មន្រ្តីជាន់ខ្ពស់ចិនសន្យាគាំទ្រកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាឲ្យលេចរូបរាងបានឆាប់រហ័ស

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនប្រទេសចិន លោកLi Yangបានសន្យានឹងបន្តកិច្ចសហប្រតិបត្តិការ និងពន្លឿនការងារដែលនៅសេសសល់ជាមួយកម្ពុជាឲ្យបានឆាប់រហ័ស។

លោកLi Yangបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ដឹកជញ្ជូនអាស៊ានលើកទី២៩ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវកាលពីដើមសប្តាហ៍នេះ។
ក្នុងឱកាសនោះ លោកបានជួបជាមួយ លោកប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានទទួលជួបពិភាក្សាការងា​រទ្វេភាគី។

ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាលើវិស័យដឹកជញ្ជូន។ ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងសាធារណៈការបានមានប្រសាសន៍ថ្លែងអរគុណ ដល់រដ្ឋាភិបាលនៃប្រទេសចិន សម្រាប់កិច្ចគាំទ្រ និងកិច្ចសហប្រតិបត្តិ ក្នុងភាពជាដៃគូដ៏រឹងមាំកន្លងមកដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន រួមមាន៖ ផ្លូវថ្នល់ ស្ពាន ផ្លូវល្បឿនលឿន ផ្លូវដែក និងផែនការមេជាច្រើនទៀត ដែលកំពុងសិក្សា។

ឆ្លើយតបទៅនឹងសំណូមពររបស់លោក រដ្ឋមន្រ្តី ប៉េង ពោធិ៍នា លោកអនុរដ្ឋមន្រ្តីចិន Li Yang បានសន្យានឹង ជួយពន្លឿនកិច្ចការដែលនៅសេសសល់ទាំងឡាយ ឱ្យចេញលទ្ធផលជាផ្លែផ្កាយ៉ាងឆាប់រហ័ស ព្រមទាំងបន្តផ្តល់ការគាំទ្រ ដល់កម្ពុជាលើគ្រប់វិស័យ ជាពិសេ​សលើការបណ្តុះបណ្តាល ធនធានមនុស្ស ដើម្បីឆ្លើយតបឱ្យចំគោលដៅរបស់យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

រដ្ឋាភិបាលកម្ពុជា និងក្រុ​មហ៊ុនចិនបានបញ្ចប់ការសិក្សា លើគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដូចជាផ្លូវក្រវ៉ាត់ក្រុងទី៤ គំរោងជីកព្រែកហ្វូណនតេជោ គំរោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ សៀមរាប សៀមរាប ប៉ោយប៉ែត គំរោងកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ភាគខាងកើត គំរោងតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញ ទៅកាន់ប្រទេសឡាវ តភ្ជាប់មកកាន់ខេត្តសៀមរាប គំរោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ មណ្ឌលគិរីជាដើម៕

ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានកើនឡើងលើស ពីការរំពឹងទុករបស់សេដ្ឋវិទូ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានកើនឡើងលើសពីការរំពឹងទុក របស់ក្រុមសេដ្ឋវិទូនៅក្នុងខែកញ្ញា ដែលការណ៍នេះបានឆ្លុះបញ្ចាំងពីភាពធន់ នៃតម្រូវការរបស់ពលរដ្ឋអាមេរិកសម្រាប់ទំនិញនាំចូលពីបរទេស។

យោងតាមក្រុមសេដ្ឋវិទូ ដែលត្រូវបានស្ទង់មតិដោយសារពត៌មាន Reuters បានព្យាករណ៍ថា ឱនភាពពាណិជ្ជកម្មរបស់អាមេរិកនឹងធ្លាក់ចុះ ដល់៥៩,៩ពាន់លានដុល្លារនៅក្នុងខែកញ្ញា។

ប៉ុន្តែផ្ទុយទៅវិញ យោងតាមទិន្នន័យរបស់នាយកដ្ឋានពាណិជ្ជកម្មអាមេរិកបានបង្ហាញថា នៅខែកញ្ញា ឱនភាពពាណិជ្ជកម្មទំនិញ និងសេវាកម្មរបស់សហរដ្ឋអាមេរិក បានកើនឡើង៤,៩% ដល់៦១,៥ពាន់លានដុល្លារអាមេរិក បើធៀបនឹងឱនភាពក្នុងខែសីហាកន្លងទៅ។

ទំហំនៃការនាំចូលរបស់សហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែកុម្ភៈ ខណៈពេលដែលការនាំចេញក៏បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាងមួយឆ្នាំផងដែរ។

ស្របពេលដែលអត្រាអ្នកអត់ការងារធ្វើ នៅមានកម្រិតទាប ដូចនេះ តម្រូវការរបស់ពលរដ្ឋអាមេរិក សម្រាប់ការទិញទំនិញ ដែលផលិតមកពីបរទេសដូចជាទូរស័ព្ទ និងរថយន្តនៅតែមានភាពល្អប្រសើរ។

ឱនភាពនេះបាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ ពី​ការ​នាំ​ចូល​កាន់​តែ​ច្រើន​នៃ​ទំនិញ​ប្រើ​ប្រាស់​ ព្រម​ទាំង​ទំនិញ​មូលធន​ ដូច​ជា​គ្រឿង​បន្លាស់​កុំព្យូទ័រ​ ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ ការ​នាំ​ចេញ​ប្រេង និង​ផលិតផល​កសិកម្ម​របស់សហរដ្ឋអាមេរិកក៏​បាន​កើនឡើង​ផង​ដែរ៕

ក្រុមហ៊ុនជប៉ុនជាច្រើនមើលឃើញហានិភ័យទាក់ទងប្រាក់ចំណូលរបស់ខ្លួន ជុំវិញផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា

ដោយ: គង់ លាងហួរ

តូក្យូ: យោងតាមការស្ទង់មតិសាជីវកម្មរបស់កាសែត Reuters បានបង្ហាញថា ស្ទើរតែពាក់កណ្តាលនៃក្រុមហ៊ុនជប៉ុន ដែលចូលរួមការស្ទង់មតិ មើលឃើញថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ អាចជះផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពួកគេ។

ក្រុមហ៊ុនទាំងនោអ បានលើកឡើងពីការព្រួយបារម្ភអំពីការកើនឡើងបន្ថែមទៀតនៃតម្លៃប្រេង និងទំនិញ។ឆ្លើយតបចំពោះបញ្ហានៃការបញ្ចប់ អត្រាការប្រាក់អវិជ្ជមាន ដែលជាសសរស្តម្ភដ៏សំខាន់ នៃគោលនយោបាយរូបិយវត្ថុ របស់ធនាគារកណ្តាលជប៉ុន ស្ទើរតែពាក់កណ្តាលនៃក្រុមហ៊ុនជប៉ុន ដែលចូលរួមក្នុងការស្ទង់មតិខាងលើនេះ បានរំពឹងថា វានឹងអាចកើតឡើងនៅពាក់កណ្តាលឆ្នាំ២០២៤ខាងមុខ។
ការស្ទង់មតិបានបង្ហាញទៀតថា ចំនួន៤៨ភាគរយ នៃក្រុមហ៊ុនជប៉ុនសរុប ដែលត្រូវបានស្ទង់មតិដោយកាសែត Reuters បានលើកឡើងថា ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសនឹងជះផលប៉ះពាល់ជាអវិជ្ជមានដល់ប្រាក់ចំណូលរបស់ពួកគេ។

ចំណែកចំនួន៤៩ភាគរយ នៃក្រុមហ៊ុនជប៉ុនសរុប ដែលចូលរួមក្នុងការស្ទង់មតិនេះ មិនរំពឹងទុកថា ជម្លោះនៅតំបន់មជ្ឈឹមបូព៌ា នឹងអាចជះផលប៉ះពាល់ជាក់លាក់នោះទេ ខណៈ៣%នៃក្រុមហ៊ុនជប៉ុនសរុបដែលចូលរួមការស្ទង់មតិ បានមើលឃើញពីឥទ្ធិពលវិជ្ជមាន។អ្នក​គ្រប់​គ្រង​មួយ​រូប នៅក្រុម​ហ៊ុន​ផលិត​សារធាតុគីមី ​​បាន​សរសេរ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ថា​ “ស្ថានភាព​នៅតំបន់មជ្ឈិមបូព៌ា​ កាន់​តែ​អាក្រក់​នឹង​នាំ​ឱ្យ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ​នៃ​តម្លៃ​វត្ថុធាតុ​ដើម និង​តម្លៃឥន្ធនៈ”។

នៅពេលត្រូវបានសាកសួរអំពីទស្សនវិស័យ នៃតម្លៃប្រេងនាពេលអនាគតដ៏ខ្លី គេសង្កេតឃើញថា ៤៦%នៃក្រុមហ៊ុនជប៉ុនសរុប ដែលចូលរួមក្នុងការស្ទង់មតិរំពឹងថា តម្លៃប្រេងនឹងកើនឡើងដល់១២០ដុល្លារក្នុងមួយបារ៉ែល ឬខ្ពស់ជាងនេះ៕

Indonesia inaugurates Southeast Asia’s largest floating solar farm

CIRATA, West Java: Indonesia inaugurated a US$100 million floating solar farm on Thursday (Nov 9), the largest in Southeast Asia, as it seeks more opportunities to transition to green, renewable energy.

The Cirata floating solar farm, which is expected to generate enough electricity to power 50,000 households, is built on a 200-hectare reservoir in West Java, about 130km from the capital, Jakarta.

“Today is a historical day, because our big dream to build a renewable energy plant on a big scale is finally achieved,” President Joko Widodo said in a speech to mark the occasion.“We managed to build the largest floating solar farm in Southeast Asia, and the third biggest in the world,” he said.

The project, a collaboration between Indonesia’s national electricity company Perusahaan Listrik Negara (PLN) and the Abu Dhabi-based renewable energy company Masdar, took three years to complete and cost roughly US$100
million.

The Indonesian government has said it will attempt to reach net-zero emissions by 2060.
Situated in a lush, green area surrounded by rice fields, the solar farm, funded by Sumitomo Mitsui Banking Corporation, Societe Generale and Standard Chartered, consists of 340,000 panels. Source: AFP

សេដ្ឋកិច្ចហ្វីលីពីនកើនឡើង៥,៩ភាគរយក្នុងត្រីមាសទី៣ លើសការព្យាករណ៍របស់សេដ្ឋវិទូ

ដោយ: គង់ លាងហួរ

ម៉ានីល: សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន បានកើនឡើងយ៉ាងគំហុក ក្នុងត្រីមាសទី៣ ដែលជំរុញដោយការស្ទុះងើបឡើងវិញ នៃការចំណាយរបស់រដ្ឋាភិបាល និងជំរុញឱ្យគោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី៦ ទៅ៧%នៅឆ្នាំនេះ អាចសម្រេចទៅបាន។

ផលិតផលក្នុងស្រុកសរុប (GDP) របស់ហ្វីលីពីនបានកើនឡើង៥,៩ភាគរយនៅក្នុងត្រីមាសទី៣ បើធៀបនឹងឆ្នាំមុន ពោលគឺលើសពីការព្យាករណ៍៤,៧ភាគរយ នៅក្នុងការស្ទង់មតិរបស់សារពត៌មាន Reuters។ការចំណាយរបស់រដ្ឋាភិបាលហ្វីលីពីន បានកើនឡើង៦,៧ភាគរយក្នុងត្រីមាសទី៣ បើធៀបនឹងការធ្លាក់ចុះ០,៧ភាគរយ ក្នុងត្រីមាសទី២។

លោក Arsenio Balisacan លេខាធិការរៀបចំផែនការសេដ្ឋកិច្ចបានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងសង្ឃឹមថា នឹងរក្សាបាននូវសន្ទុះនេះ សម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនេះ និងឆ្នាំខាងមុខ”។លោក Balisacan បានបន្តថា អតិផរណានៅតែជាបញ្ហាប្រឈ​មមួយ ដោយសារវាបានធ្វើឱ្យការប្រើប្រាស់ ក្នុងគ្រួសារធ្លាក់ចុះ។ តួយ៉ាង ការប្រើប្រាស់ក្នុងគ្រួសារ បានកើនឡើងក្នុងល្បឿន៥ភាគរយប៉ុណ្ណោះនៅក្នុងត្រីមាសទី៣ បើធៀបនឹង៥,៥ភាគរយនៅក្នុងត្រីមាសទី២។

លោក Balisacan បានអះអាងថា “យើងសង្កត់ធ្ងន់ថា វិធានការមិនមែនរូបិយវត្ថុ ដើម្បីការពារអំណាចនៃការទិញ របស់ប្រជាជនហ្វីលីពីននៅតែមានសារៈសំខាន់ នៅពេលយើងដោះស្រាយបញ្ហានៃអត្រាអតិផរណាដ៏ខ្ពស់”៕

រដ្ឋមន្ត្រីសាធារណការជំរុញដល់ក្រុមហ៊ុនចិនបន្តដាក់ទុនវិនិយោគ លើគម្រោងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនដែលនឹងត្រៀមអនុវត្តន៍

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ  រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានជំរុញដល់ក្រុមហ៊ុនបន្តចូលរួមជាមួយរដ្ឋាភិបាលក្នុងការបណ្ដាក់ទុនវិនិយោគ លើគម្រោងជាអាទិភាពផ្សេងៗទៀត ដែលរដ្ឋាភិបាលកំពុងពិនិត្យ និងត្រៀមដាក់ចេញក្នុងពេលឆាប់ៗខាងមុខ។

ថ្លែងក្នុងពិធីអបអរសាទរខួបមួយឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប៉េង ពោធិ៍នា បានលើកឡើងថា ផ្លូវល្បឿនលឿន ដែលជាការដាក់ទុនវិនិយោគរួមគ្នា រវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិន ដែលបានផ្ដល់ប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានសេវាពីផ្លូវនេះ។

លោកបន្តថា មិនតែប៉ុណ្ណោះផ្លូវនេះ ក៏ជាខ្សែផ្លូវតភ្ជាប់សេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជាផងដែរ។ លោកបានចាត់ទុកគម្រោងផ្លូវល្បឿនលឿននេះ ជាគម្រូនៃហិរញ្ញប្បទាន ក្រោមទម្រង់កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ឬទម្រង់សាងសង់-ប្រតិបត្តិការ (BOT) ដើម្បីប្រើប្រាស់ជាមូលដ្ឋាន ក្នុងការពិនិត្យលទ្ធភាពបន្តអនុវត្តន៍ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។

ជាមួយនឹងការពេញចិត្តនេះ លោកបានលើកទឹកចិត្តដល់ក្រុមវិនិយោគរបស់ប្រទេសចិន បន្តចូលរួមជាមួយរដ្ឋាភិបាលក្នុងការបណ្ដាក់ទុនវិនិយោគផ្អែកតាមគំរូនេះផងដែរ។

លោកបញ្ជាក់ថា “ខ្ញុំបាទសូមធ្វើការគាំទ្រ និងជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគ របស់ប្រទេសចិនដទៃទៀត ជាពិសេសក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ឱ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្ដាក់ទុនវិនិយោគ លើគម្រោងជាអទិភាពផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងពិនិត្យ និងពិភាក្សាដាក់ឱ្យអនុវត្តនាពេលឆាប់ៗនេះ”។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ផ្លូវនេះមានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ ដែលត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន សាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ក្រោមទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) និងប្រើប្រាស់ថវិការវិនិយោគប្រមាណ២០១៩លានដុល្លារអាមេរិក៕

ក្រុមហ៊ុនរៀបចំការប្រឡងបវរកញ្ញាចក្រវាល Miss Universe ប្រកាសក្ស័យធន

 ដោយៈ តែម សុខុម

 បាងកកៈ ក្រុមហ៊ុនចម្រុះថៃ JKN Global Group Plc (JKN) ដែលបានទិញយកក្រុមហ៊ុនរៀបចំ ការប្រឡងបវរកញ្ញាចក្រវាល Miss Universe Organisation (MUO) កាលពីឆ្នាំមុនបានប្រកាសក្ស័យធនកាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកា។

ដំណឹងនៃការដាក់ពាក្យប្រកាសក្ស័យធន ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ធ្វើឡើងដោយសារម្ចាស់ថ្មីនេះ ជួបវិបត្តិសន្ទនិយភាព (ការគ្មានទ្រព្យសកម្មរាវ)។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ខែវិច្ឆិកា។
 ក្រុមហ៊ុន JKN បានជូនដំណឹងដល់ផ្សារហ៊ុនថៃ Stock Exchange of Thailand (SET) ថា ក្រមប្រឹក្សាភិបាលរបស់ខ្លួនបានរម្លាយចោលកាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ដើម្បីដាក់ពាក្យប្រកាសក្ស័យធនទៅតុលាការ ទទួលបន្ទុកដោះស្រាយការក្ស័យធន Central Bankruptcy Court ដើម្បីស្វះស្វែងសុំការការពារពីម្ចាស់បំណុល។  ក្រុមហ៊ុន JKN បានស្នើសុំឱ្យតុលាការជួយទទួលបន្ទុក និងអនុវត្តន៍ផែនការស្ដារក្រុមហ៊ុនរបស់ខ្លួនឡើងវិញ។

ក្រុមហ៊ុននេះ បានប្រាប់ផ្សារហ៊ុនថៃ (SET) ថា ខ្លួននឹងចាត់វិធានការស្ដារក្រុមហ៊ុនទាំង៥ចំណុចដូចខាងក្រោម ទី១- រៀបចំរចនាសម្ព័ន្ធអាជីវកម្ម និងហិរញ្ញវត្ថុឡើងវិញ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់ខ្លួន និងដោះស្រាយវិបត្តិសន្ទនិយភាព (ការគ្មានទ្រព្យសកម្មរាវ)។

 ទី២– ស្វះស្វែងសុំបញ្ចុះអត្រាការប្រាក់ លើការរំលស់បំណុលដើម្បីឱ្យខ្លួន មានប្រាក់ចំណូលគ្រប់គ្រាន់ សម្រាប់បន្តដំណើរការអាជីវកម្ម ទី៣– ស្វះស្វែងរកមូលនិធិពីអ្នកវិនិយោគ និងស្ថាប័នហិរញ្ញវត្ថុថ្មីៗ។ ទី៤– លក់ចេញទ្រព្យសកម្មមិនដំណើរការ ដើម្បីបានប្រាក់ទូទាត់សងម្ចាស់បំណុល និងទី៥– ត្រៀមរៀបចំផែនការ ដើម្បីធានាបាននូវសន្ទនិយភាព៕ The Nation៕

រដ្ឋាភិបាលថៃកំពុងត្រៀមលក្ខណៈដើម្បីកាត់បន្ថយការកកស្ទះរំហូរភ្ញៀវអន្តរជាតិនៅតាមព្រលានយន្តហោះ ខណៈរដូវកាល High season ខិតជិតមកដល់

ដោយ: គង់ លាងហួរ

បាងកក: រដ្ឋាភិបាល​ថៃបាន​បង្កើត​មជ្ឈមណ្ឌល​បញ្ជា​មួយ ​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ មក​ពី​ប្រទេស​ឥណ្ឌា និង​កោះតៃវ៉ាន់​ក្រោម​គោល​នយោបាយ​លើកលែងទិដ្ឋាការ ដែល​គ្រោងនឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រសប្តាហ៍នេះ។

ទីភ្នាក់ងារផ្សេងៗត្រូវបានណែនាំ ឲ្យចូលរួមចំណែកក្នុងគ្រប់មធ្យោបាយ ដែលពួកគេអាចធ្វើបាន ដើម្បីកាត់បន្ថយចំនួនមនុស្សច្រើនលើសលប់ នៅអាកាសយានដ្ឋានដុនមឿង និងអាកាសយានដ្ឋានសុវណ្ណភូមិ ខណៈរដូវកាលដែលមានភ្ញៀវទេសចរច្រើន(High season)ខិតជិតមកដល់។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Suriya Jungrungreangkit បានអះអាងថា លោកបានបញ្ជាដល់ភ្នាក់ងាររដ្ឋឱ្យរៀបចំខ្លួន ដើម្បីធានាភាពងាយស្រួលនៃការធ្វើដំណើរ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរបរទេស បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញ គោលនយោបាយ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរឥណ្ឌា និងតៃវ៉ាន់ចូល និងស្នាក់នៅប្រទេសថៃ ដោយពុំចាំបាច់មានទិដ្ឋាការរយៈពេល៣០ថ្ងៃ។លោករដ្ឋមន្ត្រីបានបន្តថា អាកាសយានដ្ឋានថៃ (AOT) ត្រូវបានណែនាំឱ្យធ្វើការយ៉ាងជិតស្និទ្ធ ជាមួយភ្នាក់ងារផ្សេងៗ រួមទាំងអាជ្ញាធរអន្តោប្រវេសន៍ ដើម្បីសម្រួលដំណើរការ និងទប់ស្កាត់ការកកស្ទះ។

លោកបានមានប្រសាសន៍ឱ្យដឹងថា “មជ្ឈមណ្ឌលបញ្ជាត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ​របស់អ្នកផ្តល់សេវានៅអាកាសយានដ្ឋានទាំងអស់ ក្នុងការធានាការធ្វើដំណើរប្រក​បដោយភាពរលូនសម្រាប់ភ្ញៀវ ជាពិសេសគឺនៅអាកាសយានដ្ឋានសុវណ្ណភូមិ និងដុនមឿង”។

លោក Suriya បានឱ្យដឹងទៀតថា លោកបានណែនាំដល់ភ្នាក់ងារផ្សេងទៀត រួមទាំងផ្លូវដែក រថយន្តក្រុងអន្តរខេត្ត និងអាជ្ញាធរដែនសមុទ្រ ដើម្បីផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងបង្កើនការប្រុងប្រយ័ត្ន ផ្នែកសុវត្ថិភាពបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរ។ លោកបានបន្ថែមថា គោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងតៃវ៉ាន់ នឹងត្រូវបានអនុវត្ត ចាប់ពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំនេះ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ដែលនេះជាផ្នែកមួយ នៃផែនការជំរុញវិស័យទេស​ចរណ៍ និងកំណើនសេដ្ឋកិច្ចរបស់យើង។

កាលពីមុននេះ រដ្ឋាភិបាលថៃបានយល់ព្រម ផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ មកពីប្រទេសចិន និងកាហ្សាក់ស្ថាន ហើយគោលការណ៍​នេះ ​ត្រូវ​អនុវត្ត​រហូត​ដល់​ថ្ងៃ​ទី២៩ ខែ​កុម្ភៈ ឆ្នាំ២០២៤៕

កម្ពុជា ម៉ាឡេស៊ីត្រៀមរៀបចំវេទិការធុរកិច្ចរវាងអ្នកវិនិយោគ ប្រទេសទាំងពីរ

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ សភាពាណិជ្ជកម្មម៉ាឡេស៊ី-កម្ពុជា (Malaysia-Cambodia Chamber of Commerce) ។

ជំនួបនេះបានធ្វើឡើង នាព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារ ជាមួយលោក Dato Sri Ricky Yaw  ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី-កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន EAKON Group និងសមាជិកប្រតិភូមកពីម៉ាឡេស៊ី នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួម ពីលោកអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ នៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ។

គោលបំណងសំខាន់ នៃជំនួបពិភាក្សាការងារនេះ គឺដើម្បីផ្លាស់ប្តូរព័ត៌មានស្តីពីតម្រូវការទីផ្សារ និងណែនាំការផ្គូផ្គងដៃគូសហការក្នុងការវិនិយោគ រវាងវិស័យឯកជនកម្ពុជា និងម៉ាឡេស៊ី។ ភាគីម៉ាឡេស៊ី មានគម្រោងនឹងរៀបចំ ការផ្លាស់ប្តូរទស្សនកិច្ចរវាងធុរជនកម្ពុជា និងម៉ាឡេស៊ី ដោយនាំធុរជនកម្ពុជា ទៅទស្សនកិច្ចនៅម៉ាឡេស៊ីក្នុងខែមេសា និងនាំធុរជនម៉ាឡេស៊ីមកទស្សនកិច្ច នៅកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៤ ដើម្បីសិក្សាស្វែងយល់ពីវិស័យអាជីវកម្ម និងវិនិយោគដែលអាចសហការគ្នាបាន។

ភាគីកម្ពុជាបានស្វាគមន៍គំនិតផ្តួចផ្តើម និងបេ្តជា្ញជួយសហការក្នុងការងារនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕

ខេត្តកែបគ្រោងអភិវឌ្ឍឆ្នេរប្រវែងជាង២គីឡូម៉ែត្រឱ្យក្លាយទៅជាឆ្នេរលំដាប់ពិភពលោក

        ដោយៈ គង់ ហ្វីអូណា

        ខេត្តកែបៈ អាជ្ញាធរ​ខេត្ត​កែប និង​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​ពិភាក្សា​គ្នា​ដើម្បី​រៀ​ប​ចំ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ចំនួនបួន ក្នុង​នោះ​ខេត្ត​កែប ត្រូវ​បាន​ជ្រើស​រើស​អភិវ​ឌ្ឍន៍​មុន​គេ ក្នុង​​ការ​ធ្វើ​ឱ្យ​ឆ្នេរប្រវែង​២៧០០​ម៉ែត្រ ក្លាយ​ទៅ​ជា​ឆ្នេរ​លំដាប់​ពិភព​លោក​។

អភិបាលនៃគណៈអភិបាលខេត្តកែប លោកសោម ពិសិដ្ឋ បាន​ថ្លែង​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​ថា នៅ​ក្នុង​កិច្ច​ពិភាក្សា​ជា​មួយ​ប្រតិភូ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា នា​ពេល​ថ្មី​នេះៗ ​​ភាគី​ទាំង​ពីរ​បាន​ជជែក​គ្នា​​ ពី​ផែន​ការ​រៀប​ចំ​អភិវឌ្ឍ​ខេត្ត​តំបន់​ឆ្នេរ​រួម​គ្នា រវាង​ខេត្ត​ព្រះសីហនុ កំពត កោះកុង និង​ខេត្ត​កែប​។ក្នុង​ផែន​ការ​រៀប​ចំ​អភិវឌ្ឍ​ខេត្ត​តំបន់​ឆ្នេរ​នេះ ប្រតិភូ​គណៈ​កម្មាធិការ​ជាតិបាន​​​ចាប់ផ្ដើម​ចុះ​ត្រួត​ពិនិត្យ​ និង​ស្រា​វជ្រាវ ដើម្បី​អភិវឌ្ឍ​ឆ្នេរ​នៅ​ក្នុង​ខេត្ត​កែប​មុន​គេ ខណៈ​ដែល​ក្នុង​ខេត្ត​នេះ កំពុង​តែ​អភិវឌ្ឍ​តំបន់​ឆ្នេរ​របស់​ខ្លួន​ជា​បណ្តើរៗ​ហើយ មាន​ដូច​ជា​ ឆ្នេរ​តាម​បណ្តា​កោះ និង​ឆ្នេរ​​អង្កោល​ជា​ដើម​។

លោកសោម ពិសិដ្ឋ បាន​ឱ្យដឹ​ង​ទៀត​ថា ក្រៅ​តែ​ពី​មាន​ការ​អភិវឌ្ឍ​​ឆ្នេរទាំ​ង​នេះ​ហើយ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​ និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា ក៏​បាន​ជ្រើស​រើស​តំបន់​ឆ្នេរ២​៧០០​ម៉ែត្រក្នុង​ខេត្ត​កែប ដែ​ល​ទើប​តែ​ចាក់​ដី​បំពេញ​ថ្មី ដើម្បី​​អភិវឌ្ឍ​​ឱ្យ​ក្លាយ​ទៅ​ជា​ឆ្នេរ​លំដាប់​ពិភព​លោកផងដែរ​​។

ទន្ទឹម​នេះ វា​ក៏​ជាកា​រ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ​​អន្តរ​ជាតិ​ផង​ដែរ ​ព្រោះ​គម្រោង​ផ្ដួច​ផ្ដើម​ កសាង​ផែ​ន​ការ​រៀប​ចំ​ដែនដីឆ្នេរ​កែប​នេះ ក្នុង​គោលដៅ​ធ្វើ​ឱ្យ​មាន​ភាព​ទាក់​ទាញ​ទាំង​ភ្ញៀវ​​​ជាតិ និង​​អន្តរ​ជាតិ ហើយ​ការ​អភិវឌ្ឍន៍​​ឆ្នេរ​នេះ​ដែរ វា​ក៏​មិន​មែន​រៀប​ចំ​ឡើង​ ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ជា​មួយ​ឆ្នេរ​សមុទ្រ ​ខេត្ត​ព្រះសីហនុ កំពត ឬ​​ខេត្ត​កោះកុង​ឡើយ ប៉ុន្តែ​ការ​រៀប​ចំ​នេះ ដើម្បី​ឱ្យ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ ​អាច​មាន​ការ​ប្រកួត​ប្រ​ជែ​​ង​ជា​មួយ​នឹង​ប្រទេស​នា​នា​បាន​។

អភិបាលខេត្តរូបនេះបានអះ​អាង​ថា ចំពោះ​ការ​អភិវឌ្ឍន៍​​តំបន់​ឆ្នេរ​នេះ​បែប​ណា​នោះ លោក​មិន​ដឹង​ច្បា​ស់​​នោះ​ទេ ដោយ​សារ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រក​ម្ពុជា ​គ្រាន់​តែ​ចុះ​មក​ពិនិត្យមើ​​ល​ទីតាំង​សិន ហើយ​ក៏​មិន​ទាន់​ស្រាវ​ជ្រាវ​លម្អិត​ទាក់​ទង​នឹង​សក្ដានុពល​តំបន់​ឆ្នេរ​នេះ​នូវ​ឡើយ​ទេ​។ ប៉ុន្តែនៅ​​ក្នុង​ផែនការ​រៀប​ចំ​តំបន់​ឆ្នេរ២៧០០​ម៉ែត្រ​ក្នុង​ខេត្ត​កែប​នេះ អាច​មាន​ការ​រៀប​ចំហេដ្ឋា​រចនា​សម្ព័​ន្ធ ដូច​ជា ធ្វើ​ផ្លូវ​ថ្នើរ​ជើង ផ្លូវ​ជិះ​កង់​តាម​​បណ្តោយ​ឆ្នេរ ​កន្លែង​សម្រាប់​ទុក​ដាក់​សំរាម​ ដើម្បី​ឱ្យ​មាន​អនាម័យ​ល្អ​​នៅ​តាម​ឆ្នេរ​។​

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីនបានមានប្រសាសន៍ថា ផែនការនេះ​ជា​ការ​ផ្ដួច​ផ្ដើម​មួយ​ដ៏​ល្អ​ស​ម្រាប់​ខេត្ត​កែប ក៏​ដូច​ជា​ប្រ​ទេស​កម្ពុជា​ទាំង​មូល​ផង​ដែរ ​ព្រោះ​​​ខេត្ត​កែប​ជា​ខេត្ត​តំបន់​ទេសចរណ៍​មួយ ​ដែល​ទាក់​ទាញ​ទាំង​ទេសចរ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​។

លោកស្រី​បន្ត​ថា “ក្រៅ​ពី​​នេះ​ខេត្ត​កែប​ក៏​មាន​ឆ្នេរ​ស្អាត និង​មាន​គ្រឿង​សមុទ្រ ​ដែល​មាន​រសជាតិ​ឆ្ងាញ់ ជាពិ​សេស​គឺ​មាន​ព្រៃ​កោង​កាង​”។លោក​ស្រីបន្ថែមថា ​“បើ​យើង​ប្រែ​ក្លាយ​ឱ្យ​ទៅ​ជា​តំបន់​ឆ្នេរ​លំដា​ប់​ពិភព​លោក វា​នឹង​រួម​ចំណែ​ក​ជួយ​ទៅ​ដល់ ​ការ​កើន​ឡើង​ភ្ញៀវ​​ទេសចរ​ក្នុង​ស្រុក ​និង​​ក្រៅ​ស្រុក និង​ការ​កើន​ឡើង​នៃ​សេដ្ឋកិច្ច​ជាតិ​តាម​រយៈ​អ្នក​នៅ​ក្នុង​មូលដ្ឋាន​ គាត់​អាច​ពង្រីក​អាជីវកម្ម​របស់​គាត់​បន្ថែម​ទៀត​ ដើម្បី​ទាក់ទា​ញ​ភ្ញៀវ​ទេសចរ​មក​លេង ​ហើយស្នាក់​នៅ​បាន​យូរ ខណៈ​ដែល​អ្នក​ទេសចរ​​ក្រឡេក​​ទៅ ​​ឃើញ​តែប​រិស្ថាន​ល្អ សណ្ដាប់​ធ្នាប់​ល្អ និង​សេវាកម្ម​ល្អ​ផង​ដែរ​”​៕