កម្ពុជា និង​ចិន​បង្កើន​ការតភ្ជាប់​ផ្លូវអាកាស

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ កំនើន​នៃ​ការមកដល់​របស់​ភ្ញៀវ​ទេសចរណ៍ និង​ទំហំ​ពាណិជ្ជកម្ម​កើនឡើង បានធ្វើ​ឲ្យ​ការតភ្ជាប់​ផ្លូវអាកាស​កំពុង​កើនឡើង​រវាង​ប្រទេស​កម្ពុជា ចិន ខណៈដែល​កម្ពុជា​រំពឹងថា នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ចិន២លាន​នាក់​នៅ​ឆ្នាំ២០២។

មន្ត្រី​ទទួលបន្ទុក​បង្កើន​ការហោះហើរ​នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា លោក​ពេជ្រ សុ​ប៉ុន​តារា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ការតភ្ជាប់​តាមផ្លូវ​អាកាស​រវាង​ក​ម្ពុ​ជា ចិន​កំពុង​កើនឡើង​ខ្ពស់ ដោយ​បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ចំនួន៥ បាន​ហោះហើរ​ទៅកាន់​គោលដៅផ្សេងៗគ្នា​នៃ​ប្រទេស​ចិន និង​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ប្រមាណ១២បាន​ភ្ជាប់​ជើងហោះហើរ​ពី​ទីក្រុង​នានា មកកាន់​រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ។

លោក​បន្តថា “ការភ្ជាប់​ជើងហោះហើរ​កាន់តែច្រើន បង្ហាញ​ពីស​ញ្ញា​ល្អប្រសើរ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ និង​នាំមក​នូវ​ភ្ញៀវ​ទេសចរណ៍​កាន់តែច្រើន។ លោក​បន្តថា “តាមរយៈ​ការតភ្ជាប់​អាកាសចរណ៍​នានា​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ក្នុង​មូ​យ​ថ្ងៃ​មាន​ជើងហោះហើរ​ប្រមាណ៣៥ទៅ៤០លើក​បាន​ភ្ជាប់​រវាង​កម្ពុជា ចិន។

យោងតាម​របាយការណ៍ របស់​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​បាន​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ន​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មានភ្ជាប់​ជើងហោះហើរ ទាំង​ទៅ​ទាំង​មក​ចំនួន២២០លើក ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ចំនួន២១៩លើក និង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ចំនួន២៤លើក​ក្នុង​មួយថ្ងៃ។

លោក​ហូ វណ្ឌី​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា សកម្មភាព​នៃ​ការហោះហើរ​រវាង​កម្ពុជា ទៅកាន់​ប្រទេស​ចិន និង​ពី​ប្រទេស​ចិន​មក​កម្ពុជា​កំពុង​កើនឡើង​ខ្លាំង ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​យុ​ទ្ឋ​សាស្ត្រ​បើកចំហ​ជើងមេឃ​របស់​រដ្ឋាភិបាល និង​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ។លោក​បន្តថា តាមរយៈ​ការបង្កើន​ជើងហោះហើរ​នេះ បានធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ចិន​កើនឡើង​ខ្លាំង នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍។

លោក​បន្តថា “កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​ភ្ញៀវ​ចិន​ចំនួន១លាន​នាក់​នៅ​ឆ្នាំនេះ កើនឡើង​ពី៨៤ម៉ឺន​នាក់​កាលពី​ឆ្នាំមុន”៕

តើ​អាស៊ាន​បាន​ដើរ​ដល់​ចំណុច​ណា​ហើយ?

ដោយ ៖ វត្ថា 

ភ្នំពេញ៖ ប្រវត្តិសាស្ត្រ​បាន​ផ្លាស់ប្តូរ​សហគមន៍​សេដ្ឋកិច្ច ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ទៅជា​សហគមន៍​សេដ្ឋកិច្ច​ថ្មី​មួយ​កាលពី​ចុងឆ្នាំ២០១៥ ប៉ុន្តែ​សំណួរ​បន្ត​គឺ​តើ​អាស៊ាន​ត្រូវធ្វើ​អ្វី​ទៀត និង​ការធ្វើសមាហរណកម្ម​ក​ន្ល​ង​មក​ទទួលបាន​ជោគជ័យ​បែបណា​នៅតែ​ជា​សំណួរ ដែល​ពិបាក​ឆ្លើយ​នៅឡើយ។

ជាក់ស្តែង​នៅក្នុង​សប្តាហ៍​នេះ មេដឹកនាំ​កំពូល​អាស៊ាន នៃ​ប្រទេស​ជា​ដៃគូ​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​បាន​ចាប់​កាលពី​ថ្ងៃទី១០ ដល់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ទីក្រុង​ម៉ា​នី​ឡា ប្រទេស​ហ្វីលីពីន​ដើម្បី​បន្ត​ស្វែងរក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង ក្រោយ​ប្រធានបទ “ភាពជា​ដៃគូ​សម្រាប់​ការផ្លាស់ប្តូរ​ការចូលរួម​របស់​ពិភពលោក” ឆ្លុះបញ្ចាំង​ពី​ការតស៊ូ​មតិ​របស់​រដ្ឋាភិបាល​ហ្វីលីពីន ដើម្បី​លើកកម្ពស់​សាមគ្គីភាព​ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន និង​ដៃគូ​សកលលោក​របស់ខ្លួន។

គេហទំព័រ Propertyarea.asia សូម​លើកយក​ចំណេះដឹងខ្លះៗ ទាក់ទង​នឹង​ប្រវត្តិ និង​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារៈសំខាន់​មួយ​នេះ។

កិច្ចប្រជុំ​កំពូល​អាស៊ាន (ASEAN Summit) ជា​កិច្ចប្រជុំ​ដែល​រៀបចំ​ធ្វើឡើង​ដោយ​សមាជិក នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ទាក់ទង​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​វប្បធម៌​នៃ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍។

សម្ព័ន្ធមេត្រីភាព​របស់​អាស៊ាន​បច្ចុប្បន្ន មាន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត ដែលមាន​បំណង​ចូលរួម​ក្នុង​បេសកកម្ម និង​ទស្សនៈវិស័យ​របស់​អាស៊ាន និង​ពិភពលោក។ ជាក់ស្ដែង​ក្របខ័ណ្ឌ​ស​ម្ព័​ន​នេះ កំពុង​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត នៅក្នុង​អង្គការ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ដៃគូ​សន្ទនា​អាស៊ាន (ASEAN dialogue partners)។

ប្រជុំ​អាស៊ាន​បូក​បី មាន​ប្រទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង។ កិច្ចប្រជុំ​កំពូល​ផ្លូវការ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ក្នុង​រយៈពេល៣ ថ្ងៃ​ដោយ​មា​កម្មវិធី​ដូចជា ទី១ កិច្ចប្រជុំ​មេដឹកនាំ​រៀបចំ​កិច្ចប្រជុំ​ស្ថាប័ន​ផ្ទៃក្នុង ទី២ មេដឹកនាំ​អាស៊ាន​រៀបចំ​សន្និសីទ​មួយ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​នៃ​វេទិកា​តំបន់​អាស៊ាន ទី៣ មេដឹកនាំ​នៃ​ដៃគូ​សន្ទនា​អាស៊ាន​ទាំង៣ (អាស៊ាន+៣) ដូចជា​ប្រទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​រៀប​ខំ​ធ្វើ​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន ទី៤ និង​កិច្ចប្រជុំ​ដាច់ដោយឡែក​មួយ​ត្រូវបាន​កំណត់ សម្រាប់​មេដឹកនាំ​ដៃគូ​សន្ទនា​អាស៊ាន២ (ក៏ត្រូវ​បាន​គេ​ស្គាល់​ថា​អាស៊ាន + CER) ដែលមាន​ឈ្មោះថា​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់។

ប្រវត្តិ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន

កិច្ចប្រជុំ​កំពូល​អាស៊ាន ត្រូវបាន​ចាប់ផ្តើម​ប្រជុំ​លើកដំបូង នៅ​ខែកុម្ភៈ​ឆ្នាំ១៩៧៦ នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី។  នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​អាស៊ាន​បានបង្ហាញ​នូវ​ការត្រៀមខ្លួន​ដើម្បី “អភិវឌ្ឍន៍​ទំនាក់ទំនង​ប្រកបដោយ​ផ្លែផ្កា” និង​កិច្ចសហប្រតិបត្តិការ ដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់។  មេដឹកនាំ​អាស៊ាន​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍។

នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ាឡេស៊ី​នៅ​ឆ្នាំ១៩៧៧ គឺជា​ឱកាស​សម្រាប់​កិច្ចប្រជុំ​កំពូល​លើកដំបូង​រវាង​ជប៉ុន​និង​អាស៊ាន។ ជប៉ុន​បាន​សម្តែង​គោលបំណង​របស់ខ្លួន​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន។

នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៩កិច្ចប្រជុំ​នៅ​ថ្ងៃទី៧ ខែតុលា​ឆ្នាំ ២០០៣ នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី។ មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​មួយ ដែល​គេ​ស្គាល់​ថា​ជា​កោះ​បាលី​កុងស៊ុល​ទី២ ដែល​ពួកគេ​បាន​ព្រមព្រៀងគ្នា ដើម្បី​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ឱ្យបាន​ជិតស្និទ្ធ​នៅ​ឆ្នាំ២០២០៕

ចំណុចសំខាន់ទាំង3 ដែលអ្នកគួរធ្វើនៅពេលចេញធ្វើជំនួញអចលនទ្រព្យ

Handing Over the House Keys in Front of Sold New Home Against a Blue Sky

សម្រួលដោយ ៖ រ៉ាវី

ភ្នំពេញ ៖ ស្របពេលដែលគេមើលឃើញថា កម្ពុជាកំពុងតែមានភាពរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ បានជម្រុញឱ្យមានការកើនឡើងនូវក្រុមហ៊ុនវិនិយោគ ភ្នាក់ងារអចលនទ្រព្យ ក៏ដូចជាអ្នកស្វែងរកកម្រៃជើងសារជាច្រើន ។ ប៉ុន្តែបើទោះជាអ្នកទាំងនោះបានសម្រេចចិត្តចេញមកប្រកបជាមួយអាជីពមួយនេះក៏ដោយ តែភាពជាក់ស្តែងត្រូវបានគត់សម្គាល់ឃើញថា ក្នុងចំណោមអ្នកទាំងនោះ គឺមានមួយចំនួនអាចសម្រេចបានភាពល្អប្រសើរ និងរីកចម្រើនទទួលបានប្រាក់ចំណេញពីការវិនិយោគ ដោយឡែកក៏មានមនុស្សមួយក្រុមទៀត ជួបភាពបរាជ័យលើការធ្វើជំនួយក្នុងវិស័យមួយនេះទៅវិញ ។ យ៉ាងណាក៏ដោយ ភាពបរាជ័យ និងភាពជោគជ័យទាំងនោះ ត្រូវបានគេលើកឡើងថា គឺមានការជាប់ព័ន្ធទៅនឹងចំណុចធំៗចំនួន3 ដែលវាជាគ្រឹះក្នុងការប្រកបជំនួញទិញ-លក់អចលនទ្រព្យ ។ ដូច្នេះ ដើម្បី​ឈរជើង និង​រកស៊ី​បានយូរ​នៅក្នុង​វិស័យ​អចលនទ្រព្យ អ្នក​ត្រូវតែមាន​ភាព​ឆ្លាត​វៃ​បំផុត​ក្នុង​ការបង្កើត​ទំនាក់ទំនង និង​ចេះ​វាយតម្លៃ​ទៅលើ​អចលនទ្រព្យ។ តើ​អ្នក​គួរតែ​យល់ដឹង​អ្វីខ្លះ​នៅក្នុង​វិស័យ​អចលនទ្រព្យ?

Handshakes with customer after contract signature

 

ស្វែងយល់ឱ្យបានច្បាស់ពី​តម្លៃ​ជាក់ស្ដែងក្នុងស្រុក ៖ នេះ​ជា​កិច្ចការ​ដំបូង​ដែល​អ្នក​ត្រូវ​ដឹង​តម្លៃ​អចលនទ្រព្យ​ក្នុងពេល​បច្ចុប្បន្ន នៅក្នុង​តំបន់នីមួយៗក្នុងប្រទេស​របស់​អ្នក ជាពិសេស​គឺ​តំបន់​កំពុងអភិវឌ្ឍន៍ និង​តំបន់​គ្រោង​អភិវឌ្ឍន៍ នៅពេលដែល​អ្នកដឹង​ពី​តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​ណាមួយ​ច្បាស់ នោះ​អ្នកនឹង​ងាយស្រួល​ក្នុង​ការលក់ ឬ​ទិញ ដោយ​ទទួលបាន​ផលចំណេញ​ច្រើន។ អ្នក​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា តម្លៃ​នៃ​អចលនទ្រព្យ​មួយ​នេះ វា​នឹង​កើន​តម្លៃ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នៅពេល​ខាងមុខ ជាពិសេស​ត្រូវ​ដឹងថា ហេតុអ្វី​តំបន់​នេះ​មានការ​អភិវឌ្ឍន៍​ច្រើន ប៉ុន្តែ​តម្លៃ​នៃ​អចលនទ្រព្យ​មិន​កើនឡើង​សោះ?

សម្លឹងទៅ​តំបន់​ជាយក្រុងដែលមានសក្ដានុពល ៖ ជាការ​ពិតណាស់ នៅពេល​ការអភិវឌ្ឍន៍​ក្នុង​ក្រុង​កាន់តែ​តូចទៅៗ នោះ​ក្រុម​អ្នកវិនិយោគ​នឹង​ងាក​ទៅ​ជាយក្រុង​វិញ​ម្ដង ដូច្នេះ អ្នក​ត្រូវ​ដឹងថា បច្ចុប្បន្ន​តើ​ការអភិវឌ្ឍន៍​នៅក្នុង​ទីក្រុង​ដល់​កម្រិតណា​ហើយ ហើយ​វា​នឹង​ជះឥទ្ធិពល​ទៅដល់​ជាយក្រុង​នៅពេលណា? នៅពេលដែល​អ្នក​ដឹងថា តំបន់​ជាយក្រុង​ណាមួយ នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​នោះ នោះ​អ្នកនឹង​មើលឃើញ​ពី​ការរកស៊ី និង​ទទួលបាន​ផលចំណេញ​ពី​ការរកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​មួយ​នេះ។

តាមដាន​ព័ត៌មានផ្សេងទៀតដែលពាក់ព័ន្ធ ៖ ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ស្ថាប័នឯកជន ឬ​ ស្ថាប័នរដ្ឋ ដើម្បី​ទទួលបាន​ព័ត៌មាន​នានា លើ​វិស័យ​អចលនទ្រព្យ ព្រោះ​អ្នកនឹង​ដឹងថា តំបន់​ណា​នឹង​ក្លាយជា​តំបន់​អ​ភ​វិ​ឌ្ឍ​ន៍ តំបន់​ណា​នឹងត្រូវ​រដ្ឋាភិបាល​កាត់​ធ្វើជា​របស់​រដ្ឋ។ មួយទៀត ការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ស្ថាប័នរដ្ឋ អ្នកក៏​អាចនឹងទទួល​បាន​ផលចំណេញ​ច្រើន ព្រោះ​នៅពេល​មាន​ក្រុម​វិនិយោគ​មក គេ​អាច​នឹង​រុញច្រាន​គម្រោង​ណាមួយ​ឱ្យមក​អ្នកក៏ថាបានដែរ ។

ដូច្នេះ សម្រាប់លោកអ្នកដែលចង់ធ្វើការវិនិយោគ ឬធ្វើជំនួញក្នុងវិស័យអចនទ្រព្យគម្បីធ្វើការសិក្សាលម្អិតទៅលើចំណុចគ្រឹះទាំង3ខាងលើនេះ ៕

កម្ពុជាកំពុងឆ្ពោះទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់

ដោយ ៖  គង់ សូរិយា

ភ្នំពេញ ៖ ការពង្រឹងធនធានមនុស្ស និងការពង្រឹងភាពម្ចាស់ការក្នុងការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខ្លួន គឺជាការចូលរួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 ។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហ៊ាន សាហ៊ីប បានលើកឡើងនៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពីភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជនកាលពីម្សិលម៉ិញនេះថា កម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រ មកជាប្រទេសមានប្រា​ក់ចំណូលមធ្យមកម្រិតទាប ក្នុងនោះកម្ពុជាកំពុងបន្តកិច្ចខិតខំប្រឹងប្រែងប្រែក្លាយខ្លួនទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ នេះជារបត់ថ្មីមួយទៀត ដែលកម្ពុជាត្រូវពង្រឹងកិច្ចម្ចាស់ការក្នុងការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេ​សការពង្រីកនូវផ្នែកចំណេះដឹងឲ្យមានច្រើនសំបូរបែប។ លោកបានបន្តថា ក្នុងស្មារតីនេះ កម្ពុជាបានរៀបចំឯកសារគោលនយោបាយ ស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ 2016 – 2020 ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ពន្ធសាធារណៈ សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងតំបន់និងសកលលោក។

លោក ហ៊ាន សាហ៊ីប បានបន្តថា ការពង្រីកចំណេះដឹងនេះដែរ កម្ពុជាកំពុងមានសេចក្តីត្រូវការ ក្នុងការស្វែងយល់បន្ថែមនូវឧត្តមនុវត្តន៍ និងការផ្លាស់ប្តូរបទពិសោធន៍ជាអន្តរជាតិ ក្នុងការអនុវត្តលើភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ពិសេសក្នុងវិស័យហេដ្ឋរចនាសម្ពន្ធផ្លូវ ស្ពាន ថាមពល ជាដើម សម្រាប់ចូលរួមចំណែក ជួយជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ សំដៅដល់ប្រទេសដែលប្រជាជនម្នាក់ៗ មានប្រាក់ចំណូលចាប់ពីជាង 4,800 ដុល្លារ ដល់ 12,000 ដុល្លារ​អាមេរិកក្នុងមួយឆ្នាំ។

 

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​បានថ្លែងថា​ ផ្អែកតាមសូចនាករសេដ្ឋកិច្ចកម្ពុជាអាចឲ្យយើងព្យាករណ៍ថា រដ្ឋាភិ​បាលកម្ពុជានឹងសម្រេចបានក្នុងការនាំប្រទេសទៅកាន់ប្រទេសមានប្រាក់ចំណូ​លមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 ។ លោកបន្តថា ការព្យាករណ៍នេះផ្អែកលើមូល​ដ្ឋានវិទ្យាសាស្រ្តច្បាស់លាស់ មិនមែនចេះតែលើកឡើងនោះទេ ហើយលោកជឿ​ជាក់លើសមត្ថភាពធនធានមនុស្សរបស់កម្ពុជា ដែលបាននិងកំពុងធ្វើការងារនេះ។

លោកបន្តថា “ផ្អែកលើមូលដ្ឋាននៃសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាន កម្ពុជាពិតណាស់នឹងសម្រេចបាននូវគោលដៅរបស់ខ្លួននៅឆ្នាំ​ 2030 ក្នុងនាមជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់” ៕

ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តកោះកុង កំពុង​ចាប់ផ្តើម​សាងសង់

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​មួយទៀត ស្ថិតនៅ​ដែន​មហាសាគរ​កម្ពុជា បាននិងកំពុង​សាងសង់​យ៉ាងសកម្ម​ហើយ​នាពេលនេះ ដែល​នេះ​ជា​មូលដ្ឋាន​នៃ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច សង្គម​កម្ពុជា។

អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់​សិរី​វុត្ថា​បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១៤ វិច្ឆិកា​នេះ​ថា ភាគី​ក្រុមហ៊ុន​សាងសង់​ព្រលានយន្តហោះ​នេះ បាន​មកជួប​ជាមួយ​មន្ត្រី​ជំនាញ និង​មន្ត្រីជាន់ខ្ពស់​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​ចំនួន​ពីរលើក​មកហើយ ដើម្បី​បង្ហាញ​ពី​គំរោង​របស់​ពួកគេ និង​សកម្មភាព​នៃ​ការចាប់ផ្តើម​គំរោង​នេះ។ លោក​បន្តថា ព្រលានយន្តហោះ​នេះ​សាងសង់​លឿន ឬ​យឺត​អាស្រ័យ​លើ​ល្បឿន នៃ​ការអភិវឌ្ឍន៍​រមណីយ​ដ្ឋា​ន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ពួកគេ​នៅក្នុង​ស្រុក​ថ្មបាំង និ​បុ​ទុម​សាគរ​ក្នុង​ខេត្តកោះកុង។

ក្រុមហ៊ុន Tianjin Union Development Group បានទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ជាង ៥ម៉ឺន​ហិកតា ដែល​គ្របដណ្តប់​ស្រុក​ស្រុក​ពីរ​របស់​ខេត្តកោះកុង ជា​អ្នក​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ។ ក្រុមហ៊ុន​នេះ​គ្រោង​បោះទុន​វិនិយោគ​ប្រមាណ ៥០០០លាន​ដុល្លារ​អាមេរិក។

លោក ស៊ិន ចាន់​សិរី​វុត្ថា បាន​បន្តថា សកម្មភាព​ឈូសឆាយ​ទីតាំង​សាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ បានចាប់ផ្តើម​តាំងពីដើម​ឆ្នាំនេះ ប៉ុន្តែ​សកម្ម​ភា ព​ហាក់​មានភាពយឺតៗ ដោយសារ​រដូវភ្លៀង ប៉ុន្តែ​នៅពេល​បញ្ចប់​រដូវភ្លៀង​សកម្មភាព​នៃ​ការសាងសង់​នឹងត្រូវ​ព​ន្លឿ​ន​ហើយ។

ទោះជា​យ៉ាងណា​តាម​ព៌​ត​មាន​របស់​ក្រុមហ៊ុន​នេះ នាពេល​កន្លងមក​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត នូវ​គំរោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Tianjin Union Development Group ជា​ក្រុមហ៊ុន​ដែល​បាន និង​កំពុង​វិនិយោគ​លើ​រមណីយដ្ឋាន​ទេសចរណ៍​លំដាប់​អន្តរជាតិ​នៅ​ខេត្តកោះកុង។

តំណាង​ក្រុមហ៊ុន Tainjin Union Development Group លោកស្រី ប៊ែ​ល​ឡា ហ្សា​ង ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការធ្វើ​ផែ​ម​ការសាងសង់​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​នេះ បានបញ្ចប់​ហើយ និង​កំពុង​ត្រៀម​រៀបចំ​ផែនការ​ដើម្បី​ធ្វើការ​សាងសង់។ ព្រលានយន្តហោះ​នេះ អាច​ទទួល​អ្នកដំណើរ​បាន ១០លាន​នាក់​ក្នុង​មួយឆ្នាំ និង​អាច​ចុះចត​យន្តហោះ​ខ្នាត​ធំ Boeing A380 ហើយ​ក្រុមហ៊ុន​បានធ្វើការ​សិក្សា​ពី​ភូមិសាស្ត្រ និង​កំណត់​ទីតាំង​សម្រាប់​ព្រលានយន្តហោះ​នេះ​រួចហើយ។

តាម​ព័ត៌មាន​របស់​ក្រុមហ៊ុន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​ដំណើរកា​រ​គំរោង​រមណីយដ្ឋាន លំដាប់​ប្រណីត​នៅ​ខេត្តកោះកុង​រួចហើយ ដែល​រួមមាន​សណ្ឋាគារ​លំដាប់​ផ្កាយ៥ភោជនីយដ្ឋាន ទីលាន​វាយ​កូន​ហ្គោល​លំដាប់​អន្តរជាតិ​ជាដើម។

ទីប្រឹក្សា​សភាពាណិជ្ជកម្ម​កម្ពុជា​លោក​ហូ វណ្ឌី​បាន​ថ្លែងថា ការ​មាន​ព្រលានយន្តហោះ​ថ្មី​មួយទៀត នឹង​ហុច​សក្តានុពល​សម្រាប់​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា ជាពិសេស​ផ្តល់​ឲ្យ​មាន​ជម្រើស​កាន់តែច្រើន​ថែមទៀត សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​នានា ដែល​អាច​ហោះហើរ​ត្រង់​មក​កម្ពុជា ហើយ​ប្រសិនជា​ព្រលាន​ថ្មី​នេះ​មាន​ស្តង់ដា​អន្តរជាតិ វា​នឹង​អាច​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​មកពី​ប្រទេស​ថៃ និង​ខេត្ត​របស់​ថៃ​ដែល​ជាប់​នឹង​កម្ពុជា អាច​ភ្ជាប់​បណ្តាញ​ហោះហើរ​ទៅវិញទៅមក។

លោក​បន្តថា “ខ្ញុំ​ស្វាគមន៍​គំរោង​វិនិយោគ​ដ៏​ល្អ​នេះ ដែល​វា​នឹង​ជួយ​ជំរុញ​កំនើនសេដ្ឋកិច្ច និង​ទាក់ទាញ​ទេសចរណ៍​មក​ទស្សនា​កម្ពុជា កាន់តែច្រើន​ថែមទៀត។

ការវិនិយោគ​នេះ​ជា​ផ្នែក​មួយ​នៃ​វិថី​សូត្រ ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​របស់​ប្រទេស​ចិន មក​កម្ពុជា ដែល​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ បាន​គាំទ្រ​គ្នា​ទៅវិញទៅមក ហើយ​កម្ពុជា​រំពឹងថា នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ចិន២លាន​នាក់​នៅ​ឆ្នាំ២០២០ខាងមុខនេះ៕

ធ្វើ​តាម​វិធី​សាស្រ្ត​ទាំង​នេះ ​ទើប​ លក់​អចលនទ្រព្យ​បាន​ដាច់​លឿន​

ដោយ ៖ ដែន ចែងចាំង 

          ក្នុងពិភពនៃការទិញ-លក់អចលនទ្រព្យ អ្នកជំនាញមានវិធីសាស្រ្តផ្សេងៗគ្នាក្នុងការផ្សព្វផ្សាយ និងចចារជាមួយអតិថិជនរបស់ខ្លួន ដើម្បីឲ្យអចលនទ្រព្យរបស់​ខ្លួនលក់ដាច់លឿន។ វាមិនមែនជាការងាយស្រួលដូចត្រឹមការនិយាយនោះទេ តែវិធីសាស្រ្តមួយចំនួនខាងក្រោមនេះទំនងជាមួយលោកអ្នកបាន។

​បញ្ជី​គុណភាព​

យោងតាមការ​សិក្សា​ស្រាវជ្រាវមួយដែលធ្វើឡើងដោយសមាគមជាតិ​ភ្នាក់​ងារ​អចលនទ្រព្យ (​អាមេរិក​) កាលពីពេលថ្មីៗនេះបាន​រកឃើញថា ​ការស្រាវជ្រាវ​ដែល​ទាក់ទង​នឹង​អចលនទ្រព្យ​នៅ​ក្នុង Google.com បាន​កើនឡើង​ 253 ​ភាគរយ នៅ​ 4​ ឆ្នាំ​ចុង​ក្រោយនេះ​ ហើយ​នៅ​ពេល​នេះប្រមាណ​​ 90 ​ភាគរយ នៃមានបំណងទិញផ្ទះ បានប្រើប្រាស់​អ៊ីនធឺណិត ដើម្បី​ធ្វើការ​ស្វែងរក​ទិញ​ផ្ទះរបស់ពួកគេ។

ការ​ស្រាវជ្រាវ​ថ្មីពី We Are Social របស់​សិង្ហ​បុរីក៏បាន​រក​ឃើញផងដែរ​ថា ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា បាន​កើន​ឡើង 400 ​ភាគរយនៃ​ចន្លោះ​ឆ្នាំ​2015 និង 2016 ​។

ដោយ​សារ​ការ​កើន​ឡើង​យ៉ាង​រហ័ស​ នៃ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ប្រទេស​ កម្ពុជា ដែល​បាន​កើន​ឡើង​ដល់​ទៅ 6,70 ​លាន​នាក់​ នៅ​ក្នុង​ឆ្នាំ​ 2016កន្លងមកនេះ បញ្ជី​រគុណភាព​អចលនទ្រព្យ ​ក៏​បាន​ក្លាយ​ទៅ​ជា​រឿង​ដែល​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​។

ដំបូន្មាន​ដើម្បី​ទទួល​បាន​បញ្ជី​គុណភាព​ខ្ពស់​

ការបង្ហោះ​រូប​ភាព

រូបភាពបង្ហោះ គុណភាព និងសោភ័ណភាពនៃរូបភាពមានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញទឹកចិត្តអតិថិជន ព្រោះ​ថារូប​មួយ​សន្លឹក​មាន​ន័យ​រាប់មិនអស់ ។ វា​មាន​សារៈសំខាន់​ណាស់ ដោយ​រូប​ដែល​អ្នក​បង្ហោះ គឺជា​រូប​នៃ​អចលនទ្រព្យ​ដែល​អ្នក​កំពុង​លក់​ពិតប្រាកដ​មែន ដោយ​សារ​រូបនេះ​អាច​បង្ហាញ​ពី​ភិនភាគ​ពិតៗ នៃ​អចនលទ្រព្យ​ទៅ​កាន់​អ្នក​ទិញ​។

​សរសេរ​ពិពណ៌នាពីអចលនទ្រព្យរបស់អ្នក

​            អ្នកលក់អចលនទ្រព្យ អាចផ្តល់​ព័ត៌មាន​លម្អិត​ឲ្យ​បាន​ច្រើន តាម​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន នៅ​ពេល​ដែល​អ្នក​សរសេរ​ពិពណ៌នា​បញ្ជី​គុណភាព​។ សាក​ស្រមៃ​ថាខ្លួន​អ្នកជា​អ្នកទិញ​។ តើ​អ្នក​នឹង​ចង់​បាន​គុណភាព​យ៉ាង​ណា​ខ្លះ​ពី​អចលន​ទ្រព្យ​មួយ​នេះ​។

ផ្តល់​ព័ត៌មាន​ទំនាក់​ទំនង​ដែលល្អបំផុត

ការផ្សព្វផ្សាយបស់​អ្នក​នឹង​មិន​បាន​ផល​ប្រយោជន៍អ្វី​នោះ​ទេ ប្រសិន​បើ​គេ​មិន​អាច​ទាក់ទង​អ្នក​បាន​។ ហេតុនេះហើយទើបអ្នក​ត្រូវ​ធានា​ថា ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​ជាមួយ​អ្នក​មាន​ភាព​ល្អ និងផ្តល់ភាពជឿជាក់បំផុត ​។ ចុះ​លេខ​ទូរស័ព្ទ​ពីរ​ខ្សែ និង​អាសយដ្ឋាន​អ៊ីមែល ប្រសិន​បើ​ពេល​ខ្លះ​អ្នក​មិន​មាន​ពេល​លើក​ទូរស័ព្ទ​។

ត្រូវធានាគុណភាពអចលនទ្រព្យរបស់អ្នកល្អបំផុត

​            ធម្មតាទេ ការលក់ផលិតផលអ្វីមួយ មិនត្រឹមតែទាមទារផលិតផលនោះមានគុណភាពនោះទេ តែក៏ត្រូវមានការផ្សព្វផ្សាយឲ្យបានល្អផងដែរ។ ហេតុនេះ​ចំណង​ជើង​អចលនទ្រព្យ ជា​ភាសា​ខ្មែរ និង​អង់គ្លេស ឬភាសាចិន អ្នកត្រូវតែធ្វើ​វា​ឲ្យបាន​ល្អ​។ ប្រសិន​បើ​វា​មាន​ភាព​សាមញ្ញ ងាយយល់ នោះ​គេ​នឹង​រក​ឃើញ​អចលនវត្ថុ​របស់​អ្នក​មុន​គេ​។

ការដាក់​តម្លៃអចលទ្រព្យរបស់អ្នក​

​            ការដាក់តំលៃទាមទារឲ្យមានការប្រុងប្រយ័ត្នបំផុត ព្រោះបើអចលនទ្រព្យរបស់អ្នកដាក់តំលៃខ្ពស់ពេក អចលនទ្រព្យរបស់អ្នក នឹងមិនទទួលបានការចាប់អារម្មណ៍នោះទេ។ ប្រសិន​បើ​តម្លៃ​នោះ​អាច​តថ្លៃ​បាន អ្នក​គួរ​តែ​ធានាថា គេ​អាច​ដឹង​តាម​រយៈ​ការ​ពិពណ៌នា​របស់​អ្នក​។

ប្រសិន​បើ​លក្ខខណ្ឌ​នៃ​ការទិញ ឬ​ជួល​អាច​តថ្លៃ​បាន អ្នក​ក៏ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​ដឹង​តាម​រយៈ​ការ​ពិពណ៌នា​របស់​អ្នក​ផង​ដែរ​។

ការឆ្លើយ​តប​ជាមួយ​នឹង​ការ​សាកសួរ​រក​ទិញ​ឲ្យបានសមស្រប​

ការឆ្លើយតបលឿនមានសារៈសំខាន់ណាស់ នៅ​ពេល​ដែលអ្នកទទួលបានការ​ចាប់អារម្មណ៍សាកសួរពីអតិថិជនរបស់អ្នក។ អ្នក​គួរ​តែ​ឆ្លើយតប​ជា​មួយ​នឹង​ពួក​គេ​ឲ្យ​បាន​លឿន​បំផុត​។ ប្រសិន​បើ​អ្នក​មិន​ឆ្លើយតប​លឿន​ទេ ​នោះ​ពួក​គេ​នឹង​រក​មើល​វត្ថុ​ថ្មី​ទៀត និង​អ្នក​លក់​ថ្មី​ទៀត​ដែល​យក​ចិត្ត​ទុកដាក់​នឹង​ពួក​គេ​។

ការ​បង្កើត​បញ្ជីរ​ថ្មី​មួយ​នៅក្នុង Realestate.com.kh មាន​ភាព​ងាយ​ស្រួល​យ៉ាង​ខ្លាំង ទោះ​បី​ជា​អ្នក​លក់​ឯកជន ម្ចាស់​ដី ឬ​ភ្នាក់ងារ​អចលនទ្រព្យ​។ អ្នក​អាច​លក់​ដោយ​ខ្លួន​ឯង​បាន ហើយ​ពួក​យើង​មិន​យក​កម្រៃ​ជើង​សា​រនោះ​ឡើយ​។

ការធ្វើ​ឲ្យ​បញ្ជី​របស់​អចលនទ្រព្យរបស់អ្នកកាន់តែប្រសើរ

ដោយសារបច្ចុប្បន្ន ​អ្នក​អាច​ធ្វើ​ឲ្យ​បញ្ជី​អចនលទ្រព្យ​សម្រាប់​លក់ ឬ​ជួល របស់​អ្នក​ឲ្យ​ប្រសើរ​ឡើង ដោយ​ដាក់​វានៅជាមួយវេបសាយអចលនទ្រព្យមួយចំនួនតូច ដែលមាននៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏អ្នកអាច​ចំណាយ​ត្រឹម​តែបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីឲ្យអចលនទ្រព្យរបស់អ្នកទទួលបានការចាប់អារម្មណ៍ និងមើលឃើញលឿន៕

ក្រុមហ៊ុន​ចិនធំៗចំនួន​ពីរ ប្តេជ្ញា​ជួយ​បង្កើន​ការនាំចេញ​អង្ករ​ពី​កម្ពុជា​បន្ថែមទៀត

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​កម្ពុជា បាន​ថ្លែ​ឲ្យ​ដឹង​នៅ​ថ្ងៃទី នៅ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ​ថា តំណាង​ក្រុមហ៊ុន​ចិនធំៗចំនួន​ពីរបាន​ប្តេជ្ញា​ចិ​តេ្ត​របស់​ខ្លួ​ក្នុង​ការជួយជ្រោមជ្រែង ដើម្បី​បង្កើន​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ប្រទេស​ចិន បន្ថែម​លើ​កូតា ដែលមាន​ស្រាប់ សំដៅ​ធ្វើយ៉ាងណា​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុង​វិស័យ​ស្រូវ-អង្ករ​របស់​ប្រទេស​កម្ពុជា ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​ចំនួន​ពីរ នៃ​ប្រទេស​កម្ពុជា រួមមាន ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម ប៉ាន់ សូរ​សក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន​វិស័យ​ឯកជន ចិន​ចំនួន​ពីរ គឺ​ភាគី​ចិន មាន ឯកឧត្តម LIU Liange ប្រធាន​ធនាគារ​នីហរ័ណ-អាហរ័ណ​ចិន និង លោក WANG Jiong ប្រធាន​ក្រុមហ៊ុន CITIC Group នៅលើ​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ។

ចំណែក​ការចុះ​អនុស្សរណៈ យោគយល់​គ្នា​ផ្សេង​មួយទៀត គឺ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម​ដ៏​ដែល ជាមួយ​ភាគី​ចិន តំណាង​ដោយ​ក្រុមហ៊ុន CITIC Construction Co., Ltd. និង​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation ដោយមាន​គោលបំណង​កំណត់​មូលដ្ឋាន​សម្រាប់​រៀបចំ និង​អនុវត្ត​គម្រោង រួមមាន​ការសាងសង់ ប្រតិបត្តិការ និង​ការថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​គម្រោង។

គោលបំណង​នៃ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺ​ដើម្បី​កំណត់​ចំណុចសំខាន់ៗពាក់ព័ន្ធ នឹង​ទស្សនាទាន វិសាលភាព រចនាសម្ព័ន្ធ​អនុវត្ត ប្រភព និង​គំរូ​ហិរញ្ញប្បទាន ព្រមទាំង​កិច្ចការ​ហិរញ្ញវត្ថុ​នៃ​គម្រោង ជា​សិ​សេស នឹង​ផ្ដល់​ជា​មូលដ្ឋាន​ច្បាស់លាស់ សម្រាប់​ការរៀបចំ និង​ការអនុវត្ត​គម្រោង​ដូចជា ការសិក្សា​សមិទ្ធិ​លទ្ធភាព ការរៀបចំ​ប្លង់ លម្អិត ផែនការ​ហិរញ្ញប្បទាន ការសាងសង់ ប្រតិបត្តិការ និង​ការថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​គម្រោង យន្តការ​ប្រើប្រាស់​ស្រូវ-អង្ករ​ស្តុក​ក្នុង​ឃ្លាំង​ជា​វត្ថុ​បញ្ចាំ ដើម្បី​ទទួលបាន​ឥណទាន​ពី​ធនាគារ និង​ការបង្កើត​ទីផ្សារ​លក់ដូ​រ​ស្រូវ-អង្ករ។

ពាក់ព័ន្ធ​ការផ្សារភ្ជាប់​ជាមួយ​គម្រោង​នេះដែរ ភាគី​ចិន​នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​ជ្រោមជ្រែង ដើម្បី​បង្កើន​ការនាំ ចេញ​អង្ករ​កម្ពុជា​ទៅ​ចិន បន្ថែម​ពីលើ​កូតា​ដែលមាន​ស្រាប់ ហើយ​សម្រាប់​គម្រោង​នេះដែរ ត្រូវបាន​រចនា​ឡើង​សំដៅ ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុង​វិស័យ​ស្រូវ-អង្ករ​នៅ​កម្ពុជា សម្រាប់​រយៈពេល​វែង និង​ប្រកបដោយ​ចីរភាព ពោលគឺ ដំណោះស្រាយ​ជា​ប្រព័ន្ធ និង​គ្រប់​ជ្រុងជ្រោយ ហើយក៏​ជាការ​បោះជំហាន​ទៅមុខ​មួយ​ជំហាន មុននឹង​ឈានដល់​ដំណោះ ស្រាយ​សម្រាប់​ដំណាំ និង​ផល្លានុផល​ផ្សេងទៀត។

ដើម្បី​អភិវឌ្ឍ​នូវ​គម្រោង​នេះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ស្នើ​ប្រើប្រាស់​ឥណទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជា មានិត​ចិន ដើម្បី​អនុវត្ត​គម្រោង ដោយ​វិនិយោគ​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ឃ្លាំង​ស្តុក​ស្រូវ-អង្ករ និង​ឡស​ម្ងួ​ត នៅ​ទីកន្លែង​ចាំបាច់​ទូទាំងប្រទេស ដើម្បី​ផ្តល់​សេវា​ស្តុក និង​ស​ម្ងួ​ត ជូន​ប្រជាកសិករ និង​ធុរជន ក្នុងតម្លៃ​ទាប សមរម្យ ដែល​កសិករ និង​ធុរជន​អាច​ទទួលយកបាន។ សម្រាប់​គម្រោង​នេះដែរ គឺ​ពុំមាន​ផលប៉ះពាល់​ជា​អវិជ្ជមាន ដល់​យន្តការ​ទីផ្សារសេរី ក្នុង​វិស័យ​ស្រូវ​អង្ករ​ឡើយ ព្រោះ​មិនមាន​ការសាងសង់​រោង​ម៉ាស៊ីនកិនស្រូវ​បន្ថែម និង​មិន​ធ្វើការ លក់ដូរ​ស្រូវ-អង្ករ​ដោយផ្ទាល់ ដែល​អាចបង្កើត​ឲ្យ​មានការ​ប្រកួតប្រជែង​ជាមួយ​ឈ្មួញ និង​អ្នក​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ក្រៅ ប្រទេស របស់​ផ្នែក​ឯកជន​ផងដែរ ៕

កម្ពុជា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចំនួន២ រវាង​អាស៊ាន-ហុង

ដោយ៖ វុត្ថា
ហ្វីលីពីន៖ ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃទី១០ ដល់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ទីក្រុង​ម៉ា​នី​ឡា ប្រទេស​ហ្វីលីពីន ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម រួមជាមួយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​រដ្ឋលេខាធិការ​ពា​ណិ​ជ្ជ​កម្ម និង​ឧស្សាហកម្ម ចិន​ហុងកុង​កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧  បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់​ចំនួន​ពីរ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន-ហុងកុង និង​កិច្ចព្រមព្រៀង​ស្តីពី​វិនិយោគ រវាង​អាស៊ាន និង​ហុងកុង។

នេះ​គឺជា​ជោគជ័យ​ថ្មី​មួយទៀត​របស់​ប្រទេស​កម្ពុជា​ដែល​ទទួលបាន​ក្នុង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក បន្ទាប់ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម និង​អនុម័ត​យល់ព្រម​លើ​ពិធីសារ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​អាស៊ាន សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ខែតុលា ឆ្នាំ២០១៧ កន្លងទៅ។

គោលបំណងសំខាន់ៗ នៃ​កិច្ចព្រមព្រៀង​ទាំងពីរ​គឺ៖ (១) កាត់បន្ថយ​របាំង​ចំពោះ​លំហូរ​ពាណិជ្ជកម្ម​ទំនិញ សេវា និង​វិនិយោគ ធើ្វ​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​នូវ​ការផ្សារភ្ជាប់​សេដ្ឋកិច្ច កាត់បន្ថយ​ចំណាយ​សម្រាប់​ធុរជន បង្កើន​ពាណិជ្ជកម្ម ពង្រឹង​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​បង្កើត​ទីផ្សារ​កាន់តែ​ធំ​ទូលាយ​ជាមួយ​កាលានុវត្តភាព​ច្រើនជាង​មុន និង​សេដ្ឋកិច្ច​មាត្រដ្ឋាន​កាន់តែ​ធំ​សម្រាប់​ធុរកិច្ច (២) ធ្វើ​ពិពិធ​កម្ម និង​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ភាគី (៣) ផ្តល់​ការអនុគ្រោះ​ពិសេស និង​ដោយឡែក ចំពោះ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ថ្មី ដូចជា កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ដើម្បី​បង្កើន​ការចូលរួម​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​កាន់តែខ្លាំង​ជាង​មុន និង​ពង្រីក​ការនាំចេញ តាមរយៈ​ការបង្កើន​សមត្ថភាព ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង​ក្នុងស្រុក (៤) ជួយ​ទ្រទ្រង់​ដល់​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​តំបន់ និង​ពិភពលោក និង​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព។

នៅពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន នឹងធ្វើ​ឲ្យ​មាន​ភាពល្អ​ប្រសើរឡើង​នូវ​លំហូរ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​អាស៊ាន រួមមាន​កម្ពុជា​ផង ក៏ដូចជា ហុងកុង។ លើសពីនេះ​ទៀត នឹង​បង្កើន​ការតភ្ជាប់​សេដ្ឋកិច្ចរ​វា​ង​អាស៊ាន​ហុងកុង តាមរយៈ​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទំនិញ សេវាកម្ម និង​វិនិយោគ។ កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​កិច្ចព្រមព្រៀង​នេះ ដោយសារ​ហុងកុង ជាទី​ផ្សារ​មូលធន​ដ៏​ធំ។

គួររំលឹកថា កិច្ចព្រមព្រៀង​សំខាន់​ទាំងពីរ ត្រូវបាន​ចាប់ផ្តើម​ចរចា​ដំបូង​នៅ​ឆ្នាំ២០១៤ និង​បានបញ្ចប់​នា​កិច្ចប្រជុំ​គណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្ម​អាស៊ាន-ហុងកុង លើក​ទី១០ នៅ​ទីក្រុង​បាងកក ថៃឡង់​ដ៏ កាលពី​ខែកក្កដា ឆ្នាំ២០១។ ក្រោយ​នោះ មាន​ការងារ​បច្ចេកទេស​លម្អិត​ជាច្រើន ត្រូវបាន​បន្តធ្វើ ដូចជា​ការងារ​រៀបចំ​ឲ្យ​មានការ​ឯកភាពគ្នា​ក្នុងការ​ប្រើប្រាស់​ពាក្យពេចន៍​គន្លឹះ​មួយចំនួន តារាង​បញ្ចុះ​ពន្ធគយ​ចុងក្រោយ ទម្រង់​រួម​នៃ​តារាង​ពន្ធគយ។ល។ នៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ប្រធាន​ក្រុម​ចរចា​បាន​ឈានដល់​ការឯកភាព​គ្នា​ទាំងស្រុង​លើ​អត្ថបទ​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង ដែល​រួចរាល់​សម្រាប់​ការចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ជាមួយ​រដ្ឋលេខាធិការ​នៃ​ចិន​ហុងកុង៕

ជំនាញ​ស្ថាបត្យកម្ម​ និង​វិស្វកម្ម​កំពុងមាន​ទីផ្សារការងា​រ​ច្រើន

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ខណៈ​វិស័យ​សំណង់​នៅ​កម្ពុជា កំពុងមាន​សន្ទុះ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នោះបាន​ធ្វើឱ្យ​វិស័យ​មួយ​នេះ ត្រូវ​ប្រឈមមុខ​ទៅនឹង​បញ្ហា​មួយចំនួន ដូចជា តម្រូវការ​កម្លាំង​កម្ម​ករ និង​ធនធាន​មន​ស្ស​ដែលមាន​ចំណេះដឹង​ច្បាស់លាស់​ជា​ច្រី​ន។

ឮ​លោក​បណ្ឌិត​ទួ​ស សា​ភឿន អគ្គលេខាធិការរង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ធនធានមនុស្ស​ផ្នែក​វិស្វករ​សំណង់​ស៊ីវិល និង​ស្ថាបត្យកម្ម នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ នៅ​មិនទាន់​អាចឆ្លើយតប​ទៅនឹង​តម្រូវ​នៃ​ការរីកចម្រើន ដ៏​ឆាប់រហ័ស​របស់​វិស័យ​សំណង់​នៅ​កម្ពុ​ជានា​រយៈពេល១ទសវត្សរ៍​ចុងក្រោយ​នេះ​បានទេ។ លោក​បាន​ប្រាប់ទៀតថា ជា​រៀងរាល់​ឆ្នាំមាន​ក្រុមហ៊ុន​ជាច្រើន បានមក​ទាក់ទង​សាកលវិទ្យាល័យ ដើម្បី​ជ្រើសរើស​និស្សិត​ដែល​កំពុង​សិក្សា​ទៅធ្វើ​ការ ប៉ុន្តែ​ពេលខ្លះ​សាលា​មិនអាច​រក​និស្សិត​បាន​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​នោះបានទេ។

លោក​បន្តថា “ការងារ​ក្នុង​វិស័យ​សំណង់​មាន​ច្រើន ដូច្នេះ​និស្សិត​ដែល​សិក្សា​ជំនាញ​ស្ថាបត្យកម្ម និង​សំណង់​ស៊ីវិល មិន​ខ្វះ​ការងារ​ធ្វើ​ទេ។ ជាក់ស្តែង​មាន​និស្សិត​ខ្លះ​មានការ​ងារ​ធ្វើ​ចាប់តាំងពី​ឆ្នាំ​ទី១តែម្តង។

បើតាម​លោក​ទួ​ស សា​ភឿន ក្នុង១ឆ្នាំមាន​និស្សិត​ខ្មែរ​ចន្លោះ​ពី២០០-៣០០នាក់​បានបញ្ចប់​ការសិក្សា​លើ​ផ្នែក​ស្ថាបត្យកម្ម ខណៈ​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​គ្រឹះស្ថានសិក្សា​ពី៥-៦ប៉ុណ្ណោះ ដែល​ទទួល​បណ្តុះបណ្តាល​ធនធានមនុស្ស​សម្រាប់​ផ្នែក​នេះ។

ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ស្ថាបត្យកម្ម និង​សំណង់​ស៊ីវិល នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន លោក លឹម សុខ​តៃ​បាន​និយាយថា ធនធានមនុស្ស​ដែលមាន​ចំណេះដឹង​ទាក់ទង​ទៅនឹង​វិស័យ​សំណង់ កំពុងមាន​តម្រូវការ​ច្រើន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​និស្សិត​ដែល​រៀន​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ចាប់ពី​ឆ្នាំ​ទី៣ឡើងទៅ​ស្ទើរតែ​ទាំងអស់​ត្រូវបាន​ក្រុមហ៊ុន​មក​ទាក់ទង​យកទៅ​ធ្វើការ។លោក​បាន​បន្តថា ការងារ​ទាក់ទង​ទៅនឹង​វិស័យ​សំណង់​នៅ​កម្ពុជា នឹងត្រូវ​ការ​ធនធាន​មនុស្ស​ច្រើន​បន្ថែមទៀត ជាពិសេស​នៅពេល​ការ​ការធ្វើ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឈានចូល​មកដល់។

លោក​បាន​បន្តថា “បច្ចុប្បន្ននេះ​និស្សិត ដែល​ចូល​សិក្សា​ផ្នែក​វិស្វករ​សំណង់​ស៊ីវិល និង​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន បាន​កើន​ឡើងជា​បន្តបន្ទាប់។ ជាក់ស្តែង​បច្ចុប្បន្ននេះ និស្សិត​ដែល​កំពុង​រៀន​ផ្នែក​វិស្វករ​សំណង់​ស៊ីវិល មាន​ប្រមាណ​ជាង៣០០នាក់ ចំណែក​ខាង​ផ្នែក​ស្ថាបត្យកម្ម និង​នគរូបនីយកម្ម មាន​ប្រមាណ​ប្រហែល១០០នាក់។

លោក​បន្តថា រហូតមកដល់​ពេលនេះ​និស្សិត ដែល​បានបញ្ចប់​ការសិក្សា​លើ​ផ្នែក​ទាំង២របស់​សាកលវិទ្យាល័យ មាន​ចំនួន​ប្រមាណ​ប្រហែល៣៨០០នាក់​ហើយ។

វិស័យ​សំណង់​នៅ​កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកជា​វិស័យ១ នៅក្នុង​ចំណោម​វិស័យសំខាន់ៗចំនួន៤ ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់ នៅក្នុង​រួមចំណែក​លើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ ជាក់ស្តែង​គិត​ត្រឹម​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ ទុនវិនិយោគ​ក្នុង​វិស័យនេះ​កើនឡើង​ដល់​ទឹកប្រាក់៥៦៣៦លាន​ដុល្លារ កើនឡើង២២ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

លោក​ម៉េង ចំរើន ប្រធាន​ក្រុម​វិស្វករ​ប្រចាំ​ការដ្ឋាន​សាងសង់​ក្នុង​គម្រោង​ទីក្រុង Olympia City បាន​ថ្លែងថា បច្ចុប្បន្ននេះ​នៅក្នុង​ការដ្ឋាន​សាងសង់​ទីក្រុង​Olympia City មាន​វិស្វករ និង​ស្ថាបត្យករ​កំពុងធ្វើការ​សរុប​ប្រហែល100នាក់ ក្នុង​នៅ​វិស្វករ​មាន​ប្រហែល៧០ភាគរយ។ លោក​បាន​បន្តថា ក្នុងចំណោម​នោះ​មាន​វិស្វករ និង​ស្ថាបត្យករ​បរទេស​ប្រហែល៥ភាគរយ ដែល​ពួកគេ​ទាំងនោះ​សុទ្ធតែជា​អ្នកជំនាញ ដែលមាន​បទពិសោធ និង​ស្នាដៃ​លើ​គម្រោងធំៗជាច្រើន។

លោក​បាន​ថ្លែងថា “ខ្ញុំ​គិតថា​វិស្វករ និង​ស្ថាបត្យករ​នាពេល​បច្ចុប្បន្ន​សុទ្ធ​តែមាន​សមត្ថភាព អាចធ្វើ​ការ​នៅតាម​ការដ្ឋាន​សំណង់ធំៗបាន ដោយ​យើង​គ្រាន់តែ​យក​អ្នកជំនាញ(មកពី​បរទេស) មកជួយ​បណ្តុះបណ្តាល​តែ​បន្តិចបន្តួច​ប៉ុណ្ណ។

តែ​ទោះបីជា​យ៉ាងណា​លោក​ចំរើន ក៏បាន​បញ្ជាក់ថា “ខ្ញុំ​គិតថា​សមត្ថភាព​របស់​វិស្វករ​កម្ពុជា នឹង​មិនសូវមាន​បញ្ហា​សមត្ថភាព​គ្រប់គ្រាន់​នោះទេ បន្ទាប់ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឈានចូល​មកដល់​នោះទេ តែ​អ្វីដែល​ខ្ញុំ​គិតថា​អាចមាន​បញ្ហា​នោះ​គឺ​ខាង​ផ្នែក​ស្ថាបត្យកម្ម ព្រោះ​ការ ​Design របស់​អ្នកជំនាញ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយចំនួន​អាចមាន​សមត្ថភាព​លើសពី​ស្ថាបត្យករ​កម្ពុជា”៕

កម្ពុជា​គ្រោង​សាងសង់​អាគារ​កំពស់៦០០ម៉ែត្រ​មួយ​នៅ​ខាងជើង​ក្រុងភ្នំពេញ

ភ្នំពេញ៖ ប្រទេស​កម្ពុជា​គ្រោង​នឹង​សាងសង់​អាគារ​កំពស់៦០០ម៉ែត្រ​មួយទៀត ស្ថិតនៅ​ភាគ​ខាងជើង​ក្រុងភ្នំពេញ ដែលជា​គម្រោង​ដ៏​មហស្ចារ្យ​មួយ​នៃ​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ។

លោក​សាស្ត្រាចារ្យ​ ភឿង សុភ័ណ្ឌ ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដែលជា​ស្ថាបត្យករ​ផ្តួ​ត​ផ្តើម​រៀបចំ​គំរោង​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា តាម​ផែនការមេ​នៃ​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ យើង​គ្រោង​នឹង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កំពស់៦០០ម៉ែត្រ​មួយ សម្រាប់​ប្រើប្រាស់​ជា​ការិយាល័យ​កណ្តាល​រប​ស់ស​ម្តេច​តេ​ជោ ដែល​លោក​អាច​ត្រួត​ពិនិត្យមើល​ស្ថានភាព និង​ការអភិវឌ្ឍន៍​ប្រទេស​ចេញពី​អាគារ​នេះ​បាន ព្រោះ​កំពស់៦០០ម៉ែត្រ​អាច​មើលឃើញ​ទូទាំងប្រទេស​ហើយ។

លោក​បន្តថា “អាគារ​នេះ​នឹង​សាងសង់​នៅពេល​ទីក្រុង​នេះ​មា​ប​ថវិកា​គ្រប់ គ្រាន់​សម្រាប់​រៀបចំ ហើយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចិន​មួយចំនួន​កំពុង​ចាប់​អារ​ម្ម ណ៍​ចូលរួម​វិនិយោគ​ក្នុង​គំរោង​នេះហើយ។លោក​បន្តថា “ការសាងសង់​ទីក្រុង​នេះ ដើម្បី​រំលឹក​និង​ដឹងគុណ​សម្តេច​តេ​ជោ ក៏ដូចជា​បន្សល់ទុក​ម​រតក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ព្រោះ​រយៈពេល៥៨០ឆ្នាំ​ហើយ យើង​មិនដែល​បាន​សាងសង់​ទីក្រុង​ថ្មី​ទេ។

លោក​សាស្ត្រាចារ្យ​ ភឿង សុភ័ណ្ឌ ដែល​បាន​សញ្ញាបត្រ​ស្មើគ្នា​នឹង​សាស្ត្រាចារ្យ​វីរ​ស្ថាបត្យករ​កម្ពុជា លោក​វណ្ណ ម៉ូលីវណ្ណ​ផងដែរ​នោះបាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ នឹង​សាងសង់​មជ្ឈមណ្ឌល​អាគារ​ពាណិជ្ជកម្ម អាគារ​ស្នាក់នៅ និង​មជ្ឈមណ្ឌល​កំសាន្ត​នានា​មាន​រូបរាង​ដូច​នាគរាជ ដែល​ត្រូវ​នឹង​ឆ្នាំ​របស់​សម្តេច។លោក​បន្តថា ទីក្រុង​នេះ​នឹង​រៀបចំ​ឲ្យ​មាន​កំពង់ផែ ដើម្បី​ភ្ជាប់​សេវាកម្ម​ដឹកជញ្ជូន ពាណិជ្ជកម្ម​នៅក្នុង​មជ្ឈមណ្ឌល​ជា​ពាណិជ្ជកម្ម​អន្តរជាតិ​សម្តេច​តេ​ជោ ដែល​នឹង​រៀបចំ​ឲ្យ​មាននៅ​ក្នុង​ទីក្រុង​នេះ​ផងដែរ។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA បាន​ថ្លែងថា កម្ពុ​ជាមាន​សក្តានុពល​សម្រាប់​រយៈពេល២០ឆ្នាំ​ទៀត ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដោយសារ​កំនើនសេដ្ឋកិច្ច ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម​ដែល​ធ្វើ​ឲ្យ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ មានការ​កើនឡើង ហើយ​លំហូរ​ទុនវិនិយោគ​ពី​បរទេស នឹង​បន្ត​កើនឡើង​បន្តទៀត។លោក​បន្តថា តាមរយៈ​គោលនយោបាយ​ផ្លូវ​សូត្រ​របស់​ប្រទេស​ចិន កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​កាន់តែច្រើន​ថែមទៀត។

លោក​ឧកញ៉ា​បាន​បន្តថា ការសាងសង់​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ នៅ​ប្រប​នឹង​ទន្លេមេគង្គ និង​ទន្លេសាប​នេះ ពិតជា​មាន​ភាព​វិសេសវិសាល​ណាស់ ព្រោះ​វា​នឹងធ្វើ​ឲ្យ​មុខមាត់​កម្ពុជា កាន់តែ​លេចធ្លោ​នៅ​ឆាក​អន្តរជាតិ ធ្វើ​ឲ្យ​អ្នកវិនិយោគ​កាន់តែ​មាន​ទំនុកចិត្ត និង​អ្វី​ពិសេស​នោះ​ជាការ​ឆ្លើយតប​នឹង​អ្វី​ជា​គុណសម្បត្តិ​របស់​សម្តេច ដែល​បាន​លះបង់​កំលាំងកាយ​ចិត្ត និង​រហូត​ហ៊ាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​សុខសន្តិភាព​នៅ​កម្ពុជា៕