សម្តេច​តេ​ជោ៖ កម្ពុជា​នឹង​ទទួលបាន​ចំណូល ១០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០៣០

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ សម្តេច​តេ​ជោ​លើកឡើងថា ប្រទេស​កម្ពុជា​រំពឹងថា​ទទួលបាន​ចំនួន១០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០៣០ ពី​ភ្ញៀវ​ទេសចរណ៍​ចំនួន១៥លាន​នាក់ ដែល​នឹង​មក​ទស្សនា​កម្ពុជា។

សម្តេច​បាន​មានប្រសាសន៍ ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ក្រសួងទេសចរណ៍ ន​ល្ងាច​ថ្ងៃទី២៨ កុម្ភៈ​នេះ​ថា វិស័យនេះ​នឹង​ផ្តល់​ការងារ​ដោយផ្ទាល់​ជិត១លាន​នាក់ ហើយ​នៅ​ឆ្នាំ២០៣០ នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍១៥លាន​នាក់ និង​បង្កើត​ការងារ២លាន​នាក់ និង​ចំណូល១០ពាន់​លាន​ដុល្លារ​អាមេរិក។

សម្តេច​បន្តថា “សន្តិភាព ស្ថេរភាព​នយោបាយ និង​សន្តិសុខ​ជា​ធាតុ​ដ៏​សំខាន់ សម្រាប់​ធានាថា កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាពកក់ក្តៅ។សម្តេច​បន្តថា “គ្មាន​ទេសចរណ៍​ណា​ទៅ​ទស្សនា​ប្រទេស​ដែលមាន​សង្គ្រាម​នោះឡើយ ហេតុនេះ​កម្ពុជា​មិន​ត្រឹមតែ​ទប់ស្កាត់​ភេ​វរ​កម្ម​នោះឡើយ សូម្បីតែ​ចោរកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ក៏ត្រូវ​ទប់ស្កាត់​ផងដែរ។

ជាមួយនេះ​សម្តេច​ក៏បាន​លើកឡើងថា “កម្ពុជា​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ជាមួយ​ស្នាមញញឹម រួសរាយ​រាក់ទាក់​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

ភ្ញៀវ​ទេសចរណ៍​នឹង​មក​កម្សាន្ត​នៅ​កម្ពុជា កាន់តែច្រើន​ថែមទៀត នៅពេល​មានការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​កាន់តែច្រើន ជាពិសេស​ការតភ្ជាប់​ផ្លូវ​វ​អាកាស ផ្លូវគោក និង​ផ្លូវទឹក។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី​បាន​ថ្លែងថា ប្រសិនជា​កម្ពុជា​នៅ​រក្សាបាន​ស្ថិរភាព​នយោបាយ កំនើនសេដ្ឋកិច្ច និង​លំហូរ​ភ្ញៀវ​ទេសចរណ៍​នៅតែមាន​សញ្ញា​វិជ្ជមាន​បែបនេះ និង​មិនមាន​ហេតុការណ៍​ឬ​មហន្តរាយ​ធម្មជាតិ​នានា ឬ​បញ្ហា​ភេ​វរ​កម្ម ឬ​ការផ្ទុះ​សង្គ្រាម​នៅលើ​ពិភពលោក​ណាមួយ​កម្ពុជា នឹង​សម្រេចបាន​តាម​អ្វី​ជាការ​ព្យាករណ៍​របស់​ស​ម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា។

លោក​បន្តថា “បច្ចុប្បន្ន​វិស័យ​ផ្លូវអាកាស​កម្ពុជា កំពុង​តែមាន​សញ្ញា​វិជ្ជមាន ដោយ​ចំនួន​ការហោះហើរ កំនើន​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​មក​កម្ពុជា នឹងធ្វើ​ឲ្យ​លំហូរ​ទេសចរណ៍​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត”៕

ក្រុមហ៊ុន​អាកាសចរណ៍​នឹង​បន្ត​ការកើនឡើង​នៅ​កម្ពុជា​បន្ថែមទៀត

ដោយ វុត្ថា

ភ្នំពេញ៖ ស្រប​ពេលដែល​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​មានកា​រ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បានធ្វើអោយ​អ្នកធ្វើ​ជំនួញ​លើ​ផ្នែក​វិស័យ​អាកាសចរណ៍​ស៊ីវិល បាននិងកំពុង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​វិស័យនេះ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។

យោងតាម​មជ្ឈមណ្ឌល​អាកាសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក (CAPA)  បានចេញ​របាយការណ៍​បញ្ជាក់​កាលពីពេលថ្មីៗនេះ​ថា វិស័យ​អាកាសចរណ៍​ស៊ីវិល​នៅ​កម្ពុជា នឹង​បន្ត​ការកើនឡើង​ក្នុង​ឆ្នាំ២០១៨នេះ​បន្ថែមទៀត។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន៧ និង​ក្រុមហ៊ុន​ជាច្រើន​ទៀត នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០១៨ ។

របាយការណ៍​ដដែល​បាន​បញ្ជាក់ថា “វិស័យ​អាកាសចរណ៍​របស់​ប្រទេស​កម្ពុជា កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដែលនាំឱ្យ​មានការ​ពង្រីក​យ៉ាង​លឿន​ដល់​វិស័យនេះ​នៅ​កម្ពុជា។របាយការណ៍​បញ្ជាក់ថា“មាន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ចំនួន៣បន្ថែមទៀត គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ២០១៨នេះ ខណៈដែល​ក្រុមហ៊ុន​អាកាសចរណ៍ មួយចំនួន​ដែល​កំពុងដំណើរការ​ហោះ​ហើរ និង​បន្ត​ពង្រីក​បន្ថែមទៀត។

ក្រុមហ៊ុន JC International Airlines ដែល​បាន​ដំណើរការ​មិនទាន់បាន​មួយឆ្នាំ​ស្រួលបួល​ផង​នោះ អាច​នឹង​ក្លាយជា​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ តាម​អាកាស​ក្នុងស្រុក​ដ៏​ធំជាងគេ​នៅក្នុង​ចុងឆ្នាំ២០១៨ នេះ ។ ខណៈ​បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន ពីរ​ដែល​ធំជាងគេ បាននិងកំពុង​ប្រតិបត្តិការ ដឹក​អ្នកដំណើរ​ក្នុងស្រុក​ធំជាងគេ គឺ Cambodia Angkor Air និង Sky Angkor Air  ដែល​ទទួលជោគជ័យ​ខ្លាំង។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក​ហូ វណ្ឌី​បាន​ថ្លែងថា បច្ចុប្បន្ន​វិស័យ​អាកាសចរណ៍​ពិតជា​មានការ​រីកចម្រើន ដោយសារ​ចំនួន​អ្នកធ្វើដំណើរ​តាមផ្លូវ​អាកាស​ច្រើនជាង​តាមផ្លូវ​គោក និង​ផ្លូវទឹក។ កំនើន​វិស័យ​អាកាសចរណ៍​មួយឆ្នាំ​កើន​ប្រមាណ១០ភាគរយ ឬ​ច្រើនជាង​នេះ ដោយសារ​ការកើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរណ៍ អ្នកវិនិយោគ និង​អ្នកធ្វើដំណើរ​នានា។

លោក​បន្តថា “ការរីកចម្រើន​វិស័យនេះ ដោយសារ​គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​រដ្ឋាភិបាល ការរីកចម្រើន​នៃ​ការវិនិយោគ ការបើកចំហ​ទីផ្សារសេរី ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​បោះទុន​កាន់តែច្រើន។លោក​បន្តថា “ការប្រកួតប្រជែង​ក្នុង​តំបន់ និង​ក្នុងប្រទេស និង​កំនើន​ប្រាក់ចំណូល​របស់​ប្រជា ពលរដ្ឋ ក៏​រួមចំណែក​យ៉ាងសំខាន់​ដល់​វិស័យនេះ​ផងដែរ”៕

តោះ​មក​ស្វែងយល់ អគារ Capital Gate របស់​ប្រទេស​អារ៉ាប់​មួយទៀត

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេស​អារ៉ាប​រួម អាច​ចាត់ទុកថា​ជា​ទឹកដី​នៃ​ភាព​រំភើប​និង​លន្លង់ លន្លោច​មួយ ដែល​ប្រទេស​នេះ​បាន​ងើបឡើង ក្នុង​ភាព​ត្រចះត្រចង់​នៅ​ដើម​សតវត្សរ៍​ទី២១នេះ ដោយសារ​ធនធានធម្មជាតិ​ដ៏​សម្បូរហូរហៀរ​របស់ខ្លួន។

ថ្ងៃនេះ​គេហទំព័រ Propertyarea.asia បានគាស់​កកាយ​ជាថ្មី នូវ​សំណង់​ស្ថា​ត្យ​កម្ម​ដ៏​អស្ចារ្យ​របស់​ប្រទេស​នេះ ជា​ប្រទេស​សម្បូរ​ទៅដោយ​អគារ​ខ្ពស់កប់ពពក​ច្រើន​ម៉ូត ច្រើន​ប្រភេទ និង​អស្ចារ្យ ព្រមទាំង​ប្លែក​ជាងគេ​នៅក្នុង​ពិភពលោក ដែល​គ្មាន​ប្រទេស​ណាមួយ​អាច​ប្រៀបផ្ទឹម​បាន។

គេហទំព័រ propertyarea.asia និង​បន្ត​លើកយក​អគារ​ខ្ពស់កប់ពពក​មួយទៀត​ក្នុងប្រទេស​នេះ មក​បង្ហាញជូន​គ្រាន់​បានជា​ចំណេះដឹង ស្វែងយល់​ចំពោះ​ការវិវឌ្ឍ​ន៍ថ្មីៗ នៃ​អគារ​ខ្ពស់​កប់​ពក​របស់​ប្រទេសនីមួយៗ ក៏ដូចជា​ក្នុង​ពិភពលោក។

Capital Gate ជា​អគារ​ខ្ពស់កប់ពពក​មួយ​ស្ថិតនៅក្នុង​ទីក្រុង Abu Dhabi ប្រទេស​អារ៉ាប់​រួម ត្រូវបាន​គេ​រចនា​ឡើង ដើម្បី​ធ្វើជា​មជ្ឈមណ្ឌល​តាំង​ពិ​ពរ​ណ៌ ឈ្មោះថា Abu Dhabi Nationa Exhibition Center ជាមួយនឹង​រូបរាង​របស់​វា​មាន​លក្ខណៈ​រស​រវើក​គួរ​ឲ្យ​ស្ញប់​ស្ងែ​ង។ អគា​ខ្ពស់កប់ពពក​នេះ មាន​កំពស់១៦០ ម៉ែត្រ និង៣៥ ជាន់ ហើយ​វា​គឺជា​អគារ​ខ្ពស់​មួយ ក្នុងចំណោម​អគារ​ផ្សេងទៀត​ក្នុង​ទីក្រុង​នេះ ។

ម្ចាស់​នៃ​អចល​ទ្រព្យ​ដ៏​អស្ចារ្យ​នេះ គឺ​ក្រុមហ៊ុន​ដែលមាន​លុយ​មហាសាល Abu Dhabi National Exhibitions Company។  អគារ​ដ៏​ចម្លែក​មួយ​នេះ ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា Leaning Tower of Abu Dhabi ដែល​ស្ថិតនៅ​ចំណុចកណ្តាល នៃ​ទីក្រុង​ទាំងមូល។

អគារ​មជ្ឈមណ្ឌល​តាំង​ពិ​ព័ណ៌​ពាណិជ្ជ​កម្មនេះ ត្រូវបាន​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ២០០៧ និង​បញ្ចប់​ហើយ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០១១ ។ អគារ​ខ្ពស់កប់ពពក​នេះ ត្រូវបាន​សាងសង់​សម្រាប់​ធ្វើជា​កន្លែង​ការិយាល័យ​ពាណិជ្ជកម្ម និង​សណ្ឋាគារ។

វា​ត្រូវបាន​បំបែក​ឯកទគ្គកម្ម​ពិភពលោក ដោយ Guinness World Records ក្នុង​ឆ្នាំ២០១០ ស័​ក្កិ​សមជា​អគារ​ដែលមាន​រូបរាង​ទន់ភ្លន់ និង​ទាក់ទាញ​បំផុត​ក្នុង​ពិភពលោក​ដែល​បាន​បង្កើតឡើង​ដោយ​មនុស្ស៕

លោក​ជា សុផារ៉ា ស្នើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​បុរី​ពង្រឹងគុណភាព​សំណង់

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​ជា សុផារ៉ា បានស្នើ​ឲ្យ​ម្ចាស់​អគារទំនើបៗ បុរី​លំនៅឋាន ផ្ទះល្វែង​ទាំងអស់​ត្រូវ​សាងសង់​សំណង់​ឲ្យ​មានគុណ​ភាព​និង​តាម​ស្តង់ដារ ដើម្បី​ធានាបាន​នូវ​សុខ​សុ​វត្តិភាព ផាសុខភាព និង​បរិស្ថាន​ជូន​ដល់​ប្រជាពលរដ្ឋ។

លោក​ជា សុផារ៉ា បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី២៧ កុ​ម្ភះ ២០១៨កន្លងមក​ថា ស្រប​ពេលដែល​បុរី និង​ផ្ទះល្វែង​មួយចំនួន​បាន​សាងសង់ មិន​សមស្រប​ទៅតាម​ល​ក្ខ​ណៈ​បច្ចេកទេស ដែល​ធ្វើ​ឲ្យ​ផ្ទះ​ខ្លះ​ជ្រាប​ទឹក ឬ​មាន​ស្នា​ប្រេះ និង​បង្ក​ការព្រួយបារម្ភ​ដល់​អ្នករស់នៅ។ ដូចនេះ អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំងអស់ ត្រូវ​ត្រួត​ពិនិត្យមើល​ការសាងសង់​នៅតាម​បុរី  លំនៅឋាន និង​ផ្ទះល្វែង​របស់ខ្លួន​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​បញ្ជៀ​ស​នូវ​ហានិភ័យ​ផ្សេង​ដល់​ប្រជាពលរដ្ឋ​ដែលជា​អតិថិជន​របស់ខ្លួន។

លោក​បន្តថា “វា​ជា​រឿង​គួរ​ឲ្យ​អៀនខ្មាស់​ខ្លាំងណាស់ បើសិនជា​យើង​សាងសង់​សំណង់​គ្មាន​គុណភាព ធ្វើ​ឲ្យ​បែក​ប្រេះ និង​ស្រុត​លំនៅដ្ឋាន​ដែល​ប្រជាពលរដ្ឋ​បាន​ទិញយក​ទៅប្រើ​ប្រាស់។លោក​បន្តថា “សំណង់​មានគុណ​ភាព និង​ស្របតាម​ស្តង់ដា​មិន​ត្រឹមតែ​ជួយ​ធានាបាន​នូវ​សុខ​សុ​វត្តិភាព ដល់​អតិថិជន​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់នូវ​ផាសុខភាព បរិស្ថាន​ល្អ និង​បង្កើន​នូវ​ទំនុកចិត្ត និង​ជឿជាក់​មកលើ​ម្ចាស់​បុរី សំណង់ផ្ទះ​ល្វែង​ផងដែរ។

ជាមួយគ្នានេះ លោក​ជា សុផារ៉ា​ក៏បាន​ស្នើ​ឲ្យ​ម្ចាស់​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំងអស់ ត្រូវ​បង្កើន​សាងសង់​លំនៅដ្ឋាន ដែលមាន​តំលៃ​សមរម្យ​សម្រាប់​អ្នក​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម​ខណៈដែល​តំរូវការ​លំនៅដ្ឋាន​នៅ​កម្ពុជា​ក្នុងឆ្នាំៗមាន​ប្រមាណ១ម៉ឺន​ផ្ទះ ស្មើនឹង​ប្រជាពលរដ្ឋ​ប្រមាណ៥ម៉ឺន​នាក់ ខណៈ​កំនើន​ប្រជាសាស្ត្រ​មាន១,៥៦ភាគរយ​ប្រចាំឆ្នាំ។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​លោក​ឧកញ៉ា លី ហួរ បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម ជា សុផារ៉ា នេះ ដោយ​ឧកញ៉ា​បាន​ថ្លែងថា នឹងធ្វើ​ការផ្សព្វផ្សាយ​បន្ត​ដល់​សមាជិក សមាជិកា​របស់​សមាគម ដើម្បី​ជួយ​ធានា​ឲ្យ​វិស័យ​សំណង់​លំនៅដ្ឋាន​នៅ​កម្ពុជា កាន់​តែមាន​គុណភាព​ក៏ដូចជា​បង្កើន នូវ​ជំនឿ​ទុកចិត្ត​ពី​សំណាក់​អ្នកវិនិយោគ​អន្តរជាតិ ឲ្យ​មក​បោះទុន​នៅ​ប្រទេស​កម្ពុជា​កាន់តែច្រើន​ថែមទៀត។

លោក​ឧកញ៉ា​បាន​បន្តថា ដើម្បី​ធ្វើ​ឲ្យ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​យើង មាន​ភាព​រីកចម្រើន និង​មាន​ចីរភាព សមាគម​បានកំណត់​ទិសដៅ​ផែនការ​អនុវត្ត​សម្រាប់​ឆ្នាំ២០១៨ ដូចជា ពង្រីក​កិត្តិនាម និង​កិត្យានុភាព​របស់​សមាគម​ឱ្យ​កាន់តែ​ល្បី​សុសសាយ ដល់​អ្នកវិនិយោគ​វិស័យ​សំណង់ នៅក្នុង​ស្រុក និង​លើ​ឆាក​អន្ដរជាតិ​ផងដែរ និង​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​សំណង់​លំនៅឋានថ្មីៗ ដែលមាន​សក្ដានុពល​ខ្លាំង ចូល​ជា​សមាជិកសមាគម​ឲ្យ​បានជា​អតិបរិមា ជាពិសេស​ជម្រុញ​ឱ្យ​អ្នកវិនិយោគ​បរទេស ឱ្យមក​ប្រទេស​កម្ពុជា​កាន់តែច្រើន និង​បង្កើត​វេទិកា​ធុរកិច្ច​ក្នុងស្រុក​សម្រាប់​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត៕

ដំណឹង​ល្អ! ការលក់​សំបុត្រ​តាម Online ចូល​ទស្សនា​អង្គរ​នឹង​ចាប់ផ្តើមត្រីមាស​ទី២

ដោយ​គង់ សូរិយា

ភ្នំពេញ៖ ដំណឹង​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ បានមក​ដល់​ហើយ ដោយ​គ្រឹះស្ថាន​អង្គរ​គ្រោង​ដាក់ឱ្យ​ដំណើរការ ប្រ​ព័​ន្ឋ​លក់​សំបុត្រ​តាម​ Online ជូន​ភ្ញៀវទេសចរ​អន្តរជាតិ​នានា ដើម្បី​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ នឹងដាក់​ឲ្យ​អនុវត្តន៍​នៅ​ត្រីមាស​ទី២ឆ្នាំនេះ។

នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល អាណ​តិ្ត​ទី១លើក​ទី៧ នៃ​គ្រឹះស្ថាន​អង្គរ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោម​វត្តមាន លោក​អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  និង រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង ខុន។

ប្រមុខ​ក្រសួង​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​ដល់​គ្រឹះស្ថាន​អង្គរ ដែល​គ្រោង​ដាក់ឱ្យ​ដំណើការ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ថ្មី និង​សម្រួល​ដល់​ការផ្តល់សេវា​លក់ បណ្ណ​ជូន​ភ្ញៀវទេសចរ​អន្តរជាតិ ឱ្យ​កាន់​តែមាន​ភាពងាយស្រួល ក៏ដូចជា​ការបង្កើន​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​ការលក់​បណ្ណ​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត។

គ្រឹះស្ថាន​អង្គរ បានផ្តល់​សេវា​ទូទាត់​ការទិញ​បណ្ណ​ចូល​ទស្សនា រមណីយ  ដ្ឋា​ន​អង្គរ តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​រួចហើយ ដោយបាន​ចាប់​អនុវត្តន៍​តាំងពី​ខែសីហា ឆ្នាំ២០១៧កន្លងមក ដោយ​ភ្ញៀវទេសចរ​អន្តរជាតិ អាច​ប្រើប្រាស់​បណ្ណ​ឥណទាន (Credit Card) ឬ​បណ្ណ​ឥណ​ពន្ធ (Debit Card) ដូចជា Visa, Master, Union Pay, JCB និង Diners Club ជាដើម។

សេចក្តីប្រកាស​របស់​គ្រឹះស្ថាន​អង្គរ​បាន​ឲ្យ​ដឹងថា ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​ការលក់​ប័ណ្ណ ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត គ្រឹះស្ថាន​អង្គរ កំពុង​ធ្វើ​ទំនើបកម្ម ប្រព័ន្ធ​លក់​បណ្ណ​របស់ខ្លួន​ឱ្យ​កាន់តែ​ទំនើប ស្របតាម​ស្តង់ដា​អន្តរជាតិ ដែល​នឹង​អាច​ផ្តល់​តួលេខ​នៃ​ការលក់​បណ្ណ​បានភ្លាមៗ (Real-time) ជាការ​បង្ហាញ​នូវ​ភាពច្បាស់លាស់ នៃ​ការគ្រប់គ្រង​ទិន្នន័យ ធានាបាន​តម្លាភាព និង​គណនេយ្យភាព​ផងដែរ។ ការលក់ Online នេះ នឹង​ធ្វើឱ្យ​ភ្ញៀវទេសចរ​មាន​ភាពងាយស្រួល អាច​ទិញ​សំបុត្រ​បាន​នៅពេលណា ឬ​នៅ​ទីកន្លែង​ណា​ក៏បាន៕

ដំណឹង​ល្អ!!! វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អចលនទ្រព្យ​នឹង​បើក​នៅ​ឆ្នាំនេះ

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្នុង​គោលដៅ​បង្កើត​វិទ្យាស្ថាន បណ្តុះបណ្តាល​ជំនាញ​អចលនទ្រព្យ និង​ដើម្បី​និ​រ​ន្រ​ភាព​ក្នុង​ឧស្សាហកម្ម​សំណង់ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ប្តេជ្ញា នឹង​បង្កើត​សាលា​ឲ្យ​បាន​នៅក្នុង​ឆ្នាំនេះ។

លោក​បណ្ឌិត​គីម ហ៊ាង​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា រហូតមកទល់​ពេលនេះ​មាន​ក្រុមហ៊ុន​ចំនួន២០ហើយ បានសម្រេច​បោះទុន​រួមគ្នា​ដើម្បី​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អចលនវត្ថុ​កម្ពុជា។ ក្រៅពី​ក្រុមហ៊ុន​ទាំង២០នេះ សមាគម​នឹង​បើក​ឲ្យ​សមាជិក​ដទៃទៀត និង​ក្រុមហ៊ុន​ឯកជន​នានា ដើម្បី​ចូលរួម​ក្នុង​ការបើក​វិទ្យាស្ថាន​នេះ​ឲ្យ​បាន​ក្នុងឆ្នាំនេះ។

កាត​ដាក់ពាក្យ​ស្នើសុំ ដើម្បី​សុំ​បើក​វិទ្យាស្ថាន​នេះ ទៅ​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹងធ្វើ​ឡើង​នៅពេលឆាប់ៗនេះ។

លោក​បន្តថា “យើង​ត្រូវការ​ទុន​ប្រមាណ២០ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​បើក​វិទ្យាស្ថាន​នេះ ដោយ​សហការ​ជាមួយ University Of Technology Malaysia និង​សហការ​ជាមួយ​ក្រសួង​ទាំងពីរ។លោក​បន្តថា“វគ្គ​សិក្សា​នឹងមាន​រយៈពេល១៥០ម៉ោង​សម្រាប់​ជំនាញ​ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ និង១៨០ម៉ោង​សម្រាប់​ជំនាញ​ជា​ភ្នាក់ងារ​វាយតម្លៃ​អចលនទ្រព្យ។

កម្មវិធីសិក្សា​នេះ​នឹង​យកមក​ពី​ប្រទេស​ថៃ ម៉ាឡេស៊ី និង​សឹង្ហ​បុរី យកមក​ច្របាច់​បញ្ចូល​គ្នា ដើម្បី​ប្រើប្រាស់​ក្នុង​កម្មវិធីសិក្សា ដែលមាន​ការទទួលស្គាល់​កម្រិត ជាតិ និង​អន្តរជាតិ។

លោក​គីម ហ៊ាង​បន្តថា អ្នក​ដែល​បញ្ចប់​ការសិក្សា​ពី​វិទ្យាស្ថាន​នេះ នឹង​ទទួលបាន​វិញ្ញាបនបត្រ​មួយ ដើម្បី​យកទៅដាក់​ឆ្លង​និង​ប្រលង​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​នៅពេល​ពួកគេ​ប្រលង​ជាប់ ពួកគេ​នឹង​ទទួលបាន​វិញ្ញាបនបត្រ​ពី​ក្រសួង ទើប​អាចធ្វើ​ការងារ​ក្នុង​វិស័យនេះ​បាន។លោក​បន្តថា តាម​គម្រោង​វគ្គប  ណ្តុះ​បណ្តាល​នេះ នឹង​ប្រើប្រាស់​គ្រូ​ក្នុងស្រុក​ដែលមាន​សញ្ញាបត្រ និង​បទពិសោធន៍​ខ្ពស់៥០ភាគរយ និង​គ្រូ​បរទេស៥០ភាគរយ​ផងដែរ។

សាលា​នេះ​នឹងត្រូវ​គ្រប់គ្រង ដោយ​ក្រុមប្រឹក្សាភិបាល​សាលា​មួយ​ដែល​ត្រូវ​បង្កើតឡើង ដោយមាន​នាយក​ម្នាក់​ដែល​ធ្វើ​ការងារ​ដោយ​ឯករាជ្យ។

លោក​គីម ហ៊ាង​បាន​បន្តថា “គោលដៅ​នៃ​ការបើក​វិទ្យាស្ថាន​នេះ មិនមែន ដើម្បី​ប្រាក់ចំណេញ​ទេ ប៉ុន្តែ​ដើម្បី​ពង្រឹង​ធនធានមនុស្ស និង​ទ្រទ្រង់​ឧស្សាហកម្ម​សំណង់ និង​អចលនវត្ថុ​ឲ្យ​មានការ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព។លោក​បន្តថា“ប្រសិនជា​យើង​បង្កើត​សាលា​នេះ​បាន​ក្នុង​កម្រិត​អាស៊ាន វា​ពិតជា​ប្រសើរ​ណាស់ ព្រោះ​យើង​នឹង​អាច​ទាក់ទាញ​អ្នកសិក្សា មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​បាន​នាពេល​អនាគត។

ទោះជា​យ៉ាងណា​សមាគម​មិនទាន់​កំណត់​តម្លៃ​សិក្សា សម្រាប់​វគ្គ​បណ្តុះបណ្តាល​និមួយៗនៅឡើយ​ទេ៕

ក្រុមហ៊ុន​ឯកជន​លូកដៃ​ជួយ​ពង្រឹង​ធនធានមនុស្ស​ក្នុង​ឧស្សាហកម្ម​សំណង់

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្រុមហ៊ុន អេស​ស៊ីជី (SCG) បានចាប់ផ្តើម​នូវ​គម្រោង​បណ្តុះបណ្តាល​ជាងសំណង់ ដែលជា​គំនិត​ផ្តួចផ្តើម​មួយ មាន​គោលបំណង​ពង្រឹង​ជំនាញ​របស់​ជាងសំណង់​ទាំងអស់ ក៏ដូចជា​លើកកម្ពស់​គុណភាព​សំណង់ ក្នុងប្រទេស​កម្ពុជា។

លោក Pongdhana Dejvittayaporn នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​អេស​ស៊ីជី បាន​ឲ្យ​ដឹង​បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ចំនួន២របស់​ប្រទេស​កម្ពុជា​គឺ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) និង​វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខជំនាញ​កម្ពុជា កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ក្នុងនាម​ជា​អ្នកជំនាញ​ផ្នែក​ផលិតផល​ស៊ីម៉ង់ត៍ និង​ជា​អ្នកផ្គត់ផ្គង់​សម្ភារ​សំណង់ផ្សេងៗ ក្រុមហ៊ុន​ក៏​ផ្ដោត​ការយកចិត្តទុកដាក់ ដល់​ការ​តបស្នង​ដល់​សហគមន៍​ក្នុងប្រទេស​កម្ពុជា តាមរយៈ​ការចែករំលែក​ជំនាញ និង​ចំណេះដឹង​របស់​យើង។ ដូច្នេះហើយ ទើបបានជា​យើង​បង្កើត​នូវ​កម្មវិធី បណ្ដុះបណ្ដាល​ក្រុម​ជាង​នេះ​ឡើង។

លោក​បន្តថា ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ទាំងពីរ​នេះ ក្រុមហ៊ុន​អេស​ស៊ីជី បានធ្វើការ​ជាមួយ​មជ្ឈមណ្ឌល​ទាំងពីរ ដើម្បី​បង្កើត​មេរៀន​សម្រាប់ កម្មវិធី​បណ្ដុះបណ្ដាល​ផ្នែក​សំណង់ ហើយក៏​បាន​កសាង​បន្ទប់រៀន​មួយ សម្រាប់​កម្មវិធី​បណ្ដុះបណ្ដាល​នេះ។ ការចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​សិក្ខាកាម​ទាំងអស់ នឹង​បាន​សិក្សា​ជំនាញ​ពាក់ព័ន្ធ និង​ត្រឹមត្រូវ ដើម្បី​អាច​យកទៅអនុវត្ត បាន​នៅក្នុង​អាជីព​ជំនាញ​របស់ខ្លួន។ គោលបំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​មិន​ត្រឹមតែ​លើកកម្ពស់​គុណភាព​សំណង់ ក្នុងប្រទេស​កម្ពុជា​តែមួយ​នោះទេ ប៉ុន្តែ​ថែមទាំង​ជួយ​បង្កើន​សក្ដានុពល ក្នុងការ​រកប្រាក់​ចំណូល​របស់​សិក្ខាកាម​ជាជាង​សំណង់ ដែល​បានបញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ​ផងដែរ។

នាយក​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកវិទ្យា (NPIC) លោក​ប៊ុន ភា​រិ​ន មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​នេះ នឹងធ្វើ​ឲ្យ​គុណភាព​នៃ​ការបណ្ដុះបណ្ដាល របស់​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា កាន់តែ​រឹងមាំ ហើយ​អាច​ឆ្លើយតបបាន​ទាន់ពេលវេលា​នូវ​តម្រូវការ​ទីផ្សារការងារ​នៅ​កម្ពុជា។

កម្មវិធី​នេះ​នឹង​បើក​ស្វាគមន៍​សម្រាប់​ជាងសំណង់​ណា ដែល​ចាប់អារម្មណ៍ ហើយ​អាចដាក់​ពាក្យ​បាន ដោយ​ទូរស័ព្ទ​ទៅ​ក្រុមហ៊ុន​អេស​ស៊ីជី ហើយ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ពុំ​តម្រូវ​ឲ្យ​បង់ថ្លៃ​សិក្សា ឬ​ថ្លៃ​ដាក់ពាក្យ​ចុះឈ្មោះ​អ្វី​ឡើយ៕

លោក​ឧកញ៉ា​លី ហួរ​បង្ហើប​ពី​មូលហេតុ​ដី​បន្ត​ឡើងថ្លៃ

ដោយ គង់ សូរិយា

ភ្នំពេញ៖ នៅពេល​និយាយ​ពី​ដី​ឡើងថ្លៃ ប្រជាពលរដ្ឋ​ជាច្រើន​ក៏មាន​ចម្ងល់​ពី​ការកើនឡើង​នូវ​តម្លៃ​អចលនទ្រព្យ​ប្រភេទ​នេះ​ឥតឈប់ឈរ ប៉ុន្តែ​ការឡើង​តម្លៃ​ដី ធ្លី​ក៏​ផ្តល់​ផលប្រយោជន៍​ច្រើន​ដែរ ដល់​ម្ចាស់​ដី​នានា។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា​លី ហួរ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២៧ កុម្ភៈ​កន្លងមក​ថា ការលក់​និង​ការអភិវឌ្ឍន៍​លំនៅដ្ឋាន​នៅ​ឆ្នាំនេះ ស្ថិតក្នុង​សភាព​ទ្រឹង ប៉ុន្តែ​ដី​នៅតែ​ឡើងថ្លៃ ព្រោះ​នៅតែមាន​តម្រូវការ​ដីធ្លី​ច្រើន​ពី​អ្នកវិនិយោគ​នានា ដោយ​លោក​ធៀប​ពី​តម្រូវការ​នេះ​ថា “អ្នកវិនិយោគ​មិនអាច​រង់ចាំ​ដល់​ស្រូវ​អស់ពី​ជ​ម្រុ​ក ទើប​ស្វែងរក​ស្រូវ​ថ្មី​នោះទេ” គឺ​ពួកគេ​ត្រូវតែមាន​ដី​ត្រៀម សម្រាប់​អភិវឌ្ឍន៍​គំរោងថ្មីៗបន្ថែមទៀត។

លោក​ឧកញ៉ា​បាន​បន្តថា “ដី​មិនកើត​ទេ មនុស្ស​កើតជា​រៀងរាល់ថ្ងៃ តម្រូវការ​នៅតែ​កើនឡើង​ជាប្រចាំ ពិសេស​សម្រាប់​ក្រុម​អ្នកមាន​ប្រាក់ចំណូល​ទាប។លោក​ឧកញ៉ា​បន្តថា “បច្ចុប្បន្ន​យើង​ត្រូវការ​លំនៅដ្ឋាន​តម្លៃ​ទាប ប្រមាណ១ម៉ឺន​ខ្នង​ក្នុង​មួយឆ្នាំ ប៉ុន្តែ​អ្នក​អភិវឌ្ឍន៍​ភាគច្រើន​ផ្តោត​តែ​លើ​លំនៅដ្ឋាន ដែលមាន​តម្លៃ​ថ្លៃ។

លោក​ឧកញ៉ា​លី ហួរ​បាន​បន្តថា ដរាបណា​សេដ្ឋកិច្ចកម្ពុជា​នៅតែ​រក្សាបាន​កំនើន​ល្អប្រសើរ​បែបនេះ ហើយ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នៅតែ​មាននៅ​កម្ពុជា វិស័យ​សំណង់ និង​អចលនវត្ថុ​កម្ពុជា​នៅតែមាន​ភាព​រីកចម្រើន​រយៈពេល​វែង​បន្តទៀត ដោយសារ​កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ និង​កំនើន​ប្រជា ជន​វ័យក្មេង ដែល​ត្រូវមាន​គ្រួសារ​ច្រើន ហេតុនេះ​តម្រូវការ​លំនៅដ្ឋាន​នៅតែមាននិង​ជា​រឿង​ចាំបាច់​ដែល​ពួកគេ​ត្រូវការ៕

ចង់​ក្លាយជា​អ្នក​ភ្នាក់ងារ​អចលនទ្រព្យ​ត្រូវមាន​អ្វី​ជា​គោល​សំខាន់ ?

បច្ចុប្បន្ននេះ គេ​សង្កេតឃើញថា ខណៈពេលដែល​វិស័យ​អចលនទ្រព្យ​កំពុងពុះ​ក​ញ្ច្រោ​ល​ខ្លាំង មាន​មនុស្ស​មិនតិច​នាក់​នោះទេ​ដែល​បាន​ព្យាយាម​ប្រជ្រៀត​ខ្លួន​ចូលមកក្នុង​វិស័យនេះ ក្នុងនាម​ជា​ភ្នាក់ងារ ដើម្បី​ទទួលបាន​កម្រៃជើងសារ ឬ​ទទួលបាន​ភាគ​ចំណេញ​ពី​ការផ្តល់​ប្រឹក្សា​ជាដើម។ មាន​ដឹង​ទេ​ថា សម្រាប់​អ្នក​ដែល​អាចឈរជើង​បានជា​អ្នក​ប្រឹក្សា ឬ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ជោគជ័យ ត្រូវមាន​អ្វីខ្លះ​ជា​សំអាង ទើប​អាច​ក្លាយជា​អ្នក​ជោគជ័យ​ក្នុង​វិស័យនេះ ? ចម្ងល់​ទាំងនេះ ត្រូវបាន​បកស្រាយ​យ៉ាង​លម្អិត​ពី​សំណាក់​លោក​ឧកញ៉ា ចេង ខេង ដែលជា​អ្នកជំនួញ​ដ៏​ល្បីឈ្មោះ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ស៊ី​ភី​អែល ខេ​ម​បូ​ឌា ប្រ​ភើ​ធី លីមីត​ធី​ត (CPL Cambodia Properties Limited) ។

លោក​ឧកញ៉ា ចេង ខេង បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ចំពោះ​បុគ្គល​ដែល​អាច​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ដែលមាន​សក្ដានុពល ប្រកបដោយ​ជោគជ័យ​បាន​លុះត្រាតែ ៖

1-ការតាំង​ចិត្ត មុននឹង​ដាក់​ចិ​ត្ដ​ចូលប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​យើង​ត្រូវតែ​សួរ​ខ្លួនឯង​ថា តើ​យើង​ស្រឡាញ់​កិច្ចការ​នេះដែរ ឬទេ? ប្រសិនបើ​ស្រឡាញ់​ត្រូវតែ​ប្រឹងប្រែង​សិក្សា និង​ធ្វើ​កិច្ចការងារ​នេះ​ឱ្យអស់​ពី​ចិ​ត្ដ​ប្រក​ដោយ​ឆន្ទៈ​បំផុត រួម​ជាមួយនឹង​ភាពច្បាស់​ប្រាកដ​ក្នុង​ចិត្ត​ត្រូវ100% ។ ឧទាហរណ៍ នៅពេល​អតិថិជន មករក​យើង គឺ​មានន័យថា​ពួកគាត់​មិនសូវ​បាន​ជ្រាប​ច្បាស់​ពី​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វិស័យនេះ ជាពិសេស​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ស្រាវជ្រាវ ដូច្នេះ​ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​យើង​ត្រូវតែមាន​ចំណេះដឹង​ទូលំទូលាយ​ជាង​អតិថិជន ក្នុងករណី​បើ​យើង​មានចំណេះដឹង​ផ្នែក​នេះ​តិចជាង​គាត់ ប្រាកដជា​អតិថិជន​គ្មាន​ទំនុក​ចិ​ត្ដ​លើ​យើង​ឡើយ។

  1. ការផ្ដល់​អាទិភាព​ជូន​អតិថិជន មានន័យថា​យើង​ត្រូវ​ព្យាយាម​យល់​ចិ​ត្ដ​អតិថិជន​ថា គាត់​ចង់បាន​អី្វ? គាត់​ប្រញាប់​ចង់​លក់ ឬ​ទិញ​អចលនវត្ថុ​បែបណា? ដូច្នេះ​យើង​ត្រូវតែ​ផ្ដល់​អាទិភាព​ជូន​គាត់ ឬ​បម្រើ​សេវាកម្ម​ជូន​គាត់​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាពស្មោះត្រង់។ តាមរយៈ​បទពិសោធន៍​ខ្ញុំ​ដឹងថា មាន​អតិថិជន​មួយចំនួន​គាត់​ខ្លាច​យើង (ភ្នាក់ងារ​អចលនទ្រព្យ) ដាក់​តម្លៃលើស​ឬ​មិន​ស្មោះត្រង់​ជាមួយ​គាត់ ដូច្នេះ​យើង​ត្រូវតែ​ធ្វើឱ្យ​អតិថិជន​មាន​ជំនឿ​ចិ​ត្ដ​លើ​យើង ទើប​គាត់​ចង់​ធ្វើការ​ជាមួយ​យើង​រហូត។
  2. 3. ការយកចិត្តទុកដាក់​ចំពោះ​អតិថិជន មានន័យថា បន្ទាប់ពី​យើង​បាន​បម្រើ​សេវាកម្ម​ជូន​ដល់​អតិថិជន ឬ​ម្ចាស់​អចលនវត្ថុ​ហើយ យើង​ត្រូវ​ចេះ​សួររក​ព័ត៌មាន​មកវិញ ដើម្បី​ឱ្យដឹងថា តើ​ទង្វើ ឬ​កិច្ច​ការដែល​យើង​ធ្វើ​ជូន​ពួកគាត់​គ្រប់គ្រាន់​ទៅតាម​អ្វីដែល​គាត់​ចង់បាន​ហើយ ឬ​នៅ? យើង​ត្រូវ​ធ្វើបែបនេះ​គ្រប់ពេល ព្រោះ​មានតែ​អតិថិជន​ទេ​ដែលជា កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ចំណុច​ខ្វះខាត​របស់​យើង។
  3. 4.ការសម្របសម្រួល នៅពេល​ម្ចាស់​កម្មសិទ្ធិ ផ្តល់​លទ្ធភាព​ដល់​យើង​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ជំនាញ ជា​សំអាង​ឱ្យ​គាត់ ដូចជា ជួយ​លក់ ឬ​ជួល យើង​ត្រូវ​ដឹងថា អ្នកទិញ​តែង​ចង់បាន​តម្លៃថោក រីឯ​អ្នកលក់​តែង​ចង់បាន​តម្លៃ​ថ្លៃ គំនិត​អ្នក​ទាំងពីរ​ផ្ទុយគ្នា100% ដូច្នេះ​ក្នុងនាម​យើង​ជា​ភ្នាក់ងារ​ត្រូវ​ចេះ​សម្របសម្រួល និង​ចេះ​ផ្គូរ​ផ្គង​តម្លៃ​រវាង​អ្នកទិញ និង​អ្នកលក់​ឱ្យមាន​តម្លាភាព ។
  4. 5. ភាព​ឆ្លាត​វៃ​ក្នុងការ​សម្គាល់​អត្ត​ច​រឹត​អតិថិជន ការ​ស្គាល់​អតិថិជន ឬ​រក្សា​អតិថិជន​ទុក គឺជា​រឿង​សំខាន់ ព្រោះ​នៅពេល​យើង​មាន​អចលនទ្រព្យ​មួយ​មានតម្លៃ​ល្អ មាន​ទីតាំង​ល្អ យើង​ងាយ​នឹង​ផ្ដល់ព័ត៌មាន​ដល់​ពួកគាត់​ដើម្បីឱ្យ​ការទិញ​លក់​ប្រ​ព្រឹ​ត្ដ​ទៅដោយ​ងាយស្រួល។
  5. 6.ការរៀបចំ​ឯកសារ​ផ្លូវច្បាប់ គ្រប់​ប្រតិបត្តិការ​ទាំងអស់​ត្រូវ​តែ​ធ្វើឡើង​ដោយមាន​ឯកសារ​ជា​លាយ​លក្ខ​អក្សរ​ជាដាច់ខាត ដើម្បី​ជួយ​សម្រួល​ដល់​ការ​ផ្គូរ​ផ្គង​តម្លៃ​រវាង​អ្នកលក់ និង​អ្នកទិញ ជាពិសេស​នៅពេល​មាន​បញ្ហា​យើង​ងាយ​រក​ភាគី​ទី3 ឱ្យជួយ​ដោះស្រាយ។
  6. 7. ការចរចា ជា​រឿង​សំខាន់​ខ្លាំង​ណាស់ដែរ ព្រោះ​អ្នកខ្លះ​គាត់​មាន​សមត្ថភាព​អាចធ្វើ​ការងារ​ច្រើន និង​បានល្អ​ទៀតផង ប៉ុន្តែ​គាត់​មាន​ចំណុចខ្សោយ​ក្នុង​ការចរចា។ ការចរចា​យើង​អាច​ចាត់ទុកថា​ជា​ចំណុចកំពូល​សម្រាប់​ភ្នាក់ងារ​អចលនទ្រព្យ​ទូទៅ ដែល​ត្រូវតែ​ព្យាយាម​ធ្វើឱ្យ​បានល្អ​បំផុត ព្រោះ​បើ​យើង​ធ្វើ​នៅសល់តែ1ចំណុច (99% គឺ​នៅតែ​បរាជ័យ)។ សរុបមក​ចំណុច​ទាំង​ប៉ុន្មាន​ខាងលើ​ដែល​ខ្ញុំ​បានបង្ហាញ វា​ជា​បទពិសោធន៍​ជាក់ស្តែង​ដែល​ធ្វើឱ្យ​ខ្ញុំ​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​រយៈពេល​ជាង20ឆ្នាំ​កន្លងមកនេះ៕

តើចក្រភពអង់គ្លេសមានស្ថាបត្យកម្មសំណង់អ្វីគួរឲ្យចាប់អារម្មណ៍?

ប្រែសម្រួលដោយ វុត្ថា

ភ្នំពេញ៖ ចក្រភពអង់គ្លេស គឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយក្នុងចំណោមមហាអំអាចសេដ្ឋកិច្ចទាំង៨នៅលើពិភពលោក ព្រមទាំងមានអាវុធយុទ្ធភណ្ឌ និងបច្ចេកវិទ្យាទំនើបៗ។

ប៉ុន្តែថ្ងៃនេះគេហទំព័រ Propertyarea.asia សូមនាំលោក អ្នកទៅពិនិត្យមើល​សំណង់ស្ថាបត្យកម្មក្នុងប្រទេសមួយនេះ តើមានអច្ឆរិយភាពសម្រាប់បង្អួតពិភពលោក​ដូចម្តេច?

អង់គ្លេសមិនចាញ់បណ្តាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនដល់កំពូល​នោះទេ ប្រទេសនេះបានសាងសង់អគារ The Shard ឬ ហៅថា Shard London Bridge ដែលកាលពីមុនគេហៅអគារនេះថា London Bridge Tower មានកំពស់ ៩៥ ជាន់ និង៣០៩.៦ ម៉ែត្រ ត្រូវបានគូប្លង់ដោយស្ថាបត្យករល្បីល្បាញជនជាតិអ៊ីតាលី លោក Renzo Piano។

អាគារដ៏អស្ចារ្យនេះស្ថិតនៅក្នុងតំបន់ Southwark ក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេស។ អគារនេះ គឺជាអគារខ្ពស់បំផុតក្នុងប្រទេសអង់គ្លេស និងតំបន់សហភាពអឺរ៉ុប និងខ្ពស់លំដាប់ទី៥ក្នុងតំបន់អឺរ៉ុបទាំងមូល។ អគារនេះផងដែរ គឺជាស្ថាបត្យកម្មសំណងល្អឯងទី២ បន្ទាប់ពីអគារស្ថានីយ៍បញ្ជូនបណ្តាញ Emley Moor ក្នុងប្រទេសអង់គ្លេស។

ការសាងសង់អគារនេះ បានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៩ និងបញ្ចប់នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១២ ព្រមទាំងបើកឲ្យដំណើរការជាផ្លូវវការនៅថ្ងៃទី៥ខែកក្កដា ឆ្នាំ២០១២ និងបើកអោយសាធារណៈជនចូលទស្សនា និងមើលទេសភាពទីក្រុងនៅក្នុងឆ្នាំ ២០១៣។

ប៉មនៃអគារនេះ មានរាង្គជាពីរ៉ាមីត ដែលមានកញ្ចក់ព័ទ្ធជុំវិញនៅជាន់ទី៧២ ក្នុងកម្រិតកម្ពស់២៤៤ម៉ែត្រ ដែលអាចឲ្យសាធារណៈជនមើលទេសភាពទីក្រុងទាំងមូល និងស្រូបយកខ្យល់អាកាសបានដោយរីករាយ។

អគារ The Shard បានសាងសង់ឡើងដោយក្រុមហ៊ុន Sellar Property Group ក្នុងនាមក្រុមហ៊ុន LBQ Ltd និងត្រូវបានគ្រប់គ្រងរួមគ្នាដោយ ក្រុមហ៊ុន Sellar Propertyចំនួន៥ភាគរយ និងរដ្ឋកាតាចំនួន៩៥ភាគរយ។អគារ The Shard ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអចលនទ្រព្យ (UK) Limited ក្នុងនាមជាម្ចាស់ផ្ទាល់។ អគារដែលខ្ពស់កប់ពពកមួយនេះ ត្រូវបានគេបោះទុនវិនិយោគក្នុងការសាងសង់ក្នុងទំហំទឹកប្រាក់ចំនួន៤៣៥ លានផោន។

ស្ថាបត្យកម្មដល់កំពូលនេះ ត្រូវបានគេប្រើប្រាស់ចម្រុះ មានទាំងការិយាល័ធ្វើការ ភោជនីយដ្ឋាន សណ្ឋាគារ អាផាតម៉ិន និងកន្លែងតាំងពីព័ណរូបថត រួមជាមួយនឹងកន្លែងទស្សនា និងស្រូបយកខ្យល់អកាសបរិសុទ្ធផងដែរ។ អគារនេះផងដែរ ត្រូវបានគេហុំព័ទ្ធដោយកញ្ចក់ និងដែកដែលត្រូវបានគេរចនាដើម្បីអាចទស្សនាពីលើកអាកាសបាន។ អគារនេះស្ថិតនៅជិត ស្ថានីយ៍រថភ្លើង London Bridge Station  ដែលជាតំបន់មមាញឹកឆ្លងកាត់របស់អ្នកដំណើរ ។ អគារ The Shard គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការបង្កើតឡើងវិញរបស់ធនាគារ South Bank របស់ទីក្រុងឡុងដ៍។

អាគារដែលឈរចំកណ្តាលក្រុងមួយនេះ គឺជានិមិត្តរូបនៃទីក្រុងឡុងដ៍ និងអន្តរជាតិ៕