ម៉ាឡេសុីគ្រោងស្វែងរកមូលនិធិពីក្រុមហ៊ុនរដ្ឋចិន ដើម្បីសាងសង់ផ្លូវដែកល្បឿនលឿនទៅកាន់សិង្ហបុរី

ដោយ: គង់ លាងហួរ
អន្តរជាតិ: ព្រះមហាក្សត្រម៉ាឡេស៊ីព្រះនាម Sultan Ibrahim Iskandar គ្រោងនឹងស្វែងរកមូលនិធិពីក្រុមអ្នកវិនិយោគចិនដើម្បីស្ថាបនាគម្រោងផ្លូវដែកល្បឿនលឿនតម្លៃរាប់ពាន់លានដុល្លារតភ្ជាប់រវាងម៉ាឡេស៊ី និងសិង្ហបុរី។នេះបើយោងតាមសារពត៌មាន BLOOMBERG។

យោងតាមប្រភពសុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ ព្រោះ​ព័ត៌មាន​នេះជា​ព័ត៌មាន​ឯកជនបានទម្លាយឱ្យដឹងថា ព្រះចៅ Sultan Ibrahim កំពុងស្វែងរកដើមទុនវិនិយោគពីក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិនចំនួន១។

ពត៌មានខាងលើត្រូវបានទម្លាយ បន្ទាប់ពីព្រះមហាក្សត្រម៉ាឡេសុីបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃនៅប្រទេសចិនចាប់ពីថ្ងៃទី១៩ ខែកញ្ញា តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីចិន សុី ជីនពីង ដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ។

គណៈប្រតិភូដឹកនាំដោយព្រះចៅ Sultan Ibrahim រួមមានតំណាងរបស់ក្រុមហ៊ុនសំណង់ YTL Corporation។ សារពត៌មាន The Edge Malaysia បានរាយការណ៍ថា ក្រុមហ៊ុននេះត្រូវបានជ្រើសរើសឱ្យទទួលភារកិច្ចសាងសង់គម្រោងគម្រោងផ្លូវដែកល្បឿនលឿនតម្លៃរាប់ពាន់លានដុល្លារតភ្ជាប់រវាងម៉ាឡេស៊ី និងសិង្ហបុរី។

ព្រះមហាក្សត្រម៉ាឡេស៊ីបានបង្ហាញការគាំទ្រជាយូរមកហើយចំពោះការតភ្ជាប់ផ្លូវដែកជាមួយសិង្ហបុរី ខណៈរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អុីប្រាហ៊ីម បានប្រកាសថា មូលនិធិសម្រាប់សាងសង់គម្រោងនេះនឹងមិនត្រូវបានផ្តល់ដោយអ្នកបង់ពន្ធឡើយ។

ព្រះចៅ Sultan Ibrahim បានមានបន្ទូលប្រាប់កាសែត The Straits Times កាលពីខែធ្នូ ឆ្នាំ២០២៣ថា ក្រុមហ៊ុនឯកជនមួយអាចផ្តល់មូលនិធិ និងដំណើរការផ្លូវដែកនេះសម្រាប់រយៈពេល៣០ឆ្នាំ មុនពេលប្រគល់ត្រឡប់ទៅឱ្យរដ្ឋាភិបាលម៉ាឡេស៊ីគ្រប់គ្រងវិញ។

យ៉ាងណាមិញ ក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី ក្រសួងការបរទេសចិន និងតំណាងរបស់ក្រុមហ៊ុន YTL Corporation មិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយពីសំណាក់សារពត៌មាន BLOOMBERG នោះទេ។ ​

យោងតាមសេចក្តី​ថ្លែងការណ៍​មួយ​ចុះកាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ក្រសួងការបរទេស​ម៉ាឡេស៊ី​បាន​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​នេះ​ជា​និមិត្តរូប​បង្ហាញពីសភាព​ដ៏រឹងមាំ​នៃ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​៕ប្រភព: Bloomberg៕

ថៃគ្រោងលើកលែងការអនុវត្តន៍ប្រព័ន្ធអនុញ្ញាតការធ្វើដំណើរតាមអេឡិចត្រូនិកចំពោះពលរដ្ឋកម្ពុជា

ដោយ: គង់ លាងហួរ
បាងកក: ប្រទេសថៃបានប្រកាសឱ្យដឹងថា ខ្លួនគ្រោងនឹងដាក់ឱ្យអនុវត្តន៍ប្រព័ន្ធអនុញ្ញាតការធ្វើដំណើរតាមអេឡិចត្រូនិក (ETA) ជាកាតព្វកិច្ចចំពោះភ្ញៀវទេសចរណ៍បរទេស ដែលទទួលបានការលើកលែងទិដ្ឋាការចាប់ពីខែធ្នូខាងមុខ។

ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនុញ្ញាតការធ្វើដំណើរតាមអេឡិចត្រូនិក (ETA) មានគោលបំណង ដើម្បីជួយសម្រួលដល់នីតិវិធីអន្តោប្រវេសន៍ និងពង្រឹងការត្រួតពិនិត្យលើជនបរទេស។

ប្រព័ន្ធអេឡិចត្រូនិកថ្មីនេះនឹងអនុវត្តន៍ចំពោះពលរដ្ឋមកពីគ្រប់បណ្តាប្រទេស ដែលទទួលបានការលើកលែងទិដ្ឋាការចូលមកកាន់ប្រទេសថៃតាមរយៈផ្លូវគោក ផ្លូវអាកាស ឬផ្លូវសមុទ្រ លើកលែងតែពលរដ្ឋមកពីប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី។ នេះបើយោងតាមរបាយការណ៍របស់សារពត៌មាន CNBC ដោយដកស្រង់ប្រភពចេញពីក្រសួងការបរទេសថៃ។

ក្រសួងខាងលើបានបញ្ជាក់ថា “វិធានការនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃក្នុងការពង្រឹងសន្តិសុខជាតិ និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងលំហូរភ្ញៀវទេសចរណ៍ និងរក្សាឱ្យបាននូវឋានៈរបស់ថៃជាគោលដៅទេសចរណ៍ពិភពលោកដ៏សំខាន់”។

ប្រព័ន្ធ ETA នឹងអនុញ្ញាតឱ្យជនបរទេសអាចធ្វើដំណើរចូលទៅកាន់ប្រទេសថៃបានតែ១លើកប៉ុណ្ណោះ ហើយនឹងមានសុពលភាពរយៈពេល៦០ថ្ងៃ និងមានជម្រើសបន្តបសពុលភាពរយៈពេល៣០ថ្ងៃចំនួនមួយដងទៀត។

អ្នកធ្វើដំណើរ ដែលកាន់ប្រព័ន្ធ ETA នឹងអាចប្រើប្រាស់ច្រកទ្វារអន្តោប្រវេសន៍ដោយស្វ័យប្រវត្តិនៅច្រកចូលអាកាសយានដ្ឋាន។ការណ៍នេះនឹងជួយពន្លឿនដំណើរការនីតិវិធីផ្សេងៗ ដោយជនបរទេសគ្រាន់តែស្កេនកូដ QR នៅលើប្រព័ន្ធ ETA របស់ពួកគេ។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមកពីបណ្តាប្រទេស និងដែនដីចំនួន៩៣ ក្នុងនោះរួមមានទាំងប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបណ្តាប្រទេសជិតខាង អាចធ្វើដំណើរចូលទៅកាន់ប្រទេសថៃដោយពុំចាំបាច់កាន់ទិដ្ឋាការ។

នៅចន្លោះ​ខែ​មករា​ដល់​ខែ​សីហា ឆ្នាំ២០២៤នេះ ប្រទេស​ថៃ​បាន​ទទួល​ភ្ញៀវ​ទេសចរ​ណ៍បរទេស​សរុបជាង​២១​លាន​នាក់​​ កើន​ឡើង​៣៣ភាគរយបើធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ​មុន៕ប្រភព:Vnexpress៕

មន្ត្រីជាន់ខ្ពស់: អនាគត​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​មិន​អាច​បំបែក​បាន​ពី​ភ្ញៀវ​ទេសចរ​ណ៍ និងអ្នក​វិនិយោគចិន

ភ្នំពេញ: ក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជាបានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញាថា អនាគតនៃវិស័យទេសចរណ៍របស់កម្ពុជាមិនអាចបំបែក ឬកាត់ផ្តាច់បានឡើយពីលំហូរនៃភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចិន។

លោក ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាមានបំណងចង់ឃើញការមកដល់នៃភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចិនកាន់តែច្រើន ដោយសារកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ការវិលត្រលប់មកវិញរបស់ពួកគេ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

លោកបានមានប្រសាសន៍ក្នុងវេទិកាទេសចរណ៍កម្ពុជា-ចិនឆ្នាំ២០២៤ នៅខេត្តសៀមរាបថា “កំណើនភ្ញៀវទេសចរណ៍ចិនជាឱកាសដ៏សំខាន់មួយ មិនត្រឹមតែជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសវិនិយោគក្នុងវិស័យផ្សេងៗផងដែរ។

លោកបានបន្ថែមថា “ប្រទេសកម្ពុជា និងបណ្តាប្រទេសជុំវិញពិភពលោកបានចាត់ទុកប្រទេសចិនជាដៃគូយុទ្ធសាស្ត្រ និងជាប្រភពទីផ្សារដ៏សំខាន់បំផុតសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជាតិរបស់ពួកគេ”។

លោក ប្រាក់ ផាន់ណារ៉ា បានអះអាងថា វិស័យទេសចរណ៍បានចូលរួមចំណែកជិត១៣ភាគរយដល់ផលទុនជាតិសរុប (GDP) របស់កម្ពុជា ដែលបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលជាច្រើនកន្លែងសម្រាប់ប្រជាជនក្នុងស្រុក។

មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍រូបនេះបានបញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ “China Ready” ឡើងវិញ ហើយកម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍ជាច្រើនពេញមួយឆ្នាំ២០២៤នេះដូចជា អាហារដ្ឋាន វប្បធម៌ព្រះពុទ្ធសាសនា និងពិព័រណ៍ទេសចរណ៍ជាដើម។

ថ្លែងក្នុងវេទិកាទេសចរណ៍កម្ពុជា-ចិនឆ្នាំ២០២៤ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានគូសបញ្ជាក់ថា ខេត្តសៀមរាបបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ចិនកាន់តែច្រើន។

លោក​បាន​ថ្លែង​ថា​ “យើង​ត្រូវ​ការ​ភ្ញៀវ​ទេសចរណ៍​ចិន​បន្ថែម​ទៀត។កំណើន​ភ្ញៀវ​ទេសចរ​ណ៍ចិន​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍​របស់​យើង”។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ទីផ្សារទេសចរណ៍ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងជំរុញអាជីវកម្មក្នុងស្រុក និងបង្កើតឱកាសការងារជាច្រើន។

លោកបានថ្លែងប្រាប់សារពត៌មាន Xinhua ថា “ជាមួយនឹងប្រាសាទដ៏អច្ឆរិយៈ វប្បធម៌ដ៏រស់រវើក និងទេសភាពដ៏អស្ចារ្យ ប្រទេសកម្ពុជាបានក្លាយជាគោលដៅពេញនិយមសម្រាប់អ្នកធ្វើដំណើរចិនដែលស្វែងរកទាំងការផ្សងព្រេង និងការស្វែងយល់អំពីវប្បធម៌”។

លោក ធួន ស៊ីណាន បានបន្តថា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនកាន់តែច្រើន កម្ពុជាត្រូវពង្រឹងយុទ្ធសាស្ត្រទីផ្សារឌីជីថលនៅលើវេទិកាពេញនិយមរបស់ចិនដូចជាបណ្តាញសង្គម WeChat និងវេទិកា Weiboជាដើម។

អ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះបានបន្ថែមថា ការបង្កើតកញ្ចប់ទេសចរណ៍ឱ្យស្របតាមតម្រូវការ និងការគូសរំលេចបទពិសោធន៍វប្បធម៌ប្លែកៗ និងភាពរីករាយក្នុងការធ្វើម្ហូប ប្រាកដជាមានភាពទាក់ទាញ”។

លើសពីនេះ ការសម្រួលដំណើរការទិដ្ឋាការ និងការផ្តល់ជូនមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានសមត្ថភាពផ្នែកភាសាចិនកុកងឺ អាចជួយបង្កើនបទពិសោធន៍ធ្វើដំណើររបស់ជនជាតិចិនយ៉ាងខ្លាំង និងធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានភាពទាក់ទាញ៕ប្រភព:Xinhua៕

បណ្តាវិនិយោគិនអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងធ្វើពិពិធកកម្មទៅកាន់និន្នាការថ្មី

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានចុះផ្សាយថា បណ្តាវិនិយោគិននៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងងាកទៅបណ្តាក់ទុនវិនិយោគលើលំនៅដ្ឋានរបស់និស្សិត ការរស់នៅរួមគ្នា និងអគារអាផាតមុិនដែលមានផ្តល់ជូនសេវាកម្ម(Serviced Apartment)។

ការធ្វើពិពិធកម្មនេះកើតឡើង ស្របពេលកំណើននៅក្នុងវិស័យអចលនទ្រព្យផ្សេងៗ ដូចជាការិយាល័យ និងភស្តុភារកំពុងធ្លាក់ចុះ។នេះបើយោងតាមក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ CBRE ។

កន្លងមក ក្រុមអ្នកវិនិយោគនៅក្នុងតំបន់តែងមើលរំលងវិស័យទាំងនេះ។ ប៉ុន្តែ បច្ចុប្បន្ន អ្នកវិនិយោគបានងាកទៅចាប់អារម្មណ៍ ដោយសារការវិនិយោគលើលំនៅដ្ឋានរបស់និស្សិត ការរស់នៅរួមគ្នា មានសក្តានុពល និងអាចផ្តល់ផលចំណេញកាន់តែប្រសើរឡើង។

ក្រុមហ៊ុន CBRE បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយចេញផ្សាយកាលពីពេលថ្មីៗនេះ ថា “ការកើនឡើងនៃតម្រូវការពីជនបរទេស និងកម្រិតកម្មសិទ្ធិលំនៅដ្ឋានទាបក៏កំពុងជួយទ្រទ្រង់ដល់មូលដ្ឋានគ្រឹះនៃទីផ្សារផងដែរ”។

ទីផ្សារលំនៅដ្ឋានសម្រាប់រស់នៅរួមគ្នាបែបពហុគ្រួសារ(Multi-family properties) បានក្លាយជាប្រភេទអចលទ្រព្យដែលមានតម្រូវការខ្ពស់បំផុតនៅឆ្នាំនេះ ដោយបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគឱ្យងាកចេញពីការអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម ភស្តុភារ និងផ្នែកការិយាល័យ។

លើសពីនេះ បណ្តាមូលនិធិសកលនានាក៏កំពុងពិចារណាបោះទុនវិនិយោគលើការសាងសង់ទីតាំងស្នាក់នៅរបស់ក្រុមនិស្សិត ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងទីក្រុងហុងកុង និងប្រទេសអូស្ត្រាលីផងដែរ។

លោក Greg Hyland ប្រធានទទួលបន្ទុកផ្នែកទីផ្សារមូលធនរបស់ក្រុមហ៊ុន CBRE ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានសរសេរនៅក្នុងរបាយការណ៍ថា “ការទម្លាក់អត្រាការប្រាក់របស់ធនាគារកណ្តាលធំៗនៅលើពិភពលោក នឹងជំរុញឱ្យមានការចាក់បញ្ចូលមូលធន និងឱកាសនៃការច្របាច់អង្គភាពអាជីវកម្ម ឬក្រុមហ៊ុនផ្សេងៗគ្នាទៅជាអង្គភាពតែមួយ និងមានទំហំធំជាងមុន”។

លោកបានបញ្ជាក់បន្ថែមថា “ស្របពេលមូលដ្ឋានគ្រឹះទីផ្សារមានភាពរឹងមាំ និងតម្រូវការមានភាពធន់ វិស័យលំនៅដ្ឋានសម្រាប់ការស់នៅរួមគ្នា នឹងបើកឱកាសឱ្យវិនិយោគិនអាចធ្វើពិពិធកម្មផលប័ត្ររបស់ពួកគេ”៕ប្រភព:SCMP៕

China new home prices fall at fastest pace in over 9 years in Aug

China’s new home prices fell at the fastest pace in more than nine years in August, official data showed on Saturday, as supportive measures failed to spur a meaningful recovery in the property sector.

New home prices were down 5.3% from a year earlier, the fastest pace since May 2015,
compared with a 4.9% slide in July, according to Reuters calculations based on National Bureau of Statistics (NBS) data.

In monthly terms, new home prices fell for the fourteenth straight month, down 0.7%, matching a dip in July.

The property market continues to grapple with deeply indebted developers, incomplete apartments, and declining buyer confidence, straining the financial system and endangering the 5% economic growth target for the year.

A Reuters poll predicted China’s home prices will fall by 8.5% in 2024, and decline by 3.9% in 2025, as the sector struggles to stabilise.
China’s property market is still in the process of gradually bottoming out as home buyers’ demand, income and confidence will take some time to recover, said Zhang Dawei, chief analyst at property agency Centaline.

Source: Reuters

ចិនកំពុងបន្តសម្រុកស្ថាបនាគម្រោងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនទឹកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ

ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនកំពុងបន្តសម្រុកស្ថាបនាគម្រោងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនទឹកដ៏ធំបំផុត ក្នុងគោលបំណងបញ្ជូនទឹកសាបចំនួន៤៤,៨ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ ពីទន្លេ Yangtze នៅភាគខាងត្បូងប្រទេសចិន ទៅកាន់ភាគខាងជើងនៃប្រទេសចិនដែលមានអាកាសធាតុក្តៅស្ងួតហួតហែង។

គម្រោងដ៏ធំសម្បើមមួយនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៣ ហើយការសាងសង់បញ្ចប់ត្រូវបានព្យាករណ៍ថា នឹងចំណាយពេលយូរ។

គិតត្រឹមឆ្នាំ២០១៤ ចិនបានបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់សរុបជាង៧៩ពាន់លានដុល្លារ ដែលធ្វើឱ្យគម្រោងនេះក្លាយជាគម្រោងវិស្វកម្មប្រកបដោយមហិច្ឆតា និងមានដើមទុនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស។

គម្រោងបញ្ជូនទឹកនេះត្រូវបានគេរំពឹងថា នឹង​ចំណាយទុនវិនិយោគ​ខ្ពស់ជាង​ការសាងសង់គម្រោង​ទំនប់​វារីអគ្គិសនី Three Gorges Dam ​ចំនួន២ដង ​ក្នុង​ប្រទេស​ចិន​ ដែល​មាន​តម្លៃ​ជាង៣១,៧ពាន់​លាន​ដុល្លារ។

ផ្លូវបង្វែរចំនួន៣ នឹងត្រូវបានសាងសង់ឡើង ដោយលាតសន្ធឹងលើតំបន់ភាគខាងកើត ភាគកណ្តាល និងភាគខាងលិចនៃប្រទេសចិនតភ្ជាប់ពីភាគខាងត្បូងទៅកាន់ភាគខាងជើង ដើម្បីតភ្ជាប់ទន្លេសំខាន់ៗចំនួន៤របស់ប្រទេសចិន រួមមានទន្លេYang ទន្លេលឿង ទន្លេ Huaihe និងទន្លេHaihe។

ប្រទេសចិនគ្រោងធ្វើឱ្យប្រសើរឡើងនូវព្រែកជីក Grand Canal ដើម្បីបង្វែរលំហូរទឹកទន្លេ Yangtze ទៅកាន់ភាគខាងជើងប្រទេសចិន។ ស្របពេលគម្រោងសម្រេចបានវឌ្ឍនភាពទៅមុខ បរិមាណទឹក ដែលត្រូវបង្វែរនឹងកើនឡើងពី៨,៩គីឡូម៉ែត្រគូបក្នុងមួយឆ្នាំ ដល់ ១៤,៨ គីឡូម៉ែត្រគូបក្នុងមួយឆ្នាំ។

លំហូរទឹកពីទន្លេ Yangtze នឹងត្រូវបានទាញចូលទៅក្នុងព្រែកជីក Grand Canal ក្នុងទីក្រុង Jiangdu។ បន្ទាប់មក ទឹកនឹងត្រូវបានបូមដោយស្ថានីយ៍នានាស្ថិតនៅតាមបណ្តោយព្រែកជីក Grand Canal និងហូរតាមរយៈផ្លូវរូងនៅក្រោមទន្លេ Yellow River ចុះទៅកាន់អាងស្តុកទឹកនៅជិតទីក្រុង Tianjinនៅភាគខាងជើងប្រទេសចិន៕ប្រភព: Express.co.uk៕

គម្រោងខ្នាតយក្សចំនួន២នឹងលើកកំពស់មុខមាត់ទីក្រុងឌូបៃកាន់តែខ្លាំងនៅលើពិភពលោក

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងឌូបៃដ៏ល្បីល្បាញរបស់ប្រទេសអារ៉ាប់រួមជាទីក្រុងមួយពោរពេញដោយសំណង់ស្ថាបត្យកម្មដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន រាប់ចាប់តាំងពីអគារខ្ពស់ៗកប់ពពក ផ្ទះប្រណីត រមណីយដ្ឋានកោះសិប្បនិម្មិតធំៗ និងរបៀបរស់នៅដ៏ទំនើបទាន់សម័យ។

អគារខ្ពស់ជាងគេបំផុតនៅលើពិភពលោកBurj Khalifa ក៏មានទីតាំងនៅទីក្រុងឌូបៃផងដែរ ហើយបច្ចុប្បន្ន ទីក្រុងដែលសម្បូរមហាសេដ្ឋីជាច្រើនមួយនេះកំពុងសម្រុកសាងសង់គម្រោងដ៏អស្ចារ្យផ្សេងទៀតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងជំរុញសេដ្ឋកិច្ច។

ក្ន្នុងនោះ សាធារណៈជនទូទៅបានចាប់អារម្មណ៍ជាខ្លាំងចំពោះគម្រោង“ព្រៃកោងកាងឌូបៃ”ឬ Dubai Mangroves។នៅពេលសាងសង់រួចរាល់ គម្រោងនេះនឹងក្លាយជារមណីយដ្ឋានឆ្នេរសមុទ្រដ៏ធំបំផុតរបស់ពិភពលោក។

គម្រោងដ៏ធំនេះនឹងគ្របដណ្តប់លើឆ្នេរសមុទ្រប្រវែង៧២គីឡូម៉ែត្រ និងមានដើមកោងកាងចំនួន១០០លានដើម។គម្រោងខាងលើមិន​ត្រឹម​តែ​ជួយលើកកំពស់​ផ្នែក​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំងអាច​បង្កើតដំណើរទេសចរណ៍​បែបធម្មជាតិ និង​ជីវចម្រុះ​ក្នុង​តំបន់​ផង​ដែរ។

គម្រោង“ព្រៃកោងកាងឌូបៃ” មានគោលដៅស្របតាមផែនការមេឆ្នាំ២០៤០ របស់ទីក្រុងឌូបៃ តាមរយៈការចូលរួមថែរក្សាបរិស្ថានតាមឆ្នេរសមុទ្រ ផ្តល់ការស្តុកទុកកាបូន ការជួយដល់សត្វព្រៃ និងការបង្កើតខែលធម្មជាតិប្រឆាំងនឹងឥទ្ធិពលបម្រែបម្រួលអាកាសធាតុដូចជា សំណឹក និងការកើនឡើងកម្រិតទឹកសមុទ្រ។

លើសពីនេះ ប្រទេសអារ៉ាប់រួមក៏គ្រោងស្ថាបនារមណីយដ្ឋានមួយនៅចំកណ្តាលទីក្រុងឌូបៃ ដែលមានរូបរាងដូចព្រះច័ន្ទ ដោយដាក់ឈ្មោះថា “Moon World Resorts”។ យ៉ាងណាមិញ ទីតាំងពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់ ខណៈអ្នកអភិវឌ្ឍន៍នៅទូទាំងតំបន់មជ្ឈឹមបូព៌ាបានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យគម្រោងរមណីយដ្ឋានខ្នាតយក្សតម្លៃ៥ពាន់លានដុល្លារមួយនេះប្រែក្លាយជាការពិត។

នៅពេលការសាងសង់បញ្ចប់រួចរាល់ រមណីយដ្ឋាន“Moon World Resorts”នេះត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកទស្សនាបានចំនួន១០លាននាក់ក្នុងមួយឆ្នាំ និងក្លាយជាគោលដៅទាក់ទាញដ៏សំខាន់មួយទៀតរបស់ទីក្រុងឌូបៃ៕ប្រភព: Gulfbuzz៕

បណ្តារោងចក្រ​ផលិត​កម្មនៅទីក្រុងហូជីមិញកំពុងប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តារោងចក្រ​ផលិត​កម្មនានា ដែលមានទីតាំងនៅ​ទីក្រុងហូជីមិញ​ ប្រទេសវៀតណាម​ ជា​ពិសេស​រោងចក្រ​កាត់ដេរ បាន​បង្ហាញក្តីព្រួយបារម្ភចំពោះកង្វះកម្លាំងពលកម្ម ដោយសាររោងចក្រជួបការលំបាក​ក្នុង​ការ​ស្វែង​រក​កម្មករ​ឱ្យ​ធ្វើ​ការ​សម្រាប់​បំណាច់ឆ្នាំ​ ស្របពេល​ការ​បញ្ជា​ទិញ​កើនឡើងខ្ពស់។

រោងចក្រ​កាត់​ដេរ​មួយ​ទីតាំងនៅ​សង្កាត់ Bình Tân នៃទីក្រុង​ហូជីមិញ​ បាន​បញ្ជាក់ប្រាប់​សារពត៌មាន Vietnam News ថា​ រោងចក្ររបស់ខ្លួនបាន​ទទួលការបញ្ជាទិញជាច្រើនសម្រាប់ពិធីបុណ្យណូអែល និងបុណ្យឆ្លង​ឆ្នាំសកលថ្មីនាពេលខាងមុខ ហើយ​ដើម្បីបំពេញតម្រូវការក្នុងការងារផលិតកម្ម រោងចក្រត្រូវការកម្មករយ៉ាងតិចចំនួន១០០នាក់បន្ថែមទៀត។ ​ប៉ុន្តែ​ ក្រុមហ៊ុន​ជួបការ​លំបាក​ជា​ច្រើន​ក្នុង​ការ​ស្វែង​រក​កម្មករ។

រោងចក្រខាងលើ​បញ្ជាក់ថា​ ដើម្បីស្រូបទាញកម្មករថ្មី ក្រុមហ៊ុនបានបន្ថែមប្រាក់ឧបត្ថម្ភ និងគោលនយោបាយប្រាក់រង្វាន់សម្រាប់ពួកគេ ហើយក្រុម​និយោជិតដែលបានជួយស្វែងរកបុគ្គលិកថ្មី នឹងទទួលបានរង្វាន់ជាសាច់ប្រាក់។

យ៉ាងណាមិញ ចំនួនបេក្ខជនដែលបានចូលរួមដាក់ពាក្យ​ចុះ​ឈ្មោះ​ចូល​ធ្វើ​ការ​នៅតែមានកម្រិតទាប គិតមកទល់ពេលនេះ​​។ ​ទន្ទឹមនឹង​នេះ​​ ក្រុម​ហ៊ុន​ក៏​បាន​ពន្យារ​ពេលបើក​ដំណើរការគម្រោង​ខ្សែ​ផលិត​កម្ម​ថ្មី​២ទៅតាម​ផែនការ​របស់​រោងចក្រ​សម្រាប់ឆមាស​ទី​២​ ​ឆ្នាំ២០២៤ ដោយសារ​តែកង្វះ​កម្លាំងពលកម្ម។

​ក្រុម​ហ៊ុន​រោងចក្រខាងលើ​ បាន​វាយតម្លៃ​​ថា មូលហេតុ​នាំឱ្យរោងចក្រជួបប្រទះកង្វះ​​កម្លាំង​ពលកម្ម ​បណ្តាលមកពី​យុវជន​ភាគច្រើន​មិន​មានបំណងចូលប្រឡូកនៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ ខណៈ​កម្មករចាស់ៗ​តែងធ្វើការតាមរដូវកាល​ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ។

​ក្នុងរយៈពេលប៉ុន្មានខែកន្លងមក រោងចក្រផលិតស្បែកជើងមួយ​​ទីតាំងនៅក្នុង​សង្កាត់ Binh Tân នៃទីក្រុងហូជីមិញដដែល​ បាន​ទម្លាយឱ្យដឹង​ថា រោងចក្ររបស់ខ្លួន​បាន​ប្រកាសជ្រើសរើសកម្មករជាង២.០០០នាក់ ដើម្បីបំពេញតាមផែនការផលិតកម្ម ជាពិសេស​សម្រាប់​បំណាច់​ឆ្នាំ ខណៈការ​បញ្ជាទិញ​កើន​ឡើង។ ​ប៉ុន្តែ​ ​រោងចក្រស្វែងរក​កម្មករ​បាន​ត្រឹមតែ​ពាក់កណ្តាលនៃតម្រូវការ​សរុបរបស់​ខ្លួន​ប៉ុណ្ណោះ​។

យ៉ាងណាមិញ ពុំមែនមានតែ​ក្រុមហ៊ុនទាំង​២​ខាង​លើ​ទេ​ ដែល​ជួប​ប្រទះបញ្ហា​​ កង្វះកម្លាំងពលកម្ម ខណៈក្រុមហ៊ុនរោងចក្រជាច្រើនផ្សេងទៀតនៅទីក្រុងហូជីមិញ​ ​ក៏កំពុងជួបបញ្ហានេះដូចគ្នា​។

លោកស្រី Nguyễn Văn Hạnh Thục នាយិកាមជ្ឈមណ្ឌលសេវាកម្មការងារប្រចាំទីក្រុងហូជីមិញ បាន​លើកឡើងថា ​“យោងតាមបណ្តាញទទួលព័ត៌មានរបស់មជ្ឈមណ្ឌល​របស់លោកស្រី បច្ចុប្បន្ន បណ្តារោងចក្រនៅក្នុងទីក្រុងត្រូវការកម្មករសរុបជាង៨០.០០០នាក់។ ​ប៉ុន្តែ​ ការ​ស្វែង​រក​កម្មករ​ក្លាយជាបញ្ហាដ៏លំបាកមួយ”។

លោក​ស្រីបានគូសបញ្ជាក់បន្ថែមថា​ រោងចក្រជាច្រើនបានរៀបចំផែនការយ៉ាងសកម្មចាប់តាំងពីដើមឆ្នាំនេះ និងជ្រើសរើសកម្មករថ្មីចាប់ពីត្រីមាសទី២​ដើម្បីដោះស្រាយការកើនឡើងនៃការបញ្ជាទិញ៕ប្រភព: Vietnam News៕

 

ការសិក្សា: ទំហំនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនឹងវ៉ាដាច់ការវិនិយោគលើអចលនវត្ថុក្នុងទសវត្សរ៍ឆ្នាំ២០៣០

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុនផ្តល់ទិន្នន័យវិនិយោគ Preqin ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសបានឱ្យដឹងថា ទំហំនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនឹងវ៉ាដាច់ការវិនិយោគលើអចលនវត្ថុនៅក្នុងទសវត្សរ៍ឆ្នាំ២០៣០។

ការធ្វើពិពិធកម្មឆ្ពោះទៅរកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធត្រូវបានជំរុញដោយការផ្លាស់ប្តូរប្រភពថាមពល ដោយមានការដាក់ចេញនូវបទប្បញ្ញត្តិគាំទ្រសំខាន់ៗ និងការឧបត្ថម្ភធននៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ក្នុងគោលបំណងកាត់បន្ថយកាបូនពីការផលិតអគ្គិសនី។

បណ្តាគម្រោងផ្តោតលើថាមពលទាំងនេះ ត្រូវបានគេរំពឹងថា នឹងជំរុញកំណើននៃទ្រព្យសកម្មនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈការវិនិយោគអចលនទ្រព្យកំពុងរងផលប៉ះពាល់ដោយសារតែបរិបទនៃការបំពេញការងារពីចម្ងាយ និងនាំឱ្យតម្រូវការការិយាល័យដាំក្បាលចុះ។

របាយការណ៍េខាងលើបានកត់សម្គាល់ថា “បច្ចុប្បន្ន ការគ្រប់គ្រងទ្រព្យសកម្មនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនានា កំពុងសម្រេចបានវឌ្ឍនភាពដូចនឹងវិស័យអចលនទ្រព្យយ៉ាងឆាប់រហ័ស”។

ក្រុមហ៊ុនផ្តល់ទិន្នន័យវិនិយោគ Preqin បញ្ជាក់ថា “ការផ្លាស់ប្តូរប្រភពថាមពលកំពុងបន្តជំរុញការរំពឹងទុកដ៏គួរឱ្យទុកចិត្តថា ទំហំនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនឹងវ៉ាដាច់ការវិនិយោគលើអចលនទ្រព្យឯកជននៅក្នុងទសវត្សរ៍ឆ្នាំ២០៣០ខាងមុខ”។

របាយការណ៍ក៏បានគូសរំលេចផងដែរពីនិន្នាការសំខាន់ៗក្នុងតំបន់ ជាពិសេសលំហូរមូលធនបរទេសចេញពីប្រទេសចិន និងការរីកចម្រើននៃទីផ្សារមូលធនឯកជនរបស់ប្រទេសឥណ្ឌា៕ប្រភព:Nikkei Asia៕

តើបណ្តាប្រទេសចំនួន៣ណាខ្លះនៅតំបន់អាសុី ដែលដំណើរការប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងទីក្រុងល្អបំផុត?

ដោយ: គង់ លាងហួរ
អន្តរជាតិ: មិនខុសអ្វីពីទីក្រុងធំៗនៅលើពិភពលោក ទីក្រុងមួយចំនួននៅបណ្តាប្រទេសក្នុងតំបន់អាស៊ីមានជម្រើសមធ្យោបាយធ្វើដំណើរល្អបំផុត រួមទាំងរថភ្លើងល្បឿនលឿន រថភ្លើងក្រោមដី និងរថភ្លើងក្រុងទំនើប។

បណ្តាញដឹកជញ្ជូនរបស់ប្រទេសទាំងនោះក៏ត្រូវបានអភិវឌ្ឍន៍ឡើងយ៉ាងល្អប្រសើរផងដែរ។ នេះមានន័យថា អ្នកដំណើរមានភាពងាយស្រួល និងមានជម្រើសជាច្រើនក្នុងការធ្វើដំណើរទៅកាន់គោលដៅរបស់ពួកគេ។

ខាងក្រោមនេះជាបណ្តាប្រទេសចំនួន៣ នៅតំបន់អាសុី ដែលមានប្រព័ន្ធដឹកជញ្ជូននៅក្នុងទីក្រុងល្អបំផុត៖

ទី១: ប្រទេសជប៉ុន

ប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់ប្រទេសជប៉ុនមានភាពល្បីល្បាញ ដោយសារការគោរពពេលវេលា ល្បឿន និងអនាម័យ។ ក្នុងអំឡុងពេល​ធ្វើដំណើរនៅ​ប្រទេស​ជប៉ុន លោកអ្នក​ច្បាស់ជា​ប្រទះ​ឃើញរថភ្លើងប្រភេទ Shinkansen ធ្វើដំណើរក្នុងល្បឿនដ៏លឿន។

រថភ្លើងល្បឿនលឿនទាំងនេះនឹងអាចនាំលោកអ្នកទៅទស្សនាទីក្រុងធំៗដូចជា ទីក្រុងតូក្យូ ទីក្រុងអូសាកា និងទីក្រុងក្យូតូ ក្នុងរយៈពេលដ៏ខ្លី។

ម្យ៉ាងវិញទៀត ប្រព័ន្ធរថភ្លើងក្រោមដីរបស់ជប៉ុន មានវិសាលភាពធំទូលាយណាស់ និងគួរឱ្យទុកចិត្តបំផុត ដោយសារការថែទាំបានយ៉ាងដិតដល់ ហើយប្រសិនបើលោកអ្នកមានគម្រោងចុះស្វែងយល់អំពីការរស់នៅតំបន់ជនបទ លោកអ្នកអាចស្វែងរករថយន្តក្រុង និងតាក់ស៊ីបានយ៉ាងងាយស្រួលចេញពីទីក្រុង។

ទី២: ប្រទេសសិង្ហបុរី

ប្រព័ន្ធដឹកជញ្ជូនរហ័សរបស់សិង្ហបុរី (MRT) ជាប្រព័ន្ធដឹកជញ្ជូនសាធារណៈដ៏គួរឱ្យទុកចិត្តបំផុតមួយនៅតំបន់អាស៊ី។ ប្រព័ន្ធ MRT គ្របដណ្តប់លើការធ្វើដំណើរទូទាំងទីក្រុងសិង្ហបុរីទាំងមូលប្រកបដោយប្រសិទ្ធភាព និងតម្លៃសមរម្យ។

បណ្តាញខ្សែរថភ្លើងស្ថិតក្រោមប្រព័ន្ធដឹកជញ្ជូនរហ័សរបស់សិង្ហបុរី មានល្បឿនលឿន និងអាចធ្វើដំណើរទាន់ពេលវេលា ហើយលោកអ្នកក៏អាចបន្តជិះរថយន្តក្រុងបាន ក្នុងករណីលោកអ្នកត្រូវធ្វើដំណើរទៅកាន់គោលដៅដែលរថភ្លើងរបស់ប្រព័ន្ធ MRT មិនអាចទៅដល់។

ទី៣: ទីក្រុងហុងកុង

តំបន់រដ្ឋបាលពិសេសហុងកុងមានប្រព័ន្ធរថភ្លើងក្នុងទីក្រុងដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។ ប្រព័ន្ធរថភ្លើងរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះគ្របដណ្តប់គោលដៅជាច្រើននៅក្នុងទីក្រុង ក៏ដូចជាផ្លូវទៅកាន់តំបន់ចិនដីគោកផងដែរ។

ប្រសិនលោកអ្នកមានបំណងធ្វើដំណើរកំសាន្តមើលទេសភាពជុំវិញទីក្រុង លោកអ្នកមានជម្រើសមធ្យោបាយជាច្រើនដូចជា រថយន្តក្រុងដឹកភ្ញៀវទេសចរណ៍ធំៗដែលមានកំពស់២ជាន់ រថយន្ដក្រុងខ្នាតតូច និងរថភ្លើងប្រភេទ Ding-dings៕ប្រភព: Times of India៕