ចំណេះដឹង​! តើ​តម្លៃ​អចលនទ្រព្យ​ត្រូវ​កំណត់​ដូចម្តេច​?

0
បញ្ហា​ប្រឈម​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អនុគណៈ​កម្មការ​វាយតម្លៃ​អចលនទ្រព្យ​ គឺជា​អ្នក​កំណត់​តម្លៃ​អចលនទ្រព្យ​ ដោយ​ប្រៀបធៀប​នឹង​តម្លៃ​ទីផ្សារ​។

សម្រាប់​ឆ្នាំ២០១១​ តារាងតម្លៃ​អចលនទ្រព្យ​ ដែល​កំណត់​ដោយ​អនុគណៈ​កម្មការ​វាយតម្លៃ​អចលនទ្រព្យ​ មាន​ភ្ជាប់​ជា​ឧប​សម្ព័ន្ធ​ នៅក្នុង​ប្រកាស​របស់ក្រ​សួង​សេដ្ឋកិច្ច​ចុះ​ថ្ងៃទី៥​ ឧសភា​ ២០១១​។

​តារាងតម្លៃ​អចលនទ្រព្យ​នេះ​ ត្រូវ​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ នៅ​តាម​សាលាឃុំ​-សង្កាត់​ពាក់ព័ន្ធ​ នៅ​តាម​សាខា​ពន្ធដារ​ខេត្ត​ ឬសាខា​ពន្ធដារ​ខណ្ឌ​ (នៅ​រាជធានី​ភ្នំពេញ​) និង​ផ្សព្វផ្សាយ​នៅ​លើ​វេ​បសសាយ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ (www.tax.gov.kh​)។

តម្លៃ​អចលនទ្រព្យ​ ត្រូវ​គិតជា​តម្លៃ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​អាច​ខុសគ្នា​ទៅតាម​ប្រភេទ​ និង​ទីតាំង​របស់​អចលនទ្រព្យ​ (នៅ​ក្រុង​ នៅ​ខេត្ត​ នៅ​ជិត​ផ្សារ​ នៅ​ឆ្ងាយ​ពីទី​ប្រជុំជន​ ជា​ផ្ទះ​ជាន់ផ្ទាល់ដី​ ជាន់ទី១​ ទី៣​ ទី៤​ ។ល។

ឧទាហរណ៍​អំពី​ការ​គណនា​ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ​៖ ខ្ញុំ​មានផ្ទះ​ល្វែង២ជាន់​ ទទឹង​ ៤ម៉ែត្រ​ បណ្តោយ២៥ម៉ែត្រ​ (ទំហំ១០០ម៉ែត្រការ៉េ​) សង់​នៅ​លើ​ដី​ ដែល​មាន​ទំហំ​ប៉ុន​ផ្ទះ​ (ដើម្បីឲ្យ​ងាយ​យល់​)។ ដី​ និង​ផ្ទះល្វែង​នេះ​ ស្ថិតនៅ​មុខ​ផ្សារ​ក្រចេះ​ ហើយ​ផ្ទះ​នេះ​ ជា​ផ្ទះ​ចាស់​ លើស​ពី១០ឆ្នាំ​។ តើ​ខ្ញុំ​ត្រូវ​បង់ពន្ធ​ប៉ុន្មាន​?។

យោង​តាម​តារាងតម្លៃ​អចលនទ្រព្យ​ ឆ្នាំ២០១១​ កំណត់​ដោយ​អនុគណៈ​កម្មការ​វាយតម្លៃ​អចលនទ្រព្យ​៖ដី​ នៅ​ជុំវិញ​ផ្សារ​ក្រចេះ​ = ២៥០ដុល្លារ​ ក្នុង​ ១ម៉ែត្រការ៉េ​

ផ្ទះល្វែង​ជាន់ផ្ទាល់ដី​ = ១៧០ដុល្លារ​ ក្នុង​ ១ម៉ែត្រការ៉េ​។ ផ្ទះ​ជាន់ទី១​ = ១១០ដុល្លារ​ ក្នុង​ ១ម៉ែត្រការ៉េ​។ តម្លៃ​អចលនទ្រព្យ​របស់ខ្ញុំ​ គឺ​មាន​៖។ ដី​ ១០០ម៉ែត្រការ៉េ​ x ២៥០ដុល្លារ​ =២៥​ ០០០ដុល្លារ​។ ផ្ទះ​ជាន់ផ្ទាល់ដី​ ១០០ម៉ែត្រការ៉េ​ x ១៧០ដុល្លារ​ = ១៧​ ០០០ដុល្លារ​

។ផ្ទះ​ជាន់ទី១​ ១០០ម៉ែត្រការ៉េ​ x ១១០ដុល្លារ​ = ១១​ ០០០ដុល្លារ​។

តម្លៃ​សរុប​ = ៥៣​ ០០០ដុល្លារ​ ឬ ២១២លាន​រៀល​(គិត​តាម​អត្រា​ប្តូរ​ប្រាក់​ ១ដុល្លារ​ = ៤០០០រៀល​ ដែល​កំណត់​ដោយ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ សម្រាប់​ឆ្នាំ២០១១​)

ពន្ធ​ដែល​ត្រូវ​បង់​៖(២១២លាន​រៀល​ x ៨០​% – ១០០លាន​រៀល​) x ០,១% = ៦៩​ ៦០០រៀល​ (១៧​,៤ដុល្លារ​)៕

កា​រសិក្សា៖ តម្លៃ​ដី​នៅ​ខ័ណ្ឌ​ព្រែកព្នៅ​កើនឡើង​រហូតដល់ ២៧ភាគរយ​ធៀប​ទៅ​នឹង​ឆ្នាំមុន​

0
​ខ័ណ្ឌ​ព្រែកព្នៅ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ តម្លៃ​ដីធ្លី​នៅក្នុង​ខ័ណ្ឌ​ព្រែកព្នៅ​ បាន​កើនឡើង​រហូតដល់២៧ភាគរយ​នៅក្នុង​រយៈពេល៦ខែ​ដើមឆ្នាំ​នេះ​ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។នេះ​បើ​យោង​តាម​របាយការណ៍​សិក្សា​ដោយក្រុម​ហ៊ុន​ Key​ Real​ Estate​។

​ខ័ណ្ឌ​ព្រែកព្នៅ​

តាម​របាយការណ៍​ដែល​សិក្សា​ស្រាវជ្រាវ​ របស់​ក្រុម​ហ៊ុន​អល​ចន​ទ្រព្យ​ KEY​ Real​ Estate​ ដែល​ទើបបាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​បាន​បង្ហាញថា​ ស្រប​ពេល​ដែល​កំណើន​ប្រជាសាស្ត្រ​ចូល​ទៅ​រស់នៅ​ ក៏ដូចជា​មាន​គម្រោង​អភិវឌ្ឍ​ពីសំណាក់​រាជរដ្ឋាភិបាល​ រួម​ជាមួយនឹង​វិស័យ​ឯកជន​ផង​ដែរ​នោះ​បាន​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​ និង​អចលនទ្រព្យ​នៅក្នុង​ខណ្ឌ​មួយ​នេះ​មាន​កា​កើនឡើង​។

ស្ថាបនិក​ និង​អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ​ KEY​ Real​ Estate​ លោក​ សន​ សៀប​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២​ ខែសីហា​ ឆ្នាំ២០១៩នេះ​ថា​ បច្ចុប្បន្ន​នេះ​ខណ្ឌ​ព្រែកព្នៅ​មិន​ស្ងប់ស្ងាត់​ និង​ឯកោ​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ​ទេ​។ បើ​ប្រៀបធៀប​ជាមួយ​ខណ្ឌ​ដទៃ​ វិស័យ​ដីធ្លី​នៅក្នុង​ខណ្ឌ​ព្រែកព្នៅ​ ហាក់​មានកម្រិត​ទាប​ជាងគេ​នៅឡើយ​។

លោក​បាន​បន្ត​ទៀត​ថា​ “នៅពេល​តម្លៃ​ដី​នៅ​ទាប​ វិសាលភាព​ដី​ទំនេរ​នៅ​ទូលាយ​វា​ជា​ឱកាស​ដ៏​ល្អ​ សម្រាប់​បណ្តា​អ្នក​វិនិយោគ​ ចូល​ទៅ​ធ្វើការ​អភិវឌ្ឍ​នៅក្នុង​ខណ្ឌ​មួយ​នេះ​”។លោក​បាន​បន្ត​ទៀត​ថា​ “ថ្វីត្បិត​ថា​មធ្យមភាគ​មានការ​កើនឡើង​ខ្ពស់​ ជាង​បណ្តា​ខណ្ឌ​នានា​ ប៉ុន្តែ​បើ​ប្រៀប​ពី​តម្លៃ​វិនិយោគ​គឺ​មាន​ចំនួន​តិច​នៅឡើយ​ ខណៈ​ដែល​ខណ្ឌ​ដទៃទៀត​មានតម្លៃ​ខ្ពស់​រួច​ទៅ​ហើយ​”។

លោក​ សន​ សៀប​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ខណ្ឌ​ព្រែកព្នៅ​កំពុងតែ​ទទួល​បាន​ឥទ្ធិពល​ពី​តំបន់​អភិវឌ្ឍ​ចំនួន២​ ដែល​ស្ថិតនៅ​សងខាង​ខ្លួន​ ដោយ​មួយ​ចំ​ណែ​កទទួល​ឥទ្ឋិ​ពល​មក​ពី​ខណ្ឌ​សែនសុខ​ ហើយ​មួយចំណែកទៀត​ទទួល​បាន​មក​ពី​ការ​អភិវឌ្ឍ​របស់​គម្រោង​ដ៏​ធំ​របស់​ក្រុមហ៊ុន​ លី​ យ៉ុង​ផាត់​ ដែល​ធ្វើ​ឱ្យ​អ្នកជំនួញ​ផ្នែក​ដី​ឡូ​តិ៍​ភាគច្រើន​ចាប់អារម្មណ៍​ទៅ​ធ្វើសកម្មភាព​ក្នុង​ខណ្ឌ​នេះ​។

តម្លៃ​ដីធ្លី​ខណ្ឌ​ព្រែកព្នៅ​ គឺ​មាន​ភា​ពប្រ​ទាប់​ប្រសង​ទៅ​នឹង​ខណ្ឌដង្កោ​ ដោយសារតែ​តម្លៃ​នៃ​ដី​គឺ​ប្រហាក់​ប្រហែលគ្នា​ ពោល​គឺ​តំបន់​ដែល​មាន​មនុស្ស​រស់នៅ​ អាច​មានតម្លៃ​ក្នុងរង្វង់២៨០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​នៅ​ទីប្រជុំ​អាច​មានតម្លៃ​ក្នុងរង្វង់ ១៥០០​-១៧០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​។

ជាមួយនឹង​សន្ទុះ​នៃ​តម្លៃ​ដីធ្លី​ខាងលើ​នេះ​ លោក​សន​ សៀ​បបាន​រំពឹង​ និង​ជឿជាក់​ថា​ នៅ​ត្រឹម​ដំណាច់ឆ្នាំ២០១៩នេះ​ ខណ្ឌ​ព្រែកព្នៅ​ នឹង​តែ​មានការ​កើនឡើង​តម្លៃ​បន្ត​ទៀត​ ខណៈ​ដែល​បច្ចុប្បន្ន​ មាន​គម្រោង​អភិវឌ្ឍ​ជាច្រើន​កំពុងតែ​ហូរ​ទៅកាន់​តំបន់​នេះ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​ទទួលស្គាល់​ពី​ការ​កើនឡើង​នូវ​តម្លៃ​ដី​ ប៉ុន្តែ​វា​ស្ថិតនៅ​ក្នុង​កម្រិត​មួយ​ទាប​នៅឡើយ​។ លោក​បាន​បន្ត​ទៀត​ថា​ មានក​ត្តា​មួយចំនួន​ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​ ក្នុង​ខណ្ឌ​នេះ​មានការ​កើនឡើង​ ដែល​ក្នុង​នោះ​ក្រៅពី​ផ្ទៃដី​នៅ​មាន​ភាព​ទំនេរ​ច្រើន​ងាយ​ ស្រួល​ក្នុង​ការ​អភិវឌ្ឍ​ វា​នៅ​មាន​ភាពល្អ​ប្រសើរ​ ដែល​ផ្តើម​ចេញ​ចាប់​តំបន់​ទំនប់​កប់​ស្រូវ​ និង​បឹង​តា​ម៉ោក​ ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​។

​ខ័ណ្ឌ​ព្រែកព្នៅ​

លោក​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​ទិដ្ឋភាព​ជាក់ស្ដែង​ តំបន់​ដែល​ធ្លាប់តែ​ជា​បឹង​ឬដីលិចទឹក​មួយចំនួន​ត្រូវ​បាន​ចាក់​ដី​លុប​បំពេញ​ និង​ក្លាយជា​គម្រោង​ដី​ឡូ​តិ៍​រួច​ទៅ​ហើយ​ ហើយ​តំបន់​ខ្លះ​ក៏​មានការ​អភិវឌ្ឍ​ជា​សំណង់​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ផង​ដែរ​៕

ទីផ្សារភាគហ៊ុនអាស៊ីដាំក្បាលចុះ ខណៈអាមេរិកបន្តធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិន

0

ដោយ Donald Lee

ភ្នំពេញៈ ទីផ្សារភាគហ៊ុននៅអាស៊ីបានដាំក្បាលចុះកាលពីថ្ងៃសុក្រ បន្ទាប់ពីប្រធា​នាធិបតីអាមេរិក Donald Trump បានប្រកាសពន្ធបន្ថែមលើទំនិញចិន និងបន្តសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន។

សន្ទស្សន៍នៃក្រុមហ៊ុន Shanghai Composite របស់ចិនបានធ្លាក់ចុះ៤៧,៤៣ពិន្ទុចាប់តាំងពីថ្ងៃព្រហស្បតិ៍ធ្លាក់ចុះជិត២ភាគរយ។ នៅហុងកុងក្រុមហ៊ុន Hang Seng ធ្លាក់ចុះជាង៦១៥ពិន្ទុ ដោយការខាតបង់ស្មើនឹងជាង២ភាគរយ។

សន្ទស្សន៍នៃក្រុមហ៊ុន Taiex របស់តៃវ៉ាន់បានធ្លាក់ចុះជិតមួយភាគរយ។ សន្ទស្សន៍នៃក្រុមហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ចុះដោយទទួលបាន៥០០ពិន្ទុ ហើយក្រុមហ៊ុន Kospi កូរ៉េខាងត្បូងធ្លាក់ដល់កម្រិតទាបថ្មីដោយធ្លាក់ចុះ១,៥ភាគរយ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែ មករា ឆ្នាំនេះ។

លោកTrump បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយថា លោកនឹងយកពន្ធទំនិញចិន ដែលនៅសេសសល់ដែលចាប់ផ្តើមនៅខែក្រោយ។

ការដំឡើងពន្ធគយនាពេលនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ទំនិញចិន ដែលមានតម្លៃ ៣០០ពាន់លានដុល្លារ ជាមួយនឹងការដំឡើងពន្ធ១០ភាគរយ។ ក្រុមអ្នកវិភាគជឿជាក់ថា ពន្ធគយនាពេលនេះ នឹងប៉ះពាល់ដល់អតិថិជនអាមេរិកច្រើនជាងគេ ព្រោះវានឹងរួមបញ្ចូ​លទាំងទំនិញពេញនិយមដូចជា ទូរស័ព្ទចល័ត កុំព្យូទ័រយួរដៃ ប្រដាប់ប្រដាក្មេងលេង និងឧបករណ៍វីដេអូហ្គេមជាដើម។

យោងតាមគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ របស់សហរដ្ឋអាមេរិកទំនិញដែ​លមានតម្លៃ៣០០ពាន់លានដុល្លារ នឹងរួមបញ្ចូលទាំងទូរស័ព្ទដៃមានតម្លៃ៤៤,៨ពាន់លា​នដុល្លារ កុំព្យូទ័រយួរដៃដែលមានតម្លៃ៣៨,៧ពាន់លានដុល្លារ ប្រដាប់ប្រដាក្មេងលេងដែលមានតម្លៃ ១១,៩ ពាន់លានដុល្លារ និងឧបករណ៍វីដេអូហ្គេមមានតម្លៃ៥,៤ ពាន់លានដុល្លារ។

ទីប្រឹក្សាពាណិជ្ជកម្មអន្តរជាតិប្រចាំក្រុមហ៊ុនស្រាវជ្រាវ Beacon Economics to SCMP លោកJock O’Connell បានមានប្រសាសន៍ថា “ពេលនេះបញ្ជីរួមមានប្រដាប់ប្រដាក្មេងលេង។ដូច្នេះអ្នកអាចនិយាយថារដ្ឋបាលTrumpឥឡូវនេះ បានប្រកាសសង្គ្រាមជាផ្លូវការនៅថ្ងៃបុណ្យណូអែល”៕

តើ​ពាក្យ​អតិរេក​ពាណិជ្ជកម្ម​មានន័យ​ដូចម្តេច​?

0
អតិរេកពាណិជ្ជកម្ម

ប្រែ​សម្រួល​ដោយ​ ប៊ី​

ភ្នំពេញ​៖ អតិរេក​ក្នុង​ន័យ​សេដ្ឋកិច្ច​ ប្រើ​សំដៅ​ដល់​ភាព​លើស​នៃ​ចំនួន​។ ឧទាហរណ៍​ បន្ទាប់ពី​បាន​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​រួចមក​ ​រដ្ឋាភិបាល​សម្រេច​បាន​ជា​មូលដ្ឋាន​នូវ​ ភាព​ជឿ​ទុកចិត្ត​នៃ​ថវិកា​ តាមរយៈ​ការ​បង្កើន​ចំណូល​ និង​ការ​ធ្វើ​វិចារណ​កម្ម​ចំណាយ​ ជាពិសេស​បង្កើន​បាន​នូវ​អតិរេក​ នៃ​ថវិកាជាតិ​ដែល​អនុញ្ញាត​ឱ្យ​បង្កើន​ទុន​វិនិយោគ​សាធារណៈ​ លើ​ហេដ្ឋារចនាសម្ព័ន្ធ​ សង្គម​សេដ្ឋកិច្ច​ក្នុង​គោលដៅ​ពង្រឹង​និង​ពង្រីក​សេវា​សាធារណៈ​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​។

ពន្យល់​ពាក្យ​៖ អតិរេក​មានន័យថា​ ច្រើនក្រៃ​ ច្រើនលើស​ ដែល​លើស​ពី​កំណត់​ ដែល​ហួសពី​ចំនួន​ ពិសេស​របស់​លើស​ពី​កំណត់​ ឬរបស់​ពិសេស​ ឧទារ​ហណ៍​ ប្រាក់អតិរេក​ ឬប្រាក់​រង្វាន់​ពិសេស​ដែល​ត្រូវ​ថែម​ឲ្យ​។

ខ្មែរ​ប្រើពាក្យ​នេះ​ ជា​កិរិយា​ ក៏​មាន​សំដៅ​សេចក្ដី​ថា​ “តោងទាម​យក​ ជ្រៀត​បៀត​យក​ ទាមទារ​ចំណែក​ : ខ្ញុំ​មិន​អតិរេក​ក្នុង​រឿង​នេះ​ទេ​ ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទដទៃ​ អ. ថ. អៈតិរ៉េក​, ដូចជា​ អតិរេកចីវរ​ ចីវរ​ដែល​លើស​ពី​ចំនួន​ប្រើប្រាស់​តាម​ពុទ្ធានុញ្ញាត​ ភិក្ខុ​ត្រូវ​វិកប្ប​អតិរេកចីវរ​ទុក​នឹង​ភិក្ខុ​ផងគ្នា​។

អតិរេកភណ្ឌ​ របស់​លើស​ពី​ចំនួន​ ភណ្ឌៈ​ពិសេស​ ។ អតិរេកលាភ​ លាភ​ដោយឡែក​ គឺ​លាភ​ ដែល​កើតមាន​ខុសពី​ប្រក្រតី​ដែល​ធ្លាប់តែ​បាន​។ អតិរេក​ហិរញ្ញ​ ឬ –ហិរណ្យ​ (–រ៉ាញ់​ ឬ–រ៉ា​ន់​) ប្រាក់​បន្ថែម​ ។ល។

(សេដ្ឋកិច្ច​) surplus​, excess​ អ្វី​ដែល​លើស​ពី​ការកំណត់​ ភាព​ច្រើនក្រៃ​ ភាព​ពិសេស​ ចំនួន​បន្ថែម​ …៕

ក្រសួង​ការបរទេស​អាមេរិក​ បង្ហាញមុខ​ឯកអគ្គ​រដ្ឋទូត​ថ្មី​របស់​ខ្លួន​ប្រចាំ​កម្ពុជា​

0

ដោយ​ ម៉ៃ​ វីរៈ​

ភ្នំ​ពេញៈ​ ក្រសួង​ការបរទេស​ និង​ព្រឹ​ទ្ឋ​សភា​អាមេរិក​បាន​អនុម័ត​នូវ​បេក្ខភាព​ ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​រួចហើយ​។

យោង​តាម​វេ​បសាយ​ Congress.gov​ បាន​ប្រកាស​ជា​ផ្លូវ​កាលពី​ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០១៩កន្លងមក​ថា​ លោក​ Patrick​ Murphy​ ក្លាយជា​ឯអគ្គរាជទូត​វិសាមញ្ញ​និង​ពេញសមត្ថភាព​របស់​ប្រទេស​ខ្លួន​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។

លោក​ Patrick​ Murphy​ គឺជា​ឧបការី​រង​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ ហើយក៏​ធ្លាប់ធ្វើ​ការ​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បាងកក​ និង​ប្រទេស​មីយ៉ាន់ម៉ា​ ផង​ដែរ​។

ទោះជាយ៉ាងណា​គេហទំព័រ​នេះ​ មិន​បញ្ជាក់​ពី​ការ​មកដល់​របស់​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ថ្មី​រូប​នេះ​ នឹង​អញ្ជើញ​មក​បំពេញការងារ​នៅ​កម្ពុជា​ នៅពេល​ណា​ជាក់លាក់​នៅឡើយ​ទេ​៕

លោក​ Donald​ Trump​ ចាប់ផ្តើម​ក្រឡុក​ប្រទេស​ចិន​ជាថ្មី​ដោយ​ការដំឡើង​ពន្ធ​រាល់​មុខទំនិញ​

0
Donald​ Trump

ដោយ​ Donald​ Lee​

វ៉ា​ស៊ីន​តោ​នៈ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Donald​ Trump​ បាន​ប្រកាស​ថា​ ទំនិញ​ចិន​ដែល​នៅសល់​ទាំងអស់​ នឹង​ត្រូវ​បង់ពន្ធ​ដែល​នឹង​ចាប់ផ្តើម​នៅ​ខែ​ កញ្ញា​ខាងមុខនេះ​។

លោក​ Trump​ បាន​ប្រកាស​ពន្ធ​បន្ថែម​លើ​ទំនិញ​ចិន​ដែល​នៅសល់​ និង​តម្លៃ ៣០០​ពាន់​លាន​ដុល្លារ​ មិនទាន់​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​យកពន្ធ​។ បន្ទាប់ពី​ពន្ធគយ​ថ្មី​ចូលជាធរមាន​ រាល់​ទំនិញ​ចិន​ដែល​នាំចេញ​ទៅ​អាមេរិក​ នឹង​ត្រូវ​ទទួល​នូវ​ការ​យកពន្ធ​មួយចំនួន​។ ការដំឡើង​ពន្ធគយ​នា​ពេល​មុន​ៗ បាន​កើនឡើង​ដល់២៥ភាគរយ​ ខណៈ​ទំនិញ​ដែល​នៅសល់​ចុងក្រោយ​នឹង​ត្រូវ​បង់ពន្ធ ១០ភាគរយ​។

លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា​ “សហរដ្ឋអាមេរិក​ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ១ ខែកញ្ញា​ ដោយ​ដាក់​ពន្ធ​បន្ថែម ១០​ភាគរយ​ លើ​ទំនិញ​និង​ផលិតផល​ដែល​នៅ​សេសសល់​ និង​តម្លៃ៣០០ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ចិន​ចូល​មក​ក្នុង​ប្រទេស​របស់​យើង​”។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី​ Hua​ Chunying​ បាន​និយាយ​ថា​ “យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​របស់​សហរដ្ឋអាមេរិក​ មិន​មាន​ឥទ្ធិពល​លើ​ការចរចា​ពាណិជ្ជកម្ម​ទេ​ នៅពេល​ដែល​អ្នកចរចា​ពាណិជ្ជកម្ម​បាន​ទៅដល់​ទីក្រុង​សៀងហៃ​ កាលពីដើម​សប្តាហ៍​នេះ​។

អ្នកនាំពាក្យ​នៅក្នុង​សន្និសីទ​ខ្លី​មួយ​ នៅ​ទីក្រុង​ប៉េកាំង​នៅ​សប្តាហ៍​នេះ​ថា​ “ខ្ញុំ​ជឿ​ថា​ វា​មិន​សម​ហេតុផល​ទេ​ សម្រាប់​សហរដ្ឋអាមេរិក​ ក្នុង​ការអនុវត្ត​យុទ្ធនាការ​នៃ​សម្ពាធ​អតិបរមា​របស់​ខ្លួន​នៅពេល​នេះ​។ លោកា​ស្រី​បន្ថែម​ថា​ “វា​គ្មានន័យ​ទេ​ ក្នុង​ការ​ប្រាប់​អ្នកដទៃ​ឱ្យ​ប្រើ​ថ្នាំ​នៅពេល​អ្នក​កំពុងតែ​ឈឺ​”។

លោក ​Trump​ បាន​បន្ថែម​ទៀត​ថា​ ប្រហែលជា​ប្រទេស​ចិន​មានបំណង​រង់ចាំ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​លើកក្រោយ​នៅ​ឆ្នាំ២០២០​ ហើយ​មើល​ថា​ តើ​ពួកគេ​អាច​ទទួល​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ប្រសើរ​ជាង​មុន​ដែរ​ឬទេ​ ប្រសិនបើ​លោក​ Trump​ ចាញ់​ការបោះឆ្នោត​។

ក្រុម​អ្នកវិភាគ​ព្រមាន​ថា​ នឹង​មាន​ទស្សនៈ​ខ្លី​មួយ​ស្តី​ពី​ ការចរចា​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ ដែល​អាច​មានផល​ប៉ះពាល់​អវិជ្ជមាន​យូរអង្វែង​។ សកម្មភាព​របស់​លោក​ Trump​ បង្ហាញថា​ លោក​នឹង​ជំរុញ​ប្រទេស​ចិន​ ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​ មុន​ពេល​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ២០២០​ ហើយនឹង​ប្រើ​គ្រប់​មធ្យោបាយ​ដែល​មាន​សម្រាប់​លោក​។

របាយការណ៍​ក្រុមហ៊ុន​ Eurasia​ Group​ បាន​ចេញផ្សាយ​នៅ​ថ្ងៃនេះ​ថា​ “ការ​គំរាមកំហែង​ គឺជា​ល្បែង​ដ៏​ធ្ងន់ធ្ងរ​មួយ​សម្រាប់​លោក​ Trump​”។

វា​ទំនងជា​សញ្ញា​បង្ហាញថា​ លោក​ចង់​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​ លើ​លក្ខខណ្ឌ​របស់​គាត់​ មុន​ការបោះឆ្នោត​ឆ្នាំ២០២០​ និង​មាន​ឆន្ទៈ​ប្រើ​ឧបករណ៍​ដែល​មាននៅ​ក្នុង​ការ​ប្រឹងប្រែង​របស់​លោក​ ដើម្បី​បង្កើត​សម្ពាធ​លើ​ប្រទេស​ចិន​ដល់ទី​បញ្ចប់​”។

ឥឡូវនេះ​ ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ ប្រទេស​ចិន​ទំនងជា​មិន​ងាយ​នឹង​ទទួលយក​នូវ​ការ​ទាមទារ​របស់​លោក ​Trump ​ទេ​ ព្រោះ​ការ​ធ្វើបែប​នេះ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ឥទ្ធិពល​ និង​កេរ្តិ៍ឈ្មោះ​ពិភពលោក​របស់​ប្រទេស​ចិន​ ក្នុងនាម​ជាម​ហា​អំណាច​ពិភពលោក​។

ក្រុមហ៊ុន ​Eurasia​ Group​ បាន​សន្និដ្ឋាន​ថា​ “វា​គួរ​ឱ្យ​ខ្មាស់​អៀន​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​ចិន​ ក្នុង​ការ​បង្កើន​ការនាំចូល​ពី​សហរដ្ឋអាមេរិក​ ក្រោម​ការ​គំរាមកំហែង​នៃ​ការ​គំរាមកំហែង​”៕

ចង់​ពង្រីក​ឱកាស​ សិក្សា​មួយ​ជីវិត​ ជាហេតុ​ផល​ដែល​អ្នក​គួរតែ​ក្លាយជា​សមាជិក​សាលា​អចលនទ្រព្យ​កម្ពុជា​

0
សាលាអចលនទ្រព្យ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ គ្រាន់តែ​ចំណាយពេល​ស្វែងយល់​ និង​សិក្សា​ដើម្បី​បង្កើន​ចំណេះដឹង​ ក៏​ដូច​ជំនាញ​បន្ថែម​ជាមួយ​សាលា​អចលនទ្រព្យ​កម្ពុជា​ ត្រឹមតែ៣៤ថ្ងៃ​ លោកអ្នក​អាច​មាន​ធនធាន​យ៉ាង​ពិតប្រាកដ​ សម្រាប់​ប្រកប​ជំនួញ​ក្នុង​វិស័យ​មួយ​នេះ​ពេញ​មួយ​ជីវិត​ ហើយ​រឹតតែ​ពិសេស​ទៅទៀត​នោះ​ ការចែក​រំលែក​អ្នកដទៃ​ដែល​អ្នក​ពេញចិត្ត​ រួម​ជាមួយនឹង​មនុស្ស​ជំនាន់​ដែល​ជា​អ្នក​បន្ត​វេ​ណនៅក្នុង​វិស័យ​មួយ​នេះ​។

សាលាអចលនទ្រព្យ

នៅក្នុង​រយៈពេល ៣៤ថ្ងៃ​ នៃ​ការ​ចូលខ្លួន​ជាស​មា​ជិ​ក នៃ​សាលា​អចលនទ្រព្យ​កម្ពុជា​ លោកអ្នក​នឹង​បាន​សិក្សា​ស្វែងយល់​ពី​ជំនាញ​ និង​ចំណេះដឹង​ជាច្រើន​យ៉ាង​សន្ធឹក​សន្ធាប់​ ដែល​វា​ជាដើម​ទុន​យ៉ាង​សំខាន់​ នៅក្នុង​ធ្វើជំនួញ​ក្នុង​វិស័យ​នេះ​។

សម្រាប់​ពេលវេលា​នៃ​ការសិក្សា​ស្វែងយល់​ពី​ជំនាញ​ ត្រូវ​បាន​បែងចែក​យ៉ាង​ច្បាស់លាស់​ដូចជា​ ៖ ជំនាញ​ផ្លូវច្បាប់​សម្រាប់​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​ឱ្យ​បាន​ជោគជ័យ​ (Legal​ Skill​ in​ Real​ Estate​) មាន​រយៈពេល១ថ្ងៃ​។

សិក្សា​ពី​វិធី​សា​ស្ត្របំ​លែងខ្លួន​ពី​អ្នក​ពុះ​ដី​ឡូ​តិ៍​ ទៅជា​អ្នក​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ជោគជ័យ​ (How​ to​ Transform​ from​ Land​ Business​ man​ to​ Residence​ Developer​) មាន​រយៈពេល១ថ្ងៃ​។ ស្វែងយល់​ពី​វិធី​សាស្រ្ត​ជោគជ័យ​ ក្នុង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​តាម​បែប​ស្ថាបត្យកម្ម​លំដាប់​លេខ១​ សម្រាប់​សត​វត្យ​ទី២១​ (Successful​ Method​ in​ Property​ Development​ in​ the​ Image​ of​ Top​ Architecture​) មាន​រយៈពេល១ថ្ងៃ​។ សិក្សា​ពី​ជំនាញ​រៀបចំ​គម្រោង​ផែនការអាជីវកម្ម​ សម្រាប់​ការ​អភិវឌ្ឍ​ដី​ឡូ​តិ៍​ លំនៅ​ដ្ឋាន​ និង​ការ​វិនិយោគ​ឱ្យ​ជោគជ័យ​ (Business​ Plan​ Skill​  for​ Property​ Development​ and​ Investment​) រយៈពេល២ថ្ងៃ​។ សិក្សា​ពី​ជំនាញ​រៀបចំ​គម្រោង​ផែនការអាជីវកម្ម​ សម្រាប់​ការ​អភិវឌ្ឍ​អា​ផា​តមិន​ ខនុ​ដូ​ អគារ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ឱ្យ​ជោគជ័យ​ (Business​ Plan​ Skill​ ​for​ Condo​, Commercial​ Center​ and​ Investment​) រយៈពេល២ថ្ងៃ​។

សម្រាប់​ការសិក្សា​ពី​វិធី​សាស្រ្ត​សិក្សា​ភូមិ​សាស្រ្ត​ និង​ទិន្នន័យ​ទីផ្សារ​អចលនទ្រព្យ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​សម្រាប់​សត​វត្យ​ទី២១​ (Understanding​ Geography​ and​ Marketing​ Database​ by​ Technology​ Tools​) រយៈពេល១ថ្ងៃ​។ សិក្សា​ពី​គន្លឹះ​ក្លាយជា​អ្នក​ពូកែ​ធ្វើ​ទីផ្សារ​ និង​ការ​លក់​អចលនទ្រព្យ​លំដាប់​លេខ១សម្រាប់​ដី​ឡូ​តិ៍​ លំនៅ​ដ្ឋាន​ អា​ផា​តមិន​ ខុន​ដូ​ និង​អគារ​ពាណិជ្ជកម្ម​ (Becoming​ the​ Best​ Marketing​ ​and​ Sale​ in​ Real​ Estate​ ) រយៈពេល២ថ្ងៃ​ ។ សិក្សា​ពី​គន្លឹះ​ក្លាយជា​អ្នក​វាយតម្លៃ​អចលនទ្រព្យ​អាជីព​ដ៏​ជោគជ័យ​ (Becoming​ Professional​ Property​ Value​) រយៈពេល១០ថ្ងៃ​។ សិក្សា​ពី​គន្លឹះ​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​អាជីព​ដ៏​ជោគជ័យ​ (Becoming​ Successful​ Real​ Estate​ Agent​) រយៈពេល៨ថ្ងៃ​។

​សិក្សា​ពី​គន្លឹះ​ក្លាយជា​អ្នកគ្រប់គ្រង​ ចាត់ចែង​អចលនទ្រព្យ​អាជីព​ដ៏​ជោគជ័យ​ (Becoming​ Successful​ Property​ Management​) រយៈពេល​ ២ថ្ងៃ​។ សិក្សា​ពី​គន្លឹះ​ក្លាយជា​អ្នក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ដ៏​ជោគជ័យ​ (Becoming​ Successful​ Real​ Estate​ Investor​) ​រយៈពេល​ ២ថ្ងៃ​។ សិក្សា​ពី​ជំនាញ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល​ និង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​សម្រាប់​វិស័យ​អចលនទ្រព្យ​ក្នុង​សត​វត្យ​ទី២១​ (Digital​ Marketing​ and​ Digital​ Tools​ for​ Real​ Estate​ Century​ 21​) រយៈពេល​ ២ថ្ងៃ​។

អ្វី​ដែល​កាន់តែ​ពិសេស​ ដែល​ជា​ការ​ផ្តល់​ជូន​បន្ថែម​ គឺ​គ្រប់​សមាជិក​របស់​សាលា​អចលនទ្រព្យ​កម្ពុជា​ នឹង​ទទួល​បានការ​បង្វឹក​ឱ្យ​ក្លាយជា​អ្នក​ពូកែ​រកស៊ី​ ក្នុង​វិស័យ​អចលនទ្រព្យ​កម្រិត​កំពូល​។ អាច​ពង្រីក​បណ្តាញ​ទិញ​-លក់​អចលនទ្រព្យ​កាន់តែ​ទូលាយ​ និង​បង្កើន​ប្រាក់ចំណូល​កាន់តែ​លឿន​។

លើស​ពីនេះ​ សមាជិក​សាលា​អចលនទ្រព្យ​ នឹង​ទទួល​បានការ​បង្វឹក​ឡើងវិញ​ពេញ​មួយ​ជីវិត​ដោយ​មិនបាច់​បង់ថ្លៃ​សិក្សា​។ ទទួល​បានការ​ប្រឹក្សា​ពីសា​លាជា​បន្តបន្ទាប់​ដោយ​ឥតគិតថ្លៃ​សម្រាប់​រយៈពេល​ពេញ​មួយ​ជីវិត​ និង​មាន​បណ្តាញ​សមាជិក​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​ទូទាំង​ប្រទេស​ ជួយ​គាំទ្រ​ជ្រោមជ្រែង​គ្នា​ សហការ​គ្នា​ទៅវិញទៅមក​ក្នុង​ភាពជា​ដៃគូ​។ បន្ថែម​ពីនេះ​ គឺ​ការ​វិនិយោគ​ដោយ​ការប្រើ​ថវិកា​តិច​ ប៉ុន្តែ​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើនជាង​ការ​ចូល​បង្វឹក​តាម​វគ្គ​ផ្សេង​ៗ បន្ទាប់ពី​បាន​ក្លាយជា​សមាជិក​ផ្សារណាត់​អចលនទ្រព្យ​ Estate​ Exchange​។

សាលាអចលនទ្រព្យ

អ្នករក​ស៊ីក្នុង​វិស័យ​នេះ​ចង់​ពង្រីក​បណ្តាញ​ ចង់​ពង្រឹង​សមត្ថភាព​ និង​ពង្រីក​ឳកាស​ជោគជ័យ​កាន់តែ​ធំ​អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ 077​ 456​ 001​/ 081​ 456​ 001​/088​ 2000​ 168​៕

ហ្វីលីពីន​គ្រោង​សាង​សង់​ព្រលា​នយន្តហោះ​ថ្មី​ ដែល​អាច​ទទួល​អ្នកដំណើរ​ ១០០លាន​នាក់​ក្នុង​មួយឆ្នាំ​

0

ដោយ​នៅ​ ស៊ី​វុត្ថា​

ម៉ា​នីល​ឡាៈ​ ប្រទេស​ហ្វីលីពីន​គ្រោង​ចាប់ផ្តើម​សាង​សង់​ព្រលា​នយន្តហោះ​ថ្មី​មួយទៀត​ដែល​អាច​ទទួល​អ្នកដំណើរ​ចន្លោះ​ពី១០០​ ទៅ២០០លាន​នាក់​ក្នុង​មួយឆ្នាំ​ ដែ​លព្រ​លាន​ថ្មីនេះ​មានឈ្មោះ​ Bulacan​ Airport​។

ព្រលា​នយន្តហោះ​ថ្មី​ គ្រោង​នឹង​សាងសង់​នៅ​ចុងឆ្នាំ២០១៩នេះ​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​ភ្ញៀវ​ទេសចរណ៍​។

នាយកដ្ឋាន​ដឹកជញ្ជូន​ (DOTr​) របស់​ប្រទេស​ហ្វីលីពីន​បានឱ្យ​ដឹង​កាលពី​ថ្ងៃពុធ​ទី​ ៣១​ ខែកក្កដា​ កន្លងមក​នេះ​ថា​ អាកាសយាន​ដ្ឋាន​ Bulacan​ នឹង​មាន​សមត្ថភាព​រចនា​អ្នកដំណើរ ១០០លាន​នាក់​ក្នុង​មួយឆ្នាំ​ ប៉ុន្តែ​អាច​ពង្រីក​ដល់ ២០០​លាន​នាក់​។ ដោយមាន​ផ្លូវ​រត់​ស្របគ្នា​ចំនួន​បួន​ ដែល​គ្រោង​នឹង​ធ្វើ​ចលនា​យន្តហោះ​ចំនួន ២៤០គ្រឿង​ ក្នុង​មួយ​ម៉ោង​។ គម្រោង​នេះ​ ក៏​នឹង​រួមបញ្ចូល​ផង​ដែរ​នូវ​ការ​កសាង​ផ្លូវ​ចំនួន ៨​,៤គីឡូម៉ែត្រ​ ដែល​នឹង​តភ្ជាប់​អាកាសយាន​ដ្ឋាន​ទៅ​តំបន់​ North​ Luzon​ Expressway​ (NLEX​) ក្នុង​ទីក្រុង​ Marilao​ តំបន់​ Bulacan​។

អាកាសយាន​ដ្ឋាន​អន្តរជាតិ​ថ្មីនេះ​ មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​កកស្ទះ​ នៃ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ Ninoy​ Aquino​ រួមគ្នា​ជាមួយ​ការពង្រីក​អាកាសយាន​ដ្ឋាន​ Clark​ និង​ការសាងសង់​កន្លែង​បន្ថែម​ នៅ​អាកាសយាន​ដ្ឋាន​Bulacan​ គឺជា​ផ្នែក​មួយ​នៃ​“ ដំណោះស្រាយ​ដ៏​ល្អ​” ដើម្បី​នាំមក​នូវ​ការ​តភ្ជាប់​បន្ថែម​ទៀត​ ដល់​ប្រជាជន​ហ្វីលីពីន​។

អាកាសយាន​ដ្ឋាន​ Bulacan​ ជាផ្នែក​មួយ​នៃ​ផែនការ​អភិវឌ្ឍន៍​ ក្នុង​តំបន់​ដែល​មាន​ទំហំ​ធំធេង​សម្រាប់​តំបន់​ Central​ Luzon​ ។ ទន្ទឹម​នឹង​មាន​គម្រោង​ហេ​ដ្ឋា​រចនា​សម្ពន្ធ័​ធំៗ​ ផ្សេងទៀត​ដូចជា​ ការពង្រីក​អាកាសយាន​ដ្ឋាន​ Clark​ ផ្លូវដែក​ខាងជើង​ ខាងត្បូង​ ផ្លូវដែក​ MRT​-7 និង​ Subic​-Clark​ Cargo​ Railway​ អាកាសយាន​ដ្ឋាន​ Bulacan​ នឹង​ជួយ​ជម្រុ​ញការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​III​នេះ​ កាន់តែ​រីក​ចំរើន​។

ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មីនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ដំណើរការ​ក្នុងរយៈពេល​ពី៤​ ទៅ៦ឆ្នាំ​ចាប់ពី​ពេល​ចាប់ផ្តើម​សាងសង់​នេះ​តទៅ​។ តែ​យ៉ាងណា​ដោយ​ នាយកដ្ឋាន​ដឹកជញ្ជូន ​(DOTr​) របស់​ប្រទេស​ហ្វីលីពីន​ មិនបាន​ប្រាប់​ពី​ទំហំ​ទឹកប្រាក់​ក្នុង​ការ​ចំណាយ​ទៅលើ​ការសាងសង់​នូវ​អាកាសយាន​ដ្ឋាន​ថ្មីនេះ​នោះ​ទេ​៕

រដ្ឋមន្ត្រី​ការបរទេសអាមេរិកសរសើរកម្ពុជា​ ពីការការពារដាច់ខាតនូវបូរណភាពទឹកដីរបស់ខ្លួន

0

ដោយម៉ៃ វីរៈ

ប្រទេសថៃៈ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោកMike Pompeo បានស្វាគមន៍កម្ពុជា ដែលប្ដេជ្ញាការពារដាច់ខាតនូវបូរណភាពទឹកដីរបស់ខ្លួន និងទទូចឲ្យប្រទេសផ្សេងធ្វើតាមកម្ពុជា ។

ការលើកឡើងរបស់លោក Mike Pompeo រដ្ឋមន្ដ្រីការបទេសអាមេរិកក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិកលើកទី៥២ នៅថ្ងៃទី១ ខែសីហា នៅទីក្រុងបាងកក ប្រទេសថៃ។ ប្រមុខការទូតអាមេរិករូបនេះបានថ្លែងថា “យើងស្វាគមន៍កម្ពុជាដែលប្ដេជ្ញាការពារដាច់ខាតបូរណភាពទឹកដីរបស់ខ្លួន និងទទូចឲ្យប្រទេសផ្សេងធ្វើតាមការនាំមុខរបស់កម្ពុជាបែបនេះ”។

នេះជាការបន្សាបព៌តមានក្លែងក្លាយ ក្រោយសារព៌តមានមួយចំនួនបានសរសេរប្រាសចាកការពិត និងចោទកម្ពុជាលួចចុះហត្ថលេខាដោយស្ងាត់ៗ ជាមួយចិន ដើម្បីឲ្យចិនសង់មូលដ្ឋានយោធាចិននៅតំបន់សមុទ្ររបស់ខ្លួន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បានព្រលយពីការពិភាក្សាក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបជាមួយសមភាគីអាស៊ានរបស់លោក។

លោកបានប្រាប់អ្នកសារព័ត៍មានបាងកកប៉ុស្តិ៍ថា “ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-អាមេរិក កម្ពុជាបានបដិសេធថា ខ្លួនបានទទួលយកមូលដ្ឋានយោធាចិននៅទឹកដីរបស់ខ្លួននោះទេ”។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណលោក MIKE POMPEO ក្នុងការផ្ដល់យុត្តិធម៍ដល់កម្ពុជា។

លោកបានសរសេរលើបណ្ដាលសង្គម Facebook ផ្ទាល់ខ្លួនថា “ខ្ញុំបាទសូមអបអរ និងថ្លែងអំណរគុណដល់ ឯកឧត្តម MIKE POMPEO រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងការផ្តល់ យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតេជោតែងតែលះបង់ និងពលីគ្រប់បែបយ៉ាងក្នុងកិច្ចការពារជាតិ ព្រមជាមួយអធិបតេយ្យជាតិ និងកិច្ចប្រឹងប្រែង រក្សាមិត្ត មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង ជាដៃគូសហការគ្រប់វិស័យ ជាមួយនឹងប្រជាជាតិទាំងអស់នៅលើពិភពលោក ដោយមិនរើសអើង។

កាលពីពេលថ្មីៗនេះកាសែត Wall Street’s Journal បានចុះផ្សាយថា កម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ដើម្បីបើកផ្លូវឲ្យយោធាចិនប្រើប្រាស់មូលដ្ឋានទ័ពរាម ដែលជាការសរសេរប្រាសចាកការពិត គ្មានមូលដ្ឋានវិជ្ជាជីវៈ និងអក្រមសីលធ៌ម។

រាជរដ្ឋានភិបាលកម្ពុជា បានប្រកាសបដិសេធជាច្រើនលើកច្រើនសារ ការតាំងមូលដ្ឋានយោធារបស់នៅលើទឹកដីកម្ពុជា គឺជាការប្រឆាំងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលហាមមិនឲ្យមានមូលដ្ឋានយោធាបរទេសអចិន្ដ្រៃនោះឡើយ៕

ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ចំនួន៥ កំពុង​សិក្សា​ដើម្បី​តភ្ជាប់​ពី​ភ្នំពេញ​ទៅ​ស្តាត​មរតក​តេជោ​

0

ដោយ​នៅ​ ​ស៊ី​វុត្ថា

ភ្នំ​ពេញៈ​ ​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ចំនួន៥​ ​បាន​និង​កំពុង​សិក្សា​ដើម្បី​ចាប់ផ្តើម​ដំណើរការ​សាងសង់​នា​ពេល​ខាងមុខ​ ​ក្នុង​ការសម្រួល​លំហូរ​ចរាចរណ៍​ពី​រាជធានី​ភ្នំពេញ​ ​ទៅកាន់​ពហុកីឡាដ្ឋាន​មរតក​តេជោ​ ​ទីតាំង​ដែល​កម្ពុជា​នឹង​ប្រា​រ​ពកី​ឡា​ស៊ី​ហ្គេម​នា​ឆ្នាំ២០២៣ខាងមុខនេះ​។​

អនុរដ្ឋ​លេខាធិការ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​លោក​គង់​ ​វិមាន​បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook​ ​របស់​លោក​នា​ព្រឹក​ថ្ងៃទី២​ ​សីហា​នេះ​ថា​ ​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ចំនួន៥​ ​បាន​និង​កំពុង​សិក្សា​ ​ដើម្បី​ត​ភ្ជាប់​
ប្រព័​ន្ឋ​ដឹកជញ្ជូន​ចេញពី​រាជធានី​ភ្នំពេញ​ ​តភ្ជាប់​ទៅ​តំបន់​ទីក្រុង​រណប​តេជោ​មរកត​។​ ​

គំរោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ ​ទទាំ​ងនោះ​រួមមាន​ ​ទី១​ ​ផ្លូវ​ល្បឿន​លឿន​ ​(​មួយ​ខ្សែ​កំពុង​សាងសង់​ ​និង​មួយ​ខ្សែ​ទៀត​កំ​ពុង​ច​ចារ​ ​)​។​ ​ទី២​ ​ស្ពាន​អាកាស​ ​បន្ថែម​ ​(​ ​សាលាក្រុង​កំពុង​ដំណើរការ​ ​និង​បំពេញ​និ​តិ​វិធី​ ​)​ទី៣​ ​ផ្លូវ​រថភ្លើង​លើ​អាកាស​ ​(​ ​កំពុង​ដាក់អោយ​សិក្សា​)​ ​ទី៤​ ​ផ្លូវ​រថភ្លើង​ក្រោម​ដី​ ​(​ ​កំពុង​ដាក់អោយ​សិក្សា​ ​និង​ទី៥ផ្លូវ​ក្រោម​ទន្លេ​ ​.​.​!​។​ ​(​កំពុង​សិក្សា​)​ លោក​​បាន​សរសេរ​ដោយ​លើក​ជា​សំណួរ​ថា​ ​“​តើ​បងប្អូន​ពេញចិត្ត​ទេ​?​ ​គាំទ្រ​ទេ​?​”​។​

លោក​បន្ថែម​ថា​ ​“​ទាំងអស់​នេះ​ ​គឺ​កំពុងតែ​មាននៅ​ក្នុង​ផែនការ​អនាគត​របស់ក្រ​សួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​ហើយ​និង​កំពុង​ដាក់អោយ​ក្រុមហ៊ុន​សិក្សា​ផង​ដែរ​”​។​

​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​វិស័យ​សាធារណការ​មាន​ការី​ក​ចម្រើន​យ៉ាង​ឆាប់រហ័ស​បំផុត​។​ ​
​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​កំ​ពុង​ម​មារ​ញឹក​ខិតខំ​ស្វះស្វែង​រក​ដៃគូ​រវិ​និ​យោគ​ ​សំដៅ​ធ្វើ​យ៉ាងណា​អោយ​សម្រេច​បាន​ជោគជ័យ​ជូន​ជាតិ​មាតុភូមិ​យើង​ទាំងអស់គ្នា​៕​