ឆ្នាំ២០១៨នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ថៃ អាច​សម្រេចបាន​កំនើន ១៨ភាគរយ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ មន្ត្រី​ពាណិជ្ជកម្ម​ថៃ​ប្រចាំខេត្ត​សៀមរាប​បាន​សម្តែង​សុទិដ្ឋិនិយម​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ថៃ អាច​នឹង​កើនឡើង​ចំនួន១៨ភាគរយ​បន្ថែមទៀត​នៅ​ឆ្នាំនេះ ខណៈ​រយៈពេល៧ខែ​ឆ្នាំនេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​កើន​ទឹកប្រាក់​ដល់​ជាង៤១០០លាន​ដុល្លារ​រួចទៅហើយ។

តំណាង​ពាណិជ្ជកម្ម​ថៃ​ប្រចាំខេត្ត​សៀមរាប​លោក ស្រី ជីវ៉ា​ណាន់ វង្ស​មង្គល បាន​មានប្រសាសន៍ ក្នុង​ពិធី​បើកសម្ពោធ​ពិរ​ព័ណ៌​ពាណិជ​កម្ម​ថៃ Thailand Products Expo 2018 លើក​ទី២ នៅ​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងមក​ថា ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ថៃ​ក្នុងមួយឆ្នាំៗមានការ​កើនឡើង ជាក់ស្តែង​ទំហំ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្នាំ២០១៧ បាន​កើនឡើង​ក្នុង​រង្វង់៨ពាន់​លាន​ដុល្លារ​អាមេរិក។ ចំណែក​នៅក្នុង​ឆ្នាំ២០១៨នេះ យើង​អាច​រំពឹងថា នឹង​កើនឡើង​ចំនួន១៨ភាគរយ​បន្ថែមទៀត។

រយៈពេល៧ខែ​ដើមឆ្នាំ២០១៨ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ថៃ មាន​ចំនួន​ជាង៤,៦ពាន់​លាន​ដុល្លារ​អាមេរិក​រួចហើយ ក្នុងនោះ​ថៃ​បាន​នាំ​ចូលមក​កម្ពុជា មាន​ទឹកប្រាក់​ជាង៤១០០លាន​ដុល្លារ។ រីឯ​ការនាំ​ចេញពី​កម្ពុជា​ទៅ​ថៃ មាន​ទឹកប្រាក់​ជិត៥០០លាន​ដុល្លារ​អាមេរិក។

ការតាំង​ពិ​ពណ៌​លើក​នេះ គឺមាន​ក្រុមហ៊ុន​ជាច្រើន​បាន​នាំយក​ផលិតផលប្លែកៗ មក​តាំង​ពិរ​ព័​ណ៍​និង​ដាក់តាំង​បង្ហាញ​ផលិតផល​ទាំងនោះ ដែលជា​ផលិត​កែច្នៃ​ចេញពី​រោងចក្រ ដើម្បី​បម្រើសេវា​ជូន​អតិថិជន ជាពិសេស​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ មាន​ទំនុកចិត្ត​នៅលើ​ផលិត​ថៃ និង​ជា​ឱកាស​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូ​បទពិសោធន៍ផ្សេងៗ ក្នុងការ​អភិវឌ្ឍន៍​និង​ស្វែងរក​ទីផ្សារ​របស់ខ្លួន។

ការតាំង​ពិ​ព័ណ៌​ផលិតផល​ថៃ​លើក​ទី២នេះ មានការ​ចូលរួម២០០ក្រុមហ៊ុន និង​មាន​ចំនួន២៥០ស្តង់ ដើម្បី​ដាក់​បង្ហាញ​ផលិតផល​ដូចជា សម្ភារៈ​សំណង់ អាហារ​និង​ភេ​ជ្ជៈ សម្លៀកបំពាក់​និង​វាយនភ័ណ្ឌ សុខភាព និង​ស​ម្ឆ​ស្ស សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​និង​ផ្ទះបាយ សម្ភារៈ​ធ្វើ​ពី​ស្បែក​និង​ស្បែកជើង​ជាដើម៕

រដ្ឋមន្ត្រី​កសិកម្ម៖ កម្ពុជា​សង្ឃឹមថា អាច​នាំ​ចេកអំបូង​លឿង​នៅ​ចុងឆ្នាំ​នេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​បាន​សម្តែង​សុ​ទិដ្ឋិ​ន​យម​ថា កម្ពុជា​នឹង​សម្រេចបាន​ការនាំចេញ​ចេកអំបូង​លឿង ទៅកាន់​ជ​ទីផ្សារ​ប្រទេស​ចិន​ជា​លើកដំបូង​ក្នុង​ចុងឆ្នាំ​នេះ ខណៈ​ផ្ទៃដី​ដាំចេក​អំបូង​លឿង​បាន​កើន​ដល់១ម៉ឺន​ហិកតា​នៅ​កម្ពុជា។

រដ្ឋមន្ត្រីក្រសួង កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ លោក វេ​ង សាខុន បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទ២៧ កញ្ញា​កន្លងមក​ថា គម្រោង​នាំចេញ​ចេកអំបូង​លឿង​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នេះ ជា​គោលនយោបាយ​ថ្មី ដែល​ក្រសួងកសិកម្ម​កំពុងធ្វើការ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​បង្កើន​កំនើន​សេដ្ឋកិច្ចជាតិ។ លោក​បន្តថា ការនាំចេញ​ផលិតផល​កសិកម្ម ពិសេស​ចេកអំបូង​លឿង​នេះ ទាមទារ​ស្តង់ដារ​មួយ​ជាក់លាក់​បំផុត។

លោក​បន្តថា “ចេកអំបូង​លឿង​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​បាន ត្រូវតែ​គោរព​តាម​ល​ក្ខ័​ណ្ឌ នៃ​ពិធីសារ​លើ​វិធាន​អនាម័យ ទាំង​ការជ្រើសរើស​ពូជ ការដាំដុះ ការថែទាំ និង​ការ​វេច​ខ្ចប់​ជាដើម។ បើ​ពុំ​ដូច​ច្នេះ​ទេ​ក្រុមហ៊ុននាំចេញ​ចេកអំបូង​លឿង​ទាំងនោះ នឹង​ទទួល​ការខាតបង់​ជាការ​ផាកពិន័យ​ជាដើម។

រហូតមកទល់​ពេលនេះ ការដាំ​ចេកអំបូង​លឿង​បាន​កើនឡើង​យ៉ាងខ្លាំង ដោយ​ផ្ទៃដី​ដាំ​ដុះ​មាន​ចំនួន​រហូតដល់​ជិត១ម៉ឺន​ហិច​តា។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដែល​បាន​វិនិយោគ​ដាំ​ចេញ​អំបូង​លឿង​ប្រមាណ១០០០ហិកតា ដើម្បី​នាំចេញ​ផងដែរ​បាន​សម្តែង​សុទិដ្ឋិនិយម​ថា ទីផ្សារ​ចេកអំបូង​លឿង​ជាទី​ផ្សារ​ធំ ដោយ​យើង​អាច​នាំចេញ​ទៅកាន់​ប្រទេស​ចិន ប្រទេស​អារ៉ាប់​រួម និង​បណ្តា​ប្រទេស​ដទៃទៀត​នៅលើ​ពិភពលោក។លោក​បន្តថា ចេកអំបូង​លឿង​មាន​ទីផ្សារ​ធំ និង​ផ្តល់​ទិន្នផល​និង​តម្លៃបន្ថែម​ច្រើន​ដល់​អ្នកវិនិយោគ ប៉ុន្តែ​មិនមែន​ចេក​ដាំ​បាន​សុ​ទ្ឋ​តែ​អាច​នាំចេញ​នោះទេ ហេតុនេះ​ទើប​លោក​គ្រោង​បង្កើត​រោងចក្រ​កែច្នៃ​ម្សៅ​ចេក ដើម្បី​ផលិត​ជា​ម្សៅ​សម្រាប់​នាំចេញ​ផងដែរ។

លោក​បន្តថា “បច្ចុប្បន្ន​ទីផ្សារ​របស់​យើង​មាន​ភាពទូលំទូលាយ និង​មាន​តម្រូវការ​ច្រើន ហេតុនេះ​អ្វី​សំខាន់​យើង​មាន​ផលិតផល ដែលមាន​ស្តង់ដា​សម្រាប់​ផ្គត់ផ្គង់​ដល់ទី​ផ្សារ”៕

ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស R&F ប្រកាស​អភិវឌ្ឍន៍​គម្រោង​ខុន​ដូ​កប់​ពពក​ថ្មី​មួយទៀត

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​មកពី​ប្រទេស​ចិន R&F Properties បាន​អភិវឌ្ឍន៍​គំរោង​ថ្មី​ខុន​ដូ​កប់​ពពក​ថ្មី​មួយទៀត គឺ​គម្រោង​អ& អេ​ហ្វ ហ័​រ​ហ្វ៊ូ ជា​គម្រោង​អគារ​ខ្ពស់​និង​ទាន់សម័យ​ជាងគេ នៅ​កណ្តាល​រាជធានី​ភ្នំពេញ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃទី២៧ កញ្ញា ២០១៨ អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន R&F Properties ប្រចាំ​ប្រទេស​កម្ពុជា លោក XU WENSHUI បាន​មានប្រសាសន៍ថា បន្ទាប់ពី​ធ្វើការ​អភិវឌ្ឍន៍​គម្រោង​បុរី R&F Phnom Penh ក្រុមហ៊ុន បាន​បន្ត​អភិវឌ្ឍ​គម្រោង​អគារ​ស្នាក់នៅ​លំដាប់​កំពូល​មួយទៀត គឺ​គម្រោង​អ & អេ​ហ្វ ហ័​រ​ហ្វ៊ូ ដែលជា​គម្រោង​អភិវឌ្ឍ​ទីក្រុង​បែប​ថ្មី​មួយ ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ ជាមួយនឹង​របៀប​រស់​នៅ​ថ្មីស្រឡាង និង​បទពិសោធន៍​នៃ​ការ​ស្នាក់​នៅក្នុង​អគារ ដ៏​ទំនើប និង​ប្រណីត​លំដាប់ថ្នាក់​កំពូល។

គំរោង​នេះ​ស្ថិតនៅ​ទីតាំង​អតីត​រោងចក្រ​ផលិត​ស័ង្កសី ស្ថិតនៅតាម​បណ្តោយ​មហាវិថី​មុនី​វង្ស សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការ​មក ក្រុងភ្នំពេញ។

ចាប់តាំងពី​ឆ្នាំ1994 ក្រុមហ៊ុន R&F Properties បាន​បង្កើតឡើង​នៅក្នុង​ទីក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន​មក ក្រុមហ៊ុន​បាន​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ទីក្រុង និង​តំបន់​ចំនួន69ទូទាំង​ក្នុងប្រទេស​ចិន និង​នៅក្រៅ​ប្រទេស តាមរយៈ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​បីធំៗគឺ ចាក់ឫស​នៅក្នុង​ទីក្រុង​ស្នូល​របស់​ប្រទេស​ចិន ចូលទៅក្នុង​ទីផ្សារ​ដែលមាន​សក្តានុពល​អភិវឌ្ឍ​របស់​ប្រទេស​ចិន និង​ជ្រើសរើស​គម្រោងល្អៗនៅក្រៅ​ប្រទេស។ ចាប់តាំងពី​ឆ្នាំ 2013 មក អ & អេ​ហ្វ ប្រ​ផឹ​ធី បាន​ចូលទៅក្នុង​ទីផ្សារ​ក្រៅប្រទេស​ជាច្រើន ដូចជា ប្រទេស​ម៉ាឡេស៊ី អូស្ត្រាលី អង់គ្លេស និង​ប្រទេស​កម្ពុជា។

លោក XU WENSHUI បាន​បន្ត​ឲ្យ​ដឹងថា រហូតមកទល់​ពេលនេះ ក្រុមហ៊ុន​បាន​អភិវឌ្ឍ​គម្រោង​ជាង២២០គម្រោង ទ្រព្យ​សរុប​របស់​ក្រុមហ៊ុន​មាន​ប្រហែល២៩០ពាន់​លាន​យ័ន និង​ទទួលបាន​ចំណូល​លក់​ប្រចាំឆ្នាំ​លើសពី៨០ពាន់​លាន​យ័ន បាន​ផ្តល់នូវ​អគារ​ស្នាក់នៅ និង​សេវាកម្ម​ដ៏​ប្រណីត​ទៅឱ្យ​ប្រជាជន​ជាង១លាន​នាក់ ព្រមទាំង​ទទួលបាន​កិត្តិនាម​ជា “ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ធំជាងគេ​ទាំង10របស់​ប្រទេស​ចិន” ក្នុង​រយៈពេល៨ឆ្នាំជាប់ៗគ្នា។

នៅ​ឆ្នាំ2017 R&F ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​អន្តរជាតិ​តាម​គោលនយោបាយ “ផ្លូវ​មួយ ខ្សែក្រវាត់​មួយ” និង​តាមរយៈ​សក្តានុពលភាព​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ បានជ្រើសរើស​យក​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើជា​ចំណុច​ស្នូល​ក្នុងការ​អភិវឌ្ឍន៍​តំបន់​អាស៊ីអាគ្នេយ៍ និង​ជា​ខ្លា​ថ្មី​ប្រចាំ​ទ្វីបអាស៊ី។ គម្រោង អ& អេ​ហ្វ ហ័​រ​ហ្វ៊ូ គឺជា​អគារ​ស្នាក់នៅ​ខ្ពស់​ជាងគេ​បំផុត​នៅ​ទីក្រុង​ភ្នំពេញ ដែលមាន​កម្ពស់174ម៉ែត្រ សរុប57ជាន់ ដែលជា​អគារ​ស្នាក់នៅ​របស់​អភិជន​ជាន់ខ្ពស់​នៅ​ទីក្រុង​ភ្នំពេញ និង​វា​ពិតជា​មាន​ភាព​ស៊ីគ្នា និង​ជាការ​សហការ​ដ៏​សក្ដិសម​បំផុត។

អ្នកនាង Grace Rachny Fong នាយិកា​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែងថា អ្នកវិនិយោគ​ចិន​មើលឃើញ​ឳ​កាស​រកប្រាក់​ចំណេញ​បាន​នៅទីនេះ ដោយសារ​តម្លៃ​ដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ មាន​ភាពសមរម្យ​នៅឡើយ។ ហេតុនេះ​វា​ជា​ភាពត្រឹមត្រូវ​ដែល​ពួកគេ​សម្រេចចិត្ត​មក​វិនិយោគ​នាពេលនេះ ព្រោះ​បើ​ពួកគេ​យឺត​ពេល គំរោង​របស់​ពួកគេ​មិនអាច​រកត​ម្លៃ​អចលនទ្រព្យ​បានល្អ​នោះទេ។

អ្នកនាង​បន្តថា “ពួកគេ​សម្លឹង​ទៅ​អនាគត ដែល​បច្ចុប្បន្ន​ជនបរទេស​វិនិយោគ​និង​ស្នាក់នៅ​ខុន​ដូ​ភាគច្រើន តែ​ពេលអនាគត​ប្រជាជន​នឹង​ជំនួស​ជនបរទេស​ទាំង​នោះ ពួកគេ​នឹង​ស្នាក់នៅ​ខុន​ដូ។ អ្នកនាង​បន្តថា “គំរោង​របស​ចិន ជា​គំរោងធំៗ ប៉ុន្តែ​ពួកគេ​ធ្វើឡើង​តាម​ដំណាក់កាល”៕

ស្វែងយល់​ពី​អាស៊ី! តម្លៃ​លំនៅដ្ឋាន​ផ្ទះល្វែង​ក្នុងប្រទេស​កូរ៉េ ឡើងថ្លៃ​ខ្ពស់កប់ពពក

0

ដោយ វុត្ថា

ភ្នំពេញ៖ ស​ន្ទ​ស្សន៍​តម្លៃ​លំនៅដ្ឋាន​ផ្ទះល្វែង នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​បាន​កើន​ឡើងដល់១៨៨,១ភាគរយ នៅក្នុង​ខែមិថុនា​កន្លងមក ជាការ​កើនឡើង​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​ក្រុមប្រឹក្សា​វាយតម្លៃ​កូរ៉េ (KAB) បានចាប់ផ្តើម​ចងក្រង​ទិន្នន័យ​កាលពី​ឆ្នាំ ២០០៦មក បើទោះជា​មានការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់ ចំពោះ​ការឡើង​ថ្លៃ​នេះ​ក៏ដោយ។

ស​ន្ទ​ស្សន៍​នេះ​បាន​បង្ហាញថា  សម្រាប់​ខែម​សា​តម្លៃ​លំនៅដ្ឋាន​បាន​កើន​ឡើងដល់១៨៥,៥ ភាគរយ និង​នៅក្នុង​ខែឧសភា​កើនឡើង១៨៦,៣ ភាគរយ។ តំបន់​មួយចំនួន​នៅ​ភាគ​ឦសាន​នៃ​ទីក្រុង​សេ​អ៊ូ​ល នៅតែ​ជា​តំបន់​កើនឡើង​តម្លៃ​ថ្លៃ​បំផុត  ដូចជា​តំបន់ Seongdong តំបន់ Gwangjin និង​តំបន់ Dongdaemun ដែល​ឡើងដល់​កម្រិត​ខ្ពស់ ១៩៩.៤ នៅក្នុង​ខែមិថុនា។

ស​ន្ទ​ស្សន៍​សម្រាប់​តំបន់​ភាគ​ពាយ័ព្យ ដែលមាន​ដូចជា​តំបន់ Eunpyeong តំបន់ Seodaemun និង​តំបន់ Mapa បាន​កើនឡើង​រហូតដល់១៩៨,២ភាគរយ ខណៈដែល​នៅក្នុង​ទីប្រជុំជន​នៃ​ទីក្រុង​សេ​អ៊ូ​ល តំបន់ Jongno តំបន់ Jung តំបន់ Yongsan ស្ថិតនៅ១៩៧.៨ ។ តំបន់​ភាគ​អាគ្នេយ៍​ដែល​រួមបញ្ចូល​ទាំង​តំបន់ Gangnam ដ៏​ល្បីល្បាញ​របស់​ទីក្រុង​បាន​ឈរ​នៅ១៨១.៧ភាគរយ ខណៈដែល​ភាគ​និរតី​ដែលជា​តំបន់ ដែលមាន​តំបន់ Yangcheon តំបន់ Gangseo និង តំបន់​Guruបាន​ឈានដល់១៩០.៧ភាគរយ។

ទោះជា​យ៉ាងណាក៏ដោយ ការចុះបញ្ជី​តម្លៃ​លំនៅដ្ឋាន​ផ្ទះល្វែង នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​បាន​កើនឡើង​ខ្ពស់បំផុត២.៥ភាគរយ។ ដោយឡែក​នៅ​ភាគ​និរតី​នៃ​ទីក្រុង កើនឡើង១,៣ភាគរយ នៅ​ភាគ​អាគ្នេយ៍​កើនឡើង១,0ភាគរយ នៅ​ភាគ​ឦសាន​កើនឡើង០,៨ ភាគរយ និង​នៅ​ភាគ​ខាងលិច​បាន​កើនឡើង០,២ ភាគរយ។

អាជ្ញាធរ​លំនៅដ្ឋាន​រប​ស់​កូរ៉េខាងត្បូង បានចាប់ផ្តើម​ចាត់វិធានការ​ចាប់ពី​ខែកញ្ញា​នេះ ដើម្បី​បង្កើន​ពន្ធ​លើ​ម្ចាស់​លំនៅដ្ឋាន​នៅក្នុង​តំបន់ ដើម្បី​ធ្វើយ៉ាងណា​កុំអោយ​មាន​ផលប៉ះពាល់​ចំពោះ​កំនើន​តម្លៃ​លំនៅដ្ឋាន​នេះ៕

រយៈពេល ៥ឆ្នាំ BNI Cambodia រកចំណូលបាន ៦៣លាន​ដុល្លារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ បណ្តាញ​អ្នកជំនួញ​អន្តរជាតិ​ប្រចាំ​កម្ពុជា​ហៅ​កាត់​ថា BNI Cambodia ក្នុង​រយៈពេល៥ឆ្នាំ​មកនេះ បានផ្តល់​ចំណូល​ឲ្យ​គ្នា​ទៅ​វ​ញ​ទៅមក​ក្នុង​ពិភព​អាជីវកម្ម​ចំនួន៦៣លាន​ដុល្លារ​អាមេរិក។

នាយក​ប្រតិបត្តិ​នៃ BNI Cambodia លោក សឺ សុ​ភ័​ក្រ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធី​ជួបជុំ​សមាជិក​របស់ខ្លួន​ពេញ​មួយថ្ងៃ នៅ​ថ្ងៃទី២៧ ខែ​ក​ញ្ញ ឆ្នាំ២០១៨នេះ​ថា ចាប់ផ្តើម​ពី​ឆ្នាំ២០១៣មក ដោយមាន​សមាជិក​ជាង៥០០នាក់​នៅ​ទូទាំងប្រទេស និង​បង្ហាញ​ពី​ភាព​រីក​ម្រើ​ន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា រួមជាមួយ​អាត្រា​ចំណូល​របស់ខ្លួន​រយៈពេល៥ឆ្នាំ (២០១៣-២០១៨)រហូតដល់៦៣លាន​ដុល្លារ។

លោក​បាន​បន្ថែមថា កម្មវិធី​នេះ​មាន​គោលបំណង់ ដើម្បី​ឲ្យ​សមាជិក​ទាំងអស់​បាន​ជួបជុំគ្នា ព្រោះ​សមាជិក​គ្រប់​បណ្តាញ​ទាំងអស់ មិនដែល​បាន​ជួបជុំគ្នា​ទេ ហើយ​ក្នុង​មួយឆ្នាំ​យើង​ត្រូវ​ជួបជុំគ្នា​ម្តង ដើម្បីឱ្យ​គាត់​បាន​ស្គាល់គ្នា​ពង្រីក​ទំនាក់ទំនង ពង្រីក​ឱកាស​អាជីវកម្ម និង​បង្កើន​មិត្តភាព។

BNI បាន​បង្កើតឡើង​ដោយ​លោក​វេជ្ជបណ្ឌិត អាយ វិ​ន​ម៉ា​យ​ស្ទ័​រ នៅ​ឆ្នាំ១៩៨។ បច្ចុប្បន្ន BNI មាននៅ៧៨ប្រទេស​និង​មាន​សមាជិក​ជាង២៤ម៉ឺន​នាក់។

គោលបំណង​ចំបង​របស់ BNI គឺជា​ការជួយ​គ្នា​រវាង​សមាជិក​របស់ BNI ដូចគ្នា ដែលជា​ម្ចាស់​អាជីវកម្ម ដើម្បី​ពង្រីក​អាជីវកម្ម​តាម​ប្រព័ន្ធ​BNI។ អ្នកចូលរួម​ជា​សមាជិក​របស់ BNI និង​ទទួលបាន​អត្ថប្រយោជន៍​ចំនួន៥យ៉ាង រួមមាន​ទី១ ក្រុមទី​ផ្សារ​ដ៏​ធំ ទី២ បាន​សិទ្ធ​ផ្តាច់មុខ​នៅក្នុង​ក្រុម​របស់គាត់ ទី៣ ប្រភព​អតិថិជន​ជាប្រចាំ ទី៤ វគ្គ​បណ្តុះបណ្តាល និង​ចែករំលែក​បទពិសោធន៍​ធ្វើយ៉ាងណា ដើម្បី​ម្ចាស់​អាជីវកម្ម​មានការ​រីក​ចម្រើន​កាន់តែខ្លាំង និង​ទី៥ទំនាក់ទំនង​យូរអង្វែង៕

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ចាត់ទុក​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី ជា​ឱកាស​សម្រាប់​កម្ពុជាទាក់ទាញ​វិនិយោគិន

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​ជំនឿ​ថា វេទិកា​បូ​អាវ​សម្រាប់​អាស៊ី នឹង​ផ្តល់​កាលានុវត្តភាព​ធំធេង​សម្រាប់​កម្ពុជា ក្នុងការ​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​ពី​ប្រទេស​ចិន និង​ជា​ស្ពាន​សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​នៅក្នុង​តំបន់ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​ពិភពលោក​កំពុង​ជួបប្រទះ។

នៅក្នុង​ពិធី​បើក​វេទិកា​បូ​អាវ​សម្រាប់​សន្និសីទ​អាស៊ី-ភ្នំពេញ ក្រោម​ប្រធានបទ «រួមគ្នា​ដើម្បី​ការអភិវឌ្ឍ និង​ឈ្នះ-ឈ្នះ ប្រឹងប្រែង​ទាំងអស់គ្នា​ដើម្បី​នាំមក​នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ចិន-កម្ពុជា ក្នុង​សម័យកាល​ថ្មី» ដែល​រៀបចំឡើង​សណ្ឋាគារ​សូ​ហ្វី​តែ​ល កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​គោលបំណង​រួម​នៃ​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី និង​គំនិត​ផ្តួចផ្តើម​ថ្មី​របស់លោក​ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន ដែល​បាន​ស្នើឱ្យ​ពង្រីក​ការបើកចំហ កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​នៅក្នុង​តំបន់​អាស៊ី ដែល​នឹង​ក្លាយជា​ឱកាស​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​សមាជិក​ដទៃទៀត។

លោក​រដ្ឋមន្ត្រី​បន្តថា “នៅក្នុង​ចំណោម​ប្រទេស​ទាំង២៩ ដែល​បាន​ព្រមព្រៀង​បង្កើត​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី កម្ពុជា​គឺជា​ប្រទេស​ដែល​ទទួលបាន​អត្ថប្រយោជន៍ ពី​គម្រោង «ផ្លូវ១ខ្សែក្រវ៉ាត់១» និង​មាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ នៅក្នុង​ចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​លឿន​ជាងគេ​នៅ​អាស៊ី។

លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​តំណាង​វិស័យ​ឯកជន​កម្ពុជា និង​សហគ្រាស-ក្រុមហ៊ុន​ប្រទេស​ចិន ក៏ដូចជា​បណ្តា​ប្រទេស​សមាជិក​នៃ​វេទិកា​បូ​អាវ ប្រើប្រាស់​ឱកាស​ជួបជុំគ្នា​ថ្ងៃនេះ ដើម្បី​បន្ត​វប្បធម៌​សន្ទនា និង​ចែករំលែក ព្រមទាំង​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ដើម្បី​ផលប្រយោជន៍​រួម​នៅក្នុង​តំបន់ ក៏ដូចជា​ក្នុង​សកលលោក។

វេទិកា​បូ​អាវ​សម្រាប់​អាស៊ី (BFA) គឺជា​អង្គការក្រៅរដ្ឋាភិបាល​អ​ន្ដ​រ​ជាតិ មិន​ស្វែងរក​ប្រាក់ចំណេញ ដែលមាន​កាលបរិច្ឆេទ​រៀបចំ​សន្និសីទ​ច្បាស់លាស់ និង​មាន​ទីស្នាក់ការ​អចិន្ត្រៃយ៍​នៅ​ទីក្រុង​បូ​អាវ ខេត្ត​ហៃ​ណាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

វេទិកា​នេះ​ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង​នៅក្នុង​ឆ្នាំ១៩៩៨ ដោយ​លោក Fidel V. Ramos អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Bob Hawke អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​លោក Morihiro Hosokawa អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន និង​មានការ​គាំទ្រ​ពី ឯកឧត្តម ហ៊ូ ជីន​តាវ អតីត​ប្រធានាធិបតី​ចិន។

វេទិកា​នេះ ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០១ ហើយ​បានផ្តល់​ឱកាស​ដល់​ប្រមុខ​រដ្ឋាភិបាល ថ្នាក់ដឹកនាំ​វិស័យ​ឧស្សាហកម្ម​និង​ធុរកិច្ច និង​ប​ញ្ញ  វ័​ន្ត​ក្នុង​ទ្វីបអាស៊ី និង​ទ្វីប​ដទៃទៀត​សន្ទនា​គ្នា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ សំដៅ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​រួម តាមរយៈ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច ទៅក្នុង​តំបន់ និង​ពិភពលោក៕

ធនាគារជាតិ​ដាក់​ឲ្យ​ប្រើ​សេវា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ថ្មី

0

ដោយ វុត្ថា

ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​អង្គការ Good Return និង​ក្រុមហ៊ុន​ឯកជន បានដាក់​អោយ​ដំណើរ​សេវា​ជំ​ណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ លើ​ប្រធានបទ​ចំនួន ៣ ដែលជា​ផ្នែក​មួយ​នៃ​សេវា ៣-២-១ សម្រាប់​គ្រប់​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត​នៅក្នុង​ប្រ​ទស​កម្ពុជា។

លោក រ័ត្ន សុវណ្ណ​រៈ អគ្គនាយក​ត្រួតពិនិត្យ នៃ​ធនាគារជាតិ​ន​កម្ពុជា​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២៧ កញ្ញា​នេះ​ថា ធនាគារជាតិ​នៃ​កម្ពុជា ប្តេជ្ញា​ក្នុងការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា តាមរយៈ​មធ្យ​បាយ​ជាច្រើន ដែល​ក្នុងនោះ​សេវា ៣-២-១ ជា​គំនិត​ផ្តួចផ្តើម​មួយ​បន្ថែមទៀត ក្នុង​ការផ្តល់​ដំបូន្មានសំខាន់ៗ ផ្នែក​ហិរញ្ញវត្ថុ​ទៅដល់​ប្រជាជន​កម្ពុជា។

លោក​បាន​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹ​ប្រែង ការចូលរួម និង​ការគាំទ្រ​របស់​ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​ក្នុងការ​បង្កើត​គម្រោង​មួយ​នេះ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា សេវា ៣-២-១ ត្រូវបាន​ដាក់​ឪ្យ​ដំណើរការ​ដោយ ក្រុមហ៊ុន Viamo និង​ក្រុមហ៊ុន​សែ​ល​កាត ក្នុង​ឆ្នាំ២០១៦ ដែលជា​សេវា​ជួយ​ឲ្យ​ប្រជាជន ទទួលបាន​ព័ត៌មាន​គួរអោយ​ទុកចិត្ត តាមរយៈ​ទូរស័ព្ទ​ច​លន​ត​លើ​ប្រធានបទ​ជាច្រើន។  ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​សែ​ល​កាត អា​ប្រើប្រាស់​សេវា៣-២-១ ដោយ​ឥតគិតថ្លៃ ហើយ​ប្រជាជន​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ផ្សេង​ទៀ ក៏​អាច​ប្រើប្រាស់​សេវា​នេះ បាន​ក្នុងតម្លៃ​ហៅ​ចេញ​ធម្ម​តាម។ ប្រជាជន​ចូលទៅ​កាន់​ប្រធានបទ​ការអប់រំ ផ្នែក​ហិរញ្ញវត្ថុ អាច​ជ្រើសរើស​ស្វែងយល់​បន្ថែម​អំពី​ការ​សន្សំ និង​អត្ថប្រយោជន៍​នៃ​ការ​សន្សំ ការប្រើប្រាស់​ឥណទាន​ប្រក​ដោយ​ប្រសិទ្ធិភាព ការគ្រប់គ្រង​បំណុល និង​ការការពារ​បំណុល​វណ្ឌ​ក ព្រមទាំង​ស្វែងយល់​ពី​ប្រភេទ​ផលិតផលផ្សេងៗ ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្លូវការ។

លោក Shane Nichols អគ្គនាយក​របស់​អង្គការ Good Return អោយដឹងថា សារៈប្រយោជន៍​ទាំងនេះ ត្រូវបាន​បង្កើតឡើង​សម្រាប់​សហគមន៍ ដែល​មិនទាន់​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ។ លោក​សម្តែង​ការរីករាយ ក្នុង​ការបន្ត​កិច្ចសហការ​ជាំ​មួយ​ធនាគារជាតិ​នៃ​កម្ពុជា​លើ​គំនិត​ផ្តួចផ្តើម​នានា ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​ប្រជាជន​កម្ពុជា ដែលជា​អតិថិជន ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កំពុង​រីកចម្រើន​ឥតឈប់ឈរ។

អគ្គនាយក​ក្រុមហ៊ុន​សែ​ល​កាត​លោក Ian Watson បាន​ឲ្យ​ដឹងថា ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ រួមបញ្ចូល​គ្នា​ជាមួយ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត អាច​ជះឥទ្ធិពល​ខ្លាំង​ចំពោះ​ប្រជាជន​ដែល​រស់នៅ​ក្រោម​បន្ទាប់​ក្រីក្រ។

នេះ​ជា​មូល​ហេតុដែល​ក្រុមហ៊ុន ផ្តោត​ការយកចិត្តទុកដាក់​លើ​ការផ្តល់សេវា​ទូរស័ព្ទ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា អាច​ទទួលយកបាន​ដោយ​មិន​គិតពី​ប្រាក់ចំណូល ចំណេះដឹង ឬ​ទីតាំង។ លោក​បាន​សំដែង​ការគាំទ្រ ចំពោះ​ធនាគារជាតិ និង​អង្គការ​ដៃគូ ដែលមាន​គំនិត​ផ្តួចផ្តើម​អោយមាន​សេវា៣ -២-១ ឡើង​នៅក្នុង​ប្រទេស​កម្ពុជា៕

ដំណឹង​ល្អ៖ រយៈពេល១ថ្ងៃ ក្រុមហ៊ុន​ចិនធំៗចំនួន៩ ប្រកាស​វិនិយោគ​នៅ​កម្ពុជា

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ក្រុមហ៊ុនធំៗភាគច្រើន​មកពី​ប្រទេស​ចិន ចំនួន៩បានប្រកាស​ចុះបញ្ជីរ​វិនិយោគ​នៅ​កម្ពុជា បន្ទាប់ពី​ពួកគេ​បាន​ចូលរួម​វេទិកា​បូ​អាវ​នៅ​ទីក្រុង​ភ្នំពេញ ដែល​បាន​ប្រារ​ព​ពិធី​បើក​កាលពី​ថ្ងៃទី២៦ កញ្ញា​កន្លងមកនេះ។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៧ កញ្ញា​នេះ​ថា តាមរយៈ​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ និង​មើលឃើញ​កាលានុវត្តន៍​ភាព​នៃ​ការវិនិយោគ​នៅ​កម្ពុជា ក្រុមហ៊ុន​ចំនួន៩បានប្រកាស​ចុះបញ្ជីរ ក្រុមហ៊ុន​ដើម្បី​វិនិយោគ​នៅ​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​អាមេរិក។លោក​ឧកញ៉ា​បាន​បន្តថា ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទាំងនោះ បាន​ជួប​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង និង​បាន​សាកសួរ​ព៌​ត​មាន​អំពី​កន្លែង​ចុះបញ្ជីរ​ក្រុមហ៊ុន ដើម្បី​ពួកគេ​អាច​ចាប់ផ្តើម​វិនិយោគ​នៅ​កម្ពុជា។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា

លោក​ឧកញ៉ា​បាន​បន្តថា “ក្រុមហ៊ុន​ទាំងនោះ នឹង​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស អចលនទ្រព្យ ការធ្វើ​ជំនួញ​តាម​បច្ចេកវិទ្យា​ជាដើម។លោក​បន្តថា “គោលដៅ​នៃ​វេទិកា​នេះ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ឈ្នះ ឈ្នះ​របស់​ប្រទេស​ជា​សមាជិក ដែល​បច្ចុប្បន្ន​មាន​ប្រទេស​ជាង២០ហើយ បាន​ចុះឈ្មោះ​ចូល​ជា​សមាជិក​បូ​អាវ។

វេទិកា​បូ​អាវ​នៅ​កម្ពុជា បានរៀបចំ​ដោយ​សភាពាណិជ្ជកម្ម​កម្ពុ​ជា ដោយមាន​ការចូលរួម​ពី​ឥស្សរជន​ថ្នាក់ដឹកនាំ និង​អ្នកជំនួញល្បីៗនៅ​កម្ពុជា មក​មកពី​ប្រទេស​ជា​សមាជិក​ជាង២០ និង​មាន​ក្រុមហ៊ុន​ចូលរួម​ចំនួន២០០។

ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នេះ​បាន​ថ្លែង​ពី​កាលានុវត្តន៍​ភាព និង​ឳ​កាស​វិនិយោគ​នៅ​កម្ពុជា ពិសេស​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់​តែមាន​ភាពប្រសើ​រ​ឡើង ដោយសារ​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ​និង​កំនើនសេដ្ឋកិច្ច​រ៉ឹង​មាំ។

លោក​បន្តថា “ទន្ទឹមនឹង​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កើនឡើង កម្ពុជា​រំពឹង​នឹង​ទទួលបាន​ទុនវិនិយោគ​ដោយផ្ទាល់ ពី​បរទេស​កើន​ដល់៦ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០១៩ខាងមុខនេះ”៕

មន្ត្រីជាន់ខ្ពស់​កម្ពុជា រំពឹងថា​លំហូរ FDI នឹង​កើន​ដល់ ៦០០០លាន​ដុល្លារ​នៅ​ឆ្នាំក្រោយ

0
លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​នៃ​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា បាន​សម្តែង​សុទិដ្ឋិនិយម​ថា លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​ម​កម្ពុជា (FDI) នឹង​កើន​ដល់៦ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០១៩ខាងមុខនេះ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​បូ​អាវ​នៅ​ទីក្រុង​ភ្នំពេញ ដោយមាន​ក្រុមហ៊ុន​អន្តរជាតិ​ចំនួន២០០០មកពី​ប្រទេស​ចំនួន២០ កាលពី​ថ្ងៃទី២៦ កញ្ញា​កន្លងមក​ថា លំហូរ​ទុនវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​បាន​កើន​ឡើងដល់​ទឹកប្រាក់​ចំនួន ២១០០លាន​ដុល្លារ​នៅក្នុង​រយៈពេល៧ខែ​ដើម​ឆ្នាំនេះ ហេតុនេះ​យើង​រំពឹងថា​ទំហំ​ទុនវិនិយោគ​នៅ​ឆ្នាំ២០១៩ នឹង​កើន​ឡើងដល់​ចំនួន​ដែល​យើង​ចង់បាន។

លោក​បន្តថា “ជាមួយនឹង​កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ កំនើនសេដ្ឋកិច្ច​និង​បរិយាកាស​វិនិយោគ​កាន់តែ​ប្រសើរ កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​ទំហំ​ទុនវិនិយោគ​ដល់៦ពាន់​លាន​នៅ​ឆ្នាំក្រោយ និង​កើនឡើង​ទ្វេរ​ដង​នៅ​ឆ្នាំ២០២០ខាងមុខនេះ។

វេទិកា​បូ​អាវ​អាស៊ី​ឆ្នាំនេះ​ប្រារ​ព​ធ្វើឡើង​ក្រោម​ប្រធានបទ “ការស្វែងរក​ការអភិវឌ្ឍ​និង​ភាព​ឈ្នះ ឈ្នះ​រួមគ្នា​និង​កិច្ចប្រឹងប្រែង​រួមគ្នា ក្នុងការ​នាំមក​នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា ចិន​ក្នុង​យុគសម័យ​ថ្មី។

វេទិកា​នេះ​បានចាប់ផ្តើម​រយៈពេល​ពី​រ​ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី២៦ដល់២៧កញ្ញា​នេះ និង​មានការ​ចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់ អ្នកជំនួញល្បីៗនៅ​កម្ពុជា និង​ក្នុង​តំបន់​ផងដែរ។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងថា វេទិកា​នេះ​ត្រូវបាន​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​កម្ពុ​ជា ដោយមាន​ប្រទេស​ចំនួន​ជាង២០ចូលរួម និង​មានការ​ចូលរួម​ពី​អតីត​ឧ​ប​នាយ​រដ្ឋមន្ត្រី​ថៃ ដែលជា​សមាជិក​របស់​បូ​អាវ​ផងដែរ។លោក​ឧកញ៉ា​បាន​បន្តថា នេះ​ជា​លើក​ទី១ដែល​កម្ពុ​ជាមាន​កិត្តិយស​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកា ដែល​បានរៀបចំ​រៀងរាល់២ឆ្នាំ​ម្តងនេះ។

លោក​ឧកញ៉ា​បាន​បន្តថា “គោលដៅ​នៃ​វេទិកា​នេះ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ឈ្នះ ឈ្នះ​របស់​ប្រទេស​ជា​សមាជិក ដែល​បច្ចុប្បន្ន​មាន​ប្រទេស​ជាង២០ហើយ​បាន​ចូលរួម​ក្នុង​វេទិកា​ដ៏​ធំ​នេះ”៕

ចំនួន​កាស៊ីណូ​នៅ​ក្រុងព្រះសីហនុ កើនឡើង​ដល់ ៨០កន្លែង

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ស្របពេល​កំនើន​នៃ​ការវិនិយោគ និង​ទេសចរណ៍​កើនឡើង​ខ្លាំង បច្ចុប្បន្ននេះ ចំនួន​កាស៊ីណូ​នៅ​ក្រុងព្រះសីហនុ បាន​កើនឡើង​រហូតដល់​ចំនួន៨០កន្លែង​ហើយ។

យោងតាម​ការសិក្សា​ថ្មី​មួយ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន FURI TIMES SQAUREដែល​បានបញ្ចប់​កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា ទន្ទឹមនឹង​ការកើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ចំនួន ៧០០០ ទៅ ៩០០០នាក់​ក្នុង​មួយថ្ងៃ បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​មាន​កាស៊ីណូ​កើន​ឡើងដល់​ចំនួន៨០ទីតាំង ដែល​ធ្វើ​ឲ្យ​ខេត្ត​នេះ​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ពិសេស​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​ដែល​បានមក​កំសាន្ត និង​ស្វែងរក​ឳ​កាស​វិនិយោគ​នៅក្នុង​ខេត្ត​នេះ។

បច្ចុប្បន្ននេះ​ខេត្ត​ព្រះសីហនុ មាន​ប្រជាជន​រស់នៅ​ជាង៣០ម៉ឺន​នាក់ ខណៈ​កាលពី​កំឡុង​ឆ្នាំ២០១៥ ខេត្ត​នេះ​មាន​មនុស្ស​រស់នៅ​ចំនួន​ប្រមាណ១០ម៉ឺន​នាក់​ប៉ុណ្ណោះ។

ការសិក្សា​ដដែល​បាន​រកឃើញថា ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ទស្សនា​កំសាន្ត​នៅក្នុង​ខេត្ត​នេះ ភាគច្រើន​ចំណាយពេល​ស្នាក់​នៅក្នុង​រយៈពេល​មួយ​សប្តាហ៍ និង​ចំណាយ​ប្រាក់​ប្រហែល១៥០ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ ជួន ណារិន​ ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ជាមួយនឹង​កំណើនប្រជាជន និង​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កំសាន្ត​ក្នុង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ពិសេស​កំលាំង​មាន​សមត្ថកិច្ច​តែង​បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​របស់ខ្លួន គឺ​ការធានា​ឲ្យ​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ពិសេស​អ្នកវិនិយោគ​ឲ្យ​មាន​ភាពកក់ក្តៅ​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល។

លោក​បន្តថា “បា​តុ​ភាគ​តិចតួច​កើតមាន​ជា​រឿង​ធម្មតា ប៉ុន្តែ​មិនមាន​អ្វី​ធ្ងន់ធ្ងរ​គួរ​ឲ្យ​បារម្ភ​នោះទេ ព្រោះ​យើង​បាននិងកំពុង​ធ្វើកា​រយ៉ា​ង​សកម្ម​ដើម្បី​ធានា​ភាពសុខសាន្ត​របស់​ពល​រដ្ឋ​នៅ​មូលដ្ឋាន អ្នក​ទេសចរណ៍ និង​អ្នកវិនិយោគ​នានា”៕