ព្រែកជីកហ្វូណនតេជោៈ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចផ្ទៃក្នុង និងការបង្ហាញសក្តានុពលកម្ពុជាតាមរយៈផ្លូវទឹក

0

ដោយៈ សហសេវិក

    ភ្នំពេញៈ ការដ្ឋានសំណង់ព្រែកជីកហ៊្វូណន-តេជោ បានរំកិលពេលវេលាបានមួយឆ្នាំហើយ ស្របពេលផែនការសាងសង់ព្រែកជីកជាប្រវត្តិសាស្ត្រនេះ នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៨។

Fresh Exclusive មានអត្ថបទស៊ីជម្រៅតាមដានភាពវិវត្តន៍ និងចក្ខុវិស័យនៃសំណង់ ដែលនឹងផ្តល់ផលប្រយោជន៍ជាតិ និងអន្តរជាតិនេះ។

នៅពេលដែលផ្លូវពាណិជ្ជកម្ម ក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងកំណត់ទិសដៅថ្មីនៃអំណាច និងឥទ្ធិពលប្រកួតប្រជែងសេដ្ឋកិច្ច ខណៈប្រទេ​សមួយចំនួន បានប្រើប្រាស់សមុទ្រពិភពលោក ជាឧបករណ៍បង្កើតអំណាច ដើម្បីគ្រប់គ្រងខ្សែសរសៃពាណិជ្ជកម្មទៀតផងនោះ, កម្ពុជាកំពុងបើកទ្វារថ្មីមួយរបស់ខ្លួនឯង។ គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាវិស័យយុទ្ធសាស្ត្រដ៏អស្ចារ្យ ដែលនឹងដោះស្រាយភាពពឹងផ្អែកជាប្រវត្តិសាស្ត្រលើច្រកសមុទ្របរទេស និងផ្លាស់ប្តូរផែនទីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាថែមទៀត។

គម្រោងព្រែកជីកហ៊្វូណន-តេជោ ប្រវែងប្រមាណ១៨០គីឡូម៉ែត្រ មិនត្រឹមជាផ្លូវទឹកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញានៃឯករាជ្យសេដ្ឋកិច្ច និងសេរីភាពយុទ្ធសាស្ត្រ ដ៏សំខាន់សម្រាប់កម្ពុជា និងតំបន់ទាំងមូល។ គម្រោងនេះ មានតម្លៃវិនិយោគជិត២ពាន់លានដុល្លារ ដែលនឹងភ្ជាប់ទន្លេមេគង្គ តាមរយៈព្រែកជីកនេះលាតសន្ធឹងរហូតដល់ឆ្នេរសមុទ្រខេត្តកែប ដោយការបើកផ្លូវទឹក សម្រាប់កប៉ាល់ដឹកទំនិញមានទំហំរហូតដល់ច្រើនពាន់តោន។

ព្រែកជីកហ៊្វូណន-តេជោ មិនត្រឹមជាការផ្លាស់ប្តូរប្រព័ន្ធដឹកជញ្ជូនទំនិញរបស់កម្ពុជាទេ ប៉ុន្តែជាស្តង់ដារថ្មី ក្នុងការបង្កើតអំណាចសេដ្ឋកិច្ច សន្តិសុខអាហារ និងអនុភាពយុទ្ធសាស្ត្ររបស់ប្រទេស តភ្ជាប់កម្ពុជាជាមួយខ្សែក្រវាត់វិនិយោគពិភពលោក។

* ប្រែក្លាយទឹកដីកម្ពុជា ក្លាយជាកម្រងសរសៃឈាមដឹកជញ្ជូនទឹក

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កាលពីឆ្នាំទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងនេះ ដោយលើកឡើងនូវចក្ខុវិស័យដ៏វែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអ្នកផ្តួចផ្តើមគម្រោង ដើម្បីបង្កើតបណ្តាញផ្លូវទឹកជាតិ ដែលអាចបន្ថែមសមត្ថភាពនៃការដឹកជញ្ជូន និងពង្រឹងឥទ្ធិពលនាវាចរណ៍ផ្ទាល់ខ្លួនរបស់កម្ពុជា។

គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ វាមានរយៈពេលមួយឆ្នាំហើយ នៃការរៀបចំជីកព្រែកធ្វើសំណង់ នៃសសៃឈាមដឹកជញ្ជូនតាមផ្លូវទឹកនោះ។

សំណង់ព្រែកជីកហ៊្វូណន-តេជោ នឹងត្រូវឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងកែប ចាប់ផ្តើមពីព្រែកតាកែវ (ទន្លេមេគង្គ) ឆ្លងកាត់ព្រែកតាឯក និងព្រែកតាហ៊ីង (ទន្លេបាសាក់ ស្រុកកោះធំ) ហើយបន្តរហូតដល់ឆ្នេរសមុទ្រខេត្តកែប។ សំណង់ផ្លូវទឹកដ៏សំខាន់នេះ ដែលកំពុងផ្លាស់ប្តូរផែនទីសេដ្ឋកិច្ច នៃការដឹកជញ្ជូនជាតិ ត្រូវបានគ្រោងបញ្ចប់សាងសង់នៅឆ្នាំ២០២៨។

វាមានប្រវែងសរុបប្រមាណ១៨០គីឡូម៉ែត្រ ជាមួយប្រជាជនជាង១,៦០០,០០០នាក់ រស់នៅតាមបណ្តោយទ្វេភាគីផ្លូវទឹក។ បន្ទាប់ពីសាងសង់រួច នាវាដឹកទំនិញនឹងអាចចូលចតបាន ដោយសមត្ថភាពផ្ទុកប្រមាណ៣,០០០តោន (DWT) ក្នុងរដូវប្រាំង និងរហូតដល់៥,០០០តោនក្នុងរដូវវស្សា បង្ហាញពីសក្តានុពលដ៏អស្ចារ្យ ក្នុងការកសាងបណ្តាញដឹកជញ្ជូនផ្លូវទឹកជាតិសម្រាប់កម្ពុជា។

អនុប្រធានទីមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសចុះបោះបង្គោល បញ្ចប់ចុងក្រោយ នៃការងារកំណត់និយាមការក្នុងភូមិសាស្ត្រខេត្តកែបបានបញ្ជាក់ថា ការដឹកជញ្ជួនផ្លូវទឹកនេះ គឺជាគម្រោងដ៏សំខាន់របស់រាជរដ្ឋាភិបាល “រាជរដ្ឋាភិបាលយើង មានគោ​លការណ៍ គឺចង់ផ្លាស់ប្តូរការដឹកជញ្ជួនតាមផ្លូវគោក មកផ្លូវទឹកឱ្យបានច្រើន ដើម្បីកាត់បន្ថយការខូចខាតផ្លូវ គ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយឧស្ម័នបំពុលដល់បរិស្ថាននេះ ដោយសារតែយើងដឹកបានច្រើន និងការប្រើឡានតិច”។ លោកបន្ថែមថា “ដូច្នេះវាកាត់បន្ថយ បានច្រើនណាស់។ គម្រោងរបស់យើងនៅតែទៅមុខ ជាដដែលចប់នៅក្នុងឆ្នាំ២០២៨

បន្ថែមពីការជួយកាត់បន្ថយការកកស្ទះ លើការធ្វើចរាចរណ៍ផ្លូវគោក និងកាត់បន្ថយការបំភាយឧស្ម័នកម្រិតទាប ដែលប៉ះពាល់ដល់កត្តាបរិស្ថាន ព្រែកជីកក្នុងសតវត្សរ៍ថ្មីនេះ នឹងជួយការអភិវឌ្ឍក្នុងតំបន់ផងដែរ ដែលគេនឹងឃើញនូវសហគមន៍នៅតាមដងព្រែក មួយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍កាន់តែប្រសើរឡើង និងកម្រិតជីវភាពរស់នៅ របស់ពលរដ្ឋកាន់តែខ្ពស់។

ព្រែកជីកហ៊្វូណន-តេជោ មិនត្រឹមតែជាប្រភពផ្លូវដឹកជញ្ជួនឯករាជ្យ, ជួយបង្កើនជីវភាពសេដ្ឋកិច្ច តាមរយៈផ្លូវទឹក ដែលតភ្ជាប់ផ្ទាល់ពីទន្លេមេគង្គ ទៅសមុទ្រខាងត្បូងប៉ុណ្ណោះទេ ច្រកទឹកនៃសតវត្សទី២១របស់កម្ពុជានេះ គឺជាការបំប្លែងលក្ខណៈដែនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលអាចកាត់បន្ថយ ការពឹងផ្អែកលើច្រកសមុទ្រអន្តរជាតិ ដែលធ្លាប់តែគ្រប់គ្រងដោយប្រទេសជិតខាង និងវានឹងជួយជម្រុញឱ្យកម្ពុជា ក្លាយជាចំណុចចាប់ផ្ដើម នៃការចេញចូលនាវាចរណ៍ពាណិជ្ជកម្មជាតិ និងអន្តរជាតិ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ថែមទៀត។

បច្ចុប្បន្ននេះ ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ត្រូវពឹងផ្អែកលើប្រទេសវៀតណាមជាចម្បង ក្នុងនាមជាច្រកឆ្លងសំខាន់។ មានន័យថា ការដឹកទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសទីបី ត្រូវឆ្លងកាត់ផ្លូវទឹករបស់វៀតណាមជាមុនសិន ហើយបន្ទាប់មកទើបអាចឆ្លងទៅប្រទេសគោលដៅបាន។

ដូចគ្នានេះផងដែរ ទំនិញនាំចូលពីបរទេស ក៏ត្រូវឆ្លងកាត់កំពង់ផែរបស់វៀតណាមជាមុន មុននឹងបញ្ជូនចូលមកដល់កម្ពុជា។

ក្នុងមួយឆ្នាំៗ ការដឹកជញ្ជួនផ្លូវទឹកក្នុងកំពង់ផែភ្នំពេញ មានច្រើនដល់ ៤៧៥,០០០ TEUs ខណៈកំពង់ផែសមុទ្រមានសមត្ថភាពដល់ទៅ ១លានTEUs។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ប៉េង ពោធិ៍នា បានថ្លែងថា បើសិនជាការអភិវឌ្ឍផ្លូវទឹក តាមរយៈព្រែកជីកហ៊្វូណន-តេជោ បានសម្រេចទាំងស្រុងហើយនោះ ខេត្តទាំងបួន គឺកណ្តាល តាកែវ កំពត និងកែប នឹងទទួលផលប្រយោជន៍ផ្ទាល់ជាប្រចាំ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថាយើងកំពុងអនុវត្តគោលនយោ​បាយអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹករយៈពេល១០ឆ្នាំ ដែលសម្តេចបវរធិបតីហ៊ុន ម៉ាណែត បានឯកភាពជាផ្លូវការហើយ”។

លោកបន្ថែមថា គោលនយោបាយនេះ មានបំណងប្តូរផ្លូវទឹក ឱ្យក្លាយជាវិស័យយុទ្ធសាស្ត្រសំខាន់ សម្រាប់ការដឹកជញ្ជូនជាតិ ពីព្រោះផ្លូវគោក មិនអាចធ្វើតួនាទីយុទ្ធសាស្ត្របានទេ។ ជាក់ស្តែងការដឹកជញ្ជូនតាមរថភ្លើងក៏ជួបឧបសគ្គ ដោយសារមិនមានផ្លូវភ្ជាប់ទៅឡាវ ឬថៃ ដែលជារបាំងច្រកចេញរបស់ទំនិញ។ ផ្ទុយទៅវិញ ការដឹកជញ្ជូនតាមផ្លូវទឹក មានអានុភាពនិងទូលំទូលាយខ្ពស់ និងមិនមានការបិទបាំងច្រកដូចផ្លូវគោក ឬរថភ្លើងឡើយ។ ដូច្នេះហើយ គោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវតម្រង់ទិសអភិវឌ្ឍផ្លូវទឹក ឱ្យក្លាយជាច្រកដឹកជញ្ជូនយុទ្ធសាស្ត្រដ៏សំខាន់។

លោកបន្តថា “ការអភិវឌ្ឍនេះ ត្រូវការសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ាន និងបណ្តាប្រទេសក្នុងតំបន់ ដើម្បីធានាថាកម្ពុជាអាចជាអ្នកកាន់កាប់ផ្លូវដឹកជញ្ជូនផ្ទាល់ដោយខ្លួនឯង

* គម្រោងជាតិ នៃភាពជោគជ័យលើកដំបូង

បច្ចុប្បន្នគម្រោងនេះ កំពុងសម្រេចបានវឌ្ឍនភាពជាបណ្តើរ ជាមួយនឹងការបញ្ចប់ទាំងស្រុង នូវសកម្មភាពបោះបង្គោលនិយាមកា និងពិនិត្យផ្ទៀងផ្ទាត់ ទីតាំងក្នុងទឹកដីខេត្តទាំងបួន ដែលសំណង់ព្រែកជីកនឹងត្រូវឆ្លងកាត់។

សរុបរួចមកនេះ គឺមានបង្គោលចំនួន១,៩២០បង្គោល ត្រូវបានបោះរួចរាល់ ដែលបង្ហាញពីស្មារតីការងារយ៉ាងសកម្ម និងការរួមចំណែកយ៉ាងខ្ពង់ខ្ពស់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្រសួងសេដ្ឋកិច្ច និងប្រជាពលរដ្ឋនៅតាមបណ្តោយព្រែកជីក នៃប្រវែង១៨០គីឡូម៉ែត្រនេះ។

គម្រោងនេះ មិនត្រឹមតែជាច្រកផ្លូវទឹក នៃការធ្វើពាណិជ្ជកម្មរបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាប្រយោជន៍ នៃការរួមបញ្ចូលគំនិតធារាសាស្ត្រសម្រាប់កសិកម្មលើការគ្រប់គ្រងទឹក និងការអភិវឌ្ឍអភិរក្សបរិស្ថានថែមទៀត។

ព្រែកជីកហ៊្វូណន-តេជោ នឹងជួយកាត់បន្ថយភាពក្រីក្រតាមបណ្តោ​យខ្សែសេដ្ឋកិច្ចមួយនេះ ព្រមទាំងបង្កើតឱកាសការងារ និងផ្លាស់ប្តូរអាជីវកម្មជាតិ។ ខណៈសំណង់ព្រែកជីកហ៊្វូណន-តេជោ នឹងត្រូវបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៨ កិច្ចការប្រើគ្រឿងចក្រក្នុងការជីកព្រែក នឹងត្រូវប្រើប្រាស់រយៈពេល៣ឆ្នាំ បន្តបន្ទាប់ជាប់គ្នានៅក្នុងរដូវប្រាំង មានន័យថារដូវនៃការប្រើគ្រឿងចក្រ ដើម្បីទម្លាយផ្លូវទឹកក្នុងខេត្តទាំងបួនឱ្យមានភាពតភ្ជាប់គ្នា នឹងចាប់ផ្តើមនៅក្នុងខែ១១ ឬ១២ឆ្នាំ២០២៥នេះ។

ដូចប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីខែកក្កដាកន្លងមកនេះ “សព្វថ្ងៃយើងនៅក្នុងរដួវវស្សា។ យើងត្រៀមនៅពេលទឹកស្រក ទៅយ៉ាងយូរខែ១១ ឬខែ១២ គឺយើងនឹងឃើញសកម្មភាពទ្រង់ទ្រាយធំ ក្នុងការកសាងព្រែកជីករបស់យើងនេះ”។

លោកបញ្ជាក់បន្តថា អញ្ចឹងយើងត្រូវការ៣រដូវប្រាំង។ អញ្ចឹងវានឹងចាប់ផ្តើមពីខែ១២ ឆ្នាំ២០២៥នេះ ទៅរហូតដល់ឆ្នាំ២០២៦ ២០២៧ ២០២៨ គឺថាគម្រោងនេះធ្វើចប់។ នេះតាមការគ្រោងទុកនឹងចប់ក្នុងឆ្នាំ២០២៨។ ដូច្នេះគឺនឹងឃើញគ្រឿងចក្រធំៗ ចូលមកហើយក្នុងពេលរដូវប្រាំងរបស់យើង។

គម្រោងព្រែកជីកហ៊្វូណន-តេជោ គឺជាព្រឹត្តិការណ៍នៃប្រវត្តិសា​ស្រ្ត​ជាតិមួយក្នុងសតវត្សថ្មី ដែលរួមបញ្ចូលចក្ខុវិស័យ នយោបាយ សេដ្ឋកិច្ច បរិស្ថាន និងអភិវឌ្ឍន៍មនុស្សទាំងស្រុង។ កម្ពុជា កំពុងឈានទៅរកការបង្កើន អំណាចសេដ្ឋកិច្ចរបស់ខ្លួនដ៏ធំមួយ តាមរយៈផ្លូវទឹកដែលបង្កើតដោយខ្លួនឯង។

* ផលប្រយោជន៍ជាតិ៖ បម្រើវិស័យកសិកម្ម និងវារីវប្បកម្ម

ព្រែកជីកហ៊្វូណន-តេជោ មិនត្រឹមតែជាព្រែកជីកនៃការជម្រុញវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេ។ ព្រែកជីកជាប្រវត្តិសាស្ត្រនេះ នឹងផ្តល់នូវផលប្រយោជន៍ដល់កម្ពុជា យ៉ាងហោចចំនួន៤យ៉ាង ដូចជា ទី១ ផ្តល់ការងាយស្រួលដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា សម្រាប់តភ្ជាប់ទៅសមុទ្រ ដោយផ្ទាល់តែម្តង ដោយមិនឆ្លងកាត់ប្រទេសផ្សេង ហើយក៏បានផ្តល់ជាប្រយោជន៍សេដ្ឋកិច្ចនៅទិសនិរតី ក៏ដូចទូទាំងប្រទេសឲ្យមានរីកចម្រើនផងដែរ។

ទី២- នៅទិសនីរតីរបស់កម្ពុជា នឹងមានប្រព័ន្ធស្រោចស្រពមួយជំនួសឲ្យការខ្វះទឹក។ នៅពេលដែលកម្ពុជា មានព្រែកជីកហ៊្វូណន-តេជោនេះ វាគឺជាប្រភពផ្គត់ផ្គង់ទឹកនៅទិសនីរតីរបស់កម្ពុជា ដែលរួមមានខេត្តកណ្តាល ខេត្តតាកែវ កំពត និងកែប។ ព្រែកជីកហ៊្វូណន-តេជោ ក៏អាចទាញប្រយោជន៍ ទៅខេត្តកំពង់ស្ពឺបានដែរ នៅពេលដែលតំបន់នោះខ្វះខាតទឹកដូចបច្ចុប្បន្ននេះ។ ព្រែកជីកហ៊្វូណន-តេជោ នឹងធ្វើឱ្យផ្ទៃស្រែ នៅទិសនិរតីនឹងក្លាយទៅជាការធ្វើស្រូវម្តង ទៅពីរដង ឬ បីដងជាដើម។

ទី៣- ព្រែកជីកហ៊្វូណន-តេជោ គឺជាព្រែក ដែលនឹងរំដោះទឹកជំនន់នៅពេលដែលវាយលុក នៅទិសនីរតីដែលកន្លងមកធ្លាប់បានជួបប្រទះក្តីលំបាក។ ខេត្តទិសនីរតី ក្នុងអតីតកាលជាតំបន់ តែងតែលិច ដោយសារតែអត់មានកន្លែងជម្លៀសទឹក។ នៅពេលដែលមានទឹកជំនន់ខ្លាំង សូម្បីតែវៀតណាម ដែលជាប់នឹងកម្ពុជាផ្នែកទិសនីរតី ក៏ទទួលរងផលប៉ះពាល់ពីទឹក ដែលហូរទៅពីកម្ពុជាផងដែរ។

ប៉ុន្តែនៅពេលដែលកម្ពុជា មានព្រែកជីកថ្មី ដែលភ្ជាប់ទៅនឹងសមុទ្រនេះ គឺនៅខែវស្សាទឹកច្រើន វាអាចរុញទម្លាក់ទឹកចូលទៅក្នុងសមុទ្រ ដែលធ្វើឲ្យការលិចលង់នៅបែកនីរតីរបស់កម្ពុជា ត្រូវបានកាត់បន្ថយរួមទាំងកាត់បន្ថយទឹក ដែលរុញធ្លាក់ទៅវៀតណាមផងដែរ។

ទី៤- ជាមួយនឹងផលប្រយោជន៍នេះ បញ្ហាវារីវប្បកម្ម ទាក់ទងទៅ​ដល់ត្រី នឹងកើត សាយកូនដែលមានមិនត្រឹមតែនៅក្នុងទន្លេ ប៉ុន្តែរីកសាយត្រីដ៏ច្រើនថែមទៀត នៅក្នុងព្រែកជីក របស់កម្ពុជានេះ។ បន្ថែមនៅលើនោះ ប្រជាជនអាចមានលទ្ធភាពប្រើប្រាស់ទឹក ដែលមាននៅក្នុងព្រែកជីកថ្មី ក្នុងប្រយោជន៍ធ្វើវារីវប្បកម្មចិញ្ចឹមត្រី ចិញ្ចឹមបង្កង ដើម្បីផ្គត់ផ្គង់ជីវភាពប្រជាជន ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងចាត់ទុកថា ព្រែកជីកហ៊្វូណន-តេជោ គឺជាសំណង់ព្រែកជីក ដែលមិនត្រឹមតែមានលក្ខណៈជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែមានសារៈសំខាន់ដ៏ខ្លាំងបម្រើជាយុទ្ធសាស្ត្រដល់សេដ្ឋកិច្ចជាតិ នេះជាគម្រោងប្រវត្តិសាស្ត្រ គម្រោ​ងយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយតម្លៃដឹកទំនិញ ការកាត់បន្ថយគ្រោះរាំងស្ងួត និងទឹកជំនន់ ដែលពេលនេះរដូវវស្សា តាកែវលិច…ឥឡូវធ្វើហើយ អត់មានលិចទឹកទៀតទេ…ហើយប្រជាជនយើងដែលរស់នៅតាមដងព្រែកនេះ មួយលាន៦សែននាក់ លោកនឹងអាស្រ័យផលពីព្រែកជីកនេះ។

លោកបញ្ជាក់ថា “អញ្ចឹងគម្រោងប្រវត្តិសាស្ត្រ គម្រោងយុទ្ធសាស្ត្ររបស់កម្ពុជាយើង

* ផលប្រយោជន៍អន្តរជាតិ និងអាស៊ីអាគ្នេយ៍

ព្រែកជីកហ៊្វូណន-តេជោ នេះអាចក្លាយជាគន្លងដឹកជញ្ជូនថ្មីនៅក្នុងបណ្តាញអនុតំបន់ទន្លេមេគង្គ ដែលតភ្ជាប់ទីផ្សារកម្ពុជា ឬប្រទេសជិតខាងដូចជាប្រទេសឡាវជាដើម ដែលគេអាចប្រើប្រាស់ផ្លូវទឹកក្នុងទឹកដីរបស់កម្ពុជានេះ សម្រាប់ការនាំចេញទំនិញ ទៅកាន់ទីផ្សារពិភពលោក។

ចំពោះកម្ពុជា ព្រែកជីកហ៊្វូណន-តេជោ មិនត្រឹមតែពង្រីកច្រកផ្លូវទឹកថ្មីធ្វើឱ្យមានការរីកចម្រើន ដល់សេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេ ព្រែកជីកជាប្រវត្តិសាស្ត្រនេះ នឹងបង្កើនសន្តិសុខសេដ្ឋកិច្ច កាត់បន្ថយហានិភ័យអន្តរជាតិ បើសិនជាមានការកើតជម្លោះ តាមច្រកសមុទ្រអន្តរជាតិនោះជាដើម។

ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសមួយចំនួន បានប្រើប្រាស់ដែនសមុទ្រពិភពលោក ធ្វើជាឧបករណ៍បង្កើតអំណាចសេដ្ឋកិច្ច ដើម្បីគ្រប់គ្រងផ្លូវពាណិជ្ជកម្ម ប៉ុន្តែចំពោះកម្ពុជា គម្រោងព្រែកជីកហ៊្វូណន-តេជោ ដែលជាសមិទ្ធផលដ៏អស្ចារ្យរបស់ខ្លួនឯង នឹងក្លាយជាសំណង់ឯករាជ្យដ៏សំខាន់ ក្នុងការបម្រើវិស័យដឹកជញ្ជូន ដោយកាត់បន្ថយការពឹងផ្អែកលើដែនសមុទ្រអន្តរជាតិ និងកាត់បន្ថយចំណាយយ៉ាងច្រើន។

ការបើកច្រកផ្លូវទៅកាន់សមុទ្រខាងត្បូង ដោយអំណាចរបស់ខ្លួនឯង នឹងផ្តល់ឱកាសដ៏ធំសម្រាប់កម្ពុជា ក្នុងការកសាងឯករាជ្យពេញលេញក្នុងវិស័យនាវាចរណ៍ និងពាណិជ្ជកម្មអន្តរជាតិ។

គម្រោងនេះ នឹងក្លាយជាគ្រឹះសំខាន់ក្នុងការបង្កើត “ផ្លូវទឹកកម្ពុជា ដើម្បីឱ្យប្រទេសមានច្រកចេញសេដ្ឋកិច្ចផ្ទាល់ខ្លួន និងអាចប្រកួតប្រជែងជាមួយតំបន់ដោយគ្មានការទប់ស្កាត់ពីអ្នកដទៃ។

ព្រែកជីកហ៊្វូណន-តេជោ មិនមែនគ្រាន់តែជាគម្រោងសាងសង់ទឹកនោះទេ។ វាជាសញ្ញាបង្ហាញនូវអំណាចថ្មីរបស់កម្ពុជា ដែលកំពុងបើកទ្វារទៅផ្លូវឯករាជ្យសេដ្ឋកិច្ច បង្កើតច្រកពាណិជ្ជកម្មថ្មីក្នុងតំបន់ និងផ្តល់ផលប្រយោជន៍យូរអង្វែង ដល់ប្រជាជនកម្ពុជា។

ដូច្នេះរហូតដល់ព្រែកជីកនេះ ត្រូវបានសម្ពោធជាផ្លូវការ ក្រោយការបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៨ សំណង់ផ្លូវទឹកជាប្រវត្តិសាស្ត្ររបស់ជាតិនេះ នឹងក្លាយជាមូលដ្ឋានសំខាន់ សម្រាប់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ក្នុងសតវត្សថ្មី ដោយធ្វើឱ្យប្រទេសតូចមួយ នៅចន្លោះប្រទេសធំៗ អាចឈរលើជើងដោយខ្លួនឯងបាន និងសម្លឹងឃើញពិភពលោកដោយមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃណាទៀតឡើយ៕

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១៥,០០០ ដុល្លារ សម្រាប់ជួយដល់ប្រជានុរាស្ត្រភៀសសឹក

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១៥,០០០ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លារអាម៉េរិក) សម្រាប់ជួយដល់ប្រជានុរាស្ត្រភៀសសឹក។

ក្នុងសារលិខិតនោះមានខ្លឹមសារថា “ខ្ញុំម្ចាស់ មានសេចក្តីសោម​នស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលនូវព្រះរាជូបត្ថម្ភនូវថវិកា ចំនួន15.000 USD (មួយម៉ឺនប្រាំពាន់ដុល្លារសហរដ្ឋអាម៉េរិក) ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វ ព្រះរាជហឫទ័យដ៏ថ្លៃថ្លាប្រោសព្រះរាជទាន ចំពោះកាកបាទក្រហមកម្ពុជា។

ខ្ញុំម្ចាស់ សូមលំឱនកាយសម្តែងនូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ហើយខ្ញុំម្ចាស់ សូមព្រះបរម រាជានុញ្ញាតប្រើប្រាស់ព្រះរាជូបត្ថម្ភដ៏ឧត្ដុង្គឧត្តមខាងលើនេះ ជាប្រយោជន៍សម្រាប់ចែកជូនប្រជារាស្ត្រជាជនភៀសសឹក ដែលកំពុងត្រូវការឱ្យជួយ។ ព្រះរាជគុណូបការៈដ៏ថ្លៃថ្លា របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងតែប្រោសព្រះរាជទាននូវភាពកក់ក្ដៅដល់ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា ដើម្បីបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

ខ្ញុំម្ចាស់ សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិ នានាក្នុងលោក និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូម ព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រគ្រប់ៗរូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៕

តម្លៃលំនៅដ្ឋាននៅទីក្រុងធំជាងគេបំផុត Yangon របស់មីយ៉ាន់ម៉ាហក់ឡើងកប់ពពកក្នុងរយៈពេល៥ឆ្នាំចុងក្រោយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ទីក្រុង Yangon ដែលជាទីក្រុងធំជាងគេបំផុតមួយក្នុងប្រទេសមីយ៉ាន់ម៉ាបន្តរក្សាបានគន្លងវិជ្ជមាន ដោយសារកត្តានគរូបនីយកម្ម និងការធ្លាក់ថ្លៃចុះនៃរូបិយបណ្ណក្នុងស្រុក។

ជាមួយគ្នានេះ ប្រជាជនមីយ៉ាន់ម៉ាបានចាត់ទុកការវិនិយោគអចលនទ្រព្យជាជម្រើសល្អប្រកបដោយសុវត្ថិភាព ស្របពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងអស្ថិរភាពនយោបាយក្នុងស្រុក បន្ទាប់ពីរដ្ឋប្រហារយោធាបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២១។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះ ខុនដូទំហំ៦០ម៉ែត្រការ៉េនៅចំកណ្តាលទីក្រុង Yangon មានតម្លៃជាមធ្យមចំនួន៩៥.០០០ដុល្លារអាមេរិកក្នុងមួយយូនីត ហក់ឡើង១០០ភាគរយ បើប្រៀបធៀបនឹងតម្លៃកាលពីឆ្នាំ២០២០។

ជាមួយគ្នានេះ អាផាតមុិនទំនើបទំហំ៧៥ម៉ែត្រការ៉េមានតម្លៃជាមធ្យមចំនួន១៤៣.០០០ដុល្លារក្នុងមួយយូនីត កើនឡើង៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពី២០២៤។ ចំណែក ផ្ទះ Penthouse ទំហំ១០០ម៉ែត្រការ៉េមានតម្លៃជាមធ្យមចំនួន២៣៨.០០០ដុល្លារ។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៥នេះ ទីផ្សារអចលនទ្រព្យស្ថិតនៅទីក្រុង Yangon សម្រេចបាននូវសន្ទុះយ៉ាងរឹងមាំ។ លើសពីនេះ តម្លៃលំនៅដ្ឋាននៅទីក្រុងរណបថ្មីបានកើនឡើងយ៉ាងលឿនបំផុតក្នុងរយៈពេល២ឆ្នាំ។

ប្រជាជនមីយ៉ាន់ម៉ាបានងាកទៅរកការវិនិយោគអចលនទ្រព្យកាន់តែច្រើនឡើង ក្រោយឆ្នាំ២០២១ ខណៈអចលនទ្រព្យជាទ្រព្យសកម្មដ៏មានសុវត្ថិភាពក្នុងអំឡុងពេលមានហានិភ័យនយោបាយ។ ការដាំក្បាលចុះនៃរូបិយបណ្ណក្នុងស្រុកពីក្នុងរង្វង់១.៥០០គីយ៉ាត(Kyat) មកនៅត្រឹម៧.០០០គីយ៉ាតក្នុងមួយដុល្លារបានធ្វើឱ្យការទិញអចលនទ្រព្យក្នុងប្រទេសនេះមានភាពទាក់ទាញ។

ជាមួយគ្នានោះ អាផាតមុិន ដែលមានតម្លៃសមរម្យក្រោម១០០លានគីយ៉ាត បានហក់ឡើងថ្លៃក្នុងរង្វង់១០ភាគរយជារៀងរាល់ឆ្នាំ។ កាលពីឆមាសទី១ ឆ្នាំនេះ អាផាតមុិនទាំងនោះមានតម្លៃចន្លោះពី៧០លានគីយ៉ាតទៅ១០០លានគីយ៉ាតក្នុងមួយយូនីត បើធៀបនឹងតម្លៃចន្លោះពី៣០លានគីយ៉ាតទៅ៤០លានគីយ៉ាតក្នុងមួយយូនីតកាលពីឆ្នាំ២០២០៕ប្រភព: Bamboo Routes៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ ខណៈធនាគារ Fed អាចបញ្ចុះអត្រាការប្រាក់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ស្របពេលមានការរំពឹងទុកថា ធនាគារកណ្តាលអាមេរិក(Fed) នឹងកាត់បន្ថយអត្រាការប្រាក់ក្នុងរង្វង់០,២៥ភាគរយក្នុងកិច្ចប្រជុំរបស់ខ្លួននៅខែក្រោយ។ការណ៍នេះអាចជំរុញឱ្យប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃចុះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៦ភាគរយដល់៣៣៧៤,៦៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៩ភាគរយដល់៣៤៣២,៨ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣០នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩០,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៧៨ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ៕

ចេតនាទុច្ចរិច: គម្រោងផែនការរបស់ថៃ ប្រើវិធីទំលាក់គ្រាប់ដើម្បីធ្វើឃាដសម្តេច ហ៊ុន សែន និង សម្តេចធិបតីនាយករដ្ឋមន្រ្តី

0

(ភ្នំពេញ)៖ យោងតាមប្រភពផ្លូវការដែលអាចជឿជាក់បាន, តាមព័ត៌មានចារកម្មរបស់បរទេសមួយបានយកការណ៍ថា ថៃមានផែនការប្រើប្រាស់យន្តហោះ AT6 TH light attack បំពាក់ដោយគ្រាប់ Korean GPS Guided bomb ដែលងាយគេច និងតូចងាយវាយប្រហារជាងប្រើ F16 វាយប្រហារដែលមានល្បឿនលឿន មិនអាចឱ្យកងទ័ពកម្ពុជាមានឱកាសប្រើកាំជ្រួចបាញ់បានដើម្បីធ្វើឃាដសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។

តាមការឲ្យដឹងពីស្ថាប័នចារកិច្ចបរទេសមួយថា ថៃបានទទួលយន្តហោះចំនួន ៨គ្រឿងនិងគ្រាប់ចំនួន២០០គ្រាប់ និងប្រភេទយន្តហោះផ្សេងទៀតចំនួន ៤ គ្រឿងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលយកទៅជួសជុល និងទិញគ្រាប់ពីប្រទេសកូរ៉េខាងត្បូង។ កាំជ្រួចទាំងនេះមានសមត្ថភាព និងគ្រោះថ្នាក់បំផុត ព្រោះមាន GPS នាំផ្លូវបាញ់ ឬទម្លាក់ចំគោលដៅល្អ។

តាមគម្រោងដែលកងទ័ពអាកាសថៃ រៀបចំផែនការ គឺការប្រើយន្តហោះនេះសាកល្បងប្រើនៅភ្នំទ្រព្យសិន ជាការសាកល្បងប្រសិទ្ធភាពរបស់វា ហើយពីថ្ងៃ៤ ខែសីហា ឆ្នាំ២០២៥ ពួកគេរង់ចាំការសិក្សាពីសមរភូមិតាមព្រំដែន ប្រសិនជាពុំអាចវាយកាន់កាប់តំបន់ទាំង៨ បាននោះទេ គឺថៃនឹងប្រើយន្តហោះ AT6 TH light attack ហោះចេញពីខេត្តត្រាត ជៀសការយកចិត្តទុកដាក់ ពីកងកម្លាំងការពារដែនសមុទ្រកម្ពុជា និងរង់ចាំការផ្តល់ ទីតាំងពីចារកម្មខាងក្នុងកម្ពុជា រកចំណុចគេហដ្ឋានរបស់សម្តេចហ៊ុន សែន និង សម្តេចហ៊ុន ម៉ាណែត ឱ្យបានគឺប្រើឱកាសបាញ់គ្រាប់បែកនេះធ្វើឃាដឱ្យបានសម្រេចតែម្តង៕

ទីផ្សារអចលនទ្រព្យនៅទីក្រុងហូជីមិញកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ ស្របពេលមានគោលនយោបាយថ្មី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅទីក្រុងហូជីមិញនៃប្រទេសវៀតណាមកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ ស្របពេលមានការរំពឹងទុកចំពោះការផ្គត់ផ្គង់ថ្មី ក្រោយពីមានការកែសម្រួលនីតិវិធីច្បាប់ និងការផ្តល់ប្រាក់កម្ចី ដែលមានកម្រិតអត្រាការប្រាក់ទាប។

អាជ្ញាធរ​មូលដ្ឋាននៃទីក្រុង​ហូជីមិញបាន​ជំរុញកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សម្រប​សម្រួល​ដើម្បី​លុប​បំបាត់​ឧបសគ្គ និង​ស្ដារ​គម្រោង​អចលនទ្រព្យ ដែល​បាន​ផ្អាកការសាងសង់ឱ្យមានដំណើរការ​ និងសកម្មភាពឡើង​វិញ។

យោងតាមរបាយការណ៍បានបង្ហាញថា គម្រោងលំនៅដ្ឋានចំនួន១៤ នៅទីក្រុងហូជីមិញត្រូវបានអនុម័តនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៥នេះ រួមមាន គម្រោងលំនៅដ្ឋានបែបពាណិជ្ជកម្ម គម្រោងលំនៅដ្ឋានសង្គម និងគម្រោងដេញថ្លៃសិទ្ធិប្រើប្រាស់ដីធ្លី។

គម្រោងទាំង១៤នោះមានទំហំទុនវិនិយោគសរុបចំនួនជាង១៥,៣ទ្រីលានដុង (ប្រហែល៥៨៣,៣លានដុល្លារអាមេរិក)។ យោងតាមរបាយការណ៍បានបង្ហាញទៀតថា ទីផ្សារអចលនទ្រព្យនៅទីក្រុងហូជីមិញបានស្ទុះងើបឡើងវិញជាបណ្តើរៗ បន្ទាប់ពីបានធ្លាក់ចុះកាលពីឆ្នាំ២០២៣។

នៅឆ្នាំនេះ តម្លៃអាផាតមុិន​នៅ​តែ​មាន​ការកើនឡើង ដោយសារ​កំណើនតម្រូវការ​ខ្ពស់​ និង​​ការ​ផ្គត់ផ្គង់នៅមានកម្រិត។ ការដាក់ចេញគោលនយោបាយដីធ្លី លំនៅដ្ឋាន និងកញ្ចប់ឥណទានថ្មី ដែលបានចូលជាធរមានកាលពីខែសីហា ឆ្នាំមុន ត្រូវបានគេរំពឹងថា នឹងបន្តជះឥទ្ធិពលវិជ្ជមានលើទីផ្សារនាពេលខាងមុខ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ទស្សនវិស័យទីផ្សារអចលនទ្រព្យរយៈពេលវែងក្នុងទីក្រុងហូជីមិញត្រូវបានជំរុញគាំទ្រដោយសារ ការធ្វើកំណែទម្រង់ច្បាប់ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំណើននៃចំនួនប្រជាជនវណ្ណៈកណ្តាល(Middle-class)។

នៅត្រីមាសទី២ ឆ្នាំនេះ ទីក្រុងហូជីមិញទទួលបានការផ្គត់ផ្គង់អាផាតមុិនថ្មីចំនួន១.៦០០យូនីត ហក់ឡើង៣៨ភាគរយធៀបនឹងឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills Vietnam៕ប្រភព: Vietnam News៕

ការសិក្សា: បច្ចេកវិទ្យា AI នឹងចាក់បញ្ចូលទំហំទឹកប្រាក់ចំនួន៤១ពាន់លានដុល្លារអាមេរិកទៅក្នុងសេដ្ឋកិច្ចកម្ពុជា និងប្រទេសអាស៊ាន៣ទៀត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការចាប់យកបច្ចេកវិទ្យា AI នៅទូទាំងតំបន់អាស៊ានអាចជំរុញឱ្យកំណើនផលទុនជាតិសរុប (GDP) របស់តំបន់អាស៊ានកើនឡើងក្នុងរង្វង់១៣ភាគរយនៅត្រឹមឆ្នាំ២០៣០ខាងមុខ ខណៈប្រទេសសិង្ហបុរីជាប្រទេសនាំមុខគេលើការរៀបចំគោលនយោបាយទាក់ទងនឹងបច្ចេកវិទ្យា AI ។

ចំណែក ប្រទេសម៉ាឡេស៊ីបានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ AI ជាពិសេសការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ(Data Center) ក្នុងរដ្ឋ Johor។

នៅក្នុងតំបន់អាស៊ាន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទិដ្ឋភាពអាជីវកម្ម និងសេវាកម្មសាធារណៈ។ បច្ចេកវិទ្យាថ្មីនេះនឹងចាក់បញ្ចូលទំហំទឹកប្រាក់ជិត១ទ្រីលានដុល្លារដល់សេដ្ឋកិច្ចរបស់តំបន់អាស៊ានទាំងមូលនៅឆ្នាំ២០៣០។នេះបើយោងតាមក្រុមហ៊ុន East Ventures ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី។

កំណើននេះនឹងត្រូវបានជំរុញជាចម្បងដោយសារការកើនឡើងនូវផលិតភាព ប្រសិទ្ធភាពប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងតាមរយៈម៉ាសុីនវិភាគទិន្នន័យ និងឥរិយាបថរបស់អតិថិជន នៅក្នុងផ្នែកនានា រួមទាំងធនាគារ ការលក់រាយ និងផលិតកម្ម។

ការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវបានគេព្យាករណ៍ថា នឹងចាក់បញ្ចូលទំហំទឹកប្រាក់ចំនួន៤១ពាន់លានដុល្លារអាមេរិកទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសប្រ៊ុយណេនៅត្រឹមឆ្នាំ២០៣០ខាងមុខ។

ចំណែក សេដ្ឋកិច្ចសិង្ហបុរីត្រូវបានគេរំពឹងថា នឹងស្រូបទាញបានទំហំទឹកប្រាក់ចំនួន១១០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ខណៈសេដ្ឋកិច្ចម៉ាឡេសុីត្រូវបានព្យាករណ៍ថា នឹងស្រូបទាញបានទំហំទឹកប្រាក់ចំនួន១១៥ពាន់លានដុល្លារនៅឆ្នាំ២០៣០ តាមរយៈការចាប់យកបច្ចេកវិទ្យា AI៕ប្រភព: Fintechnews៕

សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនជិត៦ភាគរយនៅឆមាស ទី១ឆ្នាំនេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជានៅសម្រេចបានកំណើន៥,៩ភាគរយ នៅក្នុងឆមាសទី១ឆ្នាំ២០២៥នេះ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា(NBC)

របាយការណ៍ខាងលើបានបញ្ជាក់ថា កំណើននេះត្រូវបានគាំទ្រដោយការកើនឡើងនៃវិស័យកម្មន្តសាល ទេសចរណ៍ និងវិស័យកសិ​កម្ម ខណៈវិស័យសំណង់និងអចលនទ្រព្យ​ បន្តមានភាពទន់ខ្សោយ។

បាយការណ៍ឆមាសទី១របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា បានបង្ហាញថា ​វិស័យកម្មន្តសាលបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយមានកំណើន៩,៥ភាគរយ។ អនុវិស័យកម្មន្តសាលកាត់ដេរ ត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងអត្រា​១០,៤ភាគរយ ស្របពេលដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរកើនឡើង៨,៥ភាគរយ។

NBCបានបញ្ជាក់ថា ការនាំចេញផលិតផលកម្មន្តសាល គឺបានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងអត្រា១៥,៣ភាគរយ​ នៅឆមាសទី១ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២៤ មានត្រឹម៨,៧ភាគរយ។ កំណើនេះ បានដោយសារការសម្រុកនាំចេញ យ៉ាងគំហុកមុនពេលពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ត្រូវបានអនុវត្ត ចាប់ពីថ្ងៃទី១ ខែសីហា តទៅ។ បើតាមរបាយការណ៍ដដែល បានឲ្យដឹងថា កំណើននេះគាំទ្រចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងផលិតផលដែលកំពុងលិចឡើង ដូចជា សំបកកង់រថយន្ត អំពូលភ្លើង និងខ្សែភ្លើង និងបង្គុំខ្សែភ្លើង។​

ចំណែកវិស័យទេសចរណ៍ បន្តមានកំណើនដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃភ្ញៀវ អន្តរជាតិនិងទេសចរក្នុងស្រុក។ កំណើននេះ ត្រូវបានគាំទ្រដោយការអភិវឌ្ឍហេដ្ឋារចនា -សម្ព័ន្ធសំខាន់ៗ និងការតភ្ជាប់ជើងហោះហើរ ត្រង់ជាមួយបណ្តាប្រទេសនានា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ធំៗ ដែលចូលរួមទាក់ទាញអ្នកទេសចរជាតិ។

ភ្ញៀវអន្តរជាតិកើន៦,២ភាគរយ ដល់៣,៤លាននាក់ ដែលក្នុងនោះ ភ្ញៀវថៃឈរនៅលំដាប់ទី១ ស្មើនឹង២៧,៦ភាគរយ នៃភ្ញៀវទេស​ចរអន្តរជាតិសរុបមកកម្ពុជា ក្នុងឆមាសទី១។​ បន្ទាប់មក វៀតណាម និងទេសចរជនជាតិចិន។

ភ្ញៀវអន្តរជាតិដែលចូលមកតាមផ្លូវអាកាស (សមាមាត្រ ៤២,៣ភាគរយ នៃភ្ញៀវអន្តរជាតិ សរុប) កើនឡើង២៣,៧ភាគរយ និងតាមផ្លូវគោកនិងផ្លូវទឹក (សមាមាត្រ ៥៧,៧ភាគរយ​) ថយ៣,៧ភាគរយ​។ ទន្ទឹមនេះ កម្ពុជារំពឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ៧,២ ទៅ ៧,៥លាននាក់ នៅដំណាច់ឆ្នាំ២០២៥។

សិទិដ្ឋិនិមបែបនេះ ដោយសារការគាំទ្រជាចម្បងដោយវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ឱ្យដំណើរការ អាកា​សយានដ្ឋានអន្តរជាតិតេជោ ដែលនឹងអាចទទួលអ្នកដំណើរបានរហូតដល់១៣លាននាក់ ក្នុងមួយឆ្នាំក្នុងដំណាក់កាលទី១។

ចំណូលពីភ្ញៀវទេសចរណ៍អន្តរជាតិ ត្រូវបានប៉ាន់ស្មានថា ទទួលបាន១,៩ពាន់លានដុល្លារអាម៉េរិក កើន៩,១ភាគរយ ធៀបនឹងឆមាសទី១កាលឆ្នាំ២០២៤ ខណៈចំណូលពីការលក់បណ្ណ ចូលទស្សនារមណី​យដ្ឋានអង្គរទទួលបាន២៦,៣ លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ទេសចរក្នុងស្រុកបន្តកើន៥០,៣ភាគរយ ដល់១៤,៦លាននាក់​។ រាជធានីភ្នំពេញ ឈរនៅលំដាប់ទី១ ជាតំបន់ដែលទទួលទេសចរច្រើនជាងគេ ដែលមានសមាមាត្រ ៣៨,៤ភាគរយនៃទេសចរ ក្នុងស្រុកសរុប។ ទី២ តំបន់ឆ្នេរ កើនឡើង៣៦,៦ភាគរយ ខណៈខេត្តសៀមរាបឈរនៅលំដាប់ទី៣ ជាមួយកំណើន១៦ភាគរយ និងតំបន់អេកូទេសចរណ៍ឈរនៅលំដាប់ទី៤ សម្រេចបានកំណើន១,៩ភាគរយ​។

លើសពីនេះ វិស័យកសិកម្មបន្តទទួល បានកំណើន១,២ភាគរយ។ កំណើននេះគាំទ្រដោយកំណើនផលដំណាំ និង ធនធានជលផល។ បើរបាយការណ៍ធនាគារជាតិនៃកម្ពុជា ផលស្រូវរដូវប្រាំងបានកើន១០,៩ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២៤ (កើន ១២,១ភាគរយ) ដល់៤,៣លានតោន ។ ការណ៍នេះ ដោយសារ ភាពអំណោយផលនៃអាកាសធាតុ និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ។

ទន្ទឹមនេះ ការកើនឡើងនៃតម្លៃស្រូវ នាឆ្នាំ២០២៣-២០២៤ ក៏បានរួមចំណែកជំរុញការដាំដុះផងដែរ។ លើសពីនេះ ផ្ទៃដីដាំដុះស្រូវ  រដូវវស្សាក៏បានកើន៤,៤ភាគរយ ធៀបនឹងឆមាសទីឆ្នាំមុន គឺធ្លាក់ចុះ៧,៥ភាគរយ៕

ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្ហាញភាពធន់ក្នុងឆមាសទី១ ឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ បានបង្ហាញភាពធន់ ដោយគ្របដណ្តប់និន្នាការខុសៗគ្នានៃការវិនិយោគលើផ្នែកនីមួយៗ ស្របពេលសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។

ទី១: ផ្នែកការិយាល័យ

តម្រូវការផ្តោតលើអគារការិយាល័យដែលមានគុណភាពខ្ពស់។ ទីផ្សារការិយាល័យនៅប្រទេសនានាដូចជា ប្រទេសអូស្ត្រាលី ប្រទេសកូរ៉េខាងត្បូង និងប្រទេសសិង្ហបុរី បានបង្ហាញពីតម្រូវការជួលខ្ពស់។

អត្រាការិយាល័យទំនេរនៅក្នុងទីក្រុងតូក្យូរបស់ប្រទេសជប៉ុននៅតែមានកម្រិតទាបក្រោម៤ភាគរយ ខណៈអត្រាការិយាល័យទំនេរនៅក្នុងទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងមានកម្រិតប្រមាណ៣ភាគរយ។

ទី២: ឧស្សាហកម្ម និងភស្តុភារ

ទីផ្សារអចលនទ្រព្យឧស្សាហកម្ម ដូចជា ឃ្លាំង និងរោងចក្រនៅតែរីកចម្រើន ជាពិសេសនៅក្នុងប្រទេសឥណ្ឌា និងទីក្រុងសេអ៊ូល។ ទោះជាយ៉ាងណាក្តី អត្រាអចលនទ្រព្យឧស្សាហកម្មទំនេរ(Vacancy Rate) របស់ប្រទេសចិននៅតែមានកម្រិតខ្ពស់ក្នុងរង្វង់២០ភាគរយ ហើយតម្លៃជួលនៅតែបន្តធ្លាក់ចុះ។

ទី៣: ការលក់រាយ

ទីផ្សារអចលនទ្រព្យលក់រាយនៅតំបន់អាសុីបានងើបឡើងវិញយ៉ាងសន្សឹមៗ ខណៈសកម្មភាពតម្រូវការរបស់អ្នកជួលកំពុងមានសភាពប្រសើរឡើង ជាពិសេសការជួលទីតាំងលក់រាយនៅតាមផ្សារទំនើបប្រណីតៗ។

ការលក់រាយនៅតាមតំបន់ពាណិជ្ជកម្មកណ្តាលនានា (CBDs) របស់ប្រទេសវៀតណាមមានស្ថានភាពល្អប្រសើរជាងប្រទេសចិន ខណៈតម្លៃជួលទីតាំងលក់រាយក្នុងប្រទេសចិននៅតែបន្តធ្លាក់ចុះ។

ទី៤: ផ្នែកលំនៅដ្ឋាន

តម្រូវការជួលលំនៅដ្ឋាននៅក្នុងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលបានបង្ហាញស្ថានភាពរឹងមាំ ជាពិសេសយូនីតលំនៅដ្ឋានតូចៗ និងការរស់នៅរួមគ្នា(Co-living)។

តម្លៃជួលលំនៅដ្ឋាននៅក្នុងទីក្រុងធំៗរបស់ប្រទេសឥណ្ឌាដូចជា ទីក្រុង Mumbai ទីក្រុង Bengaluru ទីក្រុង Delhi-NCR ទីក្រុង Hyderabad និងទីក្រុង Chennai បានកើនឡើងចន្លោះពី៧ភាគរយទៅ៩ភាគរយ នៅក្នុងឆមាសទី១៕ប្រភព: CBRE & The Times of india៕

ក្រសួងទេសចរណ៍ចុះកិច្ចព្រមព្រៀងជាមួយគេហទំព័រដើម្បីផ្សព្វផ្សាយនិងលើកកំពស់សក្តានុពលទេសចរណ៍កម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនគេហទំព័រvisiting Cambodia ដើម្បីផ្សព្វផ្សាយ និងលើកកំពស់សក្តានុពលទេសចរណ៍នៅកម្ពុជា។

វេបសាយ Visitcambodia និងកម្មវិធី Visit Cambodia App នឹងក្លាយជាចលករ ក្នុងការទាក់ទាញភៀវទេសចរអន្តរជាតិពីគ្រប់ទិសទី។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍  និង លោកជំទាវ មាស សុភារ័ត្ន ប្រធានក្រុមហ៊ុនប្រាវីនយ៉ា (PRAVINYA) បានអញ្ជើញជាអធិបតី ក្នុងពិធីចុះកិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍ ការថែរទាំ និងការធ្វើប្រតិបត្តិការលើវេបសាយ Visitcambodia និងកម្មវិធី Visit Cambodia App កាលពីចុងសប្តាហ៍មុន។

កិច្ចព្រមព្រៀងនេះមានគោលបំណង បង្កើតកិច្ចសហការក្នុងការអភិវឌ្ឍកម្មវិធី និងថ្នាលឌីជីថល ដែលជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិ តាមរយៈការបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការកក់សណ្ឋាគារ, ភោជនីយដ្ឋាន, ហាងលក់ទំនិញ, តាក់ស៊ី, ស្វែងរកទីតាំងតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា, រៀបចំផែនការទស្សនកិច្ច និង ការទូទាត់ថវិកាតាមប្រព័ន្ធអេឡិចត្រូនិកជាដើម។

ជាមួយគ្នានេះ ថ្នាលឌីជីថលនេះ នឹងជួយជំរុញទេសចរណ៍ឌីជីថល ជួយដល់ការផ្សព្វផ្សាយ និងលើកតម្ដើងកិត្តិនាមកម្ពុជានៅលើពិភពលោក ក៏ដូចជាផ្ដល់នូវកាលានុវត្តភាព សម្រាប់ប្រតិបត្តិករទេស​ចរណ៍ អាចចូលទៅកាន់ទីផ្សារពិភពលោក ឱ្យកាន់តែមានភាពងាយស្រួល៕