ក្រុមហ៊ុនអចលនទ្រព្យវៀតណាមចំនួន២.០០០ក្រុមហ៊ុនសម្រេចបញ្ឈប់​ប្រតិបត្តិការ​ជា​បណ្ដោះអាសន្ន

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមសារពត៌មានថៃ The Nation បានចុះផ្សាយថា ក្រុមហ៊ុនអចលនទ្រព្យនៅប្រទេសវៀតណាម ចំនួន២.០០០ក្រុមហ៊ុន បាន​បញ្ឈប់​ប្រតិបត្តិការ​ ជា​បណ្ដោះអាសន្ន​នៅ​ខែមករា ដើម​ឆ្នាំ២០២៤នេះ។

តួលេខនេះបង្ហាញសញ្ញា ពីការកើនឡើង១៣៨% បើធៀបនឹង   រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យ ចេញផ្សាយដោយការិយាល័យស្ថិតិ ទូទៅនៃប្រទេសវៀតណាម(GSO)  នៅក្នុងរបាយការណ៍មួយស្តីពី ស្ថានភាពសេដ្ឋកិច្ចសង្គម នៅក្នុងខែមករាឆ្នាំ២០២៤។

ជាមួយគ្នានេះ នៅក្នុងខែមករាដដែល ប្រទេសវៀតណាម ក៏បានសង្កេតឃើញមាន ក្រុមហ៊ុនអាជីវកម្មអចលនទ្រព្យ ដែលទើបបង្កើតថ្មីចំនួន៣៤២ ដែលកើនឡើង១០១,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ក្រុមហ៊ុនអភិវឌ្ឍអចលន​ទ្រព្យ​វៀតណាម ជួប​ប្រទះការ​លំបាក​ជា​ច្រើន​កាល​ពី​ឆ្នាំ​មុន។ ចំនួន​អាជីវកម្ម​ទើប​បង្កើត​ថ្មី​ ដែលកំពុង​ប្រតិបត្តិការ ​ក្នុង​វិស័យ​អចលន​ទ្រព្យ​ មាន​ត្រឹមតែ​៤.៧២៥​ប៉ុណ្ណោះ​ ដាំក្បាលចុះ​ជាង​៤៥%​បើ​ធៀប​នឹង​ឆ្នាំ​២០២២។

ទន្ទឹមនឹងនោះដែរ ការកាត់បន្ថយបុគ្គលិក នៅក្នុងអាជីវកម្មអច លនវត្ថុ នៅតែបន្តកើតមានឡើង ទាំងក្នុងក្រុមហ៊ុនអាជីវកម្មខ្នាតតូច និងក្រុមហ៊ុនអាជីវកម្មធំ។

ជុំវិញបញ្ហានេះ កាលពីពេលថ្មីៗកន្លងទៅ រដ្ឋសភាវៀតណាមបានអនុម័តច្បាប់ ដើម្បីបោះជំហានឆ្ពោះទៅមុខដ៏សំខាន់ ក្នុងគោលនយោបាយ និងក្របខ័ណ្ឌច្បាប់សំខាន់ៗ ជាមួយនឹងបទប្បញ្ញត្តិជាច្រើន ដែលនឹងផ្តល់ផលល្អទៅលើទីផ្សារ អ្នកវិនិយោគ និងអតិថិជន៕ ប្រភព៖ The Nation Thailand៕

រដ្ឋាភិបាលវៀតណាមគ្រោងទិញខ្សាច់ និងគ្រួសពីកម្ពុជា សម្រាប់សាងសង់ផ្លូវល្បឿនលឿន

ដោយ: គង់ លាងហួរ

ហាណូយ: រដ្ឋាភិបាល​វៀតណាម បាន​ស្នើ​ទៅ​កាន់ក្រសួង​ដឹក​ជញ្ជូន និង​ក្រសួង​ការបរទេស​របស់ខ្លួនឲ្យ​ទិញ​ខ្សាច់ និង​គ្រួស​ពី​កម្ពុជា​ សម្រាប់​ផ្គត់ផ្គង់ដល់ការ​ងារសាងសង់ ​គម្រោង​ផ្លូវ​ល្បឿន​លឿន។

យោងតាមដំណោះស្រាយពីកិច្ចប្រជុំរដ្ឋាភិបាល បានឱ្យដឹងថា ក្រសួងដឹកជញ្ជូនវៀតណាម ត្រូវទទួលបន្ទុកដោះស្រាយបញ្ហាប្រឈ មទាក់ទងនឹងការប្រើប្រាស់ និងការផ្គត់ផ្គង់សម្ភារៈសំណង់ ព្រមទាំងគាំទ្រដល់អ្នកវិនិយោគ និងអ្នកម៉ៅការ ដើម្បីពន្លឿនការសាងសង់។

ជាមួយគ្នានេះ ក្រសួង​ដឹកជញ្ជូន នឹង​ត្រូវ​ដាក់ចេញ​ការកំណត់តម្លៃ(Pricing) លក្ខណៈ​វិនិច្ឆ័យ និង​ស្តង់ដារ​ ទាក់ទង​នឹង​ការ​ប្រើប្រា ស់​ខ្សាច់​សមុទ្រ​ជា​សម្ភារៈ​សំណង់។កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣កន្លងទៅ ក្រុមហ៊ុនវៀតណាម TNT Group បាន​ស្នើ​ទៅ​កាន់នាយករដ្ឋមន្ត្រីរបស់ខ្លួន ដើម្បីនាំ​ចូល​ខ្សាច់​​ពីកម្ពុជា សម្រាប់​សាងសង់គម្រោង​ផ្លូវ​ល្បឿន​លឿន ​នៅ​តំបន់​ដីសណ្ត​ទន្លេ​មេគង្គ។

ក្រុមហ៊ុន TNT Group បានគូសបញ្ជាក់ទៀតថា កម្ពុជាបានអនុម័តឱ្យក្រុមហ៊ុនរបស់ខ្លួន ប្រមូលបូមខ្សាច់ពីផ្នែកមួយ នៃទន្លេមេគង្គ ដែលមានខ្សាច់រាប់រយលានម៉ែត្រគូប។  ហេតុនេះ ក្រុមហ៊ុនធានាថា ខ្លួន នឹងអាចបំពេញតម្រូវការសម្ភារៈសំណង់ ដើម្បីសាងសង់គម្រោងផ្លូវល្បឿនលឿន នៅតំបន់ដីសណ្ដទន្លេមេគង្គ គិតទាំងបរិមាណ គុណភាព និងការកំណត់តម្លៃ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន TNT បានស្នើឱ្យរដ្ឋាភិបាលវៀតណាម ដាក់បទបញ្ជាដល់អង្គភាពនានា ឱ្យប្រើប្រាស់ខ្សាច់នាំចូល សម្រាប់ចាក់បំពេញគម្រោង សាងសង់ផ្លូវល្បឿនលឿន នៅតំបន់ដីសណ្តទន្លេមេគង្គជាការសាកល្បង។

សំណើ​ខាងលើត្រូវ​បាន​ធ្វើ​ឡើង​ ខណៈ​ដែល​គម្រោង​ផ្លូវ​ល្បឿន​លឿន​មួយ​ចំនួន ​នៅ​តំបន់ដីសណ្ដ​ទន្លេ​មេគង្គ​ កំពុងប្រឈមមុខនឹងការខ្វះ​ខាតខ្សាច់​ ជា​វត្ថុធាតុដើម​សម្រាប់​ចាក់បំពេញ​។

លើសពីនេះ ក្រុមហ៊ុន TNT ក៏បានស្នើឱ្យមានការបង្កើតយន្តការកាន់តែប្រសើរឡើង ទាក់ទងនឹងនីតិវិធីរដ្ឋបាល និងប្រភពឥណទាន ដើម្បីអាចអនុញ្ញាត ឱ្យក្រុមហ៊ុនអាជីវកម្មអាចនាំចូលខ្សាច់ ក្នុងបរិមា​ណច្រើន៕ប្រភព៖Vnexpress៕

អ្នកជំនាញជើងចាស់លើកឡើងបែបណាទាក់ទងស្ថានភាពអចលនទ្រព្យឆ្នាំនេះ ខណៈសញ្ញាវិជ្ជមានចាប់ផ្តើមបណ្តើរៗ

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យជើង​ចាស់ និងជាអ្នកអភិវឌ្ឍន៍បុរីធំមួយបានសម្តែងសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យឆ្នាំនេះ នឹងល្អជាងឆ្នាំ២០២៣។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងថា វិស័យអចលនទ្រព្យឆ្នាំនេះ អាចនឹងល្អជាងឆ្នាំ២០២៣ ដោយសារតែកត្ដាមួយចំនួន ជាពិសេសអត្រាការប្រាក់ពីធនាគារនៅឆ្នាំនេះ ធ្លាក់ជាងឆ្នាំ២០២៣។

លោកបញ្ជាក់ថា “ខ្ញុំអាចមើលឃើញថា ក្នុងរយៈពេលមួយខែដំបូងនៃឆ្នាំ២០២៤នេះ សកម្មភាពដែលយើងមិនសូវដំណើរការ នៅក្នុងឆមាសចុងក្រោយនៃឆ្នាំ២០២៣ គឺឥឡូវនេះ មានភាពល្អប្រសើរជាងមុន”។ក្នុងស្ថានភាពបែបនេះ តើអ្នកវិនិយោគគួរខ្ចីលុយធនាគារសម្រា​ប់វិនិយោគដែរឬទេ? លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានពន្យល់ថា ៗការខ្ចីលុយធនាគារទៅទិញផ្ទះ ឬដី នៅតែផ្ដល់ផលចំណេញ គ្រាន់តែថា ចំណេញនេះ ត្រូវប្រើប្រាស់ពេលវេលា​ ដើម្បីទទួលបានផល”។

លោកបន្តថា ការកម្ចីប្រាក់ពីធនាគារ ដើម្បីទិញអចលនទ្រព្យ គឺតម្រូវឲ្យអ្នកទិញគិតជាមុនសិនថា តើអចលនទ្រព្យនោះល្អ គួរតែទិញយកឬទេ? ដូច្នេះប្រសិនជាយើងមានផ្ទះនៅហើយ ប៉ុន្ដែឃើញគេដីមួយកន្លែង ដែលត្រូវបានដាក់លក់ ត្រូវដឹងជាមុនសិនថា តើយើងមានលទ្ធិភាពគ្រប់គ្រាន់ ក្នុងការកម្ចីទិញដីនេះឬទេ? ព្រោះការទិញដីទុកលក់ចំណេញនៅតែវិធីមួយដ៏ល្អ។

លោកបណ្ឌិតរូបនេះបានបញ្ជាក់ថា “ដូច្នេះពេលវេលាមិនសំខា​ន់ទេ អ្វីសំខាន់លើបុគ្គលខ្លួនឯង។ ប្រសិនបើបុគ្គលនេះ មានប្រាក់ចំណូល មានផ្ទះនៅ ហើយកំពុងសម្លឹងឃើញភាពចំណេញ នៃការទិញដីធ្លី និងអាចមានលទ្ធភាព ក្នុងការបង់សងត្រឡប់ទៅធនាគារ ដូច្នេះគួរតែទិញទុក លក់រកប្រាក់ចំណេញ”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ការខ្ចីលុយធនាគារទៅទិញផ្ទះ ឬដីទុកលក់នៅតែផ្ដល់ផលចំណេញ គ្រាន់តែថា ការចំណេញនេះ ត្រូវការពេលវេលា ដោយមិនទទួលបានលុយភ្លាមៗនោះទេ ដូច្នេះនៅពេលដែលសេដ្ឋកិច្ចឡើង ដីធ្លីនឹងកើនឡើងស្របគ្នាផងដែរ៕

ទីផ្សារលំនៅដ្ឋាននៅកោះភូកេត និងឈៀងម៉ៃកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងរបស់ជនបរទេស

ដោយ: គង់ លាងហួរ

អន្តរជាតិ: ពលរដ្ឋមកពីប្រទេសមីយ៉ាន់ម៉ា កំពុងស្វែងរកទិញលំនៅដ្ឋាននៅខេត្តភូកេត និងខេត្តឈៀងម៉ៃ ដោយទាក់ទាញអ្នកអភិវឌ្ឍន៍ចូលមកបណ្តាក់ទុន សាងសង់គម្រោងផ្ទះទោល នៅក្នុងខេត្តទាំង២នេះ។

លោក Karlo Pobre នាយករងគ្រប់គ្រងនៃក្រុមហ៊ុនប្រឹក្សាអច​លនទ្រព្យ Colliers Thailand បានលើកឡើងថា ការចាប់អារម្មណ៍លើអចលនទ្រព្យនៅប្រទេសថៃ ក្នុងចំណោមអ្នកទិញមកពីមីយ៉ាន់ម៉ា កំពុងពង្រីកពីគោលបំណងវិនិយោគ ទៅកាន់គោលបំណងកម្សាន្ត។

លោក​បាន​បន្ត​ថា​ “អតិថិជនមកពីប្រទេស​មីយ៉ាន់ម៉ា​ មាន​សកម្ម​ភាព​កាន់​តែ​ច្រើន​ជា​រៀង​រាល់​ឆ្នាំ​ ចាប់​តាំង​ពី​មាន​ភាព​ចលាចល​ផ្នែក​នយោបាយ​នៅក្នុងប្រទេសមួយនេះ”។

លោក Karlo Pobre គូសបញ្ជាក់ថា “រលកអតិថិជននាពេលថ្មីៗនេះ ចាត់ទុកទីក្រុងឈៀងម៉ៃ ជាគោលដៅទិញលំនៅដ្ឋានពេលចូលនិវត្តន៍។ រីឯ កោះភូកេតជាគោលដៅទិញលំនៅដ្ឋាន សម្រាប់លំហែពេលវិស្សមកាល”។

នៅទីក្រុងឈៀងម៉ៃ អតិថិជនមីយ៉ាន់ម៉ាបាន និងកំពុងស្វែងរកទិញ ឬជួលផ្ទះទោល ដែលមានតម្លៃចន្លោះពី២០ ទៅ៣០លានបាតក្នុងមួយយូនីត។ នេះបើយោងតាមក្រុមហ៊ុន ​​Colliers ។

ចំណែក នៅកោះភូកេត អ្នកទិញមកពីប្រទេសមីយ៉ាន់ម៉ាមានការចាប់អារម្មណ៍ទៅលើ វីឡាដែលមានតម្លៃ៤០លានបាត ក្នុងមួយយូនីតនៅក្នុងទីតាំងមួយចំនួន រួមមានឆ្នេរ Laguna និងឆ្នេរ Bangtao Beach៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្ហើបពីឱកាសវិនិយោគអចលនទ្រព្យក្នុងពេលមានវិបត្តិ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ នៅក្នុវិបត្តិតែងតែមានឱកាស ប៉ុន្តែតើការចាប់ឱកាសគួរធ្វើឡើងយ៉ាងដូចម្តេច? និងធ្វើតាមរបៀបណា ប្រើប្រាស់មូលដ្ឋាននៃការគិតបែបណា?។

ក្លាយពីភ្នាក់ងារអចលនវត្ថុធម្មតា រហូតក្លាយជាអ្នលអភិវឌ្ឍន៍ដ៏ធំមួយរូប លោកឧកញ៉ា គឹម ហ៊ាង បានលើកឡើងពីឱកាសក្នុងវិបត្តិ ដែលគួរអ្នកវិនិយោគ គួរចាប់យកឱកាស ក្នុងការវិនិយោគទៅលើវិស័យអចលនទ្រព្យ ដើម្បីទទួលបានផលចំណេញនៅពេលអនាគត។លោកឧកញ៉ាបណ្ឌិតបានពន្យល់ថា ជាទូទៅនៅពេលដែលកើតមានវិបត្តិសេដ្ឋកិច្ច គឺកើតមានអតិផរណា ដែលនឹងធ្វើឱ្យលុយហើម ឬចុះថោក និងនាំឱ្យតម្លៃដីធ្លីធ្លាក់ចុះ។ ដូច្នេះហើយទីតាំងដីធ្លី ផ្ទះសម្បែងដែលជាទីតាំងល្អ នឹងត្រូវបានគេដាក់លក់។លោកបញ្ជាក់ថា “នេះគឺជាឱកាសសម្រាប់អ្នក ដែលមានលុយ ក្នុងការច្បាមទិញដីទាំងនោះ សម្រាប់ទុកលក់ចំណេញ”។លោកបានរំលឹកថា ករណីមួយ ដែលបានកើតឡើងនៅប្រទេសថៃ កាលពីឆ្នាំ១៩៩៧ និងឆ្នាំ១៩៩៨ ក្នុងពេលកើតមានវិបត្តិសេដ្ឋកិច្ច ដីធ្លីបានចុះថោក ស្របពេលដែលក្រុមហ៊ុនធំមួយចំនួន បានរងផលប៉ះពាល់ ប៉ុន្តែនេះគឺជាឱកាសសម្រាប់អ្នក ដែលមានលុយច្បាមទិញដីនៅកន្លែងដែលល្អ ព្រោះនៅរយៈពេល២ ទៅ៣ឆ្នាំដីនោះ បានឡើងថ្លៃទ្វេមួយជាពីរ ឬជាបី។

ទាក់ទងនឹងវិស័យអចលនទ្រព្យនៅកម្ពុជា ស្ថិតក្នុងស្ថានភាពលំបាក លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានលើកទឹកចិត្តឱ្យអ្នកមានលុយនៅកម្ពុជា គួរដើរមើលដីឬផ្ទះនៅភ្នំពេញ ដែលមានទីតាំងល្អ ទិញទុក ដែលលោកនៅតែមានជំនឿជឿជាក់ថា នៅពេលខាងមុខទីផ្សារអចលនទ្រព្យនឹងល្អប្រសើរ ដែលនឹងនាំឱ្យតម្លៃដី និងផ្ទះឡើងថ្លៃនាពេលអនាគត៕

ខេត្តកំពតត្រៀមបង្កើនផលិតផលទេសចរណ៍ថ្មីៗចំនួនពីរទៀត នាពេលខាងមុខ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អភិបាលនៃគណៈអភិបាលខេត្តកំពត លោកម៉ៅ ធនិនបាន និងកំពុងគ្រោងបង្កើតឆ្នេរខ្សាច់កម្សាន្ត២កន្លែងបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

       ឆ្នេរខ្សាច់ ដែលគ្រោងបង្កើតរូមមានទី១ ឆ្នេរខ្សាច់ចន្លោះស្ពានចាស់និងស្ពាន់ថ្មី និងទី២ឆ្នេរខ្សាច់ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង ដោយមានការក្រាលការ៉ូម៉ាប តាមសួនច្បារដងព្រែកកំពង់បាយ កសាងរូបសេះសមុទ្រ បាញ់ទឹកខាងមុខសាលាខេត្តចាស់ កែសម្រួលទីលានកីឡា លើទឹកមកជាសួនច្បារ រៀបចំសណ្តាប់ធ្នាប់សំណង់នៅតាមមាត់បណ្តោយព្រែកត្រើយខាងលិច ដើម្បីបង្កើតផ្លូវនិងសួនច្បារសាធារណៈនៅទល់មុខវត្តត្រើយកោះជាដើម។

លោកអភិបាលខេត្តកំពត បានដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យនិងសិក្សា គម្រោងកែលម្អសោភ័ណភាពសួនច្បារ ដងព្រែកកំពង់បាយ ស្ថិតនៅសង្កាត់កំពង់កណ្ដាល ក្រុងកំពត នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមកនេះ។

លោកម៉ៅ ធនិនបានលើកឡើងថា សម្រាប់ដំណើរចុះពិនិត្យនាពេលនេះ រដ្ឋបាលខេត្តកំពតនឹងដាក់ឱ្យអនុវត្តន៍ គម្រោងកែលម្អសោភ័ណភាពបន្ថែមទៀត គឺពង្រីកសួនច្បារត្រង់ចំណុចកីឡាលើទឹក (បរិវេណហាត់ប្រាណ) ឱ្យកាន់តែធំទូលាយ ដើម្បីឱ្យព្រែកកំពង់បាយមានរាងរៅស្អាត ហើយឆ្នេរខាងលិចព្រែកទល់មុខគ្នា ក៏ត្រូវរៀបចំឈូសឆាយដីព្រៃ កុំឱ្យបាំងទេសភាពព្រែក និងស្ពានត្រើយកោះ ពេលធ្វើរួចត្រូវបំពាក់ភ្លើង និងមានចងទង់ជាតិ ទង់ជ្វាលាផងដែរ។

លោកបានបញ្ជាក់ថា “ឥឡូវសួនមាត់ព្រែក ក្នុងក្រុងកំពតស្អាត ប៉ុន្តែនៅពេលដែលគម្រោងកែលម្អ ដែលបានរៀបរាប់ខាងលើធ្វើចប់ ក្រុងកំពត នឹងផ្លាស់ប្តូរមុខមាត់ថ្មី ស្អាតហើយទាក់ទាញបំផុត គឺពិតជាស័ក្តិសម ជាក្រុងទទួលបានពានរង្វាន់ ទីក្រុងទេសចរណ៍ស្អាតអាស៊ាន”។

ក្រៅពីនេះ លោកអភិបាលខេត្ត ក៏បានលើកឡើងអំពីគម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្តមាត់សមុទ្រ និងគម្រោងស្ថាបនាស្ពានឆ្លងព្រែកកំពង់បាយមួយបន្ថែមទៀតផងដែរ ដើម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍។

លោកអភិបាលខេត្ត បានស្នើដល់ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត សូមចូលរួមសហការផ្តល់មតិយោបល់ និងឯកភាពសម្រេចលើគម្រោងនីមួយៗរបស់រដ្ឋបាលខេត្ត ក្នុងគោលបំណងរក្សានិងបង្កើតផលប្រយោជន៍រួម៕

តើតម្លៃជួលនៅសិង្ហបុរី និងគូឡាឡាំពួរ មានតម្លៃប៉ុន្មានក្នុង មួយម៉ែត្រការ៉េ?

ដោយៈ គង់ លាងហួរ
អន្តរជាតិ: តម្លៃការិយាល័យ នៅតាមប្រទេសនីមួយៗ សុទ្ធតែខុសផ្សេងៗពីគ្នា អាស្រ័យទៅលើទីតាំងភូមិសាស្ត្រ និងប្រភេទអគារ។
ខាងក្រោមនេះ គឺជាតម្លៃការិយាល័យ នៅក្នុងទីក្រុងធំៗរបស់ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី។
ទី១: ទីក្រុងសិង្ហបុរី ឬប្រទេសសិង្ហបុរី
សិង្ហបុរីគឺជាប្រទេសខ្លាសេដ្ឋកិច្ចមួយ ដែលមិនអាចមើលរំលងបាននៅក្នុងតំបន់អាស៊ី។ ប្រទេសសិង្ហបុរី ក៏ជាទីតាំង ដែលក្រុមហ៊ុនបរទេសជាច្រើន ចូលមកបណ្តាក់ទុនវិនិយោគផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ការជួលការិយាល័យ នៅក្នុងប្រទេសនេះ ក៏មានតម្លៃថ្លៃណាស់ដែរ។
តួយ៉ាង ការិយាល័យនៅតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម (CBD) ក្នុងសង្កាត់លេខ១ នៅទីក្រុងសិង្ហបុរី មានតម្លៃជួលប្រចាំខែចំនួន៧,៥៣ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
ការិយាល័យនៅតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម (CBD) ក្នុងសង្កាត់លេខ២ នៅទីក្រុងសិង្ហបុរី មានតម្លៃជួលប្រចាំខែចំនួន៦,៧០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
រីឯ ការិយាល័យនៅតំបន់ភាគខាងត្បូង ក្នុងសង្កាត់លេខ៤ នៅទីក្រុងសិង្ហបុរី មានតម្លៃជួលប្រចាំខែចំនួន៥,៤៩ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
ចំណែក ការិយាល័យនៅតំបន់ភាគខាងកើត ក្នុងសង្កាត់លេខ១៥ លេខ១៦ លេខ១៧ និងលេខ១៨ នៅទីក្រុងសិង្ហបុរី មានតម្លៃជួលប្រចាំខែ ចាប់ពី៣,៣៥ដុល្លារអាមេរិក ទៅ៣,៩៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
ទី២: ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
ទីក្រុងគូឡាឡាំពួរ គឺជាឈ្មោះរាជធានីនៃប្រទេសម៉ាឡេស៊ី និងមានប្រជាជនរស់នៅ ប្រមាណ៨,៦លាននាក់។ ទីក្រុងគូឡាឡាំពួរ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយ នៅក្នុងតំបន់អាស៊ាន ខណៈថ្លៃចំណាយលើការជួលការិយាល័យ នៅក្នុងទីក្រុងមួយនេះ ក៏មានតម្លៃខ្ពស់ផងដែរ។
តួយ៉ាង ការិយាល័យនៅតំបន់ពាណិជ្ជកម្ម កណ្តាលថ្មី (CBD) នៅក្នុងទីក្រុងគូឡាឡាំពួរ មានតម្លៃជួលប្រចាំខែចំនួន១៦,១៤ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
រីឯ ការិយាល័យនៅតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម (CBD) នៅក្នុងទីក្រុងគូឡាឡាំពួរ មានតម្លៃជួលប្រចាំខែចំនួន១០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
ការិយាល័យ នៅតំបន់ជាយទីក្រុងគូឡាឡាំពួរ មានតម្លៃជួលប្រចាំខែជាមធ្យមចំនួន១២,៨ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
ចំណែក ការិយាល័យនៅរដ្ឋ Selangor ក្បែរទីក្រុងគូឡាឡាំពួរ មានតម្លៃជួលជាមធ្យម ប្រចាំខែចំនួន៩,៣៦ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ៕

ក្រុមហ៊ុនអាមេរិក Boeing ស្រុតកេរ្តិ៍ឈ្មោះខ្លាំង ក្រោយហេតុការណ៍របើកទ្វារ និងផ្ទុះបង្អួចលើយន្តហោះរបស់ខ្លួន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍នានា បានព្រមានថា ក្រុមហ៊ុន Boeing អស់ពេលវេលាហើយ ក្នុងការស្តារកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញ បន្ទាប់ពីក្រុមហ៊ុននេះ ធ្វើឱ្យមានកំហុសឆ្គងផ្នែកសុវត្ថិភាព និងការផលិតយន្តហោះជាបន្តបន្ទាប់។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Financial Times  លោក Tim Clark ប្រធានក្រុមហ៊ុនអាកាសចរណ៍ Emirates បានលើកឡើងថា លោកមើលឃើញការធ្លាក់ចុះ ជាលំដាប់នៃស្តង់ដាររបស់ក្រុមហ៊ុន Boeing។លោកបានទម្លាក់កំហុសនេះ លើការបោះជំហានខុសរយៈពេលវែងក្នុងការគ្រប់គ្រង និងអភិបាលកិច្ចរបស់ក្រុមហ៊ុន Boeing ដូចជាការផ្តល់អាទិភាព ដល់ប្រាក់ចំណេញខ្ពស់ ជាងឧត្តមភាពផ្នែកវិស្វកម្ម។

បន្ទាប់ពី​មានករណី​យន្តហោះ​ Boeing 737 Max 9 មួយគ្រឿង បានរបើកទ្វារ ​និងផ្ទុះដាច់បង្អួចពេលកំពុងហោះលើមេឃ កាលពីដើមខែមករា រួចមក ក្រុមហ៊ុនផលិតយន្តហោះ របស់អាមេរិកមួយនេះ បានរងការរិះគន់ពីគ្រប់ទិសទី និងត្រូវបញ្ឈរជើងយន្តហោះប្រភេទ737 Max 9។

នៅក្នុងបទសម្ភាសន៍ ជាមួយស្ថានីយទូរទស្សន៍ CNBC កាលពីខែមុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន United Airlines គឺលោក Scott Kirby បានថ្លែងថា “ខ្ញុំគិតថាការបញ្ឈរជើងយន្តហោះ Max 9 ប្រហែលជារឿងរ៉ាវ​ស៊យ​ចុងក្រោយ ​ដែល​បាន​កើតឡើង​ បន្ទាប់​ពី​រឿងរ៉ាវ​អាក្រក់ៗ​ជាច្រើន ​បាន​កើតឡើង​ហូរហែ​បន្តបន្ទាប់​គ្នា សម្រាប់ពួកយើង”។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines រូបនេះបានបន្ថែមថា យើងនឹងបង្កើតផែនការមួយ ដែលមិនមានបញ្ចូលយន្តហោះ Max 10 នៅក្នុងនោះទេ។ Max 10 សំដៅលើយន្តហោះម៉ូដែល737 ថ្មីរបស់ក្រុមហ៊ុនBoeing ដែលមានទំហំធំជាងមុន។

ចំណែកឯ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អាកាសចរណ៍អាមេរិក American Airlines និងក្រុមហ៊ុន Alaska Airlines ក៏បាននាំគ្នាសម្តែងការខកចិត្តរបស់ពួកគេ ចំពោះកំហុសបច្ចេកទេសរបស់ក្រុមហ៊ុនBoeingផងដែរ៕ប្រភព៖CNN៕

អង់គ្លេសគាំទ្រការបង្កើតតំបន់សេដ្ឋកិច្ចបៃតងនៅខេត្តកោះកុងជាមួយផែនការវិនិយោគរាប់រយលានដុល្លារ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឯកអគ្គរាជទូតអង់​គ្លេស​ បាន​ស្នើ​សុំ​សហ​ការ​ពី​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​ ក្នុង​ការ​រៀបចំ​បង្កើត​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បៃតង​ «Green Spe​cia​l Economic Zone»​ នៅ​ក្នុង​ខេត្ត​កោះកុ​ង​ ប្រទេស​កម្ពុជា។

សំណើ​របស់​លោក ​Dominic Williams MBE ឯក​អគ្គរាជ​ទូត​អង់​គ្លេស​ប្រចាំ​កម្ពុជា ​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​​ការ​ងារ​ជា​មួយ​ លោក​ឧប​នាយក​រដ្ឋមន្ត្រីស៊ុន ចាន់​ថុល ​អនុ​ប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​ កាលពី​ថ្ងៃទី​៥​ ខែកុម្ភៈ ​ឆ្នាំ​២០២៤​ នៅ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា ​នៅ​រាជ​ធានី​ភ្នំពេញ​។

ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​នេះ ​ភាគី​ទាំង​២ ​បាន​ពិភាក្សា​លើ​ប្រធា ន​បទ​សំខាន់ៗ ​រួមមា​ន កិច្ច​ការងា​រ​វិនិ​យោគ​ លើ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ក្នុង​ប្រទេស​កម្ពុជា ​ការ​គាំទ្រ​ឱ្យមាន​រៀបចំ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បៃតង​​នៅ​កម្ពុជា ​និង​កា​ររៀបចំ​កម្មវិធី​អភិ​វឌ្ឍន៍​លើ​វិស័យ​នានា ​ដើម្បី​ជំរុញ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​២​។ នេះ​បើ​យោង​តាម​ហ្វេស​ប៊ុក​របស់​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​។

លោក ​Dominic Williams MBE តាម​រយៈ​ជំនួប​នេះ​បាន​បង្ហា​ញ​សុទិដ្ឋិ​និយម​គាំទ្រ​កម្ពុជា ​លើ​ការ​រៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាតិ ក៏​ដូច​ជា ​ជំរុញ​ឱ្យ​មាន​កម្មវិធី​អភិ​វឌ្ឍន៍ ​លើ​វិស័យ​នានា​មាន​ជាអាទិ៍​ លើ​វិស័យ​អប់រំ​ ដែល​ផ្ដោត​លើ​ការ​អប់រំ​ក្មេង​ស្រី ​សេដ្ឋកិច្ច សុខាភិ​បាល​ សន្តិ​សុខ​ និង​សុវត្ថិ​ភាព​ ពិសេស​អង់​គ្លេស​ នឹង​សហ​ការ​ជាមួយ​កម្ពុជា​ក្នុង​ការ​រៀបចំ​បង្កើត​ ឱ្យមាន​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បៃតង ​សំដៅ​គាំទ្រ​ការ​ការ​ពារ​បរិ​ស្ថាន​ ដើម្បី​សម្រេច​បាន​ការ​អភិ​វឌ្ឍ ​ប្រកប​ដោយ​និរន្តរ​ភាព​។

​​លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចា​ន់ថុល បាន​បង្ហាញ​ការ​ស្វា​គមន៍ ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​គោល​បំណង​របស់​អង់​គ្លេស​ ក្នុង​ការ​ស្នើសុំ​សហកា​រ​រៀបចំ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង​ នៅក្នុ​ង​ប្រទេស​កម្ពុជា​ ដើម្បី​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ការ​ពារ​បរិ​ស្ថាន​ពិភព​លោក​។

​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ ​កន្លង​ទៅ ​ក្រុម​ប្រឹក្សា​អភិវ​ឌ្ឍន៍​កម្ពុជា ​(CDC) និង​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ (MEF)​ អាជ្ញា​ធរ​ខេត្ត​កោះកុ​ង និង​តំណាង​ទូត​ចក្រ​ភព​អង់​គ្លេស បាន​ពិភាក្សា​គ្នាពី​គម្រោង​អភិ​វឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង (GSEZ) នៅ​ខេត្ត​កោះ​កុង ​ដែល​មាន​តម្លៃ​ទឹ​កប្រាក់ ​ចន្លោះ​ពី​៤០០  ទៅ៨០០​លាន​ដុល្លារ​ ហើយ​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​២០២៤នេះ​។​

គម្រោង​នេះមាន​បំណង​បង្កើត ​មជ្ឈ​មណ្ឌល​សម្រាប់​ផលិត​ការ​នាំចេញ ​ដែល​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន​ និង​ទាក់​ទាញ​ការ​វិនិយោគ​ពី​បរទេស​យ៉ាង​ច្រើន​។

​ម្យ៉ាង​វិញ​ទៀត គម្រោង​នេះ​រំពឹងថា ​​នឹង​ប្រែ​ក្លាយ​ខេត្ត​កោះកុង​ទៅជា​មជ្ឈ​មណ្ឌល​ សម្រាប់​ឧស្សា​ហកម្ម​បៃតង ដោយ​ផ្តោត​លើ​ថាម​ពល​កកើត​ឡើង​វិញ ​ការ​គ្រប់​គ្រង​សំណល់ ​ប្រកប​ដោយ​និរន្តរ​ភាព និង​ការអ​នុវត្ត​ ប្រកប​ដោយ​ការ​គិត​គូរ​ពី​បរិស្ថាន ​នៅ​ក្នុង​វិស័យ​សំខាន់ៗ​ដូច​ជា ​រថ​យន្ត ​អេឡិច​ត្រូ​និក និង​វាយ​ន​ភណ្ឌ​ជា​ដើម​។

លោកបណ្ឌិត​ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិ​ច្ច​នៃ​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា​ បាន​លើកឡើ​ងថា ​កា​រផ្តោត​ជា​យុទ្ធ​សាស្ត្រ​នេះ ​គឺ​ស្រប​តាម​តម្រូវ​ការ​ពិភព​លោក​ ដែល​កំពុង​កើន​ឡើង​ សម្រាប់​ផលិត​ផល​ប្រកប​ដោយ​និរន្តរ​ភាព ​ក៏ដូច​ជា ​តួនាទី​របស់​ប្រទេស​កម្ពុជា ​ក្នុង​ការ​ទាញ​យក​ឱកាស​ថ្មីៗ ​នៅ​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់​ពិភព​លោក​។​

លោក​បានបញ្ជាក់ថា “​ខ្ញុំ​យល់​ថា ​លើសពី​​អត្ថ​ប្រយោជន៍​បរិស្ថាន ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នេះ ក៏​នឹង​ដើរតួ​ជា​កាតា​លីករ​សម្រាប់​ការ​ធ្វើ​ពិពិធ​កម្ម និង​កំណើន​សេដ្ឋ​កិច្ច​”។ លោកបន្ថែមថា “បើ​តាម​ដឹង គ​ម្រោង​នេះ​ បង្កើត​ឱកាស​ការ​ងារ​សំខាន់ៗ​យ៉ាង​ច្រើន​ សម្រាប់​ពល​រដ្ឋ​យើង ដែល​អាច​នឹង​រួម​ចំណែក​ដល់​ការ​បង្កើន​ប្រាក់​ចំណូល​ជាតិ​”។

លោក ហុង វណ្ណៈ​ បន្ត​ទៀត​ថា ទីតាំង​យុទ្ធ​សាស្ត្រ​នៃ​ខេត្ត​កោះកុ​ង ជាប់​ព្រំដែន​ប្រទេស​ថៃ ​តាម​រយៈ​ផ្លូវ​សមុទ្រ​ទៅ​កាន់​ឈូង​សមុទ្រ​ថៃ​ វា​នឹង​ជំរុញ​នូវ​ការ​វិនិយោគ​ផ្ទាល់ ​បន្ថែម​ទៀត​នៅក្នុ​ង​ខេត្ត​។ ការអភិ​វឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​ទាក់​ទាញ​អ្នក​វិនិ​យោគ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។

លោកបន្ត​ថា ​នីតិ​វិធី​នាំចេញ​-​នាំ​ចូល​ដ៏​សា​មញ្ញ​ និង​អត្ថ​ប្រយោ​ជន៍​ពន្ធ​ ដែល​ផ្តល់​ជូន​នៅក្នុង​តំបន់​ទាំង​នេះ ​នឹងធ្វើ​ឱ្យ​ពួក​គេ​មាន​ភាព​ទាក់​ទាញ​ជា​ពិសេស​សម្រាប់​អាជីវ​កម្ម​៕

សម្តេចធិបតីៈ កម្ពុជាទទួលបានគំរោងវិនិយោគមានទុនជិត៤០០០លានដុល្លារក្នងរយៈពេល៨ខែចុងក្រោយ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា នៅរយៈពេល ៨ខែចុងក្រោយនេះ រាប់ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន១៧២គម្រោង គិតជាទុនវិនិយោគមានជិត ៤ពាន់លានដុល្លារ ដែលអាចបង្កើតការងារ១៩ម៉ឺនកន្លែង។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែង ពីការហួសចិត្ត ចំពោះអ្នកដែលចាំតែរិះគន់សកម្មភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគមកកម្ពុជា បើទោះបីជាចេញរបាយការណ៍ ជាលទ្ធផល ក៏ពួកគេមើលមិនឃើញឡើយ។

ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិ​បតី​ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជី​វៈ។សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា “ឲ្យតែយើងនិយាយរឿងទាក់ម៉ូយ មានអ្នកចេញមកហើយ។ គេថាយើងអួត ទាក់ខ្យល់ ទាក់មិនឃើញនរណាមកសោះ អីចឹងរវាងអ្នកថា ហើយអ្នកធ្វើ”។សម្តេចបន្ថែមថា “អ្នកធ្វើទៅដើរកៀរគរ គេថាអួតណាស់ និយាយតែខ្យល់ មិនឃើញមនុស្សមក ដល់ពេលមានវិស័យឯកជន ក្រុមហ៊ុនមកពីអឺរ៉ុប អាមេរិក ជាបណ្តាញ ដើម្បីមកសិក្សាបន្ថែម គេថាមកពីក្រុមហ៊ុនចិន”។

លោកហេង សួរ និយាយពីការបង្កើតការងារ គេថា រាប់ទាំងអ្នកសុំទាន ដល់ពេលCDC (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) យើងប្រាប់ថាក្នុង៨ខែ [ខែសីហា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤] យើងមានគម្រោងបង្កើតថ្មីចំនួន១៧២គម្រោង គិតជាទុនវិនិយោគ៣.៨៦ពាន់លានដុល្លារ នេះមិនមែនខ្យល់ទេ។ ១៧២គម្រោង ទាំងគម្រោងវិនិយោគក្នុងស្រុក និងគម្រោងមកពី១០ប្រទេសផ្សេងទៀត។

សម្តេចធិបតីបានបន្តថា សូម្បីតែនៅក្នុងខែមករា ឆ្នាំ២០២៤ គម្រោងដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​មានចំនួន៣២គម្រោង គិតជាទុនវិនិយោគជិត២០០លានដុល្លារ។ ចំពោះគម្រោងវិនិយោគក្នុងខែមករានេះ អ្នកដែលចាំតែថា បែរជាថាគម្រោងទឹកភ្នែកទៅវិញ ទប់អ្នកចាំថាមិនជាប់ទេ។

ពេញមួយឆ្នាំ២០២៣ កម្ពុជាអនុម័តគម្រោងវិនិយោគ ​បានសរុបចំនួន២៦៨ ដែលមានទុនវិនិយោគសរុប ប្រមាណ៥ពាន់លានដុល្លារអាមេរិក។

ក្នុងឆ្នាំ២០២៣ គម្រោងវិនិយោគភាគច្រើន មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ហើយគម្រោងវិនិយោគមួយចំនួនទៀត បានប្រមូលផ្តុំនៅរាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល និងខេត្តតាកែវ និងនៅតាមបណ្តាខេត្ត ដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕