IDIសម្រេចបានកិច្ចព្រមព្រៀងនាំចេញផ្លែឈើទៅកាន់ប្រទេសចិន

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សមាគម​វិនិយោគិន ​នវានុវត្តន៍ និង​អភិវឌ្ឍន៍​ក្នុងស្រុក (IDI)​ សម្រេចបាន​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ជាមួយ​Chongqing HongJiu ដែលជា​ក្រុម​​ហ៊ុន​នាំចូល​ផ្លែឈើ​ឈានមុខ​គេ​របស់​ប្រទេស​ចិន និងAsia Cassava Holding ជា​ក្រុមហ៊ុន​លក់ដុំ និង​នាំចូល​ដំឡូង​មី​ដ៏​សំខាន់​មួយ ​ទៅកាន់​ប្រទេស​ចិន​។​

កិច្ចព្រមព្រៀង​នេះ​សម្រេច បាន​កាលពី​ថ្ងៃទី១៧ ខែកញ្ញា ក្នុង​ពិធី​ចុះហត្ថលេខា​ពិព័រណ៍​កម្ពុជា ​-​អាស៊ាន​លើក​ទី២០ នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន​។​

លោកបណ្ឌិតហោ សេរី​វឌ្ឍន៍ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់ IDI​ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ ​ជា​យុទ្ធ​សាស្ត្រ​ជាមួយ​Chongqing HongJiu​ ដែលជា​ក្រុមហ៊ុន​នាំចូល​ផ្លែឈើ ​ឈានមុខ​គេ​របស់​ប្រទេស​ចិន និង Asia Cassava Holding ដែលជា​ក្រុម​ហ៊ុន​លក់ដុំ និង​នាំចូល​ដំឡូង​មី​ដ៏​សំខាន់​ទៅកាន់​ប្រទេស​ចិន ដែល​ចាត់ទុកថា​ជា​គម្រោង​ដ៏​ធំ​ចំនួន​ ២​ នៅក្នុង​ពិធី​ចុះហត្ថលេខា​ នៅក្នុង​ពិព័រណ៍​កម្ពុជា​-​អាស៊ាន​លើក​ទី២០​។​លោក​បានសរសេរថា​ “​យើង​ស្វាគមន៍​ក្នុងការ​ធ្វើការ​រួមគ្នា​ជាមួ​យ​គ្រប់ភាគី ​ដើម្បី​ជួយ​វិនិយោគ​លើ​វិស័យ​កសិកម្ម ​នៅ​កម្ពុជា​សម្រាប់​ការនាំចេញ​កាន់តែច្រើន​”។​

ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​២០ នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន នា​ថ្ងៃទី១៧ ខែកញ្ញា សម្តេចធិបតីហ៊ុន ម៉ា​ណែ​តនាយករដ្ឋមន្រ្តីនៃកម្ពុជាបាន​លើកឡើងថា ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី និង​បើកចំហ គឺជា​វិថី​តែ១​គត់ ដែល​នាំមក​នូវ​សុខ​សន្តិភាព និង​វិបុលភាព​រួម​យ៉ាងពិត​ប្រាកដ ហើយ​កម្ពុជា​ក៏បាន​ប្តេជ្ញា ​បន្ត​ប្រឹងប្រែង កែ​លម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ ដើម្បី​ធ្វើយ៉ាងណា​ឆ្លើយតប​នឹង​តម្រូវការ​របស់​វិនិយោគិន​ពី​គ្រប់​មជ្ឈដ្ឋាន​។​

សម្តេច​បាន​ថ្លែងថា “​ក្នុង​បរិការណ៍​សកលលោក​ ដែល​ពោរពេញ​ទៅដោយ​ភាពមិនប្រាកដប្រជា​ ការ​រៀបចំ​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​២០នេះ ពិត​ជាមាន​សារៈសំខាន់ សម្រាប់​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​តំបន់​ឱ្យ​កាន់តែ​ស្អិតល្មួត ប្រកបដោយ​ភាព​សុខដុម ដើម្បី​ចូលរួម​លើក​កម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព”​។​សម្តេចធិបតីហ៊ុន ម៉ា​ណែ​ត ថ្លែងថា អាស៊ាននិង​ចិន មាន​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ប្រសើរ​ជាមួយគ្នា តាមរយៈ​និម្មាបនកម្ម​តំបន់ ​ដែល​ដឹកនាំ​ដោយ​អាស៊ាន ដូចជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន​កិច្ចព្រមព្រៀង​អា​សិប និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេរភាគី​​ជាច្រើន​ទៀត បង្ហាញ ឱ្យឃើញថា​កិច្ចសហប្រតិបត្តិការ​រួម​បញ្ចូល​ជាមួយនឹង​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី និង​បើកចំហ គឺជា​វិថី​តែមួយគត់ ដែល​នាំមក​នូវ​សុខសន្តិភាព និង​វិបុលភាព​រួម​យ៉ាងពិត​ប្រាកដ​។​

យោងតាម​អគ្គនាយក​​ដ្ឋា​ន​កសិកម្ម (GDA)​ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានឱ្យដឹងថា ប្រទេស​កម្ពុជា​បានធ្វើការ​នាំចេញ​កសិផល​ជាច្រើន​ប្រភេទ ​មានតម្លៃ​ជិត១,៣៨៥​ ពាន់​លាន​ដុល្លា​រ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ​ ២០២៣ ទៅកាន់​ទីផ្សារ​ប្រទេសចំនួន៥៣៕

​

 

PGIM invests in Hong Kong, mainland China, Australia rental property markets, betting on their strong fundamentals, discounted assets

PGIM Real Estate has invested US$400 million in the housing rental markets in Hong Kong, mainland China and Australia, as the US asset manager sees huge growth in these segments and opportunities to snap up assets at deep discounts amid a challenging business environment.

“The living sector has increasingly become a big thing for us,” said Benett Theseira, managing director and head of Asia-Pacific, at PGIM Real Estate.

“Increasingly we see this growing need for rental housing, and especially in cities where the cost of residential buying has become really high. And because of that we see this growing need for residential rental housing in cities like Singapore, Hong Kong, Shanghai, and in Sydney and Melbourne in Australia.”

“Hence the opportunity to invest in that provides a good investment return and also the opportunity to provide a product to this demographic of young professionals … so we can contribute to creating a good quality product and affordable product for them, which is why we went well into the sector,” he added.

In mainland China, PGIM Real Estate has partnered with a domestic rental flat operator to acquire a 19-storey purpose-built flat building in Shanghai. The property comprises over 500 flats and provides common areas and facilities including a gymnasium and a resident’s lounge.

In Australia, PGIM has formed a joint venture with a property developer to develop a portfolio of residential properties for rent in major cities to ease a hugely undersupplied housing market. The partnership aims to have a portfolio of as many as 1,250 flats, according to PGIM. Source: SCMP

ក្រសួងកសិកម្មស្នើឲ្យចិនសហការផ្នែកបច្ចេកទេសដើម្បីជម្រុញការនាំចេញផលិតផលអាទិភាព​ចំនួន​៣

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បានស្នើ​រដ្ឋមន្ត្រី​ក​សិ​កម្ម​ចិន​ជួយ​សហការ​ផ្នែក​បច្ចេក​ទេស ដើម្បី​ជំរុញ​មុខទំនិញ​អា​ទិ​ភាព​ចំនួន​៣​មុខ ដូចជា អង្ករ ស្វាយចន្ទី និង​ត្រី​ចិញ្ចឹម នៅក្នុង​ច្រករបៀង​អង្ករ និង​មច្ឆា សម្រាប់​នាំចេញ​មកកាន់​ទីផ្សារ​ចិន និង​ទីផ្សារ​អន្តរជាតិ​ដទៃទៀត​។​

លោក​ឌិ​ត ទីណា បានស្នើ​បែបនេះ នៅ​អំឡុងពេល​លោក​ជួបពិភាក្សា​ការងារ​ទ្វេភាគី ​ជា​​មួយ​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃទី ​១៦ ខែកញ្ញា ឆ្នាំ ​២០២៣ នៅ​ទីក្រុង​ណាន​នី​ង​ស្តីពី ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​កសិកម្ម​នៃ​ប្រទេស​ទាំង២​។

យោងតាម​ការប្រកាស​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី ​១៦ ខែកញ្ញា បានឱ្យដឹងថា ក្នុងជំនួប​នោះ លោកឌិ​ត ទីណា បាន​លើក​ពី​សមិទ្ធផល​ធំៗ​ជាច្រើន ដែល​សម្រេចបាន​ក្រោម​កិច្ចសហការ​រវាង​ក្រសួង​កសិកម្ម ​នៃ​ប្រទេស​ទាំង២ រួម​មាន​ ការកសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ដ​, មន្ទីរពិសោធន៍​ផលិតផល​កសិកម្ម​ ​មជ្ឈមណ្ឌល​ជំរុញ​ផលិតផល​កសិកម្ម​កម្ពុ​ជា និង​ការកសាង​សមត្ថភាព​បច្ចេក​​ទេស​ដល់​មន្ត្រី​កសិកម្ម​។​លោក​រដ្ឋមន្ត្រី ឌិ​ត ទីណា​ ក៏បាន​បញ្ជាក់​ពី​យន្តការ​សម្រាប់​ជំរុញ​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព និង​បានជា​ផលប្រយោជន៍​ ដល់​ភាគី​ទាំងសងខាង​នៅ​ច្រករបៀង មច្ឆា និង​អង្ករ ដែល​ភាគី​ទាំង​ ២ ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ២០២៣ ដោយ​ត្រូវ​រៀបចំ​គណៈកម្មការ​តម្រង់​ទិស ដែល​ដឹកនាំ​ដោយ​អនុ​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​ទាំង​២ និង​ក្រុម​ការងារ​បច្ចេកទេស​រួម សម្រាប់​រៀបចំ​ផែនការ​សកម្មភាព​អនុវត្ត​ឱ្យ​ត្រូវ​តាម​គោលនយោបាយ ​ដែល​បាន​កំណត់ដោយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​២​។

លោក​ក៏បាន​លើកទឹកចិត្ត ​ដល់​អ្នក​វិនិយោគិន​ចិន ​ដែលមាន​ជំនាញ ​និង​បច្ចេកទេស​ទីផ្សារ​ល្អៗ មក​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ពិសេស​លើ​ការកែច្នៃ វេច​ខ្ចប់​ផលិតផល​កសិកម្ម ​ដែលមាន​ស្រាប់​ឱ្យទៅជា​ផលិតផល​ ដែលមាន​គុណភាព​ខ្ពស់ រសជាតិ​ឆ្ងាញ់ និង​មានឈ្មោះ​ល្បី​លើ​ទីផ្សារ​អន្តរជាតិ​។

លោកឌិត ទីណាបានបញ្ជាក់​ថា​ “​ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរជាតិ (Foreign Economic Cooperation Center)​ នៃ​ក្រសួងកសិកម្ម​ និង​កិច្ចការ​ជនបទ​ចិន​ដែល​បាន​សហ​ការ​យ៉ាង​ជិតស្និទ្ធ​ ជាមួយ​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​កម្ពុជា បានរៀបចំ​នូវ​ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ២០២៤-២០២៨”។

នាឱកាស​នោះដែរ លោក Tang Renjian រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏បាន​ថ្លែង​ការកោតសរសើរ​ ចំពោះ​ការសម្រេចបាន​នូវ​ផលិតផល​កសិកម្ម​យ៉ាង​ច្រើន​របស់​កម្ពុជា ដែល​កម្ពុជា​ធានាបាន​ទាំងស្រុង ​នូវ​សន្តិសុខ​ស្បៀង​សម្រាប់​ប្រទេស និង​បានរួម​ចំណែក​ក្នុង​ការរក្សាសន្តិសុខ​ស្បៀង​សម្រាប់​តំបន់​ផងដែរ​។

លោកTang Renjianបានបញ្ជាក់ថា “​កម្ពុ​ជាមាន​ផលិតផល​កសិកម្ម​ជាច្រើន​ ដែលមាន​គុណភាព​ល្អ រសជាតិ​ឆ្ងាញ់ ហើយ​ប្រជាជន​ចិន​ក៏​ចូលចិត្ត​ផងដែរ​”។ លោកបន្តថា “យើង​លើកទឹកចិត្ត និង​ជំរុញ​អ្នកវិនិយោគ​ចិន​ មក​វិនិយោគ​នៅ​កម្ពុជា ​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​កសិកម្ម​រវាង​ប្រទេស​ទាំង​២ ​ឱ្យ​កើនឡើង​មួយកម្រិត​ទៀត​នាពេលខាងមុខ​​៕

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំសិក្សាបញ្ចុះតម្លៃអគ្គិសនីជូនរោងចក្រ សហគ្រាស ប្រមាណ២១,០០០រោងចក្រ ដើម្បីពង្រីកច្រវាក់ផលិតកម្ម និងទំហំការងារជូនកម្មករ

(តាកែវ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យលោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល សិក្សាលទ្ធភាពក្នុងការបញ្ចុះតម្លៃអគ្គិសនីជូនរោងចក្រ សហគ្រាស ប្រមាណ២១,០០០រោងចក្រ សហគ្រាស ដើម្បីជាចំណែកជួយសម្រួលដល់និយោជក ក្នុងការពង្រីកច្រវាក់ផលិកម្ម និងជំរុញការនាំចេញ។
ក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសិក្សាបញ្ចុះលទ្ធភាពនេះ អាចអនុវត្តសាកល្បងចាប់ពីខែតុលា ឆ្នាំ២០២៣នេះ រហូតដល់ដំណាច់ឆ្នាំ២០២៣។

បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, ការបញ្ចុះតម្លៃអគ្គិសនីជូនបណ្ដារោងចក្រ សហគ្រាសនេះ ដើម្បីឲ្យរោងចក្រ សហគ្រាស អាចពង្រីកច្រវាក់ផលិតកម្ម ហើយប្រសិនបើរោងចក្រ សហគ្រាសពង្រីកច្រវាក់ផលិតកម្មហើយនោះ ច្បាស់ណាស់កម្មករ កម្មការិនី នឹងមានការងារធ្វើកាន់តែច្រើនបន្ថែមទៀត។ ដោយម្ខាងអាចធ្វើការថែមម៉ោង ឬម្យ៉ាងទៀត និយោជកអាចនឹងជ្រើសរើសកម្មករ កម្មការិនីថ្មីបន្ថែមទៀតផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ល្ងាចមិញខ្ញុំបានឲ្យឯកឧត្តម កែវ រតនៈ ពិនិត្យមើលលទ្ធភាពអាចសាកល្បងក្នុងរយៈពេល៣ខែនេះ ជាពិសេសចុងឆ្នាំនេះ យើងអាចពិនិត្យមើលក្នុងការអនុគ្រោះថ្លៃអគ្គិសនីក្នុងកម្រិតណាមួយ បើមិនបានគ្រប់សហគ្រាសទាំងអស់ទេ ក៏បានខ្លះ ពិសេសសហគ្រាសក្នុងឧស្សាហកម្ម កសិកម្ម ដែលផលិតច្រើន ព្រោះគាត់ត្រូវការប្រើច្រើន ដើម្បីឲ្យគាត់មានលទ្ធភាពពង្រីកថែមទៀត។ ពង្រីកច្រើន នាំចេញច្រើន ការងារថែមទៀតហើយ បើមិនថែមម៉ោងអ្នកធ្វើការស្រាប់ ក៏រកបុគ្គលិកបន្ថែមដែរ»។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី លើកឡើងទៀតថា ប្រសិនបើការអនុវត្តសាកល្បងនេះទទួលបានជោគជ័យ រាជរដ្ឋាភិបាលអាចនឹងសិក្សាក្នុងការអនុវត្តបន្ដទៀត។ សម្ដេចគូសបញ្ជាក់ថា បើមើលទៅមួយជ្រុងច្បាស់ណាស់ថា រាជរដ្ឋាភិបាលជួយតែនិយោជក ប៉ុន្ដែប្រសិនបើនិយោជកសន្សំបានក្នុងការចំណាយទៅថ្លៃអគ្គិសនី នោះច្បាស់ណាស់នឹងបន្ថែមនូវអត្ថប្រយោជន៍ផ្សេងទៀត ជូនដល់កម្មករនិយោជិតជាក់ជាមិនបានឡើយ។

ទាក់ទិនករណីនេះ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលលើការងារអគ្គិសនីនេះ បានប្រាប់បន្ថែមមកកាន់បណ្ដាញព័ត៌មាន Fresh News ថា ការសម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺដើម្បីជួយលើកស្ទួយផ្នែកផលិតកម្ម ទាំងផ្នែកឧស្សាហកម្ម និងកែច្នៃផលិតកម្មកសិកម្ម ដែលជាចំណែកក្នុងការផ្ដល់ការអនុគ្រោះខ្លះ បើទោះបីស្ថានភាពលំបាកក៏ដោយ។

រដ្ឋមន្ដ្រី កែវ រតនៈ បានគូសបញ្ជាក់ទៀតថា លក្ខខណ្ឌតម្រូវផ្សេងៗ ដើម្បីទទួលបានការអនុគ្រោះនេះ ក្រសួងរ៉ែ និងថាមពល, អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា នឹងចេញសេចក្ដីណែនាំមួយលម្អិតជូនបណ្ដាអ្នកដែលពាក់ព័ន្ធទាំងអស់៕

ក្រុមហ៊ុនចិនChina General Nuclear គ្រោងអភិវឌ្ឍន៍មូលដ្ឋានថាមពលកកើតឡើងវិញនៅប្រទេសឡាវ

ដោយ: គង់ លាងហួរ

ប៉េកាំងៈ ក្រុម​ហ៊ុនChina General Nuclear Power Group (CGN) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង ជាមួយ​រដ្ឋាភិបាល​ឡាវ ដើម្បី​អភិវឌ្ឍន៍ ​មូលដ្ឋាន​ថាមពល​កកើត​ឡើង​វិញ ​នៅ​ភាគ​ខាងជើង​ប្រទេសនេះ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍ ​ដែល​ចេញ​ផ្សាយ​ដោយក្រុមហ៊ុនខាងលើកាល​ពី​ថ្ងៃ​អាទិត្យ។

មូលដ្ឋាននេះ នឹងរួមបញ្ចូលសមត្ថភាពផ្ទុក ថាមពលខ្យល់ ថាម​ពលព្រះអាទិត្យ ថាមពលវារីអគ្គិសនី ហើយនឹងបញ្ចូលទៅក្នុងខ្សែបណ្តាញថាមពលដែលមានស្រាប់ ដើម្បីផ្ទេរថាមពលដែលផលិតនៅក្នុងប្រទេសឡាវ ទៅកាន់ខេត្តយូណាននៃប្រទេសចិន។

កិច្ចព្រមព្រៀងថ្មីនេះ ត្រូវបានចុះហត្ថលេខានៅឯពិព័រណ៍ចិន-អាស៊ានដែលប្រារព្ធឡើង នៅទីក្រុងណាននីង ក្នុងខេត្តក្វាងស៊ីភាគខាងត្បូងនៃប្រទេសចិន។កិច្ចព្រមព្រៀងនេះ នឹងជំរុញអនុស្សរណៈនៃការយោគយល់គ្នាស្តីពីមូលដ្ឋានថាមពលកកើតឡើងវិញ ដែលបានចុះហត្ថលេខារវាងក្រុមហ៊ុន CGN និងរដ្ឋាភិបាលឡាវកាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ។

ការនាំចេញថាមពលទៅកាន់ប្រទេសចិន បានបង្កើតជាផ្នែកមួយដ៏សំខាន់ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសឡាវ ដោយក្រុមហ៊ុនចិន China Southern Power Grid Co បានកាន់កាប់ភាគហ៊ុនភាគច្រើន នៅក្នុងបណ្តាញថាមពលជាតិឡាវ ក្នុងឆ្នាំ២០២០ ដើម្បីជួយអភិវឌ្ឍវិស័យនេះ។

ប្រទេសឡាវ ដែលជាសមាជិកមួយនៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ដ៏មហិច្ឆតារបស់ប្រទេសចិន បានទទួលនូវគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីប្រទេសចិន ដូចជា ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ពីប្រទេសឡាវ ទៅកាន់ទីក្រុងគុនមីង របស់ប្រទេសចិន៕

សម្តេចធិបតីហ៊ុន ម៉ាណែតស្នើឱ្យតំបន់ស្វយ័តក្វាងស៊ីវិនិយោគ លើវិស័យសំខាន់ៗចំនួន៧របស់កម្ពុជា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ នៅក្នុង​ជំនួប​ជា​មួយ​លោក​លាវ នី​ង (Liu Ning) លេខាធិ​ការ​បក្ស​តំបន់​ស្វយ័ត​ ជនជាតិ​ជាំ​ង​ក្វាង​ស៊ីកាលពី​​ថ្ងៃទី​១៦​ ខែកញ្ញា សម្តេច​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត ​បាន​ស្នើ​ឱ្យ​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វាង​ស៊ី​វិនិយោគ ​លើ​វិស័យ​សំខាន់ៗ​ចំនួន​៧​របស់​កម្ពុជា​។​

សម្តេចធិបតី​ហ៊ុន ម៉ា​ណែ​ត បាន​ស្នើ​ឱ្យ​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វាង​ស៊ី ព​ង្រឹងនិង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិការ​បន្ថែម​ទៀត ​ជា​ពិសេស​ពង្រឹង និង​ពង្រីក​បន្ថែមលើ​ផ្នែក​ពាណិជ្ជ​កម្ម ​ការ​វិនិ​យោគ ​ការ​ផ្ដល់​ការ​គាំទ្រ​ដល់​ផលិត​ផល​កសិ​កម្ម​កម្ពុជា ​ការ​ផ្តល់​សេវា​ថែ​ទាំ​សុខ​ភាព​សាធា​រណៈ កា​រជំរុញ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍ ការ​ពង្រីក​ការបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ការ​អប់រំ និង​កីឡា ព្រ​មទាំង​ការ​បង្កើន​ជើង​ហោះហើ​រ​ត្រង់ ​រវាង​តំបន់​ស្វយ័ត​ជនជាតិ​ជាំង​ក្វាង​ស៊ី និង​ប្រទេស​កម្ពុជា​។​

ជា​មួយ​គ្នានេះសម្តេច ​ក៏​ស្នើឱ្យ​​លោក​លាវ នី​ង ពិនិត្យ​លទ្ធ​ភាព​ព​ន្លឿ​ន​ដំណើរ​ការ​ នៃ​ការ​រៀបចំ​នីតិវិធី​ចុះ​អនុស្ស​រណៈ ​នៃ​ការ​យោគ​យល់​គ្នា នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រួមគ្នា​ស្តីពី ​ការ​សាង​សង់​សួន​ឧស្សា​ហ​កម្ម​កម្ពុជា​-​ចិន (Cambodia​-China Industrial Parks) ដែល​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ​លើ​សេដ្ឋ​កិច្ច​ឌីជី​ថល ​(digital ec​ono​my) និង​កសិ​កម្ម ​វៃឆ្លាត ​(smart agriculture) ​ផង​ដែរ​។​់

សម្តេចបានបញ្ជាក់ថា “​ការរី​កលូ​តលា​ស់ និង​ការ​វិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​តំបន់​ស្វយ័ត ​ដែល​ប្រៀប​បីដូច​ជាចលករ ​សេដ្ឋ​កិច្ច​ដ៏​សំខាន់​មួយ​របស់​ប្រទេ​ស​ចិន​”។

តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វាង​ស៊ី ​ឆ្នាំ​២០២៣​នេះ ​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​​រៀបចំ​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​២០​។លោក លាវ នី​ង (Liu Ning) លេខាធិ​ការ​បក្ស​តំបន់​ស្វយ័​ត​ជន​ជាតិ​ជាំ​ង​ក្វាង​ស៊ីបាន​លើក​ឡើង​ថា តំបន់​ស្វយ័ត​ជន​ជាតិ​ជាំ​ង​ក្វាង​ស៊ី​មាន​សក្ដានុ​ពល ឧត្ដម​ភាព ដោយ​ពេល​នេះ ខា​ង​តំបន់​ស្វ​យ័តកំ​ពុង​ស្វែង​រក​លទ្ធ​ភាព​បន្ថែម ​ក្នុង​ការ​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិការ ​ជា​មួយ​ប្រទេស​កម្ពុជាថែមទៀត ។

លោក​បាន​បញ្ជាក់​ថា​ “គិត​មក​ត្រឹម​ពេល​នេះ តំបន់​ស្វយ័ត​ជន​ជាតិ​ជាំ​ង​ក្វាង​ស៊ី មាន​កិច្ចស​ហប្រ​តិបត្តិ​ការ​ជាច្រើន ​​ជាមួយ​ប្រទេស​កម្ពុជាក្នុង​វិស័យ​ពាណិជ្ជ​កម្ម ​កសិកម្ម ​សុខាភិបា​ល បច្ចេ​កវិទ្យា​ ការអប់រំ​ កីឡា និ​ង​ការ​បណ្តុះ​បណ្តាល​​ធនធាន​មនុស្ស”។ លោកបន្តថា “​ចំពោះ​ពិនិត្យ​លទ្ធ​ភាព​ បង្កើន​ជើង​ហោះហើរ​ត្រង់​ ពីតំបន់​ស្វយ័ត​ជន​ជាតិ​ជាំ​ង​ក្វាង​ស៊ី ​ទៅកា​ន់​ប្រទេស​កម្ពុជា ​ដោយ​ឯកឧត្តម​នឹង​ចាប់​ផ្តើម​ពិភាក្សា​ការងារ​ជាមួ​យ​ភាគី​ពាក់ព័​ន្ធ​ទាំង​នៅ​ចិន និង​ទាំង​នៅ​កម្ពុជា”។​

អនុ​ប្រធាន​សភាពា​ណិជ្ជ​កម្ម​កម្ពុជា​ អ្នកឧកញ៉ាលឹម ហេង បាន​ឱ្យដឹង​ថា ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ និង​គណៈ​ប្រ​តិភូ​សភាពា​ណិជ្ជ​កម្ម​កម្ពុជា ​បាន​ចូល​រួម​ពិធី​សំណេះ​សំណា​ល ​និង​ពិសា​អាហារ​ពេល​ថ្ងៃ​ត្រង់​ ជា​មួយសហ​គ្រាស​ឧ​ស្សាហ​កម្ម ​និង​ពាណិជ្ជ​ក​ម្មកម្ពុជា​-​ចិន ​ដោយ​ពិធី​នេះភាគី​ខាង​វិស័យ​ឯកជន ​នៃ​ប្រទេស​ទាំង​២​បាន​ពិភា​ក្សា​គ្នា​យ៉ាង​ច្រើន ​ទាក់ទ​ង​នឹង​ឱកាស​វិនិយោគ​នៅ​កម្ពុជា ​ជូន​ដល់​វិនិ​យោគិន​ចិន​ថ្មីៗ និង​វិនិយោ​គិន​ចិន ​ដែល​កំពុង​វិនិ​យោគ​នៅ​កម្ពុជា​ស្រាប់។​

លោក​បាន​បញ្ជាក់​ថា​ ​នា​ជំនួប​ជា​មួយ​នឹង​សហ​គ្រាស​ឧ​ស្សាហ​កម្ម​និង​ពាណិជ្ជក​ម្ម កម្ពុជា​-​ចិន ​សម្តេច​ធិបតី​ហ៊ុន ​ម៉ា​ណែ​ត បាន​ថ្លែង​ពី​ការ​លើក​ទឹក​ចិត្ត​ផ្សេងៗ ​ដល់​អ្នក​វិនិយោគ ​ជាពិ​សេស​ការធានា​ដល់​បទ​សុវត្ថិ​ភាព ស្ថិរភាព​នយោ​បាយ​នៅ​កម្ពុជា ​និង​គ្មាន​បញ្ហា​ផ្សព្វ​ផ្សាយ​ពី​បញ្ហា​អសន្តិ​សុខ ​ដូច​ការ​ផ្សព្វ​ផ្សាយ​របស់​សារ​ព័ត៌មា​ន​បរ​ទេស​មួយ​ចំនួន​នោះ​ទេ​។​

លោក​បាន​បន្ថែម​ចំពោះ​អ្នកវិ​និយោគ ​ដែល​មាន​ស្រាប់​ដែល​បាន​ចូល​រួម​នៅក្នុ​ង​ជំនួប​នោះ​ដែរ​ មានការ​​វិនិយោគ​នៅក្នុង​វិស័យ​មួយ​ចំនួន​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស ​ជាពិសេ​ស​លើ​វិស័យ​ឡូ​ជី​ស្ទិ​ក។ក្រោយ​ជំនួប​នេះ​ហើយ ​ខាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​២ ​ក៏មាន​ជំនួប​ដាច់ដោ​យ​ឡែក​មួយ​ទៀត ​ដែល​នេះ​ជាការ​ទទួល​បាន​ជោគជ័​យ​គួរឱ្យកត់​សម្គា​ល់​។​

​របាយ​ការណ៍​ពី​ធនាគា​រជា​តិ​នៃ​កម្ពុជា ​និង​ក្រុមប្រឹ​ក្សា​អភិវ​ឌ្ឍន៍​កម្ពុជាបាន​បង្ហាញ​ថា គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​​នេះ ការ​វិនិយោគ​ផ្ទាល់​បរទេស​​នៅ​កម្ពុជា ​មាន​ទំហំ​ទឹកប្រាក់​​១៨៥,៧​ទ្រី​លាន​រៀល​កើនឡើង​​៩​ភាគ​រយ ​បើ​ធៀប​នឹង​ឆមាស​ទី​១ក្នុង​ឆ្នាំ​២០២២​។ ​នៅ​ក្នុង​នោះ ​ចិន ​នៅតែ​ឈរ​លំដាប់​ទី​១ ក្នុង​នាម​ជា​ប្រទេសដែល​មាន​ទុនវិនិ​យោគ​ច្រើនជា​ងគេ​នៅ​កម្ពុជា ដោយ​មាន​ទឹក​ប្រាក់​ប្រមាណ​៨៣,៥​ទ្រី​លាន​រៀល និង​តាម​ពី​ក្រោយ​ដោយ កូរ៉េ​ខាង​ត្បូង ​និង​សិង្ហ​បុរី​៕

​

សេដ្ឋកិច្ចរបស់មហាយក្សចិនបង្ហាញសញ្ញាល្អប្រសើរឡើង ប៉ុន្តែអចលនទ្រព្យនៅតែចុះខ្សោយ

ដោយៈ តែម សុខុម

ប៉េកាំង: ទិន្នន័យចេញផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនបង្ហាញថា សកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសចិន ហាក់មានភាពប្រសើរឡើងក្នុងខែសីហា ដោយស្ថានភាពសេដ្ឋកិច្ចចាប់ផ្ដើមមានលំនឹងហើយ។

ទោះជាយ៉ាងណា ដំណឹងអាក្រក់បន្ថែមទៀត អំពីវិស័យអចលនទ្រព្យរបស់ប្រទេស ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកនេះ បានឆ្លុះបញ្ចាំងពីបញ្ហាប្រឈម ដែលនៅតែមានក្នុងពេលខាងមុខ។

យោងតាមការិយាល័យជាតិស្ថិតិជាតិ (NBS) នៃប្រទេសចិន បង្ហាញថា ផលិតកម្មឧស្សាហកម្ម ដែលវាស់វែងទិន្នផលពីវិស័យនានាដូចជាផលិតកម្ម និងការជីកយករ៉ែជាដើម បានកើនឡើង៤,៥%ក្នុងខែសីហា បើធៀបនឹងឆ្នាំមុន ដោយកើនឡើងពីកំណើន៣,៧%ក្នុងខែកក្កដា។

ការលក់រាយដែលវាស់វែង ការប្រើប្រាស់បានកើនឡើង៤,៦%ពីឆ្នាំមុន បើធៀបនឹងកំណើន២,៥%ក្នុងខែកក្កដា។ទោះជាយ៉ាងណា មានភ័ស្ដុតាងបន្ថែមទៀតបង្ហាញថា វិបត្តិដែលបានអូសបន្លាយពេល២ឆ្នាំ ក្នុងវិស័យអចលនរបស់ប្រទេសចិន នឹងបន្តអូសបន្លាយពេលវែងតទៅទៀត។

ក្រុមហ៊ុន Sino-Ocean ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ ដែលគាំទ្រដោយរដ្ឋបានអះអាងថា ខ្លួននឹងផ្អាកការទូទាត់បំណុលនៅបរទេសរបស់ខ្លួន ហើយនេះជាសញ្ញាបង្ហាញថា វិបត្តិអចលនទ្រព្យ អាចនឹងបន្តរារាំងកំណើនសេដ្ឋកិច្ច។

ទិន្នន័យពីការិយាល័យជាតិស្ថិតិជាតិ (NBS)បានបង្ហាញថា ការវិនិយោគលើទ្រព្យសកម្មថេរ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់ផងបានកើនឡើង៣,២% ក្នុងរយៈពេល៨ខែដើមឆ្នាំនេះពីមួយឆ្នាំមុន បើធៀបនឹងកំណើន៣,៤% ក្នុងពេល៧ខែដើមឆ្នាំ២០២៣។ ការលក់អចលនទ្រព្យ គិតជាផ្ទៃក្រឡាបានធ្លាក់ចុះ៧,១%។

ក្រុមហ៊ុនវាយតម្លៃហានិភ័យអាមេរិកMoody’s បានបន្ទាបទស្សនវិស័យរបស់ខ្លួន សម្រាប់វិស័យអចលនទ្រព្យ ទាំងមូលរបស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ដោយលើកឡើងពីការធ្លាក់ចុះការលក់លំនៅឋាន និងការព្រួយបារម្ភអំពីសុខភាព នៃឧស្សា​ហកម្មនេះ៕ CNN៕

CVEA នឹងចូលរួមកិច្ចប្រជុំជាមួយAVAដើម្បីផ្លាស់ប្តូរព័ត៌មានទាក់ទងវិស័យអចលនទ្រព្យ

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ថ្នាក់ដឹកនាំសមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​(CVEA) នឹងចូលរួម​កិច្ចប្រជុំ​លើក​ទី​២៥ នៃ​សមាជ​សមាគម​អ្នកវាយតម្លៃ​អាស៊ាន (AVA) ក្នុង​គោល​បំណង​ផ្លាស់ប្តូរ​ព័ត៌​មាន​ពាក់ព័ន្ធ​ក្នុង​វិស័យ ​ដែល​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ ​ដោយ​​សារ​តែ​ការ​ថមថយ​សេដ្ឋកិច្ច នៅ​ក្នុង​តំបន់ និង​ពិភពលោក​។​
កិច្ចប្រជុំនេះ នឹងធ្វើឡើងនៅ​ប្រទេស​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​ ១៨-២០ ខែកញ្ញា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកសន សៀ​ប បាន​ដឹកនាំ​គណៈ​​ប្រតិភូ​ទៅ​ចូលរួម​ក្នុង​សមាជ​នេះ បាន​មានប្រសាសន៍ថា សមាជ​នេះ​គឺ​តែង​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ​ក្នុងការ​ផ្តល់ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក ជាពិសេស​គឺ​ការផ្លាស់ប្តូរ​បទ​ពិសោធន៍​ពាក់ព័ន្ធ​ នឹង​ការ​វាយ​តម្លៃ​អចលនវត្ថុ និង​ការពង្រឹង​ធនធានមនុស្ស​។​

លោក​បញ្ជាក់ថា “​យើង​ចូល​​រួម​កិច្ចប្រជុំ​របស់ AVA ដោយ​សារ​យើង​គឺជា​សមាជិក ខណៈ​សមាគម​នេះ ​ត្រូវបាន​បង្កើត​តាំង​ពី​ឆ្នាំ​ ១៩៨១ ដោយមាន​ទិស​ដៅ​ក្នុង​ការលើកតម្លៃ​ ដល់​អ្នក​វាយតម្លៃ​អចលនទ្រព្យ ​ដែលមាន​សមត្ថភាព ​ក្នុងការ​វាយតម្លៃ​អចលនទ្រព្យ​ប្រកបដោយ​វិជ្ជា​ជីវៈ និង​ដើម្បី​លើកកម្ពស់​ធន​​ធាន​មនុស្ស ​តាមរយៈ​ការផ្តល់​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ​ក្នុង​តំបន់​អាស៊ាន​”​។​

លោក​បន្តថា ​គោលបំណង​ដែល​យើង​ទៅ​ចូលរួម គឺ​ដើម្បី​ចែករំលែក​បទពិសោធន៍​នៅ​កម្ពុជា ​ពាក់ព័ន្ធ​នឹង​ការវាយតម្លៃ​វិស័យ​អចល​នទ្រព្យ​។ យើង​ក៏​ទៅ​រៀនសូត្រ​ពី​គេ​ផងដែរ ដោយ​សារ​កិច្ចប្រជុំ​នេះ​គឺធ្វើឡើង​រៀង​​រាល់​ឆ្នាំ។ ដូច្នេះ​សម្រាប់​ប្រទេស​ណា ​ពុំទាន់​មានបទពិសោធន៍​គ្រប់គ្រាន់ គឺមាន​ឱកាស​រៀន​សូត្រ ​ដើម្បី​យកទៅអនុវត្តន៍​ក្នុងប្រទេស​របស់​ពួកគេ​។​

ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ CPL លោកឧកញ៉ាចេង ខេង ដែល​បាន​ចូលរួម​សមាជ​ផងដែរ​នោះបាន​និយាយថា សមាជ​នេះ​គឺមាន​សារៈសំខាន់​ណាស់ ​ដែល​ប្រទេស​ជា​សមាជិក​ទាំងអស់ អាច​លើកយក​បញ្ហា​នានា និង​ចែក​​រំលែក​វិធីសាស្ត្រ​ដោះស្រាយ ​ពេល​មាន​វិបត្តិ​ណាមួយ​កើត​ឡើង​នាពេលខាងមុខ​។​

លោក​បាន​ថ្លែងថា​ “​ខ្ញុំ​យល់​ឃើញថា​ សម្រាប់​តំបន់​អាស៊ាន​យើង​នេះ គឺមាន​មោទនភាព​ដែល​យើង​មាន AVA ដែលជា​សមាគម​ប្រចាំ​តំបន់​ដើរតួនាទី​យ៉ាងសំខាន់ ​ក្នុងការ​ភ្ជាប់​ទំនាក់​ទំនង​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​អាស៊ាន ​ដើម្បី​ចែករំលែក​បទពិសោធន៍ ​នៃ​ការវាយតម្លៃ​អចលនវត្ថុ​របស់​ប្រទេស​រៀងៗ​ខ្លួន ​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការ​វាយតម្លៃ​របស់​ពួកយើង​ មាន​គោលការណ៍​ច្បាស់លាស់ និង​ប្រកបដោយ​វិជ្ជាជីវៈ​ដើម្បី​ធ្វើ​ការរួម​គ្នា​លើ​វិស័យនេះ​”​៕

 

រដ្ឋាភិបាលនឹងអនុវត្តន៍ការយកពន្ធលើចំណេញមូលធន២០ភាគរយនៅឆ្នាំ២០២៤ខាងមុខ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤តទៅ រដ្ឋនឹងអនុវត្តពន្ធ លើចំណេញមូលធន២០ភាគរយ លើអ្នកដែលលក់អចលនទ្រព្យចំណេញ។ការអនុវត្តក្នុងការប្រមូលពន្ធ លើចំណេញមូលធននេះ បន្ទាប់ពីរាជរដ្ឋាភិបាល បានពន្យាពេលអនុវត្តរយៈពេល៣ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩។

រដ្ឋមន្រ្តីប្រតិភូអមនាយកមន្រ្តី ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានគូសបញ្ជាក់ឱ្យដឹងបែបនេះ កាលពីចុងសប្តាហ៍មុន ស្តីពីការយល់ដឹងអំពីពន្ធដារ ដោយលោកអះអាងថា បើគ្មានអ្វីប្រែប្រួល រដ្ឋនឹងចាប់ផ្តើមអនុវត្តពន្ធ លើចំណេញមូលធននៅដើមឆ្នាំ២០២៤។

លោក គង់ វិបុល បានបញ្ជាក់ថា “ប្រជាពលរដ្ឋដែលលក់អចល​នទ្រព្យខាតឬក៏ត្រឹមរួចខ្លួន គឺអត់ជាប់ពន្ធលើចំណេញ មូលធន២០ភាគរយនោះទេ ពោលរដ្ឋប្រមូលពន្ធលើម្ចាស់អចលនទ្រព្យ ដែលលក់អចលនទ្រព្យ បានទទួលប្រាក់ចំណេញតែប៉ុណ្ណោះ”។លោកគង់ វិបុលបញ្ជាក់ថា “យើងខ្ញុំ(រដ្ឋ) យកតែ២០ភាគរយ បន្ទាប់ពីការកាត់កង ដែលរដ្ឋអនុញ្ញាតឱ្យកាត់កង៨០ភាគរយហើយ”។

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ពន្យល់ដូច្នេះថា ច្បាប់ និងបទបញ្ញត្តិបានអនុញ្ញាតថា ឥឡូវលក់១លាន(ដុល្លារ) កាត់កង៨០ម៉ឺន(ដុល្លារ)ចេញ ទុក២០ម៉ឺន(ដុល្លារ)គុណជាភាគរយទៅ វាស្មើនឹង៤ម៉ឺន(ដុល្លារ)។ អ៊ីចឹងលក់(ផ្ទះបាន)១លានដុល្លារ អ៊ីចឹងត្រូវបង់ពន្ធ៤ម៉ឺនដុល្លារ។ ការធ្វើនេះគឺស្លូតបូត ហើយសម្រួលមែនទែន សម្រាប់វិស័យអចលនទ្រព្យ និងបងប្អូនពលរដ្ឋរបស់យើង។លោក គង់ វិបុលបានបញ្ជាក់ថា “ការអនុវត្តពន្ធលើចំណេញមូលធននេះ គឺមិនប៉ះពាល់ដល់វិស័យ អចលនទ្រព្យនៅកម្ពុជានោះទេ”។

លោកបានបន្តថា នេះជាវិធានការមួយ ក្នុងចំណោមវិធានការដទៃទៀត ក្នុងការកៀរគរចំណូលពន្ធចូលរដ្ឋ ឱ្យសម្រេចតាមផែនការ ហើយក៏ជាគោលការណ៍ នៃការពង្រឹងអនុលោមភាព និងភាពស្មើគ្នាក្នុងការបង់ពន្ធ៕

ក្រុមហ៊ុនYoungsia Real Estate បើកអាហារដ្ឋានលើកដំបូងនៅក្នុងគំរោងឆ្នេរសមុទ្រកោងកាង

        ដោយៈ គង់ សូរិយា

        ខេត្តកែបៈ ក្រុមហ៊ុនYoungsia Real estateបានបើកដំណើរការអាហារដ្ឋាន ជាមួយម្ហូបបង្កងទឹកសាបយ៉ាងពិសេស នៅក្នុងគំរោងឆ្នេរសមុទ្រកោងកាង ស្ថិតនៅក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real estate​បានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ការបើកដំណើរការអាហារដ្ឋានសមុទ្រកោងកាង ដើម្បីផ្តល់ភាពងាយស្រួ​លដល់ម្ចាស់ដីលំហែរ ដែលបានមកលេងកំសាន្ត ក៏ដូចជា អ្នកសាងសង់ផ្ទះលំហែរនៅតំបន់នេះ មានអាហារសម្រាប់ញាំ និងលេងកំសាន្តបានជាមួយកូនៗ ឬមិត្តភ័ក្តិរបស់ពួកគេ។លោកបន្តថា “អាហារដ្ឋាននេះ បានបើកសម្ភោធដាក់ឲ្យដំណើរការនៅថ្ងៃទី១៦ កញ្ញាកន្លងមកនេះ”។ លោកបន្តថា “ភ្ញៀវទេសចរណ៍ អាចជិះអូរប័រ ជិះកាយ៉ាក់ពីគំរោងទៅកាន់ឆ្នេរសមុទ្រខាងក្រៅ ចេញពីគំរោងឆ្នេរសមុទ្រកោងកាង និងអាចត្រលប់មកញាំអាហារដ៏ឈ្ងុយឆ្ងាញ់នៅក្នុងអាហារដ្ឋានរបស់យើង”។

មុខម្ហូបពិសេសនៅអាហារដ្ឋានឆ្នេរសមុទ្រកោងកាង គឺបង្កងលិឌដៃ ដែលមានរសជាតិពិសេសឆ្ងាញ់រហូតដល់លិឌដៃ មានបង្កបអប់ប័រ បង្កងអប់ទឹកដោះគោ និងមុខម្ហូបដទៃទៀត ពិសេសគ្រឿងសមុទ្រស្រស់ៗ ដែលទើបយកចេញពីទូកនេសាទមកដល់ថ្មីៗ សម្រាប់ធ្វើម្ហូបជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងអ្នករស់នៅ ឬអ្នកទៅលំហែរ នៅក្នុងគំរោងឆ្នេរសមុទ្រកោងកាង។

លោកCooler Tanបានបន្តថា គំរោងឆ្នេរសមុទ្រកោងកាងបាននិងកំពុងឈានទៅបញ្ចប់ហេដ្ឋារចនាសម្ព័ន្ឋនានា ពិសេសគំរោងនេះមានស្ពានឈើប្រវែង២០០០ម៉ែត្រ សាងសង់កាត់ដើមកោងកាងជាប់នឹងឆ្នេរសមុទ្រដ៏ស្រស់ស្អាត បញ្ចប់ការរៀបចំសួនច្បារ ដាំដើមដូងប្រមាណ​៥០០ដើម និងគំរោងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត។

លោកបន្តថា រហូតមកទល់ពេលនេះ ការលក់គំរោងនេះបានសម្រេចជិត៧០ភាគរយហើយ ដោយការលក់របស់យើងនៅតែទទួ​ល​បានការគាំទ្រពីអតិថិជន ព្រោះគំរោងរបស់យើងអភិវឌ្ឍន៍ពិតប្រាកដ ធ្វើពិតប្រាកដ និងផ្តល់ជូនអតិថិជន លើសពីអ្វីដែលពួកគាត់ស្រម៉ៃចង់បាន៕