ក្រុមហ៊ុនធំមួយគ្រោងពង្រីកការវិនិយោគនៅកម្ពុជា បន្ទាប់ពីឈរជើងនៅប្រទេសនេះអស់ពេល៣០ឆ្នាំ

ក្រុមហ៊ុនធំមួយគ្រោងពង្រីកការវិនិយោគនៅកម្ពុជា បន្ទាប់ពីឈរជើងនៅប្រទេសនេះអស់ពេល៣០ឆ្នាំ

ដោយៈ គង់  សូរិយា

ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) និងសហការី ស្របពេលដែលក្រុមហ៊ុន គ្រោងនឹងរៀបចំពិធីប្រារព្ធខួប៣០ឆ្នាំ នៃដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងខែកញ្ញា ខាងមុខនេះ។

ក្នុងជំនួបពិភាក្សានេះ លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខា​ធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា កាត់បន្ថយភាពក្រីក្រ បង្កើតឱកាសការងារ និងបណ្ដុះបណ្ដាលជំនាញ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ។

លោក Andrew Peter Hewson អគ្គនាយកក្រុមហ៊ុន ហ៊ិននីគែន បានជម្រាបជូនឯកឧត្ដមអគ្គលេខាធិការរង អំពីវឌ្ឍនភាព និងសមិទ្ធផលនានារបស់ក្រុមហ៊ុន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាពិសេសលោកឧបនាយករដ្ឋមន្រ្តី ដែលជានិច្ចកាល តែងតែផ្ដល់ការគាំទ្រ និងកិច្ចសម្របសម្រួលគ្រប់បែបយ៉ាងដល់ក្រុមហ៊ុន។

ការណ៍នេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន ហ៊ិននីគែន អាចធ្វើប្រតិបត្តិការអាជីវកម្ម និងឈរជើងនៅកម្ពុជា អស់រយៈកាល ៣០ឆ្នាំកន្លងមកនេះ។ ក្នុងនាមក្រុមហ៊ុន លោក Andrew Peter Hewson ក៏បានប្ដេជ្ញាចិត្តបន្តពង្រីក ការវិនិយោគរបស់ខ្លួននៅកម្ពុជា ជួយផ្សព្វផ្សាយនិងទាក់ទាញ វិនិយោគិនបរទេសមកបន្ថែមទៀត ព្រមទាំងចូលរួមចំណែកជំរុញ ឧស្សាហកម្មស្រាបៀរកម្ពុជា ឱ្យក្លាយជាឧស្សាហកម្មមួយ ដែលមានការទទួលខុសត្រូវខ្ពស់ចំពោះសង្គម ដើម្បីបន្តចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើន ស្របតាមចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។

លោកអគ្គលេខាធិការរង បានថ្លែងអំណរគុណសារជាថ្មីដល់ក្រុមហ៊ុន ចំពោះការប្ដេជ្ញាចិត្តយ៉ាងមុតមាំ របស់លោកអគ្គនាយកក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) និងបានជូនពរក្រុមហ៊ុនទទួលបានជោគជ័យ ក្នុងប្រតិបត្តិការអាជីកម្មរបស់ខ្លួនបន្តទៀត ដើម្បីបង្កើតឱកាសការងារបន្ថែម ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជា ពង្រីករចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ឱ្យកាន់តែមានភាពសម្បូរបែប ផងដែរ ខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងត្រៀមខ្លួនជានិច្ច ក្នុងការផ្តល់ការគំាទ្រ និងកិច្ចសម្រួលដល់ការវិនិយោគ៕

ទីផ្សារលំនៅដ្ឋាននៅទីក្រុងធំៗរបស់តំបន់អាស៊ីបង្ហាញសញ្ញាប្រែប្រួលយ៉ាងឆាប់រហ័ស

ទីផ្សារលំនៅដ្ឋាននៅទីក្រុងធំៗរបស់តំបន់អាស៊ីបង្ហាញសញ្ញាប្រែប្រួលយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្ថានភាពទីផ្សារលំនៅដ្ឋាននៅតាមបណ្តាទីក្រុងធំៗរបស់តំបន់អាស៊ី ដូចជា ទីក្រុងហុងកុង ទីក្រុងសិង្ហបុរី និងទីក្រុងបាងកក បានប្រែប្រួលយ៉ាងលឿនរហ័ស ក្នុងរយៈពេល២ឆ្នាំកន្លងមក។

កាលពីត្រីមាសទី១ ឆ្នាំ២០២២ តម្លៃជួលលំនៅដ្ឋានជាមធ្យមបានធ្លាក់ចុះ នៅក្នុងទីក្រុងបាងកក និងទីក្រុងហុងកុង។  ផ្ទុយទៅវិញ តម្លៃជួលនៅតាមទីក្រុងជាច្រើន របស់ប្រទេសអូស្ត្រាលី រួមទាំងទីក្រុងស៊ីដនី ក៏ដូចជានៅប្រទេសសិង្ហបុរី បានកើនឡើង។

ប៉ុន្តែស្ថានភាពនៅឆ្នាំ២០២៤នេះ បានវិវត្តន៍ខុសគ្នាយ៉ាងខ្លាំង។ តម្លៃជួលផ្ទះនៅទីក្រុងបាងកក និងហុងកុងកំពុងកើនឡើង ខណៈតម្លៃជួលនៅសិង្ហបុរីកំពុងធ្លាក់ចុះ។ទន្ទឹមនឹងនេះ ប្រទេសអូស្ត្រាលី ក៏កំពុងជួបប្រទះ នឹងកំណើនតម្លៃជួលទាបបំផុតក្នុងរយៈពេល៤ឆ្នាំ ខណៈគេសង្កេតឃើញមានការធ្លាក់ចុះនៃតម្លៃផ្ទះ នៅទីក្រុងស៊ីដនីក្នុងខែកក្កដា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills ដែលតាមដានទីផ្សារលំនៅដ្ឋាន នៅតាមទីក្រុងចំនួន៣០ជុំវិញពិភពលោក បង្ហាញថា ទីក្រុងបាងកកជាទីផ្សារជួលមានដំណើរការល្អបំផុតទី២ បន្ទាប់ពីទីក្រុងឌូបៃក្នុងឆមា​ស​ទី១ ឆ្នាំនេះ។

នៅទីក្រុងបាងកក ទីផ្សារជួលទទួលបានអត្ថប្រយោជន៍ពីកត្តាសេដ្ឋកិច្ចក្នុងស្រុក មិនអំណោយផល និងការព្រួយបារម្ភអំពីបន្ទុកបំណុលគ្រួសារ ខណៈធនាគារកណ្តាលថៃស្ទាក់ស្ទើរក្នុងការកាត់បន្ថយអត្រាការប្រាក់ ហើយអស្ថិរភាពនយោបាយបានបង្កជាក្តីបារម្ភអំពីស្ថិរភាពហិរញ្ញវត្ថុ។

ការដាក់ពាក្យស្នើសុំប្រាក់កម្ចីទិញផ្ទះ តម្លៃក្រោម៨៧.០០០ដុល្លារអាមេរិក នៅក្នុងទីក្រុងបាងកក ត្រូវបានបដិសេធយ៉ាងច្រើនករណី នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ ការណ៍នេះបានជំរុញឱ្យអ្នកអភិវឌ្ឍន៍ ផ្តោតលើអចលនទ្រព្យប្រណីត និងបង្ខំឱ្យអ្នកទិញជាច្រើន ងាកទៅរកផ្ទះជួលវិញ។

ផ្ទុយទៅវិញ តម្លៃជួលលំនៅដ្ឋានជាមធ្យម នៅតាមទីក្រុងធំៗ ក្នុងប្រទេសអូស្ត្រាលី បានកើនឡើងត្រឹមតែ០,១ភាគរយកាលពីខែកក្កដា។ នេះជាការកើនឡើងទាបបំផុត ក្នុងអត្រាប្រចាំខែ គិតចាប់តាំងពីខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន CoreLogic ។

ទន្ទឹមនឹងនេះ ទីផ្សារជួលរបស់ទីក្រុងហុងកុង កំពុងទទួលបានអត្ថប្រយោជន៍ ​ពីការហូរចូលនៃអ្នកជំនាញ និងនិស្សិត ភា​គច្រើន មកពីតំបន់ចិនដីគោក។ ការបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការការងារ និងតម្រូវការស្នាក់នៅរបស់និស្សិត បានជំរុញឱ្យការជួល មានការកើនឡើងចាប់តាំងពីដើមឆ្នាំមុន។

ទោះជាយ៉ាងនេះក្តី ទីផ្សារនៅទីក្រុងសិង្ហបុរី បានប្រែប្រួលខ្លាំងជាងគេបំផុត។  តម្លៃជួលលំនៅដ្ឋានឯកជន បានធ្លាក់ចុះចំនួន៣ត្រីមាសជាប់គ្នា បន្ទាប់ពីបានកើនឡើង១០,២ភាគរយកាលពីឆមាសទីមួយឆ្នាំមុន ។

ផលប៉ះពាល់លើទីក្រុងសិង្ហបុរី បណ្តាលមកពីការកើនឡើងនៃការផ្គត់ផ្គង់ផ្ទះឯកជន ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ និងការចាកចេញរបស់ជនបរទេសមួយចំនួន ដោយសារតែការកាត់បន្ថយកម្លាំងពលកម្ម របស់បុគ្គលិកនៅក្នុងវិស័យសំខាន់ៗ៕ប្រភព:SCMP៕

លោកមហាសេដ្ឋី Elon Musk លក់ដាច់ផ្ទះនៅសេសសល់ចុងក្រោយក្នុងតម្លៃ៣២លានដុល្លារអាមេរិក

លោកមហាសេដ្ឋី Elon Musk លក់ដាច់ផ្ទះនៅសេសសល់ចុងក្រោយក្នុងតម្លៃ៣២លានដុល្លារអាមេរិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Elon Musk ជាកំពូលមហាសេដ្ឋីលើពិភពលោកនាពេលបច្ចុប្បន្ន ដោយលោកកំពុងដឹកនាំក្រុមហ៊ុនធំៗ រួមមាន ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ក្រុមហ៊ុនអវកាស SpaceX និងក្រុមហ៊ុនធំៗជាច្រើនទៀត។

ថ្មីៗនេះ លោក Elon Musk ត្រូវបានគេរាយការណ៍ថា លោកបានលក់ដាច់ផ្ទះ តម្លៃជិត៣២លានដុល្លារ កាលពីចុងសប្តាហ៍មុន។ ទោះ​ជា​យ៉ាង​ណាក្តី អត្តសញ្ញាណ​អ្នក​ទិញ​នៅ​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​នៅ​ឡើយ​ទេ។

នៅឆ្នាំ២០២១ លោក Elon Musk បានចុះបញ្ជីផ្ទះទំហំ១៦.០០០ហ្វីតការ៉េ លាតសន្ធឹងនៅលើដីដ៏ធំបំផុតមួយ នៅតំបន់មួយ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីបានប្រកាសនៅលើបណ្តាញសង្គម X ថា លោកគ្រោងនឹងលក់ផ្ទះ នៅសេសសល់ចុងក្រោយរបស់លោក។

មុនពេលលក់ផ្ទះនេះដាច់ លោកមហាសេដ្ឋី Elon Musk ធ្លាប់បានបង្ហើបថា លោកចង់លក់កន្លែងពិសេសមួយនេះ ទៅឱ្យគ្រួសារធំមួយ។

យោងតាមក្រុមហ៊ុន Mansion Global បានឱ្យដឹងថា ផ្ទះនោះត្រូវបានប្រកាសលក់ដំបូង ក្នុងតម្លៃ៣៧,៥លានដុល្លារ ប៉ុន្តែនៅក្នុងខែតុលា ឆ្នាំមុន តម្លៃហាងឆេងបានធ្លាក់ចុះ៥,៥លានដុល្លារ មកនៅត្រឹម៣១,៩៩លានដុល្លារ។

ផ្ទះនេះជាផ្ទះចុងក្រោយរបស់លោក Musk មានទីតាំងស្ថិតនៅក្នុងតំបន់ San Francisco Bay Area នៅរដ្ឋកាលីហ្វ័រញ៉ា ហើយក៏ធ្លាប់ត្រូវបានដាក់ជួល សម្រាប់ការរៀបចំព្រឹត្តិការណ៍ផ្សេងៗផងដែរ។

លោក Walter Isaacson អ្នកនិពន្ធជីវប្រវត្តិរបស់លោក Elon Musk បានបង្ហោះនៅលើបណ្តាញសង្គមថា “លោកធ្លាប់ជួបលោក Musk នៅក្នុងផ្ទះនេះ ហើយផ្ទះមានសោភ័ណភាពស្អាត មានបន្ទប់គេងចំនួន២ និងគ្មានការរញ៉េរញ៉ៃទេ ដោយមានអាវមួយព្យួរនៅលើកៅអី”។

លោក Walter Isaacson បានបង្ហោះរូបភាពបរិយាកាសរស់នៅក្នុងផ្ទះនោះ ដោយរួមមានតុឈើ និងផ្ទះបាយ។ លោក Musk ធ្លាប់បានដើរលេងកំសាន្តនៅទីនោះ អង្គុយនៅលើកៅអីឈើ និងលើកទូរស័ព្ទ។

លើសពីនេះទៀត គេសង្កេតឃើញមានរូបចម្លាក់រ៉ុក្កែតមួ​យនៅលើតុ និងដាវជប៉ុន(white Katana)៕ប្រភព: DNA India៕

គម្រោងអគារការិយាល័យកណ្តាលថ្មី របស់ធនាគារ ហត្ថា គ្រោងនឹងបញ្ចប់ឆាប់ៗ ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តដ៏រឹងមំាក្នុងបេសកកម្មរបស់ខ្លួននៅប្រទេសកម្ពុជា

គម្រោងអគារការិយាល័យកណ្តាលថ្មី របស់ធនាគារ ហត្ថា គ្រោងនឹងបញ្ចប់ឆាប់ៗ ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តដ៏រឹងមំាក្នុងបេសកកម្មរបស់ខ្លួននៅប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG សម្តែងនូវមោទនភាពចំពោះគម្រោងអគារការិយាល័យកណ្តាលថ្មីរបស់ខ្លួនដែលមានកម្ពស់២២ជាន់ ស្ថិតលើមហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) នៅក្នុងរាជធានីភ្នំពេញ ដែលគ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខនេះ។ គម្រោងអគារដ៏លេចត្រដែតនេះ ដែលមានទំហំផ្ទៃក្រឡាប្រមាណ ៤០,០០០ ម៉ែត្រការ៉េ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តដ៏រឹងមំាក្នុងបេសកកម្មរបស់ខ្លួន ចំពោះប្រទេសកម្ពុជា ព្រមទាំងអតិថិជន ផងដែរ។

គម្រោងអគារ​ការិយាល័យថ្មី​នេះ គឺជាផ្នែកដ៏សំខាន់មួយនៃ​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​របស់​ធនាគារ ​ហត្ថា។ រចនាបទបែបសហសម័យ រួមជាមួយនឹងគ្រឿងបរិក្ខារដ៏ទំនើបទាន់សម័យ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការបំពេញតម្រូវការដែលមានការវិវត្តឥតឈប់ឈររបស់អតិថិជនដ៏មានតម្លៃរបស់ខ្លួន។ គ្រឿងបរិក្ខារនេះ រួមបញ្ចូលគ្នានូវមុខងារជាច្រើនជាមួយនឹងសោភ័ណភាពដ៏គួរឱ្យទាក់ទាញ ដោយផ្តល់នូវសេវាកម្មអតិថិជនកម្រិតស្តង់ដារខ្ពស់ រួមមានសេវាធនា​គារអិចឃ្លូស៊ីវ (exclusive banking services) ការិយាល័យធ្វើការ បន្ទប់ប្រជុំ និងគ្រឿងបរិក្ខារដទៃផ្សេងទៀត។ គម្រោងការិយាល័យដែលត្រូវបានរចនាឡើងយ៉ាងហ្មត់ចត់ទាំងនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ក្នុងគោលដៅបម្រើអតិថិជនឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពរលូន។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “គម្រោងអគារការិយាល័យកណ្តាលថ្មីនេះ មានអត្ថន័យលើសពីការិយាល័យធ្វើការទៅទៀត គឺតំណាងឱ្យការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ធនាគារ ចំពោះសហគមន៍របស់យើង​ និងប្រទេសកម្ពុជាទាំងមូល”។ លោកបានបន្ថែមថា “យើងមានមោទនភាពដែលបានឃើញគម្រោងនេះឈានដល់ដំណាក់កាលបញ្ចប់ចុងក្រោយ ហើយយើងទាំងអស់គ្នាកំពុងទន្ទឹងរង់ចាំការបញ្ចប់គម្រោងអគារការិយាល័យថ្មីនេះ ដើម្បីផ្តល់សេវាកម្មធនាគារនូវកម្រិតស្តង់ដារខ្ពស់ ដល់អតិថិជនរបស់យើង និងសាធារណៈជនទូទៅផងដែរ”។

បន្ថែមពីលើនេះ គម្រោងអគារដែលនឹងជិតបញ្ចប់នាពេលខ្លីខាងមុខនេះ បង្ហាញពីការគាំទ្រឥតងាករេពីធនាគារអាណាព្យាបាលរបស់ខ្លួន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសម្រេចបាននូវសមិទ្ធផលដ៏មានអត្ថន័យមួយនេះ រួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការលើកកម្ពស់ស្តង់ដារប្រតិបត្តិការរបស់ធនាគារ បន្ថែមពីលើការពង្រឹងបទពិសោធអតិថិជនឱ្យកាន់តែប្រសើរ។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មជាង ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

សូមបញ្ជាក់ថាធនាគារ ហត្ថា​ បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ​ ក្រុងស្រ៊ី ដែលជាភាគទុនិករបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ​ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

default
default
default
default
default
default

កម្ពុជាឈរនៅរៀងទី៦ក្នុងតំបន់អាស៊ានដែលទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិច្រើនជាងគេ

កម្ពុជាឈរនៅរៀងទី៦ក្នុងតំបន់អាស៊ានដែលទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិច្រើនជាងគេ

ដោយ: គង់ លាងហួរ

អន្តរជាតិ: នៅក្នុងរយៈពេល៦ខែដំបូង ដើមឆ្នាំ២០២៤នេះ តំបន់អាស៊ានទាំងមូល ទទួលបានកំណើនភ្ញៀវទេសចរណ៍អន្តរជាតិគួរឱ្យកត់សម្គាល់ បន្ទាប់ពីមានការដាក់ចេញនូវគោលនយោបាយលើកលែងទិដ្ឋាការ។

ប្រទេសថៃបានឈរនៅលេខរៀងទី១ ដោយទទួលបានភ្ញៀវទេសចរណ៍បរទេស ចំនួន១៧,៥លាននាក់ នៅក្នុងឆមាសទីមួយឆ្នាំនេះ។ ការណ៍បានធ្វើឱ្យថៃ ក្លាយជាប្រទេសដែលមានអ្នកទ​ស្សនាច្រើនបំផុត នៅតំបន់អាស៊ាន ដោយសារគោលនយោបាយអំណោយផល។

យោងតាមទិន្នន័យ ពីក្រសួងទេសចរណ៍របស់ម៉ាឡេស៊ីបានឱ្យដឹងថា ប្រទេសម៉ាឡេស៊ី បានជាប់ចំណាត់ថ្នាក់លេខ២ ដោយទទួលបានការមកដល់ របស់អ្នកដំណើរអន្តរជាតិចំនួន១១,៨លាននាក់ កើនឡើងជិត៣០% បើធៀបនឹងឆមាសទី១ដូចគ្នាកាលពីឆ្នាំមុន។

ចំណែក ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានភ្ញៀវទេសចរណ៍បរទេស ចូលមកទស្សនាចំនួន៨,៨លាននាក់ កើនឡើង៥៨% តាមពីក្រោយដោយចំនួនអ្នកដំណើ​របរទេសទៅកាន់ប្រទេសសិង្ហបុរី ចំនួន៨,២៤លាននាក់ កើនឡើង៣១%។

ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុ​ត ក្នុងតំបន់អាស៊ានឈរនៅលេខរៀងទី៥ ដោយមានអ្នកទេសចរណ៍បរទេស ប្រមាណ៦,៤លាននាក់ កើនឡើង២១% ខណៈកម្ពុជា បានឈរនៅចំណាត់ថ្នាក់ទី៦ ដោយទទួលបានភ្ញៀវបរទេសចំនួន៣,១៦លាននាក់។

រីឯ ប្រទេសហ្វីលីពីន បានជាប់ចំណាត់ថ្នាក់លេខ៧ ដោយទទួលបានអ្នកដំណើរបរទេស មានចំនួន២,៩លាននាក់ តាមពីក្រោយដោយប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការប្រមូលចងក្រងឡើង ដោយសារពត៌មាន Vnexpress។

ទន្ទឹមនឹងលទ្ធផលនេះ ក្រុមអ្នកជំនាញបានលើកឡើងថា ប្រទេសថៃ បានដណ្ដើមតំណែងមកវិញ ក្នុងនាមជាជើងឯកទេសចរណ៍ក្នុងតំបន់ បន្ទាប់ពីបាត់បង់តំណែងនេះ ទៅឱ្យម៉ាឡេស៊ីកាលពីឆ្នាំមុន បន្ទាប់ពីថៃបានប្រកាស លើកលែងទិដ្ឋា​កា​រ​ជាអចិន្ត្រៃយ៍ សម្រាប់ភ្ញៀវទេសចរណ៍ចិន៕ប្រភព: Vnexpress៕

អូស្ត្រាលីអនុម័តគម្រោងថាមពលអគ្គិសនីតម្លៃ១៣ពាន់លានដុល្លារតាមខ្សែកាបក្រោមសមុទ្រទៅកាន់សិង្ហបុរី

អូស្ត្រាលីអនុម័តគម្រោងថាមពលអគ្គិសនីតម្លៃ១៣ពាន់លានដុល្លារតាមខ្សែកាបក្រោមសមុទ្រទៅកាន់សិង្ហបុរី

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលអូស្ត្រាលី បានអនុម័តគម្រោងតម្លៃ១៣,៥ពាន់លានដុល្លារអាមេរិក ដើម្បីនាំចេញថាមពលសូឡាពីរោងចក្រនៅភាគខាងជើង របស់ប្រទេសអូស្ត្រាលីទៅកាន់ប្រទេសសិង្ហបុរី តាមរយៈខ្សែកាបក្រោមសមុទ្រ ប្រវែង៤.៣០០គីឡូម៉ែត្រ។

រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកស្រី Tanya Plibersek មានប្រ​សាសន៍ឱ្យដឹងថា គម្រោងតភ្ជាប់ថាមពលអូស្ត្រាលី -អាស៊ី រប​ស់ក្រុមហ៊ុនSun Cable នឹងជួយបំពេញកំណើនតម្រូវការ ថាមព​លកកើតឡើងវិញ នៅក្នុងស្រុក និងក្រៅប្រទេស។

តាមរយៈគម្រោង តភ្ជាប់ថាមពលអូស្ត្រាលី-អាស៊ី ក្រុមហ៊ុន Sun Cable មានគោលបំណង ចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីនៅដើមទសវត្សរ៍ឆ្នាំ២០៣០។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន The Strait Times។

លោកស្រី Plibersek បានបញ្ជាក់ថា ការអនុម័តនេះភ្ជាប់មកជាមួយលក្ខខណ្ឌដ៏តឹងរ៉ឹង ដើម្បីការពារធម្មជាតិ ហើយគម្រោ​ងទំហំ១២.០០០ហិកតា ត្រូវតែបញ្ចៀសការសាងសង់លើជម្រករបស់សត្វជិតផុតពូជ។

តាមរយៈការអភិវឌ្ឍន៍ចំនួន២ដំណាក់កាល គម្រោងនេះមានគោលដៅ ផ្តល់ថាមពលអគ្គិសនី៤ជីហ្គាវ៉ាត់ ដល់បណ្តាក្រុមហ៊ុនឧស្សាហកម្ម ខ្នាតធំនៅទីក្រុង Darwin។ ក្រុមហ៊ុន Sun Cable គ្រោងបញ្ជូនថាមពល២ជីហ្គាវ៉ាត់បន្ថែមទៀត ទៅកាន់សិង្ហបុរី តាមរយៈខ្សែកាបក្រោមសមុទ្រ។ ការណ៍នេះនឹងផ្គត់ផ្គង់ចំណែក១៥% នៃតម្រូវការអគ្គិសនីសរុបរបស់សិង្ហបុរី។

ការអនុម័តនេះកើតឡើង ស្របពេលរដ្ឋាភិបាលអូស្ត្រាលីកំពុងបង្កើនការវិនិយោគ លើគម្រោងថាមពលកកើតឡើងវិញ ទោះបីជាសម្ព័ន្ធក្រុមគណបក្សប្រឆាំង ស្នើឱ្យសាងសង់រោងចក្រនុយក្លេអ៊ែរ ដើម្បីជំនួសថាមពល ប្រើដោយធ្យូងថ្មនៅឆ្នាំ២០៥០យ៉ាងណាក្តី។

លោក Cameron Garnsworthy នាយកគ្រប់គ្រងក្រុមហ៊ុន Sun Cable   បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពេលនេះ ក្រុមហ៊ុន Sun Cable នឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន លើដំណាក់កាលបន្ទាប់ នៃការរៀបចំផែនការ ដើម្បីជំរុញគម្រោងឆ្ពោះទៅ រកការសម្រេចចិត្តវិនិយោគ នៅឆ្នាំ២០២៧ ស្របតាមគោលដៅ”។

ក្រុមហ៊ុន Sun Cable បានគូសបញ្ជាក់ថា “ខ្លួនបានពិភាក្សាជាមួយក្រុមនិយតករថាមពល របស់ប្រទេសសិង្ហបុរីលើការដាក់លក្ខខណ្ឌ មុនឈានទៅសាងសង់ ខ្សែកាបក្រោមសមុទ្រ និងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី លើការកសាងខ្សែកាបឆ្លងកាត់ដែនទឹករបស់ឥណ្ឌូនេស៊ី៕ប្រភព: Reuters៕

តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃពុធនេះ

តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃពុធនេះ
ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធនេះ បន្ទាប់ពីមានការប៉ាន់ប្រមាណថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងកាលពីសប្តាហ៍មុន និងការរំពឹងទុកថា ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានធូរស្រាល។
តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៩សេនដល់៧៧,១១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0001 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ១០សេនដល់៧៣,០៧ដុល្លារក្នុងមួយបារ៉ែល។
បច្ចុប្បន្ន ទីផ្សារបន្តសម្លឹងឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៤៤ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។
ចំណែក ផ្សារហ៊ុននៅតំបន់អាសុីក៏បានធ្លាក់ថ្លៃចុះផងដែរនៅព្រឹកថ្ងៃពុធនេះ ស្របពេលក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យនៃការស្ទង់មតិលើសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ(PMI)របស់សហរដ្ឋអាមេរិក។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះចំនួន០,៤៣ភាគរយ គិតត្រឹមម៉ោង១០:៤៤នាទីព្រឹក។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៦៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ០,៨៩ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,១០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៩ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,២៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,០៦១ភាគរយ៕

តំបន់ទួលគោកនៅតែមានប្រជាប្រិយភាពសម្រាប់ទីផ្សារខុនដូ 

ដោយៈ និស្ស័យ

ភ្នំពេញៈ ជាតំបន់ដែលរីកចម្រើនលឿន ជាមួយនឹងការអភិវឌ្ឍចម្រុះទាំងលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកម្មចាំបាច់នានា បានធ្វើឲ្យខ័ណ្ឌទួលគោក នៅតែទាក់ទាញការ​ចាប់អារម្មណ៍ របស់អ្នកទិញខុនដូទាំងខ្មែរ និងបរទេស។

បណ្តុំដោយផ្សារទំនើប ធនាគារ សាលារៀន ភោជនីយដ្ឋានទំនើប និងហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ទួលគោកបានក្លាយជាតំបន់CBD(Center Business Development)យ៉ាងឆាប់រហ័ស។

ជាក់ស្តែង គំរោងខុនដូកំពស់២១ជាន់ TK Laneបាននិងកំពុងសម្រេចបាន នូវវឌ្ឍនភាពក្នុងការលក់ ស្របពេលអតិថិជន បានចាប់ផ្តើមចូលស្នាក់នៅតាំងពីខែមិនា ដើមឆ្នាំ២០២៤នេះ។

លោកហេង ឌីណារិទ្ឋប្រធានផ្នែកទីផ្សារ នៃគម្រោងTK Laneបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ទីផ្សារខុនដូកាន់តែរសរវើ់ក នៅតំបន់ទួលគោក ដោយសារប្រជាពលរដ្ឋកាន់តែច្រើន ពិសេសជនជាតិខ្មែរ បានយល់ពីតម្លៃនៃការរស់នៅក្នុងខុនដូ ដែលមានភាពងាយស្រួល មានសុខសុវត្ថិភាព មានកន្លែងហត់ប្រាណ ស្ទីម សោណា មានទីតាំងនៅជិតកន្លែងធ្វើការ និងមានភាពឯកជនខ្ពស់ ពិសេសគំរោងខុនដូរបស់​យើង ស្ថិតនៅក្បែរផ្សារទំនើប សាលារៀន ធនាគារ និងភោជនីយដ្ឋានល្បីៗជាច្រើន។

លោកបន្តថា “គិតរហូតមកទល់ពេលនេះ ខុនដូTK Laneលក់បាន៦៨ភាគរយហើយ ដោយយើងរំពឹងនឹងបញ្ចប់ការលក់១០០ភាគរយនៅដំណាច់ឆ្នាំនេះ”។ លោកបន្តថា “ជារៀងរាល់ខែល្បឿននៃការលក់របស់យើង សម្រេចបានប្រមាណ១០ភាគរយ ខណៈចំនួនអ្នកស្នាក់នៅបានកើនឡើង និងអ្នកទិញខុនដូរួចបានដាក់ជួលអស់តាមយូនីត ដែលបានបញ្ចប់សម្រាប់អតិថិជន”។

លោកហេង ឌីណារិទ្ឋបានបន្តថា ខុនដូកំពស់៧៥ម៉ែត្រនេះ មានយូនីតស្នាក់នៅចាប់ពីជាន់ទី២ ដល់ជាន់ទី១៩ ជាន់ទី២០ជាជាន់អាងហែលទឹក មានអាងហែលទឹក ស្ទីម សោណា និងជាន់ទី២១ ជាPen House ឬវីឡាលើអាកាស។

លោកបន្តថា “អតិថិជនបានចូលមករស់នៅ ចំនួន១៨០ផ្ទះឬយូនីតហើយ ស្របពេលអតិថិជន ទទួលបានប្លង់កម្មសិទ្ឋឯកជន ក៏បានផ្តល់ជូនអតិថិជន ដែលបានបង់ប្រាក់រួច១០០ភាគរយផងដែរ។

លោកខន គង្គាអគ្គនាយកក្រុមហ៊ុនERA Cambodiaបានចាត់ទុកតំបន់ទួលគោក ជាតំបន់មានសក្តានុពលមួយសម្រាប់ទីផ្សារខុនដូ ក្នុងចំណោមតំបន់សក្តានុពលនានា ដួចជា តំបន់បឹងកេងកង១ តំបន់ជ្រោយចង្វារជាដើម។

លោកបន្តថា “តំបន់ទួលគោក មានអំណោយផលលើការស្នាក់នៅ និងការជួល ដោយសារតំបន់នេះ មានហេដ្ឋារចនា  សម្ព័ន្ឋល្អប្រសើរ ជាតំបន់ងាយស្រូលក្នុងការរស់នៅ និងជាតំបន់ជនបរទេសរស់នៅ​ច្រើន”៕

បណ្តាក្រុមហ៊ុនអាកាសចរណ៍របស់លោកខាងលិចប្រកាសកាត់បន្ថយចំនួនជើងហោះហើរទៅកាន់ប្រទេសចិន

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាក្រុមហ៊ុនអាកាសចរណ៍ លោកខាងលិចបន្តកាត់បន្ថយជើងហោះហើរ ទៅកាន់ប្រទេសចិន ដោយលើកឡើងពីតម្រូវការតិច និងការចំណាយខ្ពស់ក្នុងការបើកបរជៀសដែនអាកាសរបស់រុស្ស៊ី។

យ៉ាងណាមិញ ការកើនឡើងភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយរវាងទីក្រុងប៉េកាំង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏ជាហេតុផលមួយផ្សេងទៀតផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Financial Times ។

សមត្ថភាពប្រកួតប្រជែង របស់បណ្តាក្រុមហ៊ុនអាកាសចរណ៍ លោកខាងលិចបន្តធ្លាក់ចុះ បើធៀបនឹងសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ចិន ព្រោះក្រុមហ៊ុនចិន នៅតែអាចហោះហើរឆ្លងកាត់ទឹកដីរបស់រុស្ស៊ី។

នៅក្នុងខែសីហានេះ ក្រុមហ៊ុនអាកាសចរណ៍ British Airways បានប្រកាសថា ខ្លួននឹងផ្អាកជើងហោះហើររវាងទីក្រុងឡុងដ៍ និងទីក្រុងប៉េកាំង ចាប់ពីខែតុលាខាងមុខ។ ការសម្រេចចិត្តនេះ កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Virgin Atlantic បានបិទផ្លូវហោះហើរតែមួយគត់របស់ខ្លួន ទៅកាន់ទីក្រុងសៀងហៃ។

ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Qantas ក៏បានប្រកាសថា ខ្លួននឹងកាត់បន្ថយចំនួនជើងហោះហើរ នៅលើផ្លូវរវាងទីក្រុងស៊ីដនី និងទីក្រុងសៀងហៃ ដោយសារតែចំនួនយន្តហោះមិនគ្រប់គ្រាន់។

យោងតាមទីភ្នាក់ងារផ្តល់ទិន្នន័យ ធ្វើដំណើរជាសកល OAG បានឱ្យដឹងថា ចំនួនជើងហោះហើរអន្តរជាតិ ពីតំបន់អឺរ៉ុប និងតំបន់អាមេរិកខាងជើង ទៅកាន់ប្រទេសចិនសម្រាប់រដូវក្តៅឆ្នាំ២០២៤ បានដាំក្បាលចុះជាង៦០% បើធៀបនឹងកម្រិតកំពូលក្នុងឆ្នាំ២០១៨។

ចាប់តាំងពីឆ្នាំ២០២០ នៅពេលជំងឺរាតត្បាតបានរីករាលដាលពាសពេញពិភពលោក ចំនួនជើងហោះហើរពីប្រទេសលោកខាងលិច ទៅកាន់ប្រទេសចិន បានចាប់ផ្តើមធ្លាក់ចុះយ៉ាងគំហុក។

នៅឆ្នាំ២០២២ ប្រទេសរុស្ស៊ី បានហាមប្រាមមិនឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក និងអឺរ៉ុបហោះហើរពីលើដែនអាកា​សរបស់ខ្លួន។ ការណ៍នេះ នាំឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង និងជាហេតុផលមួយទៀត ចំពោះការកាត់បន្ថយចំនួនជើងហោះហើរទៅកាន់ចិន។

ក្រុមអ្នក​ជំនាញ ​ក៏​បាន​ចាត់ទុកការ​ប្រែប្រួល ​នៃទំនាក់​ទំន​ង​​រវាងចិន​ជាមួយ​អាមេរិក និង​អឺរ៉ុប​ជា​កត្តា​រួម​ចំណែកផងដែរ។ភាពតានតឹងភូមិសាស្ត្រនយោបាយ បានជះឥទ្ធិពលដោយជៀសមិនរួច ហើយជាលទ្ធផលក្រុមហ៊ុនលោកខាងលិច បានកាត់បន្ថយជើងហោះហើរ ទៅកាន់ទីក្រុងប៉េកាំង៕

ប្រភព: RBC Ukraine

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលជូបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការទីក្រុងស៊ែមិន

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រ​ធា​​នទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូគណៈកម្មាធិការទីក្រុងស៊ែមិន (Xiamen City) នៃក្រុមប្រឹក្សាសភានយោបាយប្រជាជនចិន ដឹកនាំដោយលោក Wei Keliang ប្រធានគណៈកម្មាធិការ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនារសៀលថ្ងៃទី២០ សីហាកន្លងមកនេះ លោ​កឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកជួយ ក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គមកម្ពុជា នាពេលកន្លងមក។

លោកបន្តថា ក្នុងរយៈពេល៦៦ឆ្នាំមកនេះ មិត្តភាពជាប្រ​ពៃ​ណីរវាងប្រ​ទេ​សកម្ពុជា និងចិន ដែលបានត្រួសត្រាយដោយប្រមុខដឹកនាំជំនាន់មុនៗ និងបន្តរក្សាទំនាក់ទំនងយ៉ាងយកចិត្តទុកដាក់ ដោយប្រ​មុ​​​ខដឹកនាំបច្ចុប្បន្ន បានជំរុញឱ្យភាគីទាំងពីរ បន្តកិច្ចសហប្រតិ​បត្តិការ យ៉ាងជិតស្និទ្ធស្ទើគ្រប់វិស័យ ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ទេសចរណ៍ ព្រមទាំងកិច្ចការថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។

ជាមួយគ្នានេះដែរ លោកប្រធានគណៈកម្មាធិការ បានយកឱកាសនេះជម្រាបជូនអំពី បច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ របស់ទីក្រុងស៊ែមិនដែលជាទីក្រុងឆ្នេរ និងជាទីតាំងបង្កើត តំបន់សេដ្ឋកិច្ចពិសេ​សមួយ ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេស៤ដំបូង របស់ប្រទេ​សចិន។

លោកបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការចុះហត្ថលេខាស្តីពី ការបង្កើតទំនាក់ទំនងសម្ព័ន្ធមេត្រីភាព រវាងខេត្តព្រះសីហនុ កម្ពុជា និងទីក្រុងស៊ែមិន នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ដើម្បីឈានទៅបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្តោតសំខាន់ ទៅលើការគ្រប់គ្រងតំបន់ឆ្នេរ វិស័យកំពង់ផែ ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា អាស្រ័យដោយ ខេត្តនិងក្រុងទាំងពីរ មានសណ្ឋានភូមិសាស្ត្រស្រដៀងគ្នា ដូច្នេះហើយការផ្សព្វផ្សាយ អំពីសក្តានុពល និងកាលានុវត្តភាពល្អៗ រវាងគ្នានិងគ្នា និងការរៀបចំឱ្យមានវេទិកាផ្គូផ្គងធុរកិច្ច គឺជារឿងដែលប្រពៃបំផុត។

លោកស៊ុន ចាន់ថុល ក៏បានលើកឡើងពីគោលគំនិតនៃកិច្ចសហការបង្កើត តំបន់ពាណិជ្ជកម្មសេរី (Free Trade Zone) ជូនទៅភាគីចិន ដើម្បីបានជាមូលដ្ឋាន យកទៅពិនិត្យលទ្ធភាពផងដែរ៕