សម្តេចធិបតី ហ៊ុន ម៉ាណែត: ក្រោយមានព្រែកជីកហ្វូនណន សេដ្ឋកិច្ចខេត្តតាមដងទន្លេ និងប្រជាជនកម្ពុជា នឹងកាន់តែរីកចម្រើនជាងមុន

(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅពេលដែលគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងទាញសមុទ្រឱ្យជាប់ទន្លេ លេចចេញជារូបរាងឡើង នឹងជួយបង្កើនលទ្ធភាពក្នុងការដឹកជញ្ជូន ពីខេត្តដែលជាប់ដងទន្លេសាប ជាប់ដងទន្លេមេគង្គ ចុះទៅសមុទ្របានកាន់តែលឿន ហើយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេនឹងកាន់តែរីកចម្រើនផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១២ ០៦០នាក់ នៅបណ្តារោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «បន្តិចទៀតពេលដែលយើងធ្វើគម្រោង «ព្រែកជីកហ្វូណនតេជោ» ទាញសមុទ្រឱ្យជាប់ទន្លេ បង្កើនលទ្ធភាពក្នុងការដឹកជញ្ជូន ពីខេត្តដែលជាប់ទន្លេសាប ជាប់ទន្លេមេគង្គ ចុះទៅសមុទ្រកាន់តែលឿន សេដ្ឋកិច្ចនៅតាមបណ្តោយដងទន្លេកាន់តែរីក ហើយក្នុងនោះមានខេត្តកំពង់ចាមផងដែរ ហើយផលប្រយោជន៍ដែលបានមកពីគម្រោងនេះ គឺបានទៅដល់បងប្អូនប្រជាពលរដ្ឋ។ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជូនទៅកាន់បងប្អូនកម្មករ និយោជិក នៅក្នុងខេត្តកំពង់ចាមដែរថា មិនយូរទៀតនោះទេ នៅខេត្តកំពង់ចាម នឹងងាយស្រួលក្នុងការធ្វើដំណើរបានកាន់តែលឿន ខណៈដែលផ្លូវជាតិលេខ៧ ពីស្គន់ ដល់ស្ពានគីហ្សូណា ដែលមានប្រវែងប្រមាណ ៤៥គីឡូម៉ែត្រ បានបើកការដ្ឋានធ្វើរួចហើយ ពី ២គន្លង ទៅ ៤គន្លង ដើម្បីជួយសម្រួលការធ្វើដំណើរជូនដល់ប្រជាពលរដ្ឋ ហើយវត្តមានរោងចក្រក៏កាន់តែមានច្រើនផងដែរ។

គួរបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងគម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ រវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​​កម្ពុជា ជាមួយតំណាងក្រុមហ៊ុន​សា​ជីវកម្មស្ពាន និង​ថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុននេះ សិក្សាលំអិតលើគម្រោងនេះក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល ៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង។សូមបញ្ជាក់ដែរថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នាសម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រីនីតិ​កាល​ទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ និងបន្តមកនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរ​ការ​អនុវត្តគម្រោងនេះផងដែរ។

គម្រោង «ព្រែកជីកហ្វូណនតេជោ» នេះ ធ្វើឡើងដើម្បីពង្រីកវិសាលភាព​នៃការ​ប្រើប្រាស់​សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់​សកម្ម​ភាព​សេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈមនិងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។តាមការ​សិក្សាបានបង្ហាញថា ផ្លូវទឹកព្រែកជីកហ្វូណន-តេជោ មានប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។ ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាច​ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។គម្រោងនេះ នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង, សាងសង់ស្ពាន​ចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ, និងមាន​បំពាក់​សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់​ទន្លេផ្សេងៗ​ទៀតផង​ដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយ​ទុន​វិនិ​យោគ ១,៧០០លានដុល្លារអាម៉េរិក និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍​ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន​នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

អភិបាលរាជធានីភ្នំពេញស្នើអូស្ត្រាលី ពិនិត្យលទ្ធភាពវិនិយោគលើសេវាដឹកជញ្ជូនសាធារណៈនៅភ្នំពេញ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ លោកJustin Whyatt ឯកអគ្គរាជទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណូមពរឲ្យអូស្ត្រាលី ពិនិត្យលទ្ធភាព ដើម្បីវិនិយោគលើសេវាដឹកជញ្ជូនសាធារណៈ នៅរាជធានីភ្នំពេញ ខណៈដែលកំណើនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញចេះតែកើនឡើងប្រឈមទៅនឹងការកកស្ទះចរាចរណ៍។

លោកឃួង ស្រេង បានជម្រាបជូនភាគីអូស្រ្តាលីថា គិតមកពេលនេះ រាជធានីភ្នំពេញមានប្រជាពលរដ្ឋស្នាក់នៅ និងចេញចូលប្រកបរបរនានាមានប្រមាណ៣លាននាក់ មានរថយន្តប្រមាណ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង២,២លានគ្រឿង។

លោកបន្តថា ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាង​ស្ពានអាកា​ស និងស្ពានឆ្លងទន្លេជាដើម។ ដូច្នេះហើយ លោកមានសំណូមពរឲ្យមាននិយោគទុន របស់អូស្រ្តាលីពិនិត្យលទ្ធភាព ដើម្បីវិនិយោគទៅលើការដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ។ លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ក្រៅពីប្រឈមនឹងបញ្ហាចរាចរណ៍ រាជធានភ្នំពេញ ក៏មានបញ្ហាប្រឈមទៅនឹងប្រព័ន្ធលូប្រឡាយផងដែរ ដែលបញ្ហានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ណាស់ ដោយធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ លែងលិចលង់ក្នុងរយៈពេល៤ឆ្នាំទៀត។

លោក Justin Whyattបានមានប្រសាសន៍ថា កាលពីឆ្នាំ២០០១ លោកបានមកបំពេញការងារនៅភ្នំពេញ តែ២០ឆ្នាំចុងក្រោយនេះ ពេលលោកមកដល់ភ្នំពេញម្តងទៀតឃើញថា ភ្នំពេញពិតជាមានការអភិវឌ្ឍន៍រីកចម្រើនលឿនខ្លាំង។

លោកបញ្ជាក់ថា ការមកសម្ដែងការគួរសមនេះ លោកមានបំណងចង់ស្ដាប់ ពីបញ្ហាប្រឈមនានារបស់រដ្ឋបាល រាជធានីភ្នំពេញ និងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី បានស្វែងរកសេដ្ឋកិច្ចជាច្រើន ពិសេសលើវិស័យកសិ​កម្ម ដោយបានគៀងគរអ្នកវិនិយោគអូស្ត្រាលី មកវិនិយោគលើវិស័យនេះជាច្រើន។

លោកបញ្ជាក់ថា ទំនាក់ទំនង រវាងកម្ពុជា និងអូស្ត្រាលី ទទួលបានផ្លែផ្កាកាន់តែល្អ ទាំងខាងសេដ្ឋកិច្ច កសិកម្ម នគរបាល ការពារជាតិ និងសន្តិសុខជាដើម៕

IMFព្យាករណ៍ថា ជប៉ុននឹងធ្លាក់តំណែងមកនៅជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៤លើពិភពលោកនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើកឡើងថា ផលក្នុងទុនសរុបស្រុកសរុបបន្ទាប់បន្សំ(Nominal GDP)របស់ប្រទេសជប៉ុនក្នុងឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៣ មកនៅចំណាត់ថ្នាក់លេខ៤ នៅលើពិភពលោក។

ការធ្លាក់ចំណាត់ថ្នាក់នេះ ដោយការវ៉ាដាច់ពីប្រទេសអាល្លឺម៉ង់  ខណៈប្រាក់យ៉េនកំពុងធ្លាក់ថ្លៃខ្លាំង។ Nominal GDP គឺជាផលិតផលក្នុងស្រុកសរុប ដែលត្រូវបានគណនាជាមួយនឹងអតិផរណា ហើយតម្លៃទំនិញ និងសេវាកម្មត្រូវបា​ន​គណនាតាមកម្រិតតម្លៃបច្ចុប្បន្ន។ស្របពេលដែលតួលេខផលិតផល ក្នុងស្រុកសរុបបន្ទាប់បន្សំ(Nominal GDP)បានរងផលប៉ះពាល់ ដោយសារអត្រាអតិផរណា។ ដូច្នេះប្រទេសជប៉ុន ត្រូវបានមូលនិធិIMFព្យាករណ៍ថា នឹងធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៣ មកនៅចំណាត់ថ្នាក់លេខ៤វិញ ក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុត នៅលើពិភពលោក នៅឆ្នាំ២០២៣នេះ បន្ទាប់ពីប្រទេសជប៉ុន បានកាន់កាប់តំណែងនេះអស់     រយៈពេលជាង១ទសវត្សរ៍រួចមកហើយ។

ជាមួយគ្នានេះ ប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទី៥ របស់ពិភពលោកនៅចន្លោះឆ្នាំ២០២៦ និងឆ្នាំ២០២៨ ហើយទំហំសេដ្ឋកិច្ចរបស់ឥណ្ឌា ត្រូវបានគេព្យាករណ៍ថា នឹងឡើងមកកាន់ចំណាត់ថ្នាក់ទី៤ នៅលើពិភពលោក ក្នុងឆ្នាំ២០២៦ និងចំណាត់ថ្នាក់ទី៣នៅឆ្នាំ២០២៧។

នៅឆ្នាំ១៩៦៨ ប្រទេសជប៉ុនបានដណ្តើម យកតំណែងរបស់ប្រទេសអាល្លឺម៉ង់ខាងលិច ដោយបានវ៉ាដាច់ទំហំផលិតផលជាតិសរុបរបស់អាល្លឺម៉ង់នៅពេលនោះ  ហើយជប៉ុនបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរ របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។

ប្រទេសជប៉ុន​បាន​កាន់​កាប់តំណែង​ ជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក ចាប់តាំងពីឆ្នាំ១៩៦៨នោះមក រហូត​ដល់​ប្រទេសចិន​ បានដណ្តើមយកតំណែងនេះ ក្នុង​ឆ្នាំ​២០១០ ដោយទាញទម្លាក់ប្រទេសជប៉ុន មក​នៅ​ត្រឹមចំណាត់ថ្នាក់លេខ​៣វិញ៕

សម្តេចធិបតីហ៊ុន ម៉ាណែតនឹងចូលរួមបើកវេទិការដ្ឋាភិបាលនិង វិស័យឯកជននៅថ្ងៃទី១៣វិច្ឆិកា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជានឹងចូលរួមបើកវេទិការដ្ឋាភិបាល និងវិស័យឯកជននៅថ្ងៃទី១៣ វិច្ឆិកាខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកជា វុទ្ឋីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ព័ត៌មានដ៏មានសារៈសំខាន់នេះ ត្រូវបានលើកឡើងដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូសមាគមសភាពាណិជ្ជកម្មចិន ដឹកនាំដោយលោក Lin Shiqiang ប្រធានសមាគម។

លោកជា វុទ្ឋីបានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាល នឹងរៀបចំវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន លើកទី១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលជាឱកាសសម្រាប់វិនិយោគ លើកឡើងនូវបញ្ហាប្រឈមជូន ក្រុមការងារ តាមវិស័យពិនិត្យដោះស្រាយ ចំពោះបញ្ហាដែលមិនអាចដោះស្រាយក្នុងកម្រិតក្រុមការងារ បញ្ហានោះត្រូវគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ផ្ដល់អនុសាសន៍ក្នុងវេទិកានោះតែម្តង។

បន្ថែមពីលើនេះ លោកអគ្គលេខាធិការ បានស្នើសមាគមសភាពាណិជ្ចកម្មចិន មេត្តាបន្តជួយផ្សព្វផ្សាយអំពី បរិស្ថានវិនិយោគនៅកម្ពុជាបន្ថែមទៀត៕

 

 

ទុនវិនិយោគជិត៤០០០លានដុល្លារបានចាក់បញ្ចួលក្នុង សេដ្ឋកិច្ចកម្ពុជា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអះអាងថា ទុនវិនិយោគជិត៤០០០លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៩ខែឆ្នាំនេះ។

ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូសមាគមសភាពាណិជ្ជកម្មចិន ដឹកនាំដោយលោក Lin Shiqiang ប្រធានសមាគម។

លោកជា វុទ្ធី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាង កក់ក្តចំពោះវត្តមានរបស់គណៈប្រតិភូ សភាពាណិជ្ជកម្មចិន និងបានលើកឡើងអំពីសារៈសំខាន់ចំពោះ កិច្ចសហប្រតិបត្តិការវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ចិន។លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា ជាពិសេសការកើនឡើងនៃការវិនិ​យោគក្នុងវិស័យកម្មន្តសាល។ លោកបន្តថា ជាក់ស្តែងក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានអនុម័តគម្រោងវិនិយោគ ដែលមានទំហំទុនវិនិយោគ ប្រមាណជិត៤ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគរបស់ចិន មានប្រមាណ៧៦%។

គោលបំណងនៃការជួបពិភាក្សា ការងារនៅថ្ងៃនេះ ដើម្បីស្តាប់មតិយោបល់ ពីសមាគមសភាពាណិជ្ជកម្មចិន ក្នុងការចូលរួមកែលម្អបរិស្ថានវិនិយោគនៅកម្ពុជា។

មានមតិក្នុងកិច្ចប្រជុំនេះ លោកប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានអនុញ្ញាតឱ្យលោ​ក និងសហការីចូលជួបពិភាក្សាការងារ ដែលការណ៍នេះបានបង្ហាញពីការយក ចិត្តទុកខ្ពស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំពោះវិនិយោគិនចិន។

ជាមួយគ្នានេះដែរ លោកប្រធានគណៈ ប្រតិភូបានស្នើសុំឱ្យឯកឧត្តមអគ្គលេខាធិការ ពន្យល់ពីវិស័យអាទិភាព ដែលមានចែងក្នុងច្បាប់វិនិយោគថ្មី, និងយន្តការដោះស្រាយបញ្ហារបស់វិនិយោគិនចិន។

លោកជា វុទ្ឋីបានលើកឡើងថា ក្នុងច្បាប់វិនិយោគថ្មី វិស័យអាទិភាព មានចំនួន១៩ ដែលក្នុងនោះមានវិស័យអាទិភាពពីរ ដែលយើងកំពុងចង់បានខ្លាំងបំផុតនោះ គឺការវិនិយោគ ក្នុងវិស័យដែលមានបច្ចេកវិទ្យាខ្ពស់ ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវ និងការអភិ​វឌ្ឍន៍ និងការវិនិយោគក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ឧស្សាហកម្មកែច្នៃចំណីអាហារដែលបម្រើទីផ្សារក្នុងស្រុក ឬ ការនាំចេញ។

លោកបន្តថា បច្ចុប្បន្ន នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមាន តុចិន (China Desk) សម្រាប់រង់ចាំផ្តល់ការប្រឹក្សាជូនវិនិយោគិនចិន។ ចំពោះយន្តការសម្រាប់ ដោះស្រាយបញ្ហារបស់វិនិយោគិន៕

ដំណឹងល្អៈខេត្តព្រះសីហនុនឹងស្វាគមន៍តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅស្រុកព្រៃនប់

ដោយៈ ហ្វីអូណា

        ព្រះសីហនុៈ តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត នឹងរូបរាងឡើងក្នុងស្រុកព្រៃនប់នាពេលឆាប់ៗខាងមុខនេះ តាមរយៈជំនួបរវាងលោ​កគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីងលោកWang Mingyu ។ជាមួយគ្នានេះ កាលពីសប្តាហ៍មុន នៅរដ្ឋធានីប៉េកាំង សាធារ​ណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើគម្រោងចំនួន៣ រៀបចំដោយសមាគមអ្នកវិនិយោគចិននៅកម្ពុជា ដែលរួមបញ្ចូលនូវការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។អនុស្សរណៈនៃការយោគយល់ទាំងបីនោះ រួមមាន ទី១-អនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការ លើគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យផ្សេងទៀត នៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

ទី២ -អនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហការវិនិយោគលើការបណ្តុះបណ្ដាលវិស័យអប់រំ បដិសណ្ឋារកិច្ច ដែលត្រូវជ្រើសរើសសិស្ស និសិ្សតវិទ្យាល័យនៅកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន និងទី៣- អនុស្សរណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕ 

China to bolster economic recovery and curb risks: Central bank head

SHANGHAI/BEIJING: China will promote a sustained economic recovery, focusing on expanding domestic demand, while fending off financial risks, People’s Bank of China Governor Pan Gongsheng said in a report published on Saturday (Oct 21).

The central bank will make its policy more “precise and forceful”, while guiding financial institutions to cut real lending rates and reducing financing costs for firms and individuals, Pan said in the report published on the bank’s website.

The report is significant because it is the first time the governor has commented on policy after the publication of third-quarter economic data. It outlines the authorities’ near-term priorities and was delivered to the country’s parliament.

China’s economy grew at a faster-than-expected rate in the third quarter, while consumption and industrial activity in September also surprised on the upside, suggesting a recent flurry of policy measures is helping bolster a tentative recovery.

The country will keep yuan stable, prevent the risk of abnormal fluctuations in cross-border fund flows and maintain the stability in the foreign exchange market, Pan said.

It will steadily push forward its yuan internationalisation scheme, establish a risk warning and control system for overseas investment and safeguard the country’s foreign currency assets, he added. Source: Reuter

ក្រសួងពាណិជ្ជកម្មគ្រោងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៦ នៅពាក់កណ្តាលខែធ្នូខាងមុខ

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមសេចក្តីប្រកាសពត៌មានបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មគ្រោងនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦ កម្រិតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ខាងមុខ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើនេះ ក្រសួងពាណិជ្ជកម្មក៏នឹងរៀបចំព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនផងដែរ ដូចជាកម្មវិធីសិក្ខាសាលាស្តីពីការជំរុញសកម្មភាពពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធី ចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រ និងអភិវឌ្ឍវិស័យឯកជន។ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះធ្វើឡើង ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញផលិតផល និងសេវាឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ពាណិជ្ជកម្មខាងលើនឹងផ្ដល់នូវកាលានុវត្តភាពថ្មី ក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មក្នុងស្រុករវាងរាជធានី-ខេត្តទូទាំងប្រទេស និងរវាងកម្ពុជា ជាមួយអន្តរជាតិ។តាមរយៈនេះ ក្រសួងពាណិជ្ជកម្មក៏បានប្រកាសអញ្ជើញ អ្នកវិនិយោគ ក្រុមហ៊ុន សហគ្រាសកម្ពុជា ផលិតករ និងពាណិជ្ជករ ដែលមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦ ឆ្នាំ២០២៣ ឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ឬមាន គម្រោងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយដៃគូរបស់ខ្លួន។

ក្រសួងបន្ថែមថា សម្រាប់អ្នកដែលមានបំណងចង់ចូលរួម ត្រូវអញ្ជើញមកបំពេញបែបបទចូលរួម និងផ្ញើគម្រោងរបស់ខ្លួនមកកាន់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឱ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំណត់៕

ការសិក្សាៈបើទប់ស្កាត់ការគេចពន្ធបាន ការប្រមូលពន្ធពីមហាសេដ្ឋីទូទាំងពិភពលោកអាចឈានដល់២៥០ពាន់លានដុល្លារ

តែម សុខុម
សិង្ហបុរីៈ អង្គការឃ្លាំមើលពន្ធរបស់សហភាពអឺរ៉ុប EU Tax Observatory បាននិយាយកាលពីថ្ងៃច័ន្ទ ទី២៣ ខែតុលា ថា រដ្ឋាភិបាលនានាគួរតែរួមគ្នាចាត់វិធានការបង្ក្រាបជាអន្តរជាតិលើការគេចពន្ធជាមួយនឹងការកំណត់អត្រាពន្ធអប្បបរមាជាសកលលើមហាសេដ្ឋីពាន់លានដុល្លារ (Billionaire)។

អង្គការសិក្សាស្រាវជ្រាវនៅសាលាសេដ្ឋកិច្ច Paris School of Economics ខាងលើនេះបានលើកឡើងថា ប្រសិនបើដាក់ឱ្យអនុវត្តត្រឹមត្រូវនឹងជួយបង្កើនការប្រមូលពន្ធឈានដល់២៥០ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។តួលេខប្រមូលពន្ធនេះគឺស្មើត្រឹមតែ២%ប៉ុណ្ណោះនៃទ្រព្យសម្បត្តិចំនួន១៣ទ្រីលានដុល្លារអាមេរិក ដែលកាន់កាប់ដោយមហាសេដ្ឋីពាន់លានដុល្លារទាំង២.៧០០នាក់ទូទាំងពិភពលោក។Global billionaire tax could yield US$250 billion: Studyអង្គការនេះបានលើកឡើងក្នុងរបាយការណ៍ស្ដីពីការគេចពន្ធទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ (2024 Global Tax Evasion Report) របស់ខ្លួនថា បច្ចុប្បន្នពន្ធផ្ទាល់ខ្លួនដែលមានប្រសិទ្ធភាពអនុវត្តន៍សម្រាប់មហាសេដ្ឋីពាន់លានដុល្លារ គឺតិចជាងពន្ធបង់ដោយអ្នកជាប់ពន្ធផ្សេងៗទៀតដោយសារពួកគេអាចរក្សាទុកទ្រព្យសម្បត្តិនៅក្នុងក្រុមហ៊ុនស្រមោល (Shell company) ដែលធ្វើឱ្យពួកគេអាចគេចពន្ធលើប្រាក់ចំណូលបានដោយងាយ។

លោក Gabriel Zucman នាយកអង្គការខាងលើនេះបានទម្លាយប្រាប់ក្រុមអ្នកកាសែតថា “យើងយល់ឃើញថា វាលំបាកនឹងពន្យល់បកស្រាយណាស់ ពីព្រោះវាបង្កហានិភ័យជះផលប៉ះពាល់ដល់ប្រព័ន្ធពន្ធដារ និងការទទួលយករបស់សង្គមចំពោះការយកពន្ធ”។

អង្គការដដែលបានប៉ាន់ប្រមាណថា ពន្ធផ្ទាល់ខ្លួនរបស់មហាសេដ្ឋីពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក មានចំនួនត្រមតែជិត០,៥%ប៉ុណ្ណោះ និងទាបខ្លាំងស្ទើរតែជិត០%នៅក្នុងប្រទេសបារាំង ដែលជាធម្មតាយកពន្ធខ្ពស់។

គម្លាតទ្រព្យសម្បត្តិដែលរីកកាន់តែធំនៅក្នុងប្រទេសមួយចំនួនកំពុងបណ្ដាលឱ្យមានការអំពាវនាវឱ្យពលរដ្ឋដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតបង់ពន្ធច្រើនជាងមុន ខណៈហិរញ្ញវត្ថុសាធារណៈជួបការលំបាកក្នុងការដោះស្រាយបញ្ហាប្រជាជនដែលមានវ័យចាស់ តម្រូវការហិរញ្ញប្បទានច្រើនសន្ធឹកសន្ធាប់សម្រាប់ដោះស្រាយបញ្ហាអាកាសធាតុ និងកេរដំណែលបំណុលដែលបន្សល់ពីវិបត្តិកូវីដ-១៩៕ Reuters៕

ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៩,៧ លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រដល់ការអង្កេតវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី  

ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនិង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៣ នៅទីស្តីការ ក្រសួងលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៣៣៨ លានយ៉េន (ប្រមាណ ៩,៧ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណបទូទាំងប្រទេស។

គោលបំណងនៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹង សេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយ ផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។កាយវិការដ៏សប្បុរសនេះ បង្ហាញពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុនក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ជំនួយនេះ រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ ដែលកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត៕