ជិត​ចប់​អាណត្តិ​កា​ទូត​នៅ​កម្ពុជា៖ ទូត​អាមេរិក​ផ្ញើ​សារ​កក់ក្តៅ​ដល់​អ្នកវិនិយោគ​របស់​ខ្លួន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជិត​ចប់​អាណត្តិ​កា​ទូត​របស់ខ្លួន​នៅ​កម្ពុជា លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​បាន​ផ្ញើរ​សារ​កក់ក្តៅ​មួយ ដល់​ក្រុម​អ្នកវិនិយោគ​របស់ខ្លួន​ដែល​ស្វែងរក​ឳ​កាស​វិនិយោគ​នៅ​កម្ពុជា។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក William Heidt បាន​មានប្រសាសន៍​ក្នុង​សន្និសីតសារព៌តមាន​កា​លពី​ថ្ងៃទី២៦ កញ្ញា​កន្លងមក​ថា ទន្ទឹមនឹង​ភាពកើនឡើង​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ពេលនេះ កម្ពុជា​ក៏មាន​ជួប​បញ្ហា​ប្រឈម​ដែរ នូវ​ការធ្លាក់ចុះ​សក្តានុពល​ជាមួយ​ប្រទេស​ក្នុង​តំបន់ ដោយសារ​មាន​ភាព​ប្រកួតប្រជែង​គ្នាច្រើន។ លោក​បន្តថា សម្រាប់​វេទិកា​ថ្ងៃនេះ ក្រុមហ៊ុន​អាមេរិក​នឹង​ជួយ​ឲ្យ​កម្ពុជា​ចៀសផុត ពី​ការព្រួយបារម្ភ​ការ​ភាព​ប្រកួតប្រជែង ក្នុង​ទីផ្សារ​បាន ដោយសារតែ​ក្រុមហ៊ុន​អាម៉េរិក គឺមាន​ជំនាញ​បច្ចេកទេស​ខ្ពស់ ហើយ​ល្អ។

លោក​បន្តថា “នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៃ​សហរដ្ឋអាមេរិក ក៏ដូចជា​ទីក្រុង​ប្រទេស​ដទៃ​ផ្សេងទៀត​ក្នុង​ពិភពលោក គេ​កំពុងតែ​តាមដាន​នូវ​ការវិវឌ្ឍ នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ជិតដិត និង​សង្ឃឹមថា​ក្នុង​រយះពេល​ដ៏​ខ្លី​ខាងមុខ កម្ពុជា​នឹងមាន​ការអភិវឌ្ឍ​កាន់តែខ្លាំង ដែល​សមល្មម​និង​ដល់​ហើយ​សម្រាប់​ក្រុមហ៊ុន​កម្ពុជា ក្នុងការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អាមេរិក ក្នុងការ​ជំរុញ​ឲ្យ​ល្អប្រសើរ​លើ​វិស័យ​កសិកម្ម​នេះ។

វេទិកា​ខាងលើនេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​មានការ​យល់ដឹង​ស៊ីជម្រៅ​ទៅលើ​វិស័យនេះ ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ភាគី​កម្ពុជា ហើយ​ស្វែង​រកមើល​អនាគត​ដៃគូ​វិនិយោគ និង​ពាណិជ្ជកម្ម​ដ៏​មាន​សក្តានុពល។

ក្នុង​ព្រឹ​ត្ត​ការណ៍​នេះដែរ ក្រុម​ប្រតិភូ​ធុរកិច្ច​អាមេរិក​ប្រមាណ២០ក្រុមហ៊ុន ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយចំនួន​របស់​សហរ​ដ្ឋ​អាមេរិក ក៏ដូចជា​ក្រុមហ៊ុន​នៅ​អាស៊ីអាគ្នេយ៍ ដែល​ចែកចាយ​មុខទំនិញសំខាន់ៗ របស់​អាមេរិក​ដទៃ​ដ​ផ្សេងទៀត​បាន​ចូលរួម ដែល​នឹង​រៀនសូត្រ​អំពី​វិស័យផ្សេងៗទាក់ទង​នឹង​កសិកម្ម​កម្ពុជា ដូចជា​ស្រូវ​អង្ករ ចំណី​សត្វ និង​បសុសត្វ និង​វារីវប្បកម្ម ភ្ជាប់​ជា​បណ្តាញ ក្រុម​អ្នកជំនួញ​ក្នុងស្រុក និង​ទស្សនា​ទីតាំង​ផលិតកម្ម​ក្នុង​មូលដ្ឋាន។

ជាមួយគ្នានេះដែរ លោក​ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បានស្នើ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​ជំរុញ​ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យនេះ ដើម្បី​ជំរុញ​ការធ្វើ​ពិពិធ​កម្ម សម្រាប់​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃទៀត៕

ស្រុក​ស្អាង​ចាប់ផ្តើម​រៀបចំ​ប្លង់គោល ដើម្បី​អភិវឌ្ឍន៍​ដោយ​ចីរភាព

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​បានរៀបចំ​ប្លង់គោល​នៅ​ស្រុក​ស្អាង ដើម្បី​ធានាបាន​នូវ​ការប្រើប្រាស់​ដី​សមស្រប និង​អភិវឌ្ឍន៍​ដោយ​ចីរភាព។

លោក​បណ្ឌិត វ៉ាន់ វ៉ាត អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ខេត្តកណ្តាល និង​ជា​អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ប្លង់គោល​ប្រើប្រាស់​ដី និង​ពង្រាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​សាធារណៈ​កាលពី​ថ្ងៃទី២៦ កញ្ញា​កន្លងមក​ថា ការរៀបចំ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី មាន​សារៈសំខាន់​ណាស់​នៅ​ថ្នាក់មូលដ្ឋាន ក្នុងការ​កាន់កាប់​ដី​មាន​សុវត្ថិភាព មាន​យាម​ការ​ច្បាស់លាស់ និង​ការកាន់កាប់​ដីធ្លី​មិន​ជាន់គ្នា ពិសេស​ការកាត់បន្ថយ​ទ​ម្លា​ស់​ព្រំប្រទល់​ដីធ្លី ការធានា​នូវ​តម្លាភាព​កាន់កាប់​ដីធ្លី។

លោក​បន្តថា ការរៀបចំ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី និង​ពង្រាង​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​គឺ​សំដៅទៅ​លើផ្លូវ​ព្រែក ប្រឡាយ អូរ ស្ទឹង បឹង អាងទឹក តំបន់​ការពារ ធ្វើយ៉ាងណា​គឺ​រៀបចំ​ឲ្យ​បានល្អ ដើម្បី​ទុកជា​កេរតំណែល​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​រស់នៅក្នុង​ភាព​ស៊ីវីល័យ សមរម្យ ប្រកបដោយ​បរិស្ថាន​ល្អប្រសើរ សំខាន់​ជាងនេះទៀត ស្រុក​នឹង​អាចធ្វើ​ការប្រឡងប្រណាំង​តាម​គោលការណ៍​របស់​ខេត្ត លើ​ការងារ​រៀបចំ​ប្លង់គោល​នេះ​ផងដែរ។

លោក​បណ្ឌិត វ៉ាន់ វ៉ាត បាន​បន្តថា បញ្ហា​រៀបចំ​ប្លង់គោល​ដីធ្លី​នេះ យើង​មាន​គោលបំណង​ជំរុញ​ការអភិវឌ្ឍន៍​ស្រុក​ឲ្យ​កាន់តែ​ប្រសើរឡើង ស្របតាម​ការផ្តល់​អនុ​សាសន៍​របស់​ឯកឧត្តម​អភិបាលខេត្ត ពិសេស​ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ជំរុញ​ឲ្យ​យើងទាំងអស់គ្នា​សំរេច​តាម​គោលដៅ​ក្នុងការ​អភិវឌ្ឍន​សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន សម្រាប់​បំរើ​ដល់​ការ​រស់​របស់​ប្រជាជន និង​មាន​សារៈសំខាន់​ណាស់​នៅ​ថ្នាក់មូលដ្ឋាន ក្នុងការ​កាន់កាប់​ដី​មាន​សុវត្ថិភាព មាន​យាម​ការ​ច្បាស់លាស់ ការកាន់កាប់​ដីធ្លី​មិន​ជាន់គ្នា ការ​ជាពិសេស​ការកាត់បន្ថយ​ទ​ម្លា​ស់​ព្រំប្រទល់​ដីធ្លី និង​ការធានា​នូវ​តម្លាភាព​កាន់កាប់​ដីធ្លី​ផងដែរ។

អភិបាលស្រុក​ស្អាង លោក ញឹម វណ្ណ​ឌិន​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ការផ្សព្វផ្សាយ​ប្លង់គោល ក្នុងការ​ប្រើប្រាស់​ដី​ឲ្យ​មាន​ប្រសិទ្ធភាព ពិតជា​មាន​សារៈសំខាន់​សម្រាប់​ស្រុក​ទាំងមូល ក្នុងការ​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​សាធារណៈ​រួមមាន ផ្លូវ ព្រែក ប្រឡាយ អូរ ស្ទឹង អាងទឹក តំបន់​ការពារ និង​អភិរក្សផ្សេងៗឲ្យ​បានល្អ​ប្រសើរ ស្របតាម​គោ​លន​យោ​នាយ​របស់​រាជរដ្ឋាភិបាល ដែលមាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​សេនាធិការ​ក្នុងការ​ប្រតិបត្តិ​ផ្ទាល់​អំពី​ដីធ្លី​នេះ។

លោក​បន្តថា ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង់​ដីធ្លី​ឲ្យ​មាន​ប្រសិទ្ធ កា​រៀបចំ​ប្លង់គោល​សម្រាប់​ស្រុក​នៅពេលនេះ គឺជា​ការវិវត្ត​ថ្មី​មួយ ក្នុងការ​អភិវឌ្ឍន៍​នៅក្នុង​មូលដ្ឋាន សម្រាប់​ប្រជាពលរដ្ឋ ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និង​គម្រោង​បង្កើត​ឋាន​សុខដុម​នៃ​ការរស់នៅ លំហែកាយ និង​ការប្រកប​ការងារផ្សេងៗ ជាពិសេស​តាមរយៈ​ការអនុវត្តន៍​ប្លង់គោល​នេះ អាច​កាត់បន្ថយ​នូវ​ទំនាស់​ដីធ្លីផ្សេងៗ ដែល​ធ្លាប់​តែមាន​បញ្ហា​កើតឡើង​ឥតឈប់ឈរ​នៅក្នុង​មូលដ្ឋាននីមួយ៕

ក្រសួង​ដែនដី តម្រូវ​ឲ្យ​ម្ចាស់​ដី​រក្សាទុក​ដី ២៥% សម្រាប់​កសាង​ហេ​ដ្ឋារចនា​ស​ម្ព័​ន្ឋ​សាធារណៈ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​តម្រូវ​ឲ្យ​ម្ចាស់​អចលនទ្រព្យ (ម្ចាស់​ដី) ត្រូវ​រក្សាទុក​ដី ២៥ភាគរយ សម្រាប់​បណ្តាញ​ផ្លូវ​សាធារណៈ​ជា​ចំណាត់ការ​មួយ ដែល​គួរ​ទទួលបាន​ការស្វាគមន៍។

យោងតាម​សេចក្តីប្រកាស​ស្ដីពី​ការអភិវឌ្ឍ​ដី ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី២៥កញ្ញា​កន្លងមក ក្រសួង​បានកំណត់​អោយ​ម្ចាស់​អ​ចនទ្រ​ព្យ ត្រូវតែ​រក្សាទុក​ផ្ទៃដី​ចំនួន២៥ភាគរយ សម្រាប់​បណ្ដាញ​ផ្លូវ​សាធារណៈ ប្រព័ន្ធ​ទឹកស្អាត ប្រព័ន្ធ​លូបង្ហូរទឹក​កង្វក់ លូទឹក​ភ្លៀង បណ្ដាញអគ្គីសនី បណ្ដាញ​ទូរគមនាគមន៍ ប្រព័ន្ធគ្រប់គ្រង​កាកសំណល់ ប្រព័ន្ធគ្រប់គ្រង​អគ្គី​ស​ភ័យ និង​ត្រូវ​រក្សាទុក​ផ្ទៃដី​ចំនួន១០ភាគរយ នៃ​ផ្ទៃដី​សរុប​សម្រាប់​ការរៀបចំ សួនច្បារ​សាធារណៈ កន្លែង​ក្មេង​លេង ទី​ហាត់ប្រាណ​ជាដើម។

ការអភិវឌ្ឍ​ដី​សំដៅលើ​ការរៀបចំ​ដី តាមរយៈ​ការប្ដូរ​ប្រភេទ​នៃ​ការប្រើប្រាស់​ដី ការប្ដូរ​មុខងារ​ដី​តំបន់​ប្រើប្រាស់​ដី ការធ្វើសមាហរណកម្ម​ក្បាលដី ការ​បង្រួម​ក្បាលដី ការ​បំបែក​ក្បាលដី ការកែប្រែ​រចនាសម្ព័ន្ធ​នៃ​ដី រឺ​ការបង្កើន​ដង់ស៊ីតេ​នៃ​ការប្រើប្រាស់​ដី ក្នុង​គោលដៅ​មួយចំនួន​ដូចជា សាងសង់​លំនៅឋាន អាគារ​ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម​ជាដើម។

លោក​ប៉ែន សុផល​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែងថា ការអភិវឌ្ឍ​ដី​នៅតាម​រាជធានី ខេត្ត​ក្នុង​កម្ពុជា មាន​ភាពល្អប្រសើរ​ជាខ្លាំង ស្រប​ពេលដែល​ការអភិវឌ្ឍ​ដី​ធ្វើអោយមាន​ការវិនិយោគ ក៏ដូចជា​ជំរុញអោយមាន​ការរីក​លូតលាស់​សំណង់​អាគារ​កាន់តែច្រើន​ផងដែរ។ តែ​ក្នុងនោះ​ក្នុង​ក៏​ទាមទារ អោយមាន​ការគ្រប់គ្រង​អោយបាន​ល្អ ពី​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​មាន​សម​ត្ថិ​កិច្ច​ដទៃទៀត។

ក្នុង​គោលដៅ​គ្រប់គ្រង​ការអភិវឌ្ឍ​ដី​គ្រប់​ប្រភេទ អោយមាន​ប្រសិទ្ធភាព ស្របតាម​ក្បួនច្បាប់ និង​ធានាបាន​ការអភិវឌ្ឍ ក្រសួង​បានចេញ​ផ្សាយ​នូវ​ប្រកាស​ស្ដីពី ការអភិវឌ្ឍ​ដី​ផងដែរ ដើម្បីអោយ​រាល់​ការអភិវឌ្ឍ​ដី​ទាំងអស់ មាន​ការសុំ​អនុញ្ញាត​តាមច្បាប់​ត្រឹមត្រូវ ក៏ដូចជា​អនុវត្តតាម​ប្រកាស​ស្ដីពី ការអភិវឌ្ឍ​ដី៕

ប្រតិភូ​ធុរជន​អាមេរិក មកដល់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្មើ​ឲ្យ​វិនិយោគ​លើ​ការធ្វើ​ទំនើបកម្ម វិស័យ​កសិកម្ម​កម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក​ប៉ាន សូរ​ស័ក្តិ​បានស្នើ​គណៈប្រតិភូ​ធុរជន​អាមេរិក ធ្វើការ​វិនិយោគ​លើ​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម​កម្ពុជា ឱ្យដល់​កម្រិតស្តង់ដារ​អន្តរជាតិ ដើម្បី​ជំរុញ​ការនាំចេញ​កសិផល​ខ្មែរ ឱ្យបាន​អតិបរមា​ទៅកាន់​ទីផ្សារ​អន្តរជាតិ។

លោក ប៉ាន សូរ​ស័ក្តិ ក្នុងជំនួប​ជាមួយ​ប្រតិភូ​ធុរកិច្ច​អាមេរិក មកពី​ក្រុមហ៊ុនធំៗចំនួន១៦ ដើម្បី​ស្វែងរក​ឳ​កាស​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី២៦ កញ្ញា​នេះ បាន​ជម្រាបជូន​គណៈប្រតិភូ​ធុរជន​អាមេរិក អំពី​ស្ថិរភាព​កំណើនសេដ្ឋកិច្ច និង​សក្តានុពល​នៃ​វិស័យ​កសិកម្ម​កម្ពុជា ព្រមទាំង​បញ្ហា​ប្រឈម​មួយចំនួន ដែល​កម្ពុជា​បាន​កំពុង​ជួបប្រទះ ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​វិនិយោគ​ពី​ផ្នែក​ឯកជន ដើម្បី​ធ្វើ​ទំនើបកម្ម និង​ប្រែក្លាយ​វិស័យ​មួយ​នេះ ឱ្យទៅជា​មូលដ្ឋាន​ផលិតកម្ម​ជាតិ សំដៅ​ធ្វើ​ពិពិធ​កម្ម (ពង្រីក) ការនាំចេញ​ទៅកាន់​ទីផ្សា​រ​ក្នុង​តំបន់ និង​ពិភពលោក។

លោក​រដ្ឋមន្ត្រី បានលើកឡើង​អំពី​អត្ថប្រយោជន៍​នៃ​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា និង​បាន​ជម្រាបជូន​ភាគី​អាមេរិក អំពី​គោលនយោបាយ​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល ចំពោះ​វិនិយោគិន​បរទេស ដូចជា​ការលើកលែង​ពន្ធ​នាំចូល​សម្រាប់​សម្ភារៈ និង​គ្រឿង​បរិក្ខា​កសិកម្ម, ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការសម្រួល​ការនាំ​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្តល់​ដោយ​ប្រទេស​ជា​ដៃគូ។

លោក ប៉ាន សូរ​ស័ក្តិ បាន​លើកទឹកចិត្ត​ប្រតិភូ​ធុរជន​អាមេរិក ចាប់​ដៃគូ​ជាមួយ​ធុរជន​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា តាមរយៈ​ការនាំយក​បច្ចេកវិទ្យាថ្មីៗ ដើម្បី​អភិវឌ្ឍន៍​ខ្សែចង្វាក់​តម្លៃ​កសិផល​របស់​កម្ពុជា និង​ការបង្កើត​កម្មវិធី​បណ្តុះ​បណ្តាល ដើម្បី​ពង្រឹងសមត្ថភាព​វិស័យ​ឯ​ជន និង​លើកស្ទួយ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា។

ការ​មក​ស្វែងរក​ឳ​កាស​វិនិយោគ​របស់​អាមេរិក ត្រូវ​រៀបចំឡើង​ដោយ​ស្ថានទូត​សហរដ្ឋអាមេរិក សហការ​ជាមួយ​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា នៅ​សណ្ឋាគារ Rosewood រាជធានី​ភ្នំពេញ​ដែល​រៀបចំ​ដឹកនាំ​ដោយ​លោក វីល្លាម ហ៊ី​ដ (William Heidt) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​លោក អេ​ឡែ​ន ឌី តាន់ (Allen D. Tan) ប្រធាន​ក្រុមប្រឹក្សាភិបាល​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លាម ហ៊ី​ដ និង​លោក អេ​ឡែ​ន ឌី តាន់ ព្រមទាំង​គណៈប្រតិភូ​ធុរជន​អាមេរិក បាន​សន្យា​ជួយ​សម្របសម្រួល​ការចាប់​ដៃ​គូធ​រុ​កិច្ច​របស់​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ និង​ពិនិត្យ​លទ្ធភាព​ជួយ​គាំទ្រ​ការអភិវឌ្ឍ​សមត្ថភាព​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម ជុំវិញ​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​កសិផល​កម្ពុជា និង​ការធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ។

វិស័យ​កសិកម្ម​កម្ពុជា​កាលពី​ឆ្នាំ២០១៧វិស័យ​កសិកម្ម បានរួម​ចំណែក​នៅក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP) ២៤,៩ភាគរយ។ ទន្ទឹមនឹងនេះ​នៅក្នុង​អំឡុងពេល​ដូចគ្នា ឧស្សាហកម្ម​មាន ៣២,៩ភាគរយ និង​សេវាកម្ម​មាន៤២,២ភាគរយ។ ការចូលរួម​ពី​វិស័យ​កសិកម្ម​ក្នុង​សេដ្ឋកិច្ចជាតិ​បាន​ថយចុះ ដោយសារតែ​កំណើន​លឿន​នៃ​វិស័យ​ពីរ​ផ្សេងទៀត។ ប៉ុន្តែ​ទោះបី​ជាមាន​ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ទីក្រុង ក៏​វិស័យ​ប្រពៃណី​មួយ​នេះ នៅតែ​ដើរតួនាទី​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​ភាគច្រើន៕

ក្រុមហ៊ុន​ចិន គ្រោង​នឹង​វិនិយោគ​សាលារៀន​អន​ឡាញ នៅ​កម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន​ឯកជន​របស់​ចិន បានបង្ហាញ​គោលជំហរ​ក្នុងការ​វិនិយោគ​បង្កើត​សាលារៀន​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​កម្ពុជា ដើម្បីឱ្យ​សិស្ស-និស្សិត​នៅ​កម្ពុជា​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​សិក្សា ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ទំនើប​នេះ ខណៈ​ក្រុមហ៊ុន​ចិន​ក្រុមហ៊ុន​ចិន​មួយ​នេះ​ទទួលបាន​ជោគជ័យ​ខ្ពស់ ក្នុងការ​បង្កើត​សាលា​អន​ឡាញ​នេះ​នៅ​ប្រទេស​ចិន។

លោក ឡៅ ហ៊ឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ​បាន​ថ្លែង​ឲ្យ​ដឹង​ក្រោយ​ជំនួប​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​លោក ជាំ​ង ហាវ​អគ្គនាយក និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Join Capital Investment & Management Co.,LTD លោក វិ​ន ធាន​អ៊ូ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Beijing Hangu Education Technology Co.,LTD និង​លោក ហ៊​ង ហ៊ អគ្គនាយក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ស៊ី​ង​ម៉ឹង ធេ​លី​មី​ឌា ខូ​អ៉ិ​ល​ធី​ឌី​នា​ព្រឹក​ថ្ងៃទី២៦ កញ្ញា​នេះ​ថា ក្រុមហ៊ុន​ចិន​នេះ​នឹង​បង្កើត​សាលា​ឯកជន​នៅ​កម្ពុជា​តាមរយៈ​ការរៀន​តាម​អន​ឡាញ ហើយ​ក្រុមហ៊ុន​នេះ​ក៏​ធ្លាប់​វិនិយោគ​ច្រើន​នៅ​ប្រទេស​ចិន ដែលមាន​ថវិកា​វិនិយោគ​រហូតដល់​រាប់ពាន់​លាន​ដុល្លារ។

លោក​បាន​បន្តថា បើតាម​ការគ្រោងទុករ​បស់​ក្រុមហ៊ុន​ចិន ដែលមាន​ជំនាញ​លើ​ការបង្កើត​សាលា​អន​ឡាញ​នេះ គ្រោង​នឹង​បង្កើត​សាលា​នេះ​នៅ​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ២០១៨នេះ ប៉ុន្តែ​ទោះយ៉ាងណា​ភាគី​ពាក់ព័ន្ធ​ក៏ត្រូវ​ជជែក​ពិភាក្សាគ្នា និង​សុំ​អនុញ្ញាត​ច្បាប់ បំពេញបែបបទ​នានា​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ជំរុញ​ឱ្យ​សាលា​អន​ឡាញ​នេះ​ចេញ​ជា​រូបរាង​ឱ្យបាន​ឆាប់ ខណៈ​ក្រុមការងារ​មួយចំនួន​ដែលជា​ដៃគូ​របស់​ក្រុមហ៊ុន​ខាងលើ ក៏​កំពុងបើក​ការបង្រៀន​សិស្ស​តាម​អន​ឡាញ​ជាបណ្ដើរៗហើយ​ដែរ។

លោក ឡៅ ហ៊ឹម បាន​បញ្ជាក់ថា ការបង្កើត​សាលា​អន​ឡាញ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ធំ ដោយ​ផ្តោតលើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នៅ​កម្ពុជា ឱ្យ​ត្រូវ​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា និយាយ​ដោយឡែក និង​និយាយ​ជារួម នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ទាំងមូល។

លោក​បន្ថែមទៀតថា ពេល​ចាប់ផ្តើម​សាលា​នេះ នឹង​បណ្ដុះបណ្ដាល​មាន​ជំនាញ​បច្ចេកវិទ្យា IT ទេសចរណ៍ ពាណិជ្ជកម្ម គណនេយ្យ និង​ជំនាញផ្សេងៗទៀត ដែល​សាលា​នឹង​ពង្រីក​ជា​បន្តបន្ទាប់​បន្ថែ​ម​ទៀត ដើម្បី​ឱ្យស្រប​នឹង​ស្ថានភាព​អប់រំ ធ្វើយ៉ាងណា​ត្រូវ​នឹង​នីតិវិធី និង​គោលការណ៍​នៃ​វិស័យ​អប់រំ​របស់​កម្ពុជា៕

ដំណឹងល្អៈ កម្ពុជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកធុរកិច្ចថ្មីដាក់ឈ្មោះសម្តេចតេជោ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ: រដ្ឋាភិបាលកម្ពុជាបាន​សម្រេចបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ” (Techo Startup Centre ) ដើម្បីផ្សារភ្ជាប់រវាងអនាគតរបស់ការងារយុវជន និងចក្ខុវិស័យក្នុងយុគសម័យបច្ចេកវិទ្យា ជាពិសេដើម្បីជួយជំរុញឲ្យមានការរីកចម្រើន នៃសហគ្រាសធុនតូច និងមធ្យមនិងធុរកិច្ចថ្មី ស្របតាមនិន្នាការសេដ្ឋកិច្ចឌីជីថល

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងក្នុងកិច្ចប្រជុំនៅទីស្តីការក្រសួងកាលពីថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៨កន្លងមកថា ដើម្បីជួយជំរុញឲ្យមានការរីកចម្រើន ដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីស្របតាមសេដ្ឋកិច្ចឌីជីថល, ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ” គឺត្រូវបានបង្កើតឡើង ដើម្បីផ្សារភ្ជាប់រវាងអនាគតរបស់ការងារយុវជន និងចក្ខុវិស័យក្នុងយុគសម័យបច្ចេកវិទ្យា។

មជ្ឈមណ្ឌលមានទីតាំងនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងផ្តោតលើការពង្រឹងសហគ្រិនភាព តាមរយៈការបង្កើតនិងបណ្តុះ បណ្តាលអ្នកធុរកិច្ចថ្មីៗផ្អែកលើថ្នាលបច្ចេកវិទ្យា ការផ្សារភ្ជាប់ បណ្តាញការងារ ការសិក្សាស្រាវជ្រាវ និងពិគ្រោះយោបល់លើបំណិនសហគ្រិន ពិសេសគាំទ្រដល់យុវជនកម្ពុជាដែលមាននិន្នការចាប់យកបច្ចេកវិទ្យា ឱ្យមានកន្លែងធ្វើការ និងសិក្សាស្រាវជ្រាវជាក្រុម ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានានូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោកបន្តថា “ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ស្តីពីការរៀបចំខ្លួនរបស់កម្ពុជា សម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងបណ្តាញបច្ចេកវិទ្យាឌីជីថលបានបង្កើតឱ្យមានវិសាលភាពសេដ្ឋកិច្ច និងសង្គមថ្មីមួយខុសពីមុន ដែលធ្វើឱ្យមានការផ្លាស់ប្តូរពីការធើ្វពាណិជ្ជកម្មតាមបែបប្រពៃណី មកប្រតិបត្តិការពាណិជ្ជកម្មតាមបណ្តាញអ៊ិនធឺណិត លោកបន្តថាបរិបទថ្មីនេះតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវរៀបចំ និងកែសម្រួលគោលនយោបាយ និងបទបញ្ញត្តិពាក់ព័ន្ធផ្សេងៗ ឱ្យស្របទៅតាមនិន្នាការនេះ ដើម្បីចាប់យកឱកាសជំរុញការរីកចម្រើននៃទីផ្សារធុរកិច្ចបច្ចេកវិទ្យា គ្រប់គ្រងបរិស្ថានធុរកិច្ច ក៏ដូចជាកាត់បន្ថយនូវហានិភ័យ ដែលអាចកើតឡើងជាយថាហេតុដោយបច្ចេកវិទ្យាទាំងនេះ

បច្ចុប្បន្ននិន្នាការសេដ្ឋកិច្ចឌីជីថល ក្នុងប្រទេសកម្ពុជា បានលេចរូបរាងជាបណ្តើរៗ និងបានបង្កើតបានជាសកម្មភាពធុរកិច្ចថ្មីៗ តាមប្រព័ន្ធអ៊ិនធឺណិត ប៉ុន្តែកម្ពុជាមិនទាន់មានយន្តការជាក់លាក់ ក្នុងការប្រមូលចំណូលសារពើពន្ធពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយ ហើយបញ្ហានេះកំពុងតែត្រូវបានគិតគូរ ទាំងក្នុងក្របខណ្ឌសាកលនិងតំបន់លោកអូន ព័ន្ឋមុនីរ័ត្នបញ្ជាក់។

លោកបន្តថា តាមរយៈលទ្ធផលនៃការសិក្សាបឋម កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង ឬដំណើរចាប់ផ្តើម នៃការរៀបចំខ្លួនចាប់យកឱកាសពីសេដ្ឋកិច្ចឌីជីថល ដែលនឹងតម្រូវឱ្យយើងត្រូវគិតគូរជាចម្បង នូវការជួយជំរុញសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិក ឱ្យកាន់តែរីកចម្រើនថែមទៀត ឈានដល់“ដំណាក់កាលរីកចម្រើន” ស្របនឹងនិន្នាការរបស់ប្រទេសផ្សេងៗក្នុងតំបន់។ ប្រជាជនកម្ពុជាជាច្រើន បានកំពុងតែទទួលផលពីការរីកចម្រើននៃបច្ចេក វិទ្យាឌីជីថលនេះ ដូច្នេះកម្ពុជាត្រូវបង្កើតជាបរិស្ថានអំណោយផល ជាប្រព័ន្ធអេកូឡូហ្សី ដែលគាំទ្រដល់ការរីកចម្រើន ដែលរួមមានការ វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងផ្នែករឹង ផ្នែកទន់ និងផ្នែកឌីជីថល រួមទាំង ការវិនិយោគលើធនធានមនុស្ស និងជំនាញឱ្យស្របតាមតម្រូវការទីផ្សារក្នុងប្រទេស និងតំបន់ផងដែរ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះ បានប្រកាសបង្កើតមូលនិធិស​ហគ្រិនភាព ដើម្បីជំរុញនិងលើកទឹកចិត្តដល់សហគ្រិន ពិសេសអ្នកចង់ប្រឡូកក្នុងវិស័យ ជំនួញឲ្យទទួលបានការបណ្តុះបណ្តាល និងមូលនិធិដើម្បីបង្កើតអាជីវកម្មរបស់ពួកគេឲ្យ​ទទួលបានជោគជ័យ៕

លោក​បណ្ឌិត គីម ហ៊ាង បង្ហាញ​ពី​មហិច្ឆតា​នៃ​ការនាំយក​ក្រុមហ៊ុន Keller Williams Cambodia មក​កម្ពុជា

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ លោក​បណ្ឌិត គីម ហ៊ាង បានបង្ហាញ​ប​ហិ​ច្ឆ​តា នៃ​ការពង្រីក​សក្តានុពល​ក្រុមហ៊ុន Keller Williams Cambodia ដែល​លោក​បាន​ទិញយក Master Franchise ពី​សហរដ្ឋអាមេរិក​ម​ក​បើក​ដំណើរការ​នៅ​កម្ពុជា។

មានប្រសាសន៍​ក្នុងពេល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជំនាញ​អចលនទ្រព្យ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា កូរ៉េ​កាលពី​ថ្ងៃទី២៥ កញ្ញា​កន្លងមកនេះ លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែល​បាន​ទិញ Master Franchise របស់​ក្រុមហ៊ុន​នេះ​មក​កម្ពុជា បាន​មានប្រសាសន៍ថា ក្រោយ​បើក​ដំណើរ​ក្រុម Keller Williams Cambodia នឹង​ទទួលបាន​ជោគជ័យ ហើយ​រយៈពេល១០ឆ្នាំ​ខាងមុខ ក្រុមហ៊ុន​នឹងមាន​សមត្ថភាព​គ្រប់គ្រង​ទីផ្សារ ៣០ភាគរយ។

លោក​បាន​អះអាងថា នឹង​ប្រើពេល ៣ឆ្នាំ ដើម្បី​បញ្ជាក់​មូលហេតុ​ក្នុងការ​ទិញយក Master Franchise  ពី​ក្រុមហ៊ុន​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក Keller Williams Realty មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​វិស័យ​ដីធ្លី​កម្ពុជា​កាន់តែ​រីកចម្រើន​បន្ថែមទៀត ។

តាម​គម្រោង​ក្រុមហ៊ុន Keller Williams Cambodia នឹង​បើកសម្ពោធ​ផ្លូវការ នៅ​ខែធ្នូ ឆ្នាំ២០១៨ខាងមុខ ដោយ​ផ្ដើមចេញពី ៤សាខា និង​មាន​ភ្នាក់ងារ ២០០នាក់​ជា​សមាជិក។ អ្វីដែល​ពិសេស​បច្ចុប្បន្ននេះ មាន​ឧកញ៉ា​ដ៏​ធំ​ក្នុងស្រុក​មួយ បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន ទើប​នាំចូល​ពី​សហរដ្ឋអាមេរិក​នេះ ។

លោក គីម ហ៊ាង បាន​បន្តថា មុន​លោក​នាំយក​ក្រុមហ៊ុន​ដីធ្លី​ដ៏​ល្បី​អាមេរិក​មក​កម្ពុជា លោក​បាន​ប្រើពេល​សិក្សា និង​ចរចា​រយៈពេល៥ឆ្នាំ។ ប៉ុន្ដែ​ដោយសារ​នេះ​គឺជា​ក្រុមហ៊ុន​ថ្មី គឺ​ទាមទា​រយៈពេល​យូរ ដើម្បី​បញ្ជ្រាប​ពី​គោលបំណងសំខាន់ៗ ក៏ដូចជា​អត្ថប្រយោជន៍​ដ៏​ច្រើន​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ និង​អ្នករកស៊ី​វិស័យ​ដីធ្លី ដែល​ចង់​ក្លាយជា​សមាជិក ។ តែ​លោក​សុំ​ពេល​រយៈពេល៣ឆ្នាំ ដើម្បី​បង្ហាញ​នូវ​សមិទ្ធិផល​មួយ ដែល​អាច​ផ្លាស់ប្ដូរ​ទីផ្សារ​កម្ពុជា១៨០ឌឺ​ក្រេ ។

ដោយសារ​វិស័យ​សំណង់ និង​អចលនទ្រព្យ​មាន​ភាព​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​បាន​ចូលមក​កាន់​ទីផ្សារ​នេះ ដូចជា ក្រុមហ៊ុន Century21 Cambodia ក្រុមហ៊ុន ERA ក្រុមហ៊ុន Knight Frank ក្រុមហ៊ុន CBRE Cambodia ជាដើម៕

THE RIVIERA បានកែប្រែគំរោងនិងកាត់បន្ថយកំពស់អាគាររបស់ខ្លួន

0

ដោយស៊ីវ ម៉េង

ភ្នំពេញ: នៅទីបំផុតគំរោងសាងសង់អាគារកំពស់៣៨ជាន់ចំនួន៣ និងមានអាងទឹកខាងលើនៃគំរោងRIVIERA នៅទីក្រុងកោះពេជ្របានសម្រេចកែប្រែកំពស់អាគារ និងផ្លាស់ប្តូររចនាសម្ព័ន្ឋអាគាររបស់ខ្លួនហើយ។

ដំបូងឡើយគំរោងនេះគ្រោងសាងសង់អាគារចំនួន៥ ដោយក្នុងនោះអាគារចំនួនពីរមានកំពស់២៨ជាន់(សាងសង់រួច) មានផ្សារទំនើបស្ថិតនៅកណ្តាលគំរោង(ជាប់គាំង)និងសាងសង់អាគារចំនួន៣ទៀត ដែលមានកំពស់៣៨ជាន់ និងមានអាងទឹកខាងលើប្រវែងប្រហែល២០០ម៉ែត្របន្តុបពីលើ។ ប៉ុន្តែរហូតមកដល់ពេលនេះ គំរោងនេះបានបញ្ចប់គ្រោងអាគារចំនួនពីរ ដែលមានកំពស់ជាង២០ជាន់ប៉ុណ្ណោះ និងអាគារមួយទៀតទំ​នងជាមិនសាងសង់នោះទេ។

ប៉ុន្តែក្រោយមកគំរោងនេះ ត្រូវបានទិញយកដោយក្រុមហ៊ុនGREENLAND GROUPមកពីប្រទេសចិន ដើម្បីសាងសង់សណ្ឋាគារប្រណីតកម្រិតផ្កាយ៥។

លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICដែលគ្រប់គ្រងការអភិវឌ្ឍទីក្រុងកោះពេជ្របានថ្លែងថា គំរោងនេះមិនស្ថិតនៅក្នុងដៃរបស់OCICទៀតឡើយ ព្រោះបច្ចុប្ប​ន្នគំរោងនេះក្រុមហ៊ុនផ្សេងបានវិនិយោគ ហេតុនេះសូមសួរទៅកាន់អ្នកវិនិយោគគំរោងនេះ។

Propertyarea.asia មិនអាចទាក់ទងថ្នាក់ដឹកនាំនៃក្រុមហ៊ុន GREENLAND GROUPដើម្បីពន្យល់បានទេ។

អ្នកជំនាញអចលនទ្រព្យកម្ពុជាមួយរូបបាននិយាយមិនបញ្ចេញឈ្មោះថា គំរោងរបស់ចិនមួយចំនួនបានពន្យាពេលសាងសង់ ឬកាត់បន្ថយគំរោងរបស់ខ្លួននៅកម្ពុជា ដោ​យសារតែវិបត្តិនៃសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលធ្វើឲ្យក្រុមហ៊ុនចិនជាច្រើនរងការខាតបង់ ដោយសារសង្រ្គាមពាណិជ្ជកម្មនេះ។

ជាក់ស្តែងគំរោងSINO PLAZA ដែលគ្រោងសាងសង់អាគារពាណិជ្ជកម្ម និងលំនៅដ្ឋានចំនួន៥ ស្ថិតនៅទីតាំងអតីតផ្សារបឹងត្របែក បានផ្អាកសកម្មភាពសាងសង់រយៈពេលប្រមាណ៣ខែរួចមកហើយ៕

លោកហោ ណាំហុង៖ រយៈពេលជាង៥ឆ្នាំចិនវិនិយោគទំហំទឹកប្រាក់ជាង២១ពាន់លានដុល្លារ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តីហោ ណាំហុងបានអះអាងថា រយៈពេលជាង៥ឆ្នាំគិតចាប់ពីឆ្នាំ២០១៣ ដល់ខែកក្កដាឆ្នាំ២០១៨នេះ ចិនវិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង២១ពាន់លានដុល្លារអាមេរិក

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងបែបនេះក្នុងឱកាសចូលរួមអបអរសាទរក្នុងពិធីខួបលើកទី៩ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០១៨កន្លងមកនេះថា ប្រទេសចិនជាដៃគូសំខាន់ក្នុងកិច្ចការអភិវឌ្ឍ ការវិនិយោគក៏ដូចជាផ្ដល់ជំនួយនានានៅកម្ពុជា។ លោកបន្តថា ការវិនិយោគរបស់ចិនបានកែប្រែ និងបង្កើតការងារជាច្រើនដល់កម្ពុជា។ ជាក់ស្ដែងក្នុង៧ខែដំបូងឆ្នាំ ២០១៨ ការវិនិយោគរបស់ចិននៅកម្ពុជា មានទំហំទឹកប្រាក់២,៨ពាន់លានដុល្លារអាមេរិកផងដែរ។ ក្នុងនោះនៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ មានក្រុមហ៊ុនចិនចំនួន១០៧ក្រុមហ៊ុនកំពុង​វិនិយោគ ដោយបង្កើតការងារដល់ពលរដ្ឋកម្ពុជារហូតដល់ជាង២,០០០ពាន់នាក់។

លោកបន្តថា ដោយសារតែភាពជិតស្និទ្ធនៃទំនាក់ទំនងប្រទេសទាំងពីរ ក្រៅពីការវិនិយោគ ប្រទេសចិនក៏ជាប្រទេសមួយផ្ដល់ជំនួយលើវិស័យជាច្រើននៅកម្ពុជា តាមរយៈជំនួយឥតសំណង ហិរញ្ញប្បទានជាកម្ចីអត់ការប្រាក់ រឺការប្រាក់ទាប ព្រមទាំងការវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម័្ពន្ធ ដូចជាកសាងផ្លូវជាតិ ជិត៣ពាន់គីឡូម៉ែត្រ ស្ពានចំនួន៧ទូទាំងប្រទេស សំណង់វារីអគ្គីសនី ព្រមទាំងវិស័យសុខាភិបាល និងវិស័យកសិកម្មផងដែរ

លោកហោ ណាំហុងបានបន្តថា អ្វីកាន់តែពិសេសការរីកចម្រើននៅកម្ពុជា គឺស្របជាមួយនឹងគំនិតផ្ដួចផ្ដើម “ ខ្សែរក្រវ៉ាត់មួយ ផ្លូវមួយ” របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ ហេដ្ឋារចនាសម័្ពន្ធ  ពាណិជ្ជកម្ម ការវិនិយោគ ការផ្លាស់ប្ដូរប្រជាជនជាដើម។

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាលោកស្យង់ ប៉ូបានមាន​ប្រសាសន៍ថា ឆ្នាំ២០១៨គឺជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសចិននិងកម្ពុជា ដែលកើតមានឡើងតាំងពីថ្នាក់ដឹកនាំ របស់ប្រទេសចិនជំនាន់មុន ជាមួយព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុមកម្លេះ។ ហើយថ្នាក់ដឹកនាំសព្វថ្ងៃរបស់ប្រទេសចិន ក៏បានមកទស្សនកិច្ចនៅកម្ពុជា និងជំរុញផ្សារភ្ជាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ដោយមាន គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា ហេដ្ឋារចនាសម័្ពន្ធ សួនឧស្សាហកម្ម និងពង្រីកវិសាលភាពវិស័យទេសចរណ៍ និងវិស័យអប់រំជាដើម៕

CDC អនុម័តគំរោងវិនិយោគចំនួន2 ដែលមានទឹកប្រាក់ជាង 7លានដុល្លារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC បានសម្រេចផ្តល់វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនវិនយោគចំនួន២ ដែលគ្រោងបោះទុនវិនិយោគជាង៧លានដុល្លារ និងផ្តល់ការងារថ្មីប្រមាណជិត៦ពាន់កន្លែង បន្ថែមទៀតនៅក្នុងវិស័យឧស្សាហកម្ម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ដែល Propertyarea.asia ទទួលបាន​នាព្រឹកថ្ងៃទី២៥ កញ្ញានេះបានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនវិនិយោគចំនួន២ផ្សេងៗគ្នា ដោយមានប្រាក់វិនិយោគប្រមាណជាង៧លានដុល្លាអាមេរិក និងត្រូវការកំលាំងថ្មីជិតពាន់កន្លែងបន្ថែមទៀត ខណៈកម្ពុជាបច្ចុប្បន្នមានកំលាំងពលកម្មធ្វើការជាង១លាននាក់ កំពុងបម្រើក្នុងវិស័យឧស្សាកម្ម និងវិស័យផ្សេងៗទៀត។

សេចក្តីប្រកាសព៌តមានដដែលបានឲ្យដឹងថា គម្រោងបង្កើតរោងចក្រថ្មីនោះ រួមមានក្រុមហ៊ុន GIN AN PAPER CO.,LTD. មានគម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,១៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២០៧កន្លែង និងក្រុមហ៊ុន EASY LIFE SHOE CO.,LTD មានគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៣៦លានដុល្លារអាមេរិក និងអាចបង្កើ​តការងារបានចំនួន១,៦០៩កន្លែងផងដែរ។

របាយការណ៍ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៨នេះ វិស័យឧស្សាហកម្មកាត់ដេរ និងស្បែកជើង មានកំលាំងពលកម្មសរុបជាង៨០ម៉ឺន ហើយបើបូករួមជាមួយវិស័យផ្សេងៗទៀត កម្ពុជាមានកំលាំងពលកម្មសរុបជាង១លាននាក់៕