វិភាគ​៖ ស្ថិតនៅ​កណ្តាល​មនោគមវិជ្ជា​ធំ​ពីរ​ដែល​កំពុង​អង្រួន​ពិភពលោក​ តើ​កម្ពុជា​គួរ​ឈរ​ក្នុង​ជំហរ​បែប​ណា​?

0

ដោយៈ​ យិន​ លាង​គង់​ ស្ថាបនិក​ និង​អគ្គនាយក​ Propertyarea.asia​

ភ្នំ​ពេញៈ​ ព្រះអាទិត្យ​កម្ពុជា​បាន​និង​កំពុង​រះ​ជាថ្មី​ រះ​លើទឹក​ដី​ចាស់​ ប៉ុន្តែ​ពពក​ហាក់​មិន​សប្បាយចិត្ត​ នឹង​ការ​រះ​ឡើង​របស់​ព្រះអាទិត្យ​ដែល​ធ្លាប់​ស្រអាប់​នេះ​ទេ​ ដោយ​ខ្យល់​បាន​និង​កំពុង​បក់​ពពក​ ដើម្បី​ព្យាយាម​បិទបាំង​ពន្លឺ​របស់​ព្រះអាទិត្យ​ជាថ្មី​។

ខណៈ​កូនជ្រូក​កម្ពុជា ​(សេដ្ឋកិច្ច​) កាន់តែ​រីក​ធំធាត់​ជាង​មុន​ កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ច្បាស់​ថា​កំពុង​ដើរ​លើ​ផ្លូវ​ត្រឹមត្រូវ​មួយ​ ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​ប្រទេស​នេះ​ ដើម្បី​សម្រេច​បាន​នូវ​វិបុលភាព​សំរាប់​ប្រជាជាតិ​របស់​ខ្លួន​។

មេដឹកនាំ​កម្ពុជា​ បាន​និង​កំពុង​ព្យាយាម​រក្សា​តុល្យភាព​របស់​ខ្លួន​ ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ ដោយ​ប្រកាន់​នូវ​គោល​នយោបាយ​​ចងមិត្ត​ “គ្មាន​សត្រូវ​” ប៉ុន្តែ​អ្នកនយោបាយ​ និង​ឥទ្ធិពល​មនោគមវិជ្ជា​ និង​ភូមិសាស្ត្រនយោបាយ​ ផលប្រយោជន៍​​ផ្នែក​សេដ្ឋកិច្ច​ បាន​និង​កំពុង​ប្រទាញប្រទង់​ប្រទេស​នេះ​។ ហេតុនេះ​បើសិនជា​មាន​ “ការសម្រេច​ចិត្ត​ខុស​ខាងនយោបាយ​ណាមួយ​ នឹង​នាំ​ប្រជាជាតិ​នេះ​ធ្លាក់​ក្នុង​សោកនាដកម្ម​ជាថ្មី​”។

​រលក​មនោគមវិជ្ជា​

ការ​ងើបឡើង​របស់​មហាយក្ស​ចិន​នៅ​អាស៊ី​ ត្រូវ​បាន​គេ​មើលឃើញ​ក្នុង​ទិដ្ឋភាព​បី​ ​ទី១​ ការ​ងើបឡើង​របស់​ចិន​នឹង​ធ្វើឲ្យ​ប្រទេស​ជាច្រើន​ ទទួល​បានផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ ទី២​ ការ​ងើបឡើង​របស់​ចិន​ បាន​ធ្វើឲ្យ​ពិភពលោក​មាន​ពហុ​ប៉ូល​នៃ​អំណាច​ និង​ទី៣​ ការ​ងើបឡើង​របស់​ចិន​ ត្រូវ​បាន​លោកខាងលិច​ ពិសេស​សហរដ្ឋអាមេរិក​ចាត់ទុកជា​ការ​គំរាមកំហែង​។

ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​ និង​ការ​គ្រប​ដណ្តប់​នូវ​មនោគមវិជ្ជា​ដ៏​ស៊ីជម្រៅ​ ចិន​កំពុង​ដាក់ចេញ​នូវ​ផែនទី​ចង្អុលបង្ហាញ​ផ្លូវ​យ៉ាង​ច្បាស់លាស់​ ដើម្បី​ឈានជើង​ទៅ​ដណ្តើម​ម្កុដ​ អំណាច​សេដ្ឋកិច្ច​លេខ១ ពី​អាមេរិក​ ក្នុង​បណ្តា​ទសវត្សរ៍​ខាងមុខ​។

តាមរយៈ​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​ខ្សែ​ក្រ​វ៉ាត់១​ ផ្លូវ១​ ចិន​កំពុង​ដើរ​លើ​ផ្លូវត្រូវ​ និង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ និង​ច្បាស់លាស់​ជាង​មុន​ ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ទៅកាន់​ពិភពលោក​ ពិសេស​បណ្តា​ប្រទេស​ជា​សម្ព័ន្ឋ​មិត្ត​របស់​ខ្លួន​តាម រយៈ​ការ​បង្ហូរ​ទុន​វិនិយោគ​រាប់​រយ​ពាន់​លាន​ដុល្លារ​ទៅកាន់​ប្រទេស​នានា​ ហើយ​ជួយ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​នោះ​រីកចម្រើន​។

ប្រធានាធិបតី​ប្រទេស​ចិន​ លោក​ ហ្សី​ ជី​នពីង​ ដែល​ត្រូវ​បាន​រដ្ឋសភា​របស់​ខ្លួន​បោះឆ្នោត​ឲ្យ​កាន់​តំណែងជា​ប្រធានាធិបតី​មួយជីវិតកាលពី​ឆ្នាំមុន​ និង​ត្រូវ​ចាត់ទុកជា​បុរស​មាន​ឥទ្ធិពល​បំផុត​បន្ទាប់ពី​លោក​ ម៉ៅ​ សេ​ទុង​ បាន​និយាយ​នៅក្នុង​សុន្ទរកថា​ ជាលើកដំបូង​របស់​លោក​ជា​ប្រមុខរដ្ឋ​នៅ​ឆ្នាំ២០១៣​ ថា​ “យើង​ត្រូវតែ​បន្ត​ខិតខំ​ដើម្បី​សម្រេច​ក្តី​សុបិន​ និង​ការ​ងើបឡើង​វិញ​ដ៏​អស្ចារ្យ​របស់​ប្រទេស​ចិន​”។

យុទ្ធសាស្ត្រខ្សែ​ក្រ​វ៉ាត់​ និង​ផ្លូវ​

តើ​វា​ជា​យុទ្ធសាស្ត្រ​ក្រឡា​អុក​ ឬក្រឡា​ “រែក​” របស់​ចិន​ដើម្បី​គ្រប​ដណ្ដប់​ និង​ទាញ​យក​ផលប្រយោជន៍​ និង​ឥទ្ធិពល​របស់​ពិភពលោក​មក​នៅ​ខាង​ចិន​ឬ?។

ជាក់ស្តែង​ឥទ្ធិពល​នៃ​វិថី​សូត្រ​មាស​របស់​ចិន​ ដែល​រហូត​មកទល់​ពេលនេះ​ មាន​ប្រទេស​ចំនួន​រហូតដល់ ១២៣បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ​ និង​មាន​អង្គការ​អន្តរជាតិ២៩​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ គម្រោង​ខ្សែ​ក្រ​វ៉ាត់១ ផ្លូវ១​ ដែល​មាន​ចំនួន១៧១​ កិច្ច​ព្រមព្រៀង​ជាមួយ​ចិន​ ដែល​ភាគច្រើន​ពាក់ព័ន្ធ​ នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​ នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នេះ​ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ​(AIIB​) ដែល​បានផ្ដួចផ្ដើម​ឡើង​ដោយ​ប្រទេស​ចិន​ និង​មាន​សមាជិក ១០០ប្រទេស​ បាន​និង​កំពុង​ដើរតួ​នាទី​កាន់តែ​សកម្ម​ឡើង​ ក្នុង​ការពង្រីក​ការ​គ្រប​ដណ្តប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក​។ ចិន​កំពុង​ប្រើប្រាស់​ធនាគារ​នេះ​ កាត់បន្ថយ​ការពឹងផ្អែក​លើ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ធំៗ​នៅ​លើ​ពិភពលោក​ ដូចជា​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB​) និង​ធនាគារពិភពលោក ​(World​ Bank​) ព្រមទាំង​មូលនិធិ​រូបិយវត្ថុ​ពិភពលោក (IMF​) ដែល​សុទ្ធតែ​ជា​ស្ថាប័ន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អាមេរិក​។

ជាមួយនឹង​សារ​ដ៏​ច្បាស់លាស់​ បុរស​មាន​ឥទ្ធិពល​បំផុត​របស់​ចិន​នៅដើម​សតវត្សរ៍​ទី២១នេះ​ លោក​ ហ្សី​ ជី​នពីង​ បាន​មានប្រសាសន៍​នៅក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ​ ២០១៩​ ថា​ “យើង​នឹង​បន្ត​ជំរុញ​ឱ្យ​មានការ​ស្ថាបនា​ គម្រោង​ខ្សែ​ក្រ​វ៉ាត់១ ផ្លូវ១​(BRI​) ហើយ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​សហគមន៍​នៃ​អនាគត​នៃ​មនុស្សជាតិ​ ហើយ​យើង​នឹង​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ សម្រាប់​ពិភពលោក​ដ៏​រុងរឿង​ និង​ស្រស់​ស្អាត​ជាង​នេះ​”។

ចិន​មាន​ភាព​ទន់ភ្លន់​

លុយ​ ជា​អាវុធ​ដ៏​មានប្រសិទ្ធភាព​របស់​ចិន​ ហើយ​ចិន​កំពុង​ប្រើប្រាស់​លុយ​ ដើម្បី​ពង្រីក​ការ​ពង្រាយ​ឥទ្ធិពល​មនុស្ស​ និង​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅកាន់​ពិភពលោក​ ហើយ​កម្ពុជា​ខ្លួនឯង​ ក៏​កំពុង​ទទួល​បានផល​ប្រយោជន៍​ពី​ភាពជា​សម្ព័ន្ធ​មិត្ត​ និង​ជា​មិត្ត​ដ៏​ស្មោះត្រង់​របស់​ចិន​ តាមរយៈ​គោលនយោបាយ​ខ្សែ​ក្រ​វ៉ាត់១​ និង​ផ្លូវ១ របស់​ចិន​។

លោ​កហ្សី​ ជី​នពីង​ បាន​និយាយ​ថា​ “ចិន​ត្រូវការ​សន្តិភាព​ឱ្យ​បាន​ច្រើន​ ដូចដែល​មនុស្ស​ត្រូវការ​ខ្យល់​ ហើយ​រុក្ខជាតិ​ត្រូវការ​ពន្លឺ​ព្រះអាទិត្យ​”។

ហាក់​យល់​ច្បាស់​ពី​ផលវិបាក​នៃ​សង្គ្រាម មេដឹកនាំ​ចិន​បាន​និង​កំពុង​សម្លឹង​មើល​ពិភពលោក​ ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់​ ខណៈ​សត្រូវ​របស់​ខ្លួន (អាមេរិក​) កំពុង​ប្រើប្រាស់​នូវ​អាវុធ​បួន​ ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ ទី១​ លទ្ធិប្រជាធិបតេយ្យ​ ទី២​ សិទ្ធិមនុស្ស​ ទី៣​ សេដ្ឋកិច្ច​ និង​ទី៤​ អា​វុធ​យុទ្ធ​ភ័​ណ្ឌ​។

ក្នុង​ពេល​ចិន​កំពុង​ប្រើប្រាស់​លុយ​ ដើម្បី​ពង្រីក​អំណាច​ និង​មនោគមវិជ្ជា​របស់​ខ្លួន​ទៅកាន់​ពិភពលោក​ និង​កំពុង​ស្វែងរក​សម្ព័ន្ធ​មិត្ត​កាន់តែ​ច្រើន​ និង​ព្យាយាម​កាត់បន្ថយ​ឥទ្ធិពល​អាមេរិក​នៅ​លើ​ពិភពលោក​ ក៏ដូចជា​តំបន់​អាស៊ាន​ កម្ពុជា​កំពុង​ត្រូវ​បាន​គេ​មើលឃើញ​ថា​ “ជា​ដៃគូ​ដ៏​ស្មោះស្ម័គ្រ​របស់​ចិន​” ជា​លទ្ធផល​កម្ពុជា​បាន​ទទួលផល​ប្រយោជន៍​ច្រើន​ពី​គំ​និ​តផ្តួ​តផ្តើម​ខ្សែ​ក្រ​វ៉ាត់១​ ផ្លូវ១របស់​ចិន​ ហើយ​ទទួល​បានផល​ប្រយោជន៍​ច្រើនជាង​គេ​ ក្នុងចំណោម​ប្រទេស​ទទួល​បានផល​ប្រយោជន៍​ច្រើន​បំផុត​នៅ​អាស៊ាន​ចំនួន​បី​។

ជាមួយនឹង​ស្នាមញញឹម​ប្រកបដោយ​ភាព​ជឿជាក់​ និង​ម៉ឺងមាត់​ ប្រធានាធិបតី​ចិន​ លោ​កហ្សី​ ជី​នពីង​ បាន​ផ្ញើ​សារ​ជូន​បណ្តា​ប្រជាជាតិ​នៅ​លើ​ពិភពលោក​ថា​ “ការឈ្លានពាន​ ឬកងទ័ព​និយម​ មិន​មាន​នៅ​ក្នុង​ហ្សែ​នរ​បស់​ជនជាតិ​ចិន​នោះ​ទេ​”។

អាមេរិក​កំពុង​ខ្លាច​ឥទ្ធិពល​ចិន​?

នៅពេល​ព្រះអាទិត្យ​របស់​ចិន​ កាន់តែ​ជះ​ពន្លឺ​ចែងចាំង​ សហរដ្ឋអាមេរិក​ហាក់​ស្រឡាំងកាំង​ ដោយសារ​មើលឃើញ​ថា​ រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​ “ចិន​ដើរលឿន​ពេក​”។

មើលឃើញ​គោលនយោបាយ​ផ្លូវ​សូត្រ​របស់​ចិន​ និង​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន​ ហាក់​មាន​អតុល្យភាព​គ្នា​ ក្នុង​កំឡុង​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ លោក​ ដូ​ណាល់​ ជេ​ ត្រាំ​ បាន​ដាក់ចេញ​គោលនយោបាយ​ និង​ជ្រើសរើស​វោហា​ស័ព្ទ​ប្រឆាំង​ចិន​ នៅក្នុង​យុទ្ធនាការ​របស់​ខ្លួន​ក្នុង​កំឡុង​ឆ្នាំ២០១៦​ ទីបំផុត​លោក​ ត្រាំ​ បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ រហូត​មកទល់​ពេលនេះ​ ហើយ​អ្នកវិភាគ​ជាច្រើន​បាន​ព្យាករណ៍​ថា​ លោក​អាច​នឹង​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​មួយ​អាណត្តិ​ទៀត​។

ជា​លទ្ធផល​បន្ទាប់ពី​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​បង្កើន​សង្គ្រាម​ពាក្យ​សម្តី​ ដែល​បាន​ធ្វើឲ្យ​ពិភពលោក​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ហើយ​លោក​ក៏​ជា​ប្រធានាធិបតី​អាមេរិក​ ជាប់ឆ្នោត​ដ៏​ចម្រូង​ចម្រាស់​ជាងគេ​ និង​មាន​រលក​បាតុកម្ម​ប្រឆាំង​នឹង​លោក​នៅ​តាម​បណ្តា​រដ្ឋ​ធំៗ​ជាច្រើន​របស់​អាមេរិក​ផង​ដែរ​។

ការ​ដាក់ចេញ​ជំ​ហ៊ាន​ច្បាស់លាស់​ និង​មាន​ប្រតិ​មក​ម្ម​ចម្រុះ​ មេដឹកនាំ​អាមេរិក​រូប​នេះ​បាន​ដាក់ចេញ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​ កាលពី​ឆ្នាំមុន​ដោយ​បាន​ដំឡើង​ពន្ធ​លើ​មុខទំនិញ​ចិន​ជាច្រើន​រយ​ពាន់​លាន​ដុល្លារ​។ ភាព​តានតឹង​នេះ​ បាន​ធ្វើឲ្យ​ពិភពលោក​ស្ថិតនៅ​ក្នុង​សភាព​ភ័យខ្លាច​ និង​ច្របូកច្របល់​ ដោយ​បារម្ភ​ពី​ការ​កើតមាន​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ជាថ្មី​។

យ៉ាងណា​ក៏​ដោយ​អ្វី​ៗបាន​ធូរស្រាល​មួយ​រយៈ​ និង​ជួប​ភាព​តានតឹង​ជាថ្មី​ ដោយ​កាលពី​ថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០១៩ ​កន្លង​​មក​នេះ​ ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​ប្រកាស​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​ម្តង​ទៀត​ ដោយ​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​ចិន ២០០ពាន់​លាន​ដុល្លារ​ ហើយ​ជា​ការសងសឹក​វិញ​ ចិន​បាន​ដាក់​ការដំឡើង​ពន្ធ​លើ​មុខទំនិញ​អាមេរិក ៦៥​ពាន់​លាន​ដុល្លារ​។

ជា​លទ្ធផល​នៃ​សង្គ្រាម​នេះ​ មិន​មាន​ប្រទេស​ណា​ប្រកាស​ថា​ចុះចាញ់​នោះ​ឡើយ​ ប៉ុន្តែ​ប្រធានាធិបតី​ ដូ​ណាល់​ ត្រាំ​បាន​និយាយ​ថា​ សេដ្ឋកិច្ច​កិច្ចចិន​បាន​ជួប​ស្ថានភាព​ដ៏​អាក្រក់​បំផុត​ក្នុងរយៈពេល ២៧ឆ្នាំ​កន្លងមក​នេះ​។

យោង​តាម​របាយការណ៍​សេដ្ឋកិច្ច​របស់​ Bloomberg​ ដែល​បាន​ចេញផ្សាយ​កាលពី​ខែមុន​ បាន​ប៉ាន់ប្រមាណ​ថា​ ការ​ចំណាយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​ អាច​ឈាន​ដល់ ១​,២ពាន់​ពាន់​លាន​ដុល្លារ​ និង​ទាញ​សេដ្ឋកិច្ច​ពិភពលោក​ឱ្យ​ខិត​ទៅ​រក​វិបត្តិសេដ្ឋកិច្ច​ជាសាកល​។

ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​នេះ​ កំពុង​មាន​សភាព​កាន់តែ​ផុយ​ស្រួយ​ ក្រុម​អ្ន​កច​ចារ​អាមេរិក​ និង​ចិន​បាន​បរាជ័យ​ក្នុង​ការចរចា​ពាណិជ្ជកម្ម​ ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន​កាលពី​ថ្ងៃទី៣១​ កក្កដា​កន្លងមក​នេះ​។

ការ​ប្រជែង​ផ្នែក​ភូមិ​សាស្ត្រនយោបាយ​

ខណៈ​សហរដ្ឋអាមេរិក​បាន​ដើរនាំមុខចិន​យ៉ាង​ឆ្ងាយរួច​ទៅ​ហើយ​ ប៉ុន្តែ​ស្ថានភាពនេះ​ហាក់​រង្គោះ​រង្គើរ​ ដោយសារ​ការ​លេចឡើង​របស់​ចិន​ ហេតុនេះ​ទើប​អាមេរិក​ក្នុងរជ្ជកាល​ប្រធានាធិបតី​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ដាក់ចេញ​គោលនយោបាយ​ឆ្ពោះ​ មក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

ហេតុនេះ​ការ​ប្រឆាំង​ចិន​យ៉ាង​ស្រួច​ស្រាវ​របស់​លោក​ ដូ​ណាល់​ ត្រាំ​ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​។

សហរដ្ឋអាមេរិក​បាន​ និង​កំពុង​ពង្រីក​ការ​ចងសម្ព័ន្ធ​ភាព​ ជាមួយ​មិត្តចាស់​របស់​ខ្លួន​ផង​ និង​សត្រូវ​ចាស់​របស់​ខ្លួន​ផង​ ដើម្បី​ធ្វើ​យ៉ាងណា​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ នៅក្នុង​ពិភពលោក​ ដែល​ខ្លួន​កំពុងតែ​ភ័យខ្លាច​ការ​ដណ្តើម​ឥទ្ធិពល​ពី​មហាយក្ស​ចិន​។

ជាមួយនឹង​ការ​រះ​ឡើង​នៃ​ប្លុក​អាស៊ាន​ ដែល​នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ធំ​មួយ​របស់​ពិភពលោក​ សហរដ្ឋអាមេរិក​បាន​ងាក​មក​ចាប់ដៃ​ជាមួយ​វៀតណាម​ ដែល​ជាស​ត្រូវ​ដ៏​ជូរចត់​របស់​ខ្លួន​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​រីកចម្រើន​បាន​ឆាប់រហ័ស​ ទប់ទល់​នឹង​ឥទ្ធិពល​ចិន​ ប៉ុន្តែ​ចិន​ដែល​ជាស​ត្រូវ​ស្លាប់រស់​ផ្នែក​មនោគមវិជ្ជា​នយោបាយ​ជាមួយ​វៀតណាម​ និង​មិន​អនុញ្ញាត​ឲ្យ​វៀតណាម​ពង្រីក​ឥទ្ធិពល​បាន​ឆាប់រហ័ស​ តាមដែល​អាច​ធ្វើ​ទៅ​បានទេ​។

ព្រោះ​វៀតណាម​ចង់​ក្លាយជា​យក្ស​មួយទៀត​នៅ​អាស៊ី​ តាមរយៈ​ការ​លេប​ឥណ្ឌូចិន​ (គឺ​លេប​កម្ពុជា​ ឡាវ​) ប៉ុន្តែ​ចិន​នឹង​មិន​អនុញ្ញាត​ឲ្យ​វៀតណាម​ធ្វើ​បាន​ឡើយ​ ព្រោះ​បើ​វៀតណាម​លេប​ឥណ្ឌូចិន​បាន​ ចិន​នឹង​ជួប​ដៃគូ​ប្រជែង​ដ៏​ខ្លាំង​មួយទៀត​ ដែល​ស្ថិតនៅ​ជាប់​របង​ផ្ទះ​គ្នា​។

ហេតុនេះ​ហើយ​ ទើប​ម្តង​ហើយ​ម្តង​ទៀត​ចាប់តាំងពី​ឆ្នាំ២០១២​ សហរដ្ឋអាមេរិក​បាន​ដុត​រឿង​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ស្ថិត​ក្នុង​ដែនទឹក​ដ៏​ចម្រូងចម្រាស​ និង​អះអាង​ភាពជា​កម្មសិទ្ធិ​ដោយ​ប្រទេស​ជាច្រើន​រួមមាន​ វៀតណាម​ ហ្វីលីពីន​ ប្រុយ​ណេ​ និង​ម៉ាឡេស៊ី​ជាដើម​។

ជាមួយគ្នា​នេះ​ ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងជើង​លើក​ទី២​ ប្រធានាធិបតី​អាមេរិក​បាន​ជ្រើសរើស​ប្រទេស​វៀតណាម​ជា​ម្ចាស់ផ្ទះ​ រៀបចំ​កិច្ចប្រជុំ​កំពូល​ ហើយ​ការ​ជ្រើសរើស​នេះ​មិនមែន​ជា​ការ​ដៃ​ដន្យ​នោះ​ទេ​ គឺជា​ការរៀបចំ​យុទ្ធសាស្ត្រ​នយោបាយ​ផង​ ភូមិសាស្ត្រ​នយោបាយ​ផង​ និង​ការ​យក​ប្រៀប​ផ្នែក​នយោបាយ​កា​ទូត​ផង​ និង​បំបែកបំបាក់​ទំនាក់ទំនង​រាប់​ទសវត្សរ៍​រវាង​ចិន​ និង​កូរ៉េខាងជើង​ផង​។

អាវុធ​របស់​ចិន​ កំពុង​ប្រើប្រាស់​នូវ​ភាព​ទន់ភ្លន់​ និង​លំហូរ​មូលធន​ ដោយ​មិនសូវ​មាន​លក្ខខ័ណ្ឌ​ តែ​អាវុធ​សហរដ្ឋអាមេរិក​ ប្រើប្រាស់​សិទ្ធិមនុស្ស​ លទ្ធិប្រជាធិបតេយ្យ​ ផលប្រយោជន៍​សេដ្ឋកិច្ច​ តាមរយៈ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​ (បើ​យល់ព្រម​ ទទួល​បានផល​ប្រយោជន៍​ បើ​ជំទាស់​ ទទួល​បាន​នូវ​គំនាប​សេដ្ឋកិច្ច​)។

ព្យុះ​មនោគម​វិ​ជ្ជា​ជះ​ឥទ្ឋិ​ពល​ដល់​កម្ពុជា​

ដោយសារ​ឥទ្ធិពល​ចិន​ និង​មើលឃើញ​កូនជ្រូក​កម្ពុជា​ធំធាត់​យ៉ាង​លឿន​ តាមរយៈ​ការសម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ជាង ៧ភាគរយ​ ក្នុងរយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ​ សហរដ្ឋអាមេរិក​បាន​ និង​កំពុង​កកូរកកាយ​កម្ពុជា​ដោយប្រយោល​ ហើយ​យក​កម្ពុជា​ជា​សៃវៀន​នៃ​ការសាកល្បង​មនោគមវិជ្ជា​ជាមួយ​ចិន​ ដែល​ម្តង​ហើយ​ម្តង​ទៀត​ សហរដ្ឋអាមេរិក​បាន​ប្រើប្រាស់​បណ្តាញ​សារព័ត៌មាន​ នៅ​ប្រទេសជិតខាង​កម្ពុជា​ និង​សារព័ត៌​មាន​ល្បី​ៗរបស់​ខ្លួន​ឲ្យ​សរសេរ​ព័ត៌មាន​ប្រឌិត​ថា​ “កម្ពុជា​បាន​អនុញ្ញាត​ និង​លួច​ចុះហត្ថលេខា​សម្ងាត់​ជាមួយ​ចិន​ ដើម្បី​អនុញ្ញាត​ឲ្យ​ចិន​ដាក់មូលដ្ឋាន​ទ័ព​នៅ​តំបន់​សមុទ្រ​រាម​ ក្នុង​ខេត្ត​ព្រះសីហនុ​ និង​ខេត្តកោះកុង​ ដែល​ជា​តំបន់​តារា​សាគរ​ ហើយ​ជាទី​តាំង​នៃ​ការ​វិនិយោគ​ដ៏​ធំ​របស់​ក្រុមហ៊ុន​ចិន”​។

ជាមួយគ្នា​នេះ​ សហរដ្ឋអាមេរិក​បាន​ និង​កំពុង​ប្រើប្រាស់​ប្លុក​នៃ​សហគមន៍​អឺរ៉ុប​ ដើម្បី​ដាក់​គំនាប​សេដ្ឋកិច្ច​លើ​កម្ពុជា​ តាមរយៈ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ ​(EBA​) ពី​កម្ពុជា​ ដោយ​ចោទ​រដ្ឋាភិបាល​កម្ពុជា​រំលោភសិទ្ធិ​មនុស្ស​ បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ ពិសេស​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ខណៈ​អឺរ៉ុប​ខ្លួនឯង​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​វៀតណាម​ទៅវិញ​ ខណៈ​វៀតណាម​ជា​ប្រទេស​កុំ​ម៉ុយ​នី​ស្ត​ និង​រំលោភបំពាន​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ ពិសេស​សិទ្ធិ​ជនជាតិ​ខ្មែរ​កម្ពុជាក្រោម​។

ឈរ​លើ​ទិដ្ឋភាព​នេះ​ ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ និង​ឥទ្ធិពល​ផ្នែក​នយោបាយ​បាន​ចូល​មក​ពាក់ព័ន្ធ​ជាមួយ​កម្ពុជា​ ខណៈ​រដ្ឋាភិបាល​កម្ពុជា​បាន​ និង​កំពុង​អភិវឌ្ឍន៍​ប្រទេស​ និង​នាំ​ប្រជាជន​ចេញពី​ទាសភាព​ទៅ​រក​វិបុលភាព​នា​ពេល​ខាងមុខ​។

ខណៈ​កម្ពុជា​នៅតែ​ជា​ប្រទេស​ទន់ខ្សោយ​នៅឡើយ​ ប្រៀប​ដូចជា​កូនក្មេង​ទើប​ចេះ​ដើរ​តេ​សតាស​ មេដឹកនាំ​បក្ស​ប្រឆាំង​ ដែល​ស្រលាញ់​តែខ្លួន​ឯង​ ស្តាប់​តែខ្លួន​ឯង​ ដើម្បី​តែ​ដណ្តើម​អំណាច​ ដោយ​ជ្រក​ក្រោម​ស្លាក​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស​ និង​ការ​គុំគួន​ផ្នែក​នយោបាយ​ ជា​រឿង​អភ័ព្វ​មួយ​របស់​កម្ពុជា​។

កម្ពុជា​គួរ​ឈរ​លើ​ជំហរ​បែប​ណា​?

ក្នុង​អត្ថបទ​វិភាគកាល​ពីលើ​កមុន​ដែល​មាន​ចំណងជើង​ថា​ “សេដ្ឋកិច្ច​កម្ពុជា​ឈាន​ដល់​ដំណាក់កាល​ភ្លក់​រសជាតិ​តៅហ៊ូ​ និង​ប័រ​” ស្មេរ​បាន​លើកយក​ទិដ្ឋភាព​ជាច្រើន​មក​បង្ហាញ​ទាក់ទង​នឹង​ការ​រក្សា​នូវ​ឧត្តមភាព​កម្ពុជា​ ខណៈ​ប្រទេស​កំពុង​ស្ថិតនៅ​ក្នុង​ភាព​ប្រទាញប្រទង់​រវាង​មនោគមវិជ្ជា​លោកខាងលិច​ និង​មនោគមវិជ្ជា​លោក​ខាងកើត​។

ប៉ុន្តែ​ក្នុង​ស្ថានភាព​ប្រទេស​មាន​ប្រជាជន​តិច​ សេដ្ឋកិច្ច​តូច​ កម្ពុជា​ពិតជា​ត្រូវការ​ខ្នងបង្អែក​មួយ​យ៉ាង​រឹងមាំ​ ដើម្បី​រក្សា​សន្តិភាព​ផង​ រក្សា​ស្ថេរ​ភាព​នយោបាយ​ផង​ និង​ដើម្បី​អាច​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ខ្លួន​ផង​។

ក្នុង​បរិយាការ​ណ៍​បែបនេះ​តើ​មេដឹកនាំ​កម្ពុជា​ និង​អ្នក​ពាក់​ព័ន្ឋមួយចំនួន​ គួរ​ព្យាយា​តថ្នម​សភាពការណ៍​នេះ​ឬទេ​?។

ហេតុនេះ​អ្វី​ជា​ជំហរ​របស់​កម្ពុជា​នា​ពេលនេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​ “កម្ពុជា​មិន​បោះបង់​អធិបតេយ្យ​ភាព​របស់​ខ្លួន​ ដោយ​ដូរ​យក​ជំនួយ​នោះ​ទេ​”។

ក្នុង​ពេល​អញ្ជើញ​មក​ទស្សនកិច្ច​កម្ពុជា​កាលពី​ចុងឆ្នាំ២០១៦​ ប្រធានាធិបតី​ចិន​លោ​កហ្សី​ ជី​នពីង​បាន​ផ្ញើ​សារ​ដ៏​រំជួលចិត្ត​ផ្ញើ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ថា​ “ចិន​នឹង​ចូលរួម​ការពារ​អធិបតេយ្យ​កម្ពុជា​ ជួយការ​ពារ​បូរណភាពទឹកដី​កម្ពុជា​ និង​ជួយ​កម្ពុជា​ឲ្យ​មាន​ភាព​រីកចម្រើន​កាន់តែ​ឆាប់រហ័ស​ថែមទៀត​”។

ខណៈ​កម្ពុជា​ត្រូវ​គេ​មើលឃើញ​ថា​ កំពុង​ឈរ​នៅ​ខាង​ចិន​ជិតស្និទ្ធ​ជាង​លោកខាងលិច​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ផ្ញើ​សារ​ទៅកាន់​សហរដ្ឋអាមេរិក​ តាមរយៈ​ប្រធានាធិបតី​ជប៉ុន​លោក​ស៊ីន​ ហ្សូ​អាបេ​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​ “កម្ពុជា​ចង់បាន​ទំនាក់ទំនង​ល្អជា​មួយ​សហរដ្ឋអាមេរិក​ជាង​មុន​”។

សំណួរ​ធំ​

សំណួរ​នៅ​ទីនេះ​តើ​កម្ពុជា​អាច​ជ្រើសរើស​បាន​ឬទេ​? ចម្លើយ​ពិតជា​បាន​ ប៉ុន្តែ​វា​ជា​ការសម្រេច​ចិត្ត​ដ៏​លំបាក​មួយ​ ខណៈ​ប្រទេស​នេះ​ត្រូវការ​សន្តិភាព​ ត្រូវការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ខ្លួន​ ហេតុនេះ​ការ​ឈរ​លើ​ជំហរ​ច្បាស់លាស់​មួយ​ គួរ​ពិចារណា​ទៅលើ​ទិដ្ឋភាព​មួយចំនួន​ ទី១​ ការលំអៀង​ទៅ​រកម​ហា​អំណាច​ចិន​ ពិតជា​ជួយ​កម្ពុជា​បាន​ក្នុង​កម្រិត​ណា​ ប្រសិនជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រូវ​ដកចេញ​ពី​កម្ពុជា​ ទី២​ តើ​កម្ពុជា​អាច​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​របស់​ខ្លួន​បាន​របៀបណា​ ក្នុង​ពេល​ដែល​ឥទ្ធិពល​លោកខាងលិច​ មាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​កម្ពុជា​។

ទី៣​ តើ​កម្ពុជា​គួរ​ចាប់ដៃ​ជាមួយ​មហាអំណាច​ទាំងពីរ​បាន​ឬទេ​ ក្នុង​ពេល​តែមួយ​ ដើម្បី​ផលប្រយោជន៍​ប្រជាជាតិ​របស់​ខ្លួន​ តាមរយៈ​ការ​បន្ទន់​ជំហរ​ផ្នែក​នយោបាយ​របស់​មេដឹកនាំ​នយោបាយ​ទាំងពីរ​ ដែល​កំពុង​មាន​ភាព​មា​នៈ​រៀង​ៗខ្លួន​? ទី៤​ តើ​មេដឹកនាំ​បក្ស​ប្រឆាំង​គួរ​ធ្វើជា​វីរៈ​បុរស​នៅ​ក្រោយ​ឆាក​បាន​ឬទេ​? តាមរយៈ​ការដឹកនាំ​ក្រុមការងារ​ដើម្បី​ជួយ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប​កុំ​ឲ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។

ជំហរ​ និង​ការសម្រេច​ចិត្ត​នៅ​ទីនេះ​ មិនមែន​ឈរ​លើ​សម្លេង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​ តែ​គួរ​ឈរ​លើ​ជំហរ​ជា​បេះដូង​របស់​ប្រជាពលរដ្ឋ​ និង​បេះដូង​របស់​មេដឹកនាំ​ទាំងពីរ​៕

ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ដ៏​ធំ​មួយ​នឹង​ធ្វើ​នៅ​ចុងឆ្នាំ២០១៩ នេះ​

0
ព្រឹត្តិ​ការណ៍​ពិព័រណ៍​អចលនទ្រព្យ​

ដោយ​ វល័​ក្ខ​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Realestate.com.kh​ នឹង​រៀបចំ​ព្រឹត្តិ​ការណ៍​អចលនទ្រព្យ​ដ៏​ធំ​ប្រចាំឆ្នាំ២០១៩​ នេះ​ ឬហៅ​ថា​“ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ២០១៩​”។ ពិព័រណ៍​ឆ្នាំនេះ​នឹង​ធ្វើ​នៅ​ថ្ងៃទី៤ ដល់០៥​ ខែតុលា​ ជាមួយនឹង​ការ​តាំង​បង្ហាញ​គម្រោង​អចលន​ទ្រព្យ​ធំៗ​ ​និង​ក្រុមហ៊ុន​អចលនទ្រព្យ​ចម្រុះ​ទាំង​ក្នុង​ស្រុក​ និង​អន្តរជាតិ​។

ព្រឹត្តិ​ការណ៍​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ បាន​ក្លាយជា​វេទិកា​គម្រូ​មួយ​សម្រាប់​ប្រវត្តិ​សាស្រ្ត​នៃ​ការទិញ​-លក់​អចលន​ទ្រប្យនៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយនឹង​ការ​ដាក់​បង្ហាញ​គម្រោង​បុរី​ ខុន​ដូ​ ដី​ និង​អចលន​ទ្រព្យ​ផ្សេង​ៗរាប់​រយ​គម្រោង​ វេទិកា​នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​ អ្នកទិញ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​រាប់ពាន់​នាក់​ក្នុង​ពិព័រណ៍​កន្លងមក​។

សម្រាប់​ឆ្នាំនេះ​ ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​លើក​នេះ​ នឹង​ធ្វើ​នៅ​សណ្ឋាគារ​ណា​ហ្គាវើល​ ភ្នំពេញ​ នៅ​សាល​ធំ​ជាន់ទី២​ រយៈពេល​ពីរ​ថ្ងៃ​ ចាប់ពី​ម៉ោង​ ១០​ ព្រឹក​ ដល់ម៉ោង​ ៦ ល្ងាច​។

ពិព័រណ៍​អចល​ទ្រព្យ​កម្ពុជា​ ជា​វេទិកា​ប្រចាំឆ្នាំ​ល្អ​បំផុត​សម្រាប់​អ្នក​ស្វែងរក​ឱកាស​វិ​នយោ​គ៖ ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​ ២០១៨​ ជា​ឱកាសល្អ​បំផុត​ក្នុង​ការស្វែងរក​គម្រោង​លំនៅ​ដ្ឋាន​ច្រើន​ជម្រើស​ក្នុង​ពេល​តែមួយ​។ គម្រោ​ងធំៗ​ ដូចជា​ ផ្ទះ​ ដី​ ខុន​ដូ​ បុរី​ ដី​ឡូ​តិ៍​ ​មាន​តាំង​បង្ហាញ​នៅនឹង​កន្លែង​។ ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ និង​ផ្តល់​ជូន​ឱកាស​បញ្ចុះតម្លៃ​ពិសេស​ពី​គម្រោង​នី​មួយ​ៗ។

ក្រៅពី​ការ​តាំង​បង្ហាញ​គម្រោង​លំនៅ​ដ្ឋាន​ដ៏​ប្រណិត​ និង​ជួបគ្នា​រវាង​អ្នកលក់​ និង​អ្នកទិញ​ នៅក្នុង​ពិព័រណ៍​ដ៏​ធំ​នេះ​នឹង​មាន​ វគ្គ​សិក្ខាសាលា​អប់រំ​សម្រាប់​វិស័យ​អចលនទ្រព្យ​ក៏​នឹង​ដំណើរការ​ពីរ​ថ្ងៃ​ពេញ​ផង​ដែរ​ ជាមួយ​ប្រធាន​ក្តៅ​ៗ ល្អ​ៗ ទាក់ទង​នឹង​ស្ថានភាព​ទីផ្សារ​ស្តីអំពី​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​នៅពេល​បច្ចុប្បន្ន​ ដោយមាន​ការ​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​ជំ​នាញៗ​ទាំង​ក្នុង​ស្រុក​ និង​អន្តរជាតិ​។

សម្រាប់​អ្នកមាន​ចំណាប់​អារម្មណ៍​ចូលរួម​ទស្សនា​ អ្នក​ចុះឈ្មោះ​ចូលរួម​ដោយសេរី​ និង​អាច​មានឱកាស​ឈ្នះ​រង្វាន់​ និង​កាដូ​អនុស្សាវរីយ៍​ជាច្រើន​។ សូម​ចុះឈ្មោះ​ចូលរួម​ឥឡូវនេះ​!។

សម្រាប់​ការ​ធ្វើ​ម្ចាស់​ឧបត្ថម្ភ​ ឬចង់​កក់​កន្លែង​តាំង​គម្រោង​នៅ​សូម​ទាក់ទង​។

ភាសាខ្មែរ​ និង​ចិន​៖ nin.kang​@realestate.com.kh​ ឬទូរស័ព្ទ​ (+855​) 93​ 552​ 305​ និង​ (+855​) 78​ 637​ 32​។

អង់គ្លេស​៖ tyler.stuart​@realestate.com.kh​ ​ឬទូរស័ព្ទ​ (+855​) 12​ 599​ 669​ និង​ (+855​) 81​ 599​ 669​៕

ប្រភព៖ realestate.com.kh

ការ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​កើន​ដល់​ទឹកប្រាក់​ ២,៥០០លាន​ដុល្លារ​អាមេរិក​

0
ទុនវិនិយោគជប៉ុន
ផ្សារទំនើប AEON

ដោយ​រ៉ា​ ណេត​

ភ្នំ​ពេញៈ​ មន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ ជាមួយនឹង​លំហូរ​ចូល​នៃ​ការ​វិនិយោគ​ពី​បណ្តា​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​ បាន​ធ្វើឲ្យ​លំហូរ​ទុន​វិនិយោគ​របស់​ជប៉ុន​កើន​ជិតដល់ ២៥០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​ បាន​មានប្រសាសន៍​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គ​រដ្ឋទូត​ជប៉ុន​លោក​ ហ៊ី​ដេ​ហ៊ី​សា​ ហូរី​ណូ​ជិ​ (Hidehisa​ HORINOUCHI​) នៅ​ព្រឹក​ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០១៩​ នេះ​ថា​ ជប៉ុន​ គឺជា​ភាគី​មិត្តភាព​ដ៏​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​ ជាច្រើន​ឆ្នាំ​កន្លងមក​ហើយ​ ហើយ​ថែមទាំង​ព្យាយាម​ជួយ​ និង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ជំរុញ​ និង​អភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​មាន​ភា​ពល្អ្រ​សើរ​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ការ​ផ្តល់​ជំនួយ​ឥត​សំណង់​ ការ​ផ្តល់​កម្ចី​ដើម្បី​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ក៏ដូចជា​ជំរុញ​ និង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​មកកាន់​កម្ពុជា​ផង​ដែរ​។

​លោក​បាន​បន្ត​ថា​ នៅក្នុង​អំឡុង​ពេល​បំពេញបេសកកម្ម​ ចាប់តាំងពី​ឆ្នាំ២០១៦​ ដល់២០១៩​ របស់​លោ​កហ៊ី​ដេ​ហ៊ី​សា​ ហូរី​ណូ​អូ​ជិ​ ដែល​ទើបតែ​ចប់​អាណត្តិ​បេសកកម្ម​នៅ​កម្ពុជា​ ជប៉ុន​បាន​ផ្ដល់​ជំនួយឥតសំណង​ ដល់​កម្ពុជា​សរុប​ចំនួន​ជាង ១៨១ លាន​ដុល្លារ​អាមេរិក​ និង​កម្ចី​ចំនួន​ជិត ៤២២លាន​ដុល្លារ​អាមេរិក​។

លោក​ ហ៊ី​ដេ​ហ៊ី​សា​ បាន​មានប្រសាសន៍​ផង​ថា​ ក្នុង​ពេល​បំពេញបេសកកម្ម​នៅ​កម្ពុជា​ លោក​បានឃើញ​ប្រទេស​កម្ពុជា​មាន ការ​រីកចម្រើន​ខ្លាំង​។ លោក​បាន​យល់ស្រប​ទៅ​នឹង​ការ​លើកឡើង​ពី​ភាព​រីកចម្រើន​ និង​កើនឡើង​នូវ​ទំហំ​វិនិយោគ​ផ្ទាល់​របស់​ជប៉ុន​នៅ​កម្ពុជា​ ពោល​គឺ​បាន​កើនឡើង​ចំនួន៣៤ភាគរយ​ បើ​ធៀប​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ដែល​ក្នុង​រួមមាន​ដូចជា​វិស័យ​ទេសចរណ៍​ សណ្ឋាគារ​ វិស័យ​កសិកម្ម​ សំណង់​ ការអប់រំ​ និង​សុខាភិបាល​ជដើម​។

ទុនវិនិយោគជប៉ុន

លោក​បាន​បញ្ជាក់​ថា​ “ក្រោយពេល​វិលត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​ លោក​នឹង​ព្យាយាម​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ដល់​បណ្តា​ក្រុមហ៊ុន​នានា​នៅក្នុង​ប្រទេស​ជប៉ុន​ ដើម្បី​ជំរុញ​ឱ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​”៕

ប្រទេសថៃ​សាងសង់​អាគារ​ One Bangkok​ នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ដ៏​ធំ​មួយ ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍

0

ដោយ​ Donald​ Lee​

បាង​កកៈ​ ក្រុមហ៊ុន​លក់រាយ​របស់​ថៃ​មួយ​ បាន​ចាប់ផ្តើម​អភិវឌ្ឍ​គម្រោង​អាគារ​ One​ Bangkok​ ដែល​មាន​តំលៃ​ថ្លៃជាង​គេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ នៃ​ទីក្រុង​បាងកក​ដែល​នឹង​ក្លាយជា​អាគារ​ខ្ពស់​ជាងគេ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ផង​ដែរ​។

One Bangkok

យោង​តាម​របាយការណ៍​ចេញផ្សាយ​ដោយក្រុម​ហ៊ុន​ Frasers​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ TCC​ មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​ និង​ក្រុមហ៊ុន ​Frasers​ Property​ ដែល​បាន​ចុះបញ្ជី​នៅ​សឹង្ហ​បូរី​ បាន​វិនិយោគ​ទឹកប្រាក់​ចំនួន៤ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​នេះ​។

គម្រោង​ដែល​មានឈ្មោះ​ថា​ One​ Bangkok​ កំពុង​ត្រូវ​បាន​គេ​គិតថា​ជា​និមិត្តរូប​នា​ពេល​អនាគត​ នៅពេល​ដែល​វា​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ២០២៦​។ អគារ​ដ៏​ធំ​នៅ​ទីក្រុង​បាងកក​នេះ​ នឹង​មាន​កំពស់៤៣០ម៉ែត្រ​ និង​កំពស់​សរុប៩០ជាន់​។

លោក​ Panote​ Sirivadhanabhakdi​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Frasers​ Property​ Limited​ បាន​មានប្រសាសន៍​ថា​ “គម្រោង​ One​ Bangkok​ នឹង​ធ្វើការ​ផ្លាស់​ប្តូរ​ និង​កំណត់​ឡើងវិញ​នូវ​ទិដ្ឋភាព​ទីក្រុង​នៅ​ទីក្រុង​បាងកក​ តាមរបៀប​វិជ្ជមាន​ និង​យូរអង្វែង​ ខណៈ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​អចលនទ្រព្យ​ឯកជន​ធំ​បំផុត​នេះ​ ត្រូវ​បាន​អនុវត្តន៍​នៅក្នុង​ប្រទេស​ថៃ​”។

លោក​បាន​បន្ថែម​ថា​ “យើង​ជឿជាក់​ថា​ គម្រោង​ One​ Bangkok​ គឺជា​ការ​ផ្តល់​ជូន​ដ៏​ស័ក្តិសម​ នូវ​អ្វី​ដែល​រាជធានី​របស់​ប្រទេស​ថៃ​ អាច​ផ្តល់​ជូន​នៅ​លើ​ឆាក​ពិភពលោក​ ហើយ​គោលដៅ​របស់​យើង​ គឺ​ចង់​ឃើញ​ប្រទេស​នេះ​ក្លាយជា​ចំណុច​កណ្តាល​នៃ​អាស៊ាន​”។

យោង​តាម​ក្រុមហ៊ុន​ Frasers​ គម្រោង​នេះ​ នឹង​រួមបញ្ចូល​អគារ​ការិយាល័យ​ចំនួន​ ៥ ដែល​អាច​ផ្ទុក​ក្រុមហ៊ុន​រហូតដល់៥០០ក្រុមហ៊ុន​។

គម្រោង​ One​ Bangkok​ នឹង​ត្រូវ​បាន​អភិវឌ្ឍន៍​នៅ​លើ​តំបន់​មួយ​ ក្នុងចំណោម​តំបន់​ដែល​មាន​អចលនទ្រព្យ​តម្លៃ​ថ្លៃជាង​គេ​បំផុត​នៅ​ថៃ​។ ស្ថិតនៅ​កណ្តាល​ទីក្រុង​បាងកក​ អចលនទ្រព្យ​សំខាន់​ គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ Crown​ Property​ Bureau​។

One Bangkok

ក្រុមហ៊ុន​ Crown​ Property​ Bureau​ ជា​កម្មសិទ្ធិ​របស់​ស្តេច​ថៃ​ Maha​ Vajiralongkorn​ និង​កាន់កាប់​ប័ណ្ណ​កម្មសិទ្ធិ​លើ​ផ្ទៃដី​ជាង៦​,៥០០ហិ​កតា​ និង​កិច្ចសន្យា​ជួល៤ម៉ឺន​កន្លែងនៅ​ទូទាំង​ប្រទេស​។

ទ្រព្យសម្បត្តិ​របស់​ស្តេច​ថៃ​គ្រាន់តែ​នៅ​ទីក្រុង​បាងកក​ មាន​តំលៃ៣៣ពាន់​លាន​ដុល្លារ​៕

លំហូរ​វិនិយោគ​នៅ​កម្ពុជា​កើនឡើង​ដល់​ទឹកប្រាក់​ជាង​ ៥០០០លាន​ដុល្លារ​ត្រឹម ៦ខែ​ឆ្នាំ២០១៩​

0
លំហូវិនិយោគ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទំហំ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ បាន​កើនឡើង​រហូតដល់​ទឹកប្រាក់ ៥១៨១លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​មាន​គម្រោង​ចំនួន១៥៣​ ខណៈ​ដែល​កាលពី​ឆ្នាំ២០១៨​ នៅ​ឆមាស​ទី១មាន​ត្រឹម ១០៥គម្រោង​ ស្មើនឹង​ទំហំ​វិនិយោគ ៣០០០ លាន​ដុល្លារ​តែប៉ុណ្ណោះ​។

យោង​តាម​របាយការណ៍​ ដែល​ចេញ​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC​ បានឱ្យ​ដឹង​ថា​ នៅ​ត្រឹម​ឆមាស​ទី១​ ឆ្នាំ២០១៩​ តាមរយៈ​គណៈកម្មការ​វិនិយោគ​កម្ពុជា​ និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​ បានសម្រេច​ឯកភាព​លើ​គម្រោង​ថ្មី​ និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប​មាន ១៥៣គម្រោង​ ក្នុង​នោះ​គម្រោង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន ១១០គម្រោង​ និង​គម្រោង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន ៤៣គម្រោង​។ នៅក្នុងចំណោម​គម្រោង​ទាំង ១៥៣ខាងលើ​នេះ​ មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ​ ៥១៨១​ លាន​ដុល្លារ​អាចប​ង្កើត​ការងារ​បាន​ជាង ១៦៧​,៣៣០កន្លែង​”។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​លឹម​ ហេង​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ និង​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ សម្រាប់​ដំណាច់ឆ្នាំ២០១៩​ កម្ពុជា​នៅតែ​អាច​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់​ជាង ៧ភាគរយ​ ហើយ​គម្រោង​វិនិយោគ​បន្ថែម​នៅតែ​មានការ​កើនឡើង​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​ រយៈពេល៦ខែ​ឆ្នាំនេះ​ ក៏ដូចជា​ពេញ​មួយឆ្នាំ២០១៩​ កំណើន​សេដ្ឋកិច្ច​នៅតែ​រក្សា​បាន​លំនឹង​ធម្មតា​ ការ​វិនិយោគ​នៅតែ​មាន​ចូល​បន្ថែម​ ហើយ​គម្រោង​ចាស់​ដែល​មានស្រាប់​ ក៏​មិន​មាន​ភាព​អសកម្ម​នោះ​ដែរ​ មានតែ​ខ្វះ​រោងចក្រ​ជួល​ថែមទៀត​ផង​”។

​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​គម្រោង​វិនិយោគ​បរទេស​ ដែល​ចូល​មកកាន់​កម្ពុជា​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​​បាន​ឈានមុខ​គេ​ បន្ទាប់មក​គឺ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ វិស័យ​ទេសចរណ៍​និង​កម្សាន្ត​ ដែល​រួមមាន​ដូចជា​ការ​វិនិយោគ​លើ​ផ្នែក​សណ្ឋាគារ​ និង​កាស៊ីណូ​ជាដើម​ ”។ លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ដោយឡែក​សម្រាប់​ថ្ងៃខាងមុខ​នេះ​យើង​រំពឹង​ថា​ នឹង​មាន​ក្រុមហ៊ុន​អន្តរជាតិ​ដទៃទៀត​ ចូល​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ដូចជា​ការបង្កើត​រោងចក្រ​កែច្នៃ​ និង​វេច​ខ្ចប់​កសិផល​ដើម្បី​នាំចេញ​ទៅក្រៅ​ប្រទេស​”។

ពាក់ព័ន្ធ​ទៅ​នឹង​ការនាំចេញ​ពី​កម្ពុជា​ ឆ្ពោះទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ត្រូវ​បាន​លោក​ឧកញ៉ា​រំពឹង​ថា​ នៅតែ​រក្សា​បាន​នូវ​ភាពល្អ​ប្រសើរ​ដដែល​ បើ​ទោះជា​កម្ពុជា​មិន​មានច្បាប់​អនុគ្រោះ​ពន្ធ​ពី​សភាព​អឺរ៉ុប​ក៏ដោយ​។

លោក​ឧកញ៉ា​លឹម​ ហេង​បាន​បញ្ជាក់​ថា​ “មាន​បណ្តា​ប្រទេស​កម្នុង​តំបន់​ជាច្រើន​ដែល​មិន​មានច្បាប់​អនុគ្រោះ​ពន្ធ​ ប៉ុន្តែ​គេ​នៅតែ​អាច​ធ្វើ​បាន​ ហើយ​កម្ពុជា​ក៏អាច​ធ្វើ​បាន​ដូចគ្នា​”។ លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ផ្អែក​តាម​ការ​ធ្វើ​កំណែទម្រង់​គោលការណ៍​ និង​នយោបាយសេដ្ឋកិច្ច​ផ្ទៃក្នុង​របស់​រាជរដ្ឋាភិបាល​ កម្ពុជា​នៅតែ​អាច​ឈរជើង​រឹងមាំ​ក្នុង​ការនាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​ពិភពលោក​ដដែល​ ហើយ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែមទៀត​ផង​”៕

ផ្លូវ​ជា​តិ​ធំៗ​ចំនួន៤ខ្សែ​ កំពុង​សាងសង់​នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីក​ចំរើន​

0
ផ្លូវ​ជា​តិ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​ចំណាយ​ថវិកាជាតិ​រាប់ពាន់​លាន​ដុល្លារ​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ជាពិសេស​ផ្លូវ​ថ្នល់​នៅ​ទទូង​ទាំង​ប្រទេស​ ខណៈ​ផ្លូវ​មួយចំនួន​បាន​សាងសង់​រួចរាល់​ដាក់​ឱ្យ​ដំណើរការ​ និង​មួយចំនួន​ទៀត​ បាន​នឹង​កំពុង​ជួសជុល​ សាងសង់​ថ្មី​ និង​ស្ថាបនា​ឡើងវិញ​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើនប្រជាជន​ មធ្យោ​បាន​ធ្វើដំណើរ​ និង​សេដ្ឋកិច្ច​របស់​ប្រទេស​។

គេហទំព័រ​ Propertyarea.asia​ ដែល​ជា​គេហទំព័រ​ព័ត៌មាន​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុជា​ សូម​លើកយក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ​ចំនួន៤​ ដែល​កំពុង​សាងសង់​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ ឱ្យ​កាន់តែ​មានសន្ទុះ​រីក​ចំរើន​បន្ថែម​ទៀត​ ក្រោយពេល​សាងសង់​ចប់​ យក​មក​ចុះ​ផ្សា​បន្ថែម​ទៀត​ដូច​ខាងក្រោម​នេះ​៖

១) ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​

ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ដែល​មាន​ប្រវែង​ជាង៥០គីឡូម៉ែត្រ​ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ ចំណាយ​ថវិកា​ជិត៣០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ សាងសង់​នេះ​ក្នុង​គោលបំណង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរ​ ក្នុង​ទីក្រុង​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​ផ្ទៃក្នុង​។

ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣នេះ​ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០១៩​ កន្លងមក​នេះ​ នឹង​ប្រើ​រយៈ​ពេល​៤២​ខែ​ ដែល​គ្រោង​បញ្ចប់​នៅ​ខែធ្នូ​ ឆ្នាំ២០២១​។ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី៣​ តភ្ជាប់​ពី​ផ្លូវជាតិ​លេខ៤​ មក​ផ្លូវជាតិ​លេខ១​ ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល​ ប្រវែង​សរុប​ជិត៥៣គីឡូម៉ែត្រ​ ។ ផ្លូវ​នេះ​ មាន​ទំហំ​ទទឹង​ផ្លូវ​រហូតដល់​ទៅ​ ២៧ម៉ែត្រ​ សម្រាប់​ទីប្រជុំជន​ និង​សម្រាប់​ក្រៅ​ទីប្រជុំជន​វិញ​មាន​ទំហំ​ទទឹង​ផ្លូវ ២៥ម៉ែត្រ​។

២) ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុង​ព្រះសីហនុ​

ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-ក្រុង​ព្រះសីហនុ​ ដែល​ចំណាយ​ថវិកា​ប្រមាណ២ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​ការសាងសង់​មាន​ប្រវែង​សរុប​ជាង១៩០គីឡូម៉ែត្រ​ តភ្ជាប់​ពី​ភូមិ១​ សង្កាត់​សំរោងក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ដល់​ភូមិ១​ សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​។

ផ្លូវ​នេះ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រវែង៨.៣០គីឡូម៉ែត្រ​ ខេត្តកណ្តាល​ប្រវែង​ ៩.១០គីឡូម៉ែត្រ​ ខេត្ត​កំពង់ស្ពឺ​ប្រវែង ៨០.៨០​គីឡូ​ម៉ែត្រ​ ខេត្តកោះកុង​ប្រវែង១.៩២គីឡូម៉ែត្រ​ និង​ខេត្ត​ព្រះសីហនុ​ប្រវែង៨៩.៨៩គីឡូម៉ែត្រ​ ។ ផ្លូវ​ល្បឿន​លឿន​បាន​បើក​សម្ពោធ​ កាលពី​ព្រឹក​ថ្ងៃទី២២​ មីនា​ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ក្រោម​អធិបតីភាព​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​លោក​ខុង​ សៀ​នយ៉ូវ​ (Kong​ Xuanyou​) អនុរដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ចិន​។

៣) គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ៥​

គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​កំណាត់ផ្លូវ​ជាតិ​លេខ៥​ ភាគ​កណ្តាល​ពី​ព្រែក​ក្តាម​ ទៅដល់​ប៉ោយប៉ែត​ ដែល​មាន​ប្រវែង​៣៦៦គីឡូម៉ែត្រ​ ត្រូវ​បាន​ធ្វើការ​ជួល​ជុល​ពង្រីក​បន្ថែម​ក្នុងរង្វង់​ថវិកា​ប្រមាណ៥០០លាន​ដុល្លារ​ សហរដ្ឋអាមេរិក​។ ការ​អភិវឌ្ឍ​កំណាត់ផ្លូវ​ជាតិ​លេខ៥នេះ​ នឹង​ក្លាយជា​ផ្លូវ​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា​ តាមរយៈ​ការ​តភ្ជាប់​ជាមួយ​ប្រទេស​ចំនួន៤ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន​ និង​ប្រទេស​ចិន​។

៤) ការស្ថាបនា​ឡើងវិញ​ផ្លូវជាតិ​លេខ៣​

គម្រោង​ពង្រីក​ និង​លើក​កម្រិត​កំណាត់ផ្លូវ​ជាតិ​លេខ៣​ មាន​ប្រវែង​សរុប ១៣៤​,៨២៦​ គីឡូម៉ែត្រ​ ចាប់ពី​ភ្នំពេញ ​(ចោមចៅ​) ដល់​ក្រុង​កំពត​ ដោយ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ ប្រវែង ១២គីឡូម៉ែត្រ​ ខេត្តកណ្តាល​ប្រវែង ១១គីឡូម៉ែត្រ​ ខេត្ត​កំពង់ស្ពឺ​ប្រវែង ៣០​គីឡូម៉ែត្រ​ ខេត្តតាកែវ​ ប្រវែង៣០គីឡូម៉ែត្រ​ និង​ខេត្តកំពត​ប្រវែង ៥១គីឡូម៉ែត្រ​។

ផ្លូវជាតិ​លេខ៣​ គឺជា​ខ្សែ​ផ្លូវ​នៃ​ប៉ូល​សេដ្ឋកិច្ច​ និង​ទេសចរណ៍​ដ៏​មាន​សក្តា​នុ​ពល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ តភ្ជាប់​រាជធានី​ភ្នំពេញ​ ទៅកាន់​ខេត្តកំពត​ ដោយ​ឆ្លងកាត់​រាជធានី​-ខេត្ត​ចំនួន៥​ រួមមាន​ រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ ខេត្ត​កំពង់ស្ពឺ​ ខេត្តតាកែវ​ និង​ខេត្តកំពត​ និង​អាច​តភ្ជាប់​ទៅកាន់​កំពង់ផែ​សមុទ្រ​អន្តរជាតិ​ ខេត្ត​ព្រះសីហនុ​ តាមរយៈ​ផ្លូវជាតិ​លេខ៤​ និង​ខេត្តកោះកុង​ ច្រកព្រំដែន​កម្ពុជា​-ថៃ​ តាមរយៈ​ផ្លូវជាតិ​លេខ៤​ និង​ផ្លូវជាតិ​លេខ៤៨​៕

ក្រសួង​ដែនដី​នឹង​ពង្រាយ​មន្ត្រីបច្ចេកទេស​ដើម្បី​ពន្លឿន​និ​តិ​វិធី​ក្នុង​ការ​ចេញ​អាជ្ញាប័ណ្ណ​

0
ក្រសួងដែនដី

ដោយ​ម៉ា​ ណេត​

ព្រះ​សី​ហនុៈ​ ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នឹង​ពង្រាយ​មន្ត្រី​បច្ចេកទេស​នៅ​តាម​បណ្តា​សង្កាត់​ទាំងអស់​ របស់​ក្រុង​ព្រះសីហនុ​ ខណៈ​ក្រសួង​រៀបចំ​ក្រុម​ជួយ​បងប្អូន​ក្នុង​ការ​គូស​ប្លង់​ លិខិត​សាងសង់​ ដើម្បី​បង្ខិត​រយៈពេល​ឱ្យ​ខ្លី​ស្របតាម​អនុសាសន៍​ដឹកនាំ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​។

ក្រសួងដែនដី
លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់

លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ថ្លែង​បែបនេះ​ នៅក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​អគារ​ពហុមុខ​ងារ​មួយ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​។ជាមួយគ្នា​នេះ​ លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា​ តើ​យើង​ត្រូវ​ធ្វើ​យ៉ាងណា​ ដើម្បី​ឱ្យ​ការគ្រប់គ្រង​សំណង់​នេះ​ឱ្យ​បាន​ល្អ​? មុននឹង​សាងសង់​សំណង់​ ត្រូវ​សិក្សា​ពី​គម្រោង​ប្លង់​ សិក្សា​ឱ្យ​ហើយស្រេច​ និង​មាន​ប្លង់​គ្រឹះ​ ប្លង់​ទឹក​ ប្លង់​ភ្លើង​ឱ្យ​ចប់​សព្វគ្រប់​ ហើយ​សូម​ដាក់ពាក្យ​ស្នើសុំ​សាងសង់​។

លោក​បន្ត​ថា​ “ការសាងសង់​ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​រក​ដៃគូ​ សាងសង់​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​វិជ្ជាជីវៈ​លើ​ការសាងសង់​”។ លោ​កបន្យ​តថា​ ក្រុមហ៊ុន​បាន​ចុះបញ្ជី​នៅ​ក្រសួង​ដែនដី​ ដើម្បី​ឱ្យ​សំណង់​នេះ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​សំណង់​។ សំណង់​ដែល​សាងសង់​ត្រូវ​មាន​ក្រុមហ៊ុន​ត្រួតពិនិត្យ​ដឹកនាំ​ការងារ​សាងសង់​ពីដើម​ដល់​ចប់​។ នេះ​គឺជា​លក្ខខណ្ឌ​នៃ​ការគ្រប់គ្រង​សំណង់​។ ការសាងសង់​ទាំងអស់​ត្រូវតែ​មាន​វិស្វករ​ ស្ថាបត្យករ​នៅ​ប្រចាំការ​នៅ​ការដ្ឋាន​”។

លោក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ មានប្រសាសន៍​ថា​ ក្រសួង​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ នឹង​ពង្រាយ​មន្ត្រី​បច្ចេកទេស​ នៅ​តាម​បណ្តា​សង្កាត់​ទាំងអស់​របស់​ក្រុង​ព្រះសីហនុ​។ និង​រៀបចំ​ក្រុម​ជួយ​បងប្អូន​ក្នុង​ការ​គូស​ប្លង​ លិខិត​សាងសង់​ ដើម្បី​បង្ខិត​រយៈពេល​ឱ្យ​ខ្លី​ស្របតាម​អនុសាសន៍​ដឹកនាំ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​។ និង​បំបាត់​បញ្ហា​អសកម្ម​ទាំងឡាយ​ ហើយ​យើង​មិន​អនុញ្ញាត​ឱ្យ​សំណង់​សាងសង់​ហើយ​ គ្មាន​លិខិតអនុញ្ញាត​ឡើយ​។

លោក​បាន​បន្ត​ថា​ “ត្រូវតែ​មាន​លិខិតអនុញ្ញាត​ ត្រូវ​ចុះ​ឆែក​ថា​តើ​សំណង់​នឹងនរ​ណា​ជា​អ្នកសាង​សង់​ បើ​ក្រុមហ៊ុន​មិនបាន​ចុះបញ្ជី​នៅ​ក្រសួង​ដែនដី​ នោះ​មិន​អាច​សាងសង់​បានទេ​ ហើយ​បើ​គ្មាន​វិស្វករ​នៅ​ប្រចាំការ​ដ្ឋាន​ មិន​អនុញ្ញាត​ឱ្យ​សាងសង់​បាន​ឡើយ​”។

ក្រសួងដែនដី
អគារខ្ពស់ៗនៅព្រះសីហនុ

ទាក់ទង​នឹង​ការគ្រប់គ្រង​គុណភាព​សំណង់​នេះ​ដែរ​ លោក​គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ បាន​លើក​ឡើង​ថា​ ដើម្បី​គ្រប់គ្រង​ការដ្ឋាន​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ ឱ្យ​មានប្រសិទ្ធភាព​ រដ្ឋបាល​ខេត្ត​ក៏បាន​បង្កើត​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ តាមដាន​ ទប់ស្កាត់​លើ​ការដ្ឋាន​សាងសង់​នៅក្នុង​ខេត្ត​ ដែល​មិនទាន់​មាន​លិខិតអនុញ្ញាត​ ឬការសាងសង់​ខុសពី​លិខិតអនុញ្ញាត​ និង​បទដ្ឋាន​គតិយុត្តិ​សម្រាប់​គម្រោ​ងផ្សេង​ៗទៀត​៕

ក្រសួងទេសចរណ៍​ទទួលស្គាល់​ការ​ធ្លាក់ចុះ​ភ្ញៀវ​លើកដំបូង​នៅ​ខេត្តសៀមរាប​​ និង​ដាក់ចេញ​ផែនការ​ថ្មី​

0
ក្រសួងទេសចរណ៍​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​ក្រសួងទេសចរណ៍​បាន​ទទួលស្គាល់​ការ​ថយ​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទស្សនា​តំបន់​អង្គរ​ជាលើកដំបូង​ ហើយ​បាន​ដាក់ចេញ​ផែនការ​ថ្មី​ជាមួយ​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ ក៏ដូចជា​អង្គការ​ UNESCO​ ប្រចាំ​នៅ​កម្ពុជា​ បាន​រៀបចំផែនការ​យុទ្ធសាស្ត្រ​ជាថ្មី​ ដើម្បី​លើកស្ទួយ​វិស័យ​មួយ​នេះ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​។

កាលពី​ឆ្នាំ២០១៨​ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ៦​,២លាន​នាក់​ ក្នុង​កំណើន១១​% ក្នុង​នោះ​ខេត្តសៀមរាប​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ ២​,៥៩លាន​នាក់​ កើនឡើង៥​,៤៣​%។ រយៈពេល៦ខែ​ដើមឆ្នាំ២០១៩នេះ​ ភ្ញៀវ​ទេសចរ​ដែល​ទៅ​ខេត្តសៀមរាប​មាន​ប្រមាណ ១​,២៤លាន​នាក់​ ថយ​ចុះ៨.២៩​%។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ថោង​ ខុន​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ឋកាលពី​ថ្ងៃទី៣១​ កក្កដា​កន្លងមក​ថា​ យើង​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ពិភាក្សា​ ប៉ុន្តែ​បញ្ហា​សំខាន់​មុនគេ​ គឺ​សៀមរាប​ត្រូវការ​ការ​អភិវឌ្ឍ​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗបន្ថែម​ទៀត​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​ពន្យារ​ការ​ស្នាក់នៅ​របស់​ពួកគេ​។ លោក​បាន​បន្ត​ទៀត​ថា​ កាលពី​ឆ្នាំ២០១៨កន្លងមក​ ដើម្បី​ទ្រទ្រង់​កំណើន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​ រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ​ ដើម្បី​សិក្សា​រៀបចំផែនការ​មេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប​ ដែល​មាន​ក្រសួងទេសចរណ៍​ជា​ប្រធាន​ ហើយ​ច្ចុ​ប្ប​ន្ន​ក្រុមការងារ​ជំនាញ​ បាន​និង​កំពុង​សិក្សា​រៀបចំផែនការ​មេនេះ​យ៉ាងសកម្ម​។

ផែនការមេ​ នឹង​ផ្តោត​ជា​សំខាន់​លើ​ការ​អភិវឌ្ឍ​ខេត្តសៀមរាប​ ជាពិសេស​ក្រុង​សៀមរាប​ជាទី​ក្រុង​ទេសចរណ៍​ ជាទី​ក្រុង​បេតិកភណ្ឌ​ និង​ជាទី​ក្រុង​ដែល​គិតគូរ​ពី​បរិស្ថាន​ (Eco​-City​) ដែល​ត្រូវ​ធ្វើស​មា​ហរ​ណកម្ម​ទាំង​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច​ សង្គម​ វប្បធម៌​ បរិស្ថាន​ និង​ស្ថាបត្យកម្ម​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​ជាមួយ​ផែនការ​គ្រប់គ្រង​តំបន់​អង្គរ​ (TMP​) របស់​អាជ្ញាធរ​ជាតិ​អប្សរា​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ​ក្រសួងទេសចរណ៍​បាន​ និង​កំពុង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ រៀបចំ​ការងារ​មួយចំនួន​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​រួមមាន​។

ទី១​- ការជំរុញ​ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ជុំវិញ​ក្រុង​សៀមរាប​ ជាពិសេស​តំបន់​ព្រែក​ទាល់​ បឹងទន្លេសាប​ ភ្នំ​គូលែន​ និង​សហគមន៍​ទេសចរណ៍​នានា​ ដើម្បី​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ និង​ពន្យារពេល​ស្នាក់នៅ​របស់​ភ្ញៀវ​ទេសចរ​។ ទី២​ ជំរុញ​ឲ្យ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត​ ដោយ​ត្រូវ​ធ្វើការ​ជួសជុល​ផ្លូវ​ សិក្សា​រៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ និង​អគ្គីស​នី​ឲ្យបាន​គ្រប់គ្រាន់​ និង​ត្រូវ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​សំណល់រឹង​ និង​រាវ​ឲ្យបាន​ត្រឹមត្រូវ​តាម​ស្តង់​ដា​បរិស្ថាន​ រៀបចំ​ចំណតរថយន្ត​ បង្គន់​អនាម័យ​សាធារណៈ​ គ្រប់គ្រង​មធ្យោបាយ​ដឹកជញ្ជូន​ សណ្តាប់​ធ្នាប់​របៀបរៀបរយ​សាធារណៈ​ក្នុង​ទីក្រុង​។ល។

ទី៣​- ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ និង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ ឆ្លើយតប​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ ដោយ​ត្រូវ​ពង្រឹងគុណភាព​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ ការ​បណ្តុះបណ្តាល​ផ្ទៃក្នុង​ និង​ជំរុញ​ការអនុវត្ត​ស្តង់​ដា​អាស៊ាន​ក្នុង​វិស័យ​ទេសចរណ៍​ជាដើម​។

លោក​សាស្រ្តា​ចារ្យ​ Az​édine​ BESCHAOUCH​ លេខាធិការ​អចិន្ទ្រៃ​យ៍​នៃ​ ICC​-Angkor​ បាន​ស្នើ​ឱ្យ​ក្រសួងទេសចរណ៍​ លើក​បង្ហាញ​នូវ​គម្រោង​ផែនការមេ​រៀបចំ​អភិវឌ្ឍន៍​ខេត្តសៀមរាប​ និង​ផែនការ​យុទ្ធសាស្ត្រ​នានា​ នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​របស់​គណៈកម្មាធិការ​ ICC​ ដែល​នឹង​ប្រារព្ធ​ឡើង​នា​អំឡុង​ខែធ្នូ​ ឆ្នាំ២០១៩​ ខាងមុខ​។ លោក​សាស្រ្តា​ចារ្យ​ក៏បាន​ស្នើ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ លើ​ការរៀបចំ​ផែនការ​គ្រប់គ្រង​តំបន់​អង្គរ​មាន​ជាអាទិ៍​ បញ្ជរ​គ្រប់គ្រង​ភ្ញៀវ​មុន​ចូល​ទស្សនា​ប្រាសាទ​ ការបែងចែក​ខ្សែ​ទស្សនកិច្ច​ ចំណត​នៅមុខ​ប្រាសាទអង្គរវត្ត​ បណ្ដាញ​គមនាគមន៍​នៅ​ប្រាសាទ​បា​យ័ន្ត​ លានជល់ដំរី​ ប្រាសាទ​ព្រះ​ពិ​ធូ​ និង​នៅ​តំបន់​ភ្នំ​គូលែន​ ក៏ដូចជា​ការរៀបចំ​ប្រព័ន្ធ​អ៉ីន​ធើ​ណេត​ Wifi​ ការរៀបចំ​គម្រោ​ងព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប​ផង​ដែរ​។

តាម​ការ​ឱ្យ​ដឹងពី​សំណាក់​គណៈ​ គ្រប់គ្រង​សណ្ឋាគារ​មួយចំនួន​នៅ​ក្រុង​សៀមរាប​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា​ វា​ជា​រឿង​ប្រសើរ​ដែល​ក្រសួងទេសចរណ៍​ចាប់ផ្តើម​ទទួលស្គាល់​បញ្ហា​នេះ​ ព្រោះ​តួលេខ​បង្ហាញ​ដោយ​ក្រសួង​កន្លងមក​ ហាក់​មានតែ​តួលេខ​។ លោក​បន្ត​ថា​ ការ​កើនឡើង​នៃ​ចំនួន​តួលេខ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​ក្រុង​សៀមរាប​ ដែល​ចេញ​ដោយ​ក្រសួង​ទេសចរ​កាលពី​ពេល​កន្លងទៅ​ វា​គ្រាន់តែ​ជា​ចំនួន​សិប្បនិម្មិត​តែប៉ុណ្ណោះ​ ប៉ុន្តែ​ចំនួនពិត​ប្រាកដ​ត្រូវ​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ “ប្រសើ​នបើ​មន្ត្រី​ក្រសួង​ចង់​ដឹង​ច្បាស់​អាច​ចុះ​ធ្វើការ​អង្កេត​នៅ​តាម​បណ្តា​សណ្ឋាគារ​ ឬផ្ទះសំណាក់​នានា​ដែល​ស្ថិតនៅ​តំបន់​ល្បី​ៗ នៃ​ក្រុង​អង្គរ​ ក៏ដូចជា​ក្រុង​សៀមរាម​ នោះ​ពួកគេ​នឹង​និយាយ​បញ្ជាក់​ពី​រឿង​នេះ​”៕

ការសិក្សា​៖ ទីក្រុង​ភ្នំពេញ​ស្ថិតនៅ​ក្នុងចំណោម​ទីក្រុង​ចំនួន៥​ នៅ​អាស៊ី​ដែល​ល្អ​បំផុត​សម្រាប់​ការ​វិនិយោគ​អចលនទ្រព្យ​

0
ទីក្រុង​ភ្នំពេញ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ទីក្រុង​ភ្នំពេញ​ស្ថិតនៅ​ក្នុងចំណោម​ទីក្រុង​ចំនួន៥​ ជាទី​ក្រុង​ល្អ​បំផុត​ក្នុង​តំបន់​អាស៊ី​ក្នុង​ការទិញ​អចលនទ្រព្យ​ ខណៈ​ទីក្រុង​ទាំងនេះ​ កំពុង​មានសន្ទុះ​រីក​ចំរើន​ខ្លាំង​ខាង​វិស័យ​សេដ្ឋកិច្ច​ ប្រជាសាស្ត្រ និង​សំណង់​។

ទីក្រុង​ភ្នំពេញ​

យោង​តាម​ការ​ចុះផ្សាយ​ពី​គេហទំព័រ​ INVEST​ INSIAN​ បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​បាន​ឲ្យដឹង​ថា​ ទីក្រុង​ភ្នំពេញ​របស់​ប្រទេស​កម្ពុជា​ ស្ថិត​ក្នុងចំណោម​ទីក្រុង​ដែល​មានការ​រីកចម្រើន​លឿន​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ ដោយសារតែ​ការ​ធ្វើ​នគរូបនីយកម្ម​របស់​រដ្ឋាភិបាល​ និង​អត្រាកំណើត​មាន​សុខភាព​ល្អ​របស់​ប្រជាជន​បច្ចុប្បន្ន​ នៅ​ទីក្រុង​ភ្នំពេញ​មាន​ចំនួន ២លាន​នាក់​ ហើយនឹង​កើនឡើង​ទ្វេដង​នៅ​ឆ្នាំ២០៣០​។

ទីក្រុង​ក្នុង​តំបន់​អាស៊ី​ទាំងនោះ​ រួមមាន​ ទីក្រុង​ភ្នំពេញ​ បាងកក​ ទីក្រុង​ម៉ានីល​ ទីក្រុង​សេអ៊ូល​ និង​ទីក្រុង​កូឡាឡាំពួរ​។

សារព័ត៌មាន​នេះ​បាន​ពន្យល់​ថា​ ចំនួន​ប្រជាជន​នឹង​កើនឡើង​ឥត​ឈប់ឈរ​រួម​ជាមួយ​ការ​កើនឡើង​ នៃ​វណ្ណៈ​កណ្តាល​របស់​ប្រទេស​កម្ពុជា​ និង​កត្តា​ជំរុញ​កំណើន​ផ្សេងទៀត​ ស្មើនឹង​តម្រូវការ​កាន់តែ​ច្រើន​ សម្រាប់​អចលនទ្រព្យ​ក្នុង​កណ្តាល​ក្រុង​ ក្នុងរយៈពេល​វែង​។

សារព័ត៌មាន​ដដែល​ពន្យល់​បន្ថែម​ទៀត​ថា​ ទីក្រុង​ភ្នំពេញ​ ជាទី​ក្រុង​ដែល​មាន​ក្រុមហ៊ុន​និង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ជាច្រើន​ ដែល​មាន​ធនាគារ​លំ​ដាល់​ពិភពលោក​ជាច្រើន​ដូចជា​ ICBC​ ធនាគារ​ចិន​ និង​ធនាគារ​ ANZ​ ដែល​ប្តូរ​ឈ្មោះ​ទៅ​ J Trust​ Bank​ ជាដើម​។ ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុមហ៊ុន​ AEON​ Group​ មក​ពី​ប្រទេស​ជប៉ុន​នា​ពេល​ថ្មី​ៗនេះ​បាន​សាងសង់​ផ្សារ​ទំនើប​ធំៗ​ចំនួន២​ នៅក្នុង​ក្រុង​ដោយ​ផ្សារ​ទំនើប​នី​មួយ​ៗទទួល​បានការ​កាន់កាប់​ ១០០​% និង​មាន​ភ្ញៀវ​ចូល​រាប់ពាន់​នាក់​ក្នុង​មួយថ្ងៃ​។

ទីក្រុង​ភ្នំពេញ​នេះ​ គឺជា​មជ្ឈមណ្ឌល​ទេសចរណ៍​ ដែល​កំពុង​រីកចម្រើន​ផង​ដែរ​។ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ បាន​ស្វាគមន៍​ភ្ញៀវ​ចូល​មាន​ចំនួន​ជាង៥លាន​នាក់​ក្នុង​ឆ្នាំ​ ២០១៨​ កើនឡើង ១​,៧លាន​នាក់​បើ​ធៀប​នឹង​កាលមុន​។

ទីក្រុង​ភ្នំពេញ​

ប៉ុន្តែ​ទោះបីជា​មាន​សក្តា​នុ​ពល​ច្រើនយ៉ាង​នេះ​ក្តី​ ទីផ្សារ​អចលនទ្រព្យ​សំ​ខាន់​ៗនៅ​ភ្នំពេញ​ នៅតែ​មានតម្លៃ​ទាប​ជាង​បណ្តា​ទីក្រុង​មួយចំនួន​ដែល​នៅ​ជិតខាង​ ពោល​គឺ​មានតម្លៃ ១០០០ដុល្លារ​អាមេរិក​ ក្នុង​មួយ​ម៉ែត្រការ៉េ​ក្នុង​គិតជា​មធ្យម​។ តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​ជិ​តៗ​នោះ​ដូចជា​ទីក្រុង​ Jakarta​ និង​ទីក្រុង​ហាន់​ណូយ​ជាដើម​ គឺ​មានតម្លៃ​លើស​ពី​ ៤០០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​ បើ​ប្រៀបធៀប​នឹង​ទីក្រុង​ភ្នំពេញ​៕

អតីតកាល​លង​បន្លាច​ជនជាតិ​កូរ៉េ​ខាងត្បូង​ជំរុញ​ឲ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន​ជាថ្មី​

0
​ជប៉ុន​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ បាន​ជាប់​គាំង​នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​ក្តៅ​គគុក​ ដែល​ផ្តើម​ចេញពី​សំណង​ដែល​មិនបាន​ដោះស្រាយ​ ដល់​ជនរងគ្រោះ​កូរ៉េ​អំឡុង​ការ​កាន់កាប់​របស់​ជប៉ុន​ពីឆ្នាំ១៩១០​-១៩៤៥​។

អតីតកាល​ដ៏​ឈឺចាប់​នេះ​ បាន​ធ្វើឲ្យ​ទំនាក់ទំនង​សេដ្ឋកិច្ច​ នយោបាយ​ និង​វប្បធម៌​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​ បាន​ឈាន​ដល់​កំរិត​ទាប​បំផុត​ជា​ប្រវត្តិសាស្ត្រ​។

ប្រជាជន​កូរ៉េ​ខាងត្បូង​ បាន​ធ្វើ​ពហិការ​រាល់​អ្វី​ៗទាំងអស់​ ដែល​ជា​ផលិត​របស់​ ប្រទេស​ជប៉ុន​ ចាប់តាំងពី​ជប៉ុន​បាន​ដាក់កម្រិត​លើ​ការនាំចេញ​វត្ថុធាតុដើម​ ដែល​ត្រូវការ​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​បច្ចេកវិទ្យា​លើ​កូរ៉េ​ខាងត្បូង​។

ផលិតផល​នៃ​បច្ចេកវិទ្យា​សំ​ខាន់​ៗ ដូចជា​ រថយន្ត​ម៉ាក​ Lexus​ ស្រាបៀ​រអា​សា​ហ៊ី​ និង​គ្រឿងសំអាង​ប្រណីត​ សុទ្ធតែ​ស្ថិត​ក្នុង​បញ្ជី​ទំនិញ​ដែល​ប្រជាជន​កូរ៉េ​ខាងត្បូង​បាន​ឈប់​ទិញ​ ចាប់តាំងពី​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ ដោយសារតែ​ជម្លោះ​ជុំវិញ​សំណង​ក្នុងអំឡុងពេល​ដែល​ជប៉ុន​គ្រប់គ្រង​ឧបទ្វីប​កូរ៉េ​។

ការ​រឹតត្បិត​ការនាំចេញ​របស់​ជប៉ុន​ធ្វើឡើង​ ក្នុង​ការសងសឹក​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​កាលពី​ខែ​ តុលា​ ដែល​បាន​ផ្តល់​ប្រាក់ឈ្នួល​ដល់​កម្មករ​កូរ៉េ​ជាមួយ​ទឹកប្រាក់៨៥.០០០ដុល្លារ​ក្នុង​សំណង​នី​មួយ​ៗ ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​បម្រើ​ដល់​ការ​ធ្វើសង្គ្រាម​នៅ​សង្គ្រាមលោក​លើក​ទី២​ នៅ​ឯក្រុម​ហ៊ុន​នីប​ផេ​នដែ​ករបស់​ជប៉ុន​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ដែកថែប​ធំជាង​គេ​ទី៣លើ​ពិភពលោក​។

សេចក្តី​សម្រេច​របស់​កូរ៉េ​កើតមាន​ជម្លោះ​ដោយ​ផ្ទាល់​ ជាមួយ​សន្ធិសញ្ញា​ឆ្នាំ១៩៦៥​ រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ រាល់​ការ​ទាមទារ​សំណង​ពេល​សង្គ្រាម​ គឺ​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ និង​ចុងក្រោយ​។

ការ​ប្រឆាំង​នឹង​ជប៉ុន​បាន​កើតឡើង​ខ្ពស់​ ដូច្នេះ​ស្ថានីយ៍​ចាក់សាំង​នៅ​កូរ៉េ​ខាង​ត្បួង​ត្រូវ​បាន​បដិសេធ​ និង​មិន​ជួសជុល​ដល់​រថយន្ត​ជប៉ុន​ទេ​។ គេហទំព័រ​របស់​ស្ថានីយ៍​ប្រេង​កូរ៉េ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ សម្រាប់​ស្ថានីយ៍​ប្រេងឥន្ធនៈ​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​ជប៉ុន​ និង​បដិសេធ​សេវាកម្ម​ចំពោះ​អតិថិជន​ ដែល​បើកបរ​រថយន្ត​ជប៉ុន​។

ការ​លក់​ស្រា​បៀរ​ជប៉ុន​នៅ​ប្រទេស​កូរ៉េ​ បាន​ធ្លាក់ចុះ៤០ភាគរយ​ កាលពី​សប្តាហ៍​មុន​។ នេះ​បើ​យោង​តាម​របាយការណ៍​លក់​ហាង​លក់ទំនិញ​នៅ​កូរ៉េ​។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Moon​ Jae​-in​ បាន​និយាយ​កាលពី​ខែ​ មីនា​ ថា​ “ភារកិច្ច​នៃ​ការកំណត់​ប្រវត្តិសាស្ត្រ​ឱ្យ​បាន​ត្រឹមត្រូវ​ គឺជា​អ្វី​ដែល​ត្រូវការ​ដើម្បី​ជួយ​មនុស្ស​ជំនាន់​ក្រោយ​របស់​យើង​មាន​ភាព​ខ្ពង់ខ្ពស់​”។

ផល​ប៉ះពាល់​នៃ​ការ​រឹតត្បិត​ការនាំចេញ​របស់​ជប៉ុន​ មិន​អាច​ត្រូវ​បាន​ប៉ាន់ប្រមាណ​បានទេ​។ ការ​រឹតត្បិត​នេះ​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចង្វាក់​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ ដែល​ងាយ​រងគ្រោះ​ ហើយ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​។

មន្រ្តី​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ Samsung​ ប្រាប់​សារព័ត៌មាន​សារព័ត៌មាន​ Nikkei​ Asian​ Review​ថា​ “វា​គឺជា​ស្ថានភាព​អាក្រក់​បំផុត​មួយ​ ដែល​យើង​មិនធ្លាប់​មាន​។ អ្នកនយោបាយ​ មិន​ទទួលខុសត្រូវ​ចំពោះ​ភាព​រញ៉េរញ៉ៃ​នោះ​ទេ​ ទោះបី​វា​ស្ទើរតែ​ប៉ះពាល់​ដល់​យើង​ខ្លាំង​ក៏ដោយ​”។

ក្រុមហ៊ុន​ Samsung​ ដែល​ជា​ក្រុមហ៊ុន​ធំ​បំផុត​របស់​កូរ៉េ​ខាងត្បូង​ បាន​ប្រាប់​អ្នកលក់​ក្នុង​ស្រុក​ឱ្យ​ចាប់ផ្តើម​ស្តុក​សារធាតុគីមី​ជប៉ុន​ ដើម្បី​ឆើ្ល​យត​បនឹង​ការ​បន្ត​ការ​រឹត​បន្តឹង​ការនាំចេញ​ពី​ប្រទេស​ជប៉ុន​។

លោក​ Lee​ Myung​-jin​ អនុប្រធាន​ក្រុមហ៊ុន​ក្រុមហ៊ុន​ Samsung​ បាន​មានប្រសាសន៍​ថា​ “យើង​កំពុង​ប្រឈមមុខនឹង​ការ​លំបាក​ ដោយសារ​បន្ទុក​នៃ​ដំណើរការ​អនុម័ត​ការនាំចេញ​ថ្មីនេះ​ និង​ភាព​មិន​ច្បាស់លាស់​ដែល​ដំណើរការ​ថ្មីនេះ​នឹង​កើតឡើង​”។

បន្ទាប់ពី​សង្គ្រាម​ កូរ៉េ​ខាងត្បូង​គឺជា​ប្រទេស​មួយ​ ក្នុងចំណោម​ប្រទេស​ក្រីក្រ​បំផុត​នៅ​លើ​ពិភពលោក​ ដែល​ភាព​ក្រីក្រ​នេះ​អូស​បន្លាយ​អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍​។ ក្នុង​ឆ្នាំ១៩៦០​ ផលិតផល​ក្នុង​ស្រុក​សរុប​របស់​មនុស្ស​ម្នា​ក់ៗ​នៅ​កូរ៉េ​ខាងត្បូង​ មាន​ចំនួន៧៩ដុល្លារ​ ហើយ៤០ភាគរយ​នៃ​ប្រជាជន​រស់នៅ​ក្នុង​ភាព​ក្រីក្រ​។ ជំនួយបរទេស​គឺ​ចាំបាច់​សម្រាប់​ការរស់នៅ​របស់​ប្រទេសជាតិ​។

ដោយ​ត្រូវការ​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ចូលក្នុង​សន្ធិសញ្ញា​ជាមួយ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ១៩៦៥​ ដែល​តម្រូវឲ្យ​ជប៉ុន​បង់ប្រាក់​ចំនួន៥០០លាន​ដុល្លារ​ជា​ជំនួយឥតសំណង​ និង​ប្រាក់កម្ចី​ដែល​មានការ​ប្រាក់​ទាប​។ នៅ​ក្រោម​កិច្ច​ព្រមព្រៀង​កិច្ច​ព្រមព្រៀង​ បញ្ហា​សំណង​ជា​ប្រវត្តិសាស្ត្រ​ត្រូវ​បាន​ព្រមព្រៀង​ថា​ បាន​ដោះស្រាយ​រួចរាល់​។

កាលពីដើម​ខែ​ កក្កដា​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ Moon​ Jae​-in​ បាន​ស្នើ​ឱ្យ​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ to​ សម្របសម្រួល​ជម្លោះ​នេះ​។

កាលពី​សប្តាហ៍​មុន​លោក​ Trump​ បាន​មានប្រសាសន៍​ថា​ “ខ្ញុំ​បាន​និយាយ​ថា​ តើមាន​កិច្ចការ​ប៉ុន្មាន​ដែល​ខ្ញុំ​ត្រូវ​ពាក់ព័ន្ធ​?”។

លោក​ Trump​ បាន​បន្ថែម​ថា​ “ប្រហែលជា​ពួកគេ​ទាំងពីរ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ ខ្ញុំ​នឹង​ធ្វើ​វា​ដូចជា​ការងារ​ពេញ​ម៉ោង​ ដែល​មានការ​ចូលរួម​រវាង​ជប៉ុន​ និង​កូរ៉េ​ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​ត្រូវការ​ខ្ញុំ​ ខ្ញុំ​នៅ​ទីនោះ​សង្ឃឹមថា​ពួកគេ​អាច​ដោះស្រាយ​បាន​ ប៉ុន្តែ​ពួកគេ​ពិតជា​មាន​ភាព​តានតឹង​”។

រដ្ឋាភិបាល​អាមេរិក​បាន​ជំរុញ​ឱ្យ​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​ជា​បណ្តោះអាសន្ន​ ហើយ​បាន​ប្រគល់​ភារកិច្ច​ឱ្យ​រដ្ឋមន្រ្តី​ ក្រសួង​ការបរទេស​អាមេរិក​លោក​ Mike​ Pompeo​ ធ្វើការ​សម្របសម្រួល​រវាង​ប្រទេស​ទាំងពីរ​៕