Real Estate Club ផ្តល់វគ្គបណ្តុះទាក់ទងនឹងវិស័យអចលនទ្រព្

0

ដោយដែន ចែងចាំង

ភ្នំពេញ: ក្រុមហ៊ុនKhmerhome បាននិងកំពុងត្រៀមបើកវគ្គបណ្តុះបណ្តាលជាថ្មីលើវិស័យអចលនទ្រព្យ តាមរយៈការជួបជុំបង្កើនភាពជាដៃគូអាជីវកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្សព្វផ្សាយពីគំរោងអភិវឌ្ឍន៍របស់ខ្លួន។

ស្ថាបនិកក្រុមហ៊ុន Khmerhome លោកអ៊ិន មាន បានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមនាថ្ងៃទី២៩ តុលានេះថា កម្មវិធីReal Estate Clubនេះជាការជួបជុំរវាងអ្នកអភិវឌ្ឍន៍ ភ្នាក់ងារអចលនទ្រព្យមានឳកាសជួបជុំ និងផ្លាស់ប្តូរព៌តមានគ្នាទៅវិញ ទៅមក និងទទួលបានការចែករំលែកចំណេះដឹង និងទីផ្សារថ្មីពីអ្នកជំនាញក្នុងវិស័យនេះ។

លោកបន្តថា ដោយឡែក Khmerhome នឹងផ្តល់ចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យា ដែលត្រូវប្រើប្រាស់ ដើម្បីផ្សព្វផ្សាយគំរោងរបស់ខ្លួនដល់ដៃអតិថិជន និងមានប្រសិទ្ឋភាពខ្ពស់។

លោកបន្តថា “កម្មវិធីបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១វិច្ឆិកាខាងមុខនេះ ហើយអ្នកចូលរួមនឹងទទួលបានទឹកប្រាក់២០ដុល្លារ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន”។លោកបន្តថា “កម្មវិធីនេះបានធ្វើជាយូរមកហើយ និងទទួលបានការគាំទ្រខ្ពស់ ប៉ុន្តែកន្លងមកយើងបានផ្អាកមួយរយៈ ដោយសារការបោះឆ្នោតជាតិកាលពីថ្ងៃទី២៩ កក្កដាកន្លងមក”។

បច្ចុប្បន្នសមាគម និងស្ថាប័នជាច្រើនបានចាប់ផ្តើមបណ្តុះបណ្តាលជំនាញទាក់ទងការទិញលក់ និងការផ្តល់សេវាកម្មអចលនទ្រព្យ ដោយសារវិស័យនេះមានការរីកចម្រើនខ្លាំង និងកំពុងមានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋកម្ពុជា៕

គម្រោងខុនដូថ្មីចំនួន៦បានប្រកាសសាងសង់នៅត្រីមាសទី៣ឆ្នាំនេះ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ: គំរោងខុនដូថ្មីចំនួន៦ ដែលមានផ្ទះសរុបចំនួន២៣៧៤យូនីតបានប្រកាសសាងសង់នៅក្នុងត្រីមាសទី៣ឆ្នាំនេះ កើនឡើងជាង៥ភាគរយ ធៀបនឹងត្រីមាសទី២ក្នុងឆ្នាំដដែលនេះ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញផងដែរថា ខុនដូ២១៨យូនីត ត្រូវបានដាក់ចូលក្នុងទីផ្សារនៅត្រីមាសទី ៣ ឆ្នាំ ២០១៨ ដែលធ្វើឲ្យចំនួនបន្ទប់ខុនដូក្នុងរាជធានីភ្នំពេញ កើនឡើងដល់១២,០៤៨ យូនីត។ ក្នុងត្រីមាសទី៣ កន្លងមកមានគម្រោងអភិវឌ្ឍន៍ខុនដូចំនួន២ បានបញ្ចប់ការសាងសង់ដែលរួមមាន គម្រោង Skylar Meridian ក្នុងខណ្ឌចំការមន និងគម្រោង Apenines ក្នុងខណ្ឌទួលគោក។

របាយការណ៍ដដែលបានបង្ហាញថា ៨០ ភាគរយនៃខុនដូប្រណីត ដែលទើបបញ្ចប់ការសាងសង់ស្ថិតក្នុងខណ្ឌចំការមន។ កាលពីត្រីមាសទី ៣ មានគម្រោងអភិវឌ្ឍន៍ខុនដូចំនួន ៦ ដែលស្មើនឹងបន្ទប់សរុប ២ ៣៧៤ យូនីត បានប្រកាសពីការចាប់ផ្តើមសាងសង់ ដែលចំនួននេះបានកើនឡើង៥,២ ភាគរយ បើធៀបនឹងត្រីមាសទី២។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia និយាយឲ្យដឹងថា ទីផ្សារខុនដូនៅឆ្នាំនេះនៅតែមានភាពល្អប្រសើរ ទាក់ទងនឹងការផ្គត់ផ្គង់និងតម្រូវការ ព្រោះរហូតមកទល់ពេលនេះ មិនទាន់មានខុនដូច្រើនបានបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារនៅឡើយទេ។ អ្នកនាងបន្តថា អតិថិជនទិញខុនដូបច្ចុប្បន្នបានផ្លាស់ប្តូររបៀបនៃការវិនិយោគរបស់ខ្លួន ដោយពួកគេងាកមកទិញខុនដូ ដែលបានបញ្ចប់ឬជិតបញ្ចប់ការសាងសង់ ជាជាងទិញខុនដូ ដែលទើបប្រកាសសាងសង់។

អ្នកនាងបន្តថា “រហូតមកទល់ពេលនេះ មិនមានសញ្ញាណាមួយគួរឲ្យបារម្ភពីទីផ្សារខុនដូនៅកម្ពុជានៅឡើយទេ”។

ការសិក្សារបស់CBREបានរកឃើញផងដែរថា អតិថិជនដែលទិញខុនដូនៅ កម្ពុជា ភាគច្រើនមកពី សិង្ហបុរី ម៉ាឡេស៊ី ចិន និងហុងកុង។

សម្រាប់ត្រីមាសទី ៣ ខុនដូប្រណីត (High-end) មានតម្លៃជួលជាមធ្យម ១៤,៣ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងប្រភេទមធ្យម (Mid-range) មានតម្លៃ ១១,៦ ដុល្លារ តម្លៃនេះមានការកើនឡើងរៀងគ្នា ០,៣ ភាគរយ និង ៥ ភាគរយ បើធៀបទៅនឹងត្រីមាសទី ២ ឆ្នាំ ២០១៨។
ប្រធានក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisalsលោកឧកញ៉ានួន រិទ្ឋីបានមានប្រសាសន៍ឲ្យដឹងថា ប្រសិនជាគិតពីដើមឆ្នាំមកទល់ពេលនេះ ការផ្គត់ផ្គង់ខុនដូថ្មីៗ ក្នុងរាជធានីភ្នំពេញមិនមានចំនួនកើនឡើងច្រើនដូចកាលពីអំឡុង ៣-៤ ឆ្នាំមុននោះទេ។ យ៉ាងណាការផ្គត់ផ្គង់ និងតម្រូវការនាពេលនេះអាចនិយាយថា មានភាពប្រដំប្រសងគ្នា»៕

គម្រោងទី5របស់បុរីទេសចរណ៍ ខេត្តសៀមរាប ចាប់បើកលក់ហើយនៅ ថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2018

0

ដោយ អ៊ុង ឡាឃង
ភ្នំពេញ : បុរីទេសចរណ៍ ខេត្តសៀមរាប អភិវឌ្ឍន៍ដោយសម្ព័ន្ធសហគ្រាសកាណាឌីយ៉ា ដែលទទួលហិរញ្ញប្បទានផ្ទាល់ពី​ ធនាគារកាណាឌីយ៉ា ក.អ អភិវឌ្ឍន៍លើផ្ទៃដីប្រមាណ 66 ហិចតា ស្ថិតក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំង និងជាប់ផ្សារ Makro ខេត្តសៀមរាប។
ក្រោយសន្ទុះនៃការលក់ទទួលបានជោគជ័យ លើសពីការរំពឹងទុកសម្រាប់គម្រោងផ្ទះល្វែងវគ្គ1 និងវគ្គ2 និងផ្ទះវីឡាទោល វីឡាភ្លោះវគ្គទី3 និងវគ្គទី4 រួចមក ក្រុមហ៊ុនបានត្រៀមខ្លួនក្នុងការបើកលក់ផ្ទះល្វែងវគ្គទី5 ដែលមានចំនួនសរុប 133 ល្វែងក្នុងថ្ងៃទី01 ខែវិច្ឆិកា ឆ្នាំ2018 នេះ។


ផ្ទះល្វែងវគ្គទី5 នេះនឹងមាន 5ជម្រើសប្រភេទផ្ទះ ដែលមានតម្លៃចាប់ពី 6ម៉ឺនដុល្លារអាមេរិកឡើងទៅ។ ទន្ទឹមនឹងការបើកលក់ផ្ទះល្វែងវគ្គទី5 នឹងដើម្បីអបអរពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកខាងមុខនេះ ក្រុមហ៊ុននឹងផ្ដល់ជូនម៉ាស៊ីនត្រជាក់ចំនួន1 គ្រឿងនូវរាល់ការកក់សម្រាប់ផ្ទះល្វែងណាមួយក៏ដោយ ការបង់ប្រាក់រយះពេល1 ឆ្នាំពេញដោយគ្មានការប្រាក់ កម្ចីដោយគ្មានទ្រព្យបញ្ចាំរយះពេលវែងរហូតដល់ 25 ឆ្នាំ ក្រោមទំហំនៃកម្ចីឥណទានរហូតដល់ 90% នៃតម្លៃផ្ទះ រួមនឹងការបញ្ចុះតម្លៃរហូតដល់ 5% សម្រាប់អតិថិជនដែលធ្វើការកក់ក្នុងរយះពេល 1សប្តាហ៍តំបូងនៃការបើកលក់។


សម្រាប់ព័ត៏មានលម្អិតសូមអញ្ជើញមកការិយាល័យផ្នែកលក់បុរី ទេសចរណ៍ដែ​លស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ជិតកន្លែងញ៉ាំការ អាប៉ូឡូ ផ្លាហ្សា)។ ឬធ្វើការទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ​077 266 209 និងតាមទំព័រ Facebook ផ្លូវការ : Tourism City បុរីទេសចរណ៍៕

ដំណឹងល្អ : ផលទុនជាតិសរុបរបស់កម្ពុជានឹងកើនដល់២៧ពាន់លានដុល្លារខណៈសេដ្ឋកិច្ចកម្ពុជានៅតែមានភាពវិជ្ជមាន

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ផលទុនជាតិសរុបរបស់កម្ពុជា នឹងកើនដល់ក្នុងរង្វង់២៧,២២២លានដុល្លាអាមេរិក និងប្រាក់ចំណូលសំរាប់មនុស្សម្នាក់ នឹងកើនឡើង១,៧០៦ដុល្លាអាមេរិកក្នុង១ឆ្នាំ ខណៈការព្យាករណ៍ពីកំនើនសេដ្ឋកិច្ចនឹងកើនឡើង៧,១ភាគរយនៅឆ្នាំ២០១៩​ខាងមុខ។


យោងតាមឯកសារសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល Propertyarea.asia ទើបទទួលបាននាព្រឹកថ្ងៃទី២៩ តុលានេះបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ វិស័យធំៗចំនួន៣នៅបន្តរក្សាកំណើនល្អ ក្នុងនោះកំណើននៃវិស័យឧស្សាហកម្ម នឹងបន្តរក្សាភាពរឹងមាំ ដែលសម្រេចបានក្នុងអត្រាកំណើនប្រចាំឆ្នាំក្នុងរង្វង់១០ភាគរយ ដែលគាំទ្រដោយភាពរឹងមាំនៃវិស័យសំណង់ ការបន្តកំនើននៃវិស័យកាត់ដេរ ស្របគ្នានឹងសន្ទុះកំណើនខ្ពស់ នៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ គឺទាំងសម្រាប់នាំចេញ និងបម្រើទីផ្សារក្នុងស្រុក។


ជាមួយនេះអនុវិស័យសំណង់ គាំទ្រដោយសន្ទុះកំណើននៃសំណ​ង់ថ្លៃមធ្យម និងសមរម្យ ចំណែកវិស័យកាត់ដេរនឹងបន្តរក្សាកំណើនដូចឆ្នាំមុន ហើយអនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ក៏រំពឹងថានឹងមានសន្ទុះកំណើនខ្ពស់ផងដែរ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា វិស័យសេវាកម្មកម្ពុជារំពឹងថា នឹងបន្តកំណើនប្រមាណ៧,០ភាគរយ ដែលគាំទ្រដោយកំណើនអនុវិស័យសណ្ឋាគារ និងភោជ​នីយដ្ឋា​ន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនខ្ពស់នៃចំនួនភ្ញៀវទេសចរអន្តរជាតិ ។ ចំណែកការលក់ដុំ-រាយ នឹងរក្សាកំណើនបានល្អ ដែលគាំទ្រដោយកំណើននៃការប្រើប្រាស់ក្នុងស្រុក ដោយសារកំណើនប្រាក់ចំណូលរបស់ប្រជាជន។ ចំណែកវិស័យអចលនទ្រព្យក៏ត្រូវបានរំពឹងឡើងបន្តកំណើនខ្ពស់ ស្របតាមនិន្នាការនៃអនុវិស័យសំណង់ ខណៈដែលអនុវិស័យដឹកជញ្ជូនក៏ត្រូវបានរំពឹងថា នឹងបន្តរក្សាកំណើនបានដូចឆ្នាំ២០១៩ ដូចគ្នា។
រីឯវិស័យកសិកម្មវិញ អាចសម្រេចបានក្នុងកំណើនរង្វង់១,៨ភាគរយ ដែលទ្រទ្រង់ដោយអនុដំណាំនិងជលផល ក្នុងនោះអនុវិស័យដំណាំត្រូវបានរំពឹងថា នឹងមានកំណើនប្រហាក់ប្រហែលឆ្នាំមុន គឺដោយសាអំណោយផលនៃកត្តាអាកាសធាតុ ភាពប្រសើឡើងនៃប្រព័ន្ធធារាសាស្រ្ត និងកំណើនកើនឡើងនៃថ្លៃអង្ករនៅលើទីផ្សារអន្តរជាតិ ព្រមទាំងការ កើនឡើងនៃដំណាំបម្រើឲ្យការនាំចេញដូចជាកៅស៊ូ ចេកជាដើម។ ចំណែកពាក់ព័ន្ធអនុវិស័យនេសាទ នឹងអនុវិស័យចិញ្ចឹមសត្វ ត្រូវបានរំពឹងថា កើនឡើងល្អផងដែរ។


របាយការណ៍ដដែលបានឲ្យដឹងទៀតថា អតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន គឺក្នុងអត្រា៣,១ភាគរយក្នុងឆ្នាំ២០១៩ គឺស្របតាមកំណើនរំពឹងទុកនៃកំណើនយឺត នៃថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងកំណើនយឺតជាងមុន នៃថ្លៃ ម្ហូបអាហារ។ ចំពោះអត្រាប្តូប្រាក់រៀលវិញគឺស្ថិតក្នុងរង្វង់៤០៥០រៀល ក្នុង១ដុល្លារ ក្នុងឆ្នាំ២០១៩។
ចំណែកឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) គឺត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុងរង្វង់អត្រា៧,១ភាគរយ នៃផសស ក្នុងឆ្នាំ២០១៩ ក្នុងនោះចំពោះភាពប្រសើរឡើងនៃគណនីចរន្ត នឹងឆ្លុះបញ្ចាំងតាមរយៈការរំពឹងទុកនៃភាពរួមតូច នៃឱនភាពសមតុល្យពាណិជ្ជកម្ម ការកើនខ្ពស់ពីចំណូលនៃភ្ញៀវទេសចរអន្តរជាតិ និងកំណើនប្រាក់បង្វែរពីបរទេស ។
ចំណែកទុនបម្រុងអន្តរជាតិត្រូវបានរដ្ឋាភិបាលរំពឹងថា នឹងបន្តកាកើនឡើងដល់ប្រមាណ១១,០៥៩លានដុល្លារ ដែលធានាការនាំចេញបាន៦,៥ខែ នៅក្នុងឆ្នាំ២០១៩ ខាងមុខនេះដែរ៕

កម្ពុជានឹងរៀបចំពីធីទទួលអ្នកដំណើរតាមផ្លូវអាកាស១០លាននាក់នៅចុងខែធ្នូខាងមុខ

0

ដោយ គង់ សូរិយា
ភ្នំពេញ : ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា នឹងរៀបចំពិធីទទួលអ្នកដំណើ​រនិងអបអរសាទរ ចំពោះការមកដល់អ្នកដំណើរទី១០លាននាក់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាខែធ្នូងខាងមុខនេះ។


លោក ពេជ្រ សុប៉ុនតារា ប្រធានផ្នែកបង្កើនការហោះហើរ នៃអាកាសយានដ្ឋានដែលគ្រប់គ្រងព្រលានយន្តហោះទាំងបីនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា នឹងរៀបចំពិធីទទួលអ្នកដំនើរ១០លាននាក់នៅក្នុងសប្តាហ៍ទី៣នាខែធ្នូខាងមុខនេះ ព្រោះនៅឆ្នាំនេះព្រលានយន្តហោះភ្នំពេញ និងខេត្តសៀមរាបនឹងទទួលបានអ្នកដំណើរសរុប១០លាននាក់។
លោកបន្តថា “យើងឃើញមានកំណើនអ្នកដំណើរ ឆ្លងកាត់ព្រលានយន្តហោះមាន​ការកើនឡើងល្អប្រសើរ និងលើសផែនការដែលយើងរំពឹងទុក”។ លោកបន្តថា “ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប និងរាជធានីភ្នំពេញមានអាកាសចរណ៍ជាង៣០កំពុងប្រតិបត្តិការហោះឡើងចុះជាប្រចាំ”។


ដោយឡែកព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ នឹងរំពឹងទទួល​បានភ្ញៀវទេសចរណ៍ និងអ្នកដំណើរឆ្លងកាត់ប្រមាណ៧០ម៉ឺននាក់នៅឆ្នាំនេះ។
លោក ពេជ្រ សុប៉ុនតារា បានបន្តថា វិស័យអាកាសចរណ៍នៅកម្ពុជាកំពុងមានការរីកចម្រើន ដោយសារការកើនឡើងនូវចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិ និងកំនើននៃ​ការមកដល់នូវអ្នកវិនិយោគកាន់តែច្រើន។


ទាក់ទងនឹងការចចាររវាងអ្នកវិនិយោគ ព្រលានយន្តហោះកម្ពុជាជាមួយរដ្ឋាភិបាល ដើម្បីសាងសង់ព្រលានយន្តហោះថ្មី លោកសុប៉ុនតារាបានមានប្រសាសន៍ថា លោកមិន​បានដឹងពីករណីនេះទេ តែគំរោងព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប ឬប្រកាសធ្វើនៅ​ស្រុកកណ្តាលស្ទឹង គឺមិនមានសកម្មភាពទេ​មកទល់ពេលនេះ៕

តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 កំពុងពុះ​កញ្ជ្រោល​ឡើង​ខ្លាំង

0

បច្ចុប្បន្នេះ សម្រាប់​ដី​ដែល​ស្ថិតនៅតាម​តំបន់​ជាយ​រាជធានី​ភ្នំពេញ កំពុងតែបន្ត​កើនឡើង​នូវ​តម្លៃ​គួរឱ្យកត់សម្គាល់ ជាពិសេស​ដី​ដែល​ស្ថិតនៅក្នុង​ខណ្ឌដង្កោ​តែ​តែម្ដង។ ដោយឡែក​សម្រាប់​ដី​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 ដែល​ចេញពី​រង្វង់​មូល​ចោមចៅ ខណ្ឌមានជ័យ ឆ្ពោះទៅកាន់​ខេត្តតាកែវ និង​កំពត​នោះ​ក៏មាន​កំពុងមាន​សន្ទុះ​ខ្លាំង​គួរឱ្យកត់សម្គាល់​ផងដែរ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Centur21 Mekong បាន​ទទួលស្គាល់ថា បច្ចុប្បន្ននេះ​ចំពោះ​តម្លៃ​ដី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ3កំពុង​តែមាន​ភាព​ពុះកញ្ជ្រោល​ពិតមែន ដែល​ឡើង​ប្រមាណ​ជាង 30-40 ភាគរយ ក៏ប៉ុន្តែ​លោក​ថា​មិនមែន​ឡើងថ្លៃ​គ្រប់​តំបន់​នោះទេ ។ លោក​បាន​បញ្ជាក់ថា ៖ «តម្លៃ​ដី​វា​ឡើង​នៅតាម​តំបន់​មួយចំនួន ដូចជា​តំបន់​ដែលមាន​សកម្មភាព​ពាណិជ្ជ​កម្ម ក៏ដូចជា​តំបន់​ដែលមាន​រោងចក្រ និង​ទីប្រជុំជន​ជាដើម។ ដោយឡែក​ចំពោះ​ដី​ដែល​ស្ថិតនៅ​តំបន់​មិនទាន់មាន​សកម្មភាព​អភិវឌ្ឍ គឺ​ហា​ក់នៅ​ទ្រឹង​នៅឡើយ។

កត្តា​ដែល​ជម្រុញ​ឱ្យ​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3ឡើងថ្លៃ ក៏​ព្រោះតែ ទី1រដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍ​ពង្រីក​ផ្លូវជាតិ​រហូតដល់4គន្លង និង​មាន​សួនច្បារ​នៅ​ចំ​កណ្តាល​ដូច​ផ្លូវជាតិ​លេខ 6A ។ ទី2 ដោយសារ​កត្តា​ប្រជាសាស្ត្រ​មានការ​កើនឡើង ដែល​តម្រូវឱ្យមាន​កំណើន​សំណង់​លំនៅដ្ឋាន ។ ជាក់ស្ដែង​ដូចជា​ពេលបច្ចុប្បន្ន​នេះ​ស្រាប់ បណ្តា​អ្នកវិនិយោគ​មួយចំនួន​បាន និង​កំពុងធ្វើការ​វិនិយោគ​ទៅលើ​តំបន់​នេះ​យ៉ាងគំហុក ដូចជា​ការ​ពុះ​ដី​ឡូ​តិ៍ និង​ការអភិវឌ្ឍ​សំណង់​លំនៅដ្ឋាន​ជាដើម ហើយ​ទី3 គឺ​កត្តា​កំណើនសេដ្ឋកិច្ច​តែម្ដង។

បន្ថែម​ពីនេះ លោក ច្រឹ​ក សុខ​នី​ម ក៏បាន​បង្ហាញ​ពី​ក្ដី​រំពឹងទុក​ផងដែរ​ថា ផ្អែក​តាម​ភាពជាក់ស្ដែង​ដែល​កំពុងមាន​ល្អប្រសើរ​លើ​ការអភិវឌ្ឍ​នាពេល​បច្ចុប្បន្ននេះ សម្រាប់​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 នឹង​បន្ត​កើន​តម្លៃ​កាន់​ខ្ពស់​នៅត្រឹម​រយៈពេល3-5ឆ្នាំ ខាងមុខនេះ ៕

មន្ត្រី​សេដ្ឋកិច្ច៖ ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​រដ្ឋ​មាន​សារៈសំខាន់​ក្នុងការ​អភិវឌ្ឍទីផ្សារ​ហិរញ្ញវត្ថុ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​អះអាងថា ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​រដ្ឋ ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ ដើម្បី​ទ្រទ្រង់​ដល់​កំនើនសេដ្ឋកិច្ច និង​ជា​ឧបករណ៍​វិនិយោគ​ដែលមាន​ហានិភ័យ​ទាប សម្រាប់​វិនិយោគិន។

អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក ​រស់ សីល​វ៉ា​ បានលើកឡើង​ក្នុង “សិក្ខាសាលា​ស្តីពី​ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​រដ្ឋ​នៅ​កម្ពុជា”កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨កន្លងមក​ថា ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​រដ្ឋ​នៅ​កម្ពុជា ត្រូវបាន​គិតគូរ​ដោយ​រដ្ឋាភិបាល​តាំងពី​ដើមឆ្នាំ២០០០ ដោយ​សម្រេចបាន “ច្បាប់​ស្តីពី​មូល​ប​ត្រ​រដ្ឋ” ក្នុង​ឆ្នាំ២០០៧ ប៉ុន្តែ​ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច លក្ខខណ្ឌ​ហិរញ្ញប្បទាន និង​កម្រិត​នៃ​ការអភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​មិនទាន់​អំណោយផល ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​មិនទាន់​សម្រេច​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​នៅឡើយ តែ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ នៅពេល​ស្ថានភាព​សេដ្ឋកិច្ច​មាន​លក្ខណៈ​អំណោយផល រាជរដ្ឋាភិបាល​នឹង​សម្រេច​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ ដើម្បី​កៀរគរ​ហិរញ្ញប្បទាន បំពេញ​ឱនភាព​ថវិការដ្ឋ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ។

លោក​បន្តថា តាមរយៈ​ការបោះ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ ជា​រូបិយវត្ថុ​ក្នុងស្រុក រាជរដ្ឋាភិបាល អាច​កាត់បន្ថយ​ការពឹង​ផ្អែកលើ​កម្ចី​ជា​រូបិយវត្ថុ​បរទេស និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ហានិភ័យ​នៃ​អត្រា​ប្តូរប្រាក់ ដែលជា​ឫសគល់​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ជាច្រើន នៅក្នុង​វិបត្តិ​សាស្ត្រ​ដូចជា វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អាមេរិក​ឡាទីន​កាល​ឆ្នាំ១៩៩៤ និង​នៅ​អាស៊ី ឆ្នាំ១៩៩៧ ជាដើម ក្នុងនោះ​ទីផ្សារ​មូល​ប​ត្រ​រដ្ឋ អាច​ផ្តល់​ភាពបត់បែន និង​ឯករាជ្យភាព​ដល់​ធនាគា​រ​កណ្តាល ក្នុងការ​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ផងដែរ។

លោក​រស់ សីល​វ៉ា​បាន​បន្តថា ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​រដ្ឋ ពិត​ជាមាន​សារៈសំខាន់ ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​ដើម្បី​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច។ មូល​ប​ត្រ​រដ្ឋ មិន​ត្រឹមតែ​ជា​មធ្យោបាយ​សម្រាប់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​កៀរគរ​ហិរញ្ញប្បទាន​ជា​រូបិយវត្ថុ​ក្នុងស្រុក ដើម្បី​បំពេញ​ឱនភាព​ថវិការដ្ឋ​ប៉ុណ្ណោះ​ទេ គឺជា​ឧបករណ៍​វិនិយោគ​ដែលមាន​ហានិភ័យ​ទាប សម្រាប់​វិនិយោគិន​ផងដែរ៕

ពិរ​ពណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ ២០១៨ ចាប់ផ្តើម​នៅថ្ងៃនេះ

0

ដោយ វុត្ថា

ភ្នំពេញ៖ ពិរ​ពណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ២០១៨” ដែល​នាំមក​នូវ​ឱកាស​ការងារ​គ្រប់​ប្រភេទ​ប្រមាណ២ម៉ឺន​មុខតំណែង ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន/សហគ្រាសធំៗ ១៥៦ ក្នុង​បញ្ជរ​សរុប​ចំនួន៣០០ រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​សៅរ៍-អាទិត្យ ទី២៧ និង២៨ ខែតុលា ឆ្នាំ២០១៨ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ​ចាប់ពី​ម៉ោង៨ព្រឹក ដល់៨យប់​បានចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី២៧ តុលា​នេះហើយ។

ព្រឹត្តិការណ៍​នេះ​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោម​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)។

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណកម្មាធិការ​ជាតិ​បណ្តុះបណ្តាល លោក​អ៊ិត សំហេង​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​ពិ​ព៌​ណ​នេះ​ថា ការរៀបចំ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ក្នុង​ឆ្នាំ២០១៨នេះ គឺ​ស្របពេល​ជាមួយនឹង​ការចាប់ផ្តើម​អាណត្តិ​ថ្មី នៃ​រាជរដ្ឋាភិបាល ដែល​កើតចេញពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦ ដោយ​សេរី យុត្តិធម៌ និង​អាច​ជឿទុកចិត្ត​បាន​ដោយមាន​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត៨៣.២ភាគរយ បាន​ទៅ​បោះឆ្នោត កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១។ រដ្ឋាភិបាល​ទើបបាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី៤ ដោយ​បន្ត​ផ្តោត​អាទិភាព​ខ្ពស់​លើ​ការធានា​កំណើនសេដ្ឋកិច្ច​ខ្ពស់ ការបង្កើត​ឱកាស​ការងារ​សម្រាប់​យុវជន ការបែងចែក​ផល​នៃ​កំណើន​ដល់​គ្រប់​ស្រទាប់​ប្រជាជន និង​ការពង្រឹង​ប្រសិទ្ធភាព ក្នុង​គោលដៅ​បម្រើឱ្យ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ នៃ​ការដឹកនាំ​ប្រទេស​កម្ពុជា ឈានទៅ​សម្រេចបាន​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០។

ពិព័រណ៍​នេះ ក៏​នឹង​រៀបចំ​ផងដែរ​នូវ​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ​ស្តីពី ផលិតភាព​ដើម្បី​ចូលរួម​លើកកម្ពស់​ការយល់ដឹង​ពី​ផលិតភាព ការបង្ហាញ​អំពី​វិធីសាស្ត្រ​បំពេញការងារ គំនិត​ច្នៃប្រឌិត​ថ្មី ជំនាញ​និង​ឧបករណ៍​បច្ចេកវិទ្យា​ស្រប តាម​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​ឧស្សាហកម្ម​ទី៤ ដែល​ពឹងផ្អែក​ជា​ចម្បង​លើ​ប្រព័ន្ធ​ឌីជីថល ដោយមាន​ការចូលរួម​ពី​សំណាក់​វាគ្មិន​ជាតិ​អន្តរជាតិល្បី។ លើសពីនេះ អ្នកចូលរួម​ទាំងអស់​នឹង​ទទួលបាន​នូវ​ឱកាស​ដ៏​កម្រ ក្នុងការ​បង្កើត​បណ្តាញ​ទំនាក់ទំនង ជាមួយ​អ្នកជំនាញ​ធនធានមនុស្ស, អ្នកផ្តល់​ការអប់រំ​បណ្តុះបណ្តាល និង​ធុរជនសំខាន់។

លោក​អ៊ិត សំហេង​បាន​បន្តថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពិព័រណ៍​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង និង​ចូលរួម​តាំង​បង្ហាញ​ពី​សំណាក់​ក្រុមហ៊ុន-សហគ្រាស រហូត​បាន​ក្លាយជា​មហា​ព្រឹត្តិការណ៍​ការងារ ដែល​ធំជាងគេ​ប្រចាំឆ្នាំ និង​បាន​ទាក់ទាញ​យុវជន និង​អ្នកស្វែងរក​ការងារ​យ៉ាងច្រើន​កុះករ ចូលរួម​ដាក់ពាក្យ​ស្វែងរក​ការងារ និង​ស្វែងយល់​អំពី​ទីផ្សារការងារ​កម្ពុ​ជានា​ពេលបច្ចុប្បន្ន។

ជាក់ស្តែង​សម្រាប់​ឆ្នាំ២០១៨នេះ ក្រុមហ៊ុន-សហគ្រាសធំៗចំនួន១៥៦នៅក្នុង​វិស័យសំខាន់ៗដូចជា៖ ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ, សំណង់, សណ្ឋាគារ​និង​បដិសណ្ឋារកិច្ច, ទូរគមនាគមន៍, ការអប់រំ​និង​បណ្តុះបណ្តាល​បច្ចេក-ទេស​វិជ្ជាជីវៈ, កម្មន្តសាល និង​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​បាន​ចូលរួម​យ៉ាងសកម្ម។ យុវជន​សិស្ស-និស្សិត និង​អ្នកស្វែងរក​ការងារ​ទាំងអស់ មានឱកាស​ទទួលបាន​ការងារ​ធ្វើភ្លាម, ការប្រឹក្សា​យោបល់​អំពី​អាជីព, វិធីសាស្ត្រ​ជោគជ័យ​ក្នុងការ​ដាក់ពាក្យ​ស្វែងរក​ការងារ, ការត្រៀម​លក្ខណៈ​ចូល​ទីផ្សារការងារ និង​វេទិកា​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ដោយ​វាគ្មិនល្បីៗដែល​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព និង​ទីផ្សារការងារ។

ពិព័រណ៍​ដ៏​ធំ​នេះ ត្រូវបាន​រំពឹងថា​មាន​អ្នកចូលរួម​ទស្សនា ប្រមាណ៣ម៉ឺន​នាក់​ដែល​ភាគច្រើន​ជា​សិស្ស-និស្សិត យុវជន អ្នកស្វែងរក​ការងារ និង​កម្មករនិយោជិត​ពី​គ្រប់​វិស័យ។ដូច្នេះ​ដើម្បី​ទទួលបាន​ឱកាស​ការងារ និង​ការយល់ដឹង​អំពី​ការបង្កើន​ផលិតភាព​សូម​យុវជន សិស្ស-និស្សិត​អ្នកស្វែងរក​ការងារ​ធ្វើ និង​កម្មករនិយោជិត​ទាំងអស់​ចូលរួម​ទស្សនា និង​កុំ​ភ្លេច​យក​ប្រវត្តិរូប​សង្ខេប (CV) មកជា​មួយ ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ការងារ​ដោយផ្ទាល់​ជាមួយ​និយោជក​ដែល​កំពុង​ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម៕

តម្លៃ​ដីធ្លី​នៅក្នុង​ខេត្តកំពត កំពុង​កើនឡើង​យ៉ាង​កំ​ហុក

0

ដោយ វុត្ថា

ភ្នំពេញ៖ តំលៃ​ដីធ្លី​នៅក្នុង​ខេត្តកំពត​កំពុងតែ​កើនឡើង​យ៉ាង​កំ​ហុក ដោយសារ​មាន​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​បាននិងកំពុង​សម្រុក វិនិយោគ​ទៅលើ​វិស័យ​សណ្ឋាគារ ផ្ទះសំណាក់ រ​ម្មណី​យ​ដ្ឋា​ន​ទេសចរណ៍ និង​បឹង​កា​ឡូ​ដិ៍ ជាច្រើន​នៅក្នុង​ខេត្ត​មួយ​នេះ។

លោក ផុន បញ្ញា ប្រធាន​ក្រុមហ៊ុន 5Bright Sibling Construction Co,.td. ដែល​កំពុង​វិនិយោគ​លើ​វិស័យ សំណង់​លំនៅដ្ឋាន​ក្នុង​ខេត្តកំពត បានអោយដឹង​នា​ព្រឹក​ថ្ងៃទី២៧ តុលា​នេះ​ថា តម្លៃ​ដីធ្លី​នៅក្នុង​ខេត្តកំពត​កើនឡើង៥ ទៅ១០ដង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពោលគឺ​កើនឡើង​ពី១០០ដុល្លារ ទៅ៤០០ ឬ៥០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ក្នុង​តំបន់​ទីប្រជុំជន និង​តម្លៃ២០ទៅ២៥ដុល្លារ​ក្នុង​ម៉ែត្រការ៉េ ក្នុង​តំបន់​មាត់​ព្រែក និង​ជាយក្រុង។

លោក​បន្តថា “រមណីយដ្ឋាន​ទាំង​ខ្នាតតូច និង​ខ្នាត​ទាំង​ធំ បាន​កើនឡើង​ប្រហែលជា៥០កន្លែង និង​ការសាងសង់​សណ្ឋាគារ ផ្ទះសំណាក់ និង​កន្លែង​ស្នាក់នៅផ្សេងៗទៀត ក៏​កើនឡើង​ដូចគ្នា ដើម្បី​ឆ្លើយតប​ទៅនឹង​កំនើន​ទេសចរណ៍ និង​ប្រជាជន។ លោក​បញ្ជាក់ទៀតថា “ការកើនឡើង​នេះ ដោយសារតែ​អ្នក​ទេសចរណ៍​ក្នុង ស្រុក​ជាច្រើន​បាន​បង្វែរ​ទិស​មកលេង​កម្សាន្ត​ក្នុង​ខេត្ត មាត់សមុទ្រ​មួយ​នេះ ខណៈ​កំណើន​ទេសចរណ៍​ទៅលេង​កម្សាន្ត នៅក្នុង​ខេត្ត​ព្រះសីហនុ​បាន​ថយចុះ និង​ជួប​វិបត្តិ​មួយចំនួន។

លោក ជាវ តា​យ អភិបាល​ខណៈ​អភិបាល​ខេត្តកំពត​អោយដឹងថា ការអភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍ គឺជា​ការងារ​ចាំបាច់​បំផុត​សម្រាប់​ប្រទេស ក៏ដូចជា ខេត្តកំពត ព្រោះ​ឧស្សាហកម្ម​មួយ​នេះ បាន​ផលប្រយោជន៍​ច្រើន​ដល់ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​បាន​ឆ្លើង​តប​ទៅនឹង​កំណើន សេដ្ឋកិច្ច​តាមរយៈ​ការកៀងគរ ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេ​ចរណ៍​មកលេង​ក្នុង​ខេត្តកំពត កាន់​ច្រើន​សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ។

លោក​បន្តថា ខេត្តកំពត គឺជា​ខេត្ត​មួយ​មាន​សក្តានុពល ក្នុង​វិស័យ​ទេសចរណ៍​ជាច្រើន ទាំង​ទេសចរណ៍ធម្មជាតិ វប្បធម៌​ប្រវត្តិសាស្ត្រ និង​សហគមន៍​ទេសចរណ៍ ដែល​ទាំងនេះ គឺជា​គោលដៅ​ទាក់ទាញ​កំរិត​ខ្ពស់។ ហើយ​តំបន់​គោលដៅ​ទេសចរណ៍​ទាំងអស់នោះ អាជ្ញាធរខេត្ត រួម​នឹង​វិស័យ​ឯកជន ក៏​កំពុង​បាន​ជំរុញ​យកចិត្តទុកដាក់​អភិរក្ស និង​អភិវឌ្ឍ​បន្ថែម សំដៅ​ធ្វើអោយ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​បរទេស​មក​ទស្សនា​កម្សាន្ត នៅក្នុង​ទឹកដី​ខេត្តកំពត មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ ដែលជា​ការរួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាពលរដ្ឋ បាន​កាន់តែ​ល្អប្រសើរ​ពិតប្រាកដ។

យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​បាន​បង្ហាញថា ក្នុង​រយៈពេល១០ខែ​ដើមឆ្នាំ២០១៨នេះ មាន​ភ្ញៀវទេសចរ​សរុប​ចំនួន​ជាង១,៣លាន​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ មាន​ចំនួន​ជិត​មួយ​លាន​ពីរ​សែន​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ជាង​ដប់​បួន​ម៉ឺន​នាក់ ពោលគឺ​មានការ​កើនឡើង​ខ្ពស់​បើ​ធៀប​ឆ្នាំ២០១៧កន្លងទៅ៕

ពិធីបុណ្យ​ទន្លេ​លើក​ទី៥ នៅ​ខេត្តកំពង់ឆ្នាំង នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែមីនា ២០១៩

0

ដោយ វុត្ថា

ភ្នំពេញ៖ ពិធីបុណ្យ​ទន្លេ​លើក​ទី៥ នៅ​ខេត្តកំពង់ឆ្នាំង គ្រោង​នឹង​រៀបចំ​រយៈពេល ០៣ថ្ងៃ ក្នង​កំ​ឡង​ខែមីនា ឆ្នាំ២០១៩ ខាងមុខ ដោយមាន​ព្រឹត្តិការណ៍ និង​សកម្មភាព​កីឡា ទេសចរណ៍វប្បធម៌ ជាច្រើន​ដូចជា ការប្រកួត​កីឡា​លើទឹក លើគោក ពិធី​ដាំ​ដើមឈើ កា​រៀបចំ​សិក្ខាសាលា ការតាំងពិព័រណ៍​ក​សិ​ទេសចរណ៍ និង​ផលិតផល​ខ្មែរ ពិព័រណ៍​សិប្បកម្ម ពាណិជ្ជកម្ម មហោស្រព​ម្ហូបអាហារ និង​ភេសជ្ជៈ ការប្រគុំ​តន្ត្រី ការសម្តែង​សិល្បៈ​វប្បធម៌ និង​សកម្មភាពផ្សេងៗទៀត​ជាច្រើន។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី៥ ឆ្នាំ២០១៩ នៅ​ខេត្តកំពង់ឆ្នាំង ខាងមុខនេះ ដោយមាន​សមាសភាព​ចូលរួម​ពី​គណៈប្រតិភូ​ក្រសួងទេសចរណ៍ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​អភិបាលក្រុង​ស្រុក។

លោក ថោង ខុន បញ្ជាក់ថា ការរៀបចំ​ពិធីបុណ្យ​ទន្លេ​នេះ​នឹង​ជា​ឳ​កាស​ដ៏​ប្រសើរ​បំផុត​ក្នុងការ​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ​ក្នុងការ​អភិវឌ្ឍ​ទឹកដី ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​ខេត្ត ការលើក​កំពស់​ការយល់ដឹង​ជា​សាធារណៈ​ពី​ការថែរក្សា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ វប្បធម៌ ទេសចរណ៍ ការចូលរួម​សំអាត​ទីក្រុង ទីប្រជុំជន និង​ផ្ទះ​ស្នាក់​ប្រកបដោយ​ភាព​ស្អាត ភាព​បៃតង ភាព​ញញឹម​រួសរាយ​រាក់ទាក់ និង​បដិសណ្ឋារកិច្ច​ល្អ ការពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ ពិសេស​ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​លើកកម្ពស់​មុខមាត់ កិត្តិយស កេ​រ្ត៍​ឈ្មោះ និង​កិត្យានុភាព​របស់​ខេត្ត បង្កើត​មុខរបរ ប្រាក់ចំណូល និង​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន៕