មន្ត្រីសាធារណៈកម្ពុជាទទួលបានប្រាក់ចំណូលជាមធ្យមខ្ពស់ជាងនៅវៀតណាម

ដោយៈ សុខុម

ហាណូយ: កាសែតអនឡាញ Vietnamnet បានចុះផ្សាយថា ប្រាក់ចំណូលជាមធ្យម របស់មន្ត្រីសាធារណៈនៅវៀតណាម គឺទាបជាងប្រទេសជាសមាជិកអាស៊ានជាច្រើន និងទាបជាងមន្រ្តីកម្ពុជាផងដែរ។

ស្ថិតិបានបង្ហាញថា ប្រាក់ចំណូលជាមធ្យមរបស់មន្ត្រីសាធារណៈនៅវៀតណាម គឺទទួលបានក្នុងមួយខែ ខ្ទង់៤២៥ដុល្លារអាមេរិក បើធៀបនឹង២.៤១០ដុល្លារអាមេរិកនៅប្រទេសថៃ ១.២៣០ដុល្លារអាមេរិកនៅម៉ាឡេស៊ី និង៧២៣ដុល្លារអាមេរិកនៅកម្ពុជា(សំរាប់មន្រ្តីជាន់ខ្ពស់)។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៦ ខែមិថុនា។

លោកស្រី Vu Thi Luu Mai អនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកានៃរដ្ឋសភាវៀតណាម លើកឡើងថា និស្សិតទើបបញ្ចប់ការសិក្សាថ្មី ដែលចូលបម្រើការងារក្នុងវិស័យសាធារណៈ ទទួលបានប្រាក់ចំណូលជាមធ្យម ត្រឹមតែ១៤៥ដុល្លារអាមេរិកប៉ុណ្ណោះ នៅប្រទេសវៀតណាម។

លោកស្រីបានធ្វើការកត់សម្គាល់ថា រដ្ឋាភិបាលចាំបាច់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ចំពោះគោលនយោបាយប្រាក់ឈ្នួល។

ប្រាក់ចំណូលសម្រាប់មន្ត្រីសាធារណៈ គួរតែត្រូវបានចាត់ទុកថាជាការវិនិយោគលើធនធានមនុស្ស។

លោកស្រី Vu Thi Luu Mai ថ្លែងថា “ប្រទេសរបស់យើងមិនខ្វះអ្នកដែលមានទេពកោសល្យនោះទេ។ យើងមិនខ្វះអ្នកសាទរដែលចង់រួមចំណែកឡើយ ប៉ុន្តែយើងត្រូវការគោលនយោបាយកាន់តែប្រសើរ ដើម្បីបង្កើតការលើកទឹកចិត្តសម្រាប់មន្ត្រីសាធារណៈ”។

កាសែតអនឡាញ Vietnamnet បានចុះផ្សាយថា បញ្ហានេះត្រូវបានលើកឡើង អស់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែគ្មានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនោះឡើយ។

យោងតាមក្រសួងមហាផ្ទៃវៀតណាម ឱ្យដឹងថា ក្នុងឆ្នាំ២០១៩ ចំនួនប្រជាពលជន ដែលទទួលបានប្រាក់ខែ និងប្រាក់ឧបត្ថម្ភពីថវិការដ្ឋ រួមទាំងអ្នកទទួលផលគាំពារសង្គមផងដែរនោះ មានប្រមាណ១១លាននាក់។  ក្នុងចំណោមនោះមានមន្ត្រីរាជការ និងមន្ត្រីសាធារណៈប្រមាណ២,៨លាននាក់ដែលទទួលបានប្រាក់ខែ និងប្រាក់ឧបត្ថម្ភពីថវិការដ្ឋ។

ប្រសិនបើអ្នកចូលនិវត្តន៍ និងអ្នកផ្សេងទៀតដែលទទួលបានប្រាក់ខែ និងប្រាក់ឧបត្ថម្ភត្រូវបានរាប់បញ្ចូល នោះចំនួននេះអាចឡើងដល់៧,៥លាននាក់ដែលស្មើនឹង៨,៣% នៃចំនួនប្រជាជនសរុបរបស់ប្រទេសនេះ៕ Vietnam News៕

ហាងលក់ទំនិញ 7-Eleven គ្រោងបើកបើកសាខាទី១០០របស់ ខ្លួននៅកម្ពុជានៅដំណាច់ឆ្នាំនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការចុះផ្សាយ ដោយសារពត៌មាន The Nation Thailand បានឱ្យដឹងថា ហាងទំនិញ 7-Eleven គ្រោងនឹងបើកសាខាទី១០០ របស់ខ្លួននៅកម្ពុជាក្នុងដំណាច់ឆ្នាំ២០២៣នេះ។

ម៉ាកយីហោនេះ ក៏មានគម្រោងបើកសាខាដំបូងរបស់ខ្លួន នៅក្នុងប្រទេសឡាវ និងបន្ថែមហាងចំនួន៧០០កន្លែងទៀត នៅក្នុងប្រទេសថៃ ដោយទាញយកថវិកាដែលបានបម្រុងទុក សម្រាប់ការពង្រីកសាខាពី១១ពាន់លាន ទៅ១២ពាន់លានបាត (ប្រហែល៣១៨លានដុល្លារដល់៣៤៧លានដុល្លារ)។

អាជីវកម្មលក់រាយរបស់ថៃ បានពង្រីកប្រតិបត្តិការរបស់ពួកគេកាន់តែខ្លាំងឡើង នៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារកំណើនសេដ្ឋកិច្ចរឹងមាំ និងការកើនឡើងនៃកម្លាំងទិញនៅក្នុងតំបន់។ លើសពីនេះទៅទៀត តំបន់នេះមានប្រជាជនវ័យក្មេងជាច្រើន ដែលត្រូវបានគេមើលឃើញថា ជាមូលដ្ឋានអ្នកប្រើប្រាស់ដ៏រឹងមាំ ហើយជាលទ្ធផល ក្រុមហ៊ុនថៃនានាជាច្រើន បានពង្រីកខ្លួនរបស់ពួកគេយ៉ាងសកម្មនៅក្នុងតំបន់។

ជាក់ស្តែង ក្រុមហ៊ុន CP All Plc របស់ CP Group បានបើកដំណើរការហាងលក់ទំនិញងាយស្រួល 7-Eleven ក្នុងប្រទេសថៃ និងមានអាជ្ញាប័ណ្ណ សម្រាប់បើកម៉ាកយីហោ7-Eleven នៅក្នុងប្រទេ សឡាវ និងកម្ពុជាផងដែរ។ក្រុមហ៊ុន CP All បានឈានជើងចូលទីផ្សារកម្ពុជា តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ CP ALL (Cambodia) នៅខែសីហា ឆ្នាំ២០២១ ដោយបានបើកសាខាដំបូងរបស់ខ្លួន នៅរាជធានីភ្នំពេញ។

គិតត្រឹមខែមេសា ឆ្នាំ២០២៣ ហាងលក់ទំនិញនេះមានសាខាចំនួន៦០កន្លែងនៅកម្ពុជា ហើយនឹងពង្រីកសាខារហូតដល់១០០កន្លែងនៅចុងឆ្នាំនេះ។

ការ​សម្រេច​ចិត្ត​ពង្រីក​សាខាមក​កាន់កម្ពុជា​ ត្រូវ​បាន​ជំរុញ​ដោយ​កត្តា​មួយ​ចំនួន ខណៈសេដ្ឋកិច្ចរបស់កម្ពុជា កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយមានទីផ្សារអ្នកប្រើប្រាស់ ដែលរីកចម្រើនជាមួយនឹងការកើនឡើងនៃកម្លាំងទិញ។ ជាងនេះទៅទៀត អ្នកប្រើប្រាស់កម្ពុជាកំពុងឆ្លើយតបយ៉ាងល្អចំពោះផលិតផលថៃ ដែលជាលទ្ធផល សាខាហាងលក់ទំនិញ 7-Eleven ក្នុងប្រទេសកម្ពុជា មានដាក់លក់ផលិតផលថៃជាច្រើនប្រភេទ៕

ដំណឹងល្អ៖ ឧស្សាហកម្មធុនធ្ងន់ ជារោងចក្រផលិតស៊ីម៉ង់ត៍ នឹងមាន វត្តមាននៅលើទឹកដីខេត្តកំពង់ស្ពឺនាពេលខាងមុខនេះ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឧស្សាហកម្មធុនធ្ងន់ ជារោងចក្រផលិតស៊ីម៉ង់ត៍ នឹងវត្តមាននៅលើទឹកដីខេត្តកំពង់ស្ពឺនាពេលខាងមុខបន្ថែមទៀត ខណៈដែលខេត្តនេះ មានរោងចក្រ សហគ្រាសរហូតដល់ ៣៨៥រោងចក្រ និងមានកម្មករេហូតដល់ជាង ១៥ម៉ឺននាក់នោះ។

ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨ ០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលធ្វើឡើង នៅភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បន្តិចទៀតមិនយូរប៉ុន្មានទេ ខេត្តកំពង់ស្ពឺនឹងមានឧស្សាហកម្មធុនធ្ងន់ នោះគឺរោងចក្រផលិតស៊ីម៉ង់ត៍ ដែលរោងចក្រផលិតស៊ីម៉ង់ត៍ នឹងវត្តមាននៅទឹកដីខេត្តកំពង់ស្ពឺ ហើយធ្វើឱ្យខេត្តកំពង់ស្ពឺក្លាយទៅជាខេត្តមួយ ដែលផ្គត់ផ្គង់ស៊ីម៉ង់ត៍ សម្រាប់ការសាងសង់នៅទូទាំងប្រទេស។ បើយោងទៅលើអ្នកវិនិយោគដែលបានទៅជួបសម្ដេចថា សមត្ថភាពនៃការផលិតស៊ីម៉ង់ត៍នេះ គឺមានប្រហែល ប្រមាណជា២លានតោន ក្នុងមួយឆ្នាំ។
សម្ដេចតេជោបានបន្តថា ប្រទេសរបស់យើងមានសមត្ថភាពផលិតស៊ីម៉ង់ត៍ដោយខ្លួនឯងបានប្រមាណជា ៩ លានតោងក្នុងមួយឆ្នាំ ប៉ុន្តែតម្រូវការនៃការប្រើប្រាស់ ក្នុងប្រទេសរបស់យើងមានចំនួនកាន់តែច្រើន ដែលម្ខាងគឺការកសាងអគារផ្ទះសម្បែង តែម្ខាងទៀតការកសាងផ្លូវថ្នល់នានាមួយចំនួន ដែលបច្ចុប្បន្ននេះ គឺបានចាប់ផ្ដើមប្រើស៊ីម៉ង់ត៍ចាក់ជាផ្លូវបេតុង។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ ដោយមោទកភាពអំពីការរីកចម្រើនជាច្រើនរបស់កម្ពុជាជារួម និងដោយឡែកខេត្តកំពង់ស្ពឺ កាលពី២០ឆ្នាំមុនបានគិតថានឹងបានក្លាយជាខេត្ត លេខ២នៃការអភិវឌ្ឍរីកចម្រើនទេ ជាពិសេសខាងវិស័យឧស្សាហកម្ម ។ប៉ុន្តែឥឡូវនេះខេត្តកំពង់ស្ពឺមានរោងចក្រសហគ្រាសរហូតដល់ ៣៨៥រោងចក្រ និងមានកម្មករេហូតដល់ជាង ១៥ម៉ឺននាក់។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន គឺបានក្លាយជាខេត្តលំដាប់លេខ២នៃការអភិវឌ្ឍជាបន្តបន្ទាប់ ជាពិសេសវិស័យឧស្សាហកម្ម។ ដូច្នេះស្នើឱ្យបងប្អូនកម្មករនិយោជិត ក៏ដូចជាជនរួមជាតិទាំងអស់ ត្រូវថែរក្សានូវសុខសន្តិភាពនេះឱ្យខាងតែបាន ខណៈមានសន្តិភាពគឺមានការអភិវឌ្ឍ គ្រប់បែបយ៉ាង ជាក់ស្តែងដូចសព្វថ្ងៃនេះរោងចក្រសហគ្រាសបានកំពុងរីកចម្រើជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងសង្កត់ធ្ងន់ថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ផ្តល់ឱកាសឱ្យកម្ពុជាយើងទាក់ទាញវិនិយោគពីបរទេស ដើម្បីមកផលិតនៅក្នុងស្រុកបម្រើការនាំចេញទៅក្រៅប្រទេស ។ដូច្នេះ បងប្អូនទាំងអស់ត្រូវរក្សាសន្តិភាពនេះឱ្យបាន មិនថាកាលៈទេសៈណានោះទេ។
បើតាមរបាយការណ៍ របស់ អ៊ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង៧ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះសំណាល ជាមួយសម្តេចតេជោ រួមមាន រោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៤។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍ អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលី។ល។

នៅឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មាន កម្មករ និយោជិតជាង ១៥ម៉ឺន ៥ពាន់ នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ ដេរ ចំនួន១៩១ មានកម្មករនិយោជិត សរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕

រដ្ឋាភិបាលចិនកំពុងពិចារណាចាត់វិធានការបន្ថែមទៀត ដើម្បីជំរុញតម្រូវការក្នុងស្រុក និងវិស័យអចលនទ្រព្យ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីភ្នាក់ងារព័ត៌មានBloomberg បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសចិនកំពុងពិចារណា វិធានការជំរុញសេដ្ឋកិច្ចយ៉ាងតិចរាប់សិបបន្ថែមទៀត ដូចជា ការកាត់បន្ថយអត្រាការប្រាក់ ដើម្បីគាំទ្រ ដល់វិស័យនានាដូចជាអចលនទ្រព្យ និងជម្រុញកំនើនតម្រូវការក្នុងស្រុក។

ការពិចារណាលើកញ្ចប់វិធានការជំរុញ ដ៏ទូលំទូលាយនេះធ្វើឡើង ខណៈដែលសម្ពាធកំពុងកើនឡើង លើរដ្ឋាភិបាលរបស់លោក ស៊ី ជីនពីង ក្នុងការជំរុញសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។នេះបើយោងតាមមនុស្សដែលដឹងអំពីបញ្ហានេះ។
វិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលធ្លាប់ជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ច បានដាំក្បាលចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយមានអ្នកអភិវឌ្ឍន៍ជាច្រើនខកខានសងបំណុល ឬសញ្ញាប័ណ្ណ និងការផ្អាកការសាងសង់ គម្រោងលំនៅដ្ឋានដែលបានលក់ទុកជាមុន។

កាលពីសប្តាហ៍មុនកន្លងទៅ សារពត៌មានរដ្ឋចិន Economic Daily បានជំរុញឱ្យមានការអត់ធ្មត់ ខណៈពេលមានការរំពឹងទុករបស់ទីផ្សារនៃវិធានការជំរុញបន្ថែមទៀត សម្រាប់វិស័យនេះ ហើយវិធានការត្រូវការពេលវេលាខ្លះដើម្បីបង្កើតឥទ្ធិពល។

ការស្ទុះងើបឡើងវិញ នៃទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនមានភាពមិនប្រាកដប្រជា ដោយសារការវិនិយោគនៅតែធ្លាក់ចុះ ទោះបីជាការលក់ផ្ទះមានការកើនឡើង នៅក្នុងត្រីមាសទីមួយកន្លងទៅយ៉ាងណាក្តី។

ជាក់ស្តែង ការវិនិយោគលើការអភិវឌ្ឍអចលនទ្រព្យ បានធ្លាក់ចុះ៥,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹម២,៦ពាន់ពាន់លានយ័ន(ប្រហែល៣៧៧,៨ពាន់លានដុល្លារអាមេរិក) កាលពីក្នុងត្រីមាសទី១ឆ្នាំនេះ។

ទោះបីជាយ៉ាងនេះក្តី កាលពីពេលថ្មីៗកន្លងទៅនេះ ភាគហ៊ុននៅក្នុងទីផ្សារអចលនទ្រព្យចិនបានហក់ឡើងថ្លៃ  ខណៈអ្នកវិនិយោគមានក្តីសង្ឃឹមថា ទីក្រុងប៉េកាំងនឹងដាក់ចេញនូវវិធានការ គាំទ្របន្ថែមទៀតក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញវិស័យអចលនទ្រព្យ៕

កម្ពុជា ម៉ាល់ឌីវនឹងបើកជើងហោះហើរត្រង់នាពេលខាងមុខ ខណៈការលើកលែងទិដ្ឋាការប្រទេសទាំងពីរបានចូលជាធរមាន

17.PR , Promotion Feb (W. 1280px x H.671px)

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ កិច្ចព្រមព្រៀងលើកលែងទិដ្ឋការកម្ពុជា-ម៉ាល់ឌីវចូលជាធរមាន, ភាគីទាំងពីរឯកភាពអនុវត្តផែនការសកម្មភាព បន្តវឌ្ឍនភាពវិស័យទេសចរណ៍។

បន្ទាប់ពីកិច្ចព្រមព្រៀងស្ដីពី ការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវ បានចូលជាធរមានកាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ភាគីទាំងពីរបានឯកភាពគ្នា អនុវត្តផែនការសកម្មភាពមួយចំនួនទៀត ដើម្បីបន្តវឌ្ឍនភាពលើវិស័យទេសចរណ៍ រួមគ្នាជំរុញរំហូរទេសចរប្រទេសទាំងពីរ និងប្រទេសទី៣ឱ្យកាន់តែច្រើនថែមទៀត។

ការឯកភាពគ្នានេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក អ័បឌុលឡា ម៉ូស៊ូម (Abdulla Mausoom) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាល់ឌីវ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។
លោកជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នាជំនួបខាងលើនោះ លោករដ្ឋមន្ត្រី ថោង ខុន បានរំឭកពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសម៉ាល់ឌីវ កាលពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ដែលមានការចុះហត្ថលេខា ទៅលើឯកសារចំនួន៦ ក្នុងនោះក៏មានអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ម៉ាល់ឌីវផងដែរ។

លោកជុក ជំនោរ បានបន្តថា “កិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវ គឺបានចូលជាធរមានហើយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ បានន័យថា ចាប់ពីពេលនេះតទៅ ប្រជាជន/ភ្ញៀវទេសចរកម្ពុជា និងម៉ាល់ឌីវអាចធ្វើដំណើរទៅមកប្រទេសទាំងពីរបាន ដោយមិនចាំបាច់មានទិដ្ឋការ សម្រាប់ការស្នាក់នៅរយៈពេលក្រោម៣០ថ្ងៃ”។

តាមរយៈអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចព្រមព្រៀងស្ដីពីការលើកលែង ទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវនេះហើយ ទើបបានជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រទេសទាំងពីរឯកភាពគ្នា បង្កើតក្រុមការងារចម្រុះកម្ពុជា-ម៉ាល់ឌីវ (Working Group) ដើម្បីរួមសហការគ្នាអនុវត្តផែនការសកម្មភាពនានាដែលមានបញ្ជាក់ ក្នុងអនុស្សរណៈទ្វេភាគីខាងលើ សំដៅបន្តវឌ្ឍនភាពលើវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ រួមគ្នាជំរុញរំហូរទេសចរប្រទេសទាំងពីរ និងប្រទេសទី៣ឱ្យកាន់តែច្រើនថែមទៀត។

លោកជុក ជំនោរ ការងារសំខាន់ៗចំពោះមុខ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំ ក្រុមការងារចម្រុះនៅពេលសមស្របណាមួយ សំដៅធ្វើយ៉ាងណាបង្កើនសកម្មភាព ផ្សព្វផ្សាយទេសចរណ៍រួមគ្នា ដូចជា ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ទៅវិញទៅមករបស់ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ប្រទេសទាំងពីរ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ សារព័ត៌មាន និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គម (Influencers)។

ភាគីទាំងពីរក៏បានឯកភាពបង្កើត កញ្ចប់ទស្សនកិច្ចរួមគ្នាស្របតាមទស្សនទាន “ប្រទេសពីរ គោលដៅតែមួយ” ដើម្បីជំរុញការផ្សព្វផ្សាយ ទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិ និងទាក់ទាញរំហូរទេសចរអន្តរជាតិ ឱ្យចូលមកទស្សនាប្រទេសកម្ពុជា និងប្រទេសម៉ាល់ឌីវ។ ការបង្កើតឱ្យមានកញ្ចប់ទស្សនកិច្ចរួមគ្នានេះ គឺជាគំនិតផ្ដួចផ្ដើមថ្មីមួយ សម្រាប់ជំរុញចលនាទេសចរអន្តរជាតិ និងទាក់ទាញឱ្យមានការស្នាក់នៅយូរ។

ឧទាហរណ៍ ភ្ញៀវទេសចរអាចស្នាក់នៅ /ទស្សនាកម្សាន្តនៅកម្ពុជា៣ថ្ងៃ និង៣ថ្ងៃទៀតនៅម៉ាល់ឌីវ។

ភាគីទាំងពីរបានបន្តឯកភាពគ្នា ជំរុញឱ្យស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនអាកាសចរណ៍ តភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ម៉ាល់ឌីវ ដើម្បីសម្រួលការធ្វើដំណើរ របស់ភ្ញៀវទេសចរឱ្យកាន់តែងាយស្រួល ខណៈបច្ចុប្បន្នភ្ញៀវទេសចរ ដែលចង់ទៅមកប្រទេសទាំងពីរអាចផ្លាស់ជើងហោះហើរនៅសិង្ហបុរី ឬម៉ាឡេស៉ី ប៉ុន្តែយ៉ាងណាក៏មិនធ្វើឱ្យភ្ញៀវទេសចរ ឬអ្នកដំណើររង់ចាំយូរនោះដែរ ពោលគឺមិនមានបញ្ហាស្ម័គ្រស្មាញឡើយ។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា នៅកម្ពុជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នឹងត្រៀមដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២៣ឆាប់ៗខាងមុខ ហើយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីក៏នឹងបើកដំណើរការនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥នេះហើយដែរ ដូច្នេះភាគីទាំងពីរនឹងអាចតភ្ជាប់ ជើងហោះហើរត្រង់ទៅមកបានយ៉ាងងាយស្រួល។

រដ្ឋមន្ត្រីទេសចរណ៍ម៉ាល់ឌីវ ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ធ្វើទស្សនកិច្ចនៅប្រទេសម៉ាល់ឌីវនៅចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីស្វែងយល់ពីសក្ដានុពលវិស័យទេសចរណ៍ និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ។ នៅម៉ាល់ឌីវ ចាប់ពីចុងខែកក្កដា ដល់ខែសីហា ឆ្នាំ២០២៣ មានការរៀបចំព្រឹត្តិការណ៍វប្បធម៌ម៉ាល់ឌីវ (Maldiv Cultural Festival) ដែលជាឱកាសដ៏ល្អមួយ សម្រាប់ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី ថោង ខុន និងប្រតិភូក្រសួងទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសម៉ាល់ឌីវនោះ។

រដ្ឋមន្ត្រីទេសចរណ៍ម៉ាល់ឌីវ បានបង្ហាញការកោតសរសើរចំពោះការអភិវឌ្ឍនៅប្រទេសកម្ពុជា ព្រមទាំងមើលឃើញពីសក្ដានុពលសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា ដែលអាចភ្ជាប់គោលទេសចរ​ណ៍រួមគ្នា ដោយកម្ពុជាមានសក្ដានុពលទេសចរណ៍ផ្នែកវប្បធម៌ ធម្មជាតិ សមុទ្រជាដើម ហើយម៉ាល់ឌីវមានសក្ដានុពលទេសចរណ៍ ផ្នែកសមុទ្រ ឆ្នេរ កោះជាដើម៕

Rate freeze fuels optimism for housing market’s recovery

The housing market in Korea faces growing optimism on its path to recovery following months of rate freezes, with a record number of would-be homebuyers interested in purchasing homes ― for the first time in two years.

Also, more than 60 percent of all transactions in the house lease market for the second consecutive month as of April were for “jeonse” contracts, a unique rental system in Korea in which a tenant gives the landlord a large fixed-sum deposit over a rent period of typically two years.The ratio of jeonse contracts went down to as low as 47.4 percent last December due to aggressive rate hikes delivered by the Bank of Korea (BOK).

“The increase in the number of would-be homeowners and also the jeonse rate in the housing market suggests more people are willing to take out housing loans following the rate freeze,” an industry source said, referring to the base rate that has remained unchanged at 3.5 percent since January.

The rate freeze led to a fall in interest rates for housing loans to almost as low as 3 percent.

Under the circumstances, a survey released Monday by housing rental app Zigbang showed that 68.7 percent of 1,056 respondents plan to buy a home in the second half of 2023 or the first half of 2024.

The rate marks the highest level since May 2021 at 66.1 percent.

“The result shows that people are optimistic about the rate freeze in relation to housing,” the source said.

A separate data set released by the Seoul Metropolitan Government on housing transactions showed that jeonse accounted for 61.5 percent of rental housing in March and 61.2 percent in April.

It was the first time that the ratio exceeded 60 percent since November 2021 when it hit 61.6 percent.

The aggressive rate hikes delivered by the Bank of Korea (BOK) had prompted people to find more affordable ways to lease housing,
notably monthly rent.

Source: Korea Times

ជំនួបជាមួយសម្តេចតេជោៈអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក សន្យាជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកZurab Pololikashvili) អគ្គលេខាធិការ​អង្គការ​ទសចរណ៍ពិភពលោក បានសន្យាថា នៅតែបន្តគាំទ្រ និងជួយលើកស្ទួយ​វិស័យ​ទេសចរណ៍កម្ពុជា ឱ្យមានភាពល្អប្រសើរឡើងវិញ។

លោកបានថ្លែងសន្យាបែបនេះ ក្នុងពេលអញ្ជើញជួបសម្តែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព កាលពីរសៀល​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

លោកអ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យនៅក្រោយជំនួបថា ក្នុងជំនួបនោះ លោកZurab បានជម្រាបសម្ដេ ចតេជោ អំពីលទ្ធផលនៃកិច្ចប្រជុំលើក​ទី៣៥ នៃគណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈ​កម្មការ​តំបន់អាស៊ីខាងត្បូង នៃអង្គការទេសចរណ៍ពិភពលោក ដែលទទួលបានជោគ ជ័យ ក្នុងការសម្រេចបាននូវក្រមការពារទេសចរណ៍។លោកបានសំដែងការគោរព ចំពោះទស្សនៈវែងឆ្ងាយ និងការប្ដេជ្ញាចិត្តខ្ពស់របស់សម្តេចតេជោ លើសម្រាប់វិស័យទេសចរណ៍ មានជាអាទិ៍៖ ការគាំទ្រក្រមការពារទេសចរណ៍ និងជាពិសេសការជួយអ្នកទេសចរ​ដែលជាប់​នៅលើ​នាវា Westerdam ដោយអនុញ្ញាតឱ្យចូលចតនៅកម្ពុជា ក្នុងពេលប្រទេសដទៃ មិនឱ្យចូលចត ព្រោះខ្លាចការឆ្លងជំងឺកូវីដ-១៩។

លោកអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ក៏បានសំដែង​ការអបអរ​សាទរជូនសម្តេចតេជោ​ ចំពោះការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ច​ប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំ២០២២ បានយ៉ាងជោគជ័យ។ ជាពិសេសថ្មីៗនេះ បានរៀប​ចំព្រឹត្តិការណ៍ស៊ីហ្គេម, អាស៊ានប៉ារ៉ាហ្គេម បានជោគជ័យយ៉ាងត្រចះត្រចង់ ដែលទាំង​នេះសុទ្ធតែមានការតភ្ជាប់ ជាមួយវិស័យទេសចរណ៍ដោយផ្ទាល់ និងដោយ​ប្រយោលផង​ដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រមការពារទេស​ចរណ៍ មានសារៈសំខាន់ណាស់ សម្រាប់ផ្ដល់ការការពារ ជំនឿទុកចិត្តដល់ទេសចរណ៍​មកកាន់កម្ពុជា។ លើសពីនោះទៅទៀត កម្ពុជា បានអភិវឌ្ឍន៍វិស័យសុខាភិបាល ដើម្បី​គាំទ្រដល់វិស័យទេសចរ ណ៍ ធ្វើយ៉ាងណាឱ្យទេសចរណ៍មកកម្ពុជា ធានាបានទាំង​សុខ​សុវត្ថិភាពផង ទាំងសុខភាពល្អផង។

ចំពោះបញ្ហានាវា Westerdam វិញ សម្ដេចតេជោ បានមានប្រសាសន៍ថា ជាការងារ​មនុស្សធម៌ និងជាការទទួលខុសត្រូវ ជួយដល់ជីវិតមនុស្សនៅពេលនោះ ខណៈដែលមិនមានប្រទេសណាអនុញ្ញាតឱ្យនាវាចូលចតទេ។

សម្តេចតេជោបានគូសបញ្ជាក់ថា “ប្រសិនបើកម្ពុជា មិនអនុញ្ញាតឱ្យចូលចតទេនោះ ជីវិតមនុស្សនៅលើនាវា នឹងអាណោចអាធមខ្លាំងណាស់”។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណអង្គការទេសចរណ៍ពិភពលោក ដែលមានជំនឿលើកម្ពុជា មកប្រជុំនៅកម្ពុជា កសាងនូវភាពជោគជ័យថ្មីមួយទៀត សម្រាប់វិស័យទេសចរណ៍ ហើ​យក្រមការពារទេសចរណ៍នេះ គួរមានការផ្សព្វផ្សាយឱ្យ​បានទូលំទូលាយ និងអនុវត្តឱ្យបានល្អ៕

 

ក្រុងហូជីមិញ ក្លាយជាទីផ្សារលំនៅឋានថ្លៃបំផុតទី២នៅក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក

ដោយៈ សុខុម

ហូជីមិញ: ក្រុងហូជីមិញ ប្រទេសវៀតណាម ពេលនេះបានក្លាយជាទីផ្សារលំនៅឋានថ្លៃបំផុតទី២ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយតម្លៃផ្ទះជាមធ្យម ខ្ពស់ជាងប្រាក់ចំណូលគ្រួសារប្រចាំឆ្នាំ ជាមធ្យមដល់ទៅ៣២,៥ដង។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៦ មិថុនា។

របាយការណ៍សន្ទស្សន៍លទ្ធភាពទិញផ្ទះ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៣ របស់វិទ្យាស្ថានអន្តរជាតិUrban Land Institute (ULI) បង្ហាញថា ក្រុងហូជីមិញ ជាទីផ្សារលំនៅឋានថ្លៃបំផុតទី១ នៅវៀតណាម និងថ្លៃបំផុតទី២ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយនឹងតម្លៃជាមធ្យម គឺខ្ពស់បំផុត២៩៦.០០០ដុល្លារក្នុងផ្ទះមួយ (ធៀបនឹងតម្លៃ២១៤.០០០ដុល្លារ នៅក្រុងដាណាង (Da Nang) និង១៨២.០០០ដុល្លារ នៅក្រុងហាណូយ)។ក្រុងដាណាង ប្រទេសវៀតណាម បានក្លាយជាទីផ្សារលំនៅឋានថ្លៃបំផុតទី៤ ជាមួយនឹងតម្លៃផ្ទះជាមធ្យម ខ្ពស់ជាងប្រាក់ចំណូលគ្រួសារប្រចាំឆ្នាំជាមធ្យមដល់ទៅ២៦,៧ដង។

របាយការណ៍ដដែលបង្ហាញថា ទោះបីជាក្រុងហូជីមិញ មានប្រជាជនច្រើនជាងក្រុងហាណូយ បន្តិចយ៉ាងណាក្ដី ក៏ផ្ទះថ្មីៗដែលត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ក្នុងទីក្រុងនេះចាប់តាំងពីឆ្នាំ២០១០ មានចំនួនតិចជាង៣៥%ធៀបនឹងក្រុងហាណូយ។

បន្ថែមពីលើការផ្គត់ផ្គង់លំនៅឋានថ្មីមានកម្រិត ទំហំផ្ទះធំៗនៅក្នុងទីក្រុងហូជីមិញ ក៏បានរួមចំណែកធ្វើឱ្យតម្លៃផ្ទះជាមធ្យម នៅក្នុងទីក្រុងនេះ ហក់ឡើងខ្ពស់ជាងគេផងដែរ។ ទំហំផ្ទះជាមធ្យមនៅក្នុងទីក្រុងហូជីមិញគឺ៨៣ម៉ែត្រការ៉េ ធៀបនឹង៦៥ម៉ែត្រការ៉េ នៅក្រុងហាណូយ។

យោងតាមរបាយការណ៍ដដែលឱ្យដឹងថា អ្នកទិញផ្ទះជាច្រើននៅក្រុងហូជីមិញ គឺជាអ្នកវិនិយោគប្រថុយប្រថាន ដែលមានផ្ទះជាច្រើនយូនីតនៅក្នុងដៃ ហើយកត្តានេះបានធ្វើឱ្យតម្លៃផ្ទះ កាន់តែហក់ឡើងបន្ថែមទៀត៕ Vietnam News៕

រដ្ឋាភិបាលកម្ពុជា ស្នើភាគីចិនពង្រីកជើងហោះហើរត្រង់បន្ថែមទៀត ពីទីក្រុងនានា មកកាន់កម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានស្នើទៅកាន់រដ្ឋាភិបាលចិន ជួយជំរុញការហោះហើរត្រង់ពីទីក្រុងនានាមកកាន់កម្ពុជា។

លោកបន្តថា ចំពោះទីក្រុងណាដែលមិនទាន់បើកការហោះហើរមកកម្ពុជា ក៏សូមបង្កើតឱ្យមានការហោះហើរត្រង់ មកឱ្យបានកាន់តែច្រើន ខណៈកម្ពុជានឹងមានអាកាសយានដ្ឋានអន្តរជាតិធំៗ ដែលអាចទទួលការចុះចតយន្តហោះដឹ កអ្នកដំណើរគ្រប់ប្រភេទ។

ការស្នើបែបនេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយលោក រ៉ាវ ឈាន (Rao Quan) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យមានការជំរុញការហោះហើរត្រង់ ពីទីក្រុងសំខាន់ៗនៅប្រទេសចិន មកកាន់អាកាសយានដ្ឋានអន្តរជាតិ នៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនទៀត ពិសេសគឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ត្រៀមដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២៣ឆាប់ៗខាងមុខ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក៏នឹងបើកដំណើរការនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥នេះហើយដែរ។

លោកអនុរដ្ឋមន្ត្រី​ចិន រ៉ាវ ឈាន បានសន្យាពាំនាំសំណើទាំងនេះ ក៏ដូចជាព័ត៌មាននៃកិច្ចពិភាក្សានេះ ជូនទៅកាន់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ក្នុងការពិចារណាជំរុញ ឱ្យមានការហោះហើរត្រង់មកកាន់កម្ពុជាបន្ថែមទៀត។លោក រ៉ាវ ឈាន បានលើកឡើងពីបំណង ចង់ពង្រីកជើងហោះហើរត្រង់ពីទីក្រុង ដែលមានការហោះហើរត្រង់ មកកាន់កម្ពុជាស្រាប់ និងរៀបចំឱ្យមានជើងហោះហើរត្រង់ថ្មី សម្រាប់អាកាសយានដ្ឋានដែលមិនទាន់មានការហោះហើរត្រង់ជាមួយគ្នា។

ភាគីទាំងពីរបង្ហាញក្តីសុទិដ្ឋិនិយមថា ការពង្រីកបន្ថែមជើងហោះហើរត្រង់រវាងប្រទេសទាំងពីនេះ គឺជាកាលនុវត្តភាពមួយក្នុងការទាក់ទាញលំហូរទេសចរ ពីប្រទេសចិនមកកាន់កម្ពុជា និងពីកម្ពុជាទៅកាន់ប្រទេសចិន ក៏ដូចជាទេសចរមកពីប្រទេសផ្សេងទៀតផងដែរ៕

ដំណឹងល្អ: ក្រុមហ៊ុនថៃ Siam Makro គ្រោងសាងសង់ផ្សារទំនើប Makro ៣ទីតាំងបន្ថែមទៀតនៅកម្ពុជា

ដោយៈ សុខុម

បាងកក: ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ថៃ Siam Makro បានទម្លាយប្រាប់កាសែត Krungthep Turakij នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា នេះថា ខ្លួនគ្រោងបង្កើនចំនួនផ្សារទំនើប Makro របស់ខ្លួនទ្វេដងនៅកម្ពុជា ក្នុងរយៈពេល៣ឆ្នាំខាងមុខ ខណៈតម្រូវការផលិតផលប្រើប្រាស់របស់ថៃ កើនឡើងជាលំដាប់។

បច្ចុប្បន្នក្រុមហ៊ុន Siam Makro មានផ្សារទំនើប Makro ចំនួន៣ទីតាំងនៅកម្ពុជា៖ ១ទីតាំងនៅក្រុងសៀមរាប និង២ទីតាំងទៀតនៅរាជធានីភ្នំពេញ ពោលគឺនៅខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ ហើយគ្រោងនឹងបើកចំនួន៣ទីតាំងបន្ថែមទៀតនៅឆ្នាំ២០២៦ ដែលសរុប៦ទីតាំង។ក្រុមហ៊ុន Siam Makro ក៏មានបំណងក្លាយជាក្រុមហ៊ុនឈានមុខគេ ក្នុងទីផ្សារលក់រាយក្នុងប្រទេសចំនួន៣ផ្សេងទៀតផងដែរ រួមមានប្រទេសមីយ៉ាន់ម៉ា ប្រទេសចិន និងប្រទេសឥណ្ឌា។ក្រុមហ៊ុននិយាយថា ផែនការពង្រីករបស់ខ្លួន កាន់តែមានសន្ទុះខ្លាំងក្លា នៅពេលឧស្សាហកម្មទេសចរណ៍ ក្នុងតំបន់បានងើបឡើងវិញពីវិបត្តិកូវីដ-១៩។

ក្រុមហ៊ុន Siam Makro និយាយថា ការពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា បានដំណើរការយ៉ាងរលូន ដោយសារទីតាំងងាយស្រួលចូលទៅកាន់ផ្សារទំនើបរបស់ខ្លួន ការឌីហ្សាញទាក់ទាញ និងសេវាកម្មដែលបំពេញបានតាមតម្រូវការ របស់អ្នកប្រើប្រាស់ក្នុងស្រុក។

ក្រុមហ៊ុននេះផ្តោតលើការនាំយកអាហារស្រស់ ពីសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ថៃ ចំនួនជាង៣០០ចូលមកកម្ពុជា ខណៈជួយដល់សហគ្រាសផលិត នូវផលិតផលកសិកម្មក្នុងស្រុកផងដែរ។ក្រុមហ៊ុននិយាយទៀតថា ខ្លួនបានផ្ដល់ការងារចំនួន៩០%នៃកម្លាំងការងារ សរុបរបស់ខ្លួននៅកម្ពុជា ដល់ពលរដ្ឋខ្មែរ។

ដើម្បីផ្សព្វផ្សាយផលិតផលថៃនៅកម្ពុជា បន្ថែមទៀត ក្រុមហ៊ុន Siam Makro កំពុងសហការជាមួយនាយកដ្ឋានផ្សព្វផ្សាយពាណិជ្ជកម្មអន្តរជាតិដើម្បីរៀបចំ “ពិព័រណ៍ចំណីអាហារ និងភេសជ្ជៈថៃ ឆ្នាំ២០២៣”។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងរយៈពេល៥ឆ្នាំជាប់គ្នានៅគ្រប់ផ្សារទំនើបរបស់ខ្លួន៕ The Nation៕