៉ាស៊ីហ្វិក​ ក្នុង​ថ្ងៃទី១៤​~១៥​ ខែឧសភា​ ឆ្នាំ២០១៩​ នៅ​សណ្ឋាគារ​ Bangkok​ Marriott​ Marquis​ Queen​’s Park​ ទីក្រុង​បាងកក​ ដែល​រៀបចំឡើង​ដោយក្រុម​ហ៊ុន​ International​ Property​ Media​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​ និង​ដោយមាន​ការចូលរួម​ពី​បណ្តា​ក្រុម​ហ៊ុន​ល្បី​ៗធំៗ​ពី២៧ប្រទេស​។

ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ មាន​មោទនភាព​ជាថ្មី​ម្តង​ទៀត​ដោយ​បាន​ទទួល​ជ័យលាភី​ ពានរង្វាន់​ ចំនួន១០​ ដែល​ក្នុង​នោះ​មាន​ ។ ពានរង្វាន់​ជ័យលាភី​លំដាប់ថ្នាក់​ប្រទេស​ ចំនួន២​៖ ទី​១ ពានរង្វាន់​ស្ថាបត្យកម្ម​ឌីហ្សាញ​ពហុ​លំនៅឋាន​ គំ​រោង​ហ្គ្រេន​ស្តា​ផ្លា​ទី​នីម​ និង២​ ពាន​រង្វាន់​ឌីហ្សាញ​ផ្នែក​ក្នុង​អគារ​។

សេវាកម្ម​សាធារណៈ​ សាល​សន្និបាត​យូ​រ៉ូវី​ល ទទួល​បាន​ពានរង្វាន់​ជ័យលាភី​លំដាប់​ផ្កាយ៥​ ចំនួន៥​ ដូចជា​ ទី៣​ ពាន​រង្វាន់​ឌីហ្សាញ​ផ្នែក​ក្នុង​ការិយាល័យ​លក់​ ៤ ពាន​រង្វាន់​ឌីហ្សាញ​ផ្នែក​ក្នុង​ក្លឹប​ហាត់ប្រាណ​ដាយ​មិន​ និង​យូ​រ៉ូវី​ល ទី៥​ ពាន​រង្វាន់​ឌីហ្សាញ​ផ្នែក​ក្នុង​ផ្ទះ​គំរូ​វីឡា​ឃីង​ ទី៦​ ពានរង្វាន់​អភិវឌ្ឍ​អគារ​សេវាកម្ម​សាធារណៈ​ ព្រះវិហារ​ជ័យមង្គល​ ទី៧​ ពានរង្វាន់​អភិវឌ្ឍ​គំរោង​លំនៅឋាន​នៅ​កម្ពុជា​ គំ​រោង​ហ្គ្រេន​ស្តា​ផ្លា​ទី​នីម​ពានរង្វាន់​ ជ័យលាភី​អាស៊ី​ប៉ាស៊ីហ្វិក​ ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទី​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​ ចំនួន៣​។

៨) ពាន​រង្វាន់​ឌីហ្សាញ​ផ្នែក​ក្នុង​ផ្ទះ​គំរូ​វីឡា​ឃីង​ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ៩) ពាន​រង្វាន់​ឌីហ្សាញ​ផ្នែក​ក្នុង​ក្លឹប​ហាត់ប្រាណ​ដាយ​មិន​ និង​យូ​រ៉ូវី​ល ១០​) ពានរង្វាន់​អភិវឌ្ឍ​អគារ​សេវាកម្ម​សាធារណៈ​ ព្រះវិហារ​ជ័យមង្គល​។

ប៉េង​ហួត​ គ្រុប​ជា​ក្រុមហ៊ុន​ កូនខ្មែរ​សុទ្ធសាធ​ ដែល​ធ្វើអោយ​ប្រទេស​កម្ពុជា​កាន់តែ​លេចធ្លោ​លើឆាកអន្តរជាតិ​ អោយ​ឃើញ​ពី​ស្នាដៃ​កូនខ្មែរ​ មិនចាញ់​ប្រទេស​ក្ន​ងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ក្នុង​ការប្រកួត​ប្រជែង​គម្រោង​អភិ​វឌ្ឍ​ធំៗ​ និង​ការរចនា​ស្ថាបត្យកម្ម​ដ៏​ល្អឥតខ្ចោះ​ ជាមួយនឹង​ការ​ទទួល​បាន​ជ័យលាភី​ពានរង្វាន់​សរុប​ចំនួន១០នេះ​។

ក្រុមហ៊ុន​ប៉េង​ ហួត​គ្រុប​ ទទួល​បាន​ពានរង្វាន់​ទាំងអស់​នេះ​ ជា​សមិទ្ធិ​ផល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​ ពី​ថ្នាក់ដឹកនាំ​ថ្នាក់​គ្រប់គ្រង​ បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ និង​ជាពិសេស​ទៀត​នោះ​ ក៏​សូម​អរគុណ​អតិថិជន​ ដែល​តែងតែ​គាំទ្រ​ ជា​រៀង​រហូត​មក​៕

វិភាគ​៖ តើ​ទីផ្សារ​ខុន​ដូ​នៅ​ភ្នំពេញ​អាច​រៀនសូត្រ​អ្វីខ្លះ​ពី​កំនើន​ខុន​ដូ​ប្រកបដោយ​ភាព​ផុយ​ស្រួយ​នៅ​ទីក្រុង​បាងកក​?

0
ខុនដូខ្ពស់ៗនៅម្ដុំកោះពេជ្រ។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ ដន​

ភ្នំពេញ​: រយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ​ វត្តមាន​អា​គារ​ខ្ពស់​ៗនៅ​រាជធានី​ភ្នំពេញ​បាន​ផុស​ឡើងជា​បន្តបន្ទាប់​ ពិសេស​អាគារ​ខុន​ដូ​ ដែល​បាន​និង​កំពុង​ឆ្លុះបញ្ចាំង​ពី​ការ​រីកចម្រើន​មាន​ភាព​ស្រដៀងគ្នា​នឹង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ។

ទីក្រុង​ទាំងពីរ​បាន​ជួបប្រទះ​ការ​ផ្គត់ផ្គង់​លើស​ចំនួន​ ក្នុងរយៈពេល​ពីរ​ឆ្នាំ​កន្លងមក​ដែល​បាន​ធ្វើ​ឱ្យ​មានការ​ធ្លាក់​តម្លៃ​យូនី​តនៃ​ខុន​ដូ​នានា​ នៅ​ទីក្រុង​បាងកក​។ និន្ន​ការ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​ភាព​ដូចគ្នា​នៅ​រាជធានី​ភ្នំពេញ​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​។ កាលពី​ឆ្នាំមុន​ចំនួន៦៥​,០០០​ យូនី​តត្រូវ​បាន​បន្ថែម​ទៅ​ការ​ផ្គត់ផ្គង់​របស់​ទីក្រុង​បាងកក​ កើនឡើង​១១​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​មួយទៀត​។ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ផ្គត់ផ្គង់​ខុន​ដូ​នៅក្នុង​រាជធានី​ភ្នំពេញ​ នឹង​កើនឡើង​រហូត​ដល់១២០ភាគរយ​នៅ​ឆ្នាំនេះ​ដែល​សរុប​មាន​ចំនួន៣០​,១១២​ យូនី​ត ដែល​ចំនួន​នេះ​ស្មើនឹង​១០​ ដង​នៃ​បរិមាណ​ដែល​បាន​ចុះបញ្ជី​នៅ​ឆ្នាំ២០១៦​។

យោង​តាម​ក្រុមហ៊ុន​ Knight​ Frank​ ​ប្រចាំ​ប្រទេស​ថៃ​បានឱ្យ​ដឹង​ថា​ ទីផ្សារ​បាងកក​បាន​ជួបប្រទះ​ នឹង​ការ​ធ្លាក់ចុះ​តម្លៃ​ជា​មធ្យម ៦ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។ នៅ​កម្ពុជា​ការ​ធ្លាក់ចុះ​តម្លៃ​នៅតែ​មិនទាន់​កើតមានឡើង​នៅឡើយ​ទេ​ ប៉ុន្តែ​អ្នកវិភាគ​ជឿជាក់​ថា​វា​ទំនង​រក្សា​តម្លៃ​ខ្ពស់​ដដែល​។

យោង​តាម​លោក​ James​ Hodge​ នាយករង​ក្រុមហ៊ុន​ CBRE​ Cambodia​ បានឱ្យ​ដឹង​ថា​ ទីផ្សារ​កម្ពុជា​មិនទាន់​មានការ​ផ្លាស់​ប្តូរ​នៅឡើយ​ទេ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក​ Hodge​ បាន​ថ្លែង​ថា​ “មិន​មាន​សកម្មភាព​ធ្លាក់ចុះ​ណាមួយ​ គួរ​ឱ្យ​កត់សម្គាល់​ទេ​នៅ​ឆ្នាំនេះ​ ព្រោះ​ពេលនេះ​ធៀប​កាលពី​ឆ្នាំមុន​ទីផ្សារ​ នៅតែ​ធម្មតា​ដូច​កាលពីមុន​”។

ភាគច្រើន​នៃ​បញ្ហា​ដែល​អាច​នឹង​កើតឡើង​ គឺ​អាស្រ័យ​លើ​ការ​ធ្លាក់ចុះ​តម្រូវការ​ របស់​វិនិយោគិន​ចិន​ និង​អ្នកទិញ​នៅក្នុង​ទីក្រុង​ទាំងពីរ​។ វិស័យ​ខុន​ដូ​ពឹងផ្អែក​លើ​អ្នកទិញ​បរទេស​ដើម្បី​ជំរុញ​វិស័យ​នេះ​ ប៉ុន្តែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​ និង​ការ​ព្រួយបារម្ភ​អំពី​វិបត្តិសេដ្ឋកិច្ច​សកល​ បាន​និង​កំពុង​គំរាមកំហែង​ដល់​លំហូរ​វិនិយោគ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ និង​កម្ពុជា​។

ធនាគារ​ថៃ​បាន​ព្រមាន​ថា​ តម្រូវការ​បរទេស​លើ​វិសយ​ខុន​ដូ​ នៅ​ប្រទេស​ថៃ​នឹង​បង្ក​ឱ្យ​មានការ​ផ្គត់ផ្គង់​ខុន​ដូ​លើស​ចំនួន​ ពី​ព្រោះ​​ការ​ព្រួយបារម្ភ​ថា​ មាន​វិបត្តិសេដ្ឋកិច្ច​ជាស​កល​។

អភិបាលក្រុង​បាងកក​លោក​ Mathee​ Supapongse​ បាន​ថ្លែង​ទៅកាន់​កាសែត​បាងកក​ប៉ុស្តិ៍​ថា​ “ទោះបីជា​ជនបរទេស​តែងតែ​ទិញ​ខុន​ដូ​ជា​សាច់ប្រាក់​ក៏ដោយ​ ក៏​យើង​ប្រុងប្រយ័ត្ន​ថា​ ពួកគេ​នឹង​បោះបង់ចោល​ការ​ទូទាត់​ នៅ​កំឡុង​ពេល​ការ​ធ្លាក់​ចុះ​​សេដ្ឋកិច្ច​។ អតិរេក​នៃ​ការ​ផ្គត់ផ្គង់​នឹង​កើនឡើង​ និង​បង្កើត​ហានិភ័យ​”។

ស្រដៀងគ្នា​នេះ​ដែរ​ធនាគារជាតិនៃកម្ពុជា​បាន​ព្រមាន​ថា​ វិស័យ​អចលនទ្រព្យ​ និង​វិ​ស័យ​ហិរញ្ញវត្ថុ​ អាច​នឹង​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ ប្រសិនបើ​លែង​មានការ​វិនិយោគ​បរទេស​ចូល​កម្ពុជា​ ដោយសារ​ការប្រែប្រួល​នៃ​សេដ្ឋកិច្ច​ពិភពលោក​។

វិនិយោគិន​ខុន​ដូ​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​ ក៏​ធ្វើ​ប្រតិបត្តិ​ការ​ជា​សាច់ប្រាក់​ និង​អ្នក​អភិវឌ្ឍន៍​ក៏​ប្រឈមមុខនឹង​ហានិភ័យ​ដូចគ្នា​ នឹង​អ្នក​អភិវឌ្ឍន៍​នៅ​ទីក្រុង​បាងកក​ដែរ​។

លោកស្រី​ Grace​ Rachny​ Fong ​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ Century21​ Cambodia​ បាន​មានប្រសាសន៍​ថា​ “ដើម្បី​​ទិញ​អចលនទ្រព្យ​ដែល​មានគុណ​ភាព​ខ្ពស់​ និង​ទំនើប​ អតិថិជន​បរទេស​ខ្ចីប្រាក់​ពី​ធនាគារ​ក្រៅប្រទេស​របស់​ពួកគេ​ដោយខ្លួនឯង​ ពីព្រោះ​ពួកគេ​រីករាយ​ក្នុង​បង់​អត្រា​ការប្រាក់​នៅ​ទីកន្លែង​របស់​ជាង​នៅ​ទីនេះ​”។

លោកស្រី​បាន​មានប្រសាសន៍​ទៀត​ថា​ “វា​មានការ​ផ្គត់ផ្គង់​លើស​ចំនួន​នៃ​ខុន​ដូ​កម្រិ​តធម្យម​ និង​ខុន​ដូ​ទំនើ​នៅ​រាជធានី​ភ្នំពេញ​ ហើយ​ខុន​ដូ​ប្រភេទ​ទាំងនេះ​មិនបាន​ដាក់​លក់​ក្នុង​តម្លៃ​សមស្រប​នៅឡើយ​ទេ​”។ លោកស្រី​បន្ថែម​ថា​ “ដូច្នេះ​ខុន​ដូ​ទាំងនេះ​មិនសូវ​លក់ដាច់​ទេ​ ព្រោះ​អ្នក​អភិវឌ្ឍន៍​កំពុង​កំណត់​តម្លៃ​ខ្ពស់​ពេក​។ អតិថិជន​គិតថា​តម្លៃ​មិនទាន់​សមស្រប​នៅ​ឡើយ​​ទេ​”។

ប៉ុន្តែ​ក្រុម​អ្នកវិភាគ​ភាគច្រើន​យល់ស្រប​ថា​ ការ​និយាយ​អំពី​ “កំណើន​ប្រកបដោយ​ភាព​ផុយ​ស្រួយ​” គឺ​លឿន​ពេក​សម្រាប់​ទីក្រុង​ទាំងពីរ​។ សម្រាប់​ទីក្រុង​ទាំងពីរ​គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ ត្រ​វបាន​គេ​រំពឹង​ថា​នឹង​ចាក់​បញ្ចូល​ទុន​ទៅ​ក្នុង​សេដ្ឋកិច្ច​ និង​បង្កើត​លំហូរ​វិនិយោគ​ថ្មី​ទៅ​ក្នុង​វិស័យ​អចលនទ្រព្យ​។

លោក​ Frank​ Khan​ ប្រធាន​លំនៅ​ដ្ឋាន​នៅ​ប្រទេស​ថៃ​នៃ​ក្រុមហ៊ុន​ Knight​ Frank​ បាន​ប្រាប់​ទៅ​ Bloomberg​ ថា​ “សួរ​​នរណា​ម្នាក់​ដែល​នៅ​ក្នុង​វស័យ​អចលនទ្រព្យ​ តើមាន​ចំនួន​ប៉ុន្មាន​ដង​ ដែល​ពួកគេ​បាន​ជួបប្រទះ​កំណើន​ ប្រកបដោយ​ភាព​ផុយ​ស្រួយ​នៃ​វិស័យ​ខុន​ដូ​? ខ្ញុំ​បាន​លឺ​រឿង​នេះ​ជាង១០ដង​ហើយ​ ប៉ុន្តែ​ក្នុងរយៈពេល១៥ឆ្នាំ​ចុងក្រោយ​ខ្ញុំ​នេះ​ វា​មិនដែល​កើតឡើង​ទេ​”។

ក្រុម​អ្នកវិភាគ​នៅ​ភ្នំពេញ​បង្ហាញ​អារម្មណ៍​របស់​ពួកគេ​ដូចគ្នា​ ចំពោះ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

លោក​ Hodge​ បាន​ឲ្យដឹង​បន្ត​ថា​ “ការ​អភិវឌ្ឍ​អចលនទ្រព្យ​បែប​ទំនើប​ ជា​ធម្មតា​ជា​ការ​វិនិយោគ​រួម​រវាង​វិនិយោគិន​កម្ពុជា​ និង​វិនិយោគិន​បរទេស​ ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ដែល​អាស្រ័យ​លើ​ការកំណត់​គោលដៅ​ គុណភាព​ និង​ការ​យកចិត្ត​ទុកដាក់​ទីផ្សារ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ប្រើ​”។

លោក​បន្ត​ថា​ “ការទិញ​ខុន​ដូ​ជាទូទៅ​ គឺជា​រឿង​ធម្មតា​ ហើយ​ជា​រឿយ​ៗវា​នឹង​កើតឡើង​នៅក្នុង​គម្រោ​ងធំៗ​ ដែល​អ្នក​អភិវឌ្ឍន៍​គួរតែ​មាន​វិសាលភាព​បន្ថែម​ទៀត​ ដើម្បី​កែសម្រួល​តម្លៃ​ដើម្បី​ទាក់ទាញ​អ្នកទិញ​ច្រើន​ ប៉ុន្តែ​វា​ក៏អាច​កើតឡើង​នៅ​ក្នុង​​ការ​អភិវឌ្ឍ​តូចតាច​ដែរ​ ប្រសិនបើ​គោលដៅ​របស់​អ្នកទិញ​ ស្របតាម​ការ​ផ្តល់​ជូន​វិនិយោគ​របស់​ការអភិវឌ្ឍន៍​នោះ​”៕

បណ្តា​ផ្លូវជាតិ​សំខាន់​ចំនួន៣​ នឹង​មាន​ជំនន់​កកស្ទះ​ចរាចរណ៍​នៅ​រយៈពេល ៥ឆ្នាំខាងមុខ​

0

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ ផ្លូវជាតិ​សំ​ខាន់​ៗចំនួន៣​ នឹង​មាន​ជំ​នន់់​នៃ​ការ​កកស្ទះ​ចរាចរណ៍​ខ្លាំង​នា​រយៈពេល៥ឆ្នាំខាងមុខ​ ដោយ​សា​រកំនើ​នប្រ​ជា​សាស្រ្ត​ក្នុង​ទីក្រុង​ និង​ប្រព័​ន្ឋ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ក្នុង​ទីក្រុង​មិនទាន់​បាន​រៀបចំ​បាន​ប្រសើរ​នៅឡើយ​។

មន្រ្តី​ជំនាញ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា​ កំនើ​ននៃ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ សំណង់​លំនៅ​ដ្ឋាន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ផ្លូវជាតិ​លេខ៤​ និង​ផ្លូវជាតិ​លេខ៦អាបាន​និង​កំពុង​ធ្វើឲ្យ​ប្រជាជន​ចូល​មក​រស់នៅ​ទីក្រុង​ និង​លំហូរ​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​កើនឡើង​យ៉ាង​គំហុក​។លោក​បន្ត​ថា​ ការ​រីកចម្រើន​នេះ​ ដោយសារ​សុខ​សន្តិភាព​ និង​កំនើន​សេដ្ឋកិច្ច​របស់​ប្រទេស​ ប៉ុន្តែ​ការ​រៀប​ចំ​ប្រព័​ន្ឋ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ហាក់​មិនទាន់​ឆ្លើយតប​នៅឡើយ​។

លោក​បន្ត​ថា​ “ខ្ញុំ​មានការ​ព្រួយបារម្ភ​ទៅលើ​រឿង​នេះ​ ហើយ​បញ្ហា​នេះ​ក្រសួង​ធ្លាប់​បាន​រៀបចំ​គោលនយោបាយ​ ដើម្បី​ដោះស្រាយ​ហើយ​ ប៉ុន្តែ​វា​ទាមទារ​នូវ​ពេលវេលា​ និង​ធនធាន​ដ៏​ច្រើន​”។លោក​បន្ត​ថា​ “យើង​អាច​អនុវត្តន៍​នយោបាយ​ដូច​នៅ​ប្រទេស​ជប៉ុន​ និង​ប្រទេស​អង់គ្លេស​ ដែល​អនុញ្ញាត្ត​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​រថយន្ត​ តែ​ពួកគេ​មិន​អាច​បើកបរ​ចូល​ទីក្រុង​នោះ​ទេ​ បើ​ពួកគេ​បើកបរ​ចូល​ទីក្រុង​ ពួកគេ​ត្រូវ​បង់ថ្លៃ​ខ្ពស់​ លើស​ពី​ការប្រើ​ប្រាស់​សេវាកម្ម​សាធារណៈ​របស់​រដ្ឋ​”។

នៅ​ប្រទេស​ជឿនលឿន​បែបនេះ​ គេ​មា​នប្រ​ព័ន្ឋរថភ្លើង​លើ​អាកាស​ រថយន្តក្រុង​សាធារណៈ​ មាន​រថភ្លើង​ក្រោម​ដី​ជាដើម​ តែ​កម្ពុជា​មិន​ទាន់​មាន​លទ្ឋ​ភាព​ធ្វើ​បាន​នៅឡើយ​ទេ​។

ប៉ុន្តែ​កាលពី​ពេល​ថ្មី​ៗនេះ​ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចិន​បាន​បង្ហា​ពី​ចេតនា​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ​នៅ​កម្ពុជា​ ពិសេស​រាជធានី​ភ្នំពេញ​ ដោយក្រុម​ហ៊ុន​CRCC​គ្រោង​សិក្សា​ប្រព័​ន្ឋ​រថភ្លើង​លើ​អាកាស​ ក្រោម​ដី​នៅ​រាជធានី​ភ្នំពេញ​ និង​គ្រោង​សិក្សា​សាងសង់​ខ្សែរថ​ភ្លើង​ពី​ភ្នំពេញ​ទៅកាន់​ខេត្តសៀមរាប​ ប៉ោយប៉ែត​ និង​ព្រំដែន​បាវិត​ក្នុង​ខេត្តស្វាយរៀង​ផង​ដែរ​។

លោ​កបណ្ទិ​តវ៉ាន់​ វ៉ា​តអ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ និង​ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំ​ណង់់​ខេត្តកណ្តាល​បាន​មានប្រសាសន៍​ថា​ សំរាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ប្រទេស​ណា​ ដូច​ប្រទេស​ណា​ដែរ​ ពេល​សេដ្ឋកិច្ច​រីកចម្រើន​ ប្រជាជន​តែងតែ​បន្លាស់​ទី​ចូល​ទីក្រុង​ ដើម្បី​ស្វែងរក​ប្រាក់ចំណូល​។លោក​បន្ត​ថា​ ដោយសារ​ផ្លូវ​មាន​ទំហំ​មានកម្រិត​ ហើយ​ប្រជាជន​មាន​ចំណូល​កើនឡើង​ ពួក​គេ​មាន​លទ្ឋ​ភាព​ទិញ​រថយន្ត​ ហេតុនេះ​ការ​កកស្ទះ​ចរាចរណ៍​ជា​រឿង​ធម្មតា​។

លោក​បន្ត​ថា​ “ការ​ដោះស្រាយ​បញ្ហា​នេះ​ បាន​និង​កំពុង​ធ្វើឡើង​ ដោយ​រដ្ឋាភិបាល​កំពុង​ថ្លឹងថ្លែង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តា​ខេត្ត​ ដែល​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ដើម្បី​កាត់បន្ថយ​លំហូរ​ប្រជាជន​ចូល​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​”។លោក​បន្ត​ថា​ “ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ យើង​មាន​ជម្រើស​ច្រើនណាស់​ ប៉ុន្តែ​ប្រទេស​យើង​មានការ​អភិវឌ្ឍ​លឿន​ ស្ទើរ​មិន​នឹកស្មាន​ដល់​ ហេតុនេះ​យើង​ជួប​បញ្ហា​ប្រឈម​នៅ​ទីណា​ យើង​ដោះស្រាយ​នៅកន្លែង​នោះ​”។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ លោ​ម៉េ​ត មាស​ភ័ក្តី​បាន​មានប្រសាសន៍​ថា​ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ស្រប​ពេល​ដែល​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រាជធានី​ មានការ​អភិវឌ្ឍ​យ៉ាង​លឿន​ ជាពិសេស​វត្តមាន​នៃ​សំណង់​អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ធំៗ​ជាច្រើន​ និង​កំពុងតែ​បន្ត​កើនឡើង​នោះ​ ចំនួន​ប្រជាពលរដ្ឋ​ក៏​មានការ​កើនឡើង​ផង​ដែរ​។ លោក​បាន​បន្ត​ថា​ ចំនួន​ប្រជាជន​ដែល​កំពុង​រស់នៅ​អចិន្ត្រៃយ៍​ ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​ប្រមាណ១​,៨លាន​នាក់​កាលពី​ឆ្នាំមុន​ ហើយ​បើស​រុ​បទាំង​ចំនួន​អ្នក​ចេញចូល​ក្នុង​ទីក្រុង​ជាប្រចាំ​ មាន​រហូតដល់​ជាង២លាន​នាក់​ជាប្រចាំ​។

លោក​បន្ត​ថា​ ចំណែក​ចំនួន​យានយន្ត​ ដែល​កំពុង​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​វិញ​មាន​រហូតដល់​ជាង២លាន​គ្រឿង​ ដោយ​ចំនួន​រថយន្ត​មាន​រហូតដល់​ជាង៥០ម៉ឺន​គ្រឿង​ ហើយ​ចំនួន​ទោចក្រយាន​យន្ត​មាន​រហូតដល់​ទៅ​ប្រមាណ១​,៧លាន​គ្រឿង​ ដែល​ចំនួន​ដ៏​ច្រើនលើស​លប់​។ លោក​បន្ត​ថា​ “ទាំងអស់​នេះ​ហើយ​ជា​មូលហេតុ​បង្ក​ឱ្យ​មានការ​កកស្ទះ​ជាប្រចាំ​ រួប​ផ្សំ​ជាមួយនឹង​កក្តារ​ចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ និង​ការ​បើកបរ​មិន​គោរពច្បាប់​ផង​ដែរ​”។

លោក​ម៉េ​ត មាស​ភ័ក្តី​បាន​បញ្ជាក់​ថា​ ជា​ដំណោះស្រាយ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ក្រោម​រូបភាព​ជាច្រើន​ ដូចជា​ គម្រោងការ​ពង្រីក​ក្រុង​ឱ្យ​មាន​វិសាលភាព​ធំ​ទូលាយ​ជាង​មុន​ ការពង្រីក​ផ្លូវថ្នល់​ ការ​បង្កើត​មធ្យា​បាយ​ដឹកជញ្ជូន​សាធារណៈ​ (ទាំង​ផ្លូវគោក​ និង​ផ្លូវទឹក​) ការ​ហាមឃាត់​នូវ​ប្រភេទ​រថយន្ត​ធំ​មុន​ឱ្យ​ចូល​ក្រុង​ ក៏ដូចជា​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ចិញ្ជើម​ផ្លូវថ្នល់​ផង​ដែរ​។ យ៉ាងណាក៏ដោយ​ ទាំងអស់​នេះ​ គឺ​គ្រាន់តែ​ជា​ការបង្កើត​នូវ​មធ្យោបាយ​ ក្នុង​ការកាត់បន្ថយ​ការ​កកស្ទះ​តែ​ប៉ុន្តែ​ អ្វី​ដែល​សំខាន់​ គឺ​សុំ​ទទូច​ឱ្យ​មានការ​ចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ​ទូទៅ​ ជាពិសេស​អ្នក​ដែល​ធ្វើដំណើរ​ប្រើប្រាស់​ផ្លូវថ្នល់​រួម​ គួរ​មានការ​យោគយល់​ និង​បើកបរ​ដោយ​គោរពច្បាប់​ទាំងអស់គ្នា​ ទើប​អាច​កាត់បន្ថយ​បញ្ហា​ទាំងនេះ​បាន​៕

សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-អាមេរិក​បង្ក​ឱ្យ​មាន​វិបត្តិ​លំនៅ​ដ្ឋាន​ក្នុង​ប្រទេស​អាមេរិក​

0
អគារ One World Tradecenter របស់អាមេរិក

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាយក្ស​សេដ្ឋកិច្ច​ចិន​-អាមេរិក​នៅតែ​បន្ត​កើតមានឡើង​បង្កឱ្យមាន​វិបត្តិ​ ក្នុង​ការស្វែងរក​ការទិញ​លំនៅ​ដ្ឋាន​ពី​អ្នក​ដែល​មាន​សក្តា​នុ​ពល​នៅក្នុង​ប្រទេស​ហរ​ដ្ឋ​អាមេរិក​។

យោង​តាម​របាយការណ៍​របស់​សមាគម​ធនាគារ​អ្នកឱ្យប្រាក់កម្ចី​ (MBA​) បាន​ចេញផ្សាយ​របាយការណ៍​ទីផ្សារ​របស់ខ្លួន​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​ដាក់ពាក្យ​កម្ចី​ទិញ​លំនៅ​ដ្ឋាន​បាន​ធ្លាក់ចុះ​ប្រមាណ ០.៦​ ភាគរយ​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍​។ ក្រៅពី​នេះ​ សន្ទស្សន៍​នៃ​ការទិញ​លំនៅ​ដ្ឋាន​នៅក្នុង​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​ប្រមា​ន ១ភាគរយ​កាលពី​សប្តាហ៍​មុ​នេះ​។

លោក ​Joel​ Kan​ អនុប្រធាន​រង​នៃ​អង្គការ​សេដ្ឋកិច្ច​ និង​ឧស្សាហកម្ម​នៃ​សមាគម​ MBA​ បាន​ឲ្យដឹង​ថា​ នៅពេល​ដែល​យើង​​តាមដាន​ឲ្យបាន​ដិតដល់​ បើ​បញ្ហា​ទាំងនេះ​នៅតែ​បង្ក​រឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​-អាមេរិក​នឹង​នាំឲ្យមាន​ការ​ធ្លាក់ចុះ​ នៃ​សេដ្ឋកិច្ច​ និង​ជា​ក្តី​បារម្ភ​ខ្លាំង​ ហើយ​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​ និង​ការបោះបង់​ចោល​ចំពោះ​ការស្វែងរក​ទិញ​លំនៅ​ដ្ឋាន​រហូត​មិន​ប្រាកដ​ថា​ ពេលណា​នឹង​ដោះស្រាយ​ចេញ​។

លោក​បន្ត​ថា​ “បើ​ទោះបីជា​អត្រា​បញ្ចុះ​អត្រា​ការប្រាក់​ធ្លាក់ចុះ​ជា​លើក​ទី៥​ ក្នុងរយៈពេល៦សប្តាហ៍​ក៏ដោយ​ ប៉ុន្តែ​តិច​ជាង​១ភាគរយ​”។

ទិន្នន័យ​របស់​សមាគម​ MBA​ ក៏បាន​បង្ហាញ​ផង​ដែរ​ថា​សន្ទស្សន៍​ការ​ធ្វើ​សមតុល្យ​ឡើងវិញ​លើស​កម្ម​ភាព​ប្រាក់កម្ចី​ទិញ​ផ្ទះ​បាន​ធ្លាក់ចុះ​ ភាគរយ​ពី​សប្តាហ៍​មុន​។

កាលពី​ពេល​ថ្មី​ៗនេះ​ រដ្ឋបាល​លោក​ដូ​ណាល់​ ត្រាំ​បាន​ដាក់​ការ​ដំ​ឡើង​ពន្ឋ​លើ​ទំនិញ​ចិន​ក្នុងទឹក​ប្រាក់ ២០០ពាន់​លាន​ដុល្លារ​អាមេរិក​ ហើយ​ជា​ការសងសឹក​ចិន​បាន​ប្រកាស​ដំ​ឡើង​ពន្ធលើ​ទំនិញ​អាមេរិក​វិញ​ ក្នុងទឹក​ប្រាក់ ៦០ពាន់​លាន​ដុល្លារ​៕

តំបន់​ផ្លូវជាតិ​លេខ១​ នឹង​ក្លាយ​ជា​បណ្តុំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ការ​កំសាន្ត​

0

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ តំបន់​ផ្លូវជាតិ​លេខ១បាន​និង​កំពុង​ក្លាយ​ជា​បណ្តុំ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំនៅ​ដ្ឋាន​ និង​មជ្ឈមណ្ឌល​កំសាន្ត​លំដាប់​អន្តរជាតិ​នា​ពេល​អនាគត​ខាងមុខនេះ​ ខណៈ​គំរោង​មួយចំនួន​បាន​បញ្ចប់​ និង​មួយចំនួន​ទៀត​បាន​និង​កំពុង​សាងសង់​។

ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ លឿន​ជាង​ការ​រំពឹង​របស់​អ្នកជំនាញ​ ដែល​ធ្លាប់​បាន​ធ្វើការ​ព្យាករណ៍​ថា​ សម្រាប់​​តំបន់​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ នឹង​មានការ​អភិវឌ្ឍ​លើ​ហេ​ដ្ឋា​រចនា​ម្ព័ន្ធ​យ៉ាង​ប្រសើរ​ ដែល​យ៉ាង​ហោចណាស់​នៅ​ត្រឹម​រយៈពេល៥ឆ្នាំ​ទៀត​នឹង​ក្លាយ​ទៅ​ជា​បណ្តុំ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​កម្រិតខ្ពស់​ ជាពិសេស​ នឹង​កើតមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ ដែល​ជា​អ្នក​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​នៅ​តំបន់​នោះ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​ថា​ ការ​រីកចម្រើន​លឿង​ទាំងនេះ​ គឺ​អាស្រ័យ​ទៅលើ​ស្ថានភាព​ជាក់ស្ដែង​នៃ​សេដ្ឋកិច្ច​ ដែល​ដើរលឿន​ជាង​ការ​រំពឹង​ទុក​ ជាក់ស្ដែង​ដូចជា​គម្រោង​ប្លង់​មេ​ដែល​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ២០៣០នោះ​ ត្រូវ​បាន​យក​មក​អនុវត្ត​នៅ​ត្រឹម​ឆ្នាំ២០១៩នេះ​។ នៅពេល​វិស័យ​សេដ្ឋកិច្ច​មាន​ភាព​រីកចម្រើន​ លំហូរ​កំណើន​មនុស្ស​កាន់តែ​ច្រើន​ ចូល​មក​រស់នៅ​ក្នុង​ក្រុង​កាន់តែ​ច្រើន​ នោះ​វា​នឹង​ជំរុញ​សាយភាយ​ទៅកាន់​តំបន់​ជាយក្រុង​ដោយ​ស្វ័យប្រវត្តិ​ ដែល​ទាំងអស់​នេះ​ហើយ​ជា​កក្តា​ធ្វើ​ឱ្យ​វិស័យ​លំនៅ​ដ្ឋាន​មាន​តម្រូវ​ខ្ពស់​ ជាក់ស្ដែង​ដូចជា​តំបន់​ផ្លូវជាតិ​លេខ១នេះ​តែម្ដង​។

លោក​ឧកញ៉ា​បន្ត​ថា​ “វា​នៅ​មាន​មានក​ត្តា​សំ​ខាន់​ៗជាច្រើន​ទៀត​ ដែល​ធ្វើ​ឱ្យ​តំបន់​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ដែល​រាប់​ចាប់ពី​តំបន់​ច្បារអំពៅ​ រហូតដល់​ស្រុកលើ​កដែក​ នៃ​ទឹកដី​ខេត្តកណ្តាល​ មានការ​ផ្លាស់ប្ដូរ​រីកចម្រើន​ខ្លាំង​ ​និង​អភិវឌ្ឍ​លឿន​ មាន​មនុស្ស​ចូល​ទៅ​រស់នៅ​ច្រើន​”។ លោក​បន្ត​ថា​ “នៅ​តាម​តំបន់​ផ្លូវជាតិ​លេខ១​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ជា​បណ្តាញ​ផ្លូវ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​នោះ​ គឺ​នៅ​មាន​កក្តា​ភូមិសាស្ត្រ​ដ៏​ល្អ​មាន​ប្រភព​ទឹ​កហ៊ុ​ព័ទ្ធ​ជុំ​ ដែល​អំណោយផល​ដល់​ការរស់នៅ​ ជាជាង​ឧស្សាហកម្ម​ ក៏ដូចជា​វិស័យ​រោងចក្រ​”។

នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ផ្សារ​ទំនើប​បែប​សហគមន៍ ​The​ Park​ បាន​បើក​ដំណើរការ​កាលពី​ចុងឆ្នាំ​មុន​ ខណៈ​គំរោង​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នៃ​បុរី​ប៉េង​ ហួត​កំពុង​សាងសង់​ ហើយ​មជ្ឈមណ្ឌល​កំសាន្ត​ EURO​ Park​ ក្នុង​បុរី​ប៉េង​ ហួត​បាន​និង​កំពុង​សាងសង់​ គម្រោង​មជ្ឈមណ្ឌល​កំ​សាន្ត​ព្រីនស៍​ ស្ថិត​ក្នុង​ស្រុក​កៀនស្វាយ​ និង​គំរោង​មជ្ឈមណ្ឌល​កំសាន្ត​វឌ្ឍន​ក៏​ត្រៀម​នឹង​បើក​ដំណើរការ​នៅ​តំបន់​នេះ​ផង​ដែរ​។

ការ​រីកចម្រើន​ដ៏​លឿន​នេះ​ ក៏បាន​ជួប​បញ្ហា​ប្រឈម​ផង​ដែរ​ផ្នែក​ចរាចរណ៍​ ដោយសារ​ប្រជាជន​ចូល​ទៅ​រស់នៅ​តាម​តំបន់​នេះ​កាន់់​តែ​ច្រើន​។

ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ ឈឹម​ ផល្លា​ បាន​មានប្រសាសន៍​ យើង​ទទួលស្គាល់​ថា​ នៅពេល​បច្ចុប្បន្ន​នេះ​ កំណើនប្រជាជន​នៅក្នុង​តំបន់​ខាងលើ​នេះ​មាន​ចំនួន​ច្រើន​ពិតមែន​ ជាពិសេស​ នៅ​ត្រឹម​រយៈពេល​ប្រមាណ៣ឆ្នាំ​ចុងក្រោយ​នេះ​ ជាមួយ​ភាព​រីកចម្រើន​ផ្នែក​លំនៅ​ដ្ឋាន​ផង​ដែរ​។

​លោក​បាន​បន្ត​ថា​ “នៅពេល​មាន​កំណើន​ប្រជាសាស្ត្រ​ ការ​ចរាចរណ៍​នៅ​តាម​បណ្តា​ផ្លូវ​នានា​នឹង​កាន់តែ​មាន​ភាព​មមាញឹក​ច្រើន​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​កើតមាន​ការ​កកស្ទះ​”។ លោក​បន្ត​ថា​ “ដូច្នេះ​ដើម្បី​ជួយ​សម្រួល​និង​បញ្ចៀស​បញ្ហា​កកស្ទះ​ កាលពី​ពេល​កន្លងទៅ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ក៏បាន​ពិភាក្សា​ជាមួយ​រដ្ឋបាល​ក្រុងភ្នំពេញ​ ដោយ​រួមមាន​វិស័យ​ឯកជន​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ថា​ តើ​គួរ​សិក្សា​ទៅលើ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវវាង​ ឬស្ថាបនា​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​ណា​ តំបន់​ណាមួយ​អាច​ផ្តល់​ភាព​ងា​យស​ស្រួល​ និង​ជម្រើស​អាទិភាព​”៕

អាល្លឺម៉ង់​ផ្តល់​ហិរញ្ញប្បទាន​ ៤៨​,៦លាន​អឺ​រ៉ូ​ដល់​កម្ពុជា​ដើម្បី​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ ​ប្រទេស​អាល្លឺម៉ង់​បាន​ប្តេជ្ញា​ចិត្ត​បន្ត​ចូលរួម​លុបបំបាត់​ភាព​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​ផ្តល់​ហិរញ្ញប្បទាន​ចំនួន ៤៨​,៦លាន​ដុល្លារ​អាមេរិក​ សំរាប់​រយៈពេល​ពីរ​ឆ្នាំ​ចាប់ពី​ឆ្នាំ២០១៩២០២០ខាងមុខ​។

យោង​តាម​សេចក្តី​ប្រកា​សព័​ត៏​មាន​របស់​ស្ថានទូត​សាធារណរដ្ឋ​សហ​ព័ន្ធ​អល្លឺ​ម៉ង់​ប្រចាំ​ទីក្រុង​ភ្នំពេញ​ដែល​បាន​ចេញផ្សាយ​នា​ថ្ងៃទី ១៧ ឧសភា​នេះ​ឲ្យ​ដឹង​ថា​លទ្ឋ​ផល​នៃ​ជំនួប​ចចារ​រវាង​លោ​កឈៀ​ងយ៉ា​ណា​រ៉ា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា​និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​និង​ជា​ប្រធាន​គណៈប្រតិភូ​កម្ពុជា​និង​លោក ​NorbertBarthle​ សមាជិកសភា​សហព័ន្ធ​អាល្លឺម៉ង់​និង​ជារ​ដ្ឋ​លេខាធិការ​នៃ​ក្រសួង​កិច្ច​សហប្រតិបត្តិ​ការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អាល្លឺម៉ង់​បាន​ចុះហត្ថលេខា​រួមគ្នា​លើ​របាយការណ៍​នៃ​កិច្ចចរចា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​។

កិច្ចចរចា​នេះ​ផ្តោត​សំខាន់​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​របស់​អាល្លឺម៉ង់​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ២០១៩​-២០២០លើ​វិស័យ​អាទិភាព​ចំនួន៣រួមមាន​៖១)-វិស័យ​អភិបាលកិច្ច​,២)-វិស័យ​សន្តិសុខ​សង្គម​និង៣​)-វិស័យ​អភិវឌ្ឍន៍​ជនបទ​។

លោក ​NorbertBarthle ​សមាជិកសភា​សហព័ន្ធ​អាល្លឺម៉ង់​និង​ជារ​ដ្ឋ​លេខាធិការ​បាន​មានប្រសាសន៍​ថា​“មិត្តភាព​កម្ពុជា​និង​អាល្លឺម៉ង់​នៅតែ​ឈរ​រឹងមាំ​។ការ​លុបបំបាត់​ភាព​ក្រីក្រ​និង​ការ​កើនឡើង​នៃ​វិបុលសុខ​សម្រាប់​ទាំងអស់គ្នា​ជាគោល​ដៅ​រួម​របស់​ពួក​យើង​”។

លោក​បន្ត​ថា​“ប្រសិនបើ​លំហ​នយោបាយ​និង​សង្គម​ពិតជា​ត្រូវ​បាន​បើកចំហ​កម្ពុជា​នឹងអាច​គេច​ផុត​ពី​ការបាត់បង់​នូវ​ក្របខ័ណ្ឌ​គាំពារ​ពិសេស​ផ្នែក​ពាណិជ្ជកម្ម ​(EBAPreference​)។ លោក​បន្ត​ថា​“ច្បាប់​ជាតិ​និង​ការអនុវត្ត​ជាក់ស្តែង​ត្រូវតែ​ស្របតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ​ដូចជា​សេរីភាព​នៃ​ការ​បញ្ចេញមតិ​និង​សេរីភាព​ខាង​ការ​ជួបជុំ​និង​ប្រមូល​ផ្តុំ​។ខ្ញុំ​ជឿជាក់​ថា​វា​មិន​ពិបាក​នឹង​សម្រេច​ទេ​”៕

ទោះជា​កំពុង​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ ក៏​ការ​វិនិយោគ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ចិន​កើន​ខ្ពស់​

0
ប្លង់គំរូបនៃគំរោង​សាងសង់​ដ៏ធំមួយនៅចិន

ដោយ​ វុត្ថា​

ប្រទេស​ចិ​នៈ​ ទោះជា​កំពុង​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ក្តី​ តែ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​ ក្នុងរយៈពេល៤ខែ​ នៃ​ឆ្នាំ២០១៩នេះ​ បាន​កើនឡើង១១.៩ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​កន្លងទៅ​។

យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ជាតិ​ស្ថិតិ ​(NBS​) បាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​ពុធ​កន្លងមក​នេះ​ បាន​ឲ្យដឹង​ថា​ ការ​កើនឡើង​នៃ​ការ​វិនិយោគ​លឿន​បំផុត​នោះ​គឺ​ក្នុង​អំឡុង​ខែមករា​ ដល់​ខែមីនា​ប្រមាណ១១.៨​ ភាគរយ​ ។ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​សរុប​ក្នុងរយៈពេល ៤ខែ​ដំបូង​ឆ្នាំនេះ​ មាន​ចំនួន៣​,ពាន់​ពាន់​លាន​យន់​ ស្មើរ​នឹង​ ៤៩៨ពាន់​លាន​ដុល្លារ​ ដែល​មាន៧២​,៨ ភាគរយ​ប្រើប្រាស់​ទៅលើ​អគារ​ស្នាក់នៅ​។

យោង​តាម​ NBS​ បាន​បញ្ជាក់​ទៀត​ថា​ នៅក្នុង​អំឡុង​ខែមករា​ – មេសា​ កន្លងមក​នេះ​ ការ​វិនិយោគ​លើ​អគារ​ស្នាក់នៅ​បាន​កើនឡើង១៦​,៨% ក្នុង​សន្ទស្សន៍​ប្រចាំឆ្នាំ​ពោល​គឺ​កើនឡើង​ដល់២​,៤៩ពាន់​ពាន់​លា​នយ័ន​។ ក្នុងអំឡុងពេល​ដូចគ្នា​នេះ​ដែរ​ អ្នក​អភិវឌ្ឍន៍​អចល​ទ្រព្យរបស់​ប្រទេស​ចិន​ បាន​សាងសង់​អាគារ​លើ​ទំហំដី​ប្រមាណ៧​,២៣ពាន់​ពាន់​លាន​ម៉ែត្រការ៉េ​ ដែល​បាន​កើនឡើង​ប្រមាណ៨​,៨ ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។

ការ​លក់​លំនៅ​ដ្ឋាន​ពាណិជ្ជកម្ម​ ដែល​បាន​វាស់វែង​ដោយ​ផ្ទៃក្រឡា​មាន​ចំនួន៤២០​ លាន​ម៉ែត្រការ៉េ​ក្នុងរយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំនេះ​ គឺ​ធ្លាក់ចុះ០​,៣ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ដោយ​ការ​លក់​មានតម្លៃ​លើស​ពី៣​,៩ ពាន់​ពាន់​លា​នយ័​នពោល​គឺ​កើនឡើង​ ៨,១ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​៕