ក្រសួងទេសចរណ៍​ជំរុញ​ឱ្យ​យុវជន​ចូលរួម​ប្រឡង​ថត​វីដេអូ​ទេសចរណ៍​លើក​ទី២​ ​ឱ្យ​បាន​ច្រើន​

0

ដោយ​ ​នៅ​ ​វឌ្ឍនា

ភ្នំពេញ​៖​ ​ក្រសួងទេសចរណ៍​ ​បាន​អំពាវនាវ​ដល់​មហាជន​ ​ពិសេស​យុវជន​សូម​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង​ ​វីដេអូ​ ​(​Video​ ​Contest​)​ ​អំពី​សហគមន៍​ទេសចរណ៍​ ​និង​អេកូ​ទេសចរណ៍​ ​ក្រោម​ប្រធានបទ​ ​«​កំណប់​សហគមន៍​ ​ជំរំ​ទេសចរណ៍​»​ ​រដូវ​កាល​ទី២​ ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​ជាតិ​ទៅកាន់​ទីផ្សារ​ទេសចរណ៍​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។​

​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ទេសចរណ៍​ដែល​បាន​ផ្សព្វផ្សាយ​នា​ពេល​កន្លងមក​បាន​ឲ្យដឹង​ថា​ ​ចលនា​ប្រឡងប្រណាំង​នេះ​ ​នឹង​ចាប់ផ្ដើម​នា​ខែមេសា​ដល់​ខែមិថុនា​ ​ចំណែក​ឯ​ការ​ចំណាយ​ស្នាក់នៅ​ ​ម្ហូបអាហារ​ ​និង​ធ្វើដំណើរ​ ​គឺ​ក្រសួងទេសចរណ៍​រ៉ាប់រង​។​

​សេចក្តី​ជូនដំណឹង​ដដែល​បន្ត​ថា​ ​ការរៀបចំ​ការ​ប្រឡងប្រណាំង​នេះ​ ​ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​កាល​ចូលរួម​របស់​សាធារណជន​ ​ជាពិសេស​យុវជន​ ​ក្នុង​ការ​ផ្សព្វ​ផ្សា​យស​ក្តានុ​ពល​សហគមន៍​ ​ទេសចរណ៍​ ​និង​អេកូ​ទេសចរណ៍​នៅ​កម្ពុជា​ ​បណ្ដុះ​គំនិត​ស្រលាញ់​ជាតិ​មាតុភូមិ​ ​និង​ឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធភាព​យុទ្ធសាស្ត្រ​របស់​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​នៅ​តាម​សហគមន៍​ ​តាមរយៈ​ការ​បញ្ចូល​សកម្មភាព​ ​ទេសចរណ៍​។​

​ក្រសួងទេសចរណ៍​កាលពី​ឆ្នាំ​ ​២០១៨​ ​កន្លងមក​នេះ​ ​ក៏បាន​ដាក់ចេញ​នូវ​ការ​ប្រឡងប្រណាំង​ថត​វីដេអូ​ ​(​Video​ ​Contest​)​ ​ស្តីអំពី​សហគមន៍​ទេសចរណ៍​ ​និង​អេកូ​ទេសចរណ៍​លើក​ទី១​ ​ក្រោម​ប្រធានបទ​ ​”​កំណប់​សហគមន៍​ ​ជំរំ​ទេសចរណ៍​”​ ​ដែល​មាន​យុវជន​ ​សិស្ស​ ​និស្សិត​ ​និង​សាធារណជន​ចូលរួម​ប្រកួតប្រជែង​ជាច្រើន​ផង​ដែរ​ ​ដើម្បី​ជំរុញ​ការចូលរួម​របស់​សាធារណជន​ ​យុវជន​ ​សិស្ស​-​និស្សិត​ ​ក្នុង​ការ​ផ្សព្វផ្សាយ​អំ​ពី​សក្តា​នុ​ពល​នៃ​ការ​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍​ ​និង​អេកូ​ទេសចរណ៍​នៅ​កម្ពុជា​៕​

ផ្លូវជាតិ​លេខ៧ដែល​ចំណាយ​ថវិកា​ប្រមាណ៤០​ ​លាន​ដុល្លារ​ត្រូវ​បាន​សាងសង់​រួចហើយ​

0

ដោយ​ ​វុត្ថា

ភ្នំពេញ​៖​ ​រដ្ឋាភិបាល​កម្ពុជា​ចំណាយ​ចំណាយ​ថវិកា​ប្រមាណ​ ​៤០​ ​លាន​ដុល្លារ​សាងសង់​ផ្លូវជាតិ​លេខ៧​ ​ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ ​ពាណិជ្ជកម្ម​ ​និង​ការ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ឆ្លងកាត់​ទៅកាន់​ខេត្ត​ភូមិ​ភា​គ​ឥសាន្​ត​នៃ​ប្រទេស​កម្ពុជា​ខេត្ត​ស្ទឹងត្រែង​–​និង​ខេត្តក្រចេះ​–​ប្រវែង​ជាង៩៣គីឡូម៉ែត្រ​ដែល​មកដល់ពេលនេះ​ត្រូវ​បាន​សាងសង់​រួចរាល់​។​

ក្នុង​ឱកាស​ចុះ​ពិនិត្យមើល​ផ្លូវជាតិ​លេខ៧កាលពី​ថ្ងៃទី២៣មេសា​ ​ម្សិលមិញ​នេះ​ ​លោក​ ​ឡួយ​ ​សូ​ផា​ត​ ​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្ទឹងត្រែង​បាន​ឲ្យដឹង​ថា​ ​ផ្លូវ​នេះ​ជា​សម្បត្តិ​ដ៍​ស្តុកស្តម្ភ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចំណាយ​ថវិកា​ជិត៤០លា​នដូល្លារ​ទៅលើ​ការសាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ​ ​។​ ​

លោក​ ​បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​និង​ប្រជាពលរដ្ឋ​មាន​កាតព្វកិច្ច​រួមគ្នា​ថែរក្សា​ទុកជា​ប្រយោជន៍ជាតិ​សម្រាប់​ប្រើប្រាស់​ឱ្យ​បាន​យូរអង្វែង​។ ​អ្នកតំណាង​រាស្រ្ត​រូប​នេះ​ ​ក៏បាន​លើកទឹកចិត្ត​ឱ្យ​ថ្នាក់ដឹកនាំ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ស្ទឹងត្រែង​និង​ខេត្តក្រចេះ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​រួមគ្នា​ថែរក្សា​ផ្លូវជាតិ​លេខ៧ឱ្យ​ស្ថិតនៅ​មាន​និរន្តរភាព​ ​សម្រាប់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​បាន​យូរអង្វែង​។​

លោក​ស្រេង​ ​ស្រស់​ ​ប្រធានមន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ​ ​បាន​ឲ្យដឹង​ដែរ​ថា​ ​ផ្លូវ​មួយ​ខ្សែ​នេះ​កំពុងតែ​បំរើ​ឱ្យ​វិស័យ​សេដ្ឋកិច្ច​និង​ទេសចរណ៍​មាន​កំណើន​ជាលំដាប់​ពិសេស​ជាង​នេះ​ទៀត​ប្រជាពលរដ្ឋ​នៅ​ភូមិ​ភា​គ​ឥសាន្​ត​រួមមាន​ខេត្តក្រចេះ​–​ស្ទឹងត្រែង​–​ ​រតនគីរី​–​ ​និង​មណ្ឌលគីរី​ទទួល​បានផល​ប្រយោជន៍​ពី​ផ្លូវ​នេះ​។​លោក​បន្ត​ថា​ផ្លួវ​លេខ០៧ដែល​ទើប​សាងសង់​ហើយ​នេះ​ស្ថិ​ននៅ​ក្នុង​គម្រោង​ថែរក្សា​របស់​ក្រុមហ៊ុន​នៅឡើយ​ទេ​តែ​ទោះជាយ៉ាងណា​វា​ជា​សម្បត្តិ​ដ៍​មានតម្លៃ​ដែល​ប្រជាពលរដ្ឋ​យើង​ទទួល​បាន​ពី​រាជរដ្ឋាភិបាល​។

​លោក​កែវ​ ​បុប្ផា​មេឃុំ​អូរគ្រៀង​ស្រុក​សំបូរ​ខេត្តក្រចេះ​ ​បាន​ឲ្យដឹង​ដែរ​ថា​ ​ប្រជាពលរដ្ឋ​ជាង៣០០០គ្រួសារ​នៅក្នុង​ឃុំ​ក៍​បាន​យកចិត្ត​ទុកដាក់​ចូលរួម​អនុវត្ត​តាម​ការណែនាំ​របស់​អាជ្ញាធរ​បាន​ល្អ​ដែរ​ព្រោះ​ពេល​បាន​ផ្លូវស្រួល​ធ្វើដំណើរ​មានផល​ប្រយោជន៍​គ្រប់យ៉ាង​ដល់​កា​រស់នៅ​។​

លោក​បន្ត​ថា​ ​“​នៅពេល​ផ្លូវ​ល្អ​តម្លៃ​សេវា​ដឹកជញ្ជូន​ចុះថោក​ ​ហើយ​នៅពេល​ដែល​មាន​ជំងឺ​ឈឺ​ស្កាត​សង្គ្រោះ​បន្ទាន់​គ្រោះថ្នាក់​ចរាចរណ៍​ពិសេស​គឺ​ការ​ឆ្លងទន្លេ​ធ្វើដំណើរ​បាន​លឿន​យើង​មាន​ឡានពេទ្យ​ដឹកជញ្ជូន​ទៅដល់​ខេត្តក្រចេះ​ប្រជាជន​មិន​បារម្ភ​ ​ពីមុន​ផ្លូវ​មិនល្អ​អាច​ដេក​ផ្លូវ​ហើយ​ប្រើ​រយៈ​រហូត៣ទៅ៤ម៉ោង​បាន​ទៅដល់​មន្ទីរពេទ្យ​ខេត្ត​ឥឡូវនេះ​គឺ​ប្រើ​រយៈពេល​តែ១ម៉ោង​ទៅដល់​ពេទ្យ​ខេត្ត​ដូច្នេះ​សង្គ្រោះ​ជីវិត​មនុស្ស​ទូទៅ​ក្នុង​ឃុំ​ដូចជា​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ផ្លូវជាតិ​នេះ​”​។​

ផ្លូវជាតិ​លេខ៧ចេញពី​ខេត្តក្រចេះ​ទៅដល់​ច្រក​ទ្វារ​អន្តរជាតិ​ក្រ​ពាំង​គ្រៀល​ខេត្ត​ស្ទឹង​មាន​ប្រវែង​ជិត២០០គីឡូម៉ែត្រ​បច្ចុប្បន្ន​សាងសង់​ថ្មី​ឡើងវិញ​បាន​ជាង៩៣គីឡូម៉ែត្រ​នៅសល់​ជាង១០០គីឡូម៉ែត្រ​ទៀត​រាជរដ្ឋាភិបាល​រៀប​គម្រោង​ឱ្យ​ក្រុមហ៊ុន​ចិន​ជា​ដៃគូ​ធ្វើការ​សាងសង់​នៅ​ចុងឆ្នាំ២០១៩នេះ​។​ដោយឡែក​ស្ពាន​ចំនួន៥នៅក្នុង​ទឹកដី​ខេត្តក្រចេះ​ដៃគូ​វិនិយោគ​ភ្នាក់ងារ​សហ​ប្រប​ត្តិ​ការអន្តរជាតិ​ជប៉ុន​កំពុង​ដំណើរការ​សាងសង់​ថ្មី​ជំនួស​ស្ពាន​ចាស់​ជា​បណ្តាញ​តភ្ជាប់​ផ្លូវ​គមនាគមន៍​ពី​ខេត្តក្រចេះ​ដល់ទី​ខេត្ត​ត្បូងឃ្មុំ​៕​

តើ​ក្រុមហ៊ុន​ណា​ដែល​ផលិត​ដែកថែប​​ធំជាង​គេ​បំផុត​នៅក្នុង​ពិភពលោក​

0

​ដោយ​ ​វល័​ក្ខ​

​ភ្នំពេញ​៖​ ​យោង​តាម​របាយការណ៍​របស់​សមាគម​ដែកថែប​ពិភពលោក​ ​(​WSA​)​ ​បានឱ្យ​ដឹង​ថា​ ​ក្នុង​មួយ​ឆ្នាំ​ៗ​ ​មាន​ដែកថែប​រាប់​លាន​តោន​ត្រូវ​បាន​ផលិត​ ​ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​ទីផ្សារ​ ​ព្រោះ​ការសាងសង់​អគារ​តូច​ ​ធំ​ជាច្រើន​បាន​កើនឡើង​ជា​រៀងរាល់ថ្ងៃ​។​

​តើ​លោកអ្នក​ចង់​ដឹង​ទេ​ថា​ក្រុមហ៊ុន​ផលិត​ដែកថែប​ណាមួយ​ធំជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​?​

​សមាគម​ដែកថែប​ពិភពលោក​ ​បាន​បង្ហាញ​តារាង​ក្រុមហ៊ុន​ផលិត​ដែក​ថែប​ធំៗ​នៅ​លើ​ពិភពលោក​ ​ដោយ​នៅក្នុង​តារាង​នោះ​គឺ​ធ្វើការ​វាយតម្លៃ​ទៅលើ​ចំនួន​ដែកថែប​ដែល​ក្រុមហ៊ុន​នី​មួយ​ៗ​បាន​ផលិត​ ​និង​គិតជា​តោន​ ​ដោយ​ជា​លទ្ធផល​គឺ​ក្រុមហ៊ុន​ ​ArcelorMittal​ ​ជាប់​ចំណាត់​ថា្នក់​លេខ១​ ​ជា​ក្រុមហ៊ុន​ផលិត​ដែកថែប​ធំជាង​គេ​។​

​នៅក្នុង​ឆ្នាំ​ ​២០១៨​ ​កន្លងទៅ​នេះ​ ​ក្រុមហ៊ុន​ ​ArcelorMittal​ ​ផលិត​បាន​ដែកថែប​ចំនួន​ ​៩២.៥លាន​តោន​ ​បើ​ធៀប​នឹង​ឆ្នាំ​ ​២០១៧​ ​បាន​ធ្លាក់ចុះ​បន្តិច​ ​ប៉ុន្តែ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ ​Luxembourg​ ​ដែល​ជា​ប្រទេស​តូច​មួយ​នៅ​ទ្វីបអឺរ៉ុប​។​

​ArcelorMittal​ ​ជា​ក្រុមហ៊ុន​ផលិត​ដែកថែប​មួយ​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​ ​២០០៦​ ​និង​បច្ចុប្បន្ន​ម្ចាស់ភាគហ៊ុន​ធំ​មក​ពី​ប្រទេស​ឥណ្ឌា​ ​គឺ​លោក​ ​Lakshmi​ ​Mittal​ ​ដែល​បាន​កាន់កាប់​ភាគហ៊ុន​រហូតដល់​ ​៣៨ភាគរយ​ ​និង​មាន​តួនាទី​ជា​អគ្គនាយក​ ​និង​ជា​នាយ​ប្រតិបត្តិ​នៅក្នុង​ក្រុមហ៊ុន​ ​ArcelorMittal​។​



​យោង​តាម​ការ​ចេញផ្សាយ​របស់​ ​Wikipedia​ ​បានឱ្យ​ដឹង​ថា​នៅក្នុង​ឆ្នាំ​ ​២០១៨​ ​កន្លងទៅ​នេះ​ ​ក្រុមហ៊ុន​ ​ArcelorMittal​ ​រក​ប្រាក់ចំណូល​បាន​ជាង​ ​៧៦ពាន់​លាន​ដុល្លារ​អាមេរិក​ ​ខណៈ​ដែល​គិត​ត្រឹម​ពេលនេះ​ ​មាន​បុគ្គលិក​ ​២០៩០០០នាក់​នៅ​ជុំវិញ​ពិភពលោក​៕​

ក្រុមហ៊ុន​កំពង់ផែ​យក្ស​ចិន​ចាប់ផ្តើម​​សិក្សា​​សាងសង់​​កំពង់ផែ​​នៅ​កម្ពុជា​

0

ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​China​ ​Merchants​ ​Port​ ​ដែល​ទីតាំង​ស្ថិតនៅ​ក្រុង​ ​Shenzhen​ ​ជា​កំពង់ផែ​ដែល​ធំជាង​គេ​ទី២​ ​នៅក្នុង​ប្រទេស​ចិន​ ​និង​ជា​កំពង់ផែ​ធំជាង​គេ​ទី៣​ ​នៅ​លើ​ពិភពលោក​ ​បាន​នឹង​កំពុង​មក​សិក្សា​លើ​ការសាងសង់​កំពង់ផែ​នៅ​កម្ពុជា​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ ​គណៈប្រតិភូ​ក្រុមហ៊ុន​ ​China​ ​Merchants​ ​Port​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​Jiang​ ​Luning​ ​នាយក​ផ្នែក​ពាណិជ្ជកម្ម​ក្រៅប្រទេស​ ​កាលពី​ថ្ងៃទី​ ​២៣​ ​ខែមេសា​ម្សិលមិញ​នេះ​ ​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​ឲ្យដឹង​ថា​ ​បេសកកម្ម​របស់​ក្រុម​គណប្រតិភូ​ចិន​មក​កម្ពុជា​នា​ពេលនេះ​គឺ​ ​ដើម្បី​សិក្សា​លើ​ការ​អភិវឌ្ឍ​ផែនការមេ​កំពង់ផែ​អោយ​ចប់​សព្វគ្រប់​ ​ក្នុងរយៈពេល​បី​ខែ​។​ ​

​លោក​ទេស​រដ្ឋមន្រ្តី​ ​បាន​ស្នើ​ឲ្យ​ការសិក្សា​របស់​គណៈប្រតិភូ​ក្រុមហ៊ុន​នេះ​ផ្តោត​សំខាន់​លើ​តំបន់​ក្រុង​ព្រះសីហនុ​ ​និង​រាជធានី​ភ្នំពេញ​ ​ព្រមទាំង​ការ​តភ្ជាប់​ការ​ដឹកជញ្ជូន​ផ្លូវទឹក​តាម​ដងទន្លេ​មេគង្គ​ផង​ដែរ​ ​។​

​តាម​សំណើ​ផ្លូវការ​របស់​លោក​ទេស​រដ្ឋមន្រ្តី​ ​ស៊ុន​ ​ចាន់​ថុល​ ​ក្នុងអំឡុងពេល​ទស្សនកិច្ច​ ​នៅក្នុង​ប្រទេស​ចិន​កាលពី​ខែមុន​ ​ពេលនេះ​គណៈប្រតិភូ​ក្រុមហ៊ុន​ ​China​ ​Merchants​ ​Port​ ​Group​ ​បាន​មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​ ​។​ ​

​កាលពី​ថ្ងៃទី២៣​-​២៨​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​លោក​ទេស​រដ្ឋមន្រ្តី​ ​ស៊ុន​ ​ចាន់​ថុល​ ​បាន​ដឹកនាំ​គណប្រតិភូ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន​ ​ដើម្បី​ផ្លាស់​ប្តូរ​ទស្សនវិស័យ​ ​និង​បទ​ពិសោធ​ន៍​ល្អ​ៗ​ ​សំដៅ​ពង្រឹង​កិច្ច​ ​សហប្រតិបត្តិ​ការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ​និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​តភ្ជាប់​រវាង​កម្ពុជា​ ​និង​ចិន​ ​។​

​លោក​ទេស​រដ្ឋមន្រ្តី​ ​ស៊ុន​ ​ចាន់​ថុល​ ​និង​គណប្រតិភូ​ក៏បាន​ពិភាក្សា​ ⁣​និង​ផ្លាស់​ប្តូរ​យោបល់⁣​ ​ជាមួយ⁣លោក​ ⁣⁣⁣​ ​Fu​ ​Gangfeng​ ​ប្រធាន​ក្រុមហ៊ុន​ ​China​ ​Merchants​ ​Group​ ​ដែល​ជា​ក្រុមហ៊ុនមេ​ ​និង​លោក​ ⁣​Lu​ ​Vincent​ ⁣⁣​ ​អនុប្រធាន⁣⁣ក្រុមហ៊ុន​ ​China​ ​Merchant​ ​Port​ ​Group​ ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ⁣​លើ​ទស្សនវិស័យ​ ​និង​បទពិសោធន៍​ ​ជំ​នា​ញ​ល្អ​ៗ⁣​ ​នៅក្នុង​ការដឹកនាំ⁣​ ​គ្រប់គ្រង​ ⁣⁣​និង​ដំណើរការ​កំពង់ផែ⁣ដ៏​ធំ​មួយ​នោះ​នៅ​ក្រុង​ ​Shenzhen​ ​ព្រមទាំង​បាន​ពិភាក្សា​ផង​ដែរ⁣ពី​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ ​រវាង⁣កំពង់ផែ​ស្វយ័ត​ភ្នំពេញ⁣⁣​ ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ⁣⁣​ ​និង​កំពង់ផែ​ ⁣​ ​China​ ​Merchants​ ​Port​។​

​លោក​ ​Fu​ ​Gangfeng​ ​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ក៏ដូចជា​ការចូលរួម​លើកស្ទួយ​វិស័យ​ឡូ​ជី​ស្ទីក​ ​និង​កំពង់ផែ​នៅ​កម្ពុជា​ ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត​ផង​ដែរ​។​

​លោក​ទេស​រដ្ឋមន្ត្រី​ ⁣⁣​បាន​យល់ព្រម​ជាមួយ​លោក​ ⁣​Lu​ ​Vincent​ ⁣⁣​ ​ក្នុង​កិច្ចសហការ​រៀបចំផែនការ​មេ​ ​សម្រាប់​ចក្ខុវិស័យ​វែងឆ្ងាយ​ ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កំពង់ផែ​ ​និង​ឡូ​ជី​ស្ទីក​នៅ​កម្ពុជា​។​ ​លោក​ទេស​រដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​ ​លោក​ ⁣​Lu​ ​និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ​ព្រមទាំង​សហការី​ជំនាញ​ទៅ​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​ ⁣​ដើម្បី​សិក្សា​និង​ពិភាក្សា​លម្អិត​ ​ពី​គម្រោង​វិនិយោគ​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​បន្ត⁣​ ​រវាង​ក្រសួងសាធារណការ⁣និង​ដឹកជញ្ជូន​ ⁣​និង⁣ក្រុមហ៊ុន​ ⁣⁣⁣⁣⁣​Merchants​ ​Port​ ​Group​ ​ផង​ដែរ​៕​

កម្ពុជា​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​អាស៊ាន​ស្ដីពី​សេវាកម្ម​ ​និង​វិនិយោគ​

0

​ដោយ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំ​ពេញ៖​ ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​អាស៊ាន​ ​ស្តី​ពី​សេវាកម្ម​ ​(​ASEAN​ ​Trade​ ​in​ ​Services​ ​Agreement​ ​-​ ​ATISA​)​ ​និង​ពិធីសារ​ទី៤​ ​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រមព្រៀង​គ្រប់ជ្រុងជ្រោយ​អាស៊ាន​ ​ស្តី​ពី​វិនិយោគ​ ​(​Fourth​ ​Protocol​ ​to​ ​Amend​ ​the​ ​ASEAN​ ​Comprehensive​ ​Investment​ ​Agreement​ ​-​ ​ACIA​)​ដើម្បី​កាត់បន្ថយ​របាំង​នានា​ក្នុង​តំបន់​។​

​នៅក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន​ ​លើក​ទី២៥កាលពី​ថ្ងៃទី២៣​ ​ខែមេសា​ ​ឆ្នាំ២០១៩នៅ​ទីក្រុង​ភូ​កេត​ ​ប្រទេស​​ថៃ​ ​លោក​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យដឹង​ថា​ ​កិច្ច​ព្រមព្រៀង​ ​និង​ពិធីសារ​នេះ​នឹង​រួមចំណែក​ដ៏​សំខាន់​ ​ក្នុង​ការពង្រីក​ពាណិជ្ជកម្ម​លើ​ផ្នែក​សេវាកម្ម​នៅក្នុង​តំបន់​ ​តាមរយៈ​ការកាត់បន្ថយ​របាំង​នានា​ ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ ​បង្កើន​ការចូលរួម​របស់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​រដ្ឋ​ជាស​មា​ជិ​ក​ ​ក៏ដូចជា​ជួយ​សម្រួល​​ដល់​សេរី​ភាវូបនីយកម្ម​ ​និង​ការ​វិនិយោគ​ក្នុង​អាស៊ាន​ ​ដើម្បី​ទទួល​បានផល​ប្រយោជន៍​ជា​អតិបរមា​ ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​ថ្នាក់​តំបន់​។​

​ជាមួយគ្នា​នេះ​រដ្ឋមន្រ្តី​អាស៊ាន​ទាំងអស់​បាន​ពិនិត្យ​ ​និង​ពិភាក្សា​លើ​ការ​បញ្ចប់​កិច្ច​ព្រមព្រៀង​ ​RCEP​ ​នៅក្នុង​ឆ្នាំ២០១៩​។​ ​កិច្ចប្រជុំ​បាន​ឯកភាព​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ ​តាមរយៈ​ការ​ប្រកាន់​នូវ​គោលជំហរ​រួម​ ​ដើម្បី​អាច​បញ្ចប់​កិច្ច​ព្រមព្រៀង​ ​RCEP​ ​នៅក្នុង​ឆ្នាំនេះ​ ​ស្របតាម​អាណត្តិ​ផ្តល់​ឲ្យ​ដោយ​ថ្នាក់ដឹកនាំ​។​

​រដ្ឋមន្រ្តី​ទាំងអស់​ក៏បាន​ពិភាក្សា​លើ​ការ​ធ្វើ​កំណែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​ដោយ​ក្នុង​នោះ​ ​លោក​រដ្ឋមន្រ្តី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​និង​បណ្តា​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន​ដទៃទៀត​ ​ក៏បាន​លើក​អំពី​តួនាទី​ ​និង​សារៈសំខាន់​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​(​WTO​)​ ​បន្ត​គាំទ្រ​ ​និង​រក្សា​ប្រពន្ធ័​ពាណិជ្ជកម្ម​ពហុភាគី​ ​និង​បាន​ឯកភាព​ចូលរួម​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ ​(​WTO​)​ ​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​ ​កិច្ចប្រជុំ​ក៏បាន​ជំរុញ​ឲ្យ​មានការ​តែងតាំង​សមាជិក​អង្គភាព​ដោះស្រាយ​ជម្លោះ​ ​(​WTO​)​ ​ឲ្យបាន​ឆាប់​បំផុត​ ​ដើម្បី​ជៀសវាង​នូវ​បញ្ហា​ជាប់​គាំង​យន្តការ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​សំខាន់​នេះ​៕​

ចំណេះដឹង​!​ ​តើ​ការនាំចូល​ ​និង​នាំចេញ​រូបិយប័ណ្ណ​បរទេស​មានតម្លៃ​ប៉ុន្មាន​?​

0

ដោយ​ ​នៅ​ ​វ​ឌ្ឈ​នា

​ភ្នំពេញ​៖​ ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ ​មិនទាន់​បានដឹង​ពី​អ្នកដំណើរ​ទៅក្រៅ​ប្រទេស​ ​ឬ​មក​ក្នុង​ប្រទេស​កម្ពុជា​មានលទ្ធភាព​អា​ចន​នាំចូល​ ​និង​នាំចេញ​រូបិយប័ណ្ណ​បរទេស​មានតម្លៃ​ប៉ុន្មាន​ជាប់នឹង​ខ្លួន​នោះ​ទេ​។​

​យោង​តាមច្បាប់​ស្តី​ពី​ ​និ​តិ​វិធី​ក្នុង​ការនាំចេញ​ ​-​ ​នាំចូល​រូបិយប័ណ្ណ​បរទេស​របស់​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋ​ករ​កម្ពុជា​បាន​ឲ្យដឹង​ ​ការនាំចូល​រូបិយប័ណ្ណ​បរទេស​ ​មក​ក្នុងទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដោយ​គណៈប្រតិភូ​នានា​ ​ភ្ញៀវ​គ្រប់​ប្រភេទ​ ​នីតិបុគ្គល​ ​និង​រូប​វ័ន្ត​បុគ្គល​ដទៃទៀត​ ​ហៅ​កាត់​ថា​ ​“​អ្នកតំណាង​”​ ​ពុំ​មានការ​កម្រិត​បរិមាណ​ទេ​។​ ​អ្នកដំណើរ​ដែល​នាំចូល​នូវ​រូបិយប័ណ្ណ​បរទេស​ ​មាន​ទឹកប្រាក់​ស្មើ​ឬ​លើស​ពី១០.០០០​ ​“​មួយ​ម៉ឺន​”​ ​ដុល្លារ​អាមេរិក​ ​ចាំបាច់​ត្រូវ​បំពេញ​ប្រតិវេទន៍​គយ​ ​តាម​នីតិវិធី​កំណត់​ជាធរមាន​ ​ហើយ​ត្រូវ​ប្រគល់ឲ្យ​មន្រ្តី​គយ​ ​សម្រាប់​ពិនិត្យ​ផ្ទៀងផ្ទាត់​នៅពេល​នាំចេញ​ទៅវិញ​។​

​សម្រាប់​អ្នកដំណើរ​ដែល​នាំចេញ​ ​នូវ​រូបិយប័ណ្ណ​បរទេស​ពី​ទឹកដី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​មាន​ទឹកប្រាក់​លើស​ពី១០.០០០​ ​“​មួយ​ម៉ឺន​”​ ​ដុល្លារ​អាមេរិក​ ​ឬ​លើស​ពី​ចំនួន​រូបិយប័ណ្ណ​បរទេស​ដែល​សា​ម៉ី​ខ្លួន​បាន​ប្រកាស​ក្នុង​ ​ប្រតិវេទន៍​គយ​នា​ពេល​នាំចូល​ ​ត្រូវ​មានការ​អនុញ្ញាត​ឲ្យ​នាំចេញ​ ​ពី​ធនាគារជាតិនៃកម្ពុជា​ ​និង​ស្ថាប័ន​មាន​ ​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា​។​

​អ្នកដំណើរ​ដែល​នាំចេញ​រូបិយប័ណ្ណ​បរទេស​ ​ត្រូវ​អនុវត្ត​ដូចតទៅ​៖​

​•​ ​បង្ហាញ​ចំពោះ​មន្រ្តី​គយ​ ​នូវ​លិខិតអនុញ្ញាត​ឲ្យ​នាំចេញ​ ​ដែល​ផ្តល់​ដោយ​ធនាគារជាតិនៃកម្ពុជា​។​
​•​ ​បំពេញ​ប្រតិវេទន៍​គយ​ឲ្យបាន​ត្រឹមត្រូវ​ ​គ្រប់គ្រាន់​ ​និង​ច្បាស់លាស់​
​•​ ​ធ្វើដំណើរ​តាម​មាត់ច្រក​ចូល​-​ចេញ​ ​ដែល​បាន​កំណត់​ដោយ​ភ្នាក់ងារ​មានសមត្ថកិច្ច​។​ ​ការ​យក​រូបិយប័ណ្ណ​ធ្វើដំណើរ​តាម​ច្រក​ផ្លូវ​ផ្សេង​ ​ឬ​ដោយ​អ្នក​កាន់​បញ្ញើ​ដ៏​ទៃ​ ​ក្រៅពី​ម្ចាស់​កម្មសិទ្ធិ​ ​ត្រូវ​ហាមឃាត់​ជាដាច់ខាត​។​

​បំពេញ​ជា​លាយ​ល័ក្ខណ៍​អក្សរ​ឲ្យបាន​ត្រឹមត្រូវ​ ​គ្រប់គ្រាន់​ ​និង​ច្បាស់លាស់​លើ​ប្រតិវេទន៍​គយ​ ​អំពី​ប្រភេទ​ ​និង​ចំនួន​រូបិយប័ណ្ណ​ ​ដែល​មាន​ជាប់នឹង​ខ្លួន​ ​បញ្ញើ​ជាមួយ​អ្នក​ដ៏​ទៃ​ ​បញ្ញើ​រតា​មយ​ន្ត​ហោះ​ ​ដើម្បី​បង្ហាញ​ដល់​មន្រ្តី​គយ​ដែល​មាន​ភារកិច្ច​ត្រួតពិនិត្យ​ ​នៅក្នុង​ការិយាល័យ​គយ​និង​រដ្ឋាករ​៕​

តើ​តម្លៃ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​ផ្លូវ​ហាណូយ​មាន​សភាព​ដូចម្តេច​?​

0

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​នៅ​តាម​បណ្តោយ​ផ្លូវ​ហាណូយ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​រាប់​ចាប់​គិត​ពី​ចំណុច​ស្ពាន៥មករា​ ​រហូតដល់​ចំណុច​បំបែក​ផ្លូវ​ឧកញ៉ា​ ​ម៉ុង​ ​ឬ​ទ្ធី​ ​ត្រូវ​បាន​អ្នកជំនាញ​លើកឡើង​ថា​ ​កំពុងតែ​មាន​សក្ដានុពល​ផ្នែក​អចលនទ្រព្យ​គួរ​ឱ្យ​កត់សម្គាល់​ ​ប៉ុន្តែ​បើ​ទោះជា​តម្លៃ​ដី​ ​និង​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​ផ្លូវ​មួយ​នេះ​ ​មានការ​កើនឡើង​យ៉ាងណាក៏ដោយ​ ​ប៉ុន្តែ​វា​នៅតែ​មាន​កម្រិត​។​ ​

​នាយិកា​ក្រុមហ៊ុន​ ​AMATAK​ ​Property​ ​Service​ ​លោកស្រី​ ​តាំង​ ​ហួរ​ ​បាន​មានប្រសាសន៍​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​បច្ចុប្បន្ន​អចលនទ្រព្យ​ ​ក៏ដូចជា​ដីធ្លី​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ជាប់នឹង​ផ្លូវ​ហាយ​ណូយ​ ​គឺ​កំពុងតែ​មាន​ភាព​ទាក់ទាញ​ ​ហើយ​តម្លៃ​ក៏​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ប្រមាណ២ឆ្នាំមុន​។​ ​

លោកស្រី​បាន​បញ្ជាក់​ថា​ ​អចលនទ្រព្យ​នៅ​តាមផ្លូវ​នេះ​ ​ជាពិសេស​នៅ​តំ​បន​ទីប្រជុំជន​ ​(​ម្ដុំ​ដី​ហ៊ុយ​)​ ​គឺ​មានតម្លៃ​ខ្ពស់​ ​ហើយក៏​ពិបាក​ក្នុង​ការ​រក​ទិញ​ ​ដោយសារតែ​នៅ​ម្ដុំ​នេះ​ជា​តំបន់​ដែល​អំ​ណោ​ផល​ ​ដល់​ការ​ធ្វើអាជីវកម្ម​ចម្រុះ​លក្ខណៈ​គ្រួសារ​ ​មិនថា​ចំពោះ​ប្រភេទ​សម្ភារៈ​ប្រើប្រាស់​ ​អគ្គិសនី​ ​គ្រឿងសំណង់​ ​ក៏ដូចជា​ផ្នែក​ចំណីអាហារ​នោះ​ទេ​។​ ​

លោកស្រី​បាន​បន្ត​ថា​ ​ដី​នៅ​តំបន់​នេះ​មិន​មាន​តំបន់​ទំនេរ​ច្រើន​នោះ​ទេ​ ​ប៉ុន្តែ​បើ​ហួស​ចំណុច​នេះ​បន្តិច​ប្រហែល​ជាង៣០០​-​៤០០ម៉ែត្រ​ ​អាច​មាន​ដី​ទំនេរ​ខ្លះ​។​ ​ដី​ដែល​មាន​ទំហំ​តូច​ ​ឬ​ជា​ប្រភេទ​ដី​លំនៅ​ដ្ឋាន​មានតម្លៃ​ប្រមាណ២០០០ដុល្លារ​ ​ឬ​អាច​លើស​ពីនេះ​ ​អាស្រ័យ​ដោយ​ទីតាំង​។​ ​ដោយឡែក​ចំពោះ​ដី​ដែល​មាន​វិសាលភាព​ធំ​ទូលាយ​ ​(​១ហិ​ក​តា​ឡើង​ទៅ​)​ ​អាច​មានតម្លៃ​ចន្លោះ​ពី១០០០ដុល្លារ​ក្នុង​ម៉ែត្រការ៉េ​។​ ​

លើកឡើង​ស្រដៀងគ្នា​នេះ​ ​លោក​ ​វ៉ា​ ​វីរៈ​ ​នាយក​ក្រុមហ៊ុន​ ​Century21​ ​Fortuna​ ​Investment​ ​ក៏បាន​ប្រាប់​ឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ ​កាលពី​រសៀល​ថ្ងៃទី២៣​ ​ខែមេសា​នេះ​ថា​ ​តម្លៃ​ដី​ ​និង​អចលនទ្រព្យ​នៅ​តំបន់​ខាងលើ​នេះ​ ​ពិតជា​មានការ​កើនឡើង​ប្រាកដ​មែន​ ​បើ​យើង​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ដី​កាលពី២​-​៣ឆ្នាំមុន​ ​គឺ​វា​មាន​ភាពល្អ​ប្រសើរ​ច្រើន​ ​ហើយ​តំបន់​នេះ​ ​ក៏បាន​ក្លាយជា​តំបន់​ដែល​ស្រូប​ទាញ​ប្រជាជន​ ​ឱ្យ​ចូល​មក​រស់នៅ​ច្រើន​ដែរ​ ​ជាពិសេស​ក្រោយពេល​កើតមាន​តំបន់​ពាណិជ្ជកម្ម​ ​និង​ផ្សារ​ទំនើប​ ​AEON2​ ​និង​ផ្សារ​ ​Makro​ ​តែម្ដង​ ​ដែល​រឹតតែ​ធ្វើ​ឱ្យ​ផ្លូវ​មួយ​ខ្សែ​នេះ​ ​មាន​ភាព​មមាញឹក​ក្នុង​ការ​ធ្វើដំណើរ​ឆ្លងកាត់​។​

​លោក​បន្ត​ថា​ ​បើ​តាម​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ​ ​ក៏ដូចជា​តម្រូវការ​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ​ ​មិនយូរ​ទៀត​នោះ​ទេ​ ​ចំណុច​កណ្តាល​ក្រុង​នឹង​រំកិល​មកដល់​ម្ដុំ​សាលា​ពេទ្យ​ ​IU​ ​(​International​ ​University​)​ ​ឬ​ ​ម្តុំ​ ​សាលា​ ​លីម​ ​កុក​វីង​ ​ខណៈ​ដែល​ពេលនេះ​ ​ក្រុងភ្នំពេញ​បាន​ពង្រីក​វិសាលភាព​កាន់តែ​ទូលាយ​ ​ឆ្ពោះទៅ​ទិស​ខាង​ជើង​ឈៀង​ខាងត្បូង​រួច​ទៅ​ហើយ​នោះ​។​ ​ប៉ុន្តែ​បើ​ទោះជា​បែបនេះ​ក្ដី​ ​ក៏​តម្លៃ​ដី​ ​និង​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​កណ្តាល​កណ្តាល​នា​ពេល​អនាគត​មួយ​នេះ​ ​នៅតែ​មិន​អាច​ឡើង​ខ្ពស់​ស្មើនឹង​តំបន់​កណ្តាល​ក្រុង​សព្វថ្ងៃ​នេះ​ដែរ​ ​ព្រោះថា​នៅក្នុង​តំបន់​នេះ​ ​គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មានការ​សាងសង់​សំណង់​អា​គារ​ខ្ពស់​ៗ​ ​ដែល​មាន​កម្ពស់​ចាប់ពី៥ជាន់​ ​ដូចជា​នៅក្នុង​តំបន់​ទួលគោក​ ​ឬ​តំបន់​ជាប់​ព្រំប្រទល់​គ្នា​នោះ​ទេ​ ​ដោយហេតុថា​ ​វា​ស្ថិតនៅ​ចំ​ផ្លូវអាកាស​សម្រាប់​យន្តហោះ​ចុះចត​៕​

ខណ្ឌដង្កោបាននិងកំពុងក្លាយជាតំបន់ដ៏ទាក់ទាញលើវិស័យលំនៅដ្ឋាន

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ខណ្ឌដង្កោនៅពេលបច្ចុប្បន្ននេះ មិនស្ថិតក្នុងភាពឯកោដូចកាលពីប្រមា​ណ៥ឆ្នាំមុននោះទេ ព្រោះពេលនេះមានអ្នកវិនិយោគ លើការអភិវឌ្ឍសំណង់អាគារលំនៅដ្ឋានជាច្រើនស្អេកស្កះ ដែលក្នុងនោះសូម្បីតែក្រុមហ៊ុនសំណង់បុរីធំៗ និងល្បីឈ្មោះមួយចំនួនធំ ក៏បានចូលទៅបង្ហាញខ្លួននៅក្នុងខណ្ឌមួយនេះផងដែរ ជាពិសេសនៅភាគខាងត្បូងនៃរាជធានីភ្នំពេញតែម្ដង។

លោកឧកញ៉ាតេង រិទ្ធី អគ្គនាយកក្រុមហ៊ុនR Investment Group បានមានប្រ​សា​សន៍ប្រាប់ឱ្យដឹង តាមរយៈទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៣ ខែមេសាកន្លងទៅនេះថា បច្ចុ​ប្បន្ននេះ ខណ្ឌដង្កោកំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារតែនៅក្នុងខណ្ឌមួយនេះមានលំហូរ នៃចំនួនប្រជាជនចំណាកស្រុកចូលមករស់នៅច្រើន ដែលជំរុញឱ្យមានតម្រូវការលើការលើការស្នាក់នៅច្រើន។

លោកឧកញ៉ាបន្តថា “ការកើនឡើងនៃចំនួនប្រជាជន មិនមែនមានតែនៅក្នុងខណ្ឌដង្កោនេះមួយនោះទេ គឺវាមានការកើនឡើងស្ទើរតែគ្រប់ខណ្ឌ ប៉ុន្តែអ្វីដែលធ្វើឱ្យខណ្ឌនេះមានតម្រូវការស្នាក់នៅច្រើន រហូតមានការចូលខ្លួនមកអភិវឌ្ឍន៍ ពីសំណាក់អ្នកអភិវឌ្ឍ សំណង់បុរីជាដើមនោះ ក៏ព្រោះតែខណ្ឌដែលស្ថិតនៅភាគខាងត្បូង នៃរាជធានីភ្នំពេញមួយនេះ មានវិសាលភាពធំទូលាយងាយស្រួលក្នុងការអភិវឌ្ឍន៍ ជាពិសេសតម្លៃដីធ្លីនៅមានកម្រិតនៅឡើយ ដែលវាជាការផ្តល់ឱកាសសម្រាប់បណ្តាអ្នកវិនិយោគទាំងនោះ”។

លោកឧកញ៉ាតេង រិទ្ឋីបានបន្តថា បច្ចុប្បន្ននេះ បើនិយាយពីតម្លៃដីធ្លីនៅក្នុងខណ្ឌដង្កោគឺបានកើនឡើងមួយកម្រិតធំរួចទៅហើយ ជាពិសេសកន្លែងដែលជាទីប្រជុំជន និងមានការអភិវឌ្ឍន៍រួចទៅហើយ។ ចំពោះដីដែលស្ថិតនៅតំបន់ទីប្រជុំជន ដូចជាចំណុចរង្វង់មូលគួរស្រូវ ចំណុចទីប្រជុំជនផ្សារចំការដូង ក៏ដូចជាផ្លូវបេតុងដែលឆ្ពោះទៅតំបន់ព្រៃស គឺមានតម្លៃចន្លោះចាប់ពី៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើសពីតម្លៃនេះបន្តិចបន្ទួច។ ប៉ុន្តែបើចំពោះប្រភេទដីដែលនៅទំនេរ និងមានទំហំចាប់ពី១ហិកតាឡើងទៅ អាចមានតម្លៃចាប់ពី ៣៥ទៅ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយចំពោះប្រភេទដីលំនៅដ្ឋាន ឬជាប្រភេទដីឡូតិ៍ អាចមានតម្លៃរហូតដល់១៥០ដុល្លារក្នុងមួយការ៉េ។

ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal (KFA) លោកឧកញ៉ា នួន រិទ្ធី ធ្លាប់បានមានប្រសាសន៍ឱ្យដឹងផងដែរថា ដង្កោ គឺជាខណ្ឌងាយស្រួលក្នុងការអភិវឌ្ឍន៍ ព្រោះខណ្ឌនេះមានសណ្ឋានដី និងអំណោយផលល្អច្រើន ម្យ៉ាងទៀតវាក៏មានទីតាំងស្ថិតនៅជិតទីប្រជុំជននៃរាជធានីភ្នំពេញ ដែលជាបណ្តុំនៃមណ្ឌ​លពាណិជ្ជ ហើយវាក៏មានភាពងាយស្រួល ក្នុងការពង្រីកខ្លួនទៅដល់ស្រុកកណ្ដាលស្ទឹង ដែលឃុំមួយចំនួនស្ថិតក្នុងស្រុកមួយនេះ ត្រូវបានកាត់ចូលមកក្នុងខណ្ឌដង្កោ។

លោកឧកញ៉ាបានបន្តថា លើសពីនេះទៅទៀត ក្រៅពីមានទំនោរទៅលើទីផ្សារលំនៅដ្ឋាន ខណ្ឌដង្កោ ក៏មានសួនឧស្សាហកម្មមួយចំនួននៅទីនោះផងដែរ រហូតត្រូវបានគេចាត់ទុកថា ជាតំបន់មានការអភិវឌ្ឍចម្រុះ។ ម្យ៉ាងទៀត ចំពោះទិសដៅនៃការអភិវឌ្ឍន៍នាពេលអនាគត វានឹងឆ្ពោះទៅរកតំបន់ជាយក្រុង ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញចម្ងា​យប្រមាណ៣០គីឡូម៉ែត្រ ព្រោះបច្ចុប្បន្នតំបន់កណ្ដាលក្រុងភ្នំពេញ ស្ទើរតែអស់ដីក្នុងការអភិវឌ្ឍគម្រោងលំនៅឋានទៅហើយ ដែលធ្វើឱ្យអចលនវត្ថុកាន់តែមានតម្លៃខ្ពស់។

លោកឧកញ៉ា នួន រិទ្ធីបានបន្តថា អ្វីដែលធ្វើឱ្យខណ្ឌដង្កោ មានសក្ដានុពល ក៏ព្រោះតែតំបន់នេះមានប្រព័ន្ធទឹក ភ្លើង និងមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ដែលអាចតភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់នេះងាយស្រួលក្នុងការធ្វើចរាចរណ៍ អាចកាត់បន្ថយការកកស្ទះបានយ៉ាងប្រសើរផងដែរ។

ហេតុផលមួយទៀតដែលធ្វើឱ្យមនុស្សជាច្រើន ក៏ដូចជាបណ្តាអ្នកធ្វើជំនួញលើវិស័យអចលនទ្រព្យ មានទំនោរទៅលើការវិនិយោគក្នុងខណ្ឌដង្កោ ជាពិសេសនៅប៉ែកខាងត្បូងតែម្ដង ក៏ព្រោះវាមានភាពល្អប្រសើរជាច្រើនដូចជា ស្ថិតនៅក្បែរផ្លូវ៦០ម៉ែត្រ ដែលបែងចែកទៅកាន់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ មានមជ្ឈ​ម​ណ្ឌលពាណិជ្ជកម្ម ស្ថិតនៅជិតគម្រោងផ្សារទំនើបAEON3 ផ្សារទំនើបប៉េងហួត Eco Mall អាចធ្វើដំណើរត្រឹមជាង១០នាទីមកដល់កណ្តាលរាជធានីភ្នំពេញ៕

CDC​ ​អនុម័ត​គម្រោង​វិនិយោគ២​ ​មាន​ទឹកប្រាក់​ចំនួន​ជិត ៩លាន​ដុល្លារ​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​ ​)​ ​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ​២​ ​ដែល​មាន​ទំហំ​ទឹកប្រាក់​ជិត៩លាន​ដុល្លារ​ ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ​និង​ខេត្តកណ្តាល​។​ ​

​យោ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ ​ហ្វេ​សបុ​ក​ ​របស់​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​នៅ​ថ្ងៃទី​ ​២៣​ ​ខែមេសា​ ​ឆ្នាំ​២០១៩នេះ​ថា​ ​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ​ជូន​ដល់​ក្រុមហ៊ុន​ដូចជា​ ​ទី១​-​ ​“​HENG​ ​SIM​ ​FOOTWEAR​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​ ​ដែល​មាន​ទីតាំង​ ​វិនិយោគ​ស្ថិតនៅ​ភូមិ​រំលេច​ ​ឃុំ​រលាំងគ្រើល​ ​ស្រុក​សំរោងទង​ ​ខេត្ត​កំពង់ស្ពឺ​ ​មាន​ទុន​វិនិយោគ​ប្រមាណ៥,៤លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៣.២២៨កន្លែង​។​

​ទី២​-​ ​“​XINRUI​ ​(​CAMBODIA​)​ ​GARMENT​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៤​ ​ភូមិ​ទន្លាប់​ខ្ពស់​ត្បូង​ ​ឃុំ​ដំណាក់អំពិល​ ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​មាន​ទុន​វិនិយោគ​ប្រមាណ៣លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន១.២២១កន្លែង​៕​

គេហទំព័រ​ទេសចរណ៍​ថ្មី​មួយ​នឹង​ចូលរួម​បង្កើន​ការ​ផ្សព្វ​ផ្សា​យស​ក្តានុ​ពល​វិស័យ​នេះ​​ទៅកាន់​ពិភពលោក​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​គេហ​ទំ​ព័រ​ព៌​ត​មាន​ទេសចរណ៍​ថ្មី​មួយ​ ​www.cambodiatourism.news​ ​និង Facebook​ ​Page​,​ ​Cambodia​ ​Tourism​ ​News​ ​នឹង​ចូលរួម​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅកាន់​ពិភពលោក​។​

​យោង​តាម​សេចក្តី​ប្រកា​សព៌​ត​មាន​របស់​គេហទំព័រ​នេះ​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃច័ន្ទ​ដើម​សប្តាហ៍​នេះ​ថា​ ​ដោយសារ​មាន​គោលដៅ​ចង់​ចូលរួម​ផ្សព្វផ្សាយ​ ​និង​បង្កើន​សក្តា​នុ​ពល​វិស័យ​ទេសចរណ៍​កម្ពុជា​ ​ទៅកាន់​មជ្ឈដ្ឋាន​ជាតិ​ ​និង​អន្តរជាតិ​ ​គេហទំព័រ​នេះ​បាន​ប្រមូល​ផ្តុំ​ដោយក្រុម​អ្ន​ក​សារ​ព៌​ត​មាន​ ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​ ​និង​មានបទពិសោធន៍​លើ​វិ​ស័យ​សារ​ព៌​ត​មាន​ជាច្រើន​ឆ្នាំ​ ​ដើម្បី​ផ្តល់​នូវ​ព៌​ត​មាន​ពិត​ ​ឥត​លំអៀង​ ​ដើម្បី​លើក​កំពស់​វិស័យ​ទេសចរណ៍​ផង​ ​និង​លើក​កំពស់​វិជ្ជា​ជី​វៈ​សារ​ព៌​ត​មាន​ផង​។​

​គេហទំព័រ​ ​www.cambodiatourism.news​ ​និង​ ​Facebook​ ​page​ ​Cambodia​ ​Tourism​ ​News​ ​បច្ចុប្បន្ន​មានការ​ផ្សព្វផ្សាយ​ជា​បី​ភាសា​គឺ​ភាសាខ្មែរ​ ​ភាសាអង់គ្លេស​និង​ភាសា​ចិន​នា​ពេល​អនាគត​។​ ​អ្វី​ដែល​គេហទំព័រ​នេះ​ផ្តោត​ជាពិសេស​ ​គឺ​ផ្តល់​ព៌​ត​មាន​ថ្មី​ៗ​ទាក់ទង​នឹង​បច្ចុប្បន្នភាព​លើ​វិស័យ​ទេសចរណ៍​ ​រមណីយដ្ឋាន​នានា​ ​ពី​ការអភិវឌ្ឍន៍​គំរោង​នានា​ក្នុង​វិស័យ​ទេសចរណ៍​។​

​ជាពិសេស​នា​ពេល​អនាគត​ ​យើង​នឹង​ផ្តល់​សេវាកម្ម​កក់​ផ្ទះសំណាក់​ ​សណ្ឋាគារ​ ​ភោជនីយដ្ឋាន​ ​រមណីយដ្ឋាន​ ​និង​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​នានា​ផង​ដែរ​ ​ដែល​អ្នកអាន​អាច​ចូល​ទៅ​គេហទំព័រ​នេះ​ ​ហើយ​អាច​ស្វែង​រកព៌​ត​មាន​ ​លេខទូរស័ព្ទ​ទំនាក់ទំនង​បាន​(​គំរោង​នា​ពេល​អនាគត​)​។​

​សេចក្តី​ប្រកា​សព៌​ត​មាន​ដដែល​បាន​បន្ត​ថា​ ​ក្រុមការងារ​នៃ​គេហទំព័រ​ខាងលើ​បាន​និង​កំពុង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល​ ​ពិសេស​ក្រសួងទេសចរណ៍​ ​ដើម្បី​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​នេះ​ ​ដើម្បី​លើក​កំពស់​មុខមាត់​ ​និង​កិត្យានុភាព​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ​។​

​លោកស្រី​ ​ឆាយ​ ​ស៊ី​វលី​ន​ ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ស្វាគមន៍​ ​និង​សម្តែង​ការ​គាំទ្រ​ចំពោះ​ការរៀបចំ​គេហទំព័រ​នេះ​ឡើង​ ​ដោយ​លោកស្រី​បាន​មានប្រសាសន៍​ថា​ ​ការ​រីកចម្រើន​និង​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​កម្ពុជា​ ​មិន​អាច​ខ្វះ​ការចូលរួម​ពី​វិ​ស័យ​សារ​ព៌​ត​មាន​នោះ​ទេ​ ​ហេតុនេះ​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​នេះ​ឲ្យបាន​ទូលំទូលាយ​តាម​រយៈ​វេ​ប​សាយ​នេះ​ ​ជា​រឿង​ល្អ​សំរាប់​កម្ពុជា​៕​