ក្រុមប្រឹក្សាMRC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងការពារតំបន់ទន្លេមេគង្គ

ដោយ: លាងហួរ

អន្តរជាតិ: ស្ថាប័នគ្រប់គ្រងនៃគណៈកម្មការទន្លេមេគង្គ បានអនុម័តគំនិតផ្តួចផ្តើមសំខាន់ៗចំនួន២ ក្នុងគោលបំណងសម្របសម្រួល និងកែលម្អកិច្ចខិតខំប្រឹងប្រែងទូទាំងតំបន់ ដើម្បីតាមដាន និងការពារសុខភាពនៃផ្លូវទឹកដ៏សំខាន់បំផុតសម្រាប់តំបន់អាស៊ីអាគ្នេយ៍។

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា នៅក្នុងការរៀបចំសម្រាប់កិច្ចប្រជុំលើកទី២៩ របស់ក្រុមប្រឹក្សា MRC តំណាងនៃប្រទេសសមាជិក MRC ចំនួន៣រួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម បានអនុម័តលើបណ្តាញត្រួតពិនិត្យទន្លេស្នូល ដែលមានមុខងារសំខាន់ ក្នុងការគាំទ្រដល់រដ្ឋាភិបាល ដូចជា  ប្រមូលទិន្នន័យវិទ្យាសាស្ត្រ និងតាមដានបញ្ហាសំខាន់ៗដូចជា ជលសាស្ត្រ គុណភាពទឹក ការបញ្ចេញទឹក ដីល្បាប់ ជលផល និងសុខភាពអេកូឡូស៊ី។

នៅក្នុងកិច្ចប្រជុំលើកទី២៩នេះ ក្រុមប្រឹក្សាបានអនុម័តផែនការការងារពហុឆ្នាំ (MWP) សម្រាប់ឆ្នាំ២០២៣-២០២៤ដើម្បីជួយដល់គ្រប់ទីភ្នាក់​ងារជាតិ ដែលកំពុងធ្វើការដើម្បីអនុវត្តផែនការ យុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥។

ផែនការយុទ្ធសាស្រ្តនេះ ផ្តោតលើផ្នែកសំខាន់ៗចំនួន៥ សម្រាប់អាងទន្លេមេគង្គ៖ ការរក្សាមុខងារអេកូឡូស៊ី ដែលអនុញ្ញាតឱ្យមានលទ្ធភាពចូលប្រើប្រាស់ទឹក និងធនធានដែលពាក់ព័ន្ធ  លើកកំពស់ការអភិវឌ្ឍប្រកប​ដោ​យនិរន្តរភាពនៃទឹក និងវិស័យពាក់ព័ន្ធ ពង្រឹងភាពធន់នឹងហានិភ័យអាកាសធាតុ ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេស MRC ទាំងអស់ និងអ្នកពាក់ព័ន្ធ៕

 

ការដោះដូរអចលនទ្រព្យនៅតំបន់ព្រំដែនកម្ពុជា ថៃនៅតែមានសភាពយឺតយ៉ាវក្នុងឆ្នាំនេះ

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការដោះដូរអចលនទ្រព្យ ជាពិសេសដីធ្លីនៅតំបន់មាត់ច្រកព្រំដែនព្រំ  នៃខេត្តប៉ៃលិនក្នុងឆ្នាំ ២០២២នេះ នៅតែបន្តមានសកម្មភាពតិចតួចនៅឡើយ ទោះបីជាស្ថានភាពកូវីដ១៩ និងសេដ្ឋកិច្ចកម្ពុជាមានភាពប្រសើរជាង២ឆ្នាំមុនក្ដី។

យោងតាមភ្នាក់ងារអចលនទ្រព្យមួយរូប ប្រចាំខេត្តប៉ៃលិនលោកហេង តុងហៃ បានឱ្យដឹងនាព្រឹកថ្ងៃទី២៨ វិច្ឆិកានេះថា ចាប់តាំងពីដើមឆ្នាំ ២០២០មក ការទិញលក់ដីធ្លី ក៏ដូចជា សកម្មភាពនៃការដោះដូរអចលនទ្រព្យនៅតំបន់មាត់ច្រកព្រំដែនកម្ពុជាថៃ ព្រំនៃខេត្តប៉ៃលិន គឺមានការថមថ​យ ហើយបន្តអសកម្មរហូតមកដល់ឆ្នាំ ២០២២នេះ ។

លោកបន្តថា “ទោះបីជាសកម្មភាពនៃការទិញលក់ដីធ្លី ក៏ដូចជាការអចលនទ្រព្យផ្សេងទៀត នៅតំបន់ព្រំដែននេះ មានការថមថយក្ដីតែតម្លៃវិញលោកឃើញថា ជាទូទៅនៅតែរក្សាស្ថិរភាពល្អប្រសើរដដែល ដោយក្នុងមួយ១ម៉ែត្រការ៉េ ជាមធ្យមប្រមាណ១ពាន់ដុល្លារអាមេរិក”។ លោកបន្តថា “សំរាប់ទីតាំងផ្សេងទៀត មានតម្លៃទាបជាងហ្នឹង អាស្រ័យលើសក្ដានុពល​នៃទីតាំងទាំងនោះ”។

យ៉ាងណាក្ដី ក្នុងស្ថានភាពដែលសកម្មភាពនៃការទិញ លក់ដីធ្លីមានតិចតួចនេះ នៅតំបន់ព្រំដែន ក៏ដូចជា នៅខេត្តប៉ៃលិនទាំងមូល សំបូរអ្នកលក់ដីធ្លីច្រើនជាងអ្នកទិញ ហើយសម្រាប់អ្នកមានលុយ ឬអ្នកវិនិយោគដីធ្លីអាចស្វែងរកទិញដីសម្រាប់ទុកចំណេញ នៅពេលស្ថានភាពបានប្រសើរជាងនេះ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជើងចាស់មួយរូប លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCPL បានលើកឡើងផងដែរថា តម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា បើធៀបនឹងប្រទេសជិតខាងឃើញថា នៅមានកម្រិតទាបជាងគេនៅឡើយ ដូច្នេះវានៅតែផ្ដល់អត្ថប្រយោជន៍ខ្ពស់ចំពោះអ្នកវិនិយោគដីធ្លី ហើយក៏ជាកត្តាទាក់ទាញ នូវវិនិយោគិនបរទេសចូលមកបណ្ដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ ។

លោកឧកញ៉ាបានបន្តឱ្យដឹងថា “ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ប្រៀបបាននឹងនំមួយដុំ ដែលមនុស្សគ្រប់គ្នាចង់បាន ហើយគ្រប់បណ្ដាខេត្តក្រុងទាំងអស់ សុទ្ធតែមានសក្ដានុពលក្នុងការបណ្ដាក់ទុនវិនិយោគនិងរំពឹងថា តម្លៃដីធ្លីក្នុងប្រទេសកម្ពុជាយើងនឹងនៅតែមានកំណើនឡើងបន្ថែមទៀតនៅពេលអនាគតនេះ”៕

ទឹក រុក្ខជាតិបៃតង សំណង់បែបក្លាសិកត្រូវបានច្របាច់បញ្ចូលនៅ ក្នុងបុរីលំដាប់អភិជនមួយ

 ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ទឹកបានបង្កើតអ៊ុកស៊ីសែន ដើម្បីសម្រួលការដកដង្ហើមរបស់មនុស្ស ហើយធម្មជាតិបៃតងដែលមានដើមឈើ បានផ្តល់នូវភាពមនោរម្យបន្ថែម ដល់ជីវិតរស់នៅដែលផ្សារភ្ជាប់នឹងធម្មជាតិ។

រចនាបទសំណង់បែបក្លាសិក ដែលបង្អូតខ្លួននៅតាមដងព្រែកធម្មជាតិប្រវែង១០០០ម៉ែត្រ អមដោយដើមឈើខផវស្រងាត់ ដែលអនុញ្ញាត្តឲ្យអ្នកស្នាក់នៅ រីករាយជាមួយបរិយាកាសស្រស់ស្រាយ និងមានផាសុខភាព​មិនគ្រប់គ្រាន់នោះទេ ប៉ុន្តែបុរីវិមានសំណាង បានផ្តល់ឲ្យអ្នករស់នៅមានទីកន្លែងហាត់ប្រាណ អង្គុយញាំកាហ្វេ និងអាចស្ទូចត្រីកំសាន្ត ដើម្បីកាត់បន្ថ​យស្រេ្តសក្រោយសំរាកពីការងារ។

ជាមួយនឹងការផ្ចិតផ្ចង់លើគុណភាពសំណង់ រៀបចំហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ផ្សារភ្ជាប់ជាមួយបរិយកាសជុំវិញយ៉ាងមនោរម្យ សំណង់ក្នុងបុរីនេះមានលក្ខណៈពិសេស ដែលសាងសង់ឡើងសម្រាប់ក្រុមអភិជន ដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ និងអារម្មណ៍ដ៏មនោរម្យ។

លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងថា ការរីកចម្រើននៃជីវភាពប្រជាពលរដ្ឋ ដោយចំនួនអ្នកមានកាន់តែមានចំនួនច្រើន ក្រុមហ៊ុនបុរីវិមានសំណាងបានគិតគូ និងយល់ពីតម្រូវការអតិថិជន ជាអ្នកមានប្រាក់ច្រើន ហើយយើងបានសំរិតសំរាំងលើរចនាបទលំនៅដ្ឋាននិមួយៗ ប្រកបដោយប្រណីតភាព និងភាពស៊ីវិល័យ ពិសេសមើលទៅមិនសាំភ្នែក ហើយមើលកាន់តែយូរកាន់តែស្អាត ព្រោះរចនាបទរបស់យើងមានភាពរសរវើក។

លោកជំទាវបន្តថា “យើងមិនយកផលចំណេញ ជាអាទិភាពទី១ទេ ប៉ុន្តែយើងយកគុណភាព ប្រណីតភាព ភាពស៊ីវិល័យ និងការផ្តល់នូវផាសុខភាពដល់អ្នករស់នៅជាងាទិភាពទី១”។ លោកជំទាវបន្តថា “ជាមួយការៀបឥដ្ឋ២០ បានធ្វើឲ្យផ្ទះនិមួយៗមានភាពត្រជាក់ និងកាត់បន្ថយសម្លេងរំខាននានាៗ”។

បុរីវិមានសំណាងបាន និងកំពុងសាងសង់យ៉ាងសកម្ម និងកំពុងទទួ​ល​បានការគាំទ្រពីអតិថិជនយ៉ាងច្រើន ដោយសារយើងបានសិក្សាពីរសនិយ​ម​និងចំណង់ចំណូលចិត្តអតិថិជន។ លោកជំទាវគង់ សំណាងបញ្ជាក់បន្ថែម។

បុរីវិមានសំណាង ស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ ដែលមានចម្ងាយប្រមាណ២៥០០ម៉ែត្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការរីកចម្រើនរាជធានីភ្នំពេញឆ្ពោះទៅគ្រប់ទិសទាំងបួន ដោយមានចំណុចពិសេសផ្សេងៗគ្នា ប៉ុន្តែទិសខាងជើងរាជធានីភ្នំពេញ កំពុងក្លាយជាតំបន់រស់នៅរបស់ក្រុមអភិជន ដោយសារតំបន់នេះ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ មានបណ្តុំដោយមជ្ឈ​មណ្ឌលពាណិជ្ជកម្ម ដូចជាផ្សារទំនើបបែបសហគមន៍ ផ្សារទំនើបAEON Mall2 ផ្សារMAKRO , ផ្សារGlobal Houseជាដើម។

លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋ និងបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្មជុំវិញ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ឲ្យគុណភាពជីវិតប្រសើរឡើង”៕

អបអរសាទរខួបលើកទី៤នៃការដាក់ល្ខោនខោលក្នុងបញ្ជីរបេតិកភ័ណ្ឌ អរូបិយនៃមនុស្សជាតិ

   ដោយៈ សហការី

       ភ្នំពេញៈ ទម្រង់ល្ខោនពាក់ក្បាំងមុខ មានលក្ខណៈពិសេសមួយក្នុងទម្រង់ល្ខោនជាច្រើនរបស់ខ្មែរ ដោយសារលក្ខណៈពិសេសនេះហើយ ទើបអអ្គការយូណេស្កូ បានសម្រេចបញ្ចូលទម្រង់ល្ខោននេះ ជាបេតិកភ័ណ្ឌអរូបិយមនុស្សជាតិកាលពី៤ឆ្នាំមុន។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ជាខួបលើកទី៤នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២២)។

“ល្ខោនខោល” ដែលជាស្នាដៃសិល្បៈបុរាណ ដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូស ម្រេចដាក់ចូលក្នុងបញ្ជី បេតិក​ភណ្ឌពិភព អរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកដាក់ចូលក្នុងបញ្ជី បេតិកភណ្ឌពិភ​ពអរូបីយនៃមនុស្សជាតិ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។

ការដាក់បញ្ចូល “ល្ខោនខោល” ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយ ជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក៕

 

ខុនដូជាជម្រើសល្អបំផុតសម្រាប់ការវិនិយោគដំបូងរបស់ជនជាតិបរទេសនៅក្នុងប្រទេសកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យអះអាងថា ខុនដូមិនមែនជាទីផ្សារថ្មីសម្រាប់ប្រជាជនកម្ពុជាទៀតនោះទេ ដោយគេសង្គេតឃើញពីកំណើននៃការផ្លាស់ប្តូរនិន្នាការរស់នៅពីរបៀបចាស់ មករស់នៅក្នុងខុនដូច្រើនជាងមុន ពីមួយឆ្នាំទៅមួយឆ្នាំ។

ការណ៍នេះ ជាឱកាសល្អបំផុតសម្រាប់អ្នកវិនិយោគ មិនថាវិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស ក្នុងការឈានចូលមកចាប់យកចំណែកទីផ្សារ ដែលមានកំណើនខ្ពស់មួយនេះ។

លោក លី អាឡានី អគ្គនាយកក្រុមហ៊ុន Upward Property បានលើកឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកាក្នុងវេទិកាស្តីពី ទីផ្សារខុនដូក្នុងទីក្រុងភ្នំពេញថាខុនដូជាជម្រើសដ៏ល្អ សម្រាប់អ្នកវិនិយោគដំបូងក្នុងអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ ដោយសារតែមានជម្រើសយ៉ាងច្រើន នៅក្នុងទីតាំងផ្សេងៗ ដែលអ្នកវិនិយោគអាចជ្រើសរើសបាន និងជម្រើសនៃអត្រាតម្លៃផ្សេងៗគ្នាអាស្រ័យតាមកញ្ចប់ថវិកា ក៏ដូចជាឱកាសនៃរបៀបរស់នៅផងដែរ។

លោកបានបន្តថា “ខុនដូក្នុងរាជធានីភ្នំពេញ បើប្រៀបធៀបនឹងជម្រើ​សអចលនទ្រព្យជាប់ដីធម្មតា ខុនដូផ្តល់ផាសុកភាពជាង តម្លៃចាប់ផ្តើមទាបជាង ផ្តល់នូវភាពងាយស្រួលក្នុងការថែទាំ និងមានអារម្មណ៍ថារស់នៅក្នុងសហគមន៍ ជាពិសេសថែមទាំងផ្តល់មកវិញ នូវផលចំណេញពីការជួលក្នុងអត្រាខ្ពស់ និងកំណើនរយៈពេលវែងលើការវិនិយោគ”។

អ្នកជំនាញរូបនេះលើកឡើងថា ចំណុចសំខាន់ចំនួនពីរ គួរពិចារណា សម្រាប់ការវិនិយោគលើខុនដូ នៅក្នុងក្រុងភ្នំពេញ គឺការជ្រើសរើសទីតាំងដែលរីកចម្រើន និងជ្រើសរើសសហការ ជាមួយអ្នកអភិវឌ្ឍន៍ដែលអាចជឿទុកចិត្តបាន។

លោកមានប្រសាសន៍បញ្ជាក់ថា “អតិថិជនដែលទិញអចលនទ្រព្យនៅកម្ពុជាចំនួន២០ភាគរយ គឺជាអ្នកក្នុងស្រុក ខណៈជនជាតិចិនស្ថិតនៅក្នុងអត្រាចំនួន១៥ភាគរយ ហើយក្រៅពីនេះជាងពាក់កណ្តាលទៀត គឺអតិថិ​ជន មកពីសហរដ្ឋអាមេរិក សិង្ហបុរី អង់គ្លេស ជប៉ុន និងអឺរ៉ុប។ ហើយតម្លៃលំនៅឋាននៅកម្ពុជានៅមានតម្លៃសមរម្យ បើប្រៀបធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់”។

ជាមួយគ្នានេះ លោក ខន គង្គា អគ្គនាយក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ថា កំណើនប្រជាសាស្រ្តនៅក្នុងទីក្រុងភ្នំពេញ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងក្នុងរយៈពេលខាងមុខ នឹងជំរុញឱ្យប្រជាជនភាគច្រើន ជាពិសេស ប្រជាជនជំនាន់ថ្មីងាកមករស់នៅក្នុងខុនដូ ច្រើនជាងការរស់នៅក្នុងប្រភេទបុរី។

លោកពន្យល់ថា “ហេតុផលគឺដោយសារ តែមានទីតាំងនៅក្នុងក្រុង ងាយស្រួលក្នុងការធ្វើដំណើរ និងចំណេញពេលវេលា និងថវិកាជាដើម ជាពិសេសការរស់នៅក្នុងខុនដូ ផ្តល់ជូននូវសេវាកម្មពិសេសដូចជា សន្តិសុខ និងសេវាកម្មដែលបំរើ ឲ្យមានផាសុខភាពក្នុងការរស់នៅជាច្រើនទៀត ដែលប្រជាជនមិនអាចរកបាននៅក្នុងការរស់នៅក្នុងបុរី”។

ជាមួយគ្នានេះ លោកបណ្ឌិតBen Liអគ្គនាយកក្រុមហ៊ុនUrban Village ជាគំរោងខុនដូដ៏ធំ ស្ថិតនៅលើបណ្តោយមហាវិថីសម្តេចតេជោបានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ជនបរទេស ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក ចិន ហុងកុង សិង្ហបុរី ជាដើមមានទំនោររស់នៅក្នុងខុនដូ ហើយមិនសូវចូលចិត្តរស់នៅក្នុងលំនៅឋានជាប់ដីនោះទេ។

លោកថា “យើងអាចមើលឃើញថា ក្រុមអតិថិជនទាំងនោះមិនចូលចិត្តរស់នៅក្នុងបុរីនោះទេ ពួកគាត់វិនិយោគលើតែខុនដូតែប៉ុណ្ណោះ ដោយ​សារពួកគាត់អាចទទួលបានផលចំណេញពីការជួល”។ លោកបន្តថា “ការវិនិយោគលើប្រភេទខុនដូ នៅក្នុងទីក្រុងភ្នំពេញ មិនត្រឹមតែផ្តល់មកវិញនូវផលចំណេញខ្ពស់ លើការជួលនិងCapital Gainប៉ុណ្ណោះទេ ហើយយើងសង្គេតឃើញថា កំណើនតម្លៃជារៀងរាល់ឆ្នាំមានកម្រិតខ្ពស់ណាស់”។

អ្នកអភិវឌ្ឍន៍រូបនេះបានបន្ថែមថា សព្វថ្ងៃនេះ ប្រាក់ដុល្លារអាមេរិកមានភាពរឹងមាំខ្លាំង ជាហេតុធ្វើឱ្យរូបិយប័ណ្ណផ្សេងៗមានការធ្លាក់ចុះ។ ការប្រើប្រាស់ប្រាក់ដុល្លាររបស់កម្ពុជា ជាចំណុចល្អមួយ ដែលបានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់ជនជាតិបរទេស ហើយពួគគេជាច្រើនបានសម្រេចចិត្តបោះទុនមករកស៊ី និងវិនិយោគនៅទីនេះ៕

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េនឹងចូលជាធរមាននៅថ្ងៃទី១ធ្នូ ខណៈមន្រ្តីមានសុទិដ្ឋិនិយមពីកំណើនលំហហូរពាណិជ្ជកម្ម

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ នៅទីបំផុតកិ​ច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ(CKFTA) នឹងចូលជាធរមាននៅថ្ងៃទី១ ធ្នូ ឆ្នាំ២០២២ខាងមុខនេះ ជាអ្វីដែលក្រុមមន្រ្តីបានបង្ហាញសុទិដ្ឋិនិយមពីកំនើនលំហូរពាណិជ្ជកម្ម និងការវិនិយោគរបស់កូរ៉េមកកាន់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CKFTA ផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី MOON Jae-In នៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពីខែមីនា ឆ្នាំ២០១៩។

លោករដ្ឋមន្រ្តីមានសុទិដ្ឋិនិយមថា “កិច្ចព្រមព្រៀង CKFTA ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបង្កើតកាលានុវត្តភាពនាំចេញថ្មីៗបន្ថែ​មទៀត”។

កិច្ចព្រមព្រៀង CKFTA នេះ នឹងបំពេញបន្ថែមទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានស្រាប់។ នៅក្រោមកិច្ចព្រមព្រៀង CKFTA កម្ពុជាបានបើកទីផ្សារចំនួន ៨៩.០៩% នៃបន្ទាត់ពន្ធគយសរុប ខណៈដែលភាគីកូរ៉េបានបើកទីផ្សារចំនួន៩៥.០៣% នៃបន្ទាត់ពន្ធគយសរុប។ ក្នុងនោះកម្ពុជានឹងអាចនាំចេញទំនិញក្នុងអត្រាពន្ធគយសូន្យភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ចំនួន ៩២.៣៧% នៃបន្ទាត់ពន្ធគយសរុប។

កម្ពុជាបានផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងទ្វេភាគីនេះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ខណៈភាគីកូរ៉េ បានបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន និងបានជូនដំណឹងមកកម្ពុជា តាមរយៈកំណត់ទូតចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការចូលជាធរមាននៃកិច្ចព្រមព្រៀ​ងសេរីកម្ពុជា កូរ៉េនឹងជួយពង្រីកលំហូរពាណិជ្ជកម្ម កម្ពុជាបន្ថែមទៀត ជាមួយប្រទេសកូរ៉េ ពិសេសការនាំចេញផលិតផលកសិកម្ម ដែលភាគីកូរ៉េបើកចំហរទីផ្សារសំរាប់កម្ពុជាកាន់តែទូលំទូលាយ។

លោកបន្តថា “ផលិតផលកសិកម្ម នឹងមានទីផ្សារធំជាមួយប្រទេសកូរ៉េធៀបជាមួយប្រទេសចិន ដែលនេះជាការខិតខំប្រឹងប្រែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីជម្រុញការនាំចេញ និងលើកកំពស់សេដ្ឋកិច្ចជាតិ”៕

បាងកកនៅតែរក្សាបានតំណែងជាទីផ្សារខុនដូលេខ១ សម្រាប់អ្នក ស្វែងរកទិញជាជនបរទេស

ដោយៈ សុខុម

បាងកក:ទោះបីស្ថានភាពទីផ្សារអចលនទ្រព្យ ទទួលរងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិកូវីដ-១៩យ៉ាងណាក្ដី ក៏បាងកកនៅតែរក្សាបានតំណែ​ងជាទីផ្សារខុនដូលេខ១ សម្រាប់ជនបរទេសដែលទិញខុនដូ នៅក្នុងប្រទេ​សថៃ។ នេះបើយោងតាមទីភ្នាក់ងារអចលនទ្រព្យអង់គ្លេស ប្រចាំប្រទេសថៃ Knight Frank Thailand។

លោក Nattha Kahapana  នាកយកគ្រប់គ្រងក្រុមហ៊ុន Knight Frank Thailand លើកឡើងថា វិបត្តិកូវីដ-១៩ មិនបានធ្វើឱ្យក្រុងបាងកក ជ្រុះ ពីតំណែងទីផ្សារខុនដូលេខ១ សម្រាប់ជនបរទេសនោះឡើយ ប៉ុន្តែឈាងម៉ៃ បានធ្លាក់ចំណាត់ថ្នាក់។

ខាងក្រោមនេះជាទីក្រុងធំៗ និងតំបន់ពេញនិយមក្នុងទីផ្សារកំពូលទាំង១០ សម្រាប់អ្នកទិញខុនដូជាជនបរទេស នៅក្នុងប្រទេសថៃ។

១. បាងកក

២. ឈុនប៊ូរី

៣. ឈៀងម៉ៃ

៤. ភូកេត

៥. សាមុត ប្រាកាន

៦. ប្រាជួប គីរី ខាន់

៧. ណុនថាប៊ូរី

៨. រ៉ាក់យ៉ង

៩. ប៉ាធុំថានី

១០. ឈាងរ៉ៃ

ទោះជាយ៉ាងណា លោក Nattha Kahapana លើកឡើងថា ខេត្តភូកេត និងខេត្តសាមុត ប្រាកាន នៅពេលនេះបានឈានមុខខេត្តឈាងម៉ៃ ជាប់ចំណាត់ថ្នាក់លេខ៣ និងលេខ៤។

យោងតាមទិន្នន័យរបស់ Knight Frank បង្ហាញថា ខុនដូសរុបចំនួន៤៨.៧៤៣យូនីតនៅទូទាំងប្រទេសថៃ ត្រូវបានលក់ចេញឱ្យទៅជនបរទេ​សចន្លោះពីឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០២២ ហើយខាងក្រោមនេះជាការតួលេខលម្អិត៖

២០១៨: ១៣.៥៦៨យូនីត ដែលមានតម្លៃសរុប ១៦,៣លានដុល្លារអាមេរិក។

២០១៩: ១២.៧៩៨យូនីត មានតម្លៃសរុប១៤,២លានដុល្លារអាមេរិក។

២០២០: ៨.២៩០យូនីត ដែលមានតម្លៃសរុប៦លានដុល្លារអាមេរិក។

២០២១: ៨.១៩៩យូនីត ដែលមានតម្លៃសរុប១២,៨លានដុល្លារអាមេរិក។

២០២២: ៥.៨៨៨យូនីត ដែលមានតម្លៃសរុប៧,៧លានដុល្លារអាមេរិក៕  The Nation៕

FIFA World Cup ឆ្នាំ២០២២ នៅកាតា បានជំរុញឱ្យទីផ្សារអចលនទ្រព្យក្នុងតំបន់ហក់ឡើងថ្លៃខ្លាំង

ដោយៈ សុខុម

រីយ៉ាដ: មុនពេលព្រឹត្តិការណ៍បាត់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ នៅក្នុងប្រទេសកាតាចាប់ផ្ដើម តម្លៃអចលនទ្រព្យបានហក់ឡើងថ្លៃស្រឺតៗក្នុងប្រទេសនេះ និងបណ្ដាប្រទេសជិតខាងខ្លួន ខណៈតម្រូវការកើនឡើងខ្ពស់។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា។

ប្រិយមិត្តខ្លះប្រហែលជាដឹងហើយថា ព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup នៅក្នុងប្រទេសកាតា គឺជាលើកដំបូងបង្អស់ មិនធ្លាប់មានដែលត្រូវបានរៀបចំឡើង នៅក្នុងពិភពលោកអារ៉ាប់ទាំងមូល។

អំឡុងពេលនៃការប្រកួតបាល់ទាត់ពិភពលោកនេះ FIFA Tournament Time Demand Model (TTDM) បានព្យាករថា នឹងមានអ្នកគាំទ្រ លើសពី១,៧លាននាក់ទៅលេងប្រទេសកាតា ដែលជាម្ចាស់ផ្ទះ World Cup។

អាស្រ័យហេតុនេះ ភ្ញៀវទេសចរណ៍ទៅកាន់ប្រទេសកាតា ដែលមានប្រជាជនត្រឹមតែ២,៨លាននាក់ មានការព្រួយបារម្ភចំពោះការស្នាក់នៅ ឬ អ្នកខ្លះចង់ស្នាក់នៅ ក្នុងបណ្ដាប្រទេសជិតខាងរបស់កាតាច្រើនជាង។

ទោះបីជាមានការព្រួយបារម្ភយ៉ាងណាក្ដី ក៏អ្នករៀបចំកម្មវិធីបានធានាអះអាងថា នឹងមានកន្លែងស្នាក់នៅគ្រប់គ្រាន់ សម្រាប់អ្នកគាំទ្រទាំងអស់។

បន្ទប់សណ្ឋាគាររាប់ម៉ឺនបន្ទប់ ដែលFIFAបានកក់ទុក ត្រូវបានបញ្ចេ​ញកាលពីពេលថ្មីៗនេះ ដើម្បីសម្រាលការខ្វះខាតបន្ទប់ ដែលអាចជួយឱ្យថ្លៃជួលធ្លាក់ចុះ។

អាជ្ញាធរបានបន្តផ្តល់លំនៅដ្ឋាន ដល់អ្នកគាំទ្របាល់ទាត់ពិភពលោកទាំងអស់។ ទោះជាយ៉ាងណា យោងតាមសារព័ត៌មាន Doha News ឱ្យដឹងថា ម្ចាស់ផ្ទះជួលនៅតែឆ្លៀតឱកាសដំឡើងថ្លៃឈ្នូលខ្ពស់កប់ពពក។

សារព័ត៌មាន Doha News បានចុះផ្សាយថា អ្នកស្នាក់នៅកំពុងត្រូវបានបណ្តេញចេញ ឬទាមទារឱ្យចុះកិច្ចព្រមព្រៀងជួលរយៈពេលខ្លី ឬរយៈពេល២៤ខែ ឬសូម្បីដំឡើងថ្លៃឈ្នួលខ្ពស់ខ្លាំងទៀតផង។

សារព័ត៌មានដដែលបានបន្ថែមទៀតថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក បានធ្វើឱ្យស្ថានភាពខាងលើនេះកើតឡើង ដោយមជ្ឈដ្ឋានជាច្រើនជឿថា ម្ចាស់ផ្ទះជួលកំពុងឆក់ឱកាសដ៏កម្រនេះ ដើម្បីដំឡើងថ្លៃឈ្នួលខ្ពស់ខ្លាំង ដែលធ្វើឱ្យស្ថានភាពរស់នៅ របស់អ្នកស្នាក់នៅរយៈពេលវែងជួបការលំបាក៕ Arab News៕

តើអ៊ុយក្រែន ត្រូវការប្រាក់ប៉ុន្មានកសាងប្រទេសឡើងវិញ ហើយសង្គ្រាមអ៊ុយក្រែនធ្វើឱ្យពិភពលោកខាតបង់ប៉ុន្មាន?

ដោយៈ សុខុម

ក្រុងគៀវ: ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធដ៏មហាសាល ក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបំផ្លិចបំផ្លាញកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពីរុស្ស៊ីក្រោមការដឹកនាំរបស់បុរសខ្លាំង វ៉្លាឌីមៀ ពូទីន បានបញ្ឆេះភ្លើងសង្គ្រាម ចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២។

ដូចនេះ មានការចោទជាសំណួរថា តើនៅពេលភ្លើងសង្គ្រាមនេះរលត់ ប្រទេសអ៊ុយក្រែន នឹងត្រូវការប្រាក់ច្រើនប៉ុនណា ដើម្បីស្ដារហេដ្ឋារចនាស ម្ព័ន្ធ និងសងថ្លៃខូចខាតនានា?។

យោងតាមគេហទំព័ររបស់ធនាគារពិភពលោក ឬWorld Bank ដែលបានចុះផ្សាយកាលពីខែកញ្ញា កន្លងទៅបង្ហាញថា ប្រទេសអ៊ុយក្រែន នឹងត្រូវការថវិការហូតដល់ ប្រមាណ៣៤៩ពាន់លានដុល្លារអាមេរិក សម្រាប់ស្ដារ និងកសាងប្រទេសឡើងវិញ ក្រោយភ្លើងសង្គ្រាមរលត់។

ទន្ទឹមនឹងនេះ ទាំងអស់គ្នាក៏ប្រាកដជាចង់ដឹងដែរហើយថា តើភ្លើងសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន បានបង្កឱ្យសេដ្ឋកិច្ចទូទាំងពិភពលោក ទទួលរងការខាតបង់ច្រើនប៉ុនណា ហើយមកទល់នឹងពេលបច្ចុប្បន្ននេះ។

សារព័ត៌មាន The Wall Street Journal បានចុះផ្សាយកាលពីខែកញ្ញា ដដែលថា សង្គ្រាមអ៊ុយក្រែន នឹងធ្វើឱ្យសេដ្ឋកិច្ចទូទាំងពិភពលោកទទួលរងការខាតបង់ ទឹកប្រាក់រហូតដល់ទៅ២,៨ទ្រីលានដុល្លារអាមេរិក នៅត្រឹមដំណាច់ឆ្នាំ២០២៣ និងកើនឡើងច្រើនជាងនេះ ប្រសិនបើរដូវរងាខ្លាំងធ្វើឱ្យវិបត្តិថាមពលនៅអឺរ៉ុបកាន់តែធ្ងន់ធ្ងរ។

នេះបើយោងតាមការលើកឡើងរបស់អង្គការ ដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (Organization for Economic Cooperation and Development)៕ The Wall Street Journal៕

ប្រជាពលរដ្ឋចិនផ្ទុះបាតុកម្មរាលដាលស្ទើរទូទាំងប្រទេសជុំវិញនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាល

ដោយ: លាងហួរ

សៀងហៃ: ក្រុមហ្វូងបាតុករបានប្រមូលផ្តុំគ្នា លើដងផ្លូវក្នុងទីក្រុងសៀងហៃ នៅព្រឹកថ្ងៃអាទិត្យនេះ និងមានការបង្ហោះជាវីដេអូលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានបង្ហាញពីការផ្ទុះការតវ៉ា នៅក្នុងទីក្រុងផ្សេងៗទៀតនៅទូទាំងប្រទេសចិន។

បាតុកម្មដ៏កម្រនេះ ធ្វើឡើងខណៈពលរដ្ឋចិនបានងើបឡើងប្រឆាំងជាសាធារណៈ ចំពោះគោលនយោបាយសូន្យកូវីដ ដ៏រឹងរូសដែលដាក់ចេញដោយរដ្ឋាភិបាលក្រុងប៉េកាំង។

កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ គ្រោះថ្នាក់អគ្គិភ័យមួយ បានឆាបឆេះយ៉ាងសាហាវនៅក្នុងទីក្រុង Urumqi ក្នុងតំបន់ Xinjiang ភាគពាយ័ព្យនៃប្រទេសចិន ដែលបានបង្កឱ្យពលរដ្ឋមានការផ្ទុះកំហឹងយ៉ាងពុះកញ្ជ្រោល ដោយក្រុមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន បាននាំគ្នាដាក់ការស្តីបន្ទោស លើការបិទខ្ទប់ជំងឺកូវីដ១៩ ដែលបានរារាំង ដល់ការពន្លត់អគ្គិភ័យឱ្យបានទាន់ពេលវេលា។

ចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ច ដ៏ធំបំផុតមួយចុងក្រោយគេដែលបន្តមានជំនឿយ៉ាងមុតមាំ លើយុទ្ធសាស្ត្រសូន្យកូវីដរបស់ខ្លួន ដោយអាជ្ញាធរចិន បានអនុវត្តវិធានការជាច្រើន ដូចជា ការបិទខ្ទប់ភ្លាមៗ ការធ្វើចត្តាឡីស័ករយៈពេលវែង និងការធ្វើតេស្តជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីលុបបំបាត់ចោលឱ្យបានទាំងស្រុង នៃការផ្ទុះជំងឺកូវីដ១៩ឡើងវិញជាថ្មី។

យោងតាមវីដេអូ​ដែល​ត្រូវ​បាន​ចែក​ចាយពាសពេញ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ថតយកបានដោយសារពត៌មានបារាំង AFP បានឱ្យដឹងថា ក្រុមអ្នក​តវ៉ា​មួយចំនួន ហ៊ានដល់ថ្នាក់ស្រែកថា “ស៊ី ជីនពីងចុះ​ចេញ​ពី​តំណែង! បក្សកម្មុយនីស្តចិនចុះចេញទៅ!”នៅតាមដងផ្លូវក្នុងទីក្រុងសៀងហៃ

យោងតាមវីដេអូដែលថត បានដោយសាក្សីម្នាក់បានបង្ហាញថា ក្រុមហ្វូងបាតុករដ៏ធំមួយបានស្រែក និងលើកបដាពណ៌ “ស” ទទេ ដែលជានិមិត្តរូបប្រឆាំងនឹងការចាប់ពិរុទ្ធ នៅពេលដែលពួកគេប្រឈមមុខនឹងប៉ូលីសជាច្រើន។

ក្រុមអ្នក​ចូល​រួម​បាន​និយាយ​ថា ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​បន្តិចបន្តួច ប៉ុន្តែ​សរុបជា​រួម​ក្រុមប៉ូលិសចិនមានសុជីវធម៌ និងមានហេតុផល។

ពួកគេ​បាន​និយាយ​ថា​ “វា​ជា​រឿង​ដ៏​គួរ​ឲ្យ​រំជើបរំជួល ដែល​មនុស្ស​ជាច្រើនមាន​គំនិត​ដូច​គ្នា និងចេះរួបរួមសាមគ្គីគ្នា ហើយវា​ក៏ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​ថាស្ថិតក្រោមកាលៈទេសៈ​បច្ចុប្បន្ន​នេះ នៅ​មាន​មនុស្ស​ក្លាហាន​ជាច្រើន​ ដែល​ហ៊ានក្រោកឈរឡើងប្រឆាំងនឹងរដ្ឋាភិបាល”។

ចំណែកឯសាក្សី​ជា​ច្រើន​នាក់​ផ្សេងទៀតបាន​និយាយ​ថា មនុស្ស​ពីរ​បី​នាក់ ​ត្រូវ​បាន​ប៉ូលិស​នាំខ្លួនចេញទៅ​បាត់។

អាជ្ញាធរចិនបានប្រញាប់ ក្នុងការទប់ស្កាត់ការពិភាក្សាគ្នា លើបណ្តាញសង្គមអ៉ីនធឺណេតលើបញ្ហាដ៏រសើបនេះ ដោយឃ្លាប្រយោគដែលជាប់ពាក់ព័ន្ធនឹងបាតុកម្មផ្សេងៗ ត្រូវបានលុបចេញពីវេទិកាសង្គមWeiboរបស់ប្រទេសចិន៕